km:tipitaka:sut:sn:46:sut.sn.46.006



(កុណ្ឌលិយ)សូត្រ ទី៦

សង្ខេប

«…ចំណែក​ខាង​ព្រះ​គោតម​ដ៏​ចំរើន តើ​មាន​អ្វី ជា​អានិសង្ស​ដែ​រឬ។» ការ​​សួរ​​ដូ​ច្នេះ ព្រះពុទ្ធ​​ទ្រង់​​ពន្យល់អំពី​​ លោកុត្តរ​បដិច្ចសមុប្បាទ (មគ្គ​ដែល​មាន​លក្ខខណ្ឌ​ឆ្ពោះ ទៅ​រក​ការ​រំដោះ) យ៉ាង​​លម្អិត​​។​

sn 46.006 បាលី cs-km: sut.sn.46.006 អដ្ឋកថា: sut.sn.46.006_att PTS: ?

(កុណ្ឌលិយ)សូត្រ ទី៦

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វិឡា

(៦. កុណ្ឌលិយសុត្តំ)

[៣៩៤] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងព្រៃអញ្ជ័ន ជាទីឲ្យអភ័យដល់ម្រឹគ ជិតក្រុងសាកេត។ គ្រានោះឯង បរិព្វាជក ឈ្មោះ កុណ្ឌលិយ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏រីករាយជាមួយនឹងព្រះដ៏មានព្រះភាគ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យដែលគួររឭកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ។ លុះកុណ្ឌលិយបរិព្វាជក អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន ខ្ញុំព្រះអង្គ ជាអ្នកចេញចូលក្នុងសួនច្បារ ជាអ្នកអង់អាច ក្នុងបរិស័ទ បពិត្រព្រះគោតមដ៏ចំរើន ការទៅសួនច្បារនេះ ជាអាហាររបស់ខ្ញុំ ដែលបរិភោគបាយព្រឹក ក្នុងកាលជាខាងក្រោយភត្ត រួចហើយខ្ញុំព្រះអង្គ តែងចង្រ្កម និងត្រាច់រង្គាត់អំពីសួនច្បារមួយ ទៅកាន់សួនច្បារមួយ អំពីឱទ្យានមួយ ទៅកាន់ឱទ្យានមួយ ខ្ញុំព្រះអង្គ តែងឃើញសមណព្រាហ្មណ៍មួយពួក ក្នុងអារាម និងឱទ្យាននោះ ថ្លែងនូវអានិសង្ស នៃការដោះវាទៈរួចផង នូវអានិសង្ស នៃការប្រណាំងប្រជែងផង ដូច្នេះ ចំណែកខាងព្រះគោតមដ៏ចំរើន តើមានអ្វី ជាអានិសង្សដែរឬ។ ម្នាលកុណ្ឌលិយ ព្រះតថាគត មានវិជ្ជា និងវិមុត្តិ ជាផលានិសង្ស។

[៣៩៥] បពិត្រព្រះគោតមដ៏ចំរើន ធម៌ទាំងឡាយ ដែលបុគ្គលចំរើនហើយ ធ្វើឲ្យរឿយៗហើយ ញ៉ាំងវិជ្ជា និងវិមុត្តិ ឲ្យពេញលេញបាន តើដូចម្តេចខ្លះ។ ម្នាលកុណ្ឌលិយ ពោជ្ឈង្គ ទាំង៧ ដែលបុគ្គលចំរើនហើយ ធ្វើឲ្យរឿយៗហើយ រមែងញ៉ាំងវិជ្ជា និងវិមុត្តិ ឲ្យពេញលេញបាន។ បពិត្រព្រះគោតមដ៏ចំរើន ធម៌ទាំងឡាយ ដែលបុគ្គលចំរើនហើយ ធ្វើឲ្យរឿយៗហើយ ញ៉ាំងពោជ្ឈង្គ ទាំង៧ ឲ្យពេញលេញបាន តើដូចម្តេចខ្លះ។ ម្នាលកុណ្ឌលិយ សតិប្បដ្ឋាន ទាំង៤ ដែលបុគ្គលចំរើនហើយ ធ្វើឲ្យរឿយៗហើយ រមែងញ៉ាំងពោជ្ឈង្គ ទាំង៧ ឲ្យពេញលេញបាន។ បពិត្រព្រះគោតមដ៏ចំរើន ធម៌ទាំងឡាយ ដែលបុគ្គលចំរើនហើយ ធ្វើឲ្យរឿយៗហើយ ញ៉ាំងសតិប្បដ្ឋាន ទាំង៤ ឲ្យពេញលេញបាន តើដូចម្តេចខ្លះ។ ម្នាលកុណ្ឌលិយ សុចរិត ទាំង៣ ដែលបុគ្គលចំរើនហើយ ធ្វើឲ្យរឿយៗហើយ រមែងញ៉ាំងសតិប្បដ្ឋាន ទាំង៤ ឲ្យពេញលេញបាន។ បពិត្រព្រះគោតមដ៏ចំរើន ធម៌ទាំងឡាយ ដែលបុគ្គលចំរើនហើយ ធ្វើឲ្យរឿយៗហើយ ញ៉ាំងសុចរិត ទាំង៣ ឲ្យពេញលេញបាន តើដូចម្តេចខ្លះ។

[៣៩៦] ម្នាលកុណ្ឌលិយ ឥន្ទ្រិយសំវរ ដែលបុគ្គលចំរើនហើយ ធ្វើឲ្យរឿយៗហើយ រមែងញ៉ាំងសុចរិត ទាំង៣ ឲ្យពេញលេញបាន។ ម្នាលកុណ្ឌលិយ ឥន្ទ្រិយសំវរ ដែលបុគ្គលចំរើនហើយ ដូចម្តេច ធ្វើឲ្យរឿយៗហើយ ដូចម្តេច ទើបញ៉ាំងសុចរិត ទាំង៣ ឲ្យពេញលេញបាន។ ម្នាលកុណ្ឌលិយ ភិក្ខុក្នុងសាសនានេះ ឃើញរូប ជាទីគាប់ចិត្ត ដោយចក្ខុហើយ មិនសំឡឹងរំពៃ មិនបៀតបៀន មិនញ៉ាំងតម្រេក ឲ្យកើត នាមកាយរបស់ភិក្ខុនោះ ដំកល់នៅបាន ចិត្តក៏តាំងនៅខាងក្នុង តាំងនៅដោយល្អ ផុតស្រឡះដោយល្អ។ ភិក្ខុឃើញរូប ដែលមិនគាប់ចិត្ត ដោយភ្នែកហើយ ជាអ្នកមិនមានមុខជ្រប់ មានចិត្តមិនតាំងខ្ជាប់ (ដោយអំណាច នៃកិលេស) មានចិត្តនឹងនួន មានចិត្តមិនព្យាបាទ នាមកាយរបស់ភិក្ខុនោះ ដំកល់នៅហើយ ចិត្តក៏តាំងនៅខាងក្នុង តាំងនៅដោយល្អ ផុតស្រឡះដោយល្អ។ ម្នាលកុណ្ឌលិយ មួយទៀត ភិក្ខុឮសំឡេង ដោយត្រចៀក។បេ។ ធុំក្លិនដោយច្រមុះ។ ជញ្ជាប់រស ដោយអណ្តាត។ ពាល់ត្រូវផោដ្ឋព្វៈ ដោយកាយ។ ដឹងច្បាស់ នូវធម្មារម្មណ៍ ជាទីគាប់ចិត្ត ដោយមនោហើយ មិនសំឡឹងរំពៃ មិនបៀតបៀន មិនញ៉ាំងសេចក្តីត្រេកត្រអាលឲ្យកើត នាមកាយរបស់ភិក្ខុនោះ តាំងនៅបាន ចិត្តក៏តាំងនៅខាងក្នុង តាំងនៅដោយល្អ ផុតស្រឡះដោយល្អ។ លុះដឹងច្បាស់ នូវធម្មារម្មណ៍មិនជាទីគាប់ចិត្ត ដោយមនោហើយ មិនមានមុខជ្រប់ មានចិត្តមិនតាំងនៅស៊ប់ មានចិត្តនឹងនួន មានចិត្តមិនព្យាបាទ នាមកាយរបស់ភិក្ខុនោះ តាំងនៅហើយ ចិត្តក៏តាំងនៅខាងក្នុង តាំងនៅដោយល្អ ផុតស្រឡះដោយល្អ។ ម្នាលកុណ្ឌលិយ កាលណាភិក្ខុ ឃើញរូបដោយភ្នែកហើយ តាំងនៅក្នុងរូប ជាទីគាប់ចិត្ត និងមិនគាប់ចិត្ត មានចិត្តនឹងនួន មានចិត្តមិនព្យាបាទ នាមកាយរបស់ភិក្ខុនោះ តាំងនៅហើយ ចិត្តក៏តាំងនៅខាងក្នុង តាំងនៅដោយល្អ ផុតស្រឡះដោយល្អ។ ឮសំឡេងដោយត្រចៀក។បេ។ ធុំក្លិនដោយច្រមុះ។ លិទ្ធភ្លក្សរស ដោយអណ្តាត។ ពាល់ត្រូវផោដ្ឋព្វៈ ដោយកាយ។ ដឹងច្បាស់នូវធម្មារម្មណ៍ ដោយមនោ កាយរបស់ភិក្ខុនោះ តាំងនៅក្នុងធម៌ទាំងឡាយ ជាទីពេញគាប់ចិត្ត និងមិនគាប់ចិត្តហើយ ចិត្តក៏តាំងនៅខាងក្នុង តាំងនៅដោយល្អ ផុតស្រឡះដោយល្អ។ ម្នាលកុណ្ឌលិយ ឥន្ទ្រិយសំវរ ដែលភិក្ខុចំរើនយ៉ាងនេះហើយ ធ្វើឲ្យរឿយៗយ៉ាងនេះហើយ រមែងញ៉ាំងសុចរិត ទាំង៣ ឲ្យពេញលេញបាន។

[៣៩៧] ម្នាលកុណ្ឌលិយ សុចរិត ទាំង៣ ដែលភិក្ខុចំរើនហើយ ដូចម្តេច ធ្វើឲ្យរឿយៗហើយ ដូចម្តេច ទើបញ៉ាំងសតិប្បដ្ឋាន ទាំង៤ ឲ្យពេញលេញបាន។ ម្នាលកុណ្ឌលិយ ភិក្ខុក្នុងសាសនានេះ លះបង់ នូវកាយទុច្ចរិត ចំរើននូវកាយសុចរិត លះបង់ នូវវចីទុច្ចរិត ចំរើន នូវវចីសុចរិត លះបង់ នូវមនោទុច្ចរិត ចំរើននូវមនោសុចរិត។ ម្នាលកុណ្ឌលិយ សុចរិត ទាំង៣ ដែលភិក្ខុចំរើនយ៉ាងនេះហើយ ធ្វើឲ្យរឿយៗ យ៉ាងនេះហើយ រមែងញ៉ាំងសតិប្បដ្ឋាន ទាំង៤ ឲ្យពេញលេញបាន។

[៣៩៨] ម្នាលកុណ្ឌលិយ សតិប្បដ្ឋាន ទាំង៤ ដែលភិក្ខុចំរើនហើយ ដូចម្តេច ធ្វើឲ្យរឿយៗហើយ ដូចម្តេច ទើបញ៉ាំងពោជ្ឈង្គ ទាំង៧ ឲ្យពេញលេញបាន។ ម្នាលកុណ្ឌលិយ ភិក្ខុក្នុងសាសនានេះ ពិចារណាឃើញកាយក្នុងកាយ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតីកំចាត់បង់ នូវអភិជ្ឈា និងទោមនស្សក្នុងលោក ក្នុងវេទនាទាំងឡាយ។បេ។ ក្នុងចិត្ត។បេ។ ពិចារណាឃើញ នូវធម៌ក្នុងធម៌ទាំងឡាយ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតីកំចាត់បង់ នូវអភិជ្ឈា និងទោមនស្សក្នុងលោក។ ម្នាលកុណ្ឌលិយ សតិប្បដ្ឋាន ទាំង៤ ដែលភិក្ខុចំរើនយ៉ាងនេះហើយ ធ្វើឲ្យរឿយៗយ៉ាងនេះហើយ រមែងញ៉ាំងពោជ្ឈង្គ ទាំង៧ ឲ្យពេញលេញបាន។

[៣៩៩] ម្នាលកុណ្ឌលិយ ពោជ្ឈង្គ ទាំង៧ ដែលភិក្ខុចំរើនហើយ ដូចម្តេច ធ្វើឲ្យរឿយៗហើយ ដូចម្តេច ទើបញ៉ាំងវិជ្ជា និងវិមុត្តិ ឲ្យពេញលេញបាន។ ម្នាលកុណ្ឌលិយ ភិក្ខុក្នុងសាសនានេះ ចំរើននូវសតិសម្ពោជ្ឈង្គ ដែលអាស្រ័យសេចក្តីស្ងប់ស្ងាត់ អាស្រ័យការប្រាសចាករាគៈ អាស្រ័យសេចក្តីរលត់ ដែលទន់ទោរ ទៅក្នុងការលះបង់។បេ។ ចំរើនឧបេក្ខាសម្ពោជ្ឈង្គ ដែលអាស្រ័យសេចក្តីស្ងប់ស្ងាត់ អាស្រ័យការប្រាសចាកតម្រេក អាស្រ័យសេចក្តីរលត់ ដែលទន់ទោរទៅ ក្នុងការលះបង់។ ម្នាលកុណ្ឌលិយ ពោជ្ឈង្គ ទំាង៧ ដែលបុគ្គលចំរើនហើយ យ៉ាងនេះ ធ្វើរឿយៗហើយយ៉ាងនេះឯង រមែងញ៉ាំងវិជ្ជា និងវិមុត្តិ ឲ្យពេញលេញបាន។

[៤០០] កាលព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ កុណ្ឌលិយបរិព្វាជក ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន ភ្លឺច្បាស់ណាស់ បពិត្រព្រះគោតមដ៏ចំរើន ភ្លឺច្បាស់ណាស់ បពិត្រព្រះគោតមដ៏ចំរើន (ធម៌ដែលព្រះអង្គសំដែងហើយ ដោយអនេកបរិយាយ យ៉ាងនេះ) ដូចជាគេផ្ងារ នូវវត្ថុដែលផ្កាប់ ឬបើកបង្ហាញ របស់ដែលកំបាំង ឬក៏ដូចជាគេប្រាប់ផ្លូវ ដល់អ្នកវង្វេង ពុំនោះសោត ដូចគេទ្រោលប្រទីបប្រេង ក្នុងទីងងឹត ដោយគិតថា មនុស្សដែលមានចក្ខុ នឹងមើលឃើញរូបទាំងឡាយ។ ធម៌ដែលព្រះគោតមដ៏ចំរើន ទ្រង់ប្រកាសហើយ ដោយអនេកបរិយាយ ក៏ដូច្នោះដែរ ខ្ញុំព្រះអង្គនេះ សូមដល់នូវព្រះគោតមដ៏ចំរើនផង ព្រះធម៌ផង ព្រះភិក្ខុសង្ឃផង ជាសរណៈ ចាប់ដើមតាំងអំពីថ្ងៃនេះទៅ សូមព្រះគោតមដ៏ចំរើន ជ្រាបនូវខ្ញុំព្រះអង្គ ថាជាឧបាសក អ្នកដល់ នូវសរណៈ ស្មើដោយជីវិត។

 

លេខយោង

km/tipitaka/sut/sn/46/sut.sn.46.006.txt · ពេលកែចុងក្រោយ: 2023/09/14 15:10 និពន្ឋដោយ Johann