km:tipitaka:sut:sn:45:sut.sn.45.v12



ឯសនាវគ្គ ទី១២

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

sn 45.v12 បាលី cs-km: sut.sn.45.v12 អដ្ឋកថា: sut.sn.45.v12_att PTS: ?

ឯសនាវគ្គ ទី១២

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(៧. ឯសនាវគ្គោ)

(ឯសនា)សូត្រ ទី១

(១. ឯសនាសុត្តំ)

[២៩៨] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ការស្វែងរកនេះ មាន៣យ៉ាង។ ការស្វែងរក ៣យ៉ាង តើអ្វីខ្លះ។ គឺការស្វែងរកកាម១ ស្វែងរកភព១ ស្វែងរកព្រហ្មចរិយធម៌១។ ម្នាលភិក្ខុទាំងឡាយ ការស្វែងរក មាន៣យ៉ាង នេះឯង។

[២៩៩] ម្នាលភិក្ខុទាំងឡាយ ភិក្ខុគប្បីចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ដើម្បីដឹងច្បាស់ នូវការស្វែងរក ៣យ៉ាង នេះឯង។ មគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ រមែងចំរើន នូវសម្មាទិដ្ឋិ ដែលអាស្រ័យ នូវការស្ងប់ស្ងាត់។បេ។ ចំរើន នូវសម្មាសមាធិ ដែលអាស្រ័យ នូវការស្ងប់ស្ងាត់ អាស្រ័យ នូវការប្រាសចាកតម្រេក អាស្រ័យ នូវការរំលត់ បង្អោនទៅរកការលះបង់។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុគប្បីចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរនេះ ដើម្បីដឹងច្បាស់ នូវការស្វែងរក ៣យ៉ាង នេះឯង។

[៣០០] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ការស្វែងរកនេះ មាន៣យ៉ាង។ ការស្វែងរក ៣យ៉ាង តើអ្វីខ្លះ។ គឺការស្វែងរកកាម១ ស្វែងរកភព១ ស្វែងរកព្រហ្មចរិយធម៌១។ ម្នាលភិក្ខុទាំងឡាយ ការស្វែងរក មាន៣យ៉ាង នេះឯង។

[៣០១] ម្នាលភិក្ខុទាំងឡាយ ភិក្ខុគប្បីចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ដើម្បីដឹងច្បាស់ នូវការស្វែងរក ៣យ៉ាង នេះឯង។ មគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ រមែងចំរើន នូវសម្មាទិដ្ឋិ។បេ។ ចំរើននូវសម្មាសមាធិ ដែលមានការកំចាត់បង់ នូវរាគៈជាទីបំផុត មានការកំចាត់បង់ នូវទោសៈជាទីបំផុត មានការកំចាត់បង់ នូមោហៈជាទីបំផុត។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុគប្បីចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរនេះ ដើម្បីដឹងច្បាស់ នូវការស្វែងរក៣យ៉ាងនេះឯង។

[៣០២] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ការស្វែងរកនេះ មាន៣យ៉ាង។ ការស្វែងរក ៣យ៉ាង តើអ្វីខ្លះ។ គឺការស្វែងរកកាម១ ស្វែងរកភព១ ស្វែងរកព្រហ្មចរិយធម៌១។ ម្នាលភិក្ខុទាំងឡាយ ការស្វែងរក មាន៣យ៉ាងនេះឯង។

[៣០៣] ម្នាលភិក្ខុទាំងឡាយ ភិក្ខុគប្បីចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ដើម្បីដឹងច្បាស់ នូវការស្វែងរក ៣យ៉ាងនេះឯង។ មគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ រមែងចំរើន នូវសម្មាទិដ្ឋិ។បេ។ ចំរើន នូវសម្មាសមាធិ ដែលចុះស៊ប់កាន់អមតៈ មានអមតៈប្រព្រឹត្តទៅខាងមុខ មានអមតៈ ជាទីបំផុត។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុគប្បីចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរនេះ ដើម្បីដឹងច្បាស់ នូវការស្វែងរក ៣យ៉ាងនេះឯង។

[៣០៤] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ការស្វែងរកនេះ មាន៣យ៉ាង។ ការស្វែងរក៣យ៉ាង តើអ្វីខ្លះ។ គឺការស្វែងរកកាម១ ស្វែងរកភព១ ស្វែងរកព្រហ្មចរិយធម៌១។ ម្នាលភិក្ខុទាំងឡាយ ការស្វែងរក មាន៣យ៉ាងនេះឯង។

[៣០៥] ម្នាលភិក្ខុទាំងឡាយ ភិក្ខុគប្បីចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ដើម្បីដឹងច្បាស់ នូវការស្វែងរក ៣យ៉ាងនេះឯង។ មគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ រមែងចំរើន នូវសម្មាទិដ្ឋិ។បេ។ ចំរើន នូវសម្មាសមាធិ ដែលឱនទៅកាន់ព្រះនិព្វាន ទេរទៅកាន់ព្រះនិព្វាន ឈមទៅកាន់ព្រះនិព្វាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុគប្បីចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ដើម្បីដឹងច្បាស់ នូវការស្វែងរក ៣យ៉ាងនេះឯង។

[៣០៦] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ការស្វែងរកនេះ មាន៣យ៉ាង។ ការស្វែងរក ៣យ៉ាង តើអ្វីខ្លះ។ គឺការស្វែងរកកាម១ ស្វែងរកភព១ ស្វែងរកព្រហ្មចរិយធម៌១។ ម្នាលភិក្ខុទាំងឡាយ ការស្វែងរក មាន៣យ៉ាងនេះឯង។

[៣០៧] ម្នាលភិក្ខុទាំងឡាយ ដើម្បីកំណត់ដឹង នូវការស្វែងរក ៣យ៉ាងនេះ។បេ។ ភិក្ខុគប្បីចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរនេះ។

[៣០៨] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ការស្វែងរកនេះ មាន៣យ៉ាង។ ការស្វែងរក៣យ៉ាង តើអ្វីខ្លះ។ គឺការស្វែងរកកាម១ ស្វែងរកភព១ ស្វែងរកព្រហ្មចរិយធម៌១។បេ។ (បណ្ឌិតគប្បីពង្រីកសេចក្តីត្រង់បទដែលថា ដើម្បីកំណត់ដឹង ឲ្យពិស្តារដូចបទដែលថា ដើម្បីដឹងច្បាស់ផងចុះ)។បេ។

[៣០៩] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ការស្វែងរកនេះ មាន៣យ៉ាង។ ការស្វែងរក ៣យ៉ាង តើអ្វីខ្លះ។ គឺការស្វែងរកកាម១ ស្វែងរកភព១ ស្វែងរកព្រហ្មចរិយធម៌១។ ម្នាលភិក្ខុទាំងឡាយ ការស្វែងរក មាន៣យ៉ាង នេះឯង។

[៣១០] ម្នាលភិក្ខុទាំងឡាយ ដើម្បីអស់ទៅ នូវការស្វែងរក ៣យ៉ាង នេះឯង។បេ។ ភិក្ខុគប្បីចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរនេះ។ (បណ្ឌិតគប្បីពង្រីកសេចក្តីត្រង់បទដែលថា ដើម្បីកំណត់ដឹង ឲ្យពិស្តារ ដើម្បីអស់ទៅ ឲ្យពិស្តារ ឲ្យដូចបទ ដែលថា ដើម្បីដឹងច្បាស់ផងចុះ)។បេ។

[៣១១] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ការស្វែងរកនេះ មាន៣យ៉ាង។ ការស្វែងរក ៣យ៉ាង តើអ្វីខ្លះ។ គឺការស្វែងរកកាម១ ស្វែងរកភព១ ស្វែងរកព្រហ្មចរិយធម៌១។ ម្នាលភិក្ខុទាំងឡាយ ការស្វែងរក មាន៣យ៉ាង នេះឯង។

[៣១២] ម្នាលភិក្ខុទាំងឡាយ ភិក្ខុគប្បីចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ដើម្បីលះបង់ នូវការស្វែងរក ៣យ៉ាងនេះឯង។ មគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើន នូវសម្មាទិដ្ឋិ។បេ។ ចំរើន នូវសម្មាសមាធិ ដែលអាស្រ័យ នូវការស្ងប់ស្ងាត់ អាស្រ័យ នូវការប្រាសចាកតម្រេក អាស្រ័យ នូវការរលត់ បង្អោនទៅរកការលះបង់។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុគប្បីចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរនេះ ដើម្បីលះបង់ នូវការស្វែងរក ៣យ៉ាងនេះឯង។ (បណ្ឌិតគប្បីពង្រីកសេចក្តីត្រង់បទដែលថា ដើម្បីលះបង់ ឲ្យពិស្តារ ឲ្យដូចបទដែលថា ដើម្បីដឹងច្បាស់ផងចុះ)។បេ។

(វិធា)សូត្រ ទី២

(២. វិធាសុត្តំ)

[៣១៣] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ សេចក្តីប្រកាន់នេះ មាន៣យ៉ាង។ សេចក្តីប្រកាន់ ៣យ៉ាង តើអ្វីខ្លះ។ គឺប្រកាន់ថា អញជាបុគ្គលប្រសើរ (ជាងគេ)១ ប្រកាន់ថា អញជាបុគ្គលស្មើ (នឹងគេ)១ ប្រកាន់ថា អញជាបុគ្គលថោកទាប (ជាងគេ) ១។ ម្នាលភិក្ខុទាំងឡាយ ការប្រកាន់ មាន៣យ៉ាង នេះឯង។

[៣១៤] ម្នាលភិក្ខុទាំងឡាយ ភិក្ខុគប្បីចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ដើម្បីដឹងច្បាស់ ដើម្បីកំណត់ដឹង ដើម្បីអស់ទៅ ដើម្បីលះបង់ នូវការប្រកាន់ ៣យ៉ាងនេះឯង។ មគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ រមែងចំរើន នូវសម្មាទិដ្ឋិ។បេ។ ចំរើន នូវសម្មាសមាធិ ដែលអាស្រ័យ នូវការស្ងប់ស្ងាត់ អាស្រ័យ នូវការប្រាសចាកតម្រេក អាស្រ័យ នូវការរលត់ បង្អោនទៅរកការលះបង់។ ម្នាលភិក្ខុទាំងឡាយ (ភិក្ខុគប្បីចំរើន នូវមគ្គ) ដើម្បីដឹងច្បាស់ ដើម្បីកំណត់ដឹង ដើម្បីអស់ទៅ ដើម្បីលះបង់ នូវការប្រកាន់ ៣យ៉ាង នេះឯង។បេ។ ភិក្ខុគប្បីចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរនេះ។ (បណ្ឌិតគប្បីពង្រីកសេចក្តី ឲ្យពិស្តារ ដូចការស្វែងរកផងចុះ)។បេ។

(អាសវ)សូត្រ ទី៣

(៣. អាសវសុត្តំ)

[៣១៥] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ អាសវៈនេះ មាន៣យ៉ាង។ អាសវៈ មាន៣យ៉ាង តើអ្វីខ្លះ។ គឺកាមាសវៈ១ ភវាសវៈ១ អវិជ្ជាសវៈ១។ ម្នាលភិក្ខុទាំងឡាយ អាសវៈ មាន៣យ៉ាង នេះឯង។

[៣១៦] ម្នាលភិក្ខុទាំងឡាយ (ភិក្ខុគប្បីចំរើន នូវមគ្គ) ដើម្បីដឹងច្បាស់ ដើម្បីកំណត់ដឹង ដើម្បីអស់ទៅ ដើម្បីលះបង់ នូវអាសវៈ ៣យ៉ាង នេះឯង។បេ។ ភិក្ខុគប្បីចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរនេះ។

(ភវ)សូត្រ ទី៤

(៤. ភវសុត្តំ)

[៣១៧] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ភពនេះ មាន៣យ៉ាង។ ភព មាន៣យ៉ាង តើអ្វីខ្លះ។ គឺកាមភព១ រូបភព១ អរូបភព១។ ម្នាលភិក្ខុទាំងឡាយ ភព មាន៣យ៉ាង នេះឯង។

[៣១៨] ម្នាលភិក្ខុទាំងឡាយ (ភិក្ខុគប្បីចំរើន នូវមគ្គ) ដើម្បីដឹងច្បាស់ ដើម្បីកំណត់ដឹង ដើម្បីអស់ទៅ ដើម្បីលះបង់ នូវភព ៣យ៉ាង នេះឯង។បេ។ ភិក្ខុគប្បីចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរនេះ។

(ទុក្ខតា)សូត្រ ទី៥

(៥. ទុក្ខតាសុត្តំ)

[៣១៩] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ សេចក្តីទុក្ខនេះ មាន៣យ៉ាង។ សេចក្តីទុក្ខ មាន៣យ៉ាង តើអ្វីខ្លះ។ គឺសេចក្តីទុក្ខ ព្រោះអត់ធន់បានដោយក្រ១ សេចក្តីទុក្ខព្រោះសង្ខារ១ សេចក្តីទុក្ខព្រោះការប្រែប្រួល១។ ម្នាលភិក្ខុទាំងឡាយ សេចក្តីទុក្ខ មាន៣យ៉ាងនេះឯង។

[៣២០] ម្នាលភិក្ខុទាំងឡាយ (ភិក្ខុគប្បីចំរើន នូវមគ្គ) ដើម្បីដឹងច្បាស់ ដើម្បីកំណត់ដឹង ដើម្បីអស់ទៅ ដើម្បីលះបង់ នូវសេចក្តីទុក្ខ ៣យ៉ាងនេះឯង។បេ។ ភិក្ខុគប្បីចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរនេះ។

(ខិល)សូត្រ ទី៦

(៦. ខិលសុត្តំ)

[៣២១] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ សសរគោលនេះ មាន៣យ៉ាង។ សសរគោល មាន៣យ៉ាង តើអ្វីខ្លះ។ គឺរាគៈ ជាសសរគោល១ ទោសៈជាសសរគោល១ មោហៈជាសសរគោល១។ ម្នាលភិក្ខុទាំងឡាយ សសរគោល មាន៣យ៉ាងនេះឯង។

[៣២២] ម្នាលភិក្ខុទាំងឡាយ (ភិក្ខុគប្បីចំរើន នូវមគ្គ) ដើម្បីដឹងច្បាស់ ដើម្បីកំណត់ដឹង ដើម្បីអស់ទៅ ដើម្បីលះបង់ នូវសសរគោល ៣យ៉ាងនេះឯង។បេ។ ភិក្ខុគប្បីចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរនេះ។

(មល)សូត្រ ទី៧

(៧. មលសុត្តំ)

[៣២៣] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ មន្ទិលនេះ មាន៣យ៉ាង។ មន្ទិលមាន៣យ៉ាង តើអ្វីខ្លះ។ គឺរាគៈជាមន្ទិល១ ទោសៈជាមន្ទិល១ មោហៈជាមន្ទិល១។ ម្នាលភិក្ខុទាំងឡាយ មន្ទិល មាន៣យ៉ាង នេះឯង។

[៣២៤] ម្នាលភិក្ខុទាំងឡាយ (ភិក្ខុគប្បីចំរើន នូវមគ្គ) ដើម្បីដឹងច្បាស់ ដើម្បីកំណត់ដឹង ដើម្បីអស់ទៅ ដើម្បីលះបង់ នូវមន្ទិល ៣យ៉ាង នេះឯង។បេ។ ភិក្ខុគប្បីចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរនេះ។

(នីឃ)សូត្រ ទី៨

(៨. នីឃសុត្តំ)

[៣២៥] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ សេចក្តីលំបាកនេះ មាន៣យ៉ាង។ សេចក្តីលំបាក មាន៣យ៉ាង តើអ្វីខ្លះ។ គឺរាគៈ ជាសេចក្តីលំបាក១ ទោសៈជាសេចក្តីលំបាក១ មោហៈជាសេចក្តីលំបាក១។ ម្នាលភិក្ខុទាំងឡាយ សេចក្តីលំបាក មាន៣យ៉ាង នេះឯង។

[៣២៦] ម្នាលភិក្ខុទាំងឡាយ (ភិក្ខុគប្បីចំរើន នូវមគ្គ) ដើម្បីដឹងច្បាស់ ដើម្បីកំណត់ដឹង ដើម្បីអស់ទៅ ដើម្បីលះបង់ នូវសេចក្តីលំបាក ៣យ៉ាងនេះឯង។បេ។ ភិក្ខុគប្បីចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរនេះ។

(វេទនា)សូត្រ ទី៩

(៩. វេទនាសុត្តំ)

[៣២៧] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ វេទនានេះ មាន៣យ៉ាង។ វេទនាមាន៣យ៉ាង តើអ្វីខ្លះ។ គឺសុខវេទនា១ ទុក្ខវេទនា១ អទុក្ខមសុខវេទនា១។ ម្នាលភិក្ខុទាំងឡាយ វេទនា មាន៣យ៉ាងនេះឯង។

[៣២៨] ម្នាលភិក្ខុទាំងឡាយ (ភិក្ខុគប្បីចំរើន នូវមគ្គ) ដើម្បីដឹងច្បាស់ ដើម្បីកំណត់ដឹង ដើម្បីអស់ទៅ ដើម្បីលះបង់ នូវវេទនា ៣យ៉ាងនេះឯង។បេ។ ភិក្ខុគប្បីចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរនេះ។

(តណ្ហា)សូត្រ ទី១០

(១០. តណ្ហាសុត្តំ)

[៣២៩] ម្នាលភិក្ខុទាំងឡាយ តណ្ហានេះ មាន៣យ៉ាង។ តណ្ហា មាន៣យ៉ាង តើអ្វីខ្លះ។ គឺកាមតណ្ហា១ ភវតណ្ហា១ វិភវតណ្ហា១។ ម្នាលភិក្ខុទាំងឡាយ តណ្ហា មាន៣យ៉ាងនេះឯង។

[៣៣០] ម្នាលភិក្ខុទាំងឡាយ (ភិក្ខុគប្បីចំរើន នូវមគ្គ) ដើម្បីដឹងច្បាស់ ដើម្បីកំណត់ដឹង ដើម្បីអស់ទៅ ដើម្បីលះបង់ នូវតណ្ហា ៣យ៉ាងនេះឯង។បេ។ ភិក្ខុគប្បីចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរនេះ។ មគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ រមែងចំរើន នូវសម្មាទិដ្ឋិ ដែលអាស្រ័យ នូវការស្ងប់ស្ងាត់ អាស្រ័យ នូវការប្រាសចាកតម្រេក អាស្រ័យ នូវការរលត់ បង្អោនទៅរកការលះបង់។បេ។ ចំរើន នូវសម្មាសមាធិ ដែលអាស្រ័យ នូវការស្ងប់ស្ងាត់ អាស្រ័យ នូវការប្រាសចាកតម្រេក អាស្រ័យ នូវការរលត់ បង្អោនទៅរកការលះបង់។ ម្នាលភិក្ខុទាំងឡាយ (ភិក្ខុគប្បីចំរើន នូវមគ្គ) ដើម្បីដឹងច្បាស់ ដើម្បីកំណត់ដឹង ដើម្បីអស់ទៅ ដើម្បីលះបង់ នូវតណ្ហា ៣យ៉ាង នេះឯង។បេ។ ភិក្ខុគប្បីចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរនេះ។

(តសិនា)សូត្រ ទី១១

(១១. តសិនាសុត្តំ)

[៣៣១] ម្នាលភិក្ខុទាំងឡាយ តណ្ហានេះ មាន៣យ៉ាង។បេ។

[៣៣២] ម្នាលភិក្ខុទាំងឡាយ (ភិក្ខុគប្បីចំរើន នូវមគ្គ) ដើម្បីដឹងច្បាស់ ដើម្បីកំណត់ដឹង ដើម្បីអស់ទៅ ដើម្បីលះបង់ នូវតណ្ហា ៣យ៉ាងនេះឯង។បេ។ (ភិក្ខុចំរើន នូវសម្មាទិដ្ឋិ) មានការកំចាត់បង់ នូវរាគៈជាទីបំផុត កំចាត់បង់ នូវទោសៈជាទីបំផុត កំចាត់បង់ នូវមោហៈជាទីបំផុត។បេ។ ចុះស៊ប់កាន់អមតៈ មានអមតៈប្រព្រឹត្តទៅខាងមុខ មានអមតៈ ជាទីបំផុត។បេ។ ឱនទៅកាន់ព្រះនិព្វាន ទេរទៅកាន់ព្រះនិព្វាន ឈមទៅកាន់ ព្រះនិព្វាន។ ម្នាលភិក្ខុទាំងឡាយ (ភិក្ខុគប្បីចំរើន នូវមគ្គ) ដើម្បីដឹងច្បាស់ ដើម្បីកំណត់ដឹង ដើម្បីអស់ទៅ ដើម្បីលះបង់ នូវតណ្ហា ៣យ៉ាងនេះឯង។បេ។ ភិក្ខុគប្បីចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរនេះ។

ចប់ ឯសនាវគ្គ ទី១២។

ឧទ្ទាននៃឯសនាវគ្គនោះ គឺ

និយាយអំពីការស្វែងរក១ អំពីការប្រកាន់១ អំពីអាសវៈ១ អំពីទុក្ខតាធម៌១ អំពីសសរគោល ៣យ៉ាង១ អំពីមន្ទិល១ អំពីសេចក្តីលំបាក១ អំពីវេទនា១ អំពីការអស់ទៅ នៃតណ្ហា ២លើក។

 

លេខយោង

km/tipitaka/sut/sn/45/sut.sn.45.v12.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann