km:tipitaka:sut:sn:47:sut.sn.47.018



(ព្រហ្មសូត្រ ទី៨)

សង្ខេប

ក្រោយ​​ពី​​បាន​​ត្រាស់​​ដឹង ព្រះពុទ្ធ​ ត្រិះ​រិះ​ថា៖ «ផ្លូវ​នេះ ជា​ផ្លូវ​តែ​មួយ ប្រព្រឹត្ត​ទៅ ដើម្បី​សេចក្តី​ស្អាត នៃ​សត្វ​ទាំង​ឡាយ…» ព្រហ្មសហម្បតិ ដឹង​ច្បាស់​នូវ​សេចក្តី​ត្រិះរិះ ហើយ​ក៏​បាត់​អំពី​ព្រហ្មលោក…។

sn 47.018 បាលី cs-km: sut.sn.47.018 អដ្ឋកថា: sut.sn.47.018_att PTS: ?

(ព្រហ្មសូត្រ ទី៨)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះខេមានន្ទ

(៨. ព្រហ្មសុត្តំ)

[៧៧] សម័យមួយ ព្រះដ៏មានព្រះភាគ បានត្រាស់ដឹងជាដម្បូង ទ្រង់គង់ក្រោមដើមអជបាលនិគ្រោធ ទៀបឆ្នេរស្ទឹងនេរញ្ជរា ក្នុងឧរុវេលប្រទេស។ គ្រានោះ ព្រះដ៏មានព្រះភាគ គង់ក្នុងទីស្ងាត់ សម្ងំនៅតែមួយព្រះអង្គឯង ទ្រង់មានព្រះហឫទ័យត្រិះរិះកើតឡើង យ៉ាងនេះថា ផ្លូវនេះ ជាផ្លូវតែមួយ ប្រព្រឹត្តទៅ ដើម្បីសេចក្តីស្អាត នៃសត្វទាំងឡាយ ដើម្បីកន្លងបង់ នូវសេចក្តីសោក និងសេចក្តីខ្សឹកខ្សួល ដើម្បីរំលត់នូវទុក្ខ និងទោមនស្ស ដើម្បីត្រាស់ដឹង នូវធម៌ដែលបុគ្គលគប្បីដឹង គឺអរិយមគ្គ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវព្រះនិព្វាន គឺសតិប្បដ្ឋាន ៤។ សតិប្បដ្ឋាន ៤ តើដូចម្តេច។ គឺភិក្ខុពិចារណាឃើញ នូវកាយក្នុងកាយក្តី មានព្យាយាម ជាគ្រឿងដុតកំដៅនូវកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោក។ ភិក្ខុ (ពិចារណាឃើញ នូវវេទនា) ក្នុងវេទនាទាំងឡាយក្តី។ ភិក្ខុ (ពិចារណាឃើញនូវចិត្ត) ក្នុងចិត្តក្តី។ ភិក្ខុពិចារណាឃើញ នូវធម៌ក្នុងធម៌ទាំងឡាយក្តី មានព្យាយាម ជាគ្រឿងដុតកំដៅ នូវកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោក។ ផ្លូវនេះ ជាផ្លូវតែមួយ ប្រព្រឹត្តទៅ ដើម្បីសេចក្តីស្អាត នៃសត្វទាំងឡាយ ដើម្បីកន្លងបង់ នូវសេចក្តីសោក និងសេចក្តីខ្សឹកខ្សួល ដើម្បីរំលត់នូវទុក្ខ និងទោមនស្ស ដើម្បីត្រាស់ដឹងនូវធម៌ ដែលបុគ្គលគប្បីដឹង គឺអរិយមគ្គ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវព្រះនិព្វាន គឺសតិប្បដ្ឋាន ៤។

[៧៨] គ្រានោះ ព្រហ្មឈ្មោះ សហម្បតិ ដឹងច្បាស់នូវសេចក្តីត្រិះរិះ ក្នុងព្រះហឫទ័យ របស់ព្រះដ៏មានព្រះភាគ ដោយចិត្ត (នៃខ្លួន) ហើយក៏បាត់អំពីព្រហ្មលោក មកប្រាកដ ក្នុងទីចំពោះព្រះភ័ក្ត្រ នៃព្រះដ៏មានព្រះភាគ (រហ័ស) ដូចបុរសមានកំឡាំង លានូវដៃ ដែលបត់ ឬបត់នូវដៃ ដែលលាហើយ យ៉ាងនោះឯង។ ទើបព្រហ្មឈ្មោះ សហម្បតិ ដណ្តប់សំពត់ បង់ក ឆៀងស្មាម្ខាង ប្រណម្យអញ្ជលី ចំពោះព្រះដ៏មានព្រះភាគ ក្រាបបង្គំទូលព្រះដ៏មានព្រះភាគដូច្នេះថា

[៧៩] បពិត្រព្រះដ៏មានព្រះភាគ ព្រះពុទ្ធដីកានេះ យ៉ាងនេះឯង បពិត្រព្រះសុគត ព្រះពុទ្ធដីកានេះ យ៉ាងនេះឯង បពិត្រព្រះអង្គដ៏ចំរើន ផ្លូវនេះ ជាផ្លូវតែមួយ ប្រព្រឹត្តទៅ ដើម្បីសេចក្តីស្អាត នៃសត្វទាំងឡាយ ដើម្បីកន្លងបង់ នូវសេចក្តីសោក និងសេចក្តីខ្សឹកខ្សួល ដើម្បីរំលត់ នូវទុក្ខ និងទោមនស្ស ដើម្បីត្រាស់ដឹង នូវធម៌ដែលបុគ្គលគប្បីដឹង គឺអរិយមគ្គ ដើម្បីធ្វើឲ្យ ជាក់ច្បាស់ នូវព្រះនិព្វាន គឺសតិប្បដ្ឋាន ៤។ សតិប្បដ្ឋាន ៤ តើដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុត្រូវពិចារណាឲ្យឃើញ នូវកាយក្នុងកាយក្តី មានព្យាយាម ជាគ្រឿងដុតកំដៅនូវកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្សក្នុងលោក។ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុ (ពិចារណាឃើញ នូវវេទនា) ក្នុងវេទនាទាំងឡាយក្តី។ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុ (ពិចារណាឃើញ នូវចិត្ត) ក្នុងចិត្តក្តី។ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុពិចារណាឃើញ នូវធម៌ក្នុងធម៌ទាំងឡាយក្តី មានព្យាយាម ជាគ្រឿងដុតកំដៅនូវកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោក។ បពិត្រព្រះអង្គដ៏ចំរើន ផ្លូវនេះ ជាផ្លូវតែមួយ ប្រព្រឹត្តទៅ ដើម្បីសេចក្តីស្អាត នៃសត្វទាំងឡាយ ដើម្បីកន្លងបង់ នូវសេចក្តីសោក និងសេចក្តីខ្សឹកខ្សួល ដើម្បីរំលត់នូវទុក្ខ និងទោមនស្ស ដើម្បីត្រាស់ដឹងនូវធម៌ ដែលបុគ្គលគប្បីដឹង គឺអរិយមគ្គ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវព្រះនិព្វាន គឺសតិប្បដ្ឋាន ៤។

[៨០] ព្រហ្មឈ្មោះសហម្បតិ បានពោលនូវពាក្យនេះ លុះព្រហ្មឈ្មោះសហម្បតិ បានពោលនូវពាក្យនេះហើយ ក៏ពោលនូវគាថា នេះតទៅទៀតថា

អ្នកមានប្រាជ្ញា ឃើញនូវព្រះនិព្វាន ជាទីបំផុតនៃកិរិយាអស់ទៅនៃជាតិ មានសេចក្តីអនុគ្រោះ ដោយប្រយោជន៍ រមែងដឹងច្បាស់ នូវផ្លូវតែមួយ គឺបុព្វភាគសតិប្បដ្ឋាន ជនទាំងឡាយឯណា បានឆ្លងហើយ ក្នុងកាលមុនក្តី ឆ្លងក្នុងកាលឥឡូវនេះក្តី នឹងឆ្លងក្នុងខាងមុខក្តី នូវអន្លង់ (មានកាម ជាដើម) តាមផ្លូវនេះឯង។

 

លេខយោង

km/tipitaka/sut/sn/47/sut.sn.47.018.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann