km:tipitaka:sut:dn:sut.dn.22



មហាសតិប្បដ្ឋានសូត្រ ទី៩

សង្ខេប

សូត្រ​នេះ​អធិប្បាយ​អំពី សតិ​ប្បដ្ធាន​ («ស៊ុមនែឯកសារយោង») ទាំង​៤ គឺពិចារណា​ឃើញ​រឿយៗ​នូវ​ កាយ ចិត្ត​ វេទនា និង​ធម៌ ​​ដើម្បី​បាន​នូវ​​អរិយ​មគ្គ​ប្រកប​ដោយ​អង្គ​ ៨​ ប្រការ​ដើម្បី​ធ្វើ​អោយ​ជាក់​ច្បាស់​នូវ​ព្រះ​និព្វាន។ សូត្រ​នេះ​ដូច​គ្នា​បេះ​បិទ​ទៅ​នឹង សតិបដ្ឋានសូត្រ នៅក្នុង មជ្ឈិមនិកាយ

dn 22 បាលី cs-km: sut.dn.22 អដ្ឋកថា: sut.dn.22_att PTS: ?

(ទី៩) មហាសតិប្បដ្ឋានសូត្រ

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វិឡា

(៩. មហាសតិបដ្ឋានសុត្តំ)

[១១១] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់​គង់​នៅ​ក្នុង​កម្មាសទម្មនិគម របស់អ្នកកុរុ ក្នុងដែនកុរុ។ កាលព្រះមានព្រះភាគ ទ្រង់​គង់​នៅ​ក្នុង​កម្មាសទម្មនិគមនោះឯង បានត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុ​ទាំង​នោះ ទទួលព្រះពុទ្ធដីកា នៃព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចម្រើន ព្រះមាន​ព្រះ​ភាគ ទ្រង់ត្រាស់យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ ផ្លូវ គឺសតិប្បដ្ឋានទាំង៤នេះ ជា​ផ្លូវ​មូល​តែ​មួយ1) (ប្រព្រឹត្តទៅ) ដើម្បីសេចក្តីបរិសុទ្ធនៃសត្វទាំងឡាយ ដើម្បីលះបង់ នូវ​សេចក្តី​សោក និងសេចក្តីខ្សឹកខ្សួល ដើម្បីរំលត់បង់នូវទុក្ខ និងទោមនស្ស ដើម្បី​បាន​នូវ​អរិយមគ្គ ប្រកបដោយអង្គ៨ប្រការ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវព្រះនិព្វាន។ សតិប្បដ្ឋាន​ទាំង៤ តើអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណា​ឃើញ​នូវកាយ​ក្នុង​កាយ​ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស ជាអ្នក​ដឹង​ខ្លួន មានស្មារតី (ជាគ្រឿងកំណត់) កំចាត់បង់​នូវ​អភិជ្ឈា និងទោមនស្ស​ក្នុង​លោក2) ចេញ១ ពិចារណា​ឃើញ​នូវវេទនា ​ក្នុង​វេទនាទាំងឡាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស ជា​អ្នកដឹងខ្លួន មានស្មារតី (ជាគ្រឿងកំណត់) កំចាត់បង់ នូវអភិជ្ឈា និងទោមនស្សក្នុងលោក​ចេញ១ ពិចារណាឃើញ នូវចិត្តក្នុងចិត្តជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ មានព្យាយាម​ ជា​គ្រឿង​ដុត​កំដៅនូវកិលេស ជាអ្នកដឹងខ្លួន មានស្មារតី (ជាគ្រឿងកំណត់) កំចាត់បង់នូវអភិជ្ឈា និង​ទោមនស្ស​ក្នុងលោកចេញ១ ពិចារណាឃើញ នូវធម៌ក្នុងធម៌ទាំងឡាយ ជាប្រក្រតី គ្រប់​ឥរិយាបថ​ទាំង៤ មានព្យាយាម ជាគ្រឿងដុតកំដៅនូវកិលេស ជាអ្នកដឹងខ្លួន មានស្មារតី (ជាគ្រឿងកំណត់) កំចាត់បង់នូវអភិជ្ឈា និងទោមនស្សក្នុងលោកចេញ១។

ចប់ ឧទ្ទេសវារកថា។

អានាបានបព្វៈ

[១១២] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុពិចារណាឃើញ នូវកាយក្នុងកាយជាប្រក្រតី គ្រប់​ឥរិយាបថទាំង៤ តើដោយវិធីដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ទៅកាន់ព្រៃក្តី ទៅកាន់ម្លប់ឈើក្តី ទៅកាន់ផ្ទះស្ងាត់ក្តី អង្គុយពែនភ្នែន តាំងកាយឲ្យត្រង់ តាំងសតិឲ្យមានមុខឆ្ពោះទៅរក (កម្មដ្ឋាន)។ ភិក្ខុនោះ មានសតិដកដង្ហើមចេញ មាន​សតិ​ដក​ដង្ហើមចូល កាលដកដង្ហើមចេញវែង ក៏ដឹងច្បាស់ថា អាត្មាអញដកដង្ហើមចេញវែង ឬកាលដកដង្ហើមចូលវែង ក៏ដឹងច្បាស់ថា អាត្មាអញដកដង្ហើមចូលវែង កាល​ដក​ដង្ហើម​ចេញ​ខ្លី ក៏ដឹងច្បាស់ថា អាត្មាអញដកដង្ហើមចេញខ្លី ឬកាលដកដង្ហើមចូលខ្លី ក៏ដឹង​ច្បាស់​ថា អាត្មាអញ ដកដង្ហើមចូលខ្លី (ភិក្ខុ) សិក្សាថា អាត្មាអញ នឹងកំណត់ដឹងច្បាស់នូវកាយ គឺខ្យល់ចេញទាំងពួង ហើយដកដង្ហើមចេញ សិក្សាថា អាត្មាអញ កំណត់​ដឹងច្បាស់​នូវ​កាយ គឺខ្យល់ចូលទាំងពួង ហើយដកដង្ហើមចូល សិក្សាថា អាត្មាអញ នឹង​រម្ងាប់​កាយ​សង្ខារ (អស្សាសបស្សាសៈ) ហើយដកដង្ហើមចេញ សិក្សាថា អាត្មាអញនឹង រម្ងាប់កាយ​សង្ខារ ដកដង្ហើមចូល។ ម្នាលភិក្ខុទាំងឡាយ ជាងក្រឡឹងក្តី កូនសិស្ស​នៃ​ជាង​ក្រឡឹង​ក្តី ដែលប៉ិនប្រសប់ កាលទាញខ្សែក្រឡឹងវែង ក៏ដឹងច្បាស់ថា អាត្មាអញ​ទាញ​ខ្សែ​ក្រឡឹង​វែង ឬកាលទាញខ្សែក្រឡឹងខ្លី ក៏ដឹងច្បាស់ថា អាត្មាអញទាញខ្សែក្រឡឹងខ្លី មាន​ឧបមា​ដូចម្តេចមិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលដកដង្ហើមចេញវែង ក៏ដឹងច្បាស់ថា អាត្មាអញ​ដកដង្ហើមចេញវែង ឬកាលដកដង្ហើមចូលវែង ក៏ដឹងច្បាស់ថា អាត្មាអញ​ដក​ដង្ហើម​ចូល​វែង កាលដកដង្ហើមចេញខ្លី ក៏ដឹងច្បាស់ថា អាត្មាអញដកដង្ហើមចេញខ្លី ឬ​កាល​ដកដង្ហើមចូលខ្លី ក៏ដឹងច្បាស់ថា អាត្មាអញដកដង្ហើមចូលខ្លី (ភិក្ខុ) សិក្សាថា អាត្មា​អញ នឹងកំណត់ដឹងច្បាស់នូវកាយ គឺខ្យល់ចេញទាំងពួង ហើយដកដង្ហើមចេញ សិក្សា​ថា អាត្មាអញ នឹងកំណត់ដឹងច្បាស់នូវកាយ គឺខ្យល់ចូលទាំងពួង ហើយដកដង្ហើមចូល​សិក្សាថា អាត្មាអញ នឹងរម្ងាប់នូវកាយសង្ខារ ដកដង្ហើមចេញ សិក្សាថា អាត្មាអញ នឹង​រម្ងាប់​នូវកាយសង្ខារ ដកដង្ហើមចូល មានឧបមេយ្យដូច្នោះឯង។ ភិក្ខុ​ពិចារណា​ឃើញ​នូវ​កាយ​ក្នុង​កាយជាខាងក្នុង (កាយរបស់ខ្លួន) ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤យ៉ាងនេះផង ពិចារណាឃើញ នូវកាយក្នុងកាយខាងក្រៅ (កាយរបស់បុគ្គលដទៃ) ជាប្រក្រតី គ្រប់​ឥរិយាបថទាំង៤ផង ពិចារណាឃើញ នូវកាយក្នុងកាយខាងក្នុង និងកាយខាងក្រៅ (កាយរបស់ខ្លួន និងកាយរបស់បុគ្គលដទៃ) ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណា​ឃើញនូវធម៌ ដែលប្រជុំកើតឡើងក្នុងកាយ3) គ្រប់​ឥរិយាបថ​ទាំង៤ផង ពិចារណាឃើញនូវធម៌ ដែលសូន្យទៅក្នុងកាយ4) គ្រប់​ឥរិយាបថ​ទាំង៤ផង ពិចារណាឃើញនូវធម៌ ដែលប្រជុំកើតឡើងក្នុងកាយ ទាំង​ធម៌​ដែល​សូន្យ​ទៅ​ក្នុង​កាយ គ្រប់ឥរិយាបថទាំង៤ផង។ មួយទៀត ស្មារតីរបស់ភិក្ខុនោះ ក៏ផ្ចង់ឡើង​ចំពោះ​ថា កាយមានមែន (មិនមែនសត្វ មិនមែនបុគ្គល មិនមែនស្រី មិនមែនប្រុសជាដើម) គ្រាន់​តែ​ជាទីកំណត់ ដើម្បីឲ្យចម្រើនប្រាជ្ញា ដើម្បីឲ្យចម្រើនស្មារតីប៉ុណ្ណោះ។ ភិក្ខុ​មាន​ចិត្ត​មិន​អាស្រ័យ (ដោយតណ្ហា និងទិដ្ឋិ) គ្រប់ឥរិយាបថទាំង៤ផង មិនប្រកៀក​ប្រកាន់​អ្វី​តិច​តួច​ក្នុង​លោកផង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណា ឃើញនូវកាយ​ក្នុង​កាយ​ជា​ប្រក្រតី ​គ្រប់​ឥរិយាបថទាំង៤យ៉ាងនេះឯង។

ចប់ អានាបានបព្វៈ។

ឥរិយាបថបព្វៈ

[១១៣] ម្នាលភិក្ខុទាំងឡាយ ពាក្យខាងមុខ នៅមានទៀត ភិក្ខុកាលដើរក្តី ក៏ដឹង​ច្បាស់​ថា អាត្មាអញដើរ កាលឈរក្តី ក៏ដឹងច្បាស់ថា អាត្មាអញឈរ កាលអង្គុយក្តី ក៏​ដឹង​ច្បាស់​ថា អាត្មាអញអង្គុយ កាលដេកក្តី ក៏ដឹងច្បាស់ថា អាត្មាអញដេក។ មួយទៀត ភិក្ខុនោះ បានតាំងនូវកាយ ដោយអាការៈយ៉ាងណាៗ ក៏ដឹងច្បាស់នូវកាយនោះ ដោយ​អាការៈ​យ៉ាងនោះ ៗ។ ភិក្ខុពិចារណាឃើញនូវកាយក្នុងកាយខាងក្នុងយ៉ាងនេះ ជា ប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញ នូវកាយក្នុងកាយខាងក្រៅ គ្រប់​ឥរិយាបថ​ទាំង៤ផង ពិចារណាឃើញ នូវកាយក្នុងកាយ ជាខាងក្នុង និងខាងក្រៅ គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញ នូវធម៌ ដែលជាទីប្រជុំកើតឡើង ក្នុង​កាយ​ជា​ប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌ ដែលសូន្យទៅ ក្នុង​កាយ​ជា​ប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌ ដែលប្រជុំកើតឡើង និងធម៌ ដែលសូន្យទៅ ក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង។ មួយទៀត ស្មារតី​របស់​ភិក្ខុ​នោះ ក៏ផ្ចង់ឡើងចំពោះថា កាយមានមែន គ្រាន់តែជាទីកំណត់ ដើម្បីឲ្យចំរើនប្រាជ្ញា ដើម្បី​ឲ្យចម្រើនស្មារតីប៉ុណ្ណោះ។ ភិក្ខុ មានចិត្តមិនអាស្រ័យ (ដោយតណ្ហា និងទិដ្ឋិ) គ្រប់ឥរិយាបថទាំង៤ផង មិនប្រកៀកប្រកាន់អ្វីតិចតួចក្នុងលោកផង។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុពិចារណាឃើញ នូវកាយក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ យ៉ាង​នេះ​ឯង។

ចប់ ឥរិយាបថបព្វៈ។

សម្បជញ្ញបព្វៈ

[១១៤] ម្នាលភិក្ខុទាំងឡាយ ពាក្យខាងមុខ នៅមានទៀត ភិក្ខុធ្វើនូវសម្បជញ្ញៈ5) គឺសេចក្តីដឹងខ្លួន ក្នុងកាលដើរទៅមុខ ឬថយក្រោយ ធ្វើនូវ​សេចក្តីដឹងខ្លួន ក្នុងកាលក្រឡេកមើលទៅមុខ ឬក្រឡេកមើលទៅទិសផ្សេងៗ ធ្វើនូវ​សេចក្តី​ដឹងខ្លួន ក្នុងកាលបត់ដៃជើង ឬលាដៃជើង ធ្វើនូវសេចក្តីដឹងខ្លួន ក្នុងកាល​ទ្រទ្រង់​នូវសង្ឃាដី បាត្រ និងចីវរ ធ្វើនូវសេចក្តីដឹងខ្លួន ក្នុងកាលបរិភោគភោជន ផឹកទឹក ទំពាស៊ីខាទនីយៈ ជញ្ជាប់ (នូវភេសជ្ជៈ មានសប្បិជាដើម) ធ្វើនូវសេចក្តីដឹងខ្លួន ក្នុងកាលបន្ទោបង់ នូវឧច្ចារៈ បស្សាវៈ ធ្វើនូវសេចក្តីដឹងខ្លួន ក្នុងកាលដែលដើរ ឈរ អង្គុយ ដេកលក់ ភ្ញាក់ឡើង និយាយ ស្ងៀម។ ភិក្ខុពិចារណាឃើញ នូវកាយ​ក្នុងកាយខាង​ក្នុងជា​ប្រក្រតី គ្រប់ឥរិយាបថទាំង៤ យ៉ាងនេះផង ពិចារណាឃើញ នូវកាយក្នុង​កាយ​ខាង​​ក្រៅ​ជា​ប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញ នូវកាយក្នុង​កាយ​ជា​ខាង​ក្នុង ​និង​ខាង​ក្រៅ គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញ នូវធម៌​ដែល​ប្រជុំ​កើត​ឡើង ក្នុង​កាយ​ជា​ប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌ ដែលសូន្យទៅ ក្នុង​កាយ​ជា​ប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌ដែលប្រជុំកើត ទាំង​ធម៌​ដែលសូន្យទៅ ក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង។ មួយទៀត ស្មារតី​របស់​ភិក្ខុ​នោះ ក៏ផ្ចង់ឡើងចំពោះថា កាយនេះមានមែន គ្រាន់តែជាទីកំណត់ ដើម្បីឲ្យចម្រើនប្រាជ្ញា ដើម្បីឲ្យចម្រើនស្មារតីប៉ុណ្ណោះ។ ភិក្ខុមានចិត្តមិនអាស្រ័យ (ដោយតណ្ហា និងទិដ្ឋិ) គ្រប់ឥរិយាបថទាំង៤ផង មិនប្រកៀកប្រកាន់អ្វីតិចតួច ក្នុងលោកផង។ ម្នាលភិក្ខុ​ទាំង​ឡាយ ភិក្ខុពិចារណាឃើញ នូវកាយក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថ​ទាំង​៤​ យ៉ាង​នេះ​ឯង។

ចប់ សម្បជញ្ញបព្វៈ។

បដិកូលមនសិការបព្វៈ

[១១៥] ម្នាលភិក្ខុទាំងឡាយ ពាក្យខាងមុខនៅមានទៀត ភិក្ខុពិចារណាឃើញ​ច្បាស់ នូវកាយនេះឯង ខាងលើ តាំងអំពីបាតជើងឡើងទៅ ខាងក្រោម តាំងអំពី​ចុង​សក់​ចុះ​មក ដែលមានស្បែកបិទបាំងជុំវិញ ពេញដោយវត្ថុមិនស្អាត មានប្រការ​ផ្សេងៗ​ដូច្នេះ​ថា ក្នុងកាយនេះមានសក់ រោម ក្រចក ធ្មេញ ស្បែក សាច់ សរសៃ ឆ្អឹង ខួរក្នុងឆ្អឹង តម្រង​បស្សាវៈ បេះដូង ថ្លើម វាវ ក្រពះ សួត ពោះវៀនធំ ពោះវៀនតូច អាហារថ្មី អាហារចាស់ ប្រមាត់ ស្លេស្ម ខ្ទុះ ឈាម ញើស ខ្លាញ់ខាប់ ទឹកភ្នែក ខ្លាញ់រាវ ទឹកមាត់ ទឹកសំបោរ ទឹក​រំអិល ទឹកមូត្រ។ ម្នាលភិក្ខុទាំងឡាយ ទៃដែលមានមាត់ទាំងពីរខាង ពេញដោយធញ្ញជាត មានប្រការផ្សេងៗ ធញ្ញជាតទាំងនោះ គឺ ស្រូវខ្សាយ ស ស្រូវខ្សាយក្រហម សណ្តែកបាយ សណ្តែករាជមាស ល្ង អង្ករ បុរសដែលមានចក្ខុ គប្បីស្រាយនូវទៃនោះ ហើយពិនិត្យ​មើល​ដូច្នេះ​ថា នេះស្រូវខ្សាយស នេះស្រូវខ្សាយក្រហម នេះសណ្តែកបាយ នេះ​សណ្តែក​រាជ​មាស នេះល្ង នេះអង្ករ មានឧបមាដូចម្តេចមិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណា​ឃើញ​ច្បាស់ នូវកាយនេះឯង ខាងលើ តាំងអំពីបាតជើងឡើងទៅ ខាងក្រោម តាំងអំពីចុង​សក់​ចុះ​មក ដែលមានស្បែកបិទបាំងជុំវិញ ពេញដោយវត្ថុមិនស្អាត មានប្រការផ្សេងៗ ដូច្នេះ​ថា ក្នុងកាយនេះមានសក់ រោម ក្រចក ធ្មេញ ស្បែក សាច់ សរសៃ ឆ្អឹង ខួរក្នុងឆ្អឹង តម្រង​បស្សាវៈ បេះដូង ថ្លើម វាវ ក្រពះ សួត ពោះវៀនធំ ពោះវៀនតូច អាហារថ្មី អាហារចាស់ ប្រមាត់ ស្លេស្ម ខ្ទុះ ឈាម ញើស ខ្លាញ់ខាប់ ទឹកភ្នែក ខ្លាញ់រាវ ទឹកមាត់ ទឹកសំបោរ ទឹក​រំអិល ទឹកមូត្រ មានឧមេយ្យដូច្នោះឯង។ (ភិក្ខុ) ពិចារណាឃើញ នូវកាយ​ក្នុងកាយខាងក្នុងជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ យ៉ាងនេះផង ពិចារណាឃើញ នូវកាយ​ក្នុងកាយខាងក្រៅជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញ នូវកាយ​ក្នុង​កាយជាខាងក្នុង និងខាងក្រៅ គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញ នូវធម៌ ដែល​ប្រជុំកើតឡើងក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌ ដែលសូន្យទៅ ក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញ នូវ​ធម៌ ដែល​ប្រជុំកើត ទាំងធម៌ដែលសូន្យទៅ ក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង។ មួយ​ទៀត ស្មារតីរបស់ភិក្ខុនោះ ក៏ផ្ចង់ឡើងចំពោះថា កាយមានមែន គ្រាន់តែជាទីកំណត់ ដើម្បីឲ្យចម្រើនប្រាជ្ញា ដើម្បីឲ្យចម្រើនស្មារតីប៉ុណ្ណោះ។ ភិក្ខុមានចិត្តមិនអាស្រ័យ (ដោយតណ្ហា និងទិដ្ឋិ) គ្រប់ឥរិយាបថទាំង៤ផង មិនប្រកៀកប្រកាន់អ្វីតិចតួច ក្នុង​លោក​ផង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណាឃើញ នូវកាយក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថ​ទាំង៤ យ៉ាងនេះឯង។

ចប់ បដិកូលមនសិការបព្វៈ។

ធាតុមនសិការបព្វៈ

[១១៦] ម្នាលភិក្ខុទាំងឡាយ ពាក្យខាងមុខ នៅមានទៀត ភិក្ខុពិចារណា​ឃើញ​ច្បាស់ នូវកាយនេះឯង ដែលឋិតនៅយ៉ាងណា ដែលតាំងនៅយ៉ាងណា ដោយកំណត់ថា គ្រាន់តែជាធាតុថា ក្នុងកាយនេះមានធាតុដី ធាតុទឹក ធាតុភ្លើង ធាតុខ្យល់។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុរសអ្នកពិឃាតគោក្តី កូនសិស្សនៃបុរសអ្នកពិឃាតគោក្តី ដែលប៉ិនប្រសប់ គប្បី​ពិឃាតគោ ហើយរំលែកជាចំណែកៗ អង្គុយនៅទៀបផ្លូវធំ បែកជា៤ មាន​ឧបមាដូចម្តេច​មិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណាឃើញច្បាស់ នូវកាយនេះឯង ដែល​ឋិតនៅ​យ៉ាង​ណា ដែលតាំងនៅយ៉ាងណា ដោយកំណត់ថា គ្រាន់តែជាធាតុដូច្នេះថា ក្នុងកាយនេះ​មានធាតុដី ធាតុទឹក ធាតុភ្លើង ធាតុខ្សល់ មានឧបមេយ្យដូច្នោះឯង។ ភិក្ខុពិចារណាឃើញ នូវកាយក្នុងកាយជាខាងក្នុង (ដោយការកំណត់ថាជាធាតុ៤) ជាប្រក្រតី គ្រប់ឥរិយាបថ​ទាំង៤ យ៉ាងនេះឯង។បេ។

ចប់ ធាតុមនសិការបព្វៈ។

នវសីវថិកាបព្វៈ

[១១៧] ម្នាលភិក្ខុទាំងឡាយ ពាក្យខាងមុខ នៅមានទៀត ភិក្ខុឃើញនូវសរីរៈស្លាប់ ដែលគេចោល នៅក្នុងព្រៃស្មសាន ទោះស្លាប់អស់១ថ្ងៃក្តី ស្លាប់អស់២ថ្ងៃក្តី ស្លាប់អស់៣​ថ្ងៃ​ក្តី ដែលកំពុងហើម មានសម្បុរខៀវដោយច្រើន មានខ្ទុះហូរចេញតាមទ្វារផ្សេងៗ ដូច​ម្តេច​មិញ។ ភិក្ខុនោះ (ក៏បង្អោនសរីរៈស្លាប់នោះ) មកប្រៀបផ្ទឹមនឹងកាយនេះឯងថា សូម្បី​កាយ6) ​នេះ​សោត ក៏គង់នឹងមានសភាពដូច្នោះ គង់នឹងក្លាយទៅជាដូច្នោះ នឹងកន្លង​នូវ​ភាវៈដូច្នោះពុំបានឡើយ។ ភិក្ខុពិចារណាឃើញ នូវកាយក្នុងកាយជាខាងក្នុងជាប្រក្រតី (ដោយការកំណត់នូវអសុភ មានអសុភកំពុងហើម ជាដើម) គ្រប់ឥរិយាបថទាំង៤ យ៉ាងនេះឯង។បេ។

[១១៨] ម្នាលភិក្ខុទាំងឡាយ ពាក្យខាងមុខនៅមានទៀត ភិក្ខុគប្បីឃើញ នូវ​សរីរៈ​ស្លាប់ ដែលគេចោល នៅក្នុងព្រៃស្មសាន ដែលក្អែកទាំងឡាយ កំពុងចឹកស៊ីក្តី ត្រដក់​គម្រង់ទាំងឡាយ កំពុងចឹកស៊ីក្តី ត្មាតទាំងឡាយ កំពុងចឹកស៊ីក្តី សត្វស្វានទាំងឡាយ កំពុង​កកេរស៊ីក្តី ចចកទាំងឡាយ កំពុងកកេរស៊ីក្តី បាណកជាតិ (សត្វល្អិតៗ មាន​រុយ​ជា​ដើម) ទាំងឡាយផ្សេងៗ កំពុងរូងជញ្ជក់ស៊ីក្តី ដូចម្តេចមិញ។ ភិក្ខុនោះ (ក៏បង្អោន​សរីរៈ​ស្លាប់​នោះ) មកប្រៀបនឹងកាយនេះឯងថា សូម្បីកាយនេះសោត ក៏គង់នឹង​មាន​សភាវៈ​ដូច្នោះ គង់នឹងក្លាយទៅជាដូច្នោះ នឹងកន្លងនូវភាវៈដូច្នោះពុំបានឡើយ។ ភិក្ខុ​ពិចារណា​ឃើញ នូវកាយក្នុងកាយខាងក្នុងជាប្រក្រតី ដោយការកំណត់នូវអសុភ មានអសុភ ដែល​ពួកសត្វ​កំពុងចឹកស៊ីជាដើម គ្រប់ឥរិយាបថទាំង៤ យ៉ាងនេះផង ពិចារណាឃើញ នូវ​កាយ​ក្នុងកាយខាងក្រៅជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញ នូវ​កាយ​ក្នុង​កាយ ជាខាងក្នុង និងខាងក្រៅជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញ នូវធម៌ ដែល​ប្រជុំកើតឡើង ក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញ នូវ​ធម៌ ដែលសូន្យទៅ ក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញ នូវធម៌ ដែល​ប្រជុំកើត ទាំងធម៌ដែលសូន្យទៅ ក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង។ មួយ​ទៀត ស្មារតីរបស់ភិក្ខុនោះ ក៏ផ្ចង់ឡើងចំពោះថា កាយមានមែន គ្រាន់តែជាទីកំណត់ ដើម្បីឲ្យចម្រើនប្រាជ្ញា ដើម្បីឲ្យចម្រើនស្មារតី​ប៉ុណ្ណោះ។ ភិក្ខុមានចិត្តមិនអាស្រ័យ (ដោយតណ្ហា និងទិដ្ឋិ) គ្រប់ឥរិយាបថទាំង៤ផង មិនប្រកៀកប្រកាន់អ្វីតិចតួច ក្នុង​លោក​ផង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណាឃើញ នូវកាយក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថ​ទាំង៤ យ៉ាងនេះឯង។

[១១៩] ម្នាលភិក្ខុទាំងឡាយ ពាក្យខាងមុខនៅមានទៀត ភិក្ខុ គប្បីឃើញ នូវ​សរីរៈ​ស្លាប់ ដែលគេចោល ក្នុងព្រៃស្មសាន សល់នៅតែរាងឆ្អឹង ប្រកបដោយសាច់ និងឈាម មានសរសៃ ជាគ្រឿងចង ដូចម្តេចមិញ។បេ។

[១២០] សរីរៈនៅសល់តែរាងឆ្អឹង ឥតមានសាច់ ប្រឡាក់ដោយឈាម មានសរសៃ​ជា​គ្រឿងចង។បេ។

[១២១] សរីរៈនៅសល់តែរាងឆ្អឹង មិនមានសាច់ និងឈាម មានតែសរសៃ​ជា​គ្រឿងចង។បេ។

[១២២] សរីរៈនៅសល់តែរាងឆ្អឹងទទេ មិនមានសរសៃចងរួបរឹត ខ្ចាត់ខ្ចាយ​រាត់រាយ​ទៅ​ក្នុងទិសតូច និងទិសធំ គឺឆ្អឹងដៃ ទៅដោយឡែក ឆ្អឹងជើងទៅដោយឡែក ឆ្អឹងស្មង​ទៅ​ដោយ​ឡែក ឆ្អឹងភ្លៅទៅដោយឡែក ឆ្អឹងចង្កេះទៅដោយឡែក ឆ្អឹងខ្នងទៅដោយឡែក ឆ្អឹង​ទ្រនុង​ខ្នងទៅដោយឡែក ឆ្អឹងជំនីរទៅដោយឡែក ឆ្អឹងទ្រូងទៅដោយឡែក ឆ្អឹងស្មាទៅ ដោយឡែក ឆ្អឹងកំភួនដៃទៅដោយឡែក ឆ្អឹងកទៅដោយឡែក ឆ្អឹងចង្កាទៅដោយឡែក ធ្មេញទៅដោយឡែក រលាក្បាលទៅដោយឡែក (ដូចម្តេចមិញ)។ ភិក្ខុនោះ (ក៏បង្អោន​សរីរៈ​ស្លាប់នោះ) មកប្រៀបផ្ទឹមនឹងកាយនេះឯងថា សូម្បីកាយនេះសោត ក៏គង់នឹង​មាន​សភាវៈ​ដូច្នោះ គង់នឹងក្លាយទៅជាដូច្នោះ នឹងកន្លងនូវភាវៈដូច្នោះពុំបានឡើយ។ ភិក្ខុ​ពិចារណា​ឃើញ នូវកាយក្នុងកាយខាងក្នុងជាប្រក្រតី (ដោយការកំណត់​នូវសរីរៈ​ស្លាប់ ដែល​សល់តែរាងឆ្អឹង ជាដើម) គ្រប់ឥរិយាបថទាំង៤ យ៉ាងនេះផង ពិចារណាឃើញ នូវ​កាយ​ក្នុងកាយ ខាងក្រៅជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញ នូវ​កាយ​ក្នុងកាយ ជាខាងក្នុង និងខាងក្រៅជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញ នូវធម៌ ដែល​ប្រជុំកើតឡើង ក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណា​ឃើញ នូវធម៌ ដែលសូន្យទៅ ក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញ​នូវធម៌ ដែលជាទីប្រជុំកើតឡើង ទាំងធម៌ដែលសូន្យទៅ ក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង។ មួយទៀត ស្មារតីរបស់ភិក្ខុនោះ ក៏ផ្ចង់ឡើងចំពោះថា កាយនេះ​មានមែន គ្រាន់តែជាទីកំណត់ ដើម្បីឲ្យចម្រើនប្រាជ្ញា ដើម្បីឲ្យចម្រើន​ស្មារតី​ប៉ុណ្ណោះ ភិក្ខុមានចិត្តមិនអាស្រ័យ (ដោយតណ្ហា និងទិដ្ឋិ) គ្រប់ឥរិយាបថទាំង៤ផង មិនប្រកៀកប្រកាន់អ្វីតិចតួច ក្នុងលោកផង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណាឃើញ នូវ​កាយក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ យ៉ាងនេះឯង។

[១២៣] ម្នាលភិក្ខុទាំងឡាយ ពាក្យខាងមុខនៅមានទៀត ភិក្ខុគប្បីឃើញ នូវសរីរៈ​ស្លាប់ ដែលគេចោលក្នុងព្រៃស្មសាន សល់នៅតែឆ្អឹងទទេ មានសម្បុរស ដូចជាសម្បុរ នៃ​ស័ង្ខ។បេ។

[១២៤] សរីរៈនៅសល់តែឆ្អឹងទទេ រោយរាយជាពំនូកៗ កន្លងហួស​ទៅ​មួយឆ្នាំ​ហើយ។បេ។

[១២៥] សរីរៈសល់នៅតែឆ្អឹងទទេ ពុកផុយខ្ទេចខ្ទី ជាកម្ទេចតូច កម្ទេចធំផ្សេងៗ (ដូចម្តេចមិញ)។ ភិក្ខុនោះ (ក៏បង្អោនសរីរៈស្លាប់នោះ) មកប្រៀបនឹងកាយនេះឯងថា សូម្បីកាយនេះសោត ក៏គង់នឹងមានសភាវៈដូច្នោះ គង់នឹងក្លាយទៅជាដូច្នោះ នឹងកន្លងនូវភាវៈដូច្នោះពុំបានឡើយ។ ភិក្ខុពិចារណាឃើញ នូវកាយក្នុង​កាយ ជាខាងក្នុងជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ យ៉ាងនេះផង ពិចារណាឃើញ នូវ​កាយ​ក្នុង​កាយ ខាងក្រៅជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញ នូវ​កាយ​ក្នុង​កាយ ជាខាងក្នុង និងខាងក្រៅជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញ​នូវធម៌ ដែល​ជាទីប្រជុំកើត​ឡើង ក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌ ដែលសូន្យ​ទៅ​ក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌ ដែលជាទីប្រជុំកើត​ឡើង ទាំងធម៌ដែលសូន្យទៅ ក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង។ មួយទៀត ស្មារតីរបស់ភិក្ខុនោះ ក៏ផ្ចង់ឡើងចំពោះថា កាយនេះមានមែន គ្រាន់តែជាទីកំណត់ ដើម្បី​ឲ្យ​ចម្រើនប្រាជ្ញា ដើម្បីឲ្យចម្រើនស្មារតីប៉ុណ្ណោះ។ ភិក្ខុមានចិត្តមិនអាស្រ័យ (ដោយតណ្ហា និងទិដ្ឋិ) គ្រប់ឥរិយាបថទាំង៤ផង មិនប្រកៀកប្រកាន់អ្វីតិចតួច ក្នុងលោកផង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណាឃើញ នូវកាយក្នុងកាយ គ្រប់ឥរិយាបថទាំង៤ យ៉ាងនេះឯង។

ចប់ នវសីវថិកាបព្វៈ។ ចប់ កាយានុបស្សនា។

វេទនានុបស្សនា ការពិចារណានូវវេទនា

[១២៦] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុពិចារណាឃើញ នូវវេទនា ក្នុងវេទនា​ទាំង​ឡាយ​ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ តើដោយវិធីដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​ក្នុង​សាសនានេះ កាលទទួលសុខវេទនាក្តី ក៏ដឹងច្បាស់ថា អាត្មាអញទទួលសុខវេទនា។ កាល​ទទួលទុក្ខវេទនាក្តី ក៏ដឹងច្បាស់ថា អាត្មាអញទទួលទុក្ខវេទនា។ កាលទទួល អទុក្ខមសុខវេទនា​ក្តី ក៏ដឹងច្បាស់ថា អាត្មាអញទទួលអទុក្ខមសុខវេទនា។ កាលទទួល​សុខវេទនា ប្រកបដោយអាមិសៈក្តី7) ក៏ដឹងច្បាស់ថា អាត្មាអញ ទទួល​សុខវេទនា ប្រកបដោយអាមិសៈ កាលទទួលសុខវេទនា ដែលឥតអាមិសៈ8) ក្តី ក៏ដឹងច្បាស់ថា អាត្មាអញទទួលសុខវេទនា ដែលឥតអាមិសៈ កាលទទួល​ទុក្ខវេទនា ប្រកបដោយអាមិសៈ9) ក្តី ក៏ដឹងច្បាស់ថា អាត្មាអញ ទទួលទុក្ខវេទនា ប្រកបដោយអាមិសៈ កាលទទួលទុក្ខវេទនា ដែលឥតអាមិសៈ10) ក្តី ក៏ដឹងច្បាស់ថា អាត្មាអញ ទទួល​ទុក្ខវេទនា ដែល​ឥតអាមិសៈ កាលទទួលអទុក្ខមសុខវេទនា ប្រកបដោយអាមិសៈ11) ក្តី ក៏ដឹងច្បាស់ថា អាត្មាអញ ទទួល​អទុក្ខមសុខវេទនា ប្រកបដោយអាមិសៈ កាលទទួល​អទុក្ខមសុខវេទនា ដែលឥតអាមិសៈ12) ក្តី ក៏ដឹង​ច្បាស់​ថា អាត្មាអញ ទទួលអទុក្ខមសុខវេទនា ដែលឥតអាមិសៈ។ (ភិក្ខុ) ពិចារណាឃើញ នូវ​វេទនា ក្នុងវេទនាទាំងឡាយ ខាងក្នុងជាប្រក្រតី (ដោយការកំណត់នូវវេទនា មាន​សុខ​វេទនា​ជាដើម) យ៉ាងនេះ គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញ នូវវេទនា ក្នុងវេទនា​ទាំង​ឡាយ ខាងក្រៅជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញ នូវវេទនា ក្នុង​វេទនា​ទាំងឡាយ ខាងក្នុង និងខាងក្រៅជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណា​ឃើញនូវធម៌ ដែលជាទីប្រជុំកើតឡើង ក្នុងវេទនាទាំងឡាយ គ្រប់​ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌ ដែលសូន្យទៅ ក្នុងវេទនាទាំងឡាយ គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌ ដែលប្រជុំកើតឡើង ទាំងធម៌ ដែលសូន្យទៅ ក្នុងវេទនា​ទាំង​ឡាយ គ្រប់ឥរិយាបថទាំង៤ផង។ មួយទៀត ស្មារតី (ជាគ្រឿងកំណត់នូវវេទនា) របស់​ភិក្ខុ​នោះ ក៏ផ្ចង់ឡើងចំពោះថា វេទនាទាំងឡាយ មានមែន គ្រាន់តែជាទី​កំណត់​ដើម្បី​ឲ្យ​ចម្រើន​ប្រាជ្ញា ដើម្បីឲ្យចម្រើនស្មារតីប៉ុណ្ណោះ។ (ភិក្ខុ) មានចិត្តមិនអាស្រ័យ (ដោយ​តណ្ហា និងទិដ្ឋិ) គ្រប់ឥរិយាបថទាំង៤ផង មិនប្រកៀកប្រកាន់អ្វីតិចតួច ក្នុងលោកផង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណាឃើញ នូវវេទនាក្នុងវេទនាទាំងឡាយ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ យ៉ាងនេះឯង។

ចប់ វេទនានុបស្សនា។

ចិត្តានុបស្សនា ការពិចារណាចិត្ត

[១២៧] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុពិចារណាឃើញនូវចិត្ត ក្នុងចិត្តជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ តើដោយវិធីដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ទោះចិត្តប្រកបដោយរាគៈ ក៏ដឹងច្បាស់ថា ចិត្តប្រកបដោយរាគៈ ទោះចិត្តប្រាសចាករាគៈ ក៏ដឹងច្បាស់ថា ចិត្តប្រាសចាករាគៈ ទោះចិត្តប្រកបដោយទោសៈ ក៏ដឹងច្បាស់ថា ចិត្ត​ប្រកប​ដោយទោសៈ ទោះចិត្តប្រាសចាកទោសៈ ក៏ដឹងច្បាស់ថា ចិត្តប្រាសចាកទោសៈ ទោះចិត្តប្រកបដោយមោហៈ ក៏ដឹងច្បាស់ថា ចិត្តប្រកបដោយមោហៈ ទោះចិត្តប្រាសចាកមោហៈ ក៏ដឹងច្បាស់ថា ចិត្តប្រាសចាកមោហៈ ទោះចិត្តរួញរា ក៏ដឹង​ច្បាស់​ថា ចិត្តរួញរា ទោះចិត្តរាយមាយ ក៏ដឹងច្បាស់ថា ចិត្តរាយមាយ ទោះចិត្តដល់នូវភាវៈជាធំ (គឺរូបាវចរ និងអរូបាវចរ) ក៏ដឹងច្បាស់ថា ចិត្តដល់នូវភាវៈជាធំ ទោះចិត្តមិនដល់នូវភាវៈជាធំ (គឺជាកាមាវចរ) ក៏ដឹងច្បាស់ថា ចិត្តមិនដល់នូវភាវៈជាធំ ទោះចិត្តនៅមានចិត្តដទៃប្រសើរជាង (គឺនៅជាកាមាវចរ) ក៏ដឹងច្បាស់ថា ចិត្តនៅមាន​ចិត្ត​ដទៃ​ប្រសើរជាង ទោះចិត្តមិនមានចិត្តដទៃប្រសើរជាង (គឺជារូបាវចរ និងអរូបាវចរ) ក៏​ដឹង​ច្បាស់​ថា ចិត្តមិនមានចិត្តដទៃប្រសើរជាង ទោះចិត្តតាំងនៅមាំ (ជាអប្បនាសមាធិ និង​ឧបចារសមាធិ) ក៏ដឹងច្បាស់ថា ចិត្តតាំងនៅមាំ ទោះចិត្តមិនតាំងនៅមាំ (ប្រាសចាក​សមាធិ​ទាំង២) ក៏ដឹងច្បាស់ថា ចិត្តមិនតាំងនៅមាំ ទោះចិត្តរួចស្រឡះ13) ក៏ដឹងច្បាស់ថា ចិត្តរួចស្រឡះ ទោះចិត្តមិនទាន់រួចស្រឡះ ក៏ដឹងច្បាស់ថា ចិត្តមិនទាន់រួចស្រឡះ។ (ភិក្ខុ) ពិចារណាឃើញ នូវចិត្តក្នុងចិត្ត ខាងក្នុង​ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវចិត្ត ក្នុងចិត្តខាងក្រៅ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវចិត្តក្នុងចិត្ត ខាងក្នុង និងខាងក្រៅ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌ ដែលជាទីប្រជុំកើតឡើងក្នុងចិត្ត គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌ ដែលសូន្យទៅក្នុងចិត្ត គ្រប់ឥរិយាបថ​ទាំង៤ផង ពិចារណាឃើញនូវធម៌ ដែលជាទីប្រជុំកើត ទាំងធម៌ដែលសូន្យទៅក្នុងចិត្ត គ្រប់​ឥរិយាបថទាំង៤ផង។ មួយទៀត ស្មារតី (ជាគ្រឿងកំណត់នូវចិត្ត) របស់ភិក្ខុនោះ ក៏ផ្ចង់ឡើងចំពោះថា ចិត្តមានមែន គ្រាន់តែជាទីកំណត់ ដើម្បីឲ្យចម្រើនប្រាជ្ញា ដើម្បី​ឲ្យ​ចម្រើន​ស្មារតីប៉ុណ្ណោះ។ (ភិក្ខុមានចិត្តមិនអាស្រ័យ ដោយតណ្ហា និងទិដ្ឋិ) គ្រប់​ឥរិយាបថ​ទាំង​៤ផង មិនប្រកៀកប្រកាន់អ្វីតិចតួច ក្នុងលោកផង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​ពិចារណា​ឃើញនូវចិត្ត ក្នុងចិត្តជាប្រក្រតី គ្រប់ឥរិយាបថទាំង៤យ៉ាងនេះឯង។

ចប់ ចិត្តានុបស្សនា។

ធម្មានុបស្សនា ការពិចារណានូវធម៌

[១២៨] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុពិចារណាឃើញនូវធម៌ ក្នុងធម៌​ទាំងឡាយ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ តើដោយវិធីដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​ក្នុង​សាសនា​នេះ ពិចារណាឃើញនូវធម៌ក្នុងធម៌ទាំងឡាយ ជាប្រក្រតី គឺនីវរណៈទាំង៥​យ៉ាង។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុពិចារណាឃើញនូវធម៌ ក្នុងធម៌ទាំងឡាយជាប្រក្រតី គឺនីវរណៈទាំង៥យ៉ាង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ទោះ​កាមច្ឆន្ទៈ​មាននៅ ក្នុងសន្តានចិត្តនៃខ្លួន ក៏ដឹងច្បាស់ថា កាមច្ឆន្ទៈមាននៅក្នុងសន្តានចិត្ត របស់អាត្មាអញ ទោះកាមច្ឆន្ទៈ មិនមាននៅក្នុងសន្តានចិត្តនៃខ្លួន ក៏ដឹងច្បាស់ថា កាមច្ឆន្ទៈ មិនមាននៅក្នុងសន្តានចិត្តរបស់អាត្មាអញ ទោះកាមច្ឆន្ទៈ ដែលមិនទាន់កើតឡើង ហើយ​កើតឡើងបាន ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះផង14) កិរិយាលះបង់ នូវកាមច្ឆន្ទៈ ដែលកើតឡើងហើយ ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះផង15) កាមច្ឆន្ទៈដែលលះបង់បានហើយ មិនកើតតទៅទៀត ដោយហេតុណា ក៏ដឹង​ច្បាស់​នូវ​ហេតុ​នោះផង។16) ទោះ​ព្យាបាទ​មាន​នៅក្នុង​សន្តានចិត្តនៃខ្លួន ក៏ដឹងច្បាស់ថា ព្យាបាទ មាននៅក្នុងសន្តានចិត្តរបស់អាត្មាអញ ទោះព្យាបាទ មិនមាននៅក្នុងសន្តានចិត្តនៃខ្លួន ក៏ដឹងច្បាស់ថា ព្យាបាទ​មិនមាននៅ​ក្នុង​សន្តាន​ចិត្តរបស់អាត្មាអញ ទោះព្យាបាទ ដែលមិនទាន់កើតឡើងហើយ កើតឡើងបាន ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះផង17) កិរិយាលះបង់នូវព្យាបាទ ដែលកើតឡើងហើយ ដោយហេតុណា ក៏ដឹងច្បាស់​នូវ​ហេតុ​នោះ18) ព្យាបាទ ដែលលះបង់បានហើយ មិនកើតតទៅទៀត ដោយហេតុណា ក៏ដឹងច្បាស់​នូវ​ហេតុ​នោះផង។19) ទោះថីនមិទ្ធៈ មាននៅក្នុងសន្តានចិត្តនៃខ្លួន ក៏ដឹងច្បាស់ថា ថីនមិទ្ធៈមាននៅ​ក្នុង​សន្តាន​ចិត្ត​អាត្មាអញ ទោះថីនមិទ្ធៈមិនមានក្នុងសន្តានចិត្តនៃខ្លួន ក៏ដឹងច្បាស់ថា ថីនមិទ្ធៈមិន​មាន​នៅក្នុងសន្តានចិត្តរបស់អាត្មាអញ ទោះថីនមិទ្ធៈដែលមិនទាន់កើតឡើង ហើយកើត​ឡើង​ ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះផង20) កិរិយាលះបង់នូវថីនមិទ្ធៈ ដែលកើតឡើងហើយ ដោយហេតុណា ក៏ដឹងច្បាស់​នូវហេតុ​នោះ​ផង21) ថីនមិទ្ធៈ ដែលលះបង់បានហើយ មិនកើតទៅទៀត ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះផង។22) ទោះឧទ្ធច្ចកុក្កុច្ចៈ មាននៅក្នុង​សន្តាន​ចិត្តនៃខ្លួន ក៏ដឹងច្បាស់ថា ឧទ្ធច្ចកុក្កុច្ចៈមាននៅក្នុងសន្តានចិត្តរបស់អាត្មាអញ ទោះ​ឧទ្ធច្ចកុក្កុច្ចៈ​មិនមាន នៅក្នុងសន្តានចិត្តនៃខ្លួន ក៏ដឹងច្បាស់ថា ឧទ្ធច្ចកុក្កុច្ចៈ​មិនមាននៅ​ក្នុង​សន្តាន​ចិត្តរបស់អាត្មាអញ ទោះឧទ្ធច្ចកុក្កុច្ចៈ ដែលមិនទាន់កើតឡើង ហើយកើតឡើង ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះ23) ផង ការលះបង់នូវឧទ្ធច្ចកុក្កុច្ចៈដែលកើតឡើងហើយ ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះ24) ផង ឧទ្ធច្ចកុក្កុច្ចៈដែលលះបង់បានហើយ មិនកើតតទៅតទៀត ដោយហេតុណា ក៏ដឹងច្បាស់​នូវ​ហេតុ​នោះ25) ផង។ ទោះវិចិកិច្ឆា មាននៅក្នុងសន្តានចិត្តនៃខ្លួន ក៏ដឹង​ច្បាស់​ថា វិចិកិច្ឆាមាននៅក្នុងសន្តានចិត្តរបស់អាត្មាអញ ទោះវិចិកិច្ឆាមិនមាននៅ​ក្នុង​សន្តាន​ចិត្តនៃខ្លួន ក៏ដឹងច្បាស់ថា វិចិកិច្ឆាមិនមាននៅក្នុងសន្តានចិត្តរបស់អាត្មាអញ ទោះវិចិកិច្ឆាមិនទាន់កើតឡើង ហើយកើតឡើង ដោយហេតុណា ក៏ដឹងច្បាស់​នូវ​ហេតុ​នោះ26) ផង កិរិយាលះបង់នូវវិចិកិច្ឆាដែលកើតឡើងហើយ ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះ27) ផង វិចិកិច្ឆា​ដែល​លះ​បង់បានហើយ មិនកើតតទៅតទៀត ដោយហេតុណា ក៏ដឹងច្បាស់​នូវហេតុ​នោះ28) ផង។ ភិក្ខុពិចារណាឃើញ នូវធម៌​ក្នុងធម៌ទាំងឡាយ ខាងក្នុងជាប្រក្រតី (ដោយការកំណត់នូវនីវរណធម៌៥យ៉ាង) គ្រប់​ឥរិយាបថទាំង៤ យ៉ាងនេះផង ពិចារណាឃើញនូវធម៌ក្នុងធម៌ទាំងឡាយ ខាង​ក្រៅ​ជា​ប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញ នូវធម៌ក្នុងធម៌ទាំងឡាយ ខាង​ក្នុង និង​ខាងក្រៅជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌ ដែល​ជា​ទីប្រជុំ​កើតឡើង ក្នុងធម៌ទាំងឡាយ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌ ដែល​សូន្យទៅ ក្នុងធម៌ទាំងឡាយ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញ​នូវ​ធម៌ ដែលជាទីប្រជុំកើត ទាំងធម៌ដែលសូន្យទៅ ក្នុងធម៌ទាំងឡាយ ជាប្រក្រតី គ្រប់​ឥរិយាបថ​ទាំង៤ផង។ មួយទៀត ស្មារតី (ជាគ្រឿងកំណត់) របស់ភិក្ខុនោះ ក៏ផ្ចង់​ឡើង​ចំពោះ​ថា ធម៌ទាំងឡាយមានមែន គ្រាន់តែជាទីកំណត់ ដើម្បីឲ្យចំរើនប្រាជ្ញា ដើម្បី​ឲ្យចំរើនស្មារតីប៉ុណ្ណោះ។ ភិក្ខុ មានចិត្តមិនអាស្រ័យ (ដោយតណ្ហា និងទិដ្ឋិ) គ្រប់​ឥរិយាបថ​ទាំង៤ផង មិនប្រកៀកប្រកាន់អ្វីតិចតួច ក្នុងលោកផង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណា ឃើញនូវធម៌ក្នុងធម៌ទាំងឡាយ គឺនីវរណៈទាំង៥ ជាប្រក្រតី គ្រប់ឥរិយាបថ​ទាំង៤ យ៉ាងនេះឯង។

ចប់ នីវរណៈបព្វៈ។

ខន្ធបព្វៈ

[១២៩] ម្នាលភិក្ខុទាំងឡាយ ពាក្យខាងមុខ នៅមានតទៅទៀត ភិក្ខុ​ពិចារណា​ឃើញ​នូវធម៌ ក្នុងធម៌ទាំងឡាយ គឺឧបាទានក្ខន្ធទាំង៥ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤។ ម្នាល​ភិក្ខុទាំងឡាយ ចុះភិក្ខុពិចារណាឃើញនូវធម៌ ក្នុងធម៌ទាំងឡាយ គឺឧបាទានក្ខន្ធ​ទាំង៥ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ តើដោយវិធីដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ (ពិចារណាឃើញដូច្នេះថា) រូប មានប្រមាណប៉ុណ្ណេះ29) ធម៌ដែលជាទីកើតឡើងនៃរូប មានប្រមាណប៉ុណ្ណេះ30) ធម៌ដែលជាដែនវិនាសទៅនៃរូប មានប្រមាណប៉ុណ្ណេះ31) វេទនា មានប្រមាណប៉ុណ្ណេះ32) ធម៌ដែលជាដែនកើតឡើងនៃវេទនា មានប្រមាណប៉ុណ្ណេះ33) ធម៌ដែលជាដែនវិនាសទៅនៃវេទនា មានប្រមាណប៉ុណ្ណេះ34) សញ្ញា មានប្រមាណប៉ុណ្ណេះ35) ធម៌ដែលជាដែនកើតឡើងនៃសញ្ញា មានប្រមាណប៉ុណ្ណេះ36) ធម៌ដែលជាដែនវិនាសទៅនៃសញ្ញា មានប្រមាណប៉ុណ្ណេះ37) សង្ខារទាំងឡាយ មានប្រមាណប៉ុណ្ណេះ38) ធម៌ដែល​ជាដែន​កើត​ឡើង​នៃសង្ខារទាំងឡាយ មានប្រមាណប៉ុណ្ណេះ39) ធម៌ដែលជាដែនវិនាសទៅនៃសង្ខារ មានប្រមាណប៉ុណ្ណេះ40) វិញ្ញាណមានប្រមាណប៉ុណ្ណេះ41) ធម៌ដែលជាដែន​កើត​ឡើង​នៃ​វិញ្ញាណ មានប្រមាណប៉ុណ្ណេះ42) ធម៌ដែលជាដែន​វិនាសទៅ​នៃ​វិញ្ញាណ មានប្រមាណប៉ុណ្ណេះ។43) ភិក្ខុ​ពិចារណាឃើញនូវធម៌ ក្នុង​ធម៌​ទាំង​ឡាយ ខាងក្នុងជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ យ៉ាងនេះផង ពិចារណាឃើញ​នូវធម៌​ក្នុងធម៌ទាំងឡាយ ខាងក្រៅជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញ​នូវ​ធម៌ក្នុងធម៌ទាំងឡាយ ខាងក្នុង និងខាងក្រៅជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌ដែលជាទីប្រជុំកើតឡើង ក្នុងធម៌ទាំងឡាយ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌ ដែលសូន្យទៅ ក្នុងធម៌ទាំងឡាយ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌ ដែលជាទីប្រជុំកើតឡើង ទាំងធម៌ ដែលសូន្យទៅក្នុងធម៌ទាំងឡាយ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង។ មួយទៀត ស្មារតី (ជាគ្រឿងកំណត់) របស់ភិក្ខុនោះ ក៏ផ្ចង់ឡើងចំពោះថា ធម៌មានមែន គ្រាន់តែជាទីកំណត់ ដើម្បីឲ្យចម្រើនប្រាជ្ញា ដើម្បីឲ្យចម្រើនស្មារតីប៉ុណ្ណោះ។ ភិក្ខុ មានចិត្ត​មិន​អាស្រ័យ (ដោយតណ្ហា និងទិដ្ឋិ) គ្រប់ឥរិយាបថទាំង៤ផង មិនប្រកៀកប្រកាន់​អ្វីតិចតួច ក្នុងលោកផង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណាឃើញនូវធម៌​ក្នុង​ធម៌​ទាំង​ឡាយ គឺឧបាទានក្ខន្ធទាំង៥ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ យ៉ាងនេះឯង។

ចប់ ខន្ធបព្វៈ។

អាយតនបព្វៈ

[១៣០] ម្នាលភិក្ខុទាំងឡាយ ពាក្យខាងមុខនៅមានទៀត ភិក្ខុពិចារណាឃើញ នូវ​ធម៌​ក្នុងធម៌ទាំងឡាយ គឺអាយតនៈ៦ ទាំងខាងក្នុង ទាំងខាងក្រៅ ជាប្រក្រតី គ្រប់​ឥរិយាបថ​ទាំង៤។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុពិចារណាឃើញនូវធម៌ ក្នុងធម៌ទាំងឡាយ គឺអាយតនៈ៦ ទាំងខាងក្នុង ទាំងខាងក្រៅ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ តើដោយ​វិធី​ដូច​ម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ដឹងច្បាស់នូវភ្នែកផង ដឹង​ច្បាស់​នូវ​រូប​ទាំងឡាយផង មួយវិញទៀត សញ្ញោជនៈណា ដែលអាស្រ័យ​នូវភ្នែក និងរូប​ទាំង​ពីរ​នោះ ហើយកើតឡើង ក៏ដឹងច្បាស់នូវសញ្ញោជនៈនោះ44) ផង សញ្ញោជនៈ ដែលមិនទាន់កើតឡើង ហើយកើតឡើង ដោយហេតុណា ក៏ដឹងច្បាស់​នូវ​ហេតុ​នោះផង កិរិយាលះបង់បាននូវសញ្ញោជនៈ ដែលកើតឡើង ដោយហេតុណា ក៏​ដឹង​ច្បាស់​នូវហេតុនោះផង សញ្ញោជនៈដែលលះបង់បានហើយ មិនកើតតទៅទៀត ដោយ​ហេតុ​ណា ក៏ដឹងច្បាស់នូវហេតុនោះផង។ ភិក្ខុដឹងច្បាស់នូវត្រចៀកផង ដឹង​ច្បាស់​នូវ​សំឡេង​ទាំងឡាយផង។ ដឹងច្បាស់នូវច្រមុះផង ដឹងច្បាស់នូវក្លិនទាំងឡាយផង។ ដឹងច្បាស់នូវអណ្តាតផង ដឹងច្បាស់នូវរសទាំងឡាយផង។ ដឹងច្បាស់នូវកាយផង ដឹងច្បាស់នូវផោដ្ឋព្វៈទាំងឡាយផង។ ដឹងច្បាស់នូវចិត្តផង ដឹងច្បាស់​នូវ​ធម្មារម្មណ៍​ទាំង​ឡាយ​ផង សញ្ញោជនៈណា ដែលអាស្រ័យនូវចិត្ត និងធម្មារម្មណ៍ទាំងពីរនោះ កើតឡើង ក៏​ដឹងច្បាស់នូវសញ្ញោជនៈនោះផង សញ្ញោជនៈដែលមិនទាន់កើតឡើង ហើយកើត​ឡើង​ដោយ​ហេតុណា ក៏ដឹងច្បាស់នូវហេតុនោះ45) ផង កិរិយាលះបង់បាននូវសញ្ញោជនៈ ដែល​កើតឡើង​ហើយ ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះ46) ផង សញ្ញោជនៈ ដែលលះបង់បានហើយ មិនកើតតទៅទៀត ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះ47) ផង។ ភិក្ខុពិចារណាឃើញ​នូវធម៌ ក្នុងធម៌​ទាំងឡាយ ​ខាងក្នុង​ជា​ប្រក្រតី គ្រប់ឥរិយាបថទាំង៤ យ៉ាងនេះផង ពិចារណាឃើញនូវធម៌ ក្នុងធម៌ទាំងឡាយ ខាងក្រៅជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌ ក្នុងធម៌ទាំងឡាយ ខាងក្នុង និងខាងក្រៅជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញ​នូវធម៌ ដែល​ជា​ទីប្រជុំកើតឡើង ក្នុងធម៌ទាំងឡាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណា​ឃើញ​នូវធម៌ ដែលសូន្យទៅ ក្នុងធម៌ទាំងឡាយ ជាប្រក្រតី គ្រប់ឥរិយាបថទាំង​៤ផង ពិចារណា​ឃើញនូវធម៌ ដែលជាទីប្រជុំកើតឡើង និងធម៌ដែល សូន្យទៅ ក្នុងធម៌​ទាំងឡាយ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង។ មួយទៀត ស្មារតី (ជាគ្រឿង​កំណត់) របស់ភិក្ខុនោះ ក៏ផ្ចង់ឡើងចំពោះថា ធម៌ទាំងឡាយមានមែន គ្រាន់តែ ជាទី​កំណត់​ ដើម្បីឲ្យ​ចម្រើនប្រាជ្ញា ដើម្បីឲ្យចម្រើនស្មារតីប៉ុណ្ណោះ។ ភិក្ខុមានចិត្តមិនអាស្រ័យ (ដោយ​តណ្ហា និងទិដ្ឋិ) គ្រប់ឥរិយាបថទាំង៤ផង មិនប្រកៀកប្រកាន់​អ្វីតិច​តួច​ ក្នុង​លោក​ផង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណាឃើញនូវធម៌ ក្នុងធម៌ទាំងឡាយ គឺអាយតនៈ៦ ខាងក្នុង និងខាងក្រៅជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ យ៉ាងនេះឯង។

ចប់ អាយតនបព្វៈ។

ពោជ្ឈង្គបព្វៈ

[១៣១] ម្នាលភិក្ខុទាំងឡាយ ពាក្យខាងមុខនៅមានទៀត ភិក្ខុពិចារណា​ឃើញ​នូវធម៌ ក្នុងធម៌ទាំងឡាយ គឺពោជ្ឈង្គ៧ប្រការ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណាឃើញនូវធម៌ ក្នុងធម៌ទាំងឡាយ គឺពោជ្ឈង្គ៧ប្រការ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ តើដោយវិធីដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុង​សាសនា​នេះ ទោះសតិសម្ពោជ្ឈង្គមាននៅក្នុងសន្តានចិត្តនៃខ្លួន ក៏ដឹងច្បាស់ថា សតិសម្ពោជ្ឈង្គ មាននៅក្នុងសន្តានចិត្តរបស់អាត្មាអញ ទោះសតិសម្ពោជ្ឈង្គ មិនមាន​នៅ​ក្នុង​សន្តានចិត្តរបស់ខ្លួន ក៏ដឹងច្បាស់ថា សតិសម្ពោជ្ឈង្គ មិនមាននៅ​ក្នុងសន្តាន​ចិត្ត​របស់​អាត្មា​អញ ទោះសតិសម្ពោជ្ឈង្គ ដែលមិនទាន់កើតឡើង ហើយកើតឡើង ដោយ​ហេតុ​ណា ក៏ដឹងច្បាស់ នូវហេតុនោះ48) ផង កិរិយាចម្រើនពេញ បរិបូណ៌ នៃ​សតិសម្ពោជ្ឈង្គ ដែល​កើត​ឡើង​ហើយ ដោយហេតុណា ក៏ដឹងច្បាស់ នូវហេតុនោះ49) ផង។ ទោះធម្មវិចយសម្ពោជ្ឈង្គ មាននៅក្នុងសន្តានចិត្តនៃខ្លួន។បេ។50) ទោះវិរិយសម្ពោជ្ឈង្គ មាននៅក្នុងសន្តានចិត្តនៃខ្លួន។បេ។51) ទោះ​បីតិសម្ពោជ្ឈង្គ មាននៅក្នុងសន្តានចិត្តនៃខ្លួន។បេ។ 52) ទោះបស្សទ្ធិសម្ពោជ្ឈង្គ មាននៅក្នុងសន្តានចិត្តនៃខ្លួន។បេ។53) ទោះសមាធិសម្ពោជ្ឈង្គ​មាននៅ​ក្នុង​សន្តាន​ចិត្ត​នៃ​ខ្លួន។បេ។ 54) ទោះ​ឧបេក្ខាសម្ពោជ្ឈង្គ មាននៅក្នុងសន្តានចិត្តនៃខ្លួន ក៏ដឹងច្បាស់ថា ឧបេក្ខាសម្ពោជ្ឈង្គ មាននៅក្នុង​សន្តានចិត្តរបស់អាត្មាអញ ទោះឧបេក្ខាសម្ពោជ្ឈង្គ មិនមាននៅក្នុងសន្តាន​ចិត្តនៃខ្លួន ក៏ដឹងច្បាស់ថា ឧបេក្ខាសម្ពោជ្ឈង្គ មិនមាននៅក្នុងសន្តានចិត្តរបស់​អាត្មាអញ ទោះឧបេក្ខាសម្ពោជ្ឈង្គ ដែលមិនទាន់កើតឡើង ដោយហេតុណា ក៏ដឹងច្បាស់​នូវ​ហេតុ​នោះ​ផង កិរិយាចម្រើនពេញបរិបូណ៌ នៃឧបេក្ខាសម្ពោជ្ឈង្គ ដែលកើតឡើងហើយ ដោយ​ហេតុ​ណា ក៏ដឹងច្បាស់នូវហេតុនោះ55) ផង។ ភិក្ខុពិចារណាឃើញ នូវធម៌​ក្នុង​ធម៌​ទាំង​ឡាយ​ ខាងក្នុងជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ យ៉ាងនេះផង ពិចារណាឃើញនូវធម៌ ក្នុង​ធម៌ទាំងឡាយ ខាងក្រៅជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌ ក្នុងធម៌ទាំងឡាយខាងក្នុង និងខាងក្រៅជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណា​ឃើញនូវធម៌ ដែលជាទីប្រជុំកើតឡើង ក្នុងធម៌ទាំងឡាយ ជាប្រក្រតី គ្រប់ឥរិយាបថទាំង​៤ផង ពិចារណាឃើញនូវធម៌ ដែលសូន្យទៅ ក្នុងធម៌ទាំងឡាយ គ្រប់​ឥរិយាបថទាំង៤ផង។ ពិចារណាឃើញនូវធម៌ ដែលជាទីប្រជុំកើត និងសូន្យទៅ ក្នុង​ធម៌​ទាំងឡាយ​ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង។ មួយទៀត ស្មារតី (ជាគ្រឿងកំណត់) របស់ភិក្ខុនោះ ក៏ផ្ចង់ឡើង ចំពោះថា ធម៌​ទាំង​ឡាយ​មានមែន គ្រាន់តែជាទីកំណត់ ដើម្បីឲ្យចម្រើនប្រាជ្ញា ដើម្បី​ឲ្យចម្រើន​ស្មារតី​ប៉ុណ្ណោះ។ ភិក្ខុមានចិត្តមិនអាស្រ័យ (ដោយ​តណ្ហា និងទិដ្ឋិ) គ្រប់ឥរិយាបថទាំង៤ផង មិនប្រកៀកប្រកាន់អ្វីតិចតួច ក្នុងលោកផង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណាឃើញ​នូវ​ធម៌ ក្នុងធម៌ទាំងឡាយ គឺពោជ្ឈង្គទាំង៧ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ យ៉ាងនេះឯង។

ចប់ ពោជ្ឈង្គបព្វៈ។ ចប់ បឋមភាណវារៈ។

សច្ចបព្វៈ

ទុក្ខសច្ចនិទ្ទេស

[១៣២] ម្នាលភិក្ខុទាំងឡាយ ពាក្យខាងមុខនៅមានទៀត ភិក្ខុពិចារណាឃើញ​នូវធម៌ ក្នុងធម៌ទាំងឡាយ គឺអរិយសច្ចទាំង៤ គ្រប់ឥរិយាបថទាំង៤។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុពិចារណាឃើញនូវធម៌ក្នុងធម៌ទាំងឡាយ គឺអរិយសច្ចទាំង៤ គ្រប់ឥរិយាបថទាំង៤ តើដោយវិធីដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ដឹងប្រាកដតាមពិតថា នេះ​ជាទុក្ខ ដឹងប្រាកដតាមពិតថា នេះជាហេតុនាំឱ្យកើតទុក្ខ ដឹងប្រាកដតាមពិតថា នេះជាសភាវៈរំលត់ទុក្ខ ដឹងប្រាកដតាមពិតថា នេះជា​បដិបទា ឲ្យបាន​ដល់​នូវ​សភាវៈ​រំលត់ទុក្ខ។ ម្នាលភិក្ខុទាំងឡាយ ចុះទុក្ខអរិយសច្ច តើដូចម្តេច។ ជាតិ គឺកំណើត ដែល​កើត​ជា​ដំបូង ក៏ជាទុក្ខ ជរា គឺសេចក្តីចាស់គ្រាំគ្រា ក៏ជាទុក្ខ មរណៈ គឺសេចក្តីស្លាប់ ក៏ជាទុក្ខ សោកៈ គឺសេចក្តីស្តាយស្រណោះ បរិទេវៈ គឺសេចក្តីខ្សឹកខ្សួល ទុក្ខៈ គឺសេចក្តី​លំបាក​កាយ ទោមនស្ស គឺសេចក្តីអាក់អន់តូចចិត្ត ឧបាយាសៈ គឺសេចក្តីចង្អៀតចង្អល់ចិត្ត ក៏​សុទ្ធ​តែ​ជាទុក្ខ អប្បិយេហិសម្បយោគៈ គឺដំណើរជួប ប្រសព្វ ដោយសត្វ និងសង្ខារ​ទាំងឡាយ ដែល​មិនជាទីស្រឡាញ់ ក៏ជាទុក្ខ បិយេហិវិប្បយោគៈ គឺសេចក្តីព្រាត់ប្រាស ចាក​សត្វ និង​សង្ខារ​ទាំងឡាយ ដែលជាទីស្រឡាញ់ ក៏ជាទុក្ខ យម្បិច្ឆំ ន លភតិ តម្បិ គឺបុគ្គល​កាល​ចង់​បាន​នូវរបស់ណា មិនបាន ឯការមិនបានរបស់នោះ ក៏ជាទុក្ខ បើដោយសេចក្តីបំព្រួញ ឧបាទានក្ខន្ធ៥ មានរូបក្ខន្ធជាដើម ក៏ជាទុក្ខ។

[១៣៣] ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេចហៅថាជាតិ។ កិរិយាកើតជាដំបូង កិរិយា​កើត​ព្រម ការចុះចាប់ផ្ទៃ ការវិលត្រឡប់មកកើត ការកើតប្រាកដនៃខន្ធ ការបាន​នូវ​អាយតនៈ​ណា របស់សត្វនោះៗ ក្នុងសត្តនិកាយនោះៗ ម្នាលភិក្ខុទាំងឡាយ នេះ តថាគត​ហៅថា ជាតិ។ ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេចហៅថាជរា។ ជរា គឺសេចក្តីចាស់គ្រាំគ្រា ឬ​ការប្រែប្រួល ធ្មេញបាក់ សក់ស្កូវ ស្បែកជ្រួញជ្រីវយុរយារ ការរួញថយនៃអាយុ ការ​ទ្រុឌ​ទ្រោម​ឥន្ទ្រិយទាំងឡាយណា របស់សត្វទាំងឡាយនោះៗ ក្នុងសត្តនិកាយនោះៗ ម្នាលភិក្ខុទាំងឡាយ នេះ តថាគតហៅថាជរា។ ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេច​ហៅថា​មរណៈ។ ភាវៈនៃចិត្តដែលឃ្លាតចេញ អាការៈនៃចិត្តដែលឃ្លាតទៅ សេចក្តីបែកធ្លាយទៅ សេចក្តីបាត់បង់ទៅ សេចក្តីវិនាសជីវិត សេចក្តីស្លាប់ កាលកិរិយា សេចក្តី​បែកធ្លាយ នៃ​ខន្ធ​ទាំងឡាយ ការដាក់ចុះនូវសាកសព ការផ្តាច់ផ្តិលនូវជីវិតិន្ទ្រិយណា របស់​សត្វទាំងឡាយ​នោះ​ៗ ចាកសត្តនិកាយនោះៗ ម្នាលភិក្ខុទាំងឡាយ នេះ តថាគតហៅថា មរណៈ។ ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេចហៅថា សោកៈ។ ម្នាលភិក្ខុទាំងឡាយ សោកៈ គឺ​សេចក្តី​ស្តាយ​ស្រណោះ សេចក្តីស្រងេះស្រងោច សេចក្តីសោកសៅ សេចក្តីរីងស្ងួតក្នុងចិត្ត សេចក្តី​ក្រៀមក្រំ ក្នុងចិត្តណា របស់សត្វ ដែលប្រកបហើយ ដោយសេចក្តីវិនាសណាមួយ (ឬ) ដែលសេចក្តីទុក្ខណាមួយពាល់ត្រូវហើយ ម្នាលភិក្ខុទាំងឡាយ នេះ តថាគតហៅថា សោកៈ។ ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេចហៅថា បរិទេវៈ។ ម្នាលភិក្ខុទាំងឡាយ សភាវៈ ទួញរក (បិយជន មានកូនជាដើម) សភាវៈទួញរៀបរាប់ (សរសើរគុណ) កិរិយា​យំអណ្តឺត​អណ្តក កិរិយាយំបម្រះ ននៀល ភាវៈនៃការយំអណ្តឺតអណ្តក ភាវៈនៃការ​យំបម្រះ​ននៀល​ណា របស់សត្វដែលប្រកបហើយ ដោយសេចក្តីវិនាសណាមួយ (ឬ) ដែលសេចក្តី​ទុក្ខ​ណាមួយ ពាល់ត្រូវហើយ ម្នាលភិក្ខុទាំងឡាយ នេះ តថាគតហៅថា បរិទេវៈ។ ម្នាល​ភិក្ខុទាំងឡាយ ចុះដូចម្តេចហៅថា ទុក្ខៈ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីលំបាកកាយ សេចក្តី​មិនសប្បាយកាយ សេចក្តីលំបាកដែលកើតអំពីកាយសម្ផ័ស្ស ការ​ទទួលរង​សេចក្តី​មិន​ស្រួលណា ម្នាលភិក្ខុទាំងឡាយ នេះ តថាគតហៅថា ទុក្ខៈ។ ម្នាលភិក្ខុទាំងឡាយ ចុះ​ដូច​ម្តេចហៅថា ទោមនស្ស។ ម្នាលភិក្ខុទាំងឡាយ សេចក្តីលំបាកក្នុងចិត្ត សេចក្តី​មិន​សប្បាយ​ក្នុងចិត្ត សេចក្តីលំបាកដែលកើតអំពីមនោសម្ផ័ស្ស ការទទួល​អារម្មណ៍​មិន​ស្រួល​ណា ម្នាលភិក្ខុទាំងឡាយ នេះ តថាគតហៅថា ទោមនស្ស។ ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេចហៅថា ឧបាយាសៈ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីតានតឹងក្នុងចិត្ត សេចក្តី​ចង្អៀត​ចង្អល់ចិត្ត ភាវៈនៃសេចក្តីតានតឹងក្នុងចិត្ត ភាវៈនៃសេចក្តីចង្អៀតចង្អល់ចិត្តណា របស់សត្វ ដែលប្រកបហើយ ដោយសេចក្តីវិនាសណាមួយ (ឬ) ដែលសេចក្តី​ទុក្ខ​ណា​មួយ​ពាល់​ត្រូវហើយ ម្នាលភិក្ខុទាំងឡាយ នេះ តថាគតហៅថា ឧបាយាសៈ។ ម្នាលភិក្ខុ​ទាំង​ឡាយ ចុះដូចម្តេចហៅថា អប្បិយេហិសម្បយោគទុក្ខ។ ម្នាលភិក្ខុទាំងឡាយ រូបារម្មណ៍ សទ្ទារម្មណ៍ គន្ធារម្មណ៍ រសារម្មណ៍ ផោដ្ឋព្វារម្មណ៍ណា ដែលមិនជាទីប្រាថ្នា មិនជាទី​ត្រេកអរ មិនជាទីគាប់ចិត្ត មានដល់បុគ្គលណា ក្នុងលោកនេះ ពុំនោះសោត ជន​ទាំង​ឡាយ​ណា ប្រាថ្នានូវសេចក្តីមិនចម្រើន ប្រាថ្នានូវអំពើឥតប្រយោជន៍ ប្រាថ្នា​នូវ​សេចក្តី​មិន​សប្បាយ ប្រាថ្នានូវអំពើ ដែលមិនក្សេមចាកយោគៈ ចំពោះបុគ្គលនោះ កិរិយាបានជួបគ្នា កិរិយាជួបជុំគ្នា កិរិយាប្រជុំគ្នា ការនៅច្រឡូកច្រឡំគ្នា នឹងអារម្មណ៍ទាំងឡាយនោះៗ នឹងជន​ទាំងឡាយនោះៗ ម្នាលភិក្ខុទាំងឡាយ នេះ តថាគតហៅថា អប្បិយេហិសម្បយោគទុក្ខ។ ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេចហៅថា បិយេហិវិប្បយោគទុក្ខ។ រូបារម្មណ៍ សទ្ទារម្មណ៍ គន្ធារម្មណ៍ រសារម្មណ៍ ផោដ្ឋព្វារម្មណ៍ ដែល​ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត មានដល់បុគ្គលណា ក្នុងលោកនេះ ពុំនោះ​សោត ជនទាំងឡាយណា ទោះមាតាក្តី បិតាក្តី បងប្អូនប្រុសក្តី បងប្អូនស្រីក្តី មិត្រក្តី អាមាត្យ​ក្តី ញាតិសាលោហិតក្តី ដែលជាអ្នកប្រាថ្នានូវសេចក្តីចំរើន ប្រាថ្នានូវប្រយោជន៍ ប្រាថ្នានូវសេចក្តីសប្បាយ ប្រាថ្នានូវសេចក្តីក្សេមចាកយោគៈ ចំពោះបុគ្គលនោះ ការ​មិន​បានជួបគ្នា មិនបានជួបជុំគ្នា កិរិយាមិនបានប្រជុំគ្នា ការមិននៅច្រឡូកច្រឡំ នឹង​អារម្មណ៍​ទាំងឡាយនោះៗ នឹងជនទាំងឡាយនោះៗ ម្នាលភិក្ខុទាំងឡាយ នេះ តថាគតហៅថា បិយេហិវិប្បយោគទុក្ខ។ ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេចហៅថា យម្បិច្ឆំ ន លភតិ តម្បិ ទុក្ខ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វ ដែលមានជាតិជាធម្មតា តែងមានសេចក្តី​ប្រាថ្នា​កើត​ឡើង យ៉ាងនេះថា ធ្វើម្តេចហ្ន៎ ឲ្យយើងទាំងឡាយ កុំគប្បីមានជាតិជាធម្មតា ពុំនោះសោត ជាតិ កុំគប្បីមកដល់យើងទាំងឡាយ សេចក្តីនេះ ពួកសត្វ ក៏មិនបាន​សម្រេច​តាម​ប្រាថ្នា​​ឡើយ នេះឯង ឈ្មោះថា យម្បិច្ឆំ ន លភតិ តម្បិ ទុក្ខ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វ ដែល​មានសេចក្តីគ្រាំគ្រា ឬប្រែប្រួលជាធម្មតា។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វ ដែល​មាន​សេចក្តី​ឈឺថ្កាត់ជាធម្មតា។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វមានសេចក្តីស្លាប់ជាធម្មតា។ ម្នាល​ភិក្ខុទាំងឡាយ ពួកសត្វ មានសេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តីលំបាកកាយ សេចក្តីអាក់អន់តូចចិត្ត សេចក្តីខ្លោចផ្សាចិត្ត ជាធម្មតា តែងមានសេចក្តីប្រាថ្នាកើតឡើង យ៉ាងនេះថា ធ្វើម្តេចហ្ន៎ ឲ្យយើងទាំងឡាយ កុំគប្បីមានសេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តីលំបាកកាយ សេចក្តីអាក់អន់តូចចិត្ត សេចក្តីខ្លោចផ្សាចិត្ត ជាធម្មតា ពុំនោះសោត សេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តីលំបាកកាយ សេចក្តីអាក់អន់ចិត្ត សេចក្តី​ខ្លោចផ្សា​ចិត្ត កុំគប្បីមកដល់យើងទាំងឡាយឡើយ សេចក្តីនេះ ពួកសត្វ ក៏មិនបាន​សម្រេច​តាម​ប្រាថ្នា​ នេះឯង ក៏ឈ្មោះថា យម្បិច្ឆំ ន លភតិ តម្បិ ទុក្ខដែរ។ ម្នាលភិក្ខុទាំងឡាយ ចុះដូច​ម្តេចឧបាទានក្ខន្ធទាំង៥ ដោយសេចក្តីបំប្រួញ ដែលថាជាទុក្ខ។ ឧបាទានក្ខន្ធ​ទាំង៥នោះ គឺអ្វីខ្លះ គឺរូប ជាឧបាទានក្ខន្ធ១ វេទនា ជាឧបាទានក្ខន្ធ១ សញ្ញា ជាឧបាទានក្ខន្ធ១ សង្ខារ ជាឧបាទានក្ខន្ធ១ វិញ្ញាណ ជាឧបាទានក្ខន្ធ១ ម្នាលភិក្ខុទាំងឡាយ ទាំងនេះ តថាគត​ហៅថា ឧបាទានក្ខន្ធទាំងឡាយ៥ ដោយសេចក្តីបំប្រួញថាជាទុក្ខ។ ម្នាលភិក្ខុទាំងឡាយ នេះ តថាគតហៅថា ទុក្ខអរិយសច្ច។

សមុទយសច្ចនិទ្ទេស

[១៣៤] ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេចហៅថា ទុក្ខសមុទយអរិយសច្ច។ តណ្ហា​ណា ជាធម្មជាតិ នាំសត្វឲ្យកើតទៀត ប្រកបដោយតម្រេករីករាយ ជាធម្មជាតិ​នាំ​សត្វ​ឲ្យ​ត្រេកត្រអាល នៅក្នុងភពនោះៗ ឬក្នុងអារម្មណ៍នោះៗ តណ្ហានោះ គឺអ្វីខ្លះ គឺកាមតណ្ហា (សេចក្តី​ប្រាថ្នាក្នុងកាមគុណ)១ ភវតណ្ហា56) (សេចក្តីប្រាថ្នាក្នុងរូបភព និងអរូបភព)​១ វិភវតណ្ហា (សេចក្តីប្រាថ្នាក្នុងភពសូន្យ 57) ) ១។

[១៣៥] ម្នាលភិក្ខុទាំងឡាយ ចុះតណ្ហានុ៎ះ កាលដែលកើតឡើង តើកើតឡើង​ក្នុង​ទី​ណា កាលដែលជាប់នៅ តើជាប់នៅក្នុងទីណា។ អារម្មណ៍ណា ក្នុងលោកដែល​មាន​សភាព​គួរស្រឡាញ់ មានសភាពគួរត្រេកអរ តណ្ហានុ៎ះ កាលដែលកើតឡើង ក៏កើតឡើង​ក្នុង​អារម្មណ៍នុ៎ះ កាលដែលជាប់នៅ ក៏ជាប់នៅក្នុងអារម្មណ៍នុ៎ះ។ អារម្មណ៍អ្វីមួយ ក្នុង​លោក ដែលមានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរ។ ចក្ខុក្នុងលោក ដែលមាន​សភាព​គួរស្រឡាញ់ មានសភាពគួរត្រេកអរ តណ្ហានុ៎ះ កាលដែលកើតឡើង ក៏កើតឡើង​ក្នុង​ចក្ខុនុ៎ះ កាលដែលជាប់នៅ ក៏ជាប់នៅក្នុងចក្ខុនុ៎ះ។ សោតៈក្នុងលោក។ ឃានៈ​ក្នុង​លោក។ ជិវ្ហាក្នុងលោក។ កាយក្នុងលោក។ មនោក្នុងលោក ដែលមានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរ តណ្ហានុ៎ះ កាលដែលកើតឡើង ក៏កើតឡើងក្នុងមនោនុ៎ះ កាល​ដែល​ជាប់នៅ ក៏ជាប់នៅក្នុងមនោនុ៎ះ។ រូបារម្មណ៍ទាំងឡាយ ក្នុងលោក។ សទ្ទារម្មណ៍​ទាំងឡាយ ក្នុងលោក។ គន្ធារម្មណ៍ទាំងឡាយ ក្នុងលោក។ រសារម្មណ៍​ទាំងឡាយ ក្នុងលោក។ ផោដ្ឋព្វារម្មណ៍ទាំងឡាយ ក្នុងលោក។ ធម្មារម្មណ៍ទាំងឡាយ ក្នុងលោក ដែលមានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរ តណ្ហានុ៎ះ កាលដែលកើតឡើង ក៏កើតឡើងក្នុងធម្មារម្មណ៍នុ៎ះ កាលដែលជាប់នៅ ក៏ជាប់នៅក្នុងធម្មារម្មណ៍នុ៎ះ។ ចក្ខុវិញ្ញាណ ក្នុងលោក។ សោតវិញ្ញាណក្នុងលោក។ ឃានវិញ្ញាណ ក្នុងលោក។ ជិវ្ហាវិញ្ញាណ ក្នុងលោក។ កាយវិញ្ញាណ ក្នុងលោក។ មនោវិញ្ញាណ ក្នុងលោក ដែលមាន​សភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរ តណ្ហានុ៎ះ កាលដែលកើតឡើង ក៏កើតឡើង​ក្នុង​មនោវិញ្ញាណនុ៎ះ កាលដែលជាប់នៅ ក៏ជាប់នៅក្នុងមនោវិញ្ញាណនុ៎ះ។ ចក្ខុសម្ផ័ស្ស ក្នុងលោក។ សោតសម្ផ័ស្ស ក្នុងលោក។ ឃានសម្ផ័ស្ស ក្នុងលោក។ ជិវ្ហាសម្ផ័ស្ស ក្នុងលោក។ កាយសម្ផ័ស្ស ក្នុងលោក។ មនោសម្ផ័ស្ស ក្នុងលោក ដែលមានសភាព​គួរ​ស្រឡាញ់ មានសភាពគួរត្រេកអរ តណ្ហានុ៎ះ កាលដែលកើតឡើង ក៏កើតឡើង​ក្នុង​មនោសម្ផ័ស្ស​នុ៎ះ កាលដែលជាប់នៅ ក៏ជាប់នៅក្នុងមនោសម្ផ័ស្សនុ៎ះ។ វេទនា​កើត​អំពី​ចក្ខុសម្ផ័ស្ស ក្នុងលោក។ វេទនាកើតអំពីសោតសម្ផ័ស្ស ក្នុងលោក។ វេទនាកើតអំពីឃានសម្ផ័ស្ស ក្នុងលោក។ វេទនាកើតអំពីជិវ្ហាសម្ផ័ស្ស ក្នុងលោក។ វេទនាកើតអំពីកាយសម្ផ័ស្ស ក្នុងលោក។ វេទនាកើតអំពីមនោសម្ផ័ស្ស ក្នុងលោក ដែលមាន​សភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរ តណ្ហានុ៎ះ កាលដែលកើតឡើង ក៏កើតឡើងក្នុងវេទនា ដែលកើតអំពីមនោសម្ផ័ស្សនុ៎ះ កាលដែលជាប់នៅ ក៏ជាប់នៅក្នុង វេទនា ដែលកើតអំពីមនោសម្ផ័ស្សនុ៎ះ។ សេចក្តីសម្គាល់នូវរូបារម្មណ៍ក្នុងលោក។ សេចក្តីសម្គាល់នូវសទ្ទារម្មណ៍ក្នុងលោក។ សេចក្តីសម្គាល់នូវគន្ធារម្មណ៍ក្នុងលោក។ សេចក្តីសម្គាល់នូវរសារម្មណ៍ក្នុងលោក។ សេចក្តីសម្គាល់នូវផោដ្ឋព្វារម្មណ៍ក្នុងលោក។ សេចក្តីសម្គាល់នូវធម្មារម្មណ៍ក្នុងលោក ដែលមានសភាពគួរស្រឡាញ់ មានសភាព​គួរ​ត្រេកអរ តណ្ហានុ៎ះ កាលដែលកើតឡើង ក៏កើតឡើងក្នុងសេចក្តីសម្គាល់នូវធម្មារម្មណ៍នុ៎ះ កាលដែលជាប់នៅ ក៏ជាប់នៅក្នុងសេចក្តីសម្គាល់ នូវធម្មារម្មណ៍នុ៎ះ។ ការគិតសន្សំនូវរូបារម្មណ៍ ក្នុងលោក។ ការគិតសន្សំនូវសទ្ទារម្មណ៍ ក្នុងលោក។ ការគិត​សន្សំ​នូវគន្ធារម្មណ៍ ក្នុងលោក។ ការគិតសន្សំនូវរសារម្មណ៍ ក្នុងលោក។ ការគិតសន្សំ​នូវផោដ្ឋព្វារម្មណ៍ ក្នុងលោក។ ការគិតសន្សំនូវធម្មារម្មណ៍ ក្នុងលោក ដែលមាន​សភាពគួរ​ស្រឡាញ់ មានសភាពគួរត្រេកអរ តណ្ហានុ៎ះ កាលដែលកើតឡើង ក៏កើត​ឡើង​ក្នុង​ការគិតសន្សំនូវធម្មារម្មណ៍នុ៎ះ កាលដែលជាប់នៅ ក៏ជាប់នៅក្នុងធម្មារម្មណ៍នុ៎ះ។ សេចក្តីប្រាថ្នានូវរូបារម្មណ៍ ក្នុងលោក។ សេចក្តីប្រាថ្នានូវសទ្ទារម្មណ៍ ក្នុងលោក។ សេចក្តីប្រាថ្នានូវគន្ធារម្មណ៍ ក្នុងលោក។ សេចក្តីប្រាថ្នានូវរសារម្មណ៍ ក្នុងលោក។ សេចក្តីប្រាថ្នានូវផោដ្ឋព្វារម្មណ៍ ក្នុងលោក។ សេចក្តីប្រាថ្នានូវធម្មារម្មណ៍ ក្នុងលោក ដែលមានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរ តណ្ហានុ៎ះ កាលដែលកើតឡើង ក៏កើតឡើងក្នុងសេចក្តីប្រាថ្នា នូវធម្មារម្មណ៍នុ៎ះ កាលដែលជាប់នៅ ក៏ជាប់នៅក្នុង​សេចក្តីប្រាថ្នា នូវធម្មារម្មណ៍នុ៎ះ។ សេចក្តីត្រិះរិះនូវរូបារម្មណ៍ ក្នុងលោក។ សេចក្តីត្រិះរិះនូវសទ្ទារម្មណ៍ ក្នុងលោក។ សេចក្តីត្រិះរិះនូវគន្ធារម្មណ៍ ក្នុងលោក។ សេចក្តីត្រិះរិះនូវរសារម្មណ៍ ក្នុងលោក។ សេចក្តីត្រិះរិះនូវផោដ្ឋព្វារម្មណ៍ ក្នុងលោក។ សេចក្តីត្រិះរិះនូវធម្មារម្មណ៍ ក្នុងលោក ដែលមានសភាពគួរស្រឡាញ់ មានសភាព​គួរត្រេកអរ តណ្ហានុ៎ះ កាលដែលកើតឡើង ក៏កើតឡើងក្នុង​សេចក្តីត្រិះរិះ នូវ​ធម្មារម្មណ៍​នុ៎ះ កាលដែលជាប់នៅ ក៏ជាប់នៅក្នុងសេចក្តីត្រិះរិះ នូវធម្មារម្មណ៍នុ៎ះ។ ការពិចារណា​នូវរូបារម្មណ៍ ក្នុងលោក។ ការពិចារណានូវសទ្ទារម្មណ៍ ក្នុងលោក។ ការពិចារណា​នូវ​គន្ធារម្មណ៍ ក្នុងលោក។ ការពិចារណានូវរសារម្មណ៍ ក្នុងលោក។ ការពិចារណា​នូវផោដ្ឋព្វារម្មណ៍ ក្នុងលោក។ ការពិចារណានូវធម្មារម្មណ៍ ក្នុងលោក ដែលមានសភាព​គួរស្រឡាញ់ មានសភាពគួរត្រេកអរ តណ្ហានុ៎ះ កាលដែលកើតឡើង ក៏កើតឡើងក្នុង​ការពិចារណា​នូវធម្មារម្មណ៍នុ៎ះ កាលដែលជាប់នៅ ក៏ជាប់នៅក្នុងការពិចារណានូវ ធម្មារម្មណ៍នុ៎ះ។ ម្នាលភិក្ខុទាំងឡាយ នេះតថាគតហៅថា ទុក្ខសមុទយអរិយសច្ច។

និរោធសច្ចនិទ្ទេស

[១៣៦] ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេចហៅថា ទុក្ខនិរោធអរិយសច្ច។ ការអស់ទៅ និងការរលត់ទៅ ដោយមិនមានសេសសល់ ការលះបង់ ការរលាស់ចោល ការជម្រុះចោល ការមិនមានអាល័យ ចំពោះតណ្ហានោះឯង (ហៅថា ទុក្ខនិរោធ​អរិយសច្ច)។ ម្នាលភិក្ខុទាំងឡាយ ចុះតណ្ហានោះឯង កាលដែលបុគ្គលលះបង់ តើលះបង់​ក្នុងទីណា កាលដែលរលត់ទៅ តើរលត់ទៅក្នុងទីណា។ អារម្មណ៍ណា ក្នុងលោក ដែលមានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរ តណ្ហានុ៎ះ កាលដែល​បុគ្គល​លះបង់ តែងលះបង់ក្នុងអារម្មណ៍នុ៎ះ កាលដែលរលត់ទៅ តែងរលត់ទៅ​ក្នុងអារម្មណ៍នុ៎ះ។ ចុះអារម្មណ៍អ្វី ក្នុងលោក ដែលមានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរ។ ចក្ខុក្នុងលោក ដែលមានសភាពគួរស្រឡាញ់ មានសភាព​គួរ​ត្រេកអរ តណ្ហានុ៎ះ កាលដែលបុគ្គលលះបង់ ក៏លះបង់ក្នុងចក្ខុនោះ កាលដែលរលត់ទៅ ក៏រលត់ទៅក្នុងចក្ខុនុ៎ះ។ សោតៈ ក្នុងលោក។ ឃានៈ ក្នុងលោក។ ជិវ្ហា ក្នុងលោក។ កាយ ក្នុងលោក។ មនោ ក្នុងលោក ដែលមានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរ តណ្ហា​នុ៎ះ កាលដែលបុគ្គលលះបង់ ក៏លះបង់ ក្នុងមនោនោះ កាលដែលរលត់ទៅ ក៏រលត់​ទៅក្នុងមនោនោះ។ រូបារម្មណ៍ទាំងឡាយ ក្នុងលោក។ សទ្ទារម្មណ៍ទាំងឡាយ ក្នុងលោក។ គន្ធារម្មណ៍ទាំងឡាយ ក្នុងលោក។ រសារម្មណ៍ទាំងឡាយ ក្នុងលោក។ ផោដ្ឋព្វារម្មណ៍ទាំងឡាយ ក្នុងលោក។ ធម្មារម្មណ៍ទាំងឡាយ ក្នុងលោក ដែលមាន​សភាព​គួរស្រឡាញ់ មានសភាពគួរត្រេកអរ តណ្ហានុ៎ះ កាលដែលបុគ្គលលះបង់ ក៏លះបង់ក្នុង​ធម្មារម្មណ៍នុ៎ះ កាលដែលរលត់ទៅ ក៏រលត់ទៅក្នុងធម្មារម្មណ៍នុ៎ះ។ ចក្ខុវិញ្ញាណ ក្នុងលោក។ សោតវិញ្ញាណ ក្នុងលោក។ ឃានវិញ្ញាណ ក្នុងលោក។ ជិវ្ហាវិញ្ញាណ ក្នុងលោក។ កាយវិញ្ញាណ ក្នុងលោក។ មនោវិញ្ញាណ ក្នុងលោក ដែលមានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរ តណ្ហានុ៎ះ កាលដែលបុគ្គល​លះបង់ ក៏លះបង់ក្នុងមនោវិញ្ញាណនុ៎ះ កាលដែលរលត់ទៅ ក៏រលត់ទៅ​ក្នុង​មនោវិញ្ញាណនុ៎ះ។ ចក្ខុសម្ផ័ស្ស ក្នុងលោក។ សោតសម្ផ័ស្ស ក្នុងលោក។ ឃានសម្ផ័ស្ស ក្នុងលោក។ ជិវ្ហាសម្ផ័ស្ស ក្នុងលោក។ កាយសម្ផ័ស្ស ក្នុងលោក។ មនោសម្ផ័ស្ស ក្នុងលោក ដែលមានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរ តណ្ហានុ៎ះ កាលដែលបុគ្គលលះបង់ ក៏លះបង់ក្នុងមនោសម្ផ័ស្សនុ៎ះ កាលដែលរលត់ទៅ ក៏រលត់ទៅក្នុងមនោសម្ផ័ស្សនុ៎ះ។ វេទនាកើតអំពីចក្ខុសម្ផ័ស្ស ក្នុងលោក។ វេទនាកើតអំពីសោតសម្ផ័ស្ស ក្នុងលោក។ វេទនាកើតអំពីឃានសម្ផ័ស្ស ក្នុងលោក។ វេទនាកើតអំពីជិវ្ហាសម្ផ័ស្ស ក្នុងលោក។ វេទនាកើតអំពីកាយសម្ផ័ស្ស ក្នុងលោក។ វេទនាកើតអំពីមនោសម្ផ័ស្ស ក្នុងលោក ដែលមានសភាពគួរស្រឡាញ់ មានសភាពគួរ​ត្រេកអរ តណ្ហានុ៎ះ កាលដែលបុគ្គលលះបង់ ក៏លះបង់ក្នុងមនោសម្ផ័ស្សនុ៎ះ កាលដែល​រលត់ទៅ ក៏រលត់ទៅក្នុងមនោសម្ផ័ស្សនុ៎ះ។ សេចក្តីសម្គាល់នូវរូបារម្មណ៍ ក្នុងលោក។ សេចក្តីសម្គាល់នូវសទ្ទារម្មណ៍ ក្នុងលោក។ សេចក្តីសម្គាល់នូវគន្ធារម្មណ៍ ក្នុងលោក។ សេចក្តីសម្គាល់នូវរសារម្មណ៍ ក្នុងលោក។ សេចក្តីសម្គាល់នូវផោដ្ឋព្វារម្មណ៍ ក្នុងលោក។ សេចក្តីសម្គាល់នូវធម្មារម្មណ៍ ក្នុងលោក ដែលមានសភាពគួរស្រឡាញ់ មានសភាព​គួរត្រេកអរ តណ្ហានុ៎ះ កាល ដែលបុគ្គលលះបង់ ក៏លះបង់ក្នុងសេចក្តី​សម្គាល់នូវ​ធម្មារម្មណ៍នុ៎ះ កាលដែលរលត់ទៅ ក៏រលត់ទៅក្នុងសេចក្តី សម្គាល់នូវធម្មារម្មណ៍នុ៎ះ។ ការគិតសន្សំនូវរូបារម្មណ៍ ក្នុងលោក។ ការគិតសន្សំនូវសទ្ទារម្មណ៍ ក្នុងលោក។ ការគិតសន្សំនូវគន្ធារម្មណ៍ ក្នុងលោក។ ការគិតសន្សំនូវរសារម្មណ៍ ក្នុងលោក។ ការគិតសន្សំនូវផោដ្ឋព្វារម្មណ៍ ក្នុងលោក។ ការគិតសន្សំនូវធម្មារម្មណ៍ ក្នុងលោក ដែល​មាន​សភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរ តណ្ហានុ៎ះ កាលដែល បុគ្គលលះបង់ ក៏លះបង់ក្នុងការសន្សំនូវធម្មារម្មណ៍នុ៎ះ កាលដែលរលត់ទៅ ក៏រលត់ទៅក្នុង​ការ​គិត​សន្សំនូវ ធម្មារម្មណ៍នុ៎ះ។ សេចក្តីប្រាថ្នានូវរូបារម្មណ៍ ក្នុងលោក។ សេចក្តីប្រាថ្នានូវសទ្ទារម្មណ៍ ក្នុងលោក។ សេចក្តីប្រាថ្នានូវគន្ធារម្មណ៍ ក្នុងលោក។ សេចក្តីប្រាថ្នានូវរសារម្មណ៍ ក្នុងលោក។ សេចក្តីប្រាថ្នានូវផោដ្ឋព្វារម្មណ៍ ក្នុងលោក។ សេចក្តីប្រាថ្នានូវធម្មារម្មណ៍ ក្នុងលោក ដែលមានសភាពគួរស្រឡាញ់ មានសភាពគួរ​ត្រេកអរ តណ្ហានុ៎ះ កាលដែល បុគ្គលលះបង់ ក៏លះបង់ក្នុងសេចក្តី​ប្រាថ្នានូវ​ធម្មារម្មណ៍​នុ៎ះ កាលដែលរលត់ទៅ ក៏រលត់ទៅក្នុងសេចក្តីប្រាថ្នានូវ ធម្មារម្មណ៍នុ៎ះ។ សេចក្តីត្រិះរិះនូវរូបារម្មណ៍ ក្នុងលោក។ សេចក្តីត្រិះរិះនូវសទ្ទារម្មណ៍ ក្នុងលោក។ សេចក្តីត្រិះរិះនូវគន្ធារម្មណ៍ ក្នុងលោក។ សេចក្តីត្រិះរិះនូវរសារម្មណ៍ ក្នុងលោក។ សេចក្តីត្រិះរិះនូវផោដ្ឋព្វារម្មណ៍ ក្នុងលោក។ សេចក្តីត្រិះរិះនូវធម្មារម្មណ៍ ក្នុងលោក ដែលមានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរ តណ្ហានុ៎ះ កាលដែលបុគ្គល​លះបង់ ក៏លះបង់ក្នុងសេចក្តីត្រិះរិះនូវធម្មារម្មណ៍នុ៎ះ កាលដែលរលត់ទៅ ក៏រលត់​ទៅ​ក្នុងសេចក្តីត្រិះរិះនូវ ធម្មារម្មណ៍នុ៎ះ។ ការពិចារណានូវរូបារម្មណ៍ ក្នុងលោក។ ការពិចារណានូវសទ្ទារម្មណ៍ ក្នុងលោក។ ការពិចារណានូវគន្ធារម្មណ៍ ក្នុងលោក។ ការពិចារណានូវរសារម្មណ៍ ក្នុងលោក។ ការពិចារណានូវផោដ្ឋព្វារម្មណ៍ ក្នុងលោក។ ការពិចារណានូវធម្មារម្មណ៍ ក្នុងលោក ដែលមានសភាពគួរស្រឡាញ់ មានសភាព​គួរត្រេកអរ តណ្ហានុ៎ះ កាលដែល បុគ្គលលះបង់ ក៏លះបង់ក្នុងការពិចារណា​នូវ​ធម្មារម្មណ៍នុ៎ះ កាលដែលរលត់ទៅ ក៏រលត់ទៅក្នុងការពិចារណានូវ ធម្មារម្មណ៍នុ៎ះ។ ម្នាលភិក្ខុទាំងឡាយ នេះ តថាគតហៅថា ទុក្ខនិរោធអរិយសច្ច។

ទុក្ខនិរោធគាមិនីបដិបទាសច្ចនិទ្ទេស

[១៣៧] ម្នាលភិក្ខុ​ទាំងឡាយ ចុះដូចម្តេច ហៅថា ទុក្ខនិរោធគាមិនីបដិបទា​អរិយ​សច្ច។ អរិយមគ្គដែលប្រកបដោយអង្គ៨ប្រការនេះឯង (ហៅថា ទុក្ខនិរោធគាមិនី​បដិបទា​អរិយសច្ច)។ អរិយមគ្គ ដែលប្រកបដោយអង្គ៨ប្រការ តើដូចម្តេច គឺសម្មាទិដ្ឋិ (សេចក្តី​យល់​ឃើញត្រូវ)១ សម្មាសង្កប្បៈ (សេចក្តីត្រិះរិះត្រូវ)១ សម្មាវាចា (ការនិយាយពាក្យត្រូវ)​១ សម្មាកម្មន្តៈ (ការងារត្រូវ)១ សម្មាអាជីវៈ (ការចិញ្ចឹមជីវិតត្រូវ)១ សម្មាវាយាមៈ (សេចក្តី​ព្យាយាមត្រូវ)១ សម្មាសតិ (សេចក្តីនឹករលឹកត្រូវ)១ សម្មាសមាធិ (ការតម្កល់ចិត្តឲ្យនឹង​ត្រូវ)១។ ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេច ហៅថា សម្មាទិដ្ឋិ។ ម្នាលភិក្ខុទាំងឡាយ ប្រាជ្ញា​ដឹងច្បាស់ ក្នុងកងទុក្ខ ប្រាជ្ញាដឹងច្បាស់ ក្នុងធម៌ដែលជាទីប្រជុំឲ្យកើតទុក្ខ ប្រាជ្ញាដឹងច្បាស់ ក្នុងធម៌ដែលជាទីរលត់ទៅនៃទុក្ខ ប្រាជ្ញាដឹងច្បាស់ ក្នុងបដិបទាទៅកាន់ធម៌ជា ទីរលត់​នៃ​ទុក្ខ​ណា ម្នាលភិក្ខុទាំងឡាយ នេះតថាគតហៅថា សម្មាទិដ្ឋិ។ ម្នាលភិក្ខុទាំងឡាយ ចុះដូច​ម្តេច ហៅថា សម្មាសង្កប្បៈ។ សេចក្តីត្រិះរិះ ដើម្បីចេញចាកកាម សេចក្តីត្រិះរិះ ដើម្បី​ការ​មិន​ព្យាបាទ សេចក្តីត្រិះរិះ ដើម្បីការមិនបៀតបៀន ម្នាលភិក្ខុទាំង​ឡាយ នេះ តថាគត​ហៅថា សម្មាសង្កប្បៈ។ ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេច ហៅថា សម្មាវាចា។ ចេតនា​វៀរចាក​កិរិយានិយាយពាក្យមិនពិត ១ ចេតនាវៀរចាកសម្តីញុះញង់ ស៊កសៀត ១ ចេតនាវៀរចាកសម្តីទ្រគោះបោះបោក ១ ចេតនាវៀរចាក​ការពោលពាក្យ​រោយ​រាយ​ឥតប្រយោជន៍ ១ ម្នាលភិក្ខុទាំងឡាយ នេះ តថាគតហៅថា សម្មាវាចា។ ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេច ហៅថា សម្មាកម្មន្តៈ។ ចេតនាវៀរចាកកិរិយា ញុំាងសត្វ​មានជីវិត​ឲ្យធ្លាក់ចុះកន្លង១ ចេតនាវៀរចាកកិរិយាកាន់យករបស់ ដែលគេមិនបានឲ្យ១ ចេតនា​វៀរចាកកិរិយាប្រព្រឹត្តខុសក្នុងកាមទាំងឡាយ១ ម្នាលភិក្ខុទាំងឡាយ នេះ តថាគត ហៅថា សម្មាកម្មន្តៈ។ ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេចហៅថា សម្មាអាជីវៈ។ ម្នាលភិក្ខុ​ទាំងឡាយ អរិយសាវ័ក ក្នុងសាសនានេះ លះបង់នូវការចិញ្ចឹមជីវិតខុស ហើយរស់នៅ ដោយការចិញ្ចឹមជីវិតត្រូវ ម្នាលភិក្ខុទាំងឡាយ នេះ តថាគត ហៅថា សម្មាអាជីវៈ។ ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេច ហៅថា សម្មាវាយាមៈ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​ក្នុង​សាសនានេះ ញុំាងឆន្ទៈឲ្យកើត ប្រឹងប្រែង ប្រារព្ធនូវការព្យាយាម ផ្គងនូវចិត្តទុក តាំង​ព្យាយាម​មាំ ដើម្បីញុំាងធម៌ទាំងឡាយ ជាអកុសលដ៏លាមក ដែលមិនទាន់កើតឡើង មិនឲ្យកើតឡើងបាន ញុំាងឆន្ទៈឲ្យកើត ប្រឹងប្រែង ប្រារព្ធនូវការព្យាយាម ផ្គងនូវចិត្តទុក តាំងព្យាយាមមាំ ដើម្បីលះបង់នូវធម៌ទាំងឡាយ ជាអកុសលដ៏លាមក ដែលកើតឡើង​ហើយ ញុំាងឆន្ទៈឲ្យកើត ប្រឹងប្រែង ប្រារព្ធនូវការព្យាយាម ផ្គងនូវចិត្តទុក តាំងព្យាយាម​មាំ ដើម្បីញុំាងធម៌ទាំងឡាយ ជាកុសល ដែលមិនទាន់កើតឡើងហើយ ឲ្យកើតឡើងបាន ញុំាងឆន្ទៈឲ្យកើត ប្រឹងប្រែង ប្រារព្ធនូវការព្យាយាម ផ្គងនូវចិត្តទុក តាំងព្យាយាមមាំ ដើម្បី​ញុំាងធម៌ទាំងឡាយ ជាកុសល ដែលកើតឡើងហើយ ឲ្យឋិតថេរ មិនឲ្យវិនាស ឲ្យ ចំរើនធំទូលាយ ពេញបរិបូណ៌ ក្រៃលែងឡើង។ ម្នាលភិក្ខុទាំងឡាយ នេះ តថាគតហៅថា សម្មាវាយាមៈ។ ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេចហៅថា សម្មាសតិ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណាឃើញនូវកាយ ក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ មានការព្យាយាម ជាគ្រឿងដុតកម្តៅនូវកិលេស ជាអ្នកដឹងខ្លួន មានស្មារតី​ជា​គ្រឿង​កំណត់ កំចាត់បង់នូវអភិជ្ឈា និងទោមនស្សក្នុងលោក ពិចារណាឃើញ​នូវវេទនា ក្នុងវេទនា​ទាំងឡាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤។បេ។ ក្នុងចិត្ត។បេ។ ពិចារណា​ឃើញ​នូវធម៌ ក្នុងធម៌ទាំងឡាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ មានការព្យាយាម​ជាគ្រឿង​ដុតកម្តៅនូវកិលេស ជាអ្នកដឹងខ្លួន មានស្មារតីជាគ្រឿងកំណត់ កម្ចាត់​បង់នូវអភិជ្ឈា និងទោមនស្ស ក្នុងលោក។ ម្នាលភិក្ខុទាំងឡាយ នេះ តថាគតហៅថា សម្មាសតិ។ ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេចហៅថា សម្មាសមាធិ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ស្ងប់ស្ងាត់ចាកកាមទាំងឡាយ ស្ងប់ស្ងាត់ចាក​ធម៌​ទាំងឡាយ ជាអកុសល ក៏ចូលកាន់បឋមជ្ឈាន ដែលប្រកបដោយវិតក្កៈ និងវិចារៈ មានបីតិ និងសុខៈ ដែលកើតអំពីសេចក្តីស្ងប់ស្ងាត់ សម្រេចសម្រាន្តនៅ ដោយឥរិយាបថ៤ លុះ​ភិក្ខុចូលទៅ​ជិត​រម្ងាប់នូវវិតក្កៈ និងវិចារៈហើយ ក៏ចូលកាន់ទុតិយជ្ឈាន ដែលកើតមានក្នុងសន្តាន ជាទី​ផូរផង់ មានសភាពជាចិត្តខ្ពស់ឯក គ្មានវិតក្កៈ គ្មានវិចារៈ មានតែបីតិ និងសុខៈ ដែលកើត​អំពីសមាធិ។បេ។ ចូលកាន់តតិយជ្ឈាន សម្រេចសម្រាន្តនៅ ដោយឥរិយាបថ៤ ចូល​កាន់​ចតុត្ថជ្ឈាន មានសតិដ៏បរិសុទ្ធ ដោយឧបេក្ខា ឥតទុក្ខ ឥតសុខ ព្រោះលះបង់​នូវ​សេចក្តី​សុខ​ផង ព្រោះលះបង់នូវសេចក្តីទុក្ខផង ព្រោះរលត់ទៅនៃសោមនស្ស និងទោមនស្ស អំពីមុនផង ក៏សម្រេចសម្រាន្តនៅ ដោយឥរិយាបថ៤។ ម្នាលភិក្ខុទាំងឡាយ នេះ តថាគតហៅថា សម្មាសមាធិ។ ម្នាលភិក្ខុទាំងឡាយ នេះ តថាគតហៅថា ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច។ ភិក្ខុពិចារណាឃើញនូវធម៌ ក្នុងធម៌ទាំងឡាយ​ខាង​ក្នុង ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌ ក្នុងធម៌​ទាំងឡាយ ខាងក្រៅ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌ ក្នុងធម៌ទាំងឡាយ ខាងក្នុង និងខាងក្រៅ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌ ដែល​ជា​ទីប្រជុំកើតឡើង ក្នុងធម៌ទាំងឡាយ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញ​នូវធម៌ ដែលសូន្យទៅ ក្នុងធម៌ទាំងឡាយ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌ ដែលជាទីប្រជុំកើតឡើង ទាំងធម៌​ដែលសូន្យទៅ ក្នុងធម៌ទាំងឡាយ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ដោយ​បការ​ដូច្នេះ​ឯង។ ម្យ៉ាងទៀត ស្មារតីជាគ្រឿងកំណត់នូវសច្ចៈ៤ របស់ភិក្ខុនោះ ក៏ផ្ចង់ឡើងចំពោះថា ធម៌ទាំងឡាយមានមែន ក៏គ្រាន់តែជាទីកំណត់ ដើម្បីឲ្យចំរើនប្រាជ្ញា ដើម្បីឲ្យចំរើន​ស្មារតីប៉ុណ្ណោះ។ ភិក្ខុ មានចិត្តមិនអាស្រ័យដោយតណ្ហា និងទិដ្ឋិផង មិនប្រកៀកប្រកាន់ អ្វីតិចតួច ក្នុងលោកផង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណាឃើញនូវធម៌ ក្នុងធម៌​ទាំងឡាយ គឺអរិយសច្ចទាំង៤ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ យ៉ាងនេះឯង។

ចប់ សច្ចបព្វៈ។

ចប់ ធម្មានុបស្សនា។

[១៣៨] ម្នាលភិក្ខុទាំងឡាយ បើបុគ្គលណាមួយ បានចំរើន សតិប្បដ្ឋាន ទាំង៤ នេះ អស់៧ឆ្នាំ តាមលំដាប់នៃវិធីចំរើន ដែលតថាគត បានពោលហើយ យ៉ាងនេះ បណ្តា​ផល​ទាំងឡាយពីរ ផលណាមួយ ក៏គង់នឹងបានសម្រច ដល់បុគ្គលនោះ តាមសេចក្តី​ប្រាថ្នា​ដោយពិត គឺថា នឹងបានសម្រេចនូវភាវៈ ជាព្រះអរហន្ត ក្នុងបច្ចុប្បន្នទាន់ភ្នែក ពុំនោះសោត បើមានឧបាទានក្ខន្ធសេសសល់នៅ ក៏គង់នឹងបាន​សម្រេច​នូវ​ភាវៈ ជា​អនាគាមិ​បុគ្គលពុំខានឡើយ។ ម្នាលភិក្ខុទាំងឡាយ កុំថាដល់ទៅអស់៧ឆ្នាំឡើយ។ ម្នាលភិក្ខុទាំងឡាយ សូម្បីបុគ្គលណាមួយ បានចម្រើនសតិប្បដ្ឋានទាំង៤នេះ អស់៦ឆ្នាំ តាមលំដាប់​នៃវិធីចម្រើន ដែលតថាគតបាន ពោលមកហើយនេះ។ អស់៥ឆ្នាំ។ អស់៤ឆ្នាំ។ អស់៣ឆ្នាំ។ អស់២ឆ្នាំ។ អស់១ឆ្នាំ។បេ។ ម្នាលភិក្ខុទាំងឡាយ កុំថាដល់ទៅ អស់១ឆ្នាំឡើយ។ ម្នាលភិក្ខុទាំងឡាយ សូម្បីបុគ្គលណាមួយ បានចម្រើនសតិប្បដ្ឋានទាំង ៤ នេះ អស់៧ខែ តាមលំដាប់នៃវិធីចម្រើន ដែលតថាគត បានពោលមកហើយ យ៉ាងនេះ បណ្តាផលទាំងឡាយពីរ ផលណាមួយ ក៏គង់នឹងបានសម្រេច ដល់បុគ្គលនោះ តាម​សេចក្តី​ប្រាថ្នាដោយពិត គឺថា នឹងបានសម្រេចនូវភាវៈ ជាព្រះអរហន្ត ក្នុងបច្ចុប្បន្ន​ទាន់​ភ្នែក ពុំនោះសោត បើមានឧបាទានក្ខន្ធសេសសល់នៅ ក៏គង់នឹង​បាន​សម្រេច​នូវភាវៈ ជាអនាគាមិបុគ្គលពុំខានឡើយ។ ម្នាលភិក្ខុទាំងឡាយ កុំថាដល់ទៅអស់៧ខែឡើយ។ ម្នាលភិក្ខុទាំងឡាយ សូម្បីបុគ្គលណាមួយ បានចម្រើនសតិប្បដ្ឋានទាំង ៤ នេះអស់៦ខែ តាមលំដាប់នៃវិធីចម្រើន ដែលតថាគតបានពោលមកហើយយ៉ាងនេះ។ អស់៥ខែ។ អស់៤ខែ។ អស់៣ខែ។ អស់២ខែ។ អស់១ខែ។ អស់កន្លះខែ។បេ។ ម្នាលភិក្ខុទាំងឡាយ កុំថាដល់ទៅអស់កន្លះខែឡើយ។ ម្នាលភិក្ខុទាំងឡាយ សូម្បីបុគ្គលណាមួយ បាន ចម្រើនសតិប្បដ្ឋានទាំង៤ នេះ អស់៧ថ្ងៃ តាមលំដាប់នៃវិធីចម្រើន ដែលតថាគត បានពោលមកហើយ យ៉ាងនេះ បណ្តាផលទាំងឡាយពីរ ផលណាមួយ គង់នឹងបាន​សម្រេច ដល់បុគ្គលនោះ តាមប្រាថ្នាដោយពិត គឺថា នឹងបាន សម្រេចនូវភាវៈ ជា​ព្រះអរហន្ត ក្នុងបច្ចុប្បន្នទាន់ភ្នែក ពុំនោះសោត បើមានឧបាទានក្ខន្ធសេសសល់នៅ ក៏គង់នឹងបាន សម្រេចនូវភាវៈ ជាអនាគាមិបុគ្គលពុំខានឡើយ។ ម្នាលភិក្ខុទាំងឡាយ ផ្លូវ គឺសតិប្បដ្ឋានទាំងឡាយ៤នេះ ជាផ្លូវមូលតែមួយ ប្រព្រឹត្តទៅ ដើម្បីសេចក្តី​បរិសុទ្ធ​ដោយ​វិសេស​ របស់សត្វទាំងឡាយ ដើម្បីកន្លងបង់នូវសេចក្តីសោក និងសេចក្តី​ខ្សឹកខ្សួល​រំជួល​ចិត្ត​ទាំងឡាយ ដើម្បីរលត់ទៅនៃទុក្ខ និងទោមនស្សទាំងឡាយ ដើម្បីដល់នូវអរិយមគ្គ ជាធម៌សម្រាប់ស្រោចស្រង់ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវព្រះនិព្វាន។ ពាក្យណា ដែល​តថាគត​បានពោលហើយថា (សាសនារបស់តថាគត ជាគុណសម្រាប់ស្រោចស្រង់សត្វ) ដូច្នេះ ពាក្យនុ៎ះ តថាគតពោលហើយ ព្រោះអាស្រ័យនូវផ្លូវដ៏ប្រសើរ គឺសតិប្បដ្ឋាន​ទាំង​៤នេះឯង។ លុះព្រះមានព្រះភាគ ទ្រង់សម្តែងសតិប្បដ្ឋានសូត្រនេះចប់ហើយ។ ភិក្ខុ​ទាំង​ឡាយ​នោះ ក៏មានចិត្តរីករាយ ត្រេកអរ ចំពោះភាសិត នៃព្រះមានព្រះភាគ។

ចប់ មហាសតិប្បដ្ឋានសូត្រ ទី៩។

 

លេខយោង

1)
ក្នុងអដ្ឋកថា មានសេចក្តីពន្យល់អំពីបទថា ផ្លូវមូលតែមួយជាច្រើនន័យគឺ ន័យ​មួយ លោកថា ជាផ្លូវមូលតែមួយ ព្រោះជាផ្លូវប្រតិបត្តិ ដើម្បីចេញចាកសង្សារ ទៅកាន់​ព្រះនិព្វាន មិនមាន​បែកទៅជាផ្លូវ២ ឬជាផ្លូវ៣ឡើយ។ ន័យមួយទៀត លោកថា ជាផ្លូវដែល​ត្រូវដើរបានតែមនុស្សម្នាក់ ព្រោះសតិប្បដ្ឋានទាំង៤នេះ បានតែព្រះយោគី ដែលលះបង់​ពួកចេញ ហើយទៅសម្ងំ​នៅក្នុងទីស្ងាត់ម្នាក់ឯង ទើបប្រតិបត្តិកើត។ មួយទៀត លោកថា ជាផ្លូវរបស់មនុស្សប្រសើរ គឺថា ជាផ្លូវរបស់​ព្រះសម្មាសម្ពុទ្ធ ព្រោះ​ព្រះអង្គប្រសើរ​ជាងសត្វទាំងពួងផង ហើយទ្រង់បានបង្កើតផ្លូវ គឺសតិប្បដ្ឋាន ឲ្យកើត​មានឡើងផង។
2)
អដ្ឋកថា ថា លោកក្នុងទីនេះ សំដៅ​យកកាយ ព្រោះកាយនោះ ជាសភាវៈតែង​ទ្រុឌទ្រោម វិនាសទៅជាធម្មតា មួយទៀត អភិជ្ឈាទោមនស្ស ដែលភិក្ខុលះបង់ក្នុង​កាយនោះ មិនមែនត្រឹមតែក្នុងកាយ​ប៉ុណ្ណោះទេ សូម្បី​តែអភិជ្ឈា និងទោមនស្ស​ក្នុងពួក​វេទនា សញ្ញា សង្ខារ វិញ្ញាណ ក៏ត្រូវលះចោលដែរ ព្រោះហេតុនោះ បានជាក្នុង​គម្ពីរ​វិភង្គ លោកប្រាប់ថា ឧបាទានក្ខន្ធទាំង៥ ក៏ហៅថា លោកដែរ។
3) , 4)
អដ្ឋកថាប្រាប់ថា ខ្យល់អស្សាសបស្សាសៈ អាស្រ័យនៅក្នុងករជកាយផង ក្តោងច្រមុះផង ចិត្តផង ទើបសញ្ចរទៅមកបាន ព្រោះហេតុនោះ ធម៌ទាំងនេះឈ្មោះថា ធម៌ប្រជុំ​កើត​ឡើង​ក្នុង​កាយ លុះដល់ធម៌ទាំងនោះរលត់ទៅវិញ ឈ្មោះថា ធម៌សូន្យទៅក្នុងកាយ។
5)
សម្បជញ្ញៈ មាន ៤ គឺ សាត្ថកសម្បជញ្ញៈ កិរិយាដឹងច្បាស់នូវកម្ម ដែលមានប្រយោជន៍ និងកម្មឥតប្រយោជន៍១ សប្បាយសម្បជញ្ញៈ កិរិយាដឹងច្បាស់ នូវអារម្មណ៍ ដែលជា​ទី​សប្បាយ១ គោចរសម្បជញ្ញៈ កិរិយាដឹងច្បាស់ នូវកម្មដ្ឋាន ដែលត្រូវចិត្ត១ អសម្មោហសម្បជញ្ញៈ កិរិយាដឹងច្បាស់ នូវហេតុដែលមិនវង្វេងភ្លេច១។ (អដ្ឋកថា) ទីឃនិកាយសីលក្ខន្ធវគ្គ។
6)
អដ្ឋកថា ថា បានដល់កាយដែលនៅមានធម៌៣យ៉ាង គឺអាយុ១ កំសួលភ្លើងធាតុ១ វិញ្ញាណ១។
7)
អដ្ឋកថា ថា សោមនស្សវេទនា ដែលអាស្រ័យ នូវ​កាម​គុណ៥ ប្រព្រឹត្តទៅក្នុងទ្វារ៦ ហៅថា សាមិសសុខ។
8)
អដ្ឋកថាថា បានខាង​សោមនស្សវេទនា ដែលអាស្រ័យនេក្ខម្មៈ ប្រព្រឹត្តទៅក្នុងទ្វារទាំង​៦។
9)
បានខាងទោមនស្សវេទនា ដែលអាស្រ័យកាមគុណ៥ ប្រព្រឹត្តទៅក្នុងទ្វារ៦។
10)
បានខាងទោមនស្សវេទនា ដែលអាស្រ័យ​នេក្ខម្មៈ ប្រព្រឹត្តទៅក្នុងទ្វារ៦។
11)
បានខាងឧបេក្ខាវេទនា​​ ដែលអាស្រ័យកាមគុណ៥ ប្រព្រឹត្តទៅក្នុងទ្វារ៦។
12)
បានខាងឧបេក្ខាវេទនា ដែលអាស្រ័យនេក្ខម្មៈ ប្រព្រឹត្តទៅក្នុងទ្វារទាំង៦។
13)
ពាក្យថា ចិត្តរួចស្រឡះក្នុងទីនេះ សំដៅយកចិត្តដែលប្រកបដោយវិមុត្តិ២ប្រការគឺ តទង្គវិមុត្តិ១ វិក្ខម្ភនវិមុត្តិ១។ អនុបស្សនា៧ មានអនិច្ចានុបស្សនាជាដើម ហៅថា តទង្គវិមុត្តិ ព្រោះជាធម្មជាតិរួចស្រឡះចាកនិច្ចសញ្ញា គឺសេចក្តីសម្គាល់ថាទៀង តាមទំនង ដែលយោគីបានកំណត់នូវអង្គនៃធម៌ ជាសត្រូវដល់ធម៌នោះៗ។ សមាបត្តិ៨ ហៅថា វិក្ខម្ភនវិមុត្តិ ព្រោះជាធម្មជាតិរួចស្រឡះចាកពួកអកុសលធម៌ មាននីវរណៈជាដើម តាមទំនងដែលយោគីបានសង្កត់សង្កិនដោយខ្លួនឯង។ អដ្ឋកថា មហាបទានសូត្រទំព័រ២៦។
14)
អដ្ឋកថាថា ការធ្វើទុក​ក្នុង​ចិត្ត​ ដោយឥតឧបាយប្រាជ្ញា ចំពោះអសុភនិមិត្ត ឬចំពោះសភាវៈមិនទៀងថាទៀង ទុក្ខ​ថា​សុខ មិនមែនខ្លួន ថាខ្លួន ដូច្នេះជាហេតុនាំឲ្យកើតកាមច្ឆន្ទៈ។
15)
អដ្ឋកថាថា ការ​ធ្វើ​ទុក​ក្នុងចិត្ត ដោយឧបាយប្រាជ្ញា ចំពោះសភាវៈមិនទៀង ថាមិនទៀងមែន ទុក្ខថា ទុក្ខមែន មិនមែនខ្លួន ថាមិនមែនខ្លួនពិត ដូច្នេះ ជាហេតុលះបង់នូវកាមច្ឆន្ទៈ។ មួយទៀតថា លះបង់​ដោយធម៌៦ប្រការ គឺកំណត់ ឬរៀននូវអសុភនិមិត្ត គឺអារម្មណ៍ថា មិនល្អ១ កិរិយាប្រកបរឿយៗ នូវការចម្រើនអសុភ១ ភាវៈជាអ្នកមាន​ទ្វារគ្រប់គ្រង​ល្អ​ក្នុង​ឥន្ទ្រិយ​ទាំង​ប្រាំមួយ១ ភាវៈជាអ្នកដឹងប្រមាណ ក្នុងការបរិភោគភោជន១ ភាវៈ​ជាអ្នករាប់​រក​កល្យាណមិត្ត១ ភាវៈជាអ្នករៀន ឬនិយាយតែពាក្យដែលជាទីសប្បាយ១។
16)
កាមច្ឆន្ទៈមិនកើតតទៅទៀត ដោយសារអរហត្តមគ្គ។
17)
ការធ្វើទុកក្នុងចិត្ត ដោយឧបាយប្រាជ្ញា ចំពោះបដិឃនិមិត្ត គឺអារម្មណ៍ ដែលខ្ទាំងខ្ទប់ចិត្ត ជាហេតុនាំឱ្យកើតព្យាបាទ។
18)
ការធ្វើទុកក្នុងចិត្ត ដោយឧបាយប្រាជ្ញា ចំពោះមេត្តាជាចេតោវិមុត្តិ គឺមេត្តាចិត្ត ដែល​បានអប្បនាឈាន ជាហេតុឲ្យលះបង់នូវព្យាបាទបាន។ មួយទៀតថា លះបង់​ដោយ​ធម៌​៦ប្រការ គឺ រៀនមេត្តានិមិត្ត១ កិរិយាប្រកបរឿយៗ នូវការចម្រើនមេត្តា១ ពិចារណា​ឃើញ​នូវភាវៈនៃសត្វ ដែលមានកម្ម ជារបស់ខ្លួន១ ភាវៈជាអ្នកច្រើន​ដោយ​ការ​ពិចារណា​១ ភាវៈជាអ្នករាប់រកកល្យាណមិត្ត១ ភាវៈជាអ្នកនិយាយ នូវពាក្យជាទីសប្បាយ១។
19)
អដ្ឋកថាថា ព្យាបាទមិនកើតតទៅទៀត ដោយសារអនាគាមិមគ្គ។
20)
ហេតុដែលនាំឲ្យកើតថីនមិទ្ធៈ មាន ៥ប្រការ គឺមិនត្រេកអរ១ ច្រអូសឬទម្រន់កាយ១ មិតពត់កាយ១ ពុលបាយ១ រួញចិត្ត១។
21)
ហេតុដែលលះបង់ថីនមិទ្ធៈ ដោយព្យាយាម៣យ៉ាងគឺ ព្យាយាមដែល​ប្រារព្ធ​ផ្តើមឡើង​ជាដំបូង១ ព្យាយាមយ៉ាងកណ្តាល ជាគ្រឿងចេញចាក កោសជ្ជៈ (សេចក្តី​ខ្ជិល)១ ព្យាយាមយ៉ាងក្រៃលែង ដែលកន្លងរួចចាកកោសជ្ជៈ១។ ម្យ៉ាងទៀតថា លះបង់​ដោយ​ធម៌៦ប្រការ គឺ កាន់យកនិមិត្ត ក្នុងការបរិភោគហួសប្រមាណ១ ភាពនៃកិរិយា​ផ្លាស់​ប្តូរ​ឥរិយាបថ១ ការធ្វើទុកក្នុងចិត្ត ចំពោះអាលោកសញ្ញា១ នៅក្នុងឱកាសដែលស្រឡះ១ ភាពជាអ្នករាប់រកកល្យាណមិត្ត១ ភាពជាអ្នកនិយាយនូវពាក្យជាទីសប្បាយ១។
22)
ថីនមិទ្ធៈមិនកើតតទៅទៀត ដោយសារអរហត្តមគ្គ។
23)
អដ្ឋកថាថា ការធ្វើទុកក្នុងចិត្ត ដោយឥត​ឧបាយ​ប្រាជ្ញា ចំពោះធម៌ដែលមិនមែនជាគ្រឿងរម្ងាប់ចិត្ត ជាហេតុនាំឱ្យ​កើត​ឧទ្ធច្ចកុក្កុច្ចៈ។
24)
ការធ្វើទុកក្នុងចិត្ត ដោយឧបាយប្រាជ្ញា ចំពោះធម៌​ដែល​ជា​គ្រឿង​រម្ងាប់ចិត្ត ជាហេតុលះបង់ នូវឧទ្ធច្ចកុក្កុច្ចៈបាន។ មួយទៀតថា លះបង់ដោយធម៌៦​ប្រការ គឺភាវៈជាអ្នកចេះដឹង ឬស្តាប់ច្រើន១ ភាវៈជាអ្នកឧស្សាហ៍សាកសួរ១ ភាវៈ​ជា​អ្នក​ចេះដឹង​ស្ទាត់ក្នុងវិន័យ១ ភាវៈជាអ្នកសេពនូវបុគ្គលដែលចម្រើន១ ភាវៈជាអ្នករាប់រក​កល្យាណ​មិត្ត១ ភាវៈជាអ្នកនិយាយនូវពាក្យដែលជាទីសប្បាយ១។
25)
ឧទ្ធច្ចៈមិនកើតតទៅទៀត ដោយសារអរហត្តមគ្គ ឯកុក្កុច្ចៈ​មិនកើតត​ទៅ​ទៀត ដោយសារអនាគាមិមគ្គ។
26)
ការធ្វើទុកក្នុងចិត្ត ដោយឥតឧបាយប្រាជ្ញា ចំពោះធម៌ ដែលជាទីតាំង នៃ​សេចក្តី​សង្ស័យ ជាហេតុនាំឱ្យកើតវិចិកិច្ឆា។
27)
អដ្ឋកថាថា ការធ្វើទុកក្នុងចិត្ត ដោយ​ឧបាយ​ប្រាជ្ញា ចំពោះកុសលធម៌ជាដើម ជាហេតុឲ្យលះបង់វិចិកិច្ឆាបាន។ មួយទៀតថា លះបង់​ដោយ​ធម៌៦ប្រការ គឺភាវៈជាអ្នកចេះដឹង ឬស្តាប់ច្រើន១ ភាវៈជាអ្នកឧស្សាហ៍សាកសួរ១ ភាវៈជាអ្នកចេះដឹងស្ទាត់ក្នុងវិន័យ១ ភាវៈជាអ្នកច្រើនទៅដោយចិត្តដែលជឿស៊ប់១ ភាវៈ​ជាអ្នករាប់រកកល្យាណមិត្ត១ ជាអ្នកនិយាយនូវពាក្យជាទីសប្បាយ១។
28)
វិចិកិច្ឆា មិនកើតតទៅទៀត ដោយសារសោតាបត្តិមគ្គ។
29) , 30) , 31) , 32) , 33) , 34) , 35) , 36) , 37) , 38) , 39) , 40) , 41) , 42) , 43)
មានន័យ​លក្ខណៈ​ក្នុងសតិប្បដ្ឋានសូត្រ មជ្ឈឹមនិកាយ មូលបណ្ណាសកៈ ត្រង់ពួក​ខន្ធបព្វៈ​ឯណោះ​ហើយ។
44)
អដ្ឋកថាថា កិលេសជាត ជាគ្រឿង​ចង​សត្វទុក ហៅថា សញ្ញោជនៈ មាន១០យ៉ាងគឺ កាមរាគៈ១ បដិឃៈ១ មានៈ១ ទិដ្ឋិ១ វិចិកិច្ឆា១ សីលព្វត្តបរាមាសៈ១ ភវរាគៈ១ ឥស្សា១ មច្ឆរិយៈ១ អវិជ្ជា១។
45)
អដ្ឋកថាថា សំយោជនៈទាំង១០ កើតឡើង​ព្រោះ​អាស្រ័យហេតុផ្សេងគ្នា គឺកាមរាគសំយោជនៈ គឺតម្រេកត្រេកអរ ដោយអំណាច កាម​ ចំពោះអារម្មណ៍គួរប្រាថ្នា ដែលមកកាន់គន្លងចក្ខុទ្វារ។ បដិឃសំយោជនៈ គឺសេចក្តី​ក្រោធ​ ចំពោះអារម្មណ៍ ដែលមិនគួរប្រាថ្នា។ មានសំយោជនៈ គឺសេចក្តីសម្គាល់ថា បើ​ក្រៅ​តែអំពីអញ មិនមានអ្នកណាមួយ អាចចម្រើននូវអារម្មណ៍នុ៎ះបានឡើយ។ ទិដ្ឋិ​សំយោជនៈ គឺសេចក្តីប្រកាន់ នូវរូបារម្មណ៍នុ៎ះថាទៀង ថាឋិតឋេរ។ វិចិកិច្ឆាសំយោជនៈ គឺសេចក្តីសង្ស័យ ចំពោះរូបារម្មណ៍នុ៎ះ ថាជាសត្វ ឬថាជារបស់សត្វ។ ភវរាគសំយោជនៈ គឺសេចក្តីប្រាថ្នាក្នុងភពថា ភពនេះយើងតែងបានដោយងាយ ក្នុងសម្បត្តិភព។ សីលព្វត្តបរាមាសសំយោជនៈ គឺសេចក្តីប្រកាន់នូវសីលព្វត្តថា សីលព្វត្តយ៉ាងនេះ យើងអាច​សមាទានកាន់យកបាន។ ឥស្សាសំយោជនៈ គឺសេចក្តីច្រណែនថា សូមកុំ​ឲ្យជនដទៃ​បានរូបារម្មណ៍នេះឡើយ។ មច្ឆរិយសំយោជនៈ គឺសេចក្តី​កំណាញ់លាក់​លៀមរូបារម្មណ៍ ដែលខ្លួនបានហើយ នឹងបុគ្គល​ដទៃ។ អវិជ្ជាសំយោជនៈ គឺសេចក្តី​មិនដឹង​នូវសហជាតធម៌ទាំងអស់។
46)
លះបង់​ដោយ​បហានៈ​២​យ៉ាង​គឺ តទង្គប្បហានៈ១ វិក្ខម្ភនប្បហានៈ១។
47)
សំយោជនៈទាំង៥ប្រការ គឺទិដ្ឋិ១ វិចិកិច្ឆា១ សីលព្វត្តបរាមាសៈ១ ឥស្សា១ មច្ឆរិយៈ១ ដែលមិនកើតតទៅទៀត ដោយ​សារ សោតាបត្តិមគ្គ។ កាមរាគៈ បដិឃៈ ទាំងពីរដែលនៅគ្រោតគ្រាត មិន​កើត​តទៅ​ទៀត ដោយសារសកទាគាមិមគ្គ។ ដែលយ៉ាងល្អិត មិនកើតតទៅទៀត ដោយសារ​អនាគាមិមគ្គ។ មានៈ១ ភវរាគៈ១ អវិជ្ជា១ ដែលមិនកើតតទៅទៀត ដោយសារ​អរហត្តមគ្គ។ ឯសំយោជនៈ ដែលកើតអាស្រ័យនូវត្រចៀក ច្រមុះ អណ្តាត កាយ ចិត្ត ក៏ត្រូវតាមន័យនេះដែរ។
48)
អដ្ឋកថាថា ការធ្វើ​យោនិសោមនសិការៈ​ឲ្យច្រើន​ក្នុង​សម្ពោជ្ឈង្គនោះ ជាហេតុនាំឲ្យសតិសម្ពោជ្ឈង្គ ដែលមិនទាន់កើតឡើង ឲ្យកើតឡើងបាន ឬ​ដែលកើតឡើងហើយ រឹងរឹតតែប្រព្រឹត្តទៅឲ្យធំទូលាយ ចម្រើនឡើង ពេញបរិបូណ៌​ជា​ភិយ្យោភាព។ មួយទៀត ធម៌ដែលជាហេតុនាំឲ្យកើតសតិសម្ពោជ្ឈង្គនោះ មាន៤យ៉ាងគឺ ត្រូវឲ្យមានសតិ និងសម្បជញ្ញៈក្នុងទីទាំង៧ មានដើរទៅមុខជាដើម១ វៀរចាក​បុគ្គល​ភ្លេច​ស្មារតី១ រាប់រកបុគ្គល ដែលមានស្មារតីខ្ជាប់ខ្ជួន១ បង្អោនចិត្តទៅ ដើម្បី​តម្កល់​សតិ​គ្រប់ឥរិយាបថ១។
49)
អដ្ឋកថាថា ការធ្វើ​យោនិសោមនសិការៈ​ឲ្យច្រើន​ក្នុង​សម្ពោជ្ឈង្គនោះ ជាហេតុនាំឲ្យសតិសម្ពោជ្ឈង្គ ដែលមិនទាន់កើតឡើង ឲ្យកើតឡើងបាន ឬ​ដែលកើតឡើងហើយ រឹងរឹតតែប្រព្រឹត្តទៅធំទូលាយ ចម្រើនឡើង ពេញបរិបូណ៌​ជា​ភិយ្យោភាព។ មួយទៀត ធម៌ដែលជាហេតុនាំឲ្យកើតសតិសម្ពោជ្ឈង្គនោះ មាន៤យ៉ាងគឺ ត្រូវឲ្យមានសតិ និងសម្បជញ្ញៈក្នុងទីទាំង៧ មានដើរទៅមុខជាដើម១ វៀរចាក​បុគ្គល​ភ្លេច​ស្មារតី១ រាប់រកបុគ្គល ដែលមានស្មារតីខ្ជាប់ខ្ជួន១ បង្អោនចិត្តទៅ ដើម្បី​តម្កល់​សតិ​គ្រប់ឥរិយាបថ១។
50)
អដ្ឋកថា ថា ធម៌ដែលជាហេតុនាំអោយកើតធម្មវិចយសម្ពោជ្ឈង្គមាន៧ គឺ សភាវៈ​សាក​សួរ១ ធ្វើវត្ថុខាងក្នុង គឺសក់ រោម ជាដើម និងវត្ថុខាងក្រៅ គឺចីវរ សេនាសនៈ ជាដើម អោយ​ស្អាត១ ប្រមូលឥន្ទ្រិយទាំង៥ មានសតិន្ទ្រិយជាដើម ឲ្យស្មើគ្នា១ វៀរចាក​បុគ្គល​ដែល​អាប់ឥតប្រាជ្ញា១ រាប់រកបុគ្គល ដែលមានប្រាជ្ញា១ ពិចារណា ចំពោះ​បញ្ចក្ខន្ធ​ដ៏​ជ្រៅ​ដោយញាណចរិយា១ បង្អោនចិត្តទៅ ដើម្បីកំណត់ ធម្មវិចយសម្ពោជ្ឈង្គ គ្រប់​ឥរិយាបថ១។
51)
ដែលជាហេតុ នាំឱ្យ​កើត​វិរិយសម្ពោជ្ឈង្គមាន១១គឺ ពិចារណាឃើញនូវភ័យតិចតួច១ ឃើញនូវ​អានិសង្ស (នៃការព្យាយាម)១ ពិចារណាឃើញនូវផ្លូវដែលគួរទៅ១ កោតក្រែងចំពោះ​បិណ្ឌបាត១ ពិចារណាឃើញនូវអរិយទ្រព្យទាំង៧ ថាជាទ្រព្យមរតកធំ១ នូវព្រះសាស្តា​ជាធំ១ នូវជាតិជាធំ១ នូវសព្រហ្មចារីបុគ្គលជាធំ១ វៀរចាកបុគ្គលខ្ជិលច្រអូស១ រាប់រក​បុគ្គល​មានព្យាយាម១ បង្អោនចិត្តទៅ ដើម្បីកំណត់នូវវិរិយសម្ពោជ្ឈង្គ គ្រប់ឥរិយាបថ១។
52)
ធម៌ដែល​ជាហេតុ​នាំឲ្យ​កើត​បីតិសម្ពោជ្ឈង្គមាន១១គឺ រលឹកដល់ព្រះពុទ្ធ១ ព្រះធម៌១ ព្រះសង្ឃ១ សីល១ បរិច្ចាគ១ ធម៌​នាំឱ្យកើតជាទេវតា១ ព្រះនិព្វាន១ វៀរចាកបុគ្គលមិនស្អាត១ រាប់រកបុគ្គលស្អាត១ ពិចារណាតាមបាសាទនីយសូត្រ១ បង្អោនចិត្តទៅ ដើម្បីតម្កល់ បីតិសម្ពោជ្ឈង្គ គ្រប់​ឥរិយាបថ១។
53)
ធម៌ដែល​ជាហេតុ​នាំឱ្យកើតបស្សទ្ធិសម្ពោជ្ឈង្គមាន៧គឺ ត្រូវការភោជនថ្លៃថ្លា១ ត្រូវការ​រដូវ​សប្បាយ​១ ត្រូវការឥរិយាបថសប្បាយ១ ប្រកបខ្លួនអោយតាំងនៅជាកណ្តាល១ វៀរចាក​បុគ្គល​អ្នក​ស្ងួនគ្រងកាយ១ រាប់រកបុគ្គល ដែលមានកាយស្ងប់ស្ងាត់១ បង្អោនចិត្តទៅ ដើម្បី​តម្កល់​បស្សទ្ធិសម្ពោជ្ឈង្គ គ្រប់ឥរិយាបថ១។
54)
អដ្ឋកថាថា ធម៌ជាហេតុនាំឱ្យកើតសមាធិសម្ពោជ្ឈង្គ មាន១១គឺ ធ្វើវត្ថុ​ខាង​ក្នុង និង​ខាងក្រៅឱ្យស្អាត១ ប្រមូលឥន្ទ្រិយទាំង៥ ឱ្យស្មើគ្នា១ ឈ្លាសក្នុងកសិណនិមិត្ត១ ផ្គង​ចិត្ត​ឡើងតាមសម័យ១ សង្កត់សង្កិនចិត្តតាមសម័យ១ ធ្វើចិត្តអោយរីករាយ (ចំពោះ​សំវេគវត្ថុ៨ប្រការ) តាមសម័យ១ ធ្វើចិត្តឱ្យសំឡឹង (នូវអារម្មណ៍)១ វៀរចាក​បុគ្គល​ដែល​មាន​ចិត្តមិនខ្ជាប់ខ្ជួន១ រាប់រកបុគ្គលដែលមានចិត្តខ្ជាប់ខ្ជួន១ ពិចារណានូវឈានវិមោក្ខ១ បង្អោនចិត្តទៅ ដើម្បីឱ្យកើតបស្សទ្ធិសម្ពោជ្ឈង្គ គ្រប់ឥរិយាបថ១។
55)
ធម៌ដែលជាហេតុនាំឲ្យកើត​ឧបេក្ខាសម្ពោជ្ឈង្គ មាន៧គឺ ធ្វើចិត្តឲ្យតាំងនៅជាកណ្តាល ចំពោះសត្វ១ ធ្វើចិត្តឲ្យតាំងនៅជាកណ្តាល​ ចំពោះ​សង្ខារ១ វៀរចាកបុគ្គល ដែលមានការទំនុកបំរុង ចំពោះ​សត្វ និងសង្ខារ១ រាប់រក​បុគ្គលដែលមានចិត្តជាកណ្តាល ចំពោះ​សត្វ និងសង្ខារ១ បង្អោន​ចិត្តទៅ ដើម្បី​ឲ្យកើត​ឧបេក្ខាសម្ពោជ្ឈង្គ គ្រប់ឥរិយាបទ១។
56)
អដ្ឋកថា ថា ភវតណ្ហានេះ ជាឈ្មោះនៃតម្រេក​ក្នុង​រូបភព និងអរូបភព ដែលប្រកបដោយសស្សតទិដ្ឋិ គឺយល់ឃើញថា សត្វទៀង លោក​ទៀង កើតឡើងព្រោះសេចក្តីប្រាថ្នាចំពោះភព។
57)
តាមន័យក្នុងអដ្ឋកថា និងដីកាថា តម្រេក ប្រកប​ដោយឧច្ឆេទទិដ្ឋិ គឺយល់ថា សត្វស្លាប់ទៅសូន្យ ហៅថា វិភវតណ្ហា។
km/tipitaka/sut/dn/sut.dn.22.txt · ពេលកែចុងក្រោយ: 2024/10/13 10:00 និពន្ឋដោយ Cheav Villa