ព្រះពុទ្ធទ្រង់លើកទឹកចិត្តដល់ព្រះសង្ឃចំពោះការបរិនិព្វានរបស់ ព្រះសារីបុត្ និងព្រះមហាមោគ្គលា្លន។
sn 47.014 បាលី cs-km: sut.sn.47.014 អដ្ឋកថា: sut.sn.47.014_att PTS: ?
(ឧក្កចេលសូត្រ ទី៤)
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ព្រះខេមានន្ទ
(៤. ឧក្កចេលសុត្តំ)
[៦៤] កាលដែលព្រះសារីបុត្ត និងព្រះមោគ្គល្លាន 1) បរិនិព្វានទៅហើយមិនយូរប៉ុន្មាន សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅទៀបឆ្នេរស្ទឹងគង្គា ជិតក្រុងឧក្កចេលា នាដែនវជ្ជី ជាមួយនិងភិក្ខុសង្ឃច្រើនរូប។ សម័យនោះឯង ព្រះដ៏មានព្រះភាគ មានភិក្ខុសង្ឃចោមរោម ទ្រង់គង់នៅក្នុងទីវាល។ ទើបព្រះដ៏មានព្រះភាគ ទ្រង់ក្រឡេកមើលទៅភិក្ខុសង្ឃ នៅស្ងៀមហើយ ក៏ទ្រង់ត្រាស់ទៅនឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ កាលដែលសារីបុត្ត និងមោគ្គល្លាន មិនទាន់បរិនិព្វាននៅឡើយ ក៏បរិសទ្យនេះឯង ប្រាកដហាក់ដូចជាសូន្យ ដល់តថាគត។ ម្នាលភិក្ខុទាំងឡាយ (បើ) សារីបុត្ត និងមោគ្គល្លាន នៅក្នុងទិសឯណា ទិសនោះមិនសូន្យ ដល់តថាគតទេ ទាំងសេចក្តីមិនព្រួយបារម្ភ (របស់តថាគត) ក៏មានក្នុងទិសនោះ។
[៦៥] ម្នាលភិក្ខុទាំងឡាយ ព្រះដ៏មានព្រះភាគទាំងឡាយឯណា ជាអរហន្តសម្មាសម្ពុទ្ធ ដែលមានហើយ ក្នុងអតីតកាលក្តី សាវកទាំងគូ របស់ព្រះដ៏មានព្រះភាគទាំងនោះ ក៏មានប្រមាណប៉ុណ្ណេះ ដូចជាសារីបុត្ត និងមោគ្គល្លានរបស់តថាគតដែរ។ ម្នាលភិក្ខុទាំងឡាយ ព្រះដ៏មានព្រះភាគទាំងឡាយឯណា ជាអរហន្តសម្មាសម្ពុទ្ធ នឹងមានក្នុងអនាគតកាលក្តី សាវកទាំងគូ របស់ព្រះដ៏មានព្រះភាគទាំងនោះ ក៏មានប្រមាណប៉ុណ្ណេះ ដូចជាសារីបុត្ត និងមោគ្គល្លាន របស់តថាគតដែរ។
[៦៦] ម្នាលភិក្ខុទាំងឡាយ (នេះ) ជាហេតុអស្ចារ្យរបស់ពួកសាវក ម្នាលភិក្ខុទាំងឡាយ (នេះ) ជាហេតុចម្លែក របស់ពួកសាវក ព្រោះពួកសាវក ជាអ្នកធ្វើតាមពាក្យប្រៀនប្រដៅ និងធ្វើតាមឱវាទ របស់តថាគតជាគ្រូហើយ នឹងបានជាទីស្រឡាញ់ផង ជាទីគាប់ចិត្តផង ជាទីគោរពផង ជាទីសរសើរផង នៃពួកបរិសទ្យ ទាំង ៤។ ម្នាលភិក្ខុទាំងឡាយ (នេះ) ជាហេតុអស្ចារ្យ របស់តថាគត ម្នាលភិក្ខុទាំងឡាយ (នេះ) ជាហេតុចម្លែក របស់តថាគត ព្រោះថា កាលបើសាវកទាំងគូ មានសភាពដូច្នេះ បរិនិព្វានទៅហើយ សេចក្តីសោកក្តី សេចក្តីខ្សឹកខ្សួលក្តី មិនមានដល់តថាគតឡើយ ម្នាលភិក្ខុទាំងឡាយ ក្នុងលោកនេះ បុគ្គលគប្បីបាននូវហេតុនោះអំពីទីណា។ ធម្មជាតឯណា ដែលកើតហើយ មានហើយ បច្ច័យប្រជុំតាក់តែងហើយ ក៏គង់មានកិរិយាទ្រុឌទ្រោមទៅ ជាធម្មតា (នឹងឃាត់) ថា ឱហ្ន៎ ធម្មជាតនោះ ចូរកុំទ្រុឌទ្រោមទៅ ហេតុនេះ រមែងមិនមានឡើយ។
[៦៧] ម្នាលភិក្ខុទាំងឡាយ កាលបើដើមឈើដែលធំ ជាឈើមានខ្លឹម កំពុងឋិតនៅ ឯមែកដែលធំៗ នៃឈើនោះ ក៏បាក់បែកទៅ យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ ឯភិក្ខុសង្ឃដ៏ធំ មានខ្លឹមឋិតនៅ សារីបុត្ត និងមោគ្គល្លាន2) បរិនិព្វានទៅហើយ។ សារីបុត្ត និងមោគ្គល្លាននោះ បុគ្គលគប្បីរកបានក្នុងភិក្ខុសង្ឃនេះ អំពីទីណា ក៏យ៉ាងនោះឯង។ ធម្មជាតឯណា ដែលកើតហើយ មានហើយ បច្ច័យប្រជុំតាក់តែងហើយ (នឹងឃាត់) ថា ឱហ្ន៎ ធម្មជាតនោះ ចូរកុំទ្រុឌទ្រោមទៅ ហេតុនេះ រមែងមិនមានឡើយ។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ក្នុងសាសនានេះ អ្នកទាំងឡាយ ចូរយកខ្លួនជាទីពឹង យកខ្លួនជាទីរឭក កុំយកវត្ថុដទៃជាទីពឹង ទីរឭកឡើយ ចូកយកធម៌ជាទីពឹង យកធម៌ជាទីរឭក កុំយកវត្ថុដទៃជា ទីពឹងទីរឭកឡើយ។
[៦៨] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុយកខ្លួនជាទីពឹង យកខ្លួនជាទីរឭក មិនយកវត្ថុដទៃ ជាទីពឹងទីរឭក យកធម៌ជាទីពឹង យកធម៌ជាទីរឭក មិនយកវត្ថុដទៃជាទីពឹងទីរឭក តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណាឃើញ នូវកាយក្នុងកាយ មានព្យាយាម ជាគ្រឿងដុតកំដៅ នូវកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោកចេញ។ ពិចារណាឃើញ នូវវេទនាក្នុងវេទនាទាំងឡាយ នូវចិត្តក្នុងចិត្ត នូវធម៌ក្នុងធម៌ទាំងឡាយ មានព្យាយាម ជាគ្រឿងដុតកំដៅនូវកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោកចេញ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុយកខ្លួនជាទីពឹង យកខ្លួនជាទីរឭក មិនយកវត្ថុដទៃជាទីពឹងទីរឭក យកធម៌ជាទីពឹង យកធម៌ជាទីរឭក មិនយកវត្ថុដទៃជាទីពឹងទីរឭក យ៉ាងនេះឯង។
[៦៩] ម្នាលភិក្ខុទាំងឡាយ មែនពិត ពួកភិក្ខុឯណានីមួយ ក្នុងកាលឥឡូវនេះក្តី ក្នុងកាលជាអំណើះ អំពីតថាគតទៅក្តី នឹងយកខ្លួនជាទីពឹង យកខ្លួនជាទីរឭក មិនយកវត្ថុដទៃជាទីពឹងទីរឭក យកធម៌ជាទីពឹង យកធម៌ជាទីរឭក មិនយកវត្ថុដទៃជាទីពឹងទីរឭក។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុឯណានីមួយ ជាសិក្ខាកាម (អ្នកប្រាថ្នានូវការសិក្សា) ភិក្ខុទាំងនុ៎ះ នឹងមានសេចក្តីចំរើន ដរាបដល់កាលជាទីបំផុត។