km:tipitaka:sut:sn:12:sut.sn.12.045



(ញាតិក)សូត្រ ទី៥

សង្ខេប

ព្រះ​មាន​ព្រះ​ភាគ៖ ការ​ជួប​ជុំគ្នា ញាតិ​ទាំង​ឡាយ​នៅ​ក្នុង​ភព ជា​ផស្សៈ។

sn 12.045 បាលី cs-km: sut.sn.12.045 អដ្ឋកថា: sut.sn.12.045_att PTS: ?

(ញាតិក)សូត្រ ទី៥

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វិឡា

(៥. ញាតិកសុត្តំ)

[១៦៦] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងប្រាសាទ ឈ្មោះ គិញ្ជកាវសថៈ គឺមហាប្រាសាទ ដែលកដោយឥដ្ឋ ជារបស់ពួកព្រះញាតិ។ គ្រានោះឯង ព្រះមានព្រះភាគ គង់នៅក្នុងទីស្ងាត់ សម្ងំនៅមួយព្រះអង្គឯង ទ្រង់សំដែងធម្មបរិយាយនេះថា ចក្ខុវិញ្ញាណកើតឡើង ព្រោះអាស្រ័យចក្ខុ និងរូប ការចួបជុំរបស់ទាំង៣ នេះហៅថា ផស្សៈ វេទនាកើតឡើង ព្រោះផស្សៈជាបច្ច័យ តណ្ហាកើតឡើង ព្រោះវេទនាជាបច្ច័យ ឧបាទានកើតឡើង ព្រោះតណ្ហាជាបច្ច័យ។បេ។ ហេតុដែលនាំឲ្យកើតឡើងនៃកងទុក្ខទាំងអស់នុ៎ះ តែងមានយ៉ាងនេះ។ ព្រោះអាស្រ័យត្រចៀក និងសំឡេង… ព្រោះអាស្រ័យច្រមុះ និងក្លិន… ព្រោះអាស្រ័យអណ្តាត និងរស… ព្រោះអាស្រ័យកាយ និងផោដ្ឋព្វៈ… មនោវិញ្ញាណកើតឡើង ព្រោះអាស្រ័យចិត្ត និងធម្មារម្មណ៍ ការចួបជុំរបស់ទាំង៣ ហៅថា ផស្សៈ វេទនាកើតឡើង ព្រោះផស្សៈជាបច្ច័យ តណ្ហាកើតឡើង ព្រោះវេទនាជាបច្ច័យ ឧបាទានកើតឡើង ព្រោះតណ្ហាជាបច្ច័យ។បេ។ ការកើតឡើងព្រម នៃកងទុក្ខទាំងអស់នុ៎ះ តែងមានយ៉ាងនេះ។

[១៦៧] ចក្ខុវិញ្ញាណកើតឡើង ព្រោះអាស្រ័យចក្ខុ និងរូប ការចួបជុំរបស់ទាំង៣ ហៅថា ផស្សៈ វេទនាកើតឡើង ព្រោះផស្សៈជាបច្ច័យ តណ្ហាកើតឡើង ព្រោះវេទនាជាបច្ច័យ ការរលត់នៃឧបាទាន ព្រោះការវិនាស និងការរលត់មិនសេសសល់ នៃតណ្ហានោះឯង ការរលត់នៃភព ព្រោះការរលត់នៃឧបាទាន។បេ។ ការរលត់នៃកងទុក្ខទាំងអស់នុ៎ះ តែងមានយ៉ាងនេះ។ ព្រោះអាស្រ័យត្រចៀក និងសំឡេង។បេ។ មនោវិញ្ញាណកើតឡើង ព្រោះអាស្រ័យចិត្ត និងធម្មារម្មណ៍ ការចួបជុំរបស់ទាំង៣ ហៅថា ផស្សៈ វេទនាកើតឡើង ព្រោះផស្សៈជាបច្ច័យ តណ្ហាកើតឡើង ព្រោះវេទនាជាបច្ច័យ ការរលត់នៃឧបាទាន ព្រោះការវិនាស និងការរលត់មិនសេសសល់ នៃតណ្ហានោះឯង ការរលត់នៃភព ព្រោះការរលត់នៃឧបាទាន។បេ។ ការរលត់នៃកងទុក្ខទាំងអស់នុ៎ះ តែងមានយ៉ាងនេះ។

[១៦៨] សម័យនោះឯង ភិក្ខុមួយរូបឈរអែបចាំស្តាប់ព្រះបន្ទូលព្រះមានព្រះភាគ។ ព្រះមានព្រះភាគ បានទតឃើញភិក្ខុនោះ ដែលកំពុងឈរអែបចាំស្តាប់ លុះទតឃើញហើយ ទើបទ្រង់ត្រាស់នឹងភិក្ខុនោះ យ៉ាងនេះថា ម្នាលភិក្ខុ អ្នកឮធម្មបរិយាយនេះ ឬមិនឮទេ។ ភិក្ខុនោះក្រាបបង្គំទូលថា ឮ ព្រះអង្គ។ ម្នាលភិក្ខុ អ្នកចូររៀនធម្មបរិយាយនេះចុះ ម្នាលភិក្ខុ អ្នកចូរទន្ទេញធម្មបរិយាយនេះចុះ ម្នាលភិក្ខុ អ្នកចូរទ្រទ្រង់ធម្មបរិយាយនេះចុះ ម្នាលភិក្ខុ ឯធម្មបរិយាយនេះ ប្រកបដោយប្រយោជន៍ ជាអាទិព្រហ្មចរិយៈ។

ចប់សូត្រ ទី៥។

 

លេខយោង

km/tipitaka/sut/sn/12/sut.sn.12.045.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann