km:tipitaka:sut:kn:uda:sut.kn.uda.v2

មុច្ចលិន្ទវគ្គ ទី២

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

sut kn uda v2 បាលី cs-km: sut.kn.uda.v2 អដ្ឋកថា: sut.kn.uda.v2_att PTS: ?

មុច្ចលិន្ទវគ្គ ទី២

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(២. មុចលិន្ទវគ្គោ)

(មុចលិន្ទ)សូត្រ ទី១

(១. មុចលិន្ទសុត្តំ)

[៥១] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទើបបានត្រាស់ដឹងជាដម្បូង ទ្រង់គង់នៅទៀបមុច្ចលិន្ទ (រាំងអន្លក់) ក្បែរឆ្នេរស្ទឹងនេរញ្ជរា ក្នុងឧរុវេលាប្រទេស។ សម័យនោះឯង ព្រះមានព្រះភាគ ទ្រង់គង់ដោយបល្ល័ង្កតែមួយ សោយវិមុត្តិសុខអស់ ១ សប្តាហ៍។ សម័យនោះ បណ្តាលមានភ្លៀងធំ ពុំជួកាលកើតឡើង។ ភ្លៀងរលឹម ១ សប្តាហ៍ មានមេឃត្រជាក់ទូទឹមស្រអាប់។ លំដាប់នោះ មុច្ចលិន្ទនាគរាជ ចេញពីលំនៅរបស់ខ្លួនហើយ ពេនព័ទ្ធព្រះកាយនៃព្រះមានព្រះភាគ ដោយភ្នេន ៧ ជុំ ហើយបើកពពារដ៏ធំ បាំងអំពីខាងលើព្រះសិរ្សព្រះមានព្រះភាគ ដោយគិតថា រងាកុំបីប៉ះពាល់ព្រះមានព្រះភាគ កំដៅកុំបីប៉ះពាល់ព្រះមានព្រះភាគ សម្ផស្ស របោម មូស ខ្យល់ កំដៅថ្ងៃ ពស់តូច ពស់ធំ ក៏កុំបីបៀតបៀនព្រះមានព្រះភាគឡើយ។ លុះកន្លងសប្តាហ៍នោះហើយ ព្រះមានព្រះភាគ ទ្រង់ចេញអំពីសមាធិនោះ។ លំដាប់នោះ មុច្ចលិន្ទនាគរាជ ដឹងថា ភ្លៀងរាំងហើយ មានពពកស្រឡះហើយ ក៏រំសាយភ្នេន ចាកព្រះកាយនៃព្រះមានព្រះភាគ និម្មិតភេទរបស់ខ្លួន (ជាភេទមាណព) ឈរប្រណម្យអញ្ជលី នមស្ការព្រះមានព្រះភាគ ពីខាងទីចំពោះព្រះភក្ត្រព្រះអង្គ។ លុះព្រះមានព្រះភាគ ទ្រង់បានជ្រាបច្បាស់សេចក្តីនុ៎ះហើយ ទ្រង់បន្លឺនូវឧទាននេះ ក្នុងវេលានោះថា

វិវេក1) របស់បុគ្គល អ្នកត្រេកអរ (ដោយមគ្គញ្ញាណ) មានធម៌ស្តាប់ហើយ បានឃើញច្បាស់ (ដោយញាណចក្ខុ) នាំមកនូវសុខ ការមិនបៀតបៀនគ្នា និងការសង្រួម ក្នុងសត្វទាំងឡាយ ជាសុខក្នុងលោក ការប្រាសចាកតម្រេក ការប្រព្រឹត្តិកន្លងកាមទាំងឡាយ ជាសុខក្នុងលោក កិរិយាកំចាត់បង់នូវអស្មិមានះ ដំណើរនុ៎ះ ឈ្មោះថាជាសុខ យ៉ាងក្រៃលែង។

ចប់ សូត្រ ទី១។

(រាជ)សូត្រ ទី២

(២. រាជសុត្តំ)

[៥២] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ សម័យនោះឯង ពួកភិក្ខុច្រើនរូប ត្រឡប់អំពីបិណ្ឌបាត ក្នុងវេលាក្រោយភត្ត អង្គុយជួបជុំគ្នា ក្នុងឧបដ្ឋានសាលា អន្តរាកថា2) នេះកើតឡើងថា ម្នាលអាវុសោទាំងឡាយ បណ្តាព្រះរាជាទាំងពីរព្រះអង្គនេះ គឺព្រះរាជា ព្រះនាមមាគធសេនិយពិម្ពិសារ និងព្រះរាជា ព្រះនាមបសេនទិកោសល ព្រះរាជាអង្គណាហ្ន៎ ដែលមានទ្រព្យច្រើន មានភោគៈច្រើន មានឃ្លាំងច្រើន មានរដ្ឋចំណុះច្រើន មានពាហនៈច្រើន មានពលច្រើន មានឫទ្ធិច្រើន មានអានុភាពច្រើនជាង។ ឥឡូវនេះ អន្តរាកថា របស់ភិក្ខុទាំងនោះ ក៏ផ្អាកឈប់នៅ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ចេញអំពីទីសម្ងំ ក្នុងសាយណ្ហសម័យ ក៏យាងចូលទៅឯឧបដ្ឋានសាលា លុះទ្រង់ចូលទៅដល់ហើយ ក៏គង់លើអាសនៈ ដែលគេក្រាលថ្វាយ។ លុះព្រះមានព្រះភាគទ្រង់គង់ហើយ ទើបត្រាស់សួរពួកភិក្ខុថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ អង្គុយចួបជុំគ្នា ដោយការនិយាយអ្វី ក្នុងកាលឥឡូវនេះ មួយទៀត អន្តរាកថាដូចម្តេច ដែលអ្នកទាំងឡាយផ្អាកទុក។ ពួកភិក្ខុទាំងនោះ ទូលថា បពិត្រព្រះអង្គដ៏ចំរើន កាលដែលពួកយើងខ្ញុំទាំងឡាយ ត្រឡប់អំពីបិណ្ឌបាត វេលាខាងក្រោយភត្ត ក្នុងក្រុងសាវត្ថីនេះ ហើយអង្គុយចួបជុំគ្នា ក្នុងឧបដ្ឋានសាលា មានអន្តរាកថានេះ កើតឡើងថា ម្នាលអាវុសោទាំងឡាយ បណ្តាព្រះរាជាពីរព្រះអង្គនេះ គឺព្រះរាជា ព្រះនាមមាគធសេនិយពិម្ពិសារ និងព្រះរាជាព្រះនាមបសេនទិកោសល ព្រះរាជាអង្គណាហ្ន៎ ដែលមានទ្រព្យច្រើន មានភោគៈច្រើន មានឃ្លាំងច្រើន មានរដ្ឋចំណុះច្រើន មានពាហនៈច្រើន មានពលច្រើន មានឫទ្ធិច្រើន មានអានុភាពច្រើនជាង។ បពិត្រព្រះអង្គដ៏ចំរើន អន្តរាកថានេះឯង ដែលយើងខ្ញុំទាំងឡាយផ្អាកទុក ក៏ស្រាប់តែព្រះមានព្រះភាគស្តេចយាងមកដល់។ ព្រះមានព្រះភាគ ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ត្រង់ដែលអ្នកទាំងឡាយនិយាយពាក្យបែបនេះ ដំណើរនុ៎ះ មិនមែនជាកិច្ចដ៏គួរដល់អ្នកទាំងឡាយដែលជាកុលបុត្ត ចេញចាកផ្ទះ ចូលកាន់ផ្នួសដោយសទ្ធាទេ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ កាលដែលចួបជុំគ្នា គប្បីធ្វើកិច្ចពីរយ៉ាង គឺការពោលជាធម៌ ១ ភាពស្ងប់ស្ងៀមដ៏ប្រសើរ3) ១។ លុះព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់នូវសេចក្តីនុ៎ះហើយ ទ្រង់បន្លឺនូវឧទាននេះ ក្នុងវេលានោះថា

កាមសុខណា ក្នុងលោកក្តី ទិព្វសុខ4) ណាក្តី សេចក្តីសុខទាំងនោះ មិនដល់នូវចំណិត ១ ក្នុងចំណែក ១៦ នៃសេចក្តីសុខ5) ព្រោះការអស់តណ្ហាទេ។

ចប់ សូត្រ ទី២។

(ទណ្ឌ)សូត្រ ទី៣

(៣. ទណ្ឌសុត្តំ)

[៥៣] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង ពួកកុមារច្រើននាក់ នាំគ្នាបៀតបៀនពស់នឹងដម្បង ត្រង់ទីជាចន្លោះនៃក្រុងសាវត្ថី និងវត្តជេតពន។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ស្បង់ ប្រដាប់បាត និងចីវរ ចូលទៅបិណ្ឌបាត ក្នុងក្រុងសាវត្ថី ក្នុងបុព្វណ្ហសម័យ។ ព្រះមានព្រះភាគ បានទតឃើញពួកកុមារច្រើននាក់ទាំងនោះ កំពុងតែបៀតបៀនពស់នឹងដម្បង ត្រង់ទីជាចន្លោះនៃក្រុងសាវត្ថី និងវត្តជេតពន។ លុះព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់នូវសេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺនូវឧទាននេះ ក្នុងវេលានោះថា

បុគ្គលឯណា កាលស្វែងរកសេចក្តីសុខដើម្បីខ្លួន ហើយបៀតបៀនពួកសត្វអ្នកប្រាថ្នាសេចក្តីសុខ ដោយដម្បង បុគ្គលនោះ លុះលះលោកនេះទៅ រមែងមិនបានសេចក្តីសុខឡើយ។

បុគ្គលណា កាលស្វែងរកសេចក្តីសុខដើម្បីខ្លួន មិនបៀតបៀនពួកសត្វអ្នកប្រាថ្នាសេចក្តីសុខ ដោយដម្បង បុគ្គលនោះ លុះលះលោកនេះទៅ តែងបានសេចក្តីសុខ។

ចប់ សូត្រ ទី៣។

(សក្ការ)សូត្រ ទី៤

(៤. សក្ការសុត្តំ)

[៥៤] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តព្រះជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង ព្រះមានព្រះភាគ គេធ្វើសក្ការៈ គោរព រាប់អាន បូជា កោតក្រែង បានចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារ ជាប្រក្រតី។ សូម្បីភិក្ខុសង្ឃ ក៏គេធ្វើសក្ការៈ គោរព រាប់អាន បូជា កោតក្រែង បានចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារដែរ។ ចំណែកពួកបរិព្វាជក អន្យតិរ្ថិយ គេមិនធ្វើសក្ការៈ មិនគោរព មិនរាប់អាន មិនបូជា មិនកោតក្រែង មិនបានចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារ ជាប្រក្រតីឡើយ។ គ្រានោះឯង ពួកបរិព្វាជក អន្យតិរ្ថិយ កាលធន់ទ្រាំនឹងសក្ការៈ ចំពោះព្រះមានព្រះភាគ និងភិក្ខុសង្ឃមិនបាន លុះឃើញពួកភិក្ខុក្នុងស្រុកក្តី ក្នុងព្រៃក្តី ក៏ជេរប្រទេច ខឹងចាក់រុក ដោយសំដីទ្រគោះ ជារបស់អសប្បុរស។ លំដាប់នោះឯង ពួកភិក្ខុច្រើនរូប ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះមានព្រះភាគ រួចអង្គុយក្នុងទីសមគួរ។ លុះភិក្ខុទាំងនោះ អង្គុយក្នុងទីសមគួរហើយ ក៏ទូលព្រះមានព្រះភាគយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ ព្រះមានព្រះភាគ មានគេធ្វើសក្ការៈ គោរព រាប់អាន បូជា កោតក្រែង បានចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារ។ ទាំងភិក្ខុសង្ឃ ក៏គេធ្វើសក្ការៈ គោរព រាប់អាន បូជា កោតក្រែង បានចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារជាប្រក្រតីដែរ។ ចំណែកខាងពួកបរិព្វាជក អន្យតិរ្ថិយ គេមិនធ្វើសក្ការៈ មិនគោរព មិនរាប់អាន មិនបូជា មិនកោតក្រែង មិនបានចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារ ជាប្រក្រតី។ បពិត្រព្រះអង្គដ៏ចំរើន លំដាប់នោះឯង ពួកបរិព្វាជក អន្យតិរ្ថិយទាំងនោះ កាលអត់ទ្រាំនឹងសក្ការៈ ចំពោះព្រះមានព្រះភាគ និងភិក្ខុសង្ឃមិនបាន លុះបានឃើញពួកភិក្ខុសង្ឃក្នុងស្រុកក្តី ក្នុងព្រៃក្តី ក៏ជេរប្រទេច ខឹងចាក់រុក ដោយវាចាទ្រគោះ ជារបស់អសប្បុរស។ លុះព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់នូវសេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺនូវឧទាននេះ ក្នុងវេលានោះថា

អ្នកទាំងឡាយ ដែលសុខ និងទុក្ខ ប៉ះពាល់ហើយ ទោះនៅក្នុងស្រុក ឬព្រៃ មិនត្រូវក្តៅក្រហាយអំពីខ្លួន ឬអំពីអ្នកដទៃឡើយ ផស្សធម៌ទាំងឡាយ រមែងប៉ះពាល់ត្រូវបាន ព្រោះអាស្រ័យឧបធិ កាលបើឧបធិ មិនមាន ផស្សធម៌ទាំងឡាយ ប៉ះពាល់ត្រូវដូចម្តេចបាន។

ចប់ សូត្រ ទី៤។

(ឧបាសក)សូត្រ ទី៥

(៥. ឧបាសកសុត្តំ)

[៥៥] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង ឧបាសកម្នាក់ នៅក្នុងស្រុកឥច្ឆានង្គលៈ បានទៅដល់នគរសាវត្ថី ដោយកិច្ចនីមួយ។ លុះឧបាសកនោះ បានសំរេចកិច្ចនោះស្រេច ក្នុងនគរសាវត្ថីហើយ ក៏ឆៀងចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះមានព្រះភាគ រួចអង្គុយក្នុងទីសមគួរ។ លុះឧបាសកនោះ អង្គុយក្នុងទីសមគួរហើយ ព្រះមានព្រះភាគ ត្រាស់យ៉ាងនេះថា ម្នាលឧបាសក ខ្លួនអ្នកធ្វើហេតុជាទំនង ដើម្បីមកទីនេះជាយូរអង្វែងហើយ។ ឧបាសកនោះ ទូលថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គប្រុងនឹងចូលមកគាល់ព្រះមានព្រះភាគ ជាយូរហើយ ប៉ុន្តែខ្ញុំព្រះអង្គ ជាអ្នកខ្វល់ខ្វាយមិនដាច់ ដោយកិច្ចការនីមួយ ទើបមិនអាចឆ្លៀតចូលមកគាល់ព្រះមានព្រះភាគបានសោះ។ លុះព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់នូវសេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលានោះថា

កិលេស គ្រឿងខ្វល់ខ្វាយណាមួយ មិនមានដល់បុគ្គលអ្នកមានធម៌ពិចារណាហើយ ជាពហូសូត្រ នុ៎ះឯងជាសុខ អ្នកចូរមើលបុគ្គលអ្នកប្រកបដោយកង្វល់ កំពុងតែលំបាកចំពោះអ្នកផង ច្រើនតែមានសភាពជាប់ចំពាក់ចំពោះអ្នកផង។

ចប់ សូត្រ ទី៥។

(គព្ភិនី)សូត្រ ទី៦

(៦. គព្ភិនីសុត្តំ)

[៥៦] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង នាងមាណវិកា នៅក្មេង ជាប្រពន្ធបរិព្វាជកម្នាក់ ជាស្ត្រីមានគភ៌ ជិតសម្រាលកូន។ លំដាប់នោះ នាងបរិព្វាជិកានោះ បាននិយាយនឹងបរិព្វាជកនោះយ៉ាងនេះថា នែព្រាហ្មណ៍ អ្នកចូរទៅនាំមកនូវប្រេង ដែលជាប្រយោជន៍ដល់ខ្ញុំ សម្រាប់សម្រាលកូន។ កាលបើនាងបរិព្វាជិកា និយាយយ៉ាងនេះហើយ បរិព្វាជកនោះ ក៏និយាយនឹងនាងបរិព្វាជិកានេះវិញថា ចុះអញនាំយកប្រេងពីណាមកឲ្យនាង។ នាងបរិព្វាជិកានោះ បាននិយាយនឹងបរិព្វាជកនោះ ជាគំរប់ ២ ដងយ៉ាងនេះថា ម្នាលព្រាហ្មណ៍ អ្នកចូរទៅនាំប្រេង ដែលជាប្រយោជន៍ដល់ខ្ញុំ សម្រាប់សម្រាលកូន។ បរិព្វាជកនោះ បាននិយាយនឹងនាងបរិព្វាជិកានោះ ជាគំរប់ ២ ដង យ៉ាងនេះថា ចុះអញនាំយកប្រេងពីទីណា មកឲ្យនាង។ នាងបរិព្វាជិកានោះ បាននិយាយ នឹងបរិព្វាជកនោះជាគំរប់ ៣ ដងយ៉ាងនេះថា ម្នាលព្រាហ្មណ៍ អ្នកចូរទៅនាំយកប្រេង ដែលជាប្រយោជន៍ដល់ខ្ញុំ សម្រាប់សម្រាលកូន។

[៥៧] សម័យនោះឯង ព្រះរាជាបសេនទិកោសល ទ្រង់ប្រទានឲ្យសមណៈ ឬព្រាហ្មណ៍ ឆាន់សប្បិ ឬប្រេង ក្នុងឃ្លាំងត្រឹម ១ ឆ្អែត មិនទ្រង់ប្រទានឲ្យនាំចេញបានទេ។ គ្រានោះឯង បរិព្វាជកនោះ មានសេចក្តីត្រិះរិះថា ចំណាំតែព្រះរាជាព្រះនាមបសេនទិកោសល ទ្រង់ប្រទានឲ្យសមណៈ ឬព្រាហ្មណ៍ ឆាន់សប្បិ ឬប្រេង ក្នុងឃ្លាំងត្រឹម ១ ឆ្អែត មិនទ្រង់ប្រទានឲ្យនាំចេញបានទេ បើដូច្នោះ មានតែអាត្មាអញនឹងទៅឯឃ្លាំងព្រះរាជាព្រះនាមបសេនទិកោសល ក្រេបផឹកប្រេងដរាបដល់ឆ្អែត ហើយមកផ្ទះវិញ សឹមរើឲ្យ ដើម្បីជាប្រយោជន៍ដល់ប្រពន្ធនេះ សម្រាប់សម្រាលកូន។ លំដាប់នោះ បរិព្វាជកនោះ ទៅឯឃ្លាំងព្រះរាជា ព្រះនាមបសេនទិកោសលហើយ ក្រេបផឹកនូវប្រេង ដរាបដល់ឆ្អែត មកផ្ទះវិញ ក៏មិនអាចនឹងរើប្រេងឲ្យចេញមកខាងលើ ទាំងមិនអាចធ្វើឲ្យធ្លាក់ចុះទៅខាងក្រោមបាន។ បរិព្វាជកនោះ ត្រូវទុក្ខវេទនាដ៏ក្លៀវក្លា ខ្លោចផ្សាពាល់ត្រូវ ក៏បម្រះននៀលទៅមក។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ស្បង់ ប្រដាប់បាត្រ និងចីវរសញ្ចរចូលទៅបិណ្ឌបាត ឯក្រុងសាវត្ថី ក្នុងបុព្វណ្ហសម័យ។ ព្រះមានព្រះភាគ បានទតឃើញបរិព្វាជកនោះ កំពុងត្រូវទុក្ខវេទនាដ៏ក្លៀវក្លា ខ្លោចផ្សាពាល់ត្រូវ កំពុងបម្រះននៀលទៅមក។ លុះព្រះមានព្រះភាគ ទ្រង់បានជ្រាបច្បាស់នូវសេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលានោះថា

ឱហ្ន៎ ជនទាំងឡាយណា មិនមានកិលេសជាគ្រឿងកង្វល់ ជននោះ រមែងមានសេចក្តីសុខ មួយទៀត ជនទាំងឡាយណា មិនមានកង្វល់ ជនទាំងនោះ ឈ្មោះថាដល់នូវវេទ គឺអរហត្តមគ្គញ្ញាណ អ្នកចូរមើលពួកជន ដែលប្រកបដោយកង្វល់ កំពុងលំបាក (ដោយទុក្ខ) អ្នកផង (ច្រើនតែ) មានចិត្តចំពាក់ចំពោះអ្នកផង។

ចប់ សូត្រ ទី៦។

(ឯកបុត្តក)សូត្រ ទី៧

(៧. ឯកបុត្តកសុត្តំ)

[៥៨] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង ឧបាសកម្នាក់ មានកូនប្រុសតូចមួយ ជាទីស្រឡាញ់ ជាទីគាប់ចិត្ត ធ្វើមរណៈភាព។ គ្រានោះឯង ពួកឧបាសកច្រើននាក់ មានសំពត់ទទឹក មានសក់ទទឹក ចូលទៅគាល់ព្រះមានព្រះភាគទាំងថ្ងៃ ហើយថ្វាយបង្គំព្រះមានព្រះភាគ រួចអង្គុយក្នុងទីសមគួរ។ លុះឧបាសកទាំងនោះ អង្គុយក្នុងទីសមគួរហើយ ព្រះមានព្រះភាគត្រាស់សួរយ៉ាងនេះថា ម្នាលឧបាសកទាំងឡាយ ដូចម្តេចហ្ន៎ បានជាអ្នកទាំងឡាយ មានសំពត់ទទឹក មានសក់ទទឹក ចូលមកក្នុងទីនេះទាំងថ្ងៃ។ កាលបើព្រះមានព្រះភាគ ត្រាស់សួរយ៉ាងនេះហើយ ឧបាសកនោះ បានទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះមានព្រះភាគ កូនប្រុសតូចមួយរបស់ខ្ញុំព្រះអង្គ ជាទីស្រឡាញ់ ជាទីគាប់ចិត្ត ធ្វើមរណភាពទៅ បានជាពួកខ្ញុំព្រះអង្គ មានសំពត់ទទឹក មានសក់ទទឹក ចូលមកក្នុងទីនេះទាំងថ្ងៃ។ លុះព្រះមានព្រះភាគ ទ្រង់បានជ្រាបច្បាស់សេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលានោះថា

ពួកទេវតា និងពួកមនុស្សជាច្រើន ជាប់ចំពាក់ដោយការត្រេកត្រអាល ក្នុងរូបជាទីស្រឡាញ់ ជាអ្នកមានសេចក្តីទុក្ខ និងសេចក្តីសាបសូន្យ លុះក្នុងអំណាចមច្ចុរាជ។ ពួកជនណា មិនធ្វេសប្រហែសទាំងថ្ងៃទាំងយប់ លះបង់រូប ជាទីស្រឡាញ់ ពួកជននោះឯង ឈ្មោះថាគាស់រំលើងឫសគល់នៃទុក្ខ ជានុយនៃមច្ចុ ដែលកន្លងបានដោយក្រ។

ចប់ សូត្រ ទី៧។

(សុប្បវាសា)សូត្រ ទី៨

(៨. សុប្បវាសាសុត្តំ)

[៥៩] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងកុណ្ឌិដ្ឋានវ័ន ទៀបក្រុងកុណ្ឌិយា។ សម័យនោះឯង កោលិយធីតា នាមសុប្បវាសា ទ្រទ្រង់គភ៌អស់ ៧ ឆ្នាំ មានគភ៌លំបាកអស់ ៧ ថ្ងៃ។ កោលិយធីតានោះ លុះត្រូវទុក្ខវេទនាក្លាខ្លាំង ខ្លោចផ្សាប៉ះពាល់ អត់ទ្រាំដោយការត្រិះរិះ ៣ យ៉ាងថា ឱហ្ន៎ ព្រះមានព្រះភាគ ព្រះអង្គនោះ ត្រាស់ដឹងញេយ្យធម៌ចំពោះព្រះអង្គឯង ដោយប្រពៃ ព្រោះទ្រង់សំដែងធម៌ ដើម្បីលះបង់ទុក្ខបែបនេះ ១ ឱហ្ន៎ ព្រះសង្ឃសាវ័ករបស់ព្រះមានព្រះភាគ ព្រះអង្គនោះ លោកប្រតិបត្តិប្រពៃ ព្រោះលោកប្រតិបត្តិហើយ ដើម្បីលះបង់ទុក្ខបែបនេះ ១ ឱហ្ន៎ ព្រះនិព្វាន ជាសុខយ៉ាងក្រៃលែង ព្រោះមិនមានទុក្ខបែបនេះឡើយ ១។

[៦០] គ្រានោះ កោលិយធីតា នាមសុប្បវាសា បានហៅស្វាមីមកប្រាប់ថា បពិត្រព្រះអយ្យបុត្ត សូមព្រះអង្គមក សូមព្រះអង្គចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ សូមថ្វាយបង្គំព្រះបាទានៃព្រះមានព្រះភាគ ដោយសិរ្សៈ សូមព្រះអង្គ ទូលសួរនូវការមិនមានអាពាធ មិនមានទុក្ខ មានកំឡាំង ក្រោកឡើងរហ័ស និងការនៅសប្បាយតាមពាក្យរបស់ខ្ញុំម្ចាស់ថា បពិត្រព្រះអង្គដ៏ចំរើន កោលិយធីតា នាមសុប្បវាសា ថ្វាយបង្គំព្រះបាទានៃព្រះមានព្រះភាគ ដោយសិរ្សៈ ទូលសួរនូវការមិនមានអាពាធ មិនមានទុក្ខ មានកំឡាំង ក្រោកឡើងរហ័ស និងការនៅសប្បាយ មួយទៀត សូមព្រះអង្គទូលយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន កោលិយធីតា នាមសុប្បវាសា ទ្រទ្រង់គភ៌អស់ ៧ ឆ្នាំ មានគភ៌លំបាក អស់ ៧ ថ្ងៃ ព្រះនាងត្រូវទុក្ខវេទនាដ៏ក្លាខ្លាំង ខ្លោចផ្សា ពាល់ត្រូវហើយ អត់ទ្រាំដោយការត្រិះរិះ ៣ យ៉ាងថា ឱហ្ន៎ ព្រះមានព្រះភាគព្រះអង្គនោះ ទ្រង់ត្រាស់ដឹងញេយ្យធម៌ចំពោះព្រះអង្គឯងដោយប្រពៃ ព្រោះទ្រង់សំដែងធម៌ ដើម្បីឲ្យលះបង់ទុក្ខបែប នេះ ១ ឱហ្ន៎ ព្រះសង្ឃសាវ័ករបស់ព្រះមានព្រះភាគព្រះអង្គនោះ ប្រតិបត្តិប្រពៃ ព្រោះលោកប្រតិបត្តិហើយ ដើម្បីលះបង់ទុក្ខបែបនេះ ១ ឱហ្ន៎ ព្រះនិព្វាន ជាសុខយ៉ាងក្រៃលែង ព្រោះមិនមានទុក្ខបែបនេះឡើយ ១។ កោលិយរាជបុត្រ (ជាស្វាមី) បានទទួលស្តាប់ពាក្យកោលិយធីតា នាមសុប្បវាសាថា ប្រសើរហើយ រួចចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះមានព្រះភាគ រួចគង់ក្នុងទីសមគួរ។ លុះកោលិយរាជបុត្រ គង់ក្នុងទីសមគួរហើយ ទើបក្រាបទូលព្រះមានព្រះភាគយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន កោលិយធីតា នាមសុប្បវាសា ថ្វាយបង្គំព្រះបាទា នៃព្រះមានព្រះភាគ ដោយសិរ្សៈ ទូលសួរការមិនមានអាពាធ មិនមានទុក្ខ មានកំឡាំង ក្រោកឡើងរហ័ស និងការនៅជាសុខសប្បាយ រួចនិយាយផ្តាំ យ៉ាងនេះថា កោលិយធីតា នាមសុប្បវាសា ទ្រទ្រង់គភ៌ អស់ ៧ ឆ្នាំ មានគភ៌លំបាក អស់ ៧ ថ្ងៃ នាងត្រូវទុក្ខវេទនា ដ៏ក្លាខ្លាំង ខ្លោចផ្សា អត់ទ្រាំដោយការត្រិះរិះ ៣ យ៉ាងថា ឱហ្ន៎ ព្រះមានព្រះភាគព្រះអង្គនោះ ទ្រង់ត្រាស់ដឹងញេយ្យធម៌ចំពោះព្រះអង្គឯង ដោយប្រពៃ ព្រោះព្រះអង្គទ្រង់សំដែងធម៌ ដើម្បីលះបង់ទុក្ខបែបនេះ ១ ឱហ្ន៎ ព្រះសង្ឃសាវ័ករបស់ព្រះមានព្រះភាគព្រះអង្គនោះ ប្រតិបត្តិប្រពៃ ព្រោះលោកប្រតិបត្តិហើយ ដើម្បីលះបង់នូវទុក្ខបែបនេះ ១ ឱហ្ន៎ ព្រះនិព្វានជាសុខយ៉ាងក្រៃលែង ព្រោះមិនមានទុក្ខបែបនេះឡើយ ១។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា សូមឲ្យកោលិយធីតា នាមសុប្បវាសា បានសេចក្តីសុខ សូមកុំឲ្យមានរោគ ប្រសូតបុត្ត កុំឲ្យមានរោគ។ ឯកោលិយធីតា នាមសុប្បវាសា ក៏បានសេចក្តីសុខ ឥតមានរោគ ប្រសូតបុត្តក៏ឥតមានរោគ ដំណាលនឹងព្រះពុទ្ធដីកាព្រះមានព្រះភាគ។ កោលិយរាជបុត្រនោះ ត្រេកអរ អនុមោទនាភាសិតរបស់ព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ ហើយក្រោកចាកអាសនៈ ថ្វាយបង្គំលាព្រះមានព្រះភាគ រួចធ្វើប្រទក្សិណហើយ យាងសំដៅមកកាន់គេហដ្ឋានព្រះអង្គវិញ។ កោលិយរាជបុត្រនោះ បានឃើញកោលិយធីតា នាមសុប្បវាសា បានសេចក្តីសុខ មិនមានរោគ ប្រសូតបុត្ត មិនមានរោគ លុះកោលិយរាជបុត្រនោះ បានឃើញហើយ ក៏មានសេចក្តីត្រិះរិះ យ៉ាងនេះថា ឱហ្ន៎ អស្ចារ្យណាស់ ឱហ្ន៎ ចំឡែកណាស់តើ ព្រះតថាគត មានឫទ្ធិច្រើន មានអានុភាពច្រើនមែន មិនគួរបើកោលិយធីតា នាមសុប្បវាសានេះ បានសេចក្តីសុខ មិនមានរោគ ប្រសូតបុត្ត មិនមានរោគ ដំណាលគ្នានឹងព្រះពុទ្ធដីការបស់ព្រះមានព្រះភាគនោះសោះ កោលិយរាជបុត្ត មានចិត្តត្រេកអរ រីករាយ កើតបីតិសោមនស្ស។

[៦១] គ្រានោះ កោលិយធីតា នាមសុប្បវាសា ហៅស្វាមីមកថា បពិត្រព្រះអយ្យបុត្ត សូមព្រះអង្គមក សូមព្រះអង្គចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ចូរថ្វាយបង្គំព្រះបាទានៃព្រះមានព្រះភាគ ដោយសិរ្សៈ តាមពាក្យរបស់ខ្ញុំម្ចាស់ថា បពិត្រព្រះអង្គដ៏ចំរើន កោលិយធីតា នាមសុប្បវាសា ថ្វាយបង្គំព្រះបាទានៃព្រះមានព្រះភាគ ដោយសិរ្សៈ រួចសូមព្រះអង្គក្រាបទូលយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន កោលិយធីតា នាមសុប្បវាសា ទ្រទ្រង់គភ៌អស់ ៧ ឆ្នាំ មានគភ៌លំបាកអស់ ៧ ថ្ងៃ ឥឡូវនេះ នាងបានសេចក្តីសុខ មិនមានរោគ ប្រសូតបុត្តមិនមានរោគ នាងនិមន្តភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធាន ដោយភត្តអស់ ៧ ថ្ងៃ បពិត្រព្រះអង្គដ៏ចំរើន បើដូច្នោះ សូមព្រះមានព្រះភាគ ព្រមទាំងភិក្ខុសង្ឃ ទ្រង់ទទួលភត្ត ៧ ថ្ងៃ របស់កោលិយធីតា នាមសុប្បវាសា។ កោលិយរាជបុត្តនោះ ទទួលស្តាប់ពាក្យកោលិយធីតា នាមសុប្បវាសាថា ប្រសើរហើយ រួចចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះមានព្រះភាគ រួចគង់ក្នុងទីសមគួរ។ លុះកោលិយរាជបុត្តនោះ គង់ក្នុងទីសមគួរហើយ បានក្រាបទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន កោលិយធីតា នាមសុប្បវាសា ថ្វាយបង្គំព្រះបាទានៃព្រះមានព្រះភាគ ដោយសិរ្សៈ មួយទៀត នាងក្រាបទូលយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន កោលិយធីតា នាមសុប្បវាសា ទ្រទ្រង់គភ៌ អស់ ៧ ឆ្នាំ មានគភ៌លំបាកអស់ ៧ ថ្ងៃ ឥឡូវនេះ នាងបានសេចក្តីសុខ មិនមានរោគ ប្រសូតបុត្តមិនមានរោគ នាងនិមន្តភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធាន ដោយភត្តអស់ ៧ ថ្ងៃ បពិត្រព្រះអង្គដ៏ចំរើន បើដូច្នោះ សូមព្រះមានព្រះភាគ ព្រមទាំងភិក្ខុសង្ឃ ទ្រង់ទទួលភត្ត ៧ ថ្ងៃ របស់កោលិយធីតា នាមសុប្បវាសាឲ្យទាន។

[៦២] សម័យនោះឯង ឧបាសកម្នាក់ និមន្តភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធាន ដោយភត្តក្នុងថ្ងៃស្អែក។ ឧបាសកនោះ ជាឧបដ្ឋាករបស់ព្រះមហាមោគ្គល្លានដ៏មានអាយុ។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ប្រាប់ព្រះមហាមោគ្គល្លានដ៏មានអាយុថា ម្នាលមោគ្គល្លាន អ្នកចូរមក អ្នកចូលទៅរកឧបាសកនោះ លុះចូលទៅដល់ហើយ ចូរនិយាយនឹងឧបាសកនោះ យ៉ាងនេះថា ម្នាលអាវុសោ កោលិយធីតា នាមសុប្បវាសា ទ្រទ្រង់គភ៌ អស់ ៧ ឆ្នាំ មានគភ៌លំបាកអស់ ៧ ថ្ងៃ ឥឡូវនេះ នាងមានសេចក្តីសុខ មិនមានរោគ ប្រសូតបុត្តឥតមានរោគ នាងនិមន្តភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធាន ដោយភត្តអស់ ៧ ថ្ងៃ សូមឲ្យកោលិយធីតា នាមសុប្បវាសា ធ្វើភត្ត ៧ ថ្ងៃសិនចុះ ខ្លួនអ្នកចាំធ្វើក្រោយ ព្រោះឧបាសកនោះ ជាឧបដ្ឋាករបស់លោកស្រាប់ហើយ។ ព្រះមហាមោគ្គល្លានដ៏មានអាយុ ទទួលព្រះពុទ្ធដីកានៃព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ រួចចូលទៅរកឧបាសកនោះ លុះចូលទៅដល់ហើយ ក៏និយាយនឹងឧបាសកនោះ យ៉ាងនេះថា ម្នាលអាវុសោ កោលិយធីតា នាមសុប្បវាសា ទ្រទ្រង់គភ៌ អស់ ៧ ឆ្នាំ មានគភ៌លំបាកអស់ ៧ ថ្ងៃ ឥឡូវនេះ នាងមានសេចក្តីសុខ មិនមានរោគ ប្រសូតបុត្តឥតមានរោគ នាងនិមន្តភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធាន ដោយភត្តអស់ ៧ ថ្ងៃ សូមឲ្យកោលិយធីតា នាមសុប្បវាសា ធ្វើភត្ត ៧ ថ្ងៃសិនចុះ ខ្លួនអ្នកនឹងធ្វើក្រោយ។ ឧបាសកនោះ និយាយថា បពិត្រលោកដ៏ចំរើន បើព្រះមហាមោគ្គល្លានជាម្ចាស់ធានា ចំពោះធម៌ ៣ យ៉ាងគឺ ភោគៈ ១ ជីវិត ១ សទ្ធា ១ សូមឲ្យកោលិយធីតា នាមសុប្បវាសា ធ្វើភត្ត ៧ ថ្ងៃសិនចុះ ខ្លួនខ្ញុំធ្វើក្រោយ។ ព្រះមហាមោគ្គល្លាន ពោលថា ម្នាលអាវុសោ ខ្លួនអាត្មាធានាឲ្យអ្នកតែធម៌ ២ យ៉ាង គឺភោគៈ ១ ជីវិត ១ ឯខ្លួនអ្នក ត្រូវតែធានាសទ្ធាខ្លួនឯងចុះ។ ឧបាសកនោះ និយាយថា បពិត្រលោកដ៏ចំរើន បើព្រះមហាមោគ្គល្លានដ៏មានអាយុ ធានាចំពោះតែធម៌ ២ យ៉ាងគឺ ភោគៈ ១ ជីវិត ១ សូមឲ្យកោលិយធីតា នាមសុប្បវាសា ធ្វើភត្ត ៧ ថ្ងៃសិនចុះ ខ្លួនខ្ញុំចាំធ្វើក្រោយ។ លំដាប់នោះ ព្រះមហាមោគ្គល្លានដ៏មានអាយុ បានពន្យល់ឧបាសកនោះហើយ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ បានពន្យល់ឧបាសកនោះហើយ សូមឲ្យកោលិយធីតា នាមសុប្បវាសា ធ្វើភត្ត ៧ ថ្ងៃសិនចុះ ឧបាសកនោះ ចាំធ្វើខាងក្រោយ។ លំដាប់នោះ កោលិយធីតា នាមសុប្បវាសា អង្គាសភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធានអស់ថ្ងៃ ៧ ឲ្យឆាន់ឆ្អែតស្កប់ស្កល់ ដោយខាទនីយភោជនីយាហារដ៏ឧត្តម ដោយដៃខ្លួនឯង ត្រាតែហាមឃាត់រួចហើយ ឲ្យទារកនោះថ្វាយបង្គំព្រះមានព្រះភាគ និងភិក្ខុសង្ឃ។ លំដាប់នោះ ព្រះសារីបុត្តដ៏មានអាយុ បានសួរទារកនោះ យ៉ាងនេះថា ម្នាលទារក កាលអ្នកនៅក្នុងគភ៌ ល្មមអត់ទ្រាំបានដែរឬ ល្មមប្រព្រឹត្តទៅបានដែរឬ មិនមានទុក្ខតិចតួចទេឬ។ ទារកនោះ ទូលតបថា បពិត្រព្រះសារីបុត្តដ៏ចំរើន ខ្ញុំព្រះករុណា ល្មមអត់ទ្រាំបាន មកពីណា ល្មមប្រព្រឹត្តទៅបាន មកពីណា (ព្រោះ) ខ្ញុំនៅក្នុងផ្ទៃ ប្រឡាក់ដោយឈាមអស់ ៧ ឆ្នាំមកហើយ។ លំដាប់នោះ កោលិយធីតា នាមសុប្បវាសា មានចិត្តត្រេកអរ រីករាយ កើតបីតិសោមនស្ស ដោយសេចក្តីនឹកកោតថា បុត្តអាត្មាអញ ចេះប្រឹក្សាជាមួយព្រះធម្មសេនាបតីបាន។ លំដាប់នោះ ព្រះមានព្រះភាគ បានជ្រាបថា កោលិយធីតា នាមសុប្បវាសា មានចិត្តត្រេកអរ រីករាយ កើតបីតិសោមនស្សហើយ ទើបត្រាស់នឹងកោលិយធីតា នាមសុប្បវាសា យ៉ាងនេះថា ម្នាលនាងសុប្បវាសា នាងចង់បានបុត្តដទៃបែបនេះ តទៅទៀតដែរឬ។ កោលិយធីតា នាមសុប្បវាសាទូលថា បពិត្រព្រះមានព្រះភាគដ៏ចំរើន ខ្ញុំម្ចាស់ចង់បានបុត្តដទៃបែបនេះ ៧ នាក់ទៀត។ លុះព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់នូវសេចក្តីនុ៎ះហើយ ទើបបន្លឺនូវឧទាននេះ ក្នុងវេលានោះថា

អារម្មណ៍ មិនជាទីត្រេកអរ មិនជាទីស្រឡាញ់ អារម្មណ៍ជាទុក្ខ រមែងគ្របសង្កត់នូវបុគ្គលអ្នកប្រមាទ ដោយសភាពជាទីត្រេកអរ ដោយសភាពជាទីស្រឡាញ់ ដោយសភាពនៃសេចក្តីសុខ។

ចប់ សូត្រ ទី៨។

(វិសាខា)សូត្រ ទី៩

(៩. វិសាខាសុត្តំ)

[៦៣] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងប្រាសាទនៃមិគារមាតា ក្នុងវត្តបុព្វារាម ជិតក្រុងសាវត្ថី។ សម័យនោះឯង ប្រយោជន៍ណាមួយ របស់នាងវិសាខាមិគារមាតា ជាប្រយោជន៍ជាប់ទាក់ទងនឹងព្រះបាទបសេនទិកោសល។ ព្រះបាទបសេនទិកោសល ទ្រង់មិនពិចារណាប្រយោជន៍នោះតាមបំណងឡើយ។ គ្រានោះ នាងវិសាខាមិគារមាតា ចូលទៅគាល់ព្រះមានព្រះភាគទាំងថ្ងៃក្តៅ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ រួចអង្គុយក្នុងទីសមគួរ។ លុះនាងវិសាខាមិគារមាតា អង្គុយក្នុងទីសមគួរហើយ ព្រះមានព្រះភាគ ទ្រង់ត្រាស់សួរថា ម្នាលនាងវិសាខា នាងមកអំពីណាទាំងថ្ងៃក្តៅម៉្លេះ។ នាងវិសាខាទូលថា បពិត្រព្រះអង្គដ៏ចំរើន ប្រយោជន៍នីមួយ របស់ខ្ញុំព្រះអង្គក្នុងទីនេះ ជាប្រយោជន៍ជាប់ទាក់ទងនឹងព្រះបាទបសេនទិកោសល ព្រះបាទបសេនទិកោសល ទ្រង់មិនពិចារណាប្រយោជន៍នោះ តាមបំណងឡើយ។ លុះព្រះមានព្រះភាគ ទ្រង់បានជ្រាបច្បាស់នូវសេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលានោះថា

(ប្រយោជន៍ណាមួយ) ដែលនៅក្នុងអំណាចនៃជនដទៃទាំងអស់ នាំមកនូវទុក្ខ ឥស្សរភាពទាំងអស់ នាំមកនូវសុខ សត្វទាំងឡាយដែលជ្រមុជទៅ ក្នុងហេតុនៃទុក្ខទួទៅ តែងនឿយព្រួយ ព្រោះកិលេសជាគ្រឿងប្រកបទាំងឡាយ សត្វកន្លងបានដោយក្រ។

ចប់ សូត្រ ទី៩។

(ភទ្ទិយ)សូត្រ ទី១០

(១០. ភទ្ទិយសុត្តំ)

[៦៤] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគទ្រង់គង់នៅក្នុងវត្តអម្ពវ័ន ទៀបក្រុងអនុប្បិយា។ សម័យនោះ ព្រះភទ្ទិយៈដ៏មានអាយុ ជាបុត្តនាងសាកិយានី ឈ្មោះកាឡិគោធា ទោះនៅក្នុងព្រៃក្តី នៅទៀបគល់ឈើក្តី នៅក្នុងផ្ទះស្ងាត់ក្តី តែងបន្លឺនូវឧទានរឿយៗថា ឱហ្ន៎ សុខអ្វីម៉្លេះ ឱហ្ន៎ សុខអ្វីម៉្លេះ។ ពួកភិក្ខុជាច្រើនរូប បានឮថា ព្រះភទ្ទិយៈដ៏មានអាយុ ជាបុត្តនៃនាងសាកិយានី ឈ្មោះកាឡិគោធា ទោះនៅក្នុងព្រៃក្តី នៅទៀបគល់ឈើក្តី នៅក្នុងផ្ទះស្ងាត់ក្តី តែងបន្លឺឧទានរឿយៗថា ឱហ្ន៎ សុខអ្វីម៉្លេះ ឱហ្ន៎ សុខអ្វីម៉្លេះ ដូច្នេះដែរ។ លុះពួកភិក្ខុទាំងនោះបានឮហើយ ក៏មានសេចក្តីត្រិះរិះដូច្នេះថា ព្រះភទ្ទិយៈដ៏មានអាយុ ជាបុត្តនាងសាកិយានី ឈ្មោះកាឡិគោធា ប្រាកដជាអផ្សុកនឹងប្រព្រឹត្តព្រហ្មចរិយធម៌ដោយពិត ព្រះភទ្ទិយៈដ៏មានអាយុនោះ នឹករលឹកសេចក្តីសុខក្នុងរាជ្យរបស់លោក កាលនៅជាគ្រហស្ថអំពីដើម ទោះនៅក្នុងព្រៃក្តី នៅទៀបគល់ឈើក្តី នៅក្នុងផ្ទះស្ងាត់ក្តី តែងបន្លឺឧទានរឿយៗថា ឱហ្ន៎ សុខអ្វីម៉្លេះ ឱហ្ន៎ សុខអ្វីម៉្លេះ។ លំដាប់នោះ ពួកភិក្ខុច្រើនរូប ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះភិក្ខុទាំងនោះ អង្គុយក្នុងទីសមគួរហើយ ក្រាបទូលព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ព្រះភទ្ទិយៈដ៏មានអាយុ ជាបុត្តនាងសាកិយានី ឈ្មោះកាឡិគោធា ទោះនៅក្នុងព្រៃក្តី នៅទៀបគល់ឈើក្តី នៅក្នុងផ្ទះស្ងាត់ក្តី តែងបន្លឺឧទានរឿយៗថា ឱហ្ន៎ សុខអ្វីម៉្លេះ ឱហ្ន៎ សុខអ្វីម៉្លេះ ព្រះភទ្ទិយៈជាបុត្តនាងសាកិយានី ឈ្មោះកាឡិគោធា ប្រាកដជាអផ្សុកនឹងប្រព្រឹត្តព្រហ្មចរិយធម៌ដោយពិត។បេ។ ឱហ្ន៎ សុខអ្វីម៉្លេះ។

[៦៥] គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុមួយរូប ហើយបង្គាប់ថា ម្នាលភិក្ខុ អ្នកចូរមក ចូរហៅភទ្ទិយភិក្ខុ តាមពាក្យតថាគតថា នែអាវុសោភទ្ទិយៈ ព្រះសាស្តា ទ្រង់ឲ្យហៅអ្នក។ ភិក្ខុនោះ ទទួលព្រះពុទ្ធដីការបស់ព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ រួចចូលទៅរកព្រះភទ្ទិយៈដ៏មានអាយុ ជាបុត្តនាងសាកិយានី ឈ្មោះកាឡិគោធា លុះចូលទៅដល់ហើយ ក៏និយាយនឹងព្រះភទ្ទិយៈដ៏មានអាយុ ជាបុត្តនាងសាកិយានី ឈ្មោះកាឡិគោធាថា នែអាវុសោភទ្ទិយៈ ព្រះសាស្តាត្រាស់ហៅអ្នក ព្រះភទ្ទិយៈដ៏មានអាយុ ជាបុត្តនាងសាកិយានី ឈ្មោះកាឡិគោធា បានទទួលពាក្យភិក្ខុនោះថា អើអាវុសោ ហើយក៏ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក្រាបថ្វាយបង្គំនូវព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះព្រះភទ្ទិយៈដ៏មានអាយុ ជាបុត្តនាងសាកិយានី ឈ្មោះកាឡិគោធា អង្គុយក្នុងទីសមគួរហើយ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភទ្ទិយៈ បានឮថា អ្នកទោះនៅក្នុងព្រៃក្តី នៅទៀបគល់ឈើក្តី នៅក្នុងផ្ទះស្ងាត់ក្តី តែងបន្លឺឧទានរឿយ ៗ ថា ឱហ្ន៎ សុខអ្វីម៉្លេះ ឱហ្ន៎ សុខអ្វីម៉្លេះ ដូច្នេះមែនឬ។ ព្រះភទ្ទិយក្រាបទូលថា ព្រះករុណា ព្រះអង្គ។ ម្នាលភទ្ទិយៈ អ្នកពិចារណាឃើញអំណាចប្រយោជន៍ដូចម្តេច បានជាចូលទៅនៅក្នុងព្រៃក្តី នៅទៀបគល់ឈើក្តី នៅក្នុងផ្ទះស្ងាត់ក្តី តែងបន្លឺឧទានរឿយ ៗ ថា ឱហ្ន៎ សុខអ្វីម៉្លេះ ឱហ្ន៎ សុខអ្វីម៉្លេះ ដូច្នេះ។ បពិត្រព្រះអង្គដ៏ចំរើន កាលពីដើម ខ្ញុំព្រះអង្គនៅជាគ្រហស្ថ សោយសុខក្នុងរាជ្យ ការរក្សាខាងក្នុងព្រះរាជវាំង គេបានចាត់ចែងល្អហើយ ការរក្សាខាងក្រៅព្រះរាជវាំង គេក៏ចាត់ចែងល្អហើយ ការរក្សាខាងក្នុងនគរ គេចាត់ចែងល្អហើយ ការរក្សាខាងក្រៅនគរ គេចាត់ចែងល្អហើយ ការរក្សាក្នុងជនបទ គេចាត់ចែងល្អហើយ ការរក្សាខាងក្រៅជនបទ គេចាត់ចែងល្អហើយ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនោះឯង ដែលគេរក្សាគ្រប់គ្រងយ៉ាងនេះហើយ ក៏នៅតែភ័យ ភ្ញាក់ផ្អើល រង្កៀសតក់ស្លុត បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ ខ្ញុំព្រះអង្គតែម្នាក់ឯង ទោះនៅក្នុងព្រៃក្តី នៅទៀបគល់ឈើក្តី នៅក្នុងផ្ទះស្ងាត់ក្តី ក៏លែងភ័យ លែងភ្ញាក់ផ្អើល លែងតក់ស្លុតហើយ ជាអ្នកមានការខ្វល់ខ្វាយតិច ឥតព្រឺព្រួចរោម ចិញ្ចឹមជីវិតដោយបច្ច័យដែលអ្នកដទៃឲ្យ នៅដោយមានចិត្តដូចជាពួកម្រឹក។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ពិចារណាឃើញអំណាចប្រយោជន៍នេះហើយ ទោះនៅក្នុងព្រៃក្តី នៅទៀបគល់ឈើក្តី នៅក្នុងផ្ទះស្ងាត់ក្តី តែងបន្លឺឧទានរឿយៗថា ឱហ្ន៎ សុខអ្វីម៉្លេះ ឱហ្ន៎ សុខអ្វីម៉្លេះ ដូច្នេះ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់សេចក្តីនេះហើយ ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលានោះថា

សេចក្តីក្រោធ មិនមានក្នុងចិត្តរបស់បុគ្គលណា បុគ្គលនោះឈ្មោះថា កន្លងផុតនូវសេចក្តីចំរើន និងសេចក្តីវិនាស ទេវតាទាំងឡាយ កម្រនឹងបានឃើញបុគ្គលដែលប្រាសចាកភ័យ បានប្រកបដោយសេចក្តីសុខ ឥតសោកនោះឡើយ។

ចប់ សូត្រ ទី១០។

ចប់ មុច្ចលិន្ទវគ្គ ទី២។

ឧទាននៃមុច្ចលិន្ទវគ្គនោះគឺ

និយាយអំពីព្រះមានព្រះភាគគង់ទៀបគល់រាំង ១ អំពីព្រះរាជា ១ អំពីការវាយពស់ដោយដម្បង ១ អំពីគ្រឿងសក្ការៈ ១ អំពីឥច្ឆានង្គលឧបាសក ១ អំពីប្រពន្ធព្រាហ្មណ៍មានគភ៌ ១ អំពីកូនតូច ១ អំពីកោលិយធីតា ឈ្មោះសុប្បវាសា ១ អំពីនាងវិសាខា ១ អំពីព្រះភទ្ទិយត្ថេរ (ជាបុត្ត) នាងសាកិយានី ឈ្មោះកាឡិគោធា ១។

 

លេខយោង

1)
បណ្តាវិវេក ៣យ៉ាង វិវេកក្នុងទីនេះ សំដៅយកឧបធិវិវេក គឺព្រះនិព្វាន។ អដ្ឋកថា។
2)
វាចាដោយឡែក ជាចន្លោះអំពីការយកចិត្តទុកដាក់ ក្នុងកម្មដ្ឋាន រៀនបាលី និងអដ្ឋកថា ជាដើម ហៅថា អន្តរាកថា។ អដ្ឋកថា។
3)
សំដៅយកការសម្រេចសម្រាន្តដោយឈានសមាបត្តិ។
4)
សំដៅយកសេចក្តីសុខក្នុងរូបព្រហ្ម អរូបព្រហ្ម និងទិព្វវិហារធម៌។
5)
សំដៅយកសេចក្តីសុខ ក្នុងផលសមាបត្តិ។ អដ្ឋកថា។
km/tipitaka/sut/kn/uda/sut.kn.uda.v2.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann