km:tipitaka:sut:sn:47:sut.sn.47.009



(គិលានសូត្រ ទី៩)

សង្ខេប

«មាន​ខ្លួន​ជា​ទី​ពឹង មាន​ខ្លួន​ជា​ទីរ​ឭក មិន​មាន​វត្ថុ​ដទៃ ជា​ទី​រឭក មាន​ធម៌​ជា​ទី​ពឹង មាន​ធម៌​ជា​ទី​រឭក មិន​មាន​វត្ថុ​ដទៃ​ជា​ទី​រឭក តើ​ដូច​ម្តេច» ព្រះ​សម្មា​សម្ពុទ្ធ​ទ្រង់​ពន្យល់​អត្ថន័យ​ខ្លីៗ មុន​ពេល​ទ្រង់មហាបរិនិព្វាន។

sn 47.009 បាលី cs-km: sut.sn.47.009 អដ្ឋកថា: sut.sn.47.009_att PTS: ?

(គិលានសូត្រ ទី៩)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះខេមានន្ទ

(៩. គិលានសុត្តំ)

[៣១] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុង វេលុវគ្រាម ទៀបក្រុងវេសាលី។ ក្នុងទីនោះឯង ព្រះដ៏មានព្រះភាគ ត្រាស់ហៅភិក្ខុទាំងឡាយ មកថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរមកអាយ ចូរទៅនៅចាំវស្សាដោយជុំវិញ ក្រុងវេសាលី តាមមិត្ត តាមសន្ទិដ្ឋមិត្ត (មិត្តធ្លាប់បានជួបគ្នា) តាមសម្ភត្តមិត្ត (មិត្តស្និទ្ធស្នាល) តថាគត ក៏ចូលទៅចាំវស្សា នៅក្នុងវេលុវគ្រាមនេះដែរ។ ភិក្ខុទាំងនោះ ទទួលស្តាប់ព្រះពុទ្ធដីកាព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ ហើយចូលទៅចាំវស្សា ដោយជុំវិញក្រុងវេសាលី តាមមិត្ត តាមសន្ទិដ្ឋមិត្ត តាមសម្ភត្តមិត្ត។

[៣២] ព្រះដ៏មានព្រះភាគ ស្តេចទៅចាំវស្សា ក្នុងវេលុវគ្រាមនោះឯង។ គ្រានោះឯង កាលព្រះដ៏មានព្រះភាគ ស្តេចចូលទៅចាំវស្សាហើយ ព្រះអាពាធដ៏ក្លៀវក្លាកើតឡើយ វេទនាដ៏ខ្លាំង ស្ទើរតែនឹងមរណៈ ក៏ប្រព្រឹត្តទៅ។ ក្នុងកាលនោះ ព្រះដ៏មានព្រះភាគ មានព្រះសតិសម្បជញ្ញៈ ទ្រង់អត់សង្កត់ មិនឲ្យវេទនាបៀតបៀនព្រះអង្គបាន។ លំដាប់នោះឯង ព្រះដ៏មានព្រះភាគ ទ្រង់មានព្រះតម្រិះ ដូច្នេះថា តថាគត មិនប្រាប់ពួកឧបដ្ឋាក មិនលាភិក្ខុសង្ឃ ហើយបរិនិព្វាន ដោយមេត្តាចិត្តឯណា មេត្តាចិត្តនោះ មិនសមគួរឡើយ បើដូច្នោះ មានតែតថាគត បណ្តេញអាពាធនេះចេញ ដោយវិរិយៈ ហើយអធិដ្ឋានជីវិតសង្ខារទុក។ ទើបព្រះដ៏មានព្រះភាគ ទ្រង់បណ្តេញព្រះអាពាធនោះចេញ ដោយវិរិយៈ ហើយទ្រង់អធិដ្ឋានជីវិតសង្ខារទុក។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់បានសះស្បើយ ចាកព្រះអាពាធ លុះទ្រង់សះស្បើយ ចាកព្រះអាពាធ មិនយូរប៉ុន្មាន ក៏ស្តេចមកគង់លើអាសនៈ ដែលគេក្រាលថ្វាយ ក្នុងម្លប់ខាងក្រោយវិហារ។

[៣៣] គ្រានោះ ព្រះអានន្ទដ៏មានអាយុ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះព្រះអានន្ទដ៏មានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ បានក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន សេចក្តីអត់ធន់ របស់ព្រះដ៏មានព្រះភាគ ខ្ញុំព្រះអង្គ បានឃើញហើយ បពិត្រព្រះអង្គដ៏ចំរើន ការញុំាងអត្តភាព ឲ្យប្រព្រឹត្តទៅ របស់ព្រះដ៏មានព្រះភាគ ខ្ញុំព្រះអង្គ បានឃើញហើយ បពិត្រព្រះអង្គដ៏ចំរើន មួយទៀត កាយរបស់ខ្ញុំព្រះអង្គ ហាក់ដូចជាមានទម្ងន់ពន់ពេក ទិសទាំងឡាយ ក៏មិនប្រាកដដល់ខ្ញុំព្រះអង្គ ធម៌ទាំងឡាយ ក៏មិនភ្លឺច្បាស់ ដល់ខ្ញុំព្រះអង្គ ព្រោះព្រះដ៏មានព្រះភាគ ទ្រង់ព្រះអាពាធ បពិត្រព្រះអង្គដ៏ចំរើន ប៉ុន្តែថា ខ្ញុំព្រះអង្គ នៅមានសេចក្តីសង្ឃឹមបន្តិចថា ព្រះដ៏មានព្រះភាគ នឹងមិនទាន់បរិនិព្វាននៅឡើយទេ ព្រោះព្រះដ៏មានព្រះភាគ មិនទាន់ប្រារព្ធភិក្ខុសង្ឃ ទ្រង់ព្រះរាជទានព្រះឱវាទណាមួយនៅឡើយ។ ម្នាលអានន្ទ ក្នុងកាលឥឡូវនេះ ភិក្ខុសង្ឃនឹកសង្ឃឹមតថាគត អ្វីទៀត។ ម្នាលអានន្ទ ធម៌ដែលតថាគត បានសំដែងហើយ ធ្វើមិនឲ្យមានក្នុង មិនឲ្យមានក្រៅហើយ។ ម្នាលអានន្ទ ក្នុងធម៌ទាំងឡាយ របស់តថាគត មិននៅក្នុងកណ្តាប់ដៃ នៃអាចារ្យឡើយ។ ម្នាលអានន្ទ គួរតែតថាគត មានសេចក្តីត្រិះរិះ យ៉ាងនេះថា តថាគត នឹងរក្សាភិក្ខុសង្ឃ ដូច្នេះក្តី ថាភិក្ខុសង្ឃជាអ្នកពោលអាង ចំពោះតថាគត ដូច្នេះក្តី។ ម្នាលអានន្ទ ដោយពិតនោះ តថាគត គួរប្រារព្ធភិក្ខុសង្ឃ ហើយសំដែងឱវាទណាមួយទុក។ ម្នាលអានន្ទ តថាគត មិនដែលមានសេចក្តីត្រិះរិះ យ៉ាងនេះថា តថាគត នឹងរក្សាភិក្ខុសង្ឃ ដូច្នេះក្តី ថាភិក្ខុសង្ឃ ជាអ្នកពោលអាងចំពោះតថាគត ដូច្នេះក្តី។ ម្នាលអានន្ទ តថាគត នឹងប្រារព្ធភិក្ខុសង្ឃ ហើយសំដែងឱវាទណាមួយធ្វើអ្វី។ ម្នាលអានន្ទ ក្នុងកាលឥឡូវនេះ តថាគតគ្រាំគ្រា ចំរើនវ័យ ចាស់ ដល់ហើយនូវសេចក្តីថមថយ ដោយលំដាប់ មានអាយុ ៨០ ឆ្នាំហើយ វ័យរបស់តថាគត ក៏នៅតែប្រព្រឹត្តទៅបាន។ ម្នាលអានន្ទ ដូចរទេះចាស់ ដែលបរទៅបានដោយរណបឫស្សី យ៉ាងណាមិញ ម្នាលអានន្ទ កាយរបស់តថាគត នៅប្រព្រឹត្តទៅបាន ដូចជារណបឫស្សី ដូច្នោះដែរ។

[៣៤] ម្នាលអានន្ទ ក្នុងសម័យណា តថាគតបានចូលកាន់ចេតោសមាធិ មិនមាននិមិត្ត ព្រោះមិនធ្វើទុកក្នុងចិត្ត នូវនិមិត្តទាំងពួង ព្រោះរំលត់នូវពួកវេទនាចំពូកខ្លះ ម្នាលអានន្ទ ក្នុងសម័យនោះ សេចក្តីសប្បាយដ៏ក្រៃលែង រមែងមានដល់តថាគត។ ម្នាលអានន្ទ ព្រោះហេតុនោះក្នុងសាសនានេះ អ្នកទាំងឡាយ ចូរមានខ្លួនជាទីពឹង មានខ្លួនជាទីរឭក កុំមានវត្ថុដទៃ ជាទីរឭក ឡើយ ចូរមានធម៌ជាទីពឹង មានធម៌ជាទីរឭក កុំមានវត្ថុដទៃ ជាទីរឭកឡើយ។

[៣៥] ម្នាលអានន្ទ ភិក្ខុមានខ្លួនជាទីពឹង មានខ្លួនជាទីរឭក មិនមានវត្ថុដទៃ ជាទីរឭក មានធម៌ជាទីពឹង មានធម៌ជាទីរឭក មិនមានវត្ថុដទៃជាទីរឭក តើដូចម្តេច។ ម្នាលអានន្ទ ភិក្ខុក្នុងសាសនានេះ ពិចារណាឃើញ នូវកាយក្នុងកាយ មានព្យាយាម ដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោកចេញ។ ពិចារណាឃើញ នូវវេទនាក្នុងវេទនាទាំងឡាយ នូវចិត្តក្នុងចិត្ត នូវធម៌ក្នុងធម៌ទាំងឡាយ មានព្យាយាមដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោកចេញ។ ម្នាលអានន្ទ ភិក្ខុមានខ្លួនជាទីពឹង មានខ្លួនជាទីរឭក មិនមានវត្ថុដទៃ ជាទីរឭក មានធម៌ជាទីពឹង មានធម៌ជាទីរឭក មិនមានវត្ថុដទៃជាទីរឭក យ៉ាងនេះឯង។

[៣៦] ម្នាលអានន្ទ ពួកជនឯណានីមួយ មានខ្លួនជាទីពឹង មានខ្លួនជាទីរឭក មិនមានវត្ថុដទៃ ជាទីរឭក មានធម៌ជាទីពឹង មានធម៌ជាទីរឭក មិនមានវត្ថុដទៃជាទីរឭក ក្នុងកាលឥឡូវនេះឬ ឬថា ក្នុងកាលជាអំណើសអំពីតថាគតទៅហើយ។ ម្នាលអានន្ទ ពួកភិក្ខុឯណានីមួយ មានសេចក្តីប្រាថ្នា នូវការសិក្សា ភិក្ខុទាំងនោះ នឹងប្រាកដមានក្នុងចំណែក ដ៏ប្រសើរក្រៃលែង។

 

លេខយោង

km/tipitaka/sut/sn/47/sut.sn.47.009.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann