User Tools

Site Tools


Translations of this page?:
km:tipitaka:book_005

មាតិកា

-Namo tassa bhagavato arahato sammā-
ព្រះត្រៃបិដកភាសាខ្មែរ - Tipiṭaka Khmer language
ភាគ ៥ - Book 5

Ven. Members of the Sangha, Ven. Theras Valued Upasaka, valued Upasika This is a Work Edition! 1.Edition 20170101 Do not share it further except for editing and working purposes within the transcription project on sangham.net. Only for personal use. If you find any mistake or like to join the merits please feel invited to join here: sangham.net or Upasika Norum on sangham.net Anumodana!

សូម​ថ្វាយបង្គំ​ចំពោះ​ព្រះសង្ឃ, ជំរាបសួរ​ឧបាសក និង​ឧបាសិកា​ទាំង​អស់ នេះ​គឺ​ជា​សេចក្តី​ព្រាងច្បាប់​ការ​បោះ​ពុម្ព​ផ្សាយ! 1.Edition 20170101 សូម​កុំ​ចែក​រំលែក​បន្ថែម​ទៀត ប្រសិន​បើ​មិន​មែន​សម្រាប់​ការ​កែសម្រួល​នៅ sangham.net និង​កិច្ច​ការ​នេះ។ សូម​គិត​ថា​លោក​អ្នក​ត្រូវ​បាន​អញ្ជើញ​ដើម្បី​ចូល​រួម​បុណ្យកុសល​នេះ និង​​សូមប្រាប់​ពួក​យើង​អំពី​កំហុស និង​ប្រើវេទិកា​នេះ: sangham.net ឬ​ប្រាប់​ឧបាសិកា Norum នៅ​លើ sangham.net សូម​អនុមោទនា!

A topic about progress and feedback can be found here: ព្រះត្រៃបិដក ភាគ ០០៥ - Tipitaka Book 005, for change log on ati.eu see here: រាយការណ៍ ភាគ ០០៥



book_005.jpg

គំរូ ឯកសារ ផ្សេងទៀត ៖
book_005.pdf

លេខសម្គាល់
លេខទំព៍រ

ព្រះត្រៃបិដក ភាគ ទី៥

ទ. ១

វិន័យបិដក

ភិក្ខុនីវិភង្គ

ភិក្ខុនីវិភង្គោ

ភាគ ទី៥

បារាជិកកណ្ឌេ | សង្ឃាទិសេសកណ្ឌ | និស្សគ្គិយកណ្ឌ | បាចិត្តិយកណ្ឌ | បាដិទេសនីយកណ្ឌ | សេក្ខិយកណ្ឌ | អធិករណសមថា

នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស។

សូមនមស្ការថ្វាយបង្គំចំពោះព្រះដ៏មានព្រះភាគជាអរហន្តសម្មាសម្ពុទ្ធព្រះអង្គនោះ។

បារាជិក

(១. បារាជិកកណ្ឌំ (ភិក្ខុនីវិភង្គោ))

បារាជិក ទី១

(១. បឋមបារាជិកំ)

[១] សម័យនោះ ព្រះសម្ពុទ្ធ​ដ៏មានព្រះភាគ​ទ្រង់សម្រេច​ឥរិយាបថនៅ​ក្នុងជេតវនារាម របស់​អនាថបិណ្ឌិកសេដ្ឋី ក្បែរក្រុងសាវត្ថី។ សម័យនោះឯង មានបុរសម្នាក់​ឈ្មោះសាឡ្ហ ជាចៅ​នៃមិគារមាតា​1) មានសេចក្តីប្រាថ្នា​នឹងសាងវិហារ (ប្រគេន) ភិក្ខុនីសង្ឃ។ ទើបសាឡ្ហ ជាចៅ​មិគារមាតា (នោះ) ចូលទៅរក​ភិក្ខុនី​ទាំងឡាយ ហើយនិយាយ​ពាក្យនេះថា បពិត្រលោកម្ចាស់ ខ្ញុំ​ប្រាថ្នានឹង​សាងវិហារ (ប្រគេន) ភិក្ខុនីសង្ឃ សូមលោកម្ចាស់​ទាំងឡាយ ចាត់ភិក្ខុនី​ដែល​ជាអ្នក​ចេះ​ត្រួតត្រានវកម្ម​ឲ្យខ្ញុំ។ សម័យនោះឯង មានស្រី​ជាបងប្អូន​គ្នា៤នាក់ ឈ្មោះ នន្ទា១ នន្ទវតី១ សុន្ទរីនន្ទា១ ថុល្លនន្ទា១ បានមកបួស​ក្នុងសំណាក់​ពួកភិក្ខុនី។ បណ្តាភិក្ខុនី​ទាំងនោះ សុន្ទរីនន្ទា​ភិក្ខុនី បួសតាំង​អំពីក្មេង ជាភិក្ខុនី​មានរូបល្អល្អះ គួរគយគន់មើល គួរជាទីជ្រះថ្លា ជាអ្នកប្រាជ្ញ ជាអ្នកវាងវៃ មានប្រាជ្ញា​ឆ្លៀវឆ្លាស ឥតមាន​សេចក្តី​ខ្ជិលច្រអូស ប្រកបដោយ​យោបល់​ជាគ្រឿង​យល់ក្នុង​កិច្ចនោះៗ អាចធ្វើ និងអាច​ចាត់​ចែង (នូវ​នវកម្ម)​បាន។ ទើបភិក្ខុនីសង្ឃ​សន្មត​សុន្ទរីនន្ទា​ភិក្ខុនី​ឲ្យជាអ្នក​ត្រួតត្រានវកម្ម ដល់សាឡ្ហជាចៅ​មិគារមាតា។ សម័យនោះឯង សុន្ទរីនន្ទា​ភិក្ខុនីតែង​ដើរទៅកាន់​លំនៅ​របស់សាឡ្ហជាចៅ​មិគារមាតា​ញយៗ តែងនិយាយថា ចូរអ្នក​ឲ្យកាំបិត ឲ្យពូថៅ ឲ្យដឹង ឲ្យចប ឲ្យពន្លាក (ដល់​អាត្មា)។ ឯសាឡ្ហជាចៅ​មិគារមាតា ក៏តែង​ទៅកាន់​លំនៅ​របស់​ភិក្ខុនី​ជាញឹកញយ ដើម្បីដឹង​ការងារ​ដែលធ្វើរួចហើយ និងមិនទាន់​ធ្វើ។ ជនទាំងពីរនោះ ជាមនុស្ស​មានចិត្ត​ប្រតិព័ទ្ធ​(នឹងគ្នា) ដោយសារ​ឃើញគ្នា​រឿយៗ។ ឯសាឡ្ហជាចៅ​មិគារមាតា មិនមាន​ឱកាស​ដើម្បីធ្វើសេវនកិច្ច​នឹងសុន្ទរីនន្ទា​ភិក្ខុនីបាន ហើយក៏ធ្វើភត្ត (ប្រគេន) ភិក្ខុនីសង្ឃ ដើម្បី​ត្រូវការ​សុន្ទរីនន្ទា​ភិក្ខុនីនុ៎ះឯង។ ក្នុងវេលាដែលសាឡ្ហជាចៅ​មិគារមាតា វៀបនឹង​ក្រាលអាសនៈ​ក្នុងរោង​ឆាន់ ក៏ក្រាលអាសនៈ​ខាងម្ខាង (ដើម្បីភិក្ខុនី​ចាស់ៗ) ដោយគិតថា ពួកភិក្ខុនី​ប៉ុណ្ណេះ​រូបចាស់​ជាង​សុន្ទរីនន្ទា​​ជាម្ចាស់ ហើយក៏ក្រាលអាសនៈ​ខាងម្ខាង​(ទៀត​ដើម្បី​ភិក្ខុនីក្មេងៗ) ដោយគិតថា ពួកភិក្ខុនី​ប៉ុណ្ណេះរូប​ក្មេងជាង​សុន្ទរីនន្ទា​​ជាម្ចាស់ ទើបក្រាល​អាសនៈ​សម្រាប់​សុន្ទរីនន្ទា​ភិក្ខុនី​ក្នុង​ឱកាស​កំបាំងភ្នែក ត្រង់កៀនជញ្ជាំង ធ្វើឲ្យពួក​ភិក្ខុនី​ចាស់ៗដឹងថា សុន្ទរីនន្ទា​ភិក្ខុនីអង្គុយ​ជិតពួក​ភិក្ខុនី​ក្មេងៗ ធ្វើឲ្យពួកភិក្ខុនី​ក្មេងៗ​ដឹងថា សុន្ទរីនន្ទា​ភិក្ខុនី​អង្គុយ​ជិតភិក្ខុនីចាស់ៗ។ ទើបសាឡ្ហជាចៅ​មិគារមាតា​ប្រើមនុស្ស​ឲ្យទៅ​ទូលភត្តកាល​ដល់ភិក្ខុនី​សង្ឃថា បពិត្រ​លោកម្ចាស់ កាលគួរហើយ ភត្តសម្រេចហើយ។ សុន្ទរីនន្ទា​ភិក្ខុនី​កំណត់​(ក្នុងចិត្ត)​ថា សាឡ្ហជាចៅ​មិគារមាតា​ធ្វើភត្តដល់​ភិក្ខុនីសង្ឃ មិនមែន​ធ្វើដោយ​ការរាប់អាន​ច្រើនប៉ុន្មានទេ គាត់ប្រាថ្នា​តែនឹង​ប្រទុស្ត​ដល់អញ បើ​ប្រសិនជាអញ​ទៅ សំឡេងឆោឡោ (វឹកវរ) មុខជា​នឹងមាន​ដល់អញ (មិនខាន) គិតហើយ ក៏​បង្គាប់​ភិក្ខុនី​ជាសិស្សថា លោកចូរ​ទៅចុះ ចូរនាំយក​ចង្ហាន់ (មកឲ្យ)​ខ្ញុំផង ម្យ៉ាងទៀត បើមាន​អ្នកណា​សួរ​រកខ្ញុំ ចូរប្រាប់គេថា ខ្ញុំឈឺ។ ឯភិក្ខុនីនោះ បានស្តាប់ពាក្យ​សុន្ទរីនន្ទា​ភិក្ខុនី​ហើយ ក៏ទទួល​ពាក្យថា ករុណាលោកម្ចាស់។ សម័យនោះឯង សាឡ្ហជាចៅ​មិគារមាតា​ឈរនៅ​ខាងក្រៅខ្លោងទ្វារ ហើយសួររក​សុន្ទរីនន្ទា​ភិក្ខុនីថា បពិត្រ​លោកម្ចាស់ លោកម្ចាស់​ឈ្មោះសុន្ទរីនន្ទា​ទៅឯណា បពិត្រ​លោកម្ចាស់ លោកម្ចាស់​ឈ្មោះ​សុទ្ទរីនន្ទា​ទៅឯណា។ កាលសាឡ្ហ​ជាចៅមិគារមាតា​និយាយ​យ៉ាងនេះ​ហើយ ភិក្ខុនី​ជាសិស្ស​របស់​សុន្ទរីនន្ទា​ភិក្ខុនីក៏​និយាយ​ពាក្យនេះ​នឹង​សាឡ្ហ​ជាចៅ​មិគារមាតាថា ម្នាល​អ្នកដ៏មានអាយុ សុន្ទរីនន្ទា​ភិក្ខុនី​ឈឺ អាត្មាឯង​នឹងនាំយក​ចង្ហាន់​ទៅ (ប្រគេនលោក)។ លំដាប់នោះ សាឡ្ហ​ជាចៅ​មិគារមាតា​គិតថា អញ​បានធ្វើភត្តណា (ប្រគេន)​ភិក្ខុនីសង្ឃ ភត្តនោះ អញធ្វើ​ព្រោះហេតុតែ​​សុន្ទរីនន្ទាជាម្ចាស់ (ទេតើ) គិតហើយ ក៏បង្គាប់​ពួក​មនុស្សថា អ្នកទាំងឡាយ​ចូរអង្គាស​ភត្ត (ប្រគេន) ភិក្ខុនីសង្ឃ​ចុះ ថាហើយ ក៏ដើរទៅ​កាន់​លំនៅ​របស់ភិក្ខុនី។ លំដាប់នោះឯង សុន្ទរីនន្ទា​ភិក្ខុនីឈរ​ខាងក្រៅ​ខ្លោងទ្វារ​អារាម គយគន់​មើលសាឡ្ហ​ជាចៅ​មិគារមាតា។ សុន្ទរីនន្ទា​ភិក្ខុនីបានឃើញសាឡ្ហ​ជាចៅ​មិគារមាតាដើរ​មកអំពី​ចម្ងាយ លុះឃើញ​ហើយ ក៏ស្ទុះចូលទៅ​កាន់លំនៅ ហើយដេកលើគ្រែ ទទូរ​សម្ពត់​រហូត​ដល់ក្បាល។ លំដាប់នោះ សាឡ្ហ​ជាចៅ​មិគារមាតាក៏ចូល​សំដៅទៅរក​សុន្ទរីនន្ទា​ភិក្ខុនី លុះចូល​ទៅដល់ហើយ បាននិយាយ​ពាក្យនេះនឹង​សុន្ទរីនន្ទា​ភិក្ខុនីថា បពិត្រលោកម្ចាស់ លោកម្ចាស់​មិនសូវ​សប្បាយឬ ហេតុដូចម្តេច​បានជាសិង។ ឯសុន្ទរីនន្ទា​ភិក្ខុនី​ឆ្លើយតបថា ម្នាលអ្នក​ដ៏មានអាយុ ស្រីណា​ប្រាថ្នា​គេ ៗមិនប្រាថ្នាវិញ ហេតុនេះ​បានជាយ៉ាង​នុ៎ះឯង។ សាឡ្ហ​ជាចៅ​មិគារមាតា​ជាបុរស​មានតម្រេក ក៏​និយាយ​តបថា បពិត្រលោកម្ចាស់ ខ្ញុំមិនមែន​មិនប្រាថ្នា​លោកម្ចាស់ទេ តែថា ខ្ញុំ​មិនបានឱកាស​នឹងធ្វើ​សេវនកិច្ចនឹង​លោកម្ចាស់ (ទេតើ) ថាហើយ ក៏លូក​ចាប់ពាល់កាយ​សុន្ទរីនន្ទា​ភិក្ខុនី ដែលជា​ស្រីមានតម្រេក​ដែរ។ សម័យនោះឯង មានភិក្ខុនី​មួយរូប​ជាភិក្ខុនី​មានកំឡាំង​ថយ ព្រោះជរា ឈឺជើង សិង​ជិតសុន្ទរីនន្ទា​ភិក្ខុនី។ ឯភិក្ខុនី​ចាស់នោះ បានឃើញ​ពិតនូវ​សាឡ្ហ​ជាចៅ​មិគារមាតា​ដែល​មានតម្រេក កំពុងតែ​លូកចាប់ពាល់​កាយសុន្ទរីនន្ទា​ភិក្ខុនី​ដែលមានតម្រេក​ដែរ លុះឃើញ​ហើយ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា សុន្ទរីនន្ទា​​ជាម្ចាស់មានតម្រេក មិនគួរ​នឹង​ត្រេកអរ ឲ្យបុរសបុគ្គល​ដែលមានតម្រេក​មកចាប់ពាល់​កាយខ្លួនសោះ។ ទើបភិក្ខុនី​ចាស់នោះ ដំណាល​រឿងនុ៎ះ​ដល់ភិក្ខុនី​ទាំងឡាយ។ ពួកភិក្ខុនីណា ដែលមានសេចក្តី​ប្រាថ្នាតិច មានសេចក្តី​សន្តោស មានសេចក្តី​អៀនខ្មាស មានសេចក្តី​រង្កៀស ប្រាថ្នា​ក្នុងសិក្ខា ពួក​ភិក្ខុនី​អម្បាលនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា សុន្ទរីនន្ទា​ជាម្ចាស់​មានតម្រេក មិនគួរ​នឹងត្រេកអរ​ឲ្យបុរស​បុគ្គល ដែល​មានតម្រេក​ មកស្ទាប​អង្អែល​កាយខ្លួនទេ។ ទើបភិក្ខុនី​អម្បាលនោះ ដំណាល​រឿងនុ៎ះ​ដល់ភិក្ខុ​ទាំងឡាយ។ ឯភិក្ខុទាំងនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា សុន្ទរីនន្ទា​ភិក្ខុនី​​មានតម្រេក មិនគួរ​នឹងត្រេកអរនឹង​ឲ្យបុរស​បុគ្គល ដែល​មានតម្រេក​ ស្ទាប​អង្អែល​កាយខ្លួនសោះ។ ភិក្ខុទាំងនោះ ក្រាបទូលសេចក្តីនុ៎ះចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រោះរឿងនេះ ដំណើរ​នេះ ទើបព្រះដ៏មានព្រះភាគ​ជាម្ចាស់ ត្រាស់ឲ្យប្រជុំ​ភិក្ខុសង្ឃ ហើយទ្រង់​សួរបញ្ជាក់​ភិក្ខុទាំងឡាយ​ថា ម្នាលភិក្ខុ​ទាំងឡាយ ឮថាសុន្ទរីនន្ទាភិក្ខុនី​​មានតម្រេក ហើយត្រេកអរ​នឹងបុរស​បុគ្គល ដែល​មានតម្រេក​ មកស្ទាប​អង្អែល​កាយ ពិតមែនឬ។ ភិក្ខុទាំងឡាយ​ក្រាបទូលថា សូមទ្រង់មេត្តា​ប្រោស ពិតមែន។ ព្រះពុទ្ធដ៏​មានជោគ ទ្រង់តិះដៀលថា ម្នាលភិក្ខុទាំងឡាយ អំពើ​នៃសុន្ទរីនន្ទា​ភិក្ខុនី​នេះ មិនសមគួរ មិនទំនង មិនត្រូវបែប មិនមែនជា​របស់សមណៈ មិនគប្បីធ្វើ មិនគួរធ្វើទេ ម្នាល​ភិក្ខុ​ទាំងឡាយ សុន្ទរីនន្ទា​ភិក្ខុនី​មានតម្រេក មិនគួរ​នឹង​ត្រេកអរ​ឲ្យបុរស​បុគ្គល​ដែលមានតម្រេក​ ស្ទាប​អង្អែល​កាយ (ដូច្នេះ)​ទេ ម្នាលភិក្ខុទាំងឡាយ អំពើនេះ មិនមែន​នាំឲ្យ​ជ្រះថ្លា​ដល់ពួក​ជន​ដែលមិន​ទាន់ជ្រះថ្លា ឬនាំពួកជន​ដែលជ្រះថ្លា​ហើយ ឲ្យរឹងរឹតតែ​ជ្រះថ្លាឡើង​ទេ ម្នាល​ភិក្ខុទាំងឡាយ អំពើ​នេះ ច្បាស់​ជានាំ​បណ្តាលឲ្យ​មនុស្សពួកខ្លះដែល​មិនទាន់​ជ្រះថ្លា ឲ្យខានជ្រះថ្លា​ និងនាំ​បណ្តាល​មនុស្ស​ពួកខ្លះ​ដែលជ្រះថ្លាហើយ ឲ្យត្រឡប់​ជារាយមាយចិត្ត​បាត់ជ្រះថ្លាទៅវិញ។ គ្រានោះ ព្រះដ៏​មានព្រះភាគ​ទ្រង់តិះដៀល​សុន្ទរីនន្ទា​ភិក្ខុនី​ដោយអនេក​បរិយាយ ហើយទ្រង់​សំដែងទោស​នៃ​បុគ្គល​មានសភាព​ដែលគេ​ចិញ្ចឹមបាន​ដោយ​កម្រ រក្សាដោយកម្រ មានសេចក្តី​ប្រាថ្នាច្រើន មិនសន្តោស ច្រឡូកច្រឡំ​ដោយពួក​គណៈ និងសេចក្តី​ខ្ជិលច្រអូស ហើយទ្រង់​សំដែង​សរសើរ​គុណ​នៃ​បុគ្គល​មានសភាព​ដែលគេ​ចិញ្ចឹមងាយ រក្សាងាយ មានសេចក្តី​ប្រាថ្នាតិច ជាអ្នក​សន្តោស តែងដុសខាត់ចិត្ត កំចាត់បង់​នូវកិលេស មាន​សេចក្តីជ្រះថ្លា មិនសន្សំនូវ​កិលេសវដ្ត និងមាន​សេចក្តី​ប្រារព្ធ​ព្យាយាម ដោយអនេកបរិយាយ ហើយទ្រង់​សំដែងធម្មីកថា​ដ៏ល្មមសមគួរ​ដល់ការ​បញ្ញត្តិ​សិក្ខាបទនោះៗ ចំពោះ​ពួកភិក្ខុ ហើយទើបត្រាស់​ហៅ​ភិក្ខុទាំងឡាយ​មកថា ម្នាលភិក្ខុ​ទាំងឡាយ បើដូច្នោះ តថាគត​នឹងបញ្ញត្ត​សិក្ខាបទដល់​ពួក​ភិក្ខុនី ព្រោះអាស្រ័យ​អំណាច​ប្រយោជន៍​១០យ៉ាង គឺ ដើម្បីសេចក្តី​ល្អដល់សង្ឃ១ ដើម្បីការស្រួល​ដល់សង្ឃ១ ដើម្បីញំាញី​ពួកភិក្ខុនី​ដែល​ទ្រុស្តសីល១ ដើម្បីនៅជាសុខ​ដល់ពួកភិក្ខុនី​ដែលមានសីល​ជាទីស្រឡាញ់១ ដើម្បីឃាត់​នូវ​អាសវធម៌​ទាំងឡាយ​ក្នុងបច្ចុប្បន្ន១ ដើម្បីឃាត់​នូវ​អាសវធម៌​ទាំងឡាយ​ក្នុងបរលោក១ ដើម្បី​ញុំាង​ពួកជន​ដែលមិនទាន់​ជ្រះថ្លាឲ្យជ្រះថ្លា១ ដើម្បីញុំាង​ពួកជន​ដែលជ្រះថ្លាហើយ ឲ្យ​រឹតតែ​ជ្រះថ្លា​ឡើង១ ដើម្បីញុំាងព្រះ​សទ្ធម្ម​ឲ្យស្ថិតស្ថេរ១ ដើម្បី​អនុគ្រោះ​ដល់​ព្រះវិន័យ (បួនយ៉ាង មានសំវរវិន័យ​ជាដើម)១ ម្នាលភិក្ខុ​ទាំងឡាយ ពួកភិក្ខុនី​ត្រូវសំដែងឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា

ភិក្ខុនី​ណាមួយ​មានតម្រេក ហើយត្រេកអរ​នឹងការ​ស្ទាបក្តី អង្អែលក្តី កាន់ក្តី ពាល់ក្តី ឱបរឹតក្តី ខាងក្រោម​តាំងពី​ដងកាំបិត​ចុះមក ខាងលើ​តាំងពី​មណ្ឌលជង្គង់​ឡើងទៅ នៃបុរស​បុគ្គល​ដែលមាន​តម្រេក ភិក្ខុនីនេះ ត្រូវអាបត្តិ​បារាជិក ឈ្មោះ​ឧព្ភជានុមណ្ឌលិក (ព្រោះ​ឲ្យ​បុរស​ស្ទាប​សរីរ​ប្រទេស ខាងលើ​តាំងពី​មណ្ឌល​ជង្គង់ឡើងទៅ) ជាស្រី​មិនមាន​សំវាស។

[២] ត្រង់ពាក្យថា ណាមួយ អធិប្បាយថា (ភិក្ខុនី)​ណាមួយ ទោះចាស់ក្តី ក្មេងក្តី កណ្តាល​ក្តី ដែលប្រកប​កម្មយ៉ាងណា មានជាតិ​យ៉ាងណា មានឈ្មោះ​យ៉ាងណា មានគោត្រ​យ៉ាងណា មានសីលយ៉ាងណា មានធម៌ជា​គ្រឿង​នៅយ៉ាងណា មានគោចរយ៉ាងណា ភិក្ខុនីនោះ ហៅថា ណាមួយ។ ពាក្យថា ភិក្ខុនី សេចក្តីថា ដែលហៅថា ភិក្ខុនី ព្រោះ​ជាអ្នកសូម ហៅថា ភិក្ខុនី ព្រោះ​ជាអ្នក​ចូលទៅ​អាស្រ័យ​នឹងការ​ត្រេច​ទៅដើម្បីសូម ហៅថាភិក្ខុនី ព្រោះទ្រទ្រង់​នូវសំពត់​ដែល​កាត់ដាច់ ហៅថាភិក្ខុនី ព្រោះមាន​សភាព​ជាសមណី ហៅថាភិក្ខុនី ព្រោះបាន​ប្តេជ្ញា​ខ្លួន (​ថាជា​អ្នកបួស) ហៅថាភិក្ខុនី ព្រោះសម្រេច​ជា​ឯហិភិក្ខុនី ហៅថាភិក្ខុនី ព្រោះ​ឧបសម្បទា​ដោយ​ត្រៃសរណគមន៍ ហៅថាភិក្ខុនី ព្រោះជាស្រី​ចំរើន ហៅថាភិក្ខុនី ព្រោះមាន​ធម៌​ជាខ្លឹម ហៅថា ភិក្ខុនី ព្រោះ​ជាអ្នកសិក្សា ហៅថាភិក្ខុនី ព្រោះ​មិនបាច់​សិក្សា ហៅថាភិក្ខុនី​ ព្រោះឧភតោសង្ឃ​2) ដ៏ព្រមព្រៀងគ្នា ឲ្យឧបសម្បទាដោយ​ញត្តិចតុត្ថកម្មវាចា​ដ៏សមគួរ​ដល់ហេតុ ឥតមានកម្រើក (អន្តរាយ) បណ្តាភិក្ខុនី​ទាំងឡាយនោះ ភិក្ខុនី​ណាដែលឧភតោសង្ឃ​ព្រមព្រៀង​គ្នាឲ្យ​ឧបសម្បទា​ដោយញត្តិចតុត្ថកម្មវាចា សមគួរដល់​ហេតុឥតមាន​កម្រើក (អន្តរាយ) ភិក្ខុនីនេះ តថាគតហៅថា ភិក្ខុនី​ក្នុងសេចក្តី​នេះ។ ភិក្ខុនី​មាន​សេចក្តី​ត្រេកអរព្រម លបសំឡឹងមើល មានចិត្ត​ប្រតិព័ទ្ធ ហៅថា​មានតម្រេក។ បុរស​​ មាន​សេចក្តី​ត្រេកអរព្រម លបសំឡឹងមើល មានចិត្ត​ប្រតិព័ទ្ធ ហៅថា​បុរសមានតម្រេក។ មនុស្សប្រុស​ដែល​ដឹងក្តី អាចដើម្បី​លូកស្ទាប​អង្អែល​កាយបាន មិនមែនយក្ស មិនមែនប្រេត មិនមែន​តិរច្ឆាន ហៅថា បុរស​បុគ្គល។ ពាក្យថា ខាងក្រោម តាំងពី​ដងកាំបិត​ចុះមក គឺអវយវៈ​ជាខាងក្រោម​នៃដង​កាំបិត។ ពាក្យថា ខាងលើ តាំងពី​មណ្ឌល​ជង្គង់ឡើងទៅ គឺ​អវយវៈ​ជាខាងលើ​មណ្ឌល​នៃជង្គង់។ ដែលហៅ​ថាស្ទាប គឺគ្រាន់តែ​ប៉ះពាល់។ ដែលហៅថា​អង្អែល គឺបបោស​អង្អែល​ខាងនេះផង ខាងនោះផង។ ដែលហៅថា កាន់ គឺគ្រាន់តែចាប់។ ដែលហៅថា ពាល់ គឺគ្រាន់តែ​ប៉ះត្រូវ។ ពាក្យថា ត្រេកអរ​នឹង​ការ​ឱបរឹត គឺភិក្ខុនីត្រេកអរ​នឹងការចាប់​ខ្លួន​ឱបរឹត។ ពាក្យថា ភិក្ខុនី​នេះក្តី គឺតថាគត​ប្រៀបផ្ទឹម​គ្នានឹង​ពួក​ភិក្ខុនី​មានហើយ​ក្នុងកាលមុន។ ពាក្យថា ត្រូវអាបត្តិ​បារាជិក អធិប្បាយថា បុរស​ដែលដាច់​ក្បាល មិនអាច​ដើម្បីរស់​នៅ ដោយការតភ្ជាប់​សរីរ​នោះវិញ យ៉ាងណាមិញ ភិក្ខុនី​ដែល​មាន​តម្រេក កាលបើចូលចិត្ត​នឹងស្ទាបក្តី អង្អែលក្តី កាន់ក្តី ពាល់ក្តី ឱបរឹតក្តី ខាងក្រោម​តាំងពី​ដងកាំបិត​ចុះមក ខាងលើ​តាំងពី​មណ្ឌល​នៃជង្គង់​ឡើងទៅ នៃបុរស​បុគ្គល​ដែលមាន​តម្រេកដែរ ក៏​មិនមែន​ជាសមណី មិនមែន​ជា​សក្យធីតាឡើយ ភិក្ខុនីនោះ តថាគត​ហៅថា ត្រូវអាបត្តិ​បារាជិក ដោយហេតុ​នោះឯង។ ពាក្យថា ជាស្រី​មិនមាន​សំវាស សេចក្តីថា ដែលហៅថា​សំវាស (នោះ) គឺ​សង្ឃកម្ម​ជាមួយគ្នា ឧទ្ទេស​ជាមួយគ្នា សភាព​ជាបុគ្គល​មានសិក្ខា​ស្មើគ្នា នេះហៅថាសំវាស សំវាស​នោះ មិនមាន​មួយអន្លើ​ដោយភិក្ខុនី​នោះទេ ព្រោះហេតុ​ដូច្នោះ ទើបតថាគត​ហៅថា ជាស្រី​មិនមាន​សំវាស (គឺ​មិន​មានកិរិយា​រួបរួម​ជាមួយ​នឹងសង្ឃ)។

[៣] កាលបើជន​ទាំងពីរ​3) (គឺ​ភិក្ខុនី និងបុរស) មានតម្រេកដូចគ្នា ហើយភិក្ខុនី ឬបុរស​ស្ទាប​កាយ ដោយកាយ ខាងក្រោម​តាំងពីដងកាំបិត​ចុះមក ខាងលើ​តាំងពី​មណ្ឌលនៃជង្គង់​ឡើងទៅ (ភិក្ខុនី)​ត្រូវ​អាបត្តិ​បារាជិក។ ភិក្ខុនី ឬបុរស​ស្ទាបវត្ថុដែល​ជាប់នឹង​កាយដោយកាយ (ភិក្ខុនី)​ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ ភិក្ខុនី ឬបុរស​ស្ទាបកាយដោយវត្ថុដែល​ជាប់នឹង​កាយ ​ត្រូវ​អាបត្តិ​ទុក្កដ។ ភិក្ខុនី ឬបុរស​ស្ទាបវត្ថុ​ដែលជាប់​នឹង​កាយ ដោយវត្ថុ​ដែល​ជាប់​នឹង​កាយ ត្រូវអាបត្តិ​ទុក្កដ។ ភិក្ខុនី ឬបុរស​ស្ទាបកាយ ដោយវត្ថុដែល​សម្រាប់បោះ ឬសម្រាប់ចោល ត្រូវ​អាបត្តិ​ទុក្កដ។ ភិក្ខុនី ឬបុរស​ស្ទាបវត្ថុដែលជាប់​នឹងកាយ ដោយវត្ថុដែល​សម្រាប់បោះ ឬសម្រាប់ចោល ត្រូវ​អាបត្តិ​ទុក្កដ។ ភិក្ខុនី ឬបុរស​ស្ទាបវត្ថុដែល​សម្រាប់បោះ ឬសម្រាប់ចោល ដោយវត្ថុដែល​សម្រាប់បោះ ឬសម្រាប់ចោល (ភិក្ខុនី) ត្រូវ​អាបត្តិ​ទុក្កដ។

[៤] ភិក្ខុនី ឬបុរស​ស្ទាបកាយដោយកាយ ខាងលើ​តាំងពីដងកាំបិត​ឡើងទៅ ខាងក្រោម​តាំងពី​មណ្ឌលនៃជង្គង់ចុះមក (ភិក្ខុនី) ត្រូវអាបត្តិ​ថុល្លច្ច័យ​4) ។ ភិក្ខុនី ឬបុរស​ស្ទាបវត្ថុដែល​ជាប់​នឹងកាយដោយកាយ ត្រូវ​អាបត្តិទុក្កដ។ ភិក្ខុនី ឬបុរស​ស្ទាបកាយ ដោយវត្ថុដែលជាប់​នឹងកាយ ត្រូវ​អាបត្តិទុក្កដ។ ភិក្ខុនី ឬបុរស​ស្ទាបវត្ថុដែល​ជាប់​នឹងកាយ ដោយវត្ថុដែល​ជាប់​នឹងកាយ ត្រូវ​អាបត្តិទុក្កដ។ ភិក្ខុនី ឬបុរស​ស្ទាបកាយ ដោយវត្ថុដែល​សម្រាប់បោះ​ ឬសម្រាប់ចោល ត្រូវ​អាបត្តិទុក្កដ។ ភិក្ខុនី ឬបុរស​ស្ទាបវត្ថុដែលជាប់​នឹងកាយ ដោយវត្ថុ​ដែលសម្រាប់បោះ ឬសម្រាប់​ចោល ត្រូវ​អាបត្តិទុក្កដ។ ភិក្ខុនី ឬបុរស​ស្ទាបវត្ថុដែលសម្រាប់បោះ ឬសម្រាប់ចោល ដោយវត្ថុ​ដែលសម្រាប់​បោះ ឬសម្រាប់​ចោល (ភិក្ខុនី) ត្រូវ​អាបត្តិទុក្កដ។

[៥] កាលបើ​មានតម្រេក​តែម្ខាង​5) (គឺតែភិក្ខុនីម្ខាង) ហើយភិក្ខុនី​ ឬបុរសស្ទាប​កាយ​ដោយ​កាយ ខាង​ក្រោម​ តាំងពី​ដងកាំបិត​ចុះទៅ ខាងលើ​ តាំងពី​មណ្ឌល​នៃ​ជង្គង់​ឡើងមក (ភិក្ខុនី) ត្រូវអាបត្តិ​ថុល្លច្ច័យ។ ភិក្ខុនី ឬបុរស​ស្ទាបវត្ថុដែល​ជាប់នឹង​កាយដោយកាយ ​ត្រូវ​អាបត្តិទុក្កដ។ ភិក្ខុនី ឬបុរស​ស្ទាបកាយ​ដោយ​វត្ថុ​ដែលជាប់​នឹងកាយ ​ត្រូវ​អាបត្តិ​ទុក្កដ។ ភិក្ខុនី ឬបុរស​ស្ទាបវត្ថុ​ដែលជាប់​នឹង​កាយ ដោយវត្ថុ​ដែលជាប់​នឹងកាយ ត្រូវអាបត្តិ​ទុក្កដ។ ភិក្ខុនី ឬ​បុរស​ស្ទាបកាយ ដោយវត្ថុដែល​សម្រាប់បោះ ឬសម្រាប់ចោល ត្រូវ​អាបត្តិ​ទុក្កដ។ ភិក្ខុនី ឬបុរស​ស្ទាបវត្ថុដែលជាប់​នឹងកាយ ដោយវត្ថុដែល​សម្រាប់បោះ ឬសម្រាប់ចោល ត្រូវ​អាបត្តិ​ទុក្កដ។ ភិក្ខុនី ឬបុរស​ស្ទាបវត្ថុដែល​សម្រាប់បោះ ឬសម្រាប់ចោល ដោយវត្ថុដែល​សម្រាប់បោះ ឬសម្រាប់ចោល ត្រូវ​អាបត្តិ​ទុក្កដ។

[៦] ភិក្ខុនី ឬបុរស​ស្ទាបកាយដោយកាយ ខាងលើ​ តាំងពីដងកាំបិត​ឡើងទៅ ខាងក្រោម​តាំងពី​មណ្ឌលនៃជង្គង់ចុះមក (ភិក្ខុនី) ត្រូវអាបត្តិទុក្កដ​6) ។ ភិក្ខុនី ឬបុរស​ស្ទាបវត្ថុដែល​ជាប់​នឹងកាយដោយកាយ ត្រូវ​អាបត្តិទុក្កដ។ ភិក្ខុនី ឬបុរស​ស្ទាបកាយ ដោយវត្ថុដែលជាប់​នឹងកាយ ត្រូវ​អាបត្តិទុក្កដ។ ភិក្ខុនី ឬបុរស​ស្ទាបវត្ថុដែល​ជាប់​នឹងកាយ ដោយវត្ថុដែល​ជាប់​នឹងកាយ ត្រូវ​អាបត្តិទុក្កដ។ ភិក្ខុនី ឬបុរស​ស្ទាបកាយ ដោយវត្ថុដែល​សម្រាប់បោះ​ ឬសម្រាប់ចោល ត្រូវ​អាបត្តិទុក្កដ។ ភិក្ខុនី ឬបុរស​ស្ទាបវត្ថុដែលជាប់​នឹងកាយ ដោយវត្ថុ​ដែលសម្រាប់បោះ ឬសម្រាប់ចោល ត្រូវ​អាបត្តិទុក្កដ។ ភិក្ខុនី ឬបុរស​ស្ទាបវត្ថុដែលសម្រាប់បោះ ឬសម្រាប់ចោល ដោយវត្ថុ​ដែលសម្រាប់​បោះ ឬសម្រាប់​ចោល ត្រូវ​អាបត្តិទុក្កដ។

[៧] កាលបើជន​ទាំងពីរខាង (គឺ​​ភិក្ខុនី និងយក្សជាដើម) មានតម្រេក​ដូចគ្នា ហើយភិក្ខុនី​ ស្ទាប​កាយ ​ដោយ​កាយ ខាង​ក្រោម​ តាំងពី​ដងកាំបិត​ចុះមក ខាងលើ​ តាំងពី​មណ្ឌល​នៃ​ជង្គង់​ឡើងទៅ របស់យក្សក្តី ប្រេតក្តី ខ្ទើយក្តី តិរច្ឆាន​ដែលមាន​រាង​កាយដូច​មនុស្សក្តី ត្រូវអាបត្តិ​ថុល្លច្ច័យ។ ភិក្ខុនី​​ស្ទាបវត្ថុដែល​ជាប់នឹង​កាយ ដោយកាយ ​ត្រូវ​អាបត្តិទុក្កដ។ ភិក្ខុនីស្ទាបកាយ​ដោយ​វត្ថុ​ដែលជាប់​នឹងកាយ ​ត្រូវ​អាបត្តិ​ទុក្កដ។ ភិក្ខុនី​​ស្ទាបវត្ថុ​ដែលជាប់​នឹង​កាយ ដោយវត្ថុ​ដែលជាប់​នឹងកាយ ត្រូវអាបត្តិ​ទុក្កដ។ ភិក្ខុនី​ស្ទាបកាយ ដោយវត្ថុដែល​សម្រាប់បោះ ឬ​សម្រាប់​ចោល ត្រូវ​អាបត្តិ​ទុក្កដ។ ភិក្ខុនី​ស្ទាបវត្ថុដែលជាប់​នឹងកាយ ដោយវត្ថុដែល​សម្រាប់បោះ ឬសម្រាប់​ចោល ត្រូវ​អាបត្តិ​ទុក្កដ។ ភិក្ខុនីស្ទាបវត្ថុដែល​សម្រាប់បោះ ឬសម្រាប់ចោល ដោយវត្ថុដែល​សម្រាប់បោះ ឬសម្រាប់ចោល ត្រូវ​អាបត្តិ​ទុក្កដ។

[៨] ភិក្ខុនីស្ទាបកាយដោយកាយ ខាងលើ ​តាំងពីដងកាំបិត​ឡើងទៅ ខាងក្រោម​ តាំងពី​មណ្ឌលនៃជង្គង់ចុះមក ត្រូវអាបត្តិទុក្កដ។ ភិក្ខុនីស្ទាបវត្ថុដែល​ជាប់​នឹងកាយ ដោយកាយ ត្រូវ​អាបត្តិទុក្កដ។ ភិក្ខុនី​ស្ទាបកាយ ដោយវត្ថុដែលជាប់​នឹងកាយ ត្រូវ​អាបត្តិទុក្កដ។ ភិក្ខុនី​ស្ទាបវត្ថុដែល​ជាប់​នឹងកាយ ដោយវត្ថុដែល​ជាប់​នឹងកាយ ត្រូវ​អាបត្តិទុក្កដ។ ភិក្ខុនី​ស្ទាបកាយ ដោយវត្ថុដែល​សម្រាប់បោះ​ ឬសម្រាប់ចោល ត្រូវ​អាបត្តិទុក្កដ។ ភិក្ខុនី​ស្ទាបវត្ថុដែលជាប់​នឹងកាយ ដោយវត្ថុ​ដែលសម្រាប់បោះ ឬសម្រាប់ចោល ត្រូវ​អាបត្តិទុក្កដ។ ភិក្ខុនី​ស្ទាបវត្ថុដែលសម្រាប់បោះ ឬសម្រាប់ចោល ដោយវត្ថុ​ដែលសម្រាប់​បោះ ឬសម្រាប់​ចោល ត្រូវ​អាបត្តិទុក្កដ។

[៩] កាលបើមានតម្រេក​តែម្ខាង (គឺខាង​​ភិក្ខុនីតែម្ខាង) ហើយភិក្ខុនី​​ស្ទាប​កាយ​(របស់​យក្ស​ជាដើម) ​ដោយ​កាយរបស់ខ្លួន ខាង​ក្រោម​ តាំងពី​ដងកាំបិត​ចុះមក ខាងលើ​ តាំងពី​មណ្ឌល​នៃ​ជង្គង់​ឡើងទៅ (ភិក្ខុនី) ​ត្រូវ​អាបត្តិទុក្កដ។ ភិក្ខុនីស្ទាបវត្ថុដែល​ជាប់​នឹងកាយ ​ដោយកាយ ​ត្រូវ​អាបត្តិ​ទុក្កដ។ ភិក្ខុនី​​ស្ទាប​កាយ ដោយវត្ថុ​ដែលជាប់​នឹងកាយ ត្រូវអាបត្តិ​ទុក្កដ។ ភិក្ខុនី​ស្ទាបវត្ថុ​ដែល​ជាប់​នឹងកាយ ដោយវត្ថុដែល​ជាប់​នឹងកាយ ត្រូវអាបត្តិ​ទុក្កដ។ ភិក្ខុនី​ស្ទាបកាយ ដោយវត្ថុដែល​សម្រាប់​បោះ ឬ​សម្រាប់​ចោល ត្រូវ​អាបត្តិ​ទុក្កដ។ ភិក្ខុនី​ស្ទាបវត្ថុដែលជាប់​នឹងកាយ ដោយវត្ថុដែល​សម្រាប់បោះ ឬសម្រាប់​ចោល ត្រូវ​អាបត្តិ​ទុក្កដ។ ភិក្ខុនីស្ទាបវត្ថុដែល​សម្រាប់បោះ ឬសម្រាប់​ចោល ដោយវត្ថុដែល​សម្រាប់បោះ ឬសម្រាប់ចោល ត្រូវ​អាបត្តិ​ទុក្កដ។

[១០] ភិក្ខុនីស្ទាបកាយ ដោយកាយ ខាងលើ ​តាំងពីដងកាំបិត​ឡើងទៅ ខាងក្រោម​ តាំងពី​មណ្ឌលនៃជង្គង់ចុះមក ត្រូវអាបត្តិទុក្កដ។ ភិក្ខុនីស្ទាបវត្ថុដែល​ជាប់​នឹងកាយ ដោយកាយ ត្រូវ​អាបត្តិទុក្កដ។ ភិក្ខុនី​ស្ទាបកាយ ដោយវត្ថុដែលជាប់​នឹងកាយ ត្រូវ​អាបត្តិទុក្កដ។ ភិក្ខុនី​ស្ទាបវត្ថុ​ដែល​​ជាប់​នឹងកាយ ដោយវត្ថុដែល​ជាប់​នឹងកាយ ត្រូវ​អាបត្តិទុក្កដ។ ភិក្ខុនី​ស្ទាបកាយ ដោយ​វត្ថុ​ដែល​​សម្រាប់បោះ​ ឬសម្រាប់ចោល ត្រូវ​អាបត្តិទុក្កដ។ ភិក្ខុនី​ស្ទាបវត្ថុដែលជាប់​នឹងកាយ ដោយវត្ថុ​ដែលសម្រាប់បោះ ឬសម្រាប់ចោល ត្រូវ​អាបត្តិទុក្កដ។ ភិក្ខុនី​ស្ទាបវត្ថុដែលសម្រាប់បោះ ឬសម្រាប់​ចោល ដោយវត្ថុ​ដែលសម្រាប់​បោះ ឬសម្រាប់​ចោល ត្រូវ​អាបត្តិទុក្កដ។

[១១] វារៈ​ដែល​មិនត្រូវអាបត្តិ (ក្នុងសិក្ខាបទ​នេះមាន​៨យ៉ាង) គឺ ភិក្ខុនី​មិនក្លែង១ មិនមាន​ស្មារតី១ មិនដឹងខ្លួន១ មិនត្រេកអរ១ ឆ្កួត១ មានចិត្តរវើរវាយ១ វេទនា​គ្របសង្កត់១ ភិក្ខុនី​ជាខាង​ដើមបញ្ញត្តិ១។

បារាជិក ទី ១ ចប់។

បារាជិក ទី២

(២. ទុតិយបារាជិកំ)

[១២] សម័យនោះ ព្រះសព្វញ្ញូពុទ្ធ​ដ៏មានជោគ គង់នៅ​វត្តជេតវន​របស់​អនាថបិណ្ឌិក​​សេដ្ឋី​ទៀប​ក្រុង​សាវត្ថី។ សម័យនោះឯង សុន្ទរីនន្ទាភិក្ខុនី​មានគភ៌​ដោយសាឡ្ហ​ជា​ចៅ​មិគារមាតា។ កាល​គភ៌ខ្ចីនៅឡើយ ក៏អាចបិទបាំងទុកបាន។ លុះគភ៌​(នោះ)​ចាស់​(ជិត​គ្រប់​ខែ) ភិក្ខុនី​នោះក៏សឹកទៅ ហើយ​សម្រាលកូន។ ភិក្ខុនី​ទាំងឡាយ​បាន​និយាយ​ពាក្យ​នេះ​នឹង​ថុល្លនន្ទា​ភិក្ខុនី​ថា បពិត្រ​លោកម្ចាស់ សុន្ទរីនន្ទា​សឹក​ទៅមិនទាន់បាន​យូរប៉ុន្មាន​ក៏សម្រាល (កូន​ភ្លាម)​ សុន្ទរីនន្ទា​នោះ មានគភ៌​តាំងអំពី​នៅជាភិក្ខុនី​នៅឡើយ​ទេឬ។ ថុល្លនន្ទាភិក្ខុនី​​ឆ្លើយ​តប​ថា យ៉ាង​ហ្នឹង​ហើយ លោក​​ម្ចាស់។ ពួក​ភិក្ខុនី​អម្បាល​នោះ ក៏​និយាយ​ថា បពិត្រ​លោក​ម្ចាស់ (បើ) លោក​ម្ចាស់​ដឹង​ថា ភិក្ខុនី​ត្រូវ​​អាបត្តិបារាជិកហើយ ចុះ​​ហេតុ​​ដូចម្តេច​​បាន​ជា​លោកម្ចាស់​មិន​ចោទ​ដោយខ្លួន​ឯង និងមិន​ប្រាប់​ដល់ពួក​គណៈ។ ឯថុល្លនន្ទាភិក្ខុនី​ក៏និយាយ​ថា ទោសណា​​ដែល​កើត​ឡើងដល់​សុន្ទរីនន្ទា​នុ៎ះ ទោស​នោះ​នឹង​មាន​ដល់​ខ្ញុំ កេរ្តិ៍អាក្រក់​ណា​ដែល​កើត​ឡើង​ដល់​សុន្ទរីនន្ទា​​​នោះ កេរ្តិ៍​អាក្រក់​នោះ​នឹង​មាន​ដល់​ខ្ញុំ សេចក្តី​អាប់យស​7) ​ណា​ដែល​កើត​ឡើង​ដល់​សុន្ទរីនន្ទា​​នុ៎ះ ​សេចក្តី​អាប់​យស​នោះ​នឹង​មាន​ដល់​ខ្ញុំ សេចក្តី​សូន្យ​លាភ​ណា​ដែល​កើត​ឡើង​ដល់​សុន្ទរីនន្ទា​នុ៎ះ សេចក្តី​​សូន្យ​​លាភ​​នោះ​​នឹង​​មាន​​ដល់​ខ្ញុំ (មិន​ខាន) បពិត្រ​លោក​ម្ចាស់ (បើ​ដូច្នេះ) ខ្ញុំ​នឹង​ប្រាប់​ទោស​របស់​ខ្លួន កេរ្តិ៍​អាក្រក់​របស់​ខ្លួន សេចក្តី​អាប់យស​​របស់​​ខ្លួន​​ សេចក្តី​សូន្យ​លាភ​របស់​ខ្លួន​ដល់​ពួក​ជន​ដទៃ​ដូច​ម្តេច​បាន។ ពួក​ភិក្ខុនី​ណា​ដែល​មាន​សេចក្តី​ប្រាថ្នា​តិច។បេ។ ពួក​​ភិក្ខុនី​អម្បាល​​នោះ ​ក៏​ពោល​ទោស តិះដៀល បន្តុះ​បង្អាប់​ថា ថុល្លនន្ទា​ជា​ម្ចាស់​ ដឹង​ថា ភិក្ខុនី​ត្រូវ​អាបត្តិបារាជិកហើយ មិន​គួរ​នឹង​មិន​ចោទ​ដោយ​ខ្លួន​ឯង និងមិន​ប្រាប់​ដល់​ពួក​គណៈ​សោះ។ លំដាប់​នោះ​ ពួក​ភិក្ខុនី​អម្បាល​នោះ ដំណាល​​រឿង​នុ៎ះ​ដល់​ភិក្ខុ​ទាំងឡាយ។ ភិក្ខុ​ទាំងឡាយ​ក៏​ក្រាប​ទូល​សេចក្តីនុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះភាគ។ ព្រោះ​រឿង​នេះ ដំណើរ​​នេះ ព្រះ​ដ៏​មាន​ព្រះ​ភាគ​ជា​ម្ចាស់ ​ត្រាស់​ប្រជុំ​ភិក្ខុ​សង្ឃ​ ទ្រង់​សំដែង​ធម្មីកថា ហើយ​ទ្រង់​សួរ​បញ្ជាក់​ពួក​ភិក្ខុ​ថា ​ម្នាល​​ភិក្ខុ​​ទាំងឡាយ ឮ​ថា​ថុល្លនន្ទាភិក្ខុនី​ដឹង​ថា ភិក្ខុនី​ត្រូវ​អាបត្តិបារាជិកហើយ មិន​ចោទ​ដោយ​ខ្លួន​ឯង និង មិន​​ប្រាប់​​ដល់​​ពួក​គណៈ ពិត​មែន​ឬ។ ភិក្ខុ​ទាំងឡាយ​ក្រាប​ទូល​ថា សូម​ទ្រង់​មេត្តា​ប្រោស ពិតមែន។ ព្រះ​សម្ពុទ្ធ​​ដ៏​​មាន​​ព្រះភាគ ​​ទ្រង់តិះដៀល​ថា ម្នាល​ភិក្ខុ​ទាំងឡាយ​ ថុល្លនន្ទាភិក្ខុនី​ដឹង​ថា ភិក្ខុនី​ត្រូវ​អាបត្តិបារាជិកហើយ មិន​​គួរ​​នឹង​​មិន​​ចោទ​​ដោយ​​ខ្លួន​ឯង និងមិន​ប្រាប់​ដល់​ពួកគណៈ​ទេ នែ​ភិក្ខុ​ទាំងឡាយ​ អំពើ​នេះ​មិន​មែន​នាំ​ឲ្យ​ជ្រះថ្លា​ដល់​ពួក​ជន​ដែល​មិន​ទាន់​ជ្រះថ្លា និង​មិន​​មែន​នាំ​​ឲ្យ​រឹតតែ​ជ្រះ​ថ្លា​ដល់​ពួក​ជន​ដែល​ជ្រះថ្លា​ហើយ​នោះ​ទេ ម្នាល​ភិក្ខុ​ទាំងឡាយ អំពើ​​នេះ​​ច្បាស់​​ជា​​នាំ​​បណ្តាល​ឲ្យ​​មនុស្ស​​ពួក​​ខ្លះ​​ដែល​មិន​​ទាន់​​ជ្រះ​ថ្លា​ឲ្យ​ខាន​ជ្រះថ្លា និង​នាំ​បណ្តាល​ពួក​មនុស្ស​ខ្លះ​ដែល​ជ្រះ​ថ្លា​ហើយ​ឲ្យ​ត្រឡប់​ជា​ទាស់​ចិត្ត​បាត់​ជ្រះថ្លា​ទៅ​វិញ។បេ។ ម្នាល​ភិក្ខុទាំងឡាយ ពួកភិក្ខុនី ចូរសំដែង​ឡើង​នូវសិក្ខាបទនេះ​យ៉ាងនេះ​ថា

ភិក្ខុនី​ណាមួយ​ដឹងថា ភិក្ខុនីផង​គ្នាត្រូវ​​អាបត្តិ​បារាជិក ហើយ​មិន​ចោទ​ដោយខ្លួន​ឯង និងមិន​ប្រាប់ដល់​ពួកគណៈ កាលណា​បើភិក្ខុនីនោះ​ស្ថិតនៅក្តី ច្យុត​ហើយ​ក្តី វិនាស​ហើយក្តី ចៀស​ទៅ​កាន់លទ្ធិ​ដទៃហើយ​ក្តី ទោះភិក្ខុនី​ដែលដឹង​រឿងនោះ និយាយ​យ៉ាងនេះ​ក្នុងកាលជា​ខាងក្រោយ​ថា បពិត្រ​លោកម្ចាស់ ខ្ញុំ​បាន​ដឹង (រឿង) ភិក្ខុនី​នោះថា នាងនោះ​មានសភាព​យ៉ាងនេះ​មួយ យ៉ាងនេះ​មួយ ក្នុងកាល​មុនដែរ ប៉ុន្តែ​ខ្ញុំ​មិន​បាន​ចោទ​ចំពោះ​ខ្លួន​ឯង និងមិន​បានប្រាប់​ដល់ពួក​គណៈទេ ដូច្នេះ​ភិក្ខុនីនេះ ក៏ត្រូវ​អាបត្តិបារាជិក ឈ្មោះ​វជ្ជបដិច្ឆាទិក (ព្រោះ​ជួយ​បិទ​បាំង​ទោសគេ) ជាស្រី​មិនមាន​សំវាស។

[១៣] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីដូចគ្នានឹងសិក្ខាបទទី១ នៃបារាជិកកណ្ឌ​នេះ។ ដែលហៅថា​ដឹង គឺ​ភិក្ខុនី​ដឹង​ខ្លួនឯងក្តី មានពួក​អ្នកដទៃ​មកប្រាប់​ដល់ភិក្ខុនី​នោះក្តី ភិក្ខុនី​ដែលត្រូវ​បារាជិក​នោះប្រាប់​ក្តី។ ពាក្យថា ត្រូវ​អាបត្តិ​បារាជិក អធិប្បាយ​ថា បណ្តាបារាជិក​ទាំង៨ (ដឹងថា) ត្រូវបារាជិក​ណាមួយ។ ពាក្យថា មិនចោទ​ដោយខ្លួន​ឯង គឺមិនប្តឹង (ជំនុំសង្ឃ) នឹង​ខ្លួន​ឯង។ ពាក្យថា មិនប្រាប់ដល់ពួកគណៈ គឺមិនប្រាប់​ដល់ពួក​ភិក្ខុនីឯទឿត។

[១៤] ត្រង់ពាក្យថា កាលណាបើភិក្ខុនីនោះស្ថិតនៅក្តី គឺដែលហៅថា ស្ថិតនៅ​ បានដល់​ភិក្ខុនី​ស្ថិត​នៅក្នុងភេទ​នៃ​ខ្លួន​ដដែល។ ដែលហៅថា ច្យុត គឺធ្វើ​កាលកិរិយា​ស្លាប់ទៅ​ហើយ។ សឹកខ្លួន​ឯងក្តី ពួកភិក្ខុនី​ឯទៀតឲ្យ​វិនាសក្តី ហៅថា វិនាស​​ហើយ។ ចៀស​ទៅកាន់​លទ្ធិតិរ្ថិយ ហៅថា ចៀស​ទៅកាន់​លទ្ធិដទៃ។

[១៥] ត្រង់ពាក្យថា ទោះភិក្ខុនី​ដែលដឹង​រឿងនោះ​និយាយ​យ៉ាងនេះ​ក្នុងកាល​ជាខាង​ក្រោយ​ថា បពិត្រ​លោកម្ចាស់ ខ្ញុំបានដឹង (រឿង) ភិក្ខុនី​នោះថា នាងនេះ​មានសភាព​យ៉ាងនេះ​មួយ យ៉ាងនេះ​មួយ ក្នុងកាល​មុនដែរ ប៉ុន្តែ​ខ្ញុំមិនបាន​ចោទ​ចំពោះខ្លួន​ឯង សេចក្តី​ថា ខ្ញុំមិន​បានប្តឹង (ជំនុំ​សង្ឃ) នឹង​ខ្លួនឯង។ ពាក្យថា ខ្ញុំមិនបាន​ប្រាប់ដល់​ពួកគណៈ អធិប្បាយថា ខ្ញុំ​មិន​ប្រាប់​​ដល់​ពួក​ភិក្ខុនី​ដទៃ​ឡើយ។

[១៦] ត្រង់ពាក្យថា ភិក្ខុនីនេះក្តី តថាគត​ពោលប្រៀបផ្ទឹម​នឹងពួកភិក្ខុនី​ដែលត្រូវ​អាបត្តិ​​បារាជិក​មុនៗ។ ពាក្យ​ថា ត្រូវ​អាបត្តិបារាជិក អធិប្បាយថា ធម្មតា​ស្លឹកឈើទុំ​ដែលជ្រុះផុត​អំពីទង​ហើយ មិនគួរ​លូតលាស់​ឡើងវិញ​បាន មានគួរនា​​យ៉ាងណា​មិញ ភិក្ខុនី​ដែលដឹង​ថា ភិក្ខុនី​ផងគ្នា​ត្រូវ​អាបត្តិ​បារាជិក​ហើយ គ្រាន់តែដាក់​ធុរៈ​ថា អញ​មិន​​ចោទ​ចំពោះ​​ខ្លួន​ឯង អញ​មិនប្រាប់​ដល់ពួក​គណៈ​ដូច្នេះ ក៏មិនមែន​ជា​សមណី មិនមែន​ជាធីតា​របស់​ព្រះពុទ្ធ​ជាសក្យត្រកូល​​ឡើយ ព្រោះ​ហេតុ​នោះ ភិក្ខុនីនោះ​ បានជា​តថាគត​ហៅថា ត្រូវ​​អាបត្តិ​បារាជិក។ ពាក្យថា មិន​មាន​​សំវាស អធិប្បាយ​ថា ដែលហៅថា សំវាស (នោះ) គឺ​សង្ឃកម្ម​ជាមួយ​គ្នា ឧទ្ទេស​ជាមួយគ្នា សភាព​​ជា​បុគ្គល​​មាន​សិក្ខា​ស្មើគ្នា នេះហៅថា សំវាស សំវាស​នុ៎ះមិន​​មាន​ជា​មួយ​​នឹង​ភិក្ខុនី​នោះ ព្រោះហេតុ​ដូច្នោះ បាន​ជា​តថាគត​ហៅថា ជាភិក្ខុនី​មិនមាន​សំវាស។

[១៧] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៨យ៉ាង) គឺ ភិក្ខុនី​មិនប្រាប់​ព្រោះ​គិតថា សេចក្តី​កហេតុក្តី សេចក្តី​ឈ្មោះ​ប្រកែកក្តី សេចក្តី​ប្រកាន់​ផ្សេងគ្នាក្តី សេចក្តី​វិវាទក្តី នឹងកើត​មានដល់​សង្ឃ១ មិនប្រាប់​ព្រោះគិត​ថា សង្ឃបែក​បាក់គ្នា ឬសេចក្តី​ប្រេះឆា​នៃសង្ឃ​នឹងកើត​មាន១ មិនប្រាប់​ព្រោះគិត​ថា ភិក្ខុនី​នេះកោង​កាច​អាក្រក់ ក្រែង​នឹងធ្វើ​អន្តរាយ​ដល់ជីវិត ឬអន្តរាយ​ដល់​ព្រហ្មចរិយធម៌១ ភិក្ខុនីនោះ​មិនទាន់ឃើញ​ពួកភិក្ខុនី​ឯទៀត​ដ៏សមគួរ​ ទើប​មិនប្រាប់១ ភិក្ខុនី​នោះ​មិនមាន​សេចក្តី​ប្រាថ្នា​នឹងបិទ​បាំង​មិនប្រាប់១ ភិក្ខុនី​មិនប្រាប់​ព្រោះគិត​ថា ភិក្ខុនីនោះ​នឹង​ប្រាកដ​ដោយ​កម្ម​ជារបស់ខ្លួន​(មិនខាន)១​ ភិក្ខុនីឆ្កួត១ ភិក្ខុនី​ខាង​ដើមបញ្ញត្តិ១។

បារាជិក ទី ២ ចប់។

បារាជិក ទី៣

(៣. តតិយបារាជិកំ)

[១៨] សម័យនោះ ព្រះពុទ្ធ​ដ៏មានព្រះភាគ គង់ក្នុងជេតវនារាម ​របស់​អនាថបិណ្ឌិក​​សេដ្ឋី​ទៀប​ក្រុង​សាវត្ថី។ សម័យនោះឯង ថុល្លនន្ទាភិក្ខុនី​ប្រព្រឹត្ត​តាមភិក្ខុ​ឈ្មោះអរិដ្ឋ ជាអ្នក​កើត​ក្នុង​ត្រកូល​អ្នកសម្លាប់​ត្មាត ដែលសង្ឃ​ព្រមព្រៀង​គ្នាលើកវត្តហើយ។ ​ភិក្ខុនីទាំងឡាយ​​ណា មាន​សេចក្តី​ប្រាថ្នា​តិច។បេ។ ​​ភិក្ខុនីទាំងឡាយ​នោះ ​ក៏​ពោល​ទោស តិះដៀល បន្តុះ​បង្អាប់​ថា លោកម្ចាស់​ថុល្លនន្ទា មិនសមបើ​នឹងប្រព្រឹត្តតាម​អរិដ្ឋភិក្ខុ ជាអ្នកកើត​ក្នុងត្រកូល​អ្នកសម្លាប់​ត្មាត ដែលសង្ឃ​ព្រមព្រៀង​គ្នាលើកវត្ត​ហើយ​សោះ។បេ។ ​ទ្រង់ត្រាស់​សួរ​ថា ​ម្នាល​​ភិក្ខុ​​ទាំងឡាយ ឮ​ថា​ថុល្លនន្ទាភិក្ខុនី​ប្រព្រឹត្តតាម​អរិដ្ឋភិក្ខុ ជាអ្នកកើត​ក្នុងត្រកូល​អ្នកសម្លាប់​ត្មាត ដែលសង្ឃ​ព្រមព្រៀង​គ្នាលើកវត្ត​ហើយ ពិត​មែន​ឬ។ ភិក្ខុ​ទាំងឡាយ​ក្រាប​ទូល​ថា បពិត្រ​ព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះ​ពុទ្ធ​​ដ៏​មានជោគ ​​ទ្រង់បន្ទោស​ថា ម្នាល​ភិក្ខុ​ទាំងឡាយ​ ថុល្លនន្ទាភិក្ខុនី​ មិនគួរ​បើនឹង​ប្រព្រឹត្ត​តាម​អរិដ្ឋភិក្ខុ ជាអ្នកកើត​ក្នុងត្រកូល​អ្នកសម្លាប់​ត្មាត ដែលសង្ឃ​ព្រមព្រៀង​គ្នាលើកវត្ត​ហើយទេ ម្នាល​ភិក្ខុ​ទាំងឡាយ អំពើ​នេះ​មិន​មែន​នាំ​ឲ្យ​ជ្រះថ្លា​ដល់​ពួក​ជន​ដែល​មិន​ទាន់​ជ្រះថ្លាហើយ​ទេ។បេ។ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុនីទាំងឡាយ ចូរសំដែង​ឡើង​នូវសិក្ខាបទនេះ​យ៉ាងនេះ​ថា

ភិក្ខុនី​ណាមួយប្រព្រឹត្តតាម​ភិក្ខុ ដែលសង្ឃ​ព្រមព្រៀង​គ្នាលើកវត្ត​​តាមធម៌ តាមវិន័យ តាមពាក្យ​ប្រៀន​ប្រដៅ​របស់​ព្រះសាស្តា ជាភិក្ខុ​មិនអើពើ ជាភិក្ខុដែល​សង្ឃ​ជួយ​ជ្រោមជ្រែង​មិនបាន ជាភិក្ខុ​មិនមាន​ការរួបរួម​ជាមួយ​នឹងសង្ឃ ភិក្ខុនីនោះ ត្រូវភិក្ខុនី​ទាំងឡាយ​និយាយ​យ៉ាងនេះថា នែ​លោកម្ចាស់ ភិក្ខុនេះ​ឯង ដែល​សង្ឃ​ព្រមព្រៀង​គ្នាលើកវត្ត​​តាមធម៌ តាមវិន័យ តាមពាក្យ​ប្រៀន​ប្រដៅ​របស់​ព្រះសាស្តា ជាភិក្ខុ​មិនអើពើ ជាភិក្ខុដែល​សង្ឃ​ជួយ​ជ្រោមជ្រែង​មិនបាន ជាភិក្ខុ​មិនមាន​ការរួបរួម​ជាមួយ​នឹងសង្ឃ នែលោកម្ចាស់ លោកកុំ​ប្រព្រឹត្ត​តាមភិក្ខុ​នេះឡើយ ភិក្ខុនី​នោះ កាលភិក្ខុនី​ទាំងឡាយ​និយាយ​ឲ្យ​យ៉ាងនេះ នៅតែ​ប្រកាន់​យ៉ាងនោះ​ដដែល ភិក្ខុនី​នោះ ត្រូវ​ភិក្ខុនី​ទាំងឡាយ​សូត្រសមនុភាសនកម្ម​ជាគំរប់​បីដង ដើម្បី​ឲ្យលះបង់​វត្ថុនោះ បើភិក្ខុនី​នោះ កាលត្រូវ​ភិក្ខុនី​ទាំងឡាយ​សូត្រសមនុភាសនកម្ម​ជាគំរប់បីដង លះបង់វត្ថុ​នោះបាន ការលះបង់​បាន​នោះ ជាការល្អ បើមិនលះ​បង់ទេ ភិក្ខុនីនេះ ក៏ត្រូវ​បារាជិក ឈ្មោះ​ឧក្ខិត្តានុវត្តិក (ព្រោះប្រព្រឹត្ត​តាម​ភិក្ខុដែល​សង្ឃ​លើកវត្ត) ជាស្រី​មិនមាន​សំវាស។

[១៩] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយ​ក្នុងសិក្ខាបទទី១ នៃ​បារាជិកកណ្ឌ​នេះ​រួចហើយ។ សង្ឃដែលមាន​សំវាស​ស្មើគ្នា ស្ថិតនៅក្នុង​សីមាស្មើគ្នា ឈ្មោះថា ព្រមព្រៀងគ្នា។ ភិក្ខុដែល​ឈ្មោះថា សង្ឃលើកវត្ត​ហើយ គឺ​ភិក្ខុដែល​សង្ឃ​លើកវត្ត ព្រោះ​មិនឃើញ​អាបត្តិ​ក្តី ព្រោះ​មិនធ្វើតប​អាបត្តិក្តី​8) ព្រោះ​មិនលះបង់ (ទិដ្ឋិអាក្រក់)​ក្តី។ ពាក្យថា តាមធម៌ តាមវិន័យ គឺតាមធម៌​ឯណា តាមវិន័យ​ឯណា។ ពាក្យថា តាមពាក្យ​ប្រៀនប្រដៅ​របស់ព្រះសាស្តា គឺតាមពាក្យ​ប្រៀន​ប្រដៅ​របស់​ព្រះជិនស្រី គឺតាម​ពុទ្ធសាសនា។ ដែលហៅថា មិនអើពើ គឺភិក្ខុមិន​អើពើ​នឹងសង្ឃក្តី គណៈ​ក្តី បុគ្គលក្តី កម្មក្តី។ ភិក្ខុដែល​សង្ឃ​លើកវត្ត​ហើយ មិនហៅចូល​ពួក ឈ្មោះថា ជាភិក្ខុ​ដែលសង្ឃ​ជួយ​ជ្រោមជ្រែង​មិនបាន។ ដែលហៅថា មិនមានការរួបរួម​ជាមួយ​នឹងសង្ឃ គឺភិក្ខុ​ទាំងឡាយ​ដែលមាន​សំវាស​ស្មើគ្នា តថាគត​ហៅថា មានការរួបរួម​ជាមួយគ្នា ការរួបរួម​ជាមួយ​គ្នានោះ មិនមាន​មួយ​អន្លើ​ដោយ​ភិក្ខុ​ទាំងឡាយនោះទេ ហេតុនោះ ភិក្ខុនោះ​ ទើបតថាគត​ហៅថា ជាភិក្ខុ​មិនមាន​ការរួបរួម​ជាមួយ​នឹងសង្ឃ។ ពាក្យថា ប្រព្រឹត្តតាម​ភិក្ខុនោះ គឺភិក្ខុនោះ​មានទិដ្ឋិ​យ៉ាងណា មានសេចក្តី​ចូលចិត្ត​យ៉ាងណា មានសេចក្តី​គាប់ចិត្ត​យ៉ាងណា ភិក្ខុនី​នោះ ក៏មាន​ទិដ្ឋិយ៉ាងនោះ មានសេចក្តី​ចូលចិត្ត​យ៉ាងនោះ មានសេចក្តី​គាប់ចិត្ត​យ៉ាងនោះដែរ។

[២០] ត្រង់ពាក្យថា ភិក្ខុនីនោះ គឺភិក្ខុនី​ដែល​ប្រព្រឹត្ត​តាមភិក្ខុ​ដែលសង្ឃ​លើកវត្ត​ហើយនោះ។ ពាក្យថា ដែលភិក្ខុនី​ទាំងឡាយ គឺភិក្ខុនី​ទាំងឡាយដទៃ។ ភិក្ខុនី​ទាំងឡាយ​ឯណា​ឃើញ​ ភិក្ខុនី​ឯណាឮ ភិក្ខុនី​ទាំងឡាយ​នោះ​ត្រូវនិយាយ​នឹង​ភិក្ខុនី​នោះថា នែលោកម្ចាស់ ភិក្ខុនេះ​ឯង​ដែលសង្ឃ​ព្រមព្រៀង​គ្នា​លើកវត្ត​ហើយតាមធម៌ តាមវិន័យ តាមពាក្យ​ប្រៀនប្រដៅ​របស់​ព្រះសាស្តា គឺជា​ភិក្ខុ​មិនអើពើ ជាភិក្ខុ​ដែលសង្ឃ​ជួយជ្រោមជ្រែង​មិនបាន ជាភិក្ខុ​មិនមាន​ការ​រួបរួម​ជាមួយ​នឹងសង្ឃ នែលោកម្ចាស់ លោកកុំ​ប្រព្រឹត្ត​តាមភិក្ខុនេះឡើយ។ ភិក្ខុនីនោះ​ ត្រូវភិក្ខុនី​ទាំងឡាយ​និយាយអស់វារៈ​គំរប់ពីរដងផង ត្រូវនិយាយ​អស់វារៈ​គំរប់​បីដងផង។ បើភិក្ខុនី​នោះ​លះបង់បាន ការលះបង់​បាន​នេះ​ ជាការល្អ បើលះ​បង់មិនបានទេ ភិក្ខុនីនោះត្រូវ​អាបត្តិទុក្កដ។ ភិក្ខុនី​ទាំងឡាយ​(ឯទៀត) ឮហើយ មិននិយាយ ត្រូវអាបត្តិ​ទុក្កដ។ ត្រូវសង្ឃ​ទាញ​ភិក្ខុនី​នោះ មកកាន់​ទីកណ្តាល​សង្ឃ ហើយនិយាយ​ថា នែនាង​ភិក្ខុនី ភិក្ខុនេះឯង​ ដែលសង្ឃព្រមព្រៀង​គ្នាលើក​វត្ត​តាមធម៌ តាមវិន័យ តាមពាក្យ​ប្រៀនប្រដៅ​របស់​ព្រះសាស្តា ជាភិក្ខុ​មិនអើពើ ជាភិក្ខុ​ដែលសង្ឃ​ជួយ​ជ្រោមជ្រែង​មិនបាន ជាភិក្ខុ​មិនមាន​ការ​រួបរួម​ជាមួយ​នឹង​សង្ឃ នែនាង​ភិក្ខុនី នាង​កុំ​ប្រព្រឹត្ត​តាមភិក្ខុ​នេះឡើយ។ ត្រូវសង្ឃ​និយាយ​ឲ្យភិក្ខុនី​នោះអស់វារៈ​ជាគំរប់ពីរដងផង ត្រូវ​និយាយ​អស់វារៈ​ជាគំរប់​បីដងផង។ បើភិក្ខុនី​នោះលះបង់បាន ការលះបង់​បាន​នេះ ជាការល្អ បើលះ​បង់មិនបាន​ទេ ត្រូវ​អាបត្តិទុក្កដ។

[២១] ភិក្ខុនីនោះ ត្រូវភិក្ខុនី​ទាំងឡាយ​សូត្រសមនុភាសនវិធី។ ម្នាលភិក្ខុ​ទាំងឡាយ សង្ឃ​ត្រូវសូត្រ​សមនុភាសនវិធី (ចំពោះ​ភិក្ខុនី​ឈ្មោះ​នោះ) យ៉ាងនេះ។ ភិក្ខុនី​ដែល​ឆ្លាស​ប្រតិពល ត្រូវ​ផ្តៀងសង្ឃ​ឲ្យដឹងថា បពិត្រ​លោកម្ចាស់ សូមព្រះសង្ឃ​ស្តាប់ខ្ញុំ ភិក្ខុនីនេះ​ឈ្មោះនេះ​ប្រព្រឹត្ត​តាម​ភិក្ខុនោះ​ដែលសង្ឃ​ព្រមព្រៀង​គ្នា​លើកវត្ត តាមធម៌ តាមវិន័យ តាមពាក្យ​ប្រៀនប្រដៅ​របស់​ព្រះសាស្តា ជា​ភិក្ខុ​មិនអើពើ សង្ឃ​ជួយជ្រោមជ្រែង​មិនបាន មិនមាន​ការ​រួបរួម​ជាមួយ​នឹងសង្ឃ ភិក្ខុនីនោះមិនលះ​បង់វត្ថុ​នោះទេ។ បើកម្ម​មានកាល​គួរដល់​សង្ឃហើយ សង្ឃ​ត្រូវ​សូត្រ​សមនុភាសនវិធី​ចំពោះ​ភិក្ខុនី​ឈ្មោះនេះ ដើម្បី​ឲ្យលះបង់​វត្ថុនោះ​ចេញ។ នេះជាញត្តិ។ បពិត្រ​ព្រះភិក្ខុនី​សង្ឃ​ជាម្ចាស់ សូមព្រះសង្ឃ​ស្តាប់ខ្ញុំ ភិក្ខុនីនេះ​ឈ្មោះនេះ​ប្រព្រឹត្ត​តាម​ភិក្ខុ​ដែលសង្ឃ​ព្រមព្រៀង​គ្នា​លើកវត្ត​តាមធម៌ តាមវិន័យ តាមពាក្យ​ប្រៀនប្រដៅ​របស់​ព្រះសាស្តា ជា​ភិក្ខុ​មិនអើពើ សង្ឃ​ជួយជ្រោមជ្រែង​មិនបាន មិនមាន​ការ​រួបរួម​ជាមួយ​នឹងសង្ឃ ភិក្ខុនីនោះមិនលះ​បង់វត្ថុ​នោះទេ។ ឥឡូវនេះ សង្ឃ​សូត្រសមនុភាសនវិធី​ចំពោះ​ភិក្ខុនី​ឈ្មោះនេះ ដើម្បី​ឲ្យលះបង់​វត្ថុនោះ​ចេញ។ ការសូត្រ​សមនុភាសនវិធី​ចំពោះ​ភិក្ខុនី​ឈ្មោះនេះ ដើម្បី​ឲ្យ​លះបង់​វត្ថុ​នោះចេញ គួរ​ដល់​លោកម្ចាស់​អង្គណា លោកម្ចាស់​អង្គនោះ​ត្រូវ​ស្ងៀម មិនគួរ​ដល់លោកម្ចាស់​អង្គណា លោកម្ចាស់​អង្គនោះ​ត្រូវនិយាយ​ឡើង។ ខ្ញុំសូត្រសេចក្តី​នេះអស់​វារៈ​ពីរដងផង។បេ។ ខ្ញុំ​សូត្រ​សេចក្តី​នេះ អស់វារៈ​បីដងផង។បេ។ ភិក្ខុនីឈ្មោះនេះ សង្ឃសូត្រ​សមនុភាសនវិធី​ហើយ ដើម្បីឲ្យ​លះបង់វត្ថុនោះ។ ការសូត្រ​សមនុភាសនវិធីនោះ គួរ​ដល់សង្ឃ ហេតុនោះ ទើបសង្ឃស្ងៀម។ ខ្ញុំ​សូម​ចាំទុក​នូវរឿង​នេះ ដោយអាការ​ស្ងៀម​នៅយ៉ាងនេះ។​

[២២] ភិក្ខុនីនោះ ត្រូវ​ទុក្កដ ក្នុងខណៈចប់​ញត្តិ ត្រូវថុល្លច្ច័យ​ទាំងឡាយ ក្នុងខណៈ​ចប់​កម្មវាចាទាំងឡាយពីរ ត្រូវអាបត្តិ​បារាជិក​ក្នុងពេល​ចប់កម្មវាចា។

[២៣] ត្រង់ពាក្យថា ភិក្ខុនីនេះក្តី តថាគត​ពោលប្រៀបធៀប​ពួកភិក្ខុនី​ដែលត្រូវ​អាបត្តិ​​បារាជិក​មុនៗ។ ពាក្យ​ថា ត្រូវ​បារាជិក សេចក្តីថា ថ្មដ៏ក្រាស​ដែលបែក​ជាពីរចំណែកហើយ ជាធម្មជាតិ​តភ្ជាប់​វិញមិនបាន មានឧបមា​​​យ៉ាងណា​មិញ ភិក្ខុនី​ដែលសង្ឃ​សូត្រ​សមនុភាសនវិធី​អស់វារៈ​គំរប់​បីដងហើយ នៅមិនលះបង់ ក៏មិនមែនជា​សមណី​9) មិនមែន​ជាធីតា​របស់​ព្រះពុទ្ធ​ជាសក្យត្រកូល​​ ក៏មានឧបមេយ្យ​ដូច្នោះដែរ ហេតុ​នោះ ទើប​​តថាគត​ហៅ​ភិក្ខុនី​នោះថា ត្រូវ​បារាជិក។ ពាក្យថា គ្មាន​​សំវាស ដែលហៅថា សំវាស គឺកម្ម​ជាមួយ​គ្នា ឧទ្ទេស​ជាមួយគ្នា ការសិក្សា​ស្មើគ្នា នេះឈ្មោះថា សំវាស សំវាសនោះ​មិន​​មាន​ជា​មួយ​​នឹង​ភិក្ខុនី​នោះទេ ហេតុនោះ ទើប​តថាគត​ហៅ​ភិក្ខុនី​នោះថា ​មិនមាន​សំវាស។

[២៤] កម្មប្រកបដោយ​ធម៌ ភិក្ខុនី​សំគាល់ថា កម្មប្រកប​ដោយធម៌ ហើយមិនលះបង់ ត្រូវអាបត្តិ​បារាជិក។ កម្មប្រកបដោយ​ធម៌ ភិក្ខុនី​សង្ស័យ ហើយមិនលះបង់ ត្រូវអាបត្តិ​បារាជិក។ កម្មប្រកបដោយ​ធម៌ ភិក្ខុនី​សំគាល់ថា កម្មមិនប្រកប​ដោយធម៌ ហើយមិនលះបង់ ត្រូវអាបត្តិ​បារាជិក។ កម្មមិនប្រកបដោយ​ធម៌ ភិក្ខុនី​សំគាល់ថា កម្មប្រកប​ដោយធម៌ ត្រូវអាបត្តិទុក្កដ។ កម្មមិនប្រកបដោយ​ធម៌ ភិក្ខុនី​សង្ស័យ ត្រូវអាបត្តិទុក្កដ។ កម្មមិនប្រកបដោយ​ធម៌ ភិក្ខុនី​សំគាល់ថា កម្មមិនប្រកប​ដោយធម៌ ត្រូវអាបត្តិទុក្កដ។

[២៥] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៤យ៉ាង) គឺ ភិក្ខុនី(ដែលសង្ឃ)​មិនសូត្រ​សមនុភាសនវិធី១ ភិក្ខុនី​បានលះបង់១ ភិក្ខុនីឆ្កួត១ ភិក្ខុនី​ជា​ដើមបញ្ញត្តិ១។

បារាជិក ទី ៣ ចប់។

បារាជិក ទី៤

(៤. ចតុត្ថបារាជិកំ)

[២៦] សម័យនោះ ព្រះពុទ្ធ​ដ៏មានព្រះភាគ គង់ក្នុងជេតវនារាម ​របស់​អនាថបិណ្ឌិក​​សេដ្ឋី​ទៀប​ក្រុង​សាវត្ថី។ ក៏សម័យនោះឯង ឆព្វគ្គិយាភិក្ខុនី​ទាំងឡាយ (ភិក្ខុនី​ពួក៦នាក់) មានសចក្តី​ត្រេកអរ​នឹងការ​ចាប់ដៃ​ខ្លះ នឹងការ​ចាប់​ជាយ​សង្ឃាដីខ្លះ របស់បុរស​ដែលមានតម្រេក​ឈរ​ជាមួយខ្លះ ចរចា​ជាមួយខ្លះ ទៅកាន់ទី​សង្កេតខ្លះ ត្រេកអរ​នឹងប្រុស​ដើរចូល​មកជិតខ្លះ ចូល​ទៅកាន់​ទីបិទបាំង​ខ្លះ ពិចារណា​កាយ​ដើម្បី​អសទ្ធម្ម​នោះខ្លះ ដើម្បី​នឹងសេពអសទ្ធម្មនុ៎ះ។ ​ភិក្ខុនី​ទាំងឡាយ​​ណា មាន​សេចក្តី​ប្រាថ្នា​តិច។បេ។ ​​ភិក្ខុនីទាំងឡាយ​នោះ ​ពោល​ទោស តិះដៀល បន្តុះ​បង្អាប់​ថា ឆព្វគ្គិយាភិក្ខុនី​ទាំងឡាយ​មានតម្រេក មិនគួរ​នឹងត្រេកអរ​នឹងការ​ចាប់ដៃ​ខ្លះ ត្រេកអរ​នឹងការ​ចាប់​ជាយ​សង្ឃាដីខ្លះ របស់បុរស​បុគ្គល​ដែលត្រេកត្រអាល ​ឈរ​ជាមួយខ្លះ ចរចា​ជាមួយខ្លះ ទៅកាន់ទី​សង្កេតខ្លះ ត្រេកអរ​នឹងប្រុស​ដើរចូល​មកជិតខ្លះ ចូល​ទៅកាន់​ទីកំបាំង​ខ្លះ ពិចារណា​កាយ​ដើម្បី​អសទ្ធម្ម​នោះខ្លះ ដើម្បី​សេពអសទ្ធម្មនុ៎ះ។បេ។ ​ទ្រង់ត្រាស់​សួរ​ថា ​ម្នាល​​ភិក្ខុ​​ទាំងឡាយ ឮ​ថា​ឆព្វគ្គិយាភិក្ខុនី​មានតម្រេក ត្រេកអរ​នឹងការ​ចាប់ដៃ​ខ្លះ ត្រេកអរ​នឹងការ​ចាប់​ជាយ​សង្ឃាដីខ្លះ របស់បុរស​បុគ្គលដែលត្រេកត្រអាល​ឈរ​ជាមួយខ្លះ ចរចា​ជាមួយខ្លះ ទៅកាន់ទី​សង្កេតខ្លះ ត្រេកអរ​នឹងប្រុស​ដើរចូល​មកជិតខ្លះ ចូល​ទៅកាន់​ទីកំបាំង​ខ្លះ ពិចារណា​កាយ​ដើម្បី​អសទ្ធម្ម​នោះខ្លះ ដើម្បី​នឹងសេពអសទ្ធម្មនុ៎ះ ពិត​មែន​ឬ។ ភិក្ខុ​ទាំងឡាយ​ក្រាប​ទូល​ថា បពិត្រ​ព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះ​ពុទ្ធ​​ដ៏​មានជោគ ​​ទ្រង់បន្ទោស​ថា ម្នាល​ភិក្ខុ​ទាំងឡាយ​ ឆព្វគ្គិយាភិក្ខុនី​ទាំងឡាយ​​មានតម្រេក មិនគួរនឹង​ត្រេកអរ​នឹងការ​ចាប់ដៃ​ខ្លះ ត្រេកអរ​នឹងការ​ចាប់​ជាយ​សង្ឃាដីខ្លះ របស់បុរសបុគ្គល​ដែលមានតម្រេក​ឈរ​ជាមួយខ្លះ ចរចា​ជាមួយខ្លះ ទៅកាន់ទី​សង្កេតខ្លះ ត្រេកអរ​នឹងប្រុស​ដើរចូល​មកជិតខ្លះ ចូល​ទៅកាន់​ទីកំបាំង​ខ្លះ ពិចារណា​កាយ​ដើម្បី​អសទ្ធម្ម​នោះខ្លះ ដើម្បី​នឹងសេពអសទ្ធម្មនុ៎ះទេ ម្នាល​ភិក្ខុ​ទាំងឡាយ អំពើ​នេះ​មិន​មែន​នាំ​ឲ្យ​ជ្រះថ្លា​ដល់​ជន​ទាំងឡាយ​ដែល​មិន​ទាន់​ជ្រះថ្លា​ទេ។បេ។ ម្នាល​ភិក្ខុទាំងឡាយ ចូរភិក្ខុនី​ទាំងឡាយ​សំដែង​ឡើង​នូវសិក្ខាបទនេះ​យ៉ាងនេះ​ថា

ភិក្ខុនី​ណាមួយ​មានតម្រេក ហើយត្រេកអរ​នឹងការ​ចាប់ដៃក្តី ត្រេកអរ​នឹងការ​ចាប់​ជាយ​សង្ឃាដី​ក្តី របស់បុរសបុគ្គល​​ដែលមានតម្រេក​ឈរ​ជាមួយក្តី ចរចា​ជាមួយក្តី ទៅកាន់ទី​សង្កេតក្តី ត្រេកអរ​នឹងប្រុស​ដើរចូល​មកជិតក្តី ចូល​ទៅកាន់​ទីកំបាំងក្តី ពិចារណា​កាយ​ដើម្បី​អសទ្ធម្ម​នោះខ្លះ ដើម្បី​នឹងសេពអសទ្ធម្មនុ៎ះ ភិក្ខុនីនេះក្តី ត្រូវបារាជិក ឈ្មោះ​អដ្ឋវត្ថុកា (ព្រោះ​ប្រកបដោយ​វត្ថុ៨​10) ) រកសំវាសគ្មាន។

[២៧] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយ​ក្នុងសិក្ខាបទទី១ នៃ​បារាជិកកណ្ឌ​នេះ​រួចហើយ។ ភិក្ខុនី​ដែលត្រេកអរ មានសេចក្តី​គយគន់​រំពៃ មានចិត្ត​ប្រតិព័ទ្ធ ឈ្មោះថា​មានតម្រេក។ បុរសដែល​ត្រេកអរ គយគន់រំពៃ មានចិត្ត​ប្រតិព័ទ្ធ ឈ្មោះ​ថា​មាន​តម្រេក។ មនុស្សប្រុស​ដែល​ដឹងក្តី អាចស្ទាប​អង្អែល​កាយបាន ឈ្មោះថា បុរសបុគ្គល មិនមែន​យក្សបុ្រស ប្រេត​ប្រុស តិរច្ឆានឈ្មោះ​ទេ។ ពាក្យថា ត្រេកអរ​នឹងការ​ចាប់ដៃ​ក្តី សេចក្តីថា ដែល​ហៅថា​ដៃ គឺវាស់​តាំងពី​ដុំដៃ រហូត​ដល់​ចុងក្រចក។ ភិក្ខុនី​ត្រេកអរ​នឹងការ​ចាប់ ខាងលើ​ តាំងពី​ដងកាំបិត​ឡើងទៅ ខាងក្រោម តាំងពី​មណ្ឌល​ជង្គង់​ចុះមក ប្រយោជន៍​សេពអសទ្ធម្មនុ៎ះ ត្រូវអាបត្តិ​ថុល្លច្ច័យ។ ពាក្យថា ត្រេកអរ​នឹងការ​ចាប់​ជាយសង្ឃាដី គឺភិក្ខុនី​ត្រេកអរ​នឹងការ​ចាប់​សំពត់​ដែល​ស្លៀក​ក្តី ដែលដណ្តប់ក្តី ប្រយោជន៍​នឹងសេពអសទ្ធម្មនុ៎ះ ត្រូវអាបត្តិ​ថុល្លច្ច័យ។ ពាក្យថា ឈរជាមួយក្តី គឺ​ភិក្ខុនី​ឈរ​ក្នុងហត្ថបាសប្រុស ប្រយោជន៍​នឹងសេពអសទ្ធម្មនុ៎ះ ត្រូវអាបត្តិ​ថុល្លច្ច័យ។ ពាក្យថា ចរចាជាមួយក្តី គឺភិក្ខុនី​ឈរក្នុង​ហត្ថបាស​ប្រុស ហើយចរចារ​ជាមួយ ប្រយោជន៍​នឹងសេពអសទ្ធម្មនុ៎ះ ត្រូវអាបត្តិ​ថុល្លច្ច័យ។ ពាក្យថា ទៅកាន់​ទីសង្កេត គឺភិក្ខុនី​ដែលប្រុស​និយាយ​ថា លោកចូរ​មកកាន់​ទីឱកាស​ឈ្មោះ​នេះដូច្នេះ ប្រយោជន៍​ដល់ការ​សេពអសទ្ធម្មនុ៎ះ ហើយ​ក៏ទៅ ​ត្រូវអាបត្តិ​ទុក្កដ គ្រប់ៗ​ជំហាន លុះចូល​ទៅដល់​ហត្ថបាស​ប្រុសហើយ ក៏ត្រូវ​អាបត្តិ​​ថុល្លច្ច័យ។ ពាក្យថា ត្រេកអរ​នឹងប្រុស​ដើរចូល​មកជិតក្តី គឺភិក្ខុនី​ត្រេកអរ​នឹងប្រុស​ដើរចូល​មកជិត ប្រយោជន៍​ដល់​ការសេពអសទ្ធម្មនុ៎ះ ត្រូវអាបត្តិ​ទុក្កដ លុះ​ដើរចូល​មកដល់​ហត្ថបាស​កាលណា ក៏ត្រូវអាបត្តិ​ថុល្លច្ច័យ។ ពាក្យថា ចូលទៅកាន់​ទីកំបាំងក្តី គឺភិក្ខុនី​គ្រាន់តែ​ចូលទៅ​កាន់ទី​ឱកាស​ដ៏បិទបាំង​ដោយរបស់​ណាមួយ ប្រយោជន៍​ដល់ការ​សេពអសទ្ធម្មនុ៎ះ ក៏ត្រូវអាបត្តិ​ថុល្លច្ច័យ។ ពាក្យថា ពិចារណាកាយ ប្រយោជន៍​ដល់អសទ្ធម្មនោះក្តី គឺភិក្ខុនី​ឈរក្នុង​ហត្ថបាស​ប្រុស ហើយពិចារណា​រាងកាយ ប្រយោជន៍​ដល់ការសេពអសទ្ធម្មនុ៎ះ ត្រូវអាបត្តិ​ថុល្លច្ច័យ។

[២៨] ត្រង់ពាក្យថា ភិក្ខុនីនេះក្តី គឺភិក្ខុនី​នេះឯង តថាគត​ពោលប្រៀបផ្ទឹម​នឹងភិក្ខុនី​​មុនៗ។ ពាក្យ​ថា ត្រូវ​អាបត្តិបារាជិក សេចក្តីថា ដើមត្នោត​ដែលកំបុតចុង មិនគួរ​ដុះឡើង​ទៀតបាន មានឧបមា​​​​យ៉ាងណា​មិញ ភិក្ខុនី​ដែលញុំាង​វត្ថុជា​គំរប់៨​ឲ្យពេញ ក៏មិនមែនជា​សមណី​ មិនមែន​ជាធីតា​របស់​ព្រះពុទ្ធ​ជាសក្យត្រកូល​​ ក៏មានឧបមេយ្យ​យ៉ាងនោះដែរ ហេតុ​នោះ បានជា​​​តថាគត​ហៅថា ភិក្ខុនី​នោះ ត្រូវអាបត្តិ​បារាជិក (ជាអ្នក​ចាលចាញ់)។ ពាក្យថា រក​​សំវាសគ្មាន គឺដែល​ហៅថា សំវាស គឺបានដល់​កម្ម​ជាមួយ​គ្នា ឧទ្ទេស​ជាមួយគ្នា សេចក្តីសិក្សា​ស្មើគ្នា នេះឈ្មោះថា សំវាស សំវាសនោះ​មិន​​មាន​ជា​មួយ​​នឹង​ភិក្ខុនី​នោះទេ ហេតុនោះ បានជា​​តថាគត​ហៅថា ​ភិក្ខុនី​នោះ​ជាស្រី​​មិនមាន​សំវាស។

[២៩] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៨យ៉ាង) គឺ ភិក្ខុនីមិនក្លែង​ឲ្យកន្លង១ ភិក្ខុនី​មិនមានសតិ១ ភិក្ខុនី​មិនដឹងខ្លួន១ ភិក្ខុនី​មិនត្រេកអរ១ ភិក្ខុនីឆ្កួត១ ភិក្ខុនី​មាន​ចិត្ត​រវើរវាយ១ ភិក្ខុនី​ដែលវេទនា​គ្របសង្កត់១ ភិក្ខុនី​ជា​ដើមបញ្ញត្តិ១។

បារាជិក ទី ៤ ចប់។

[៣០] បពិត្រលោកម្ចាស់​ទាំងឡាយ អាបត្តិបារាជិកទាំងឡាយ៨ ខ្ញុំសំដែងឡើងហើយ បណ្តាអាបត្តិបារាជិក​ទាំងឡាយ៨នុ៎ះ ភិក្ខុនីណា​ត្រូវអាបត្តិ​បារាជិកណាមួយ ភិក្ខុនីនោះ​មិនបាន​នៅរួម​ជាមួយ​នឹងភិក្ខុនី​ទាំងឡាយ​ឡើយ (ព្រោះ) ខ្លួនត្រូវ​អាបត្តិ​បារាជិក រកសំវាសគ្មាន កាលអំពីមុន គឺកាល​ដែលខ្លួន​នៅ​ជាគ្រហស្ថ​មានសភាព​យ៉ាងណា កាលខាងក្រោយ ដែលខ្លួន​ត្រូវបារាជិកហើយ ក៏មានសភាព​ដូច្នោះដែរ។ ខ្ញុំសូមសួរ​លោកម្ចាស់ទាំងឡាយ​ក្នុងរឿងនោះ លោកទាំងឡាយ​ជាអ្នកបរិសុទ្ធ​ហើយឬ។ ខ្ញុំសួរអស់វារៈ​គំរប់​ពីរដងផង លោកទាំងឡាយ​ជាអ្នក​បរិសុទ្ធ​ហើយឬ។ ខ្ញុំសួរអស់វារៈ​គំរប់​បីដងផង លោកទាំងឡាយ​ជាអ្នក​បរិសុទ្ធ​ហើយឬ។ លោកម្ចាស់​ទាំងឡាយ​ជាអ្នក​បរិសុទ្ធ​ក្នុងរឿង​នុ៎ះ​ហើយ ហេតុនោះ បានជា​នៅស្ងៀម។ ខ្ញុំសូម​ចាំទុក​នូវរឿង​នេះ ដោយអាការ​ស្ងៀមនៅយ៉ាងនេះ។

បារាជិកកណ្ឌ ចប់។

សត្តរសកណ្ឌ

(២. សង្ឃាទិសេសកណ្ឌំ (ភិក្ខុនីវិភង្គោ))

បពិត្រលោកម្ចាស់ទាំងឡាយ អាបត្តិសង្ឃាទិសេសទាំង១៧នេះឯង តែងមកកាន់ឧទ្ទេស។

សង្ឃាទិសេស ទី១

(១. បឋមសង្ឃាទិសេសសិក្ខាបទំ)

[៣១] សម័យនោះ ព្រះពុទ្ធ​ដ៏មានព្រះភាគ គង់ក្នុងជេតវនារាម ​របស់​អនាថបិណ្ឌិក​​សេដ្ឋី​ទៀប​ក្រុង​សាវត្ថី។ សម័យនោះឯង ឧបាសក​ម្នាក់ប្រគេន​ឃ្លាំង (រោង​ដាក់របស់) ដល់ភិក្ខុនីសង្ឃ ហើយ​ធ្វើ​មរណកាលទៅ។ ឧបាសក​នោះ​មានកូនពីរនាក់ ម្នាក់​មិនមាន​សទ្ធា​មិនជ្រះថ្លា ម្នាក់​មានសទ្ធា​ជ្រះថ្លា។ កូន​ទាំងពីរនាក់​នោះយក​សម្បត្តិ​ដែលជារបស់​បិតា​មកចែកគ្នា។ ឯបុរស​ដែលគ្មាន​សទ្ធា គ្មានជ្រះថ្លានោះ​បាន​និយាយ​ពាក្យនេះ​នឹង​បុរស​ដែលមាន​សទ្ធាជ្រះថ្លា​នោះថា ឃ្លាំង​របស់យើង​មាន យើងនឹង​ចែកនូវ​ឃ្លាំងនោះ។ កាលបើ​បុរសដែល​ឥតសទ្ធា​ឥតជ្រះថ្លា​នោះ​និយាយ​យ៉ាងនេះហើយ បុរស​ដែល​មានសទ្ធា​ជ្រះថ្លា​នោះបាន​និយាយ​ពាក្យនេះ​នឹងបុរស​ដែល​មិន​មានសទ្ធា​មិនជ្រះថ្លា​នោះថា អ្នកម្ចាស់​កុំនិយាយ​យ៉ាងនេះ​ឡើយ ឃ្លាំង​នោះបិតា​យើងប្រគេន​ដល់ភិក្ខុនី​សង្ឃទៅហើយ។ បុរសដែល​មិនមាន​សទ្ធា​មិនជ្រះថ្លា​និយាយ​ពាក្យនេះ​នឹង​បុរស​ដែលមាន​សទ្ធា​ជ្រះថ្លា​នោះអស់វារៈ​ពីរដង​ថា ឃ្លាំង​របស់យើង​មាន យើងនឹង​ចែកនូវ​ឃ្លាំងនោះ។ ទើបបុរស​ដែល​មានសទ្ធា​ជ្រះថ្លា​នោះបាន​និយាយ​ពាក្យនេះ​នឹងបុរស​ដែលគ្មានសទ្ធា​មិនជ្រះថ្លា​នោះថា អ្នកម្ចាស់​កុំនិយាយ​យ៉ាងនេះ​ឡើយ ឃ្លាំង​នោះបិតា​យើងប្រគេន​ដល់ភិក្ខុនីសង្ឃ​​ហើយ។ បុរសដែល​​គ្មាន​សទ្ធា​ឥតជ្រះថ្លា​នោះ បាននិយាយ​ពាក្យនេះ​នឹង​បុរស​ដែលមាន​សទ្ធា​ជ្រះថ្លា​នោះអស់វារៈ​គំរប់បីដងផង​ថា ឃ្លាំង​របស់យើង​មាន យើងនឹង​ចែកនូវ​ឃ្លាំងនោះ។ លំដាប់នោះ បុរស​ដែល​មានសទ្ធា​ជ្រះថ្លា​ក៏​គិតថា បើឃ្លាំង​នឹង​បានមកអញ អញ​នឹង​ប្រគេន​ភិក្ខុនី​សង្ឃ ហើយក៏​បាននិយាយ​ពាក្យនេះ​នឹងបុរសដែល​មិនមាន​សទ្ធា​មិនជ្រះថ្លា​នោះថា យើងចែកគ្នាចុះ។ ឯឃ្លាំងនោះ កាលដែលអ្នក​ទាំងពីរ​នាក់នោះ​ចែកគ្នា ក៏បាន​ទៅលើ​កូន​ដែលមិនមាន​សទ្ធា​មិនជ្រះថ្លា​នោះ។ ទើបកូន​ដែលឥតសទ្ធា ឥតជ្រះថ្លានោះចូល​ទៅរក​ភិក្ខុនី​ទាំងឡាយ ហើយបាន​និយាយ​ពាក្យនេះ​ថា បពិត្រ​លោកម្ចាស់ លោកទាំងឡាយ​ចូរចេញទៅ ឃ្លាំង​ជារបស់​យើងទេ។ កាលបើ​បុរស​ដែល​គ្មានសទ្ធា​គ្មានជ្រះថ្លា​នោះនិយាយ​យ៉ាងនេះហើយ ថុល្លនន្ទា​ភិក្ខុនី​បាន​និយាយ​ពាក្យនេះ​នឹង​បុរស​នោះថា នែអ្នកម្ចាស់ អ្នកកុំ​និយាយ​យ៉ាងនេះឡើយ ឃ្លាំងនេះ បិតា​របស់អ្នក​ប្រគេន​ដល់ភិក្ខុនីសង្ឃ​ហើយតើ។ ជន​ទាំងពីរ​នោះ​សួរមហាមាត្យជា​ចៅក្រម​ថា ឃ្លាំង​នោះគេបាន​ប្រគេន​ភិក្ខុនី​សង្ឃហើយ ឬមិនបាន​ប្រគេន​(ទេ)។ មហាមាត្យ​ទាំងឡាយ​បាន​និយាយ​យ៉ាងនេះ​ថា បពិត្រ​លោកម្ចាស់ មានអ្នកណា​ដឹងថា ឃ្លាំងនោះ​គេប្រគេន​ភិក្ខុនី​សង្ឃ​ហើយ (ខ្លះដែរ)។ កាលបើ​មហាមាត្យ​ទាំងឡាយ​និយាយ​យ៉ាងនេះ​ហើយ ថុល្លនន្ទា​ភិក្ខុនី​បាននិយាយ​ពាក្យនេះ​នឹងមហាមាត្យ​ទាំងឡាយ​នោះថា កាលដែល​គេឲ្យទាន​(នោះ) សឹង​មានសំអាង​សាក្សី​អ្នកទាំងឡាយ​ក៏បានឃើញ បានឮខ្លះដែរ។ ទើបមហាមាត្យ​ទាំងឡាយ​នោះ​​បាននិយាយ​ថា លោកម្ចាស់​និយាយ​ពាក្យនេះ​មែនពិត ហើយក៏​វិនិច្ឆ័យ​ឲ្យឃ្លាំង​នោះ​ដល់​ភិក្ខុនីសង្ឃវិញ។ ឯបុរស​នោះ លុះចាញ់គេហើយ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ស្រីផ្កាមាស​ត្រងោល​ទាំងនេះ​មិនមែនជា​សមណីទេ មិនសម​បើនឹង​ឲ្យគេ​ដណ្តើម​យកឃ្លាំង​របស់យើង​សោះ។ ថុល្លនន្ទា​ភិក្ខុនី​ប្រាប់ដំណើរនុ៎ះ​ដល់មហាមាត្យ​ទាំងឡាយ។ មហាមាត្យ​ទាំងឡាយ​ក៏ពិន័យ​បុរសនោះ។ ឯបុរស​នោះ លុះត្រូវពិន័យ​ហើយ ក៏ឲ្យ​គេសាងលំនៅ​អាជីវកក្នុង​ទីជិត​លំនៅ​ភិក្ខុនី ហើយបញ្ជូន​ពួក​អាជីវក​ទៅ​ដោយពាក្យថា អ្នកទាំងឡាយ​ចូរជេរ​ភិក្ខុនី​ទាំងឡាយនុ៎ះ។ ថុល្លនន្ទា​ភិក្ខុនី​ប្រាប់​ដំណើរនុ៎ះ​ដល់មហាមាត្យ​ទាំងឡាយ។ មហាមាត្យ​ទាំងឡាយ​ក៏ចាប់​ចង​បុរសនោះ​ធ្វើទោស (ដាក់គុក)។ មនុស្ស​ទាំងឡាយ​ពោលទោស តិះដៀល បន្តុះ​បង្អាប់​ថា ភិក្ខុនី​ទាំងឡាយ មិនគួរ​នឹង (ប្រព្រឹត្ត​ល្មើសដោយ​ស្ថាន​៣យ៉ាង) គឺ១ឲ្យមហាមាត្យ​ដណ្តើម​យកឃ្លាំង​របស់គេ ២ឲ្យមហាមាត្យ​ពិន័យ​លក់គេ ៣ឲ្យមហាមាត្យ​ធ្វើទោស​ដាក់គុកគេ ឥឡូវនេះ​មុខជានឹង​ឲ្យមហាមាត្យ​សម្លាប់​គេ។ ភិក្ខុនី​ទាំងឡាយ​បាន​ឮពាក្យ​មនុស្សទាំងឡាយ​នោះពោលទោស តិះដៀល បន្តុះបង្អាប់​ហើយ។ ភិក្ខុនី​ទាំងឡាយ​ឯណា​មានសេចក្តី​ប្រាថ្នាតិច។បេ។ ភិក្ខុនី​ទាំងឡាយនោះ ពោលទោស តិះដៀល បន្តុះ​បង្អាប់​ថា លោកម្ចាស់​ថុល្លនន្ទា មិនសមបើ​នឹងពោលពាក្យ​ដោយសេចក្តី​ច្រណែន (ប្តឹងផ្តល់)​សោះ។ ទើបភិក្ខុនី​ទាំងឡាយនោះ ប្រាប់ដំណើរនុ៎ះ​ដល់ភិក្ខុទាំងឡាយ។បេ។ ​ទ្រង់ត្រាស់​សួរ​ថា ​ម្នាល​​ភិក្ខុ​​ទាំងឡាយ ឮ​ថា​ថុល្លនន្ទាភិក្ខុនីជាអ្នក​ប្តឹងផ្តល់ ពិត​មែន​ឬ។ ភិក្ខុ​ទាំងឡាយ​ក្រាប​ទូល​ថា បពិត្រ​ព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះ​ពុទ្ធ​​ដ៏​មានជោគ ​​ទ្រង់បន្ទោស​ថា ម្នាល​ភិក្ខុ​ទាំងឡាយ​ ថុល្លនន្ទាភិក្ខុនី​ មិនគួរនឹងជាអ្នកប្តឹងផ្តល់​គេទេ ​ម្នាល​ភិក្ខុ​ទាំងឡាយ អំពើ​នេះ​មិន​មែន​នាំ​ឲ្យ​ជ្រះថ្លា​ដល់​ជន​ទាំងឡាយ​ដែល​មិន​ទាន់​ជ្រះថ្លា​ទេ។បេ។ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុនី​ទាំងឡាយ ចូរ​សំដែង​ឡើង​នូវសិក្ខាបទនេះ​យ៉ាងនេះ​ថា

ភិក្ខុនី​ណាមួយ​​ជាអ្នកប្តឹងផ្តល់ ពីគហបតិក្តី កូនគហបតិក្តី ខ្ញុំគេក្តី អ្នកធ្វើការងារក្តី ដោយហោចទៅ​ សូម្បី​តែសមណបរិព្វាជក ភិក្ខុនីនេះ​ក៏ត្រូវ​អាបត្តិសង្ឃាទិសេស ជាបឋមាបត្តិក គួរ​បណ្តេញ​ចេញ​ចាកសង្ឃ។

[៣២] ត្រង់បទថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយ​ក្នុង​បារាជិកកណ្ឌទី១​រួចហើយ។ ដែលហៅថា ប្តឹងផ្តល់ គឺសំដៅយក​ភិក្ខុនី​ជាអ្នកក្តី។ ជនណាមួយ​នៅគ្រប់គ្រង​ផ្ទះ ជននោះ​ឈ្មោះ​ថា គហបតិ។ ដែលហៅថា កូនគហបតិ គឺជន​ទាំងឡាយ​ណាមួយ​ជាកូន​នឹងបងប្អូន​ប្រុស (របស់​គហបតិនោះ)។ ដែលហៅថា ខ្ញុំ គឺខ្ញុំដែល​កើតខាង​ក្នុង ឬខ្ញុំ​ដែលលោះ​ដោយទ្រព្យ​ ឬមនុស្ស​ឈ្លើយ ដែលគេ​ចាប់បាន​ក្នុងទ័ព។ ដែលហៅថា អ្នកធ្វើការងារ គឺអ្នកធ្វើការងារ​ស៊ីឈ្នួល អ្នកធ្វើ​ការដឹកនាំ​គ្រឿង​ឧបករណ៍។ ជនណាមួយ​ដែលបួស​ក្នុងសំណាក់​បរិព្វាជក លើកទុក​តែភិក្ខុនី​ សិក្ខមានា សាមណេរ និងសាមណេរីចេញ ហៅថា សមណបរិព្វាជក។ ភិក្ខុនី​គិតថា អញ​នឹងធ្វើ គឺ​កើតក្តី ហើយស្វែងរក (គ្នា) ជាគំរប់ពីរ​ក្តី ដើរទៅក្តី ត្រូវអាបត្តិទុក្កដ ប្តឹង​ចៅក្រមម្តង ត្រូវ​អាបត្តិទុក្កដ ប្តឹង​ចៅក្រម​ពីរដង ត្រូវអាបត្តិ​ថុល្លច្ច័យ សម្រេចក្តី ត្រូវអាបត្តិ​សង្ឃាទិសេស។

[៣៣] ត្រង់ពាក្យថា ជាបឋមាបត្តិក គឺភិក្ខុនី​ត្រូវ​(អាបត្តិ)​មួយអន្លើ​ដោយការ​ប្រព្រឹត្ត​កន្លង​វត្ថុ (ជាដម្បូង) មិនមែនដោយ​សូត្រ​សមនុភាសនកម្មទេ។ ពាក្យថា គួរ​បណ្តេញចេញ​ចាកសង្ឃ គឺ​ភិក្ខុនី​នោះត្រូវ​ភិក្ខុនី​ឯទៀត​នាំចេញ​អំពីសង្ឃ។ ពាក្យថា សង្ឃាទិសេស គឺសង្ឃពិត​អាច​ឲ្យមានត្ត ដើម្បីអាបត្តិ​នោះ នឹងទាញ​អន្តរាបត្តិ​មកដាក់​ក្នុងមូលាបត្តិឲ្យ​អព្ភានបាន ភិក្ខុនី​ទាំងឡាយ​ច្រើន​ប្រមាណ (២-៣រូប) ឲ្យមិនបាន ភិក្ខុនី១រូប​ក៏ឲ្យមិនបាន ហេតុនោះ បានជា​​​តថាគត​ហៅពួក​អាបត្តិ​នោះថា សង្ឃាទិសេស។ ពាក្យថា សង្ឃាទិសេស ជានាមកម្ម គឺថាជា​ឈ្មោះ​នៃអាបត្តិ​និកាយ​នោះឯង ព្រោះហេតុនោះ បានជាតថាគត​ហៅអាបត្តិនិកាយ​នោះថា សង្ឃាទិសេស។

[៣៤] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៥យ៉ាង) គឺ ភិក្ខុនីដែល​មនុស្ស​ទាំងឡាយ​កោះនាំទៅ១ ភិក្ខុនីសូមអារក្ខា គឺ​សូម​ឲ្យរាជការ​ជួយ​រក្សាការពារ១ ភិក្ខុនីប្តឹង​មិនចំពោះ​ឈ្មោះ១ ភិក្ខុនីឆ្កួត១ ភិក្ខុនី​ធ្វើ​កន្លង​មុនបញ្ញត្តិ១។

សង្ឃាទិសេស ទី២

(២. ទុតិយសង្ឃាទិសេសសិក្ខាបទំ)

[៣៥] សម័យនោះ ព្រះពុទ្ធ​ដ៏មានព្រះភាគ គង់ក្នុងជេតវនារាម ​របស់​អនាថបិណ្ឌិក​​សេដ្ឋី​ទៀប​ក្រុង​សាវត្ថី។ សម័យនោះឯង ភរិយា​របស់​ស្តេច​លិច្ឆវី១អង្គ​ប្រព្រឹត្ត​កន្លង​ចិត្ត​(ប្តី)។ ទើប​ស្តេច​លិច្ឆវី​នោះបាន​និយាយ​ពាក្យ​នេះ​នឹងស្រី​នោះថា អញ​សុំរំលឹក​នាងឯង ចូរនាង​ឯងលះ​(អំពើ​នោះ) ចេញ ខំអញ​នឹងធ្វើ​សេចក្តី​វិនាស​ដល់នាងឯង។ ស្រីនោះ​ទុក​ជាស្តេចលិច្ឆវីនោះ​និយាយ​យ៉ាងនេះ​ ក៏មិនអើពើ​ឡើយ។ សម័យនោះឯង ជួនជាមាន​ការ​ប្រជុំ​ពួកស្តេច​លិច្ឆវី​ក្នុងក្រុង​វេសាលី​ដោយកិច្ច​នីមួយ។ ទើបស្តេច​លិច្ឆវីនោះ​បាន​និយាយ​ពាក្យនេះ​នឹងស្តេច​លិច្ឆវី​ទាំងឡាយ​នោះថា នែ​ព្រះអង្គ​ទាំងឡាយ សូមព្រះអង្គ​ទាំងឡាយ​អនុញ្ញាត​ស្រីម្នាក់​ដល់​ខ្ញុំ។ ស្តេចលិច្ឆវី​ទាំងឡាយ​នោះ​សួរថា ស្រីនោះ​ជាអ្វី។ ស្តេច​លិច្ឆវី​នោះឆ្លើយថា ជាប្រពន្ធខ្ញុំ វាក្បត់ចិត្ត​ខ្ញុំ ខ្ញុំនឹង​សម្លាប់​វានោះចោល។ ស្តេច​លិច្ឆវី​ទាំងឡាយ​និយាយ​ថា ព្រះអង្គចូរ​ដឹងចុះ។ ស្រីនោះក៏​បានឮ​ពណ៌ដ៏មានថា ប្តី​ចង់សម្លាប់​អញ ហើយក៏​យករបស់ដែល​មានដំឡៃទៅកាន់​ក្រុងសាវត្ថី ចូលទៅរក​ពួកតិរ្ថិយ ហើយក៏​សូម​បព្វជ្ជា។ តិរ្ថិយ​ទាំងឡាយ​មិនចូលចិត្ត​ឲ្យស្រីនោះ​បួសឡើយ។ ស្រីនោះ​ចូលទៅរក​ពួក​ភិក្ខុនី ហើយសូម​បព្វជ្ជា​(ទៀត)។ ភិក្ខុនី​ទាំងឡាយ​ក៏មិនចូលចិត្ត​ឲ្យ​នាងនោះបួស​ដែរ។ ស្រីនោះ​ចូល​ទៅរក​ថុល្លនន្ទាភិក្ខុនី បង្ហាញ​បង្វេច​របស់ហើយ សូមបព្វជ្ជា។ ថុល្លនន្ទា​ភិក្ខុនី​ទទួលយក​បង្វេច​របស់ ហើយឲ្យស្រីនោះបួស។ ឯស្តេច​លិច្ឆវី​នោះកាលស្វែងរក​ស្រីនោះ បានទៅកាន់​ក្រុង​សាវត្ថី ឃើញ​ស្រីនោះបួស​ក្នុងសំណាក់​ភិក្ខុនីទាំងឡាយ ហើយក៏ចូល​ទៅគាល់ស្តេច​បសេនទិកោសល លុះចូល​ទៅដល់ហើយ ក្រាបទូល​ពាក្យនេះ​នឹងព្រះបាទ​បសេនទិកោសលថា បពិត្រ​ព្រះសម្មតិទេព ភរិយា​របស់ខ្ញុំ​នាំយក​របស់មានដំឡៃ ហើយមកកាន់​ក្រុងសាវត្ថី​នេះ (ឥឡូវនេះ) សូមព្រះអង្គ​អនុញ្ញាត​ស្រីនោះ​ឲ្យទាន។ ស្តេចមាន​ព្រះរាជ​ឱង្កា​ថា នែនាយ បើដូច្នោះ ចូរអ្នក​ពិនិត្យ​រក ហើយមកប្រាប់​យើងចុះ។ ស្តេចលិច្ឆវី​នោះទូលថា បពិត្រ​ព្រះសម្មតិទេព ខ្ញុំ​ព្រះអង្គ​បាន​ឃើញស្រីនោះ​បួស​ក្នុងសំណាក់​ភិក្ខុនី​ទាំងឡាយ​ហើយ។ ស្តេច​មានព្រះឱង្កា​ថា នែនាយ បើស្រី​នោះបួស​ក្នុងសំណាក់​ភិក្ខុនី​ទាំងឡាយហើយ អ្នកធ្វើអ្វីតិចតួច​ដល់ភិក្ខុនី​នោះមិនបាន​ទេ ព្រោះថា ធម៌ គឺព្រះដ៏​មានព្រះភាគ​សំដែង​ល្អហើយ ចូរភិក្ខុនី​នោះ​ប្រព្រឹត្ត​ព្រហ្មចារ្យ ដើម្បីធ្វើ​នូវទី​បំផុត​ទុក្ខ​ដោយប្រពៃចុះ។ ទើបស្តេច​លិច្ឆវី​នោះពោលទោស តិះដៀល បន្តុះ​បង្អាប់​ថា ភិក្ខុនី​ទាំងឡាយ មិនសម​នឹងបំបួស​ស្រីជាចោរ​នោះសោះ។ ភិក្ខុនី​ទាំងឡាយ​បាន​ឮពាក្យ​ស្តេចលិច្ឆវី​នោះ​ពោល​ទោស តិះដៀល បន្តុះបង្អាប់​ហើយ។ ភិក្ខុនី​ទាំងឡាយ​ឯណា​មានសេចក្តី​ប្រាថ្នាតិច។បេ។ ភិក្ខុនី​ទាំងឡាយនោះ ពោលទោស តិះដៀល បន្តុះ​បង្អាប់​ថា លោកម្ចាស់​ថុល្លនន្ទា មិនសមបើ​នឹងបំបួស​ស្រីចោរ​​សោះ។ ទើបភិក្ខុនី​ទាំងឡាយនោះ ប្រាប់សេចក្តីនុ៎ះ​ដល់ភិក្ខុទាំងឡាយ។បេ។ ​ទ្រង់ត្រាស់​សួរ​ថា ​ម្នាល​​ភិក្ខុ​​ទាំងឡាយ ឮ​ថា​ថុល្លនន្ទាភិក្ខុនីបំបួស​ស្រីជាចោរ ពិត​មែន​ឬ។ ភិក្ខុ​ទាំងឡាយ​ក្រាប​ទូល​ថា បពិត្រ​ព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះ​ពុទ្ធ​​ដ៏​មានជោគ ​​ទ្រង់បន្ទោស​ថា ម្នាល​ភិក្ខុ​ទាំងឡាយ​ ថុល្លនន្ទាភិក្ខុនី​ មិនគួរបើនឹងបំបួស​ស្រីចោរ​ទេ ​ម្នាល​ភិក្ខុ​ទាំងឡាយ អំពើ​នេះ​មិន​នាំ​ឲ្យ​ជ្រះថ្លា​ដល់​ជន​ទាំងឡាយ​ដែល​មិន​ទាន់​ជ្រះថ្លា​ទេ។បេ។ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុនី​ទាំងឡាយ ចូរ​សំដែង​ឡើង​នូវសិក្ខាបទនេះ​យ៉ាងនេះ​ថា

ភិក្ខុនី​ណាមួយ​ដឹងថា​ស្រីជាចោរ​ដែលគេ​ដឹងច្បាស់​ថា ត្រូវសម្លាប់​ ហើយមិនប្រាប់​ស្តេចក្តី សង្ឃក្តី គណៈក្តី ប្រជុំជនក្តី សេនាក្តី ហើយបំបួស (ស្រីនោះ) វៀរតែកប្ប (គឺមាន​សំបុត្រច្បាប់) ភិក្ខុនី​នេះក្តី ក៏ត្រូវ​អាបត្តិសង្ឃាទិសេស ជាបឋមាបត្តិក គួរ​បណ្តេញ​ចេញ​ចាកសង្ឃ។

[៣៦] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីដូចគ្នា​នឹង​សិក្ខាបទ​ទី១​នៃ​បារាជិកកណ្ឌ​រួច​ហើយ។ ដែលឈ្មោះថា​ដឹង គឺភិក្ខុនី​ដឹងខ្លួនឯងក្តី ជនទាំងឡាយ​ដទៃ​ប្រាប់ភិក្ខុនី​នោះក្តី ស្រីចោរ​នោះប្រាប់​ក្តី។ ដែលហៅថា ស្រីចោរ គឺស្រីណា​មានថេយ្យចិត្ត​ លួចយក​ទ្រព្យ​មានដម្លៃ​ប្រាំមាសក​ក្តី លើសពី​ប្រាំមាសកក្តី ដែលគេ​មិនបាន​ឲ្យ ស្រីនេះ ឈ្មោះថា ស្រីចោរ។ ស្រីដល់​នូវ​ទោស​ត្រូវ​សម្លាប់ ព្រោះធ្វើអំពើ​ឯណា អំពើនេះ​ឈ្មោះថា ទោសត្រូវ​សម្លាប់។ ដែលហៅថា គេដឹង​ច្បាស់ គឺ​ស្រីដែល​មនុស្សទាំងឡាយ​ដទៃ​ដឹងថា ស្រីនេះ​មានទោស​ត្រូវ​សម្លាប់។ ពាក្យថា មិនបាន​ប្រាប់ គឺ​មិនបាន​ជំរាប។ ដែលហៅថា ស្តេច​ គឺស្តេច​ត្រួតត្រា​ក្នុងទីណា ត្រូវភិក្ខុនី​ថ្វាយដំណឹង​ស្តេច (ក្នុង​ទីនោះ)។ ដែលហៅថា សង្ឃ សំដៅ​យក​ភិក្ខុនីសង្ឃ ភិក្ខុនី​ត្រូវប្រាប់​ភិក្ខុនី​សង្ឃ(នោះ​ឯង)។ ដែលហៅថា​គណៈ គឺ​គណៈ​ភិក្ខុនី​ត្រួតត្រា​ក្នុងទីណា ភិក្ខុនី​ត្រូវ​ប្រាប់​គណភិក្ខុនី​(ក្នុងទី​នោះដែរ)។ ដែលហៅថា ប្រជុំជន គឺចំណោម​មនុស្ស​ត្រួតត្រា​ក្នុងទីណា ភិក្ខុនី​ត្រូវប្រាប់​ចំណោម​មនុស្ស​(ក្នុងទី​នោះ)។ ដែលហៅថា សេនា គឺសេនា​​ត្រួតត្រា​ក្នុងទីណា ភិក្ខុនី​ត្រូវប្រាប់​សេនា​(ក្នុងទី​នោះ)។ ពាក្យថា វៀរលែង​តែកប្ប គឺមាន​សំបុត្រច្បាប់​ សេចក្តីថា លើកទុក​តែ​មានសំបុត្រ​ច្បាប់។ ដែលហៅថា កប្ប បានដល់​កប្បពីរយ៉ាង (ថាដូច្នេះ) ស្រីនេះបាន​បួស​ក្នុងសំណាក់​តិរ្ថិយ​ទាំងឡាយ​ក្តី ស្រីនេះបាន​បួស​ក្នុងសំណាក់​ភិក្ខុនី​​ទាំងឡាយ​ដទៃក្តី។ ភិក្ខុនី​គិតថា អញ​នឹងបំបួស (ស្រីនោះ) ហើយស្វែង​រកគណៈ​ក្តី ភិក្ខុនី​ជាអាចារ្យ​ក្តី បាត្រក្តី ចីវរក្តី សម្មតិសីមាក្តី ត្រូវអាបត្តិ​ទុក្កដ វៀរលែង​តែមាន​សំបុត្រច្បាប់ ភិក្ខុនី​ជាឧបជ្ឈាយ៍​ត្រូវអាបត្តិ​ទុក្កដ​ក្នុងខណៈ​ចប់ញត្តិ ត្រូវ​អាបត្តិ​ថុល្លច្ច័យ​ទាំងឡាយ​ក្នុងខណៈ​ចប់កម្មវាចា​ពីរលើក ចប់កម្មវាចា​ស្រេច ត្រូវអាបត្តិ​សង្ឃាទិសេស ចំណែក​គណៈ​នឹងភិក្ខុនី​ជាអាចារ្យ ត្រូវ​ត្រឹម​អាបត្តិទុក្កដ។

[៣៧] ពាក្យថា ភិក្ខុនី​នេះក្តី តថាគត​ពោលប្រៀបផ្ទឹម​នឹងភិក្ខុនី​ដែលត្រូវ​អាបត្តិ​មុនៗ។ ពាក្យថា បឋមាបត្តិក គឺភិក្ខុនី​ត្រូវ​អាបត្តិ​មួយអន្លើ​ដោយ​កិរិយា​​ប្រព្រឹត្ត​កន្លង​វត្ថុ មិនមែនដោយ​សូត្រ​សមនុភាសនកម្មទេ។ ពាក្យថា គួរ​បណ្តេញចេញ​ចាកសង្ឃ គឺ​ភិក្ខុនី​នោះត្រូវ​ភិក្ខុនី​ឯទៀត​នាំចេញ​អំពីសង្ឃ។ ពាក្យថា សង្ឃាទិសេស មានសេចក្តី​អធិប្បាយ​ក្នុង​សង្ឃាទិសេសទី១​រួចហើយ។

[៣៨] ស្រីចោរ ភិក្ខុនី​សំគាល់​ថាស្រីចោរ ហើយបំបួស (ស្រីនោះ) ត្រូវអាបត្តិ​សង្ឃាទិសេស វៀរលែង​តែមាន​សំបុត្រច្បាប់។ ស្រីចោរ ភិក្ខុនី​សង្ស័យ ហើយបំបួស (ស្រីនោះ) ត្រូវអាបត្តិ​ទុក្កដ វៀរលែង​តែមាន​សំបុត្រច្បាប់។ ស្រីចោរ ភិក្ខុនី​សំគាល់​ថាមិនមែន​ចោរ ហើយបំបួស (ស្រីនោះ) មិនត្រូវអាបត្តិ វៀរលែង​តែមាន​សំបុត្រច្បាប់។ មិនមែនស្រីចោរ ភិក្ខុនីសំគាល់​ថាស្រីចោរ ត្រូវអាបត្តិ​ទុក្កដ។ មិនមែនស្រីចោរ ភិក្ខុនីសង្ស័យ ត្រូវអាបត្តិ​ទុក្កដ។ មិនមែនស្រីចោរ ភិក្ខុនីសំគាល់​ថាមិនមែន​ស្រីចោរ មិនត្រូវអាបត្តិ។

[៣៩] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៥យ៉ាង) គឺ ភិក្ខុនីមិនដឹង ហើយ​បំបួស១ ភិក្ខុនីជំរាប​ដល់​អ្នករាជការ មានស្តេច​ជាដើម ហើយទើប​បំបួស១ ភិក្ខុនីបំបួស​ស្រី​ដែល​មានសំបុត្រ​ច្បាប់​ពីក្នុងកាល​មុនរួចហើយ (គឺ​ស្រីដែល​ធ្លាប់បួស​ក្នុងសំណាក់​តិរ្ថិយ ឬ​ភិក្ខុនី​ឯទៀត)១ ភិក្ខុនីឆ្កួត១ ភិក្ខុនី​ដើមបញ្ញត្តិ១។

សង្ឃាទិសេស ទី៣

(៣. តតិយសង្ឃាទិសេសសិក្ខាបទំ)

[៤០] សម័យនោះ ព្រះពុទ្ធ​ដ៏មានព្រះភាគ គង់ក្នុងជេតវនារាម ​របស់​អនាថបិណ្ឌិក​​សេដ្ឋី​ទៀប​ក្រុង​សាវត្ថី។ សម័យនោះឯង ភិក្ខុនី​ជាសិស្ស​របស់​ភទ្ទាកាបិលានីថេរី​ឈ្លោះ​នឹងភិក្ខុនី​ទាំងឡាយ​ ហើយក៏បាន​ទៅ​កាន់​ត្រកូល​ញាតិ​ក្នុងស្រុក។ ភទ្ទាកាបិលានីថេរី កាលមិនឃើញ​ភិក្ខុនី​នោះ ក៏សួរភិក្ខុនី​ទាំងឡាយថា ភិក្ខុនី​ឈ្មោះនេះ​ទៅណា មិនឃើញ។ ភិក្ខុនី​ទាំងឡាយ​ប្រាប់​ថា បពិត្រ​លោកម្ចាស់ ភិក្ខុនី​នោះ​ឈ្លោះ​នឹងភិក្ខុនី​ទាំងឡាយ ហើយ​(ស្រាប់តែ)​មិនឃើញ។ ភទ្ទាកាបិលានីថេរី​និយាយថា នែនាង​ទាំងឡាយ ត្រកូលញាតិ​របស់ភិក្ខុនី​នេះ មាននៅ​ក្នុងស្រុក​ឈ្មោះឯណោះ ចូរនាង​ទាំងឡាយ​ទៅពិនិត្យ​រកក្នុង​ត្រកូល​នោះមើល។ ភិក្ខុនី​ទាំងឡាយ​ទៅក្នុង​ទីនោះ ឃើញភិក្ខុនី​នោះ ហើយបាន​និយាយ​ពាក្យនេះ​ថា នែលោក​ម្ចាស់ ហេតុអ្វីក៏​លោកមក​តែ​ម្នាក់ឯង មិនមាន​គេ​បៀតបៀន​លោកទេឬ។ ភិក្ខុនី​នោះនិយាយ​ថា នែលោកម្ចាស់ ខ្ញុំមិនមាន​អ្នកណា​បៀតបៀន​ទេ។ ភិក្ខុនី​ទាំងឡាយ​ណា​មានសេចក្តី​ប្រាថ្នាតិច។បេ។ ភិក្ខុនី​ទាំងឡាយនោះ ពោលទោស តិះដៀល បន្តុះ​បង្អាប់​ថា ភិក្ខុនី មិនសមនឹងទៅ​កាន់ចន្លោះស្រុក​តែម្នាក់​ឯង​​សោះ។បេ។ ​ទ្រង់ត្រាស់​សួរ​ថា ​ម្នាល​​ភិក្ខុ​​ទាំងឡាយ ឮ​ថាភិក្ខុនីទៅកាន់​ចន្លោះស្រុក​តែម្នាក់ឯង ពិត​មែន​ឬ។ ភិក្ខុ​ទាំងឡាយ​ក្រាប​ទូល​ថា បពិត្រ​ព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះ​ពុទ្ធ​​ដ៏​មានជោគ ​​ទ្រង់បន្ទោស​ថា ម្នាល​ភិក្ខុ​ទាំងឡាយ​ ភិក្ខុនី​ មិនគួរបើនឹងទៅ​កាន់​ចន្លោះស្រុក​តែម្នាក់​ឯង​ទេ ​ម្នាល​ភិក្ខុ​ទាំងឡាយ អំពើ​នេះ​មិន​មែននាំ​ឲ្យ​ជ្រះថ្លា​ដល់​ជន​ទាំងឡាយ​ដែល​មិន​ទាន់​ជ្រះថ្លា​ទេ។បេ។ ម្នាល​ភិក្ខុទាំងឡាយ ចូរភិក្ខុនី​ទាំងឡាយ ​សំដែង​ឡើង​នូវសិក្ខាបទនេះ​យ៉ាងនេះ​ថា

ភិក្ខុនី​ណាមួយ​ទៅកាន់​ចន្លោះ​ស្រុក​តែម្នាក់ឯង ភិក្ខុនី​នេះក្តី ក៏ត្រូវ​អាបត្តិសង្ឃាទិសេស ឈ្មោះបឋមាបត្តិក គួរ​បណ្តេញ​ចេញ​ចាកសង្ឃ។ ឯសិក្ខាបទ​នេះ ព្រះដ៏មានព្រះភាគ​ទ្រង់បញ្ញត្ត​ហើយដល់​ភិក្ខុនី​ទាំងឡាយ​យ៉ាងនេះ។

[៤១] សម័យនោះឯង ភិក្ខុនី​ទាំងឡាយ​ពីររូបចេញ​អំពីក្រុងសាកេត ហើយដើរ​ផ្លូវឆ្ងាយ​ទៅកាន់​ក្រុងសាវត្ថី។ ក្នុងចន្លោះផ្លូវ​មានស្ទឹងដែល​ភិក្ខុនី​ទាំងឡាយ​នោះត្រូវឆ្លង។ ទើបភិក្ខុនី​ទាំងឡាយ​នោះ​ចូលទៅរក​ពួក​អ្នកទូក ហើយបាន​និយាយ​ពាក្យនេះ​ថា នែអ្នក​ដ៏មានអាយុ សូម​ឲ្យ​អ្នកទាំងឡាយ​អាណិត​ចម្លង​យើង (បន្តិច)។ ពួក​អ្នកទូក​និយាយថា បពិត្រ​លោកម្ចាស់ យើងខ្ញុំ​មិនអាច​ចម្លង​លោកម្ចាស់​ទាំងពីរ​រូបតែម្តង​បានទេ។ អ្នកទូកម្នាក់​ចម្លង​ភិក្ខុនី១រូប។ អ្នកទូក​ដែល​ឆ្លង​រួចទៅហើយ ក៏ទ្រុស្ត​(សេពសន្ថវ) នឹងភិក្ខុនី​ដែលឆ្លងរួចទៅហើយ។ អ្នកទូក​ដែល​មិនទាន់​ឆ្លង ក៏ទ្រុស្ត​នឹងភិក្ខុនី​ដែលមិន​ទាន់ឆ្លង។ ភិក្ខុនី​ទាំងពីរ​នោះមកប្រជុំ​គ្នាក្នុង​ពេលក្រោយ ហើយសួរ​គ្នាថា នែលោកម្ចាស់ អ្នកទូក​មិនបៀតបៀន​លោកទេឬ។ ភិក្ខុនី​នោះ​និយាយ​ថា នែលោកម្ចាស់ ខ្ញុំ​អ្នកទូក​វាបៀតបៀន​ទៅហើយ ចុះចំណែក​ខាងលោកម្ចាស់ អ្នកទូក​វាមិន​បៀតបៀន​លោកទេឬ។ ភិក្ខុនីនោះ ក៏និយាយថា លោកម្ចាស់ ខ្ញុំអ្នកទូក​បៀតបៀន​ហើយ​ដែរ។ លំដាប់នោះ ភិក្ខុនី​ទាំងឡាយ​នោះ​ទៅកាន់ក្រុង​សាវត្ថី ហើយប្រាប់​ដំណើរនុ៎ះ​ដល់​ភិក្ខុនី​ទាំងឡាយ។ ភិក្ខុនី​ទាំងឡាយ​ណា​មានសេចក្តី​ប្រាថ្នាតិច។បេ។ ភិក្ខុនី​ទាំងឡាយនោះ ពោលទោស តិះដៀល បន្តុះ​បង្អាប់​ថា ភិក្ខុនី មិនសមនឹងទៅ​កាន់ត្រើយស្ទឹង​ខាងនាយ​​តែម្នាក់​ឯង​​សោះ។ ទើបភិក្ខុនី​ទាំងឡាយ​នោះប្រាប់ដំណើរ​នុ៎ះ​ដល់ភិក្ខុ​ទាំងឡាយ។ ភិក្ខុទាំងឡាយ​ទូលដំណើរ​នុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។បេ។ ​ទ្រង់ត្រាស់​សួរ​ថា ​ម្នាល​​ភិក្ខុ​​ទាំងឡាយ ឮ​ថាភិក្ខុនីទៅកាន់ត្រើយ​ស្ទឹង​ខាងនាយ​​តែម្នាក់ឯង ពិត​មែន​ឬ។ ភិក្ខុ​ទាំងឡាយ​ក្រាប​ទូល​ថា បពិត្រ​ព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះ​ពុទ្ធ​​ដ៏​មានព្រះភាគ ​​ទ្រង់បន្ទោស​ថា ម្នាល​ភិក្ខុ​ទាំងឡាយ​ ភិក្ខុនី​ មិនគួរបើនឹងទៅ​កាន់ត្រើយស្ទឹង​ខាងនាយ​តែម្នាក់​ឯង​ទេ ​ម្នាល​ភិក្ខុ​ទាំងឡាយ អំពើ​នេះ​មិន​មែននាំ​ឲ្យ​ជ្រះថ្លា​ដល់​ជន​ទាំងឡាយ​ដែល​មិន​ទាន់​ជ្រះថ្លា​ទេ។បេ។ ម្នាល​ភិក្ខុទាំងឡាយ ចូរភិក្ខុនី​ទាំងឡាយ ​សំដែង​ឡើង​នូវសិក្ខាបទនេះ​យ៉ាងនេះ​ថា

ភិក្ខុនី​ណាមួយ​ទៅកាន់​ចន្លោះ​ស្រុក​តែម្នាក់ឯងក្តី ទៅកាន់​ត្រើយ​ស្ទឹង​ខាងនាយ​តែម្នាក់ឯងក្តី ភិក្ខុនី​នេះឯង ក៏ត្រូវ​អាបត្តិសង្ឃាទិសេស ឈ្មោះបឋមាបត្តិក គួរ​បណ្តេញ​ចេញ​ចាកសង្ឃ។ ព្រះដ៏មានព្រះភាគបាន​​ទ្រង់បញ្ញត្ត​សិក្ខាបទនេះ​ដល់​ភិក្ខុនី​ទាំងឡាយ​យ៉ាងនេះ។

[៤២] សម័យនោះឯង ភិក្ខុនី​ទាំងឡាយ​ច្រើនរូប ទៅកាន់​ក្រុងសាវត្ថី ក្នុងជនបទ​កោសល ទើបចូលទៅ​កាន់ស្រុក១ ក្នុងពេលល្ងាច។ បណ្តាភិក្ខុនី​ទាំងឡាយនោះ ភិក្ខុនី១រូប​ មានរូបល្អ គួរ​ពិតពិលរមិលមើល នាំមកនូវ​សេចក្តី​ជ្រះថ្លា។ បុរសម្នាក់​មានចិត្ត​ប្រតិព័ទ្ធ​តាំងពី​ឃើញភិក្ខុនី​នោះ។ ឯបុរសនោះ​បានក្រាល​ទីសិង​ដល់ភិក្ខុនី​ទាំងឡាយនោះ ក៏ក្រាល​ទីសិង​ដើម្បី​ភិក្ខុនី​នោះក្នុង​ទី​ម្ខាង​ដោយឡែក។ ទើបឯភិក្ខុនី​នោះកំណត់​យល់ឃើញ​ហើយ ក៏គិតថា បុរសនេះ​មានរាគៈគ្របសង្កត់​ហើយ បើគាត់​នឹងមក​ក្នុង​វេលាយប់ អញ​មុខ​ជានឹងមាន​សម្រែក​ខុសប្រក្រតី ហើយក៏​មិនបាន​លា​ភិក្ខុនី​ទាំងឡាយ ស្រាប់តែ​ទៅកាន់​ត្រកូល​មួយ ហើយក៏​សម្រេច​ឥរិយាបថ​ដេក។ លំដាប់នោះ បុរស​នោះមកក្នុងវេលា​រាត្រី ស្វែងរក​ភិក្ខុនី​នោះ ក៏បៀតបៀន​ភិក្ខុនី​ទាំងឡាយ។ ភិក្ខុនីទាំងឡាយ​ កាលបើ​មិនឃើញ​ភិក្ខុនី​នោះ បាននិយាយ​យ៉ាងនេះថា ភិក្ខុនី​នោះចេញទៅ​ជាមួយ​នឹងប្រុស​ជាប្រាកដ​ហើយ។ ឯភិក្ខុនី​នោះ លុះកន្លង​រាត្រី​នោះទៅ បានចូលទៅរក​ភិក្ខុនី​ទាំងឡាយ។ ភិក្ខុនី​ទាំងឡាយ​បាននិយាយ​ពាក្យនេះ​នឹងភិក្ខុនី​នោះថា នែលោកម្ចាស់ ហេតុអ្វី​បានជាលោក​ចេញទៅ​ជាមួយ​នឹងប្រុស។ ភិក្ខុនី​នោះនិយាយ​ថា នែលោកម្ចាស់ ខ្ញុំមិនបាន​ចេញទៅជា​មួយនឹងប្រុស​ទេ ហើយក៏​ប្រាប់ដំណើរ​នុ៎ះ​ដល់​ភិក្ខុនី​ទាំងឡាយ។ ភិក្ខុនី​ទាំងឡាយឯ​ណា​មានសេចក្តី​ប្រាថ្នា​តិច។បេ។ ភិក្ខុនី​ទាំងឡាយនោះ ពោលទោស តិះដៀល បន្តុះ​បង្អាប់​ថា ភិក្ខុនី មិនសមបើនឹងនៅ​ប្រាសចាក​គ្នា​ក្នុងវេលា​រាត្រីតែម្នាក់​ឯង​​សោះ។បេ។ ​ទ្រង់ត្រាស់​សួរ​ថា ​ម្នាល​​ភិក្ខុ​​ទាំងឡាយ ឮ​ថាភិក្ខុនីនៅប្រាសចាក​(គ្នា)​ក្នុងវេលា​រាត្រី​តែម្នាក់ឯង ពិត​មែន​ឬ។ ភិក្ខុ​ទាំងឡាយ​ក្រាប​ទូល​ថា បពិត្រ​ព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះ​ពុទ្ធ​​ដ៏​មានព្រះភាគ ​​ទ្រង់បន្ទោស​ថា ម្នាល​ភិក្ខុ​ទាំងឡាយ​ ភិក្ខុនី​ មិនគួរបើនឹងនៅប្រាសចាក​(គ្នា)​ក្នុងវេលារាត្រី​តែម្នាក់​ឯង​ទេ ​ម្នាល​ភិក្ខុ​ទាំងឡាយ អំពើ​នេះ​មិន​មែននាំ​ឲ្យ​ជ្រះថ្លា​ដល់​ជន​ទាំងឡាយ​ដែល​មិន​ទាន់​ជ្រះថ្លា​ទេ ឬនាំឲ្យ​រឹងរឹត​តែជ្រះថ្លា​ឡើង​ដល់​ជនទាំងឡាយ​ដែលជ្រះថ្លា​ស្រាប់ហើយទេ។បេ។ ម្នាល​ភិក្ខុទាំងឡាយ ចូរភិក្ខុនី​ទាំងឡាយ ​សំដែង​ឡើង​នូវសិក្ខាបទនេះ​យ៉ាងនេះ​ថា

ភិក្ខុនី​ណាមួយ​ទៅកាន់​ចន្លោះ​ស្រុក​តែម្នាក់ឯងក្តី ទៅកាន់​ត្រើយ​ស្ទឹង​ខាងនាយ​តែម្នាក់ឯងក្តី ប្រាសចាក​គ្នាក្នុងវេលា​រាត្រី​តែម្នាក់ឯង​ក្តី ភិក្ខុនី​នេះឯង ក៏ត្រូវ​អាបត្តិសង្ឃាទិសេស ឈ្មោះបឋមាបត្តិក គួរ​បណ្តេញ​ចេញ​ចាកសង្ឃ។ សិក្ខាបទនេះ ព្រះដ៏មានព្រះភាគ​​ទ្រង់បញ្ញត្ត​​ដល់​ភិក្ខុនី​ទាំងឡាយ​ហើយយ៉ាងនេះ។

[៤៣] សម័យនោះឯង ភិក្ខុនី​ទាំងឡាយ​ច្រើនរូប ដើរផ្លូវឆ្ងាយ ទៅកាន់​ក្រុងសាវត្ថី ក្នុង​កោសលជនបទ។ បណ្តាភិក្ខុនី​ទាំងឡាយនោះ ភិក្ខុនីមួយរូប​ មានឧច្ចារបៀតបៀន (ឈឺដោះ​ទុក្ខសត្វ) បង្អង់នៅ​តែម្នាក់ឯង ហើយបាន​ទៅក្នុងកាល​ជាខាងក្រោយ។ មនុស្សទាំងឡាយ​ឃើញ​ភិក្ខុនី​នោះហើយ​ទ្រុស្ត។ ទើបភិក្ខុនី​នោះចូលទៅរក​ភិក្ខុនី​ទាំងឡាយនោះ។ ភិក្ខុនី​ទាំងឡាយ​បានពោលពាក្យ​នេះនឹងភិក្ខុនី​នោះថា នែលោកម្ចាស់ ហេតុអ្វីក៏លោក​បង្អង់ឈប់​នៅតែម្នាក់​ឯង ហើយលោក​មិនមានអ្នក​ណាបៀតបៀន​ខ្លះទេឬ។ ភិក្ខុនី​នោះប្រាប់ថា បពិត្រលោកម្ចាស់ ខ្ញុំ​ប្រុស​បៀតបៀនទៅហើយ។ ភិក្ខុនី​ទាំងឡាយ​ណា​មានសេចក្តី​ប្រាថ្នា​តិច។បេ។ ភិក្ខុនី​ទាំងឡាយនោះ ពោលទោស តិះដៀល បន្តុះ​បង្អាប់​ថា ភិក្ខុនី មិនសមបើនឹងឈប់​បង្អង់​ឲ្យយឺតយូរ​ជាងពួក​តែម្នាក់​ឯង​​សោះ។បេ។ ​ទ្រង់ត្រាស់​សួរ​ថា ​ម្នាល​​ភិក្ខុ​​ទាំងឡាយ ឮ​ថាភិក្ខុនី​បង្អង់​ឲ្យយឺតយូរ​ជាងពួក​តែម្នាក់ឯង ពិត​មែន​ឬ។ ភិក្ខុ​ទាំងឡាយ​ក្រាប​ទូល​ថា បពិត្រ​ព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះ​ពុទ្ធ​​ដ៏​មានជោគ ​​ទ្រង់បន្ទោស​ថា ម្នាល​ភិក្ខុ​ទាំងឡាយ​ ភិក្ខុនី​ មិនគួរបើនឹង​បង្អង់​ឲ្យយឺតយូរ​ជាងពួក​តែម្នាក់​ឯង​សោះ ​ម្នាល​ភិក្ខុ​ទាំងឡាយ អំពើ​នេះ​មិន​នាំ​ឲ្យ​ជ្រះថ្លា​ដល់​ជន​ទាំងឡាយ​ដែល​មិន​ទាន់​ជ្រះថ្លា​ទេ។បេ។ ម្នាល​ភិក្ខុទាំងឡាយ ចូរភិក្ខុនី​ទាំងឡាយ ​សំដែង​ឡើង​នូវសិក្ខាបទនេះ​យ៉ាងនេះ​ថា

ភិក្ខុនី​ណាមួយ​ទៅកាន់​ចន្លោះ​ស្រុក​តែម្នាក់ឯងក្តី ទៅកាន់​ត្រើយ​ស្ទឹង​ខាងនាយ​តែម្នាក់ឯងក្តី នៅប្រាសចាក​គ្នាក្នុងវេលា​រាត្រី​តែម្នាក់ឯង​ក្តី ឈប់​​ឲ្យឃ្លាតអំពីពួក​តែម្នាក់ឯងក្តី​ ភិក្ខុនី​នេះឯង ក៏ត្រូវ​អាបត្តិឈ្មោះសង្ឃាទិសេស ជាបឋមាបត្តិក គួរ​បណ្តេញ​ចេញ។

[៤៤] ពាក្យថា ភិក្ខុនីណាមួយ មានអធិប្បាយ​ក្នុង​សិក្ខាបទ​ទី១​នៃ​បារាជិកកណ្ឌ​រួច​ហើយ។ ពាក្យថា ទៅកាន់ចន្លោះស្រុក​តែម្នាក់ឯងក្តី គឺភិក្ខុនី​ឈានជំហាន​ដម្បូង​ចូលទៅកាន់​របង​នៃ​ស្រុក​ដែលមាន​របង ត្រូវ​អាបត្តិថុល្លច្ច័យ ឈាន​ជំហានទី២ ទៅ ត្រូវអាបត្តិ​សង្ឃាទិសេស។ ភិក្ខុនី​ឈានជំហាន​ដម្បូងចូលទៅកាន់​ឧបចារ​ស្រុក​ដែលមិនមាន​របង ត្រូវ​អាបត្តិថុល្លច្ច័យ ឈាន​ជំហានទី២ ត្រូវអាបត្តិ​សង្ឃាទិសេស។ ពាក្យថា ទៅកាន់ត្រើយស្ទឹង​ខាងនាយតែម្នាក់ឯង គឺភិក្ខុនី​បិទបាំង​មណ្ឌល​៣ ហើយ​ឆ្លងឡើង​ក្នុងទីណាមួយ ស្បង់នៃ​ភិក្ខុនី​នោះក៏ទទឹកបាន ទីនោះហៅថា​ស្ទឹង។ ភិក្ខុនីឆ្លង​ផុត​ជំហាន​ដម្បូង​ ត្រូវ​អាបត្តិថុល្លច្ច័យ ឆ្លងផុត​ជំហានទី២ ត្រូវអាបត្តិ​សង្ឃាទិសេស។ ពាក្យថា នៅប្រាសចាក​គ្នាក្នុងវេលា​រាត្រីតែម្នាក់ឯង គឺភិក្ខុនី​កំពុង​លះហត្ថបាស​នៃភិក្ខុនី​ទី២ ត្រូវ​អាបត្តិថុល្លច្ច័យ ព្រមគ្នានឹង​អរុណរះឡើង លុះលះហត្ថបាស​ស្រឡះហើយ ត្រូវអាបត្តិ​សង្ឃាទិសេស។ ពាក្យថា ឈប់ឲ្យឃ្លាត​អំពីពួក​តែម្នាក់ឯង គឺភិក្ខុនីកំពុង​លះ​ទស្សនុបចារ (កន្លែង​ដែលមើលគ្នាឃើញ)​ក្តី សវនុបចារ (កន្លែង​ដែលស្តាប់​ឮ)ក្តី របស់ភិក្ខុនី​ទី២ ក្នុងព្រៃ​មិនមែនជា​ស្រុក ត្រូវអាបត្តិ​ថុល្លច្ច័យ លុះលះបង់​ដាច់​ស្រឡះហើយ ត្រូវសង្ឃាទិសេស។

[៤៥] ពាក្យថា ភិក្ខុនី​នេះឯង តថាគត​ពោលប្រៀបផ្ទឹម​នឹងភិក្ខុនី​ដែលត្រូវ​អាបត្តិ​មុនៗ។ ពាក្យថា បឋមាបត្តិក គឺភិក្ខុនី​ត្រូវ​អាបត្តិ​ព្រមគ្នា​​នឹងពេល​ដែល​​ប្រព្រឹត្ត​កន្លង​វត្ថុ មិនមែនដោយ​សូត្រ​សមនុភាសនវិធីទេ។ ពាក្យថា គួរ​បណ្តេញចេញ​ គឺ​ភិក្ខុនី​នោះត្រូវ​ភិក្ខុនី​ទាំងឡាយ​បណ្តេញ​ចេញ​ចាកសង្ឃ។ ពាក្យថា សង្ឃាទិសេស មាន​អធិប្បាយ​ក្នុង​សង្ឃាទិសេសទី១​រួចហើយ។

[៤៦] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៤យ៉ាង) គឺ ភិក្ខុនីទី២​ចៀសចេញ​ទៅក្តី សឹកទៅក្តី ស្លាប់ទៅក្តី ចូលទៅ​កាន់ពួក​តិរ្ថិយក្តី១ ភិក្ខុនី​មានសេចក្តី​អន្តរាយ១ ភិក្ខុនីឆ្កួត១ ភិក្ខុនី​ធ្វើមុនបញ្ញត្តិ១។

សង្ឃាទិសេស ទី៤

(៤. ចតុត្ថសង្ឃាទិសេសសិក្ខាបទំ)

[៤៧] សម័យនោះ ព្រះពុទ្ធ​ដ៏មានព្រះភាគ គង់ក្នុងជេតវនារាម ​របស់​អនាថបិណ្ឌិក​​សេដ្ឋី​ទៀប​ក្រុង​សាវត្ថី។ សម័យនោះឯង ចណ្ឌកាលីភិក្ខុនី ជាអ្នកធ្វើសេចក្តី​បង្កហេតុ​ឈ្លោះទាស់​ទែង​គ្នា ធ្វើនូវ​តិរច្ឆាន​កថា ជាអ្នកបង្កអធិករណ៍​ក្នុងសង្ឃ។ ថុល្លនន្ទាភិក្ខុនី​រារាំង​នូវកម្ម​ទាំងឡាយ​ដែល​ចណ្ឌកាលីភិក្ខុនី​នោះធ្វើ។ ទទួលសម័យ​នោះឯង ថុល្លនន្ទាភិក្ខុនី​បានទៅកាន់​ស្រុកតូច ដោយកិច្ច​អ្វីម្យ៉ាង។ លំដាប់នោះ ភិក្ខុនីសង្ឃ​ដឹងថា ថុល្លនន្ទាភិក្ខុនីចៀសចេញ​ទៅហើយ ៗលើក​វត្ត​ចំពោះ​ចណ្ឌកាលីភិក្ខុនី ព្រោះ​សេចក្តី​មិនឃើញ​អាបត្តិ។ ថុល្លនន្ទាភិក្ខុនី​ពិចារណា​កិច្ចដែល​ខ្លួន​ត្រូវធ្វើ​ក្នុងស្រុក​នោះហើយ ក៏វិលមក​កាន់ក្រុង​សាវត្ថីវិញ។ ចណ្ឌកាលី​ភិក្ខុនី កាលបើ​ថុល្លនន្ទាភិក្ខុនី​មកដល់ ក៏មិនក្រាល​អាសនៈឲ្យ មិនចូលទៅ​ដម្កល់​ទឹកលាងជើង តាំងរងជើង និងឈើ​ទ្រាប់ជើង​ឡើយ មិនក្រោក​ទទួល​យកបាត្រ​ចីវរ មិនអើពើ​ដោយទឹកផឹក។ ថុល្លនន្ទាភិក្ខុនី​បាននិយាយ​ពាក្យនេះ​នឹង​ចណ្ឌកាលី​ភិក្ខុនីថា នែលោកម្ចាស់ កាលបើ​យើងមកដល់ ហេតុអ្វី​ក៏លោក​មិនក្រាល​អាសនៈ​ឲ្យ មិនចូលមក​ដម្កល់​ទឹក​លាងជើង តាំង​រងជើង និងឈើ​ទ្រាប់ជើង​ឲ្យ មិនក្រោក​ទទួល​យកបាត្រ​ចីវរ មិនអើពើ​ដោយទឹកផឹក។ ចណ្ឌកាលី​ភិក្ខុនី​និយាយថា បពិត្រលោកម្ចាស់ ការនេះ​បានជាយ៉ាងហ្នឹង ព្រោះខ្ញុំ​ជាមនុស្ស​អនាថា។ ថុល្លនន្ទាភិក្ខុនីសួរថា នែលោកម្ចាស់ ហេតុអ្វី​ក៏លោក​ជាមនុស្ស​អនាថា។ ចណ្ឌកាលី​ភិក្ខុនី​និយាយ​ថា នែលោកម្ចាស់ ភិក្ខុនីទាំងឡាយ​នេះ គិតគ្នាថា ភិក្ខុនី​នេះ​ជាមនុស្ស​អនាថា មិនមាន​អ្នកណាស្គាល់ គ្មាន​ភិក្ខុនី​ណាមួយ​ជាអ្នក​ប្រតិបត្តិ​ភិក្ខុនី​នេះទេ ដូច្នេះហើយ ក៏លើកវត្ត​ចំពោះខ្ញុំ ព្រោះសេចក្តី​មិនឃើញ​អាបត្តិ។ ថុល្លនន្ទាភិក្ខុនី​និយាយថា ភិក្ខុនី​ទាំងឡាយ​នេះ​ល្ងង់ ភិក្ខុនី​អស់នេះ​មិនឆ្លាស ភិក្ខុនី​ទាំងឡាយ​នេះ​មិនស្គាល់​កម្ម​ក្តី ទោសរបស់​កម្មក្តី កម្មវិបត្តិក្តី កម្មសម្បត្តិ​ក្តី ឯយើង​ទើបដឹងកម្ម​ផង ទោសរបស់​កម្មផង កម្មវិបត្តិផង កម្មសម្បត្តិ​ផង យើងហ្នឹង​ឯង​ត្រូវធ្វើកម្ម​ដែលសង្ឃ​មិនបាន​ធ្វើផង ត្រូវញុំាង​កម្ម​ដែលសង្ឃ​ធ្វើហើយឲ្យ​កម្រើក​ផង ដូច្នេះហើយ ប្រជុំភិក្ខុនី​សង្ឃ​ភ្លាមៗ ហើយសូត្រ​(ដកកម្ម) បញ្ចូល​ចណ្ឌកាលីភិក្ខុនី​មកវិញ។ ភិក្ខុនី​ទាំងឡាយ​ណា​មានសេចក្តី​ប្រាថ្នាតិច។បេ។ ភិក្ខុនី​ទាំងឡាយនោះ ពោលទោស តិះដៀល បន្តុះ​បង្អាប់​ថា លោកម្ចាស់​ថុល្លនន្ទា មិនសមបើនឹងមិន​ប្រាប់​ការកសង្ឃ មិនដឹងសេចក្តី​ប្រាថ្នា​របស់ពួក​ភិក្ខុនី​ជាអ្នកធ្វើ ហើយសូត្រ​បញ្ចូល​ភិក្ខុនី​ដែលសង្ឃ​ព្រមព្រៀង​គ្នាលើកវត្ត​តាមធម៌ តាមវិន័យ តាមពាក្យប្រៀន​ប្រដៅ​ព្រះសាស្តា​ទេ។បេ។ ​ទ្រង់ត្រាស់​សួរ​ថា ​ម្នាល​​ភិក្ខុ​​ទាំងឡាយ ឮ​ថាថុល្លនន្ទាភិក្ខុនី មិនបាន​ប្រាប់​ការកសង្ឃ មិនដឹង​សេចក្តី​ប្រាថ្នា​របស់ពួក​ភិក្ខុនី​ជាអ្នកធ្វើ សូត្រ​បញ្ចូល​ភិក្ខុនី​ដែលសង្ឃ​ព្រមព្រៀង​គ្នាលើកវត្ត​តាមធម៌ តាមវិន័យ តាមពាក្យប្រៀន​ប្រដៅ​ព្រះសាស្តា​ ពិត​មែន​ឬ។ ភិក្ខុ​ទាំងឡាយ​ក្រាប​ទូល​ថា បពិត្រ​ព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះ​ពុទ្ធ​​ដ៏​មានជោគ ​​ទ្រង់បន្ទោស​ថា ម្នាល​ភិក្ខុ​ទាំងឡាយ​ ថុល្លនន្ទាភិក្ខុនី មិនគួរបើនឹងមិន​ប្រាប់​ការកសង្ឃ មិនដឹងសេចក្តី​ប្រាថ្នា​របស់ពួក​ភិក្ខុនី​ជាអ្នកធ្វើ ហើយសូត្រ​បញ្ចូល​ភិក្ខុនី​ដែលសង្ឃ​ព្រមព្រៀង​គ្នាលើកវត្ត​តាមធម៌ តាមវិន័យ តាមពាក្យប្រៀន​ប្រដៅ​ព្រះសាស្តា​ទេ ​ម្នាល​ភិក្ខុ​ទាំងឡាយ អំពើ​នេះ​មិន​មែននាំ​ឲ្យ​ជ្រះថ្លា​ដល់​ជន​ទាំងឡាយ​ដែល​មិន​ទាន់​ជ្រះថ្លា​ទេ។បេ។ ម្នាល​ភិក្ខុទាំងឡាយ ចូរភិក្ខុនី​ទាំងឡាយ ​សំដែង​ឡើង​នូវសិក្ខាបទនេះ​យ៉ាងនេះ​ថា

ភិក្ខុនី​ណាមួយ​ មិនបាន​ប្រាប់​ការកសង្ឃ មិនដឹងសេចក្តី​ប្រាថ្នា​របស់គណៈ ហើយ​សូត្រ​បញ្ចូល​ភិក្ខុនី​ដែលសង្ឃ​ព្រមព្រៀង​គ្នាលើកវត្ត​តាមធម៌ តាមវិន័យ តាមពាក្យប្រៀន​ប្រដៅ​​របស់​ព្រះសាស្តា​ ភិក្ខុនីនេះក្តី ក៏ត្រូវ​អាបត្តិសង្ឃាទិសេស ជាបឋមាបត្តិក គួរ​បណ្តេញ​ចេញ​ចាកសង្ឃ។

[៤៨] ពាក្យថា ភិក្ខុនីណាមួយ មានអធិប្បាយ​ក្នុង​សិក្ខាបទ​ទី១​នៃ​បារាជិកកណ្ឌ​រួច​ហើយ។ សង្ឃ​ដែលមានសំវាស​ស្មើគ្នា ឋិតនៅក្នុង​សីមាស្មើគ្នា ឈ្មោះថា ព្រមព្រៀងគ្នា។ ភិក្ខុនី​ដែល​ឈ្មោះ​ថា​សង្ឃ​លើកវត្ត គឺភិក្ខុនី​ដែលសង្ឃ​លើកវត្ត​ ព្រោះមិនឃើញ​អាបត្តិ​ក្តី មិនសំដែង​អាបត្តិ​ក្តី មិនលះបង់​(ទិដ្ឋិអាក្រក់)​ក្តី។ ពាក្យថា តាមធម៌ តាមវិន័យ គឺតាមធម៌​យ៉ាងណា តាមវិន័យ​យ៉ាងណា។ ពាក្យថា តាមពាក្យប្រៀន​ប្រដៅ​របស់​ព្រះសាស្តា គឺតាម​ពាក្យប្រៀន​ប្រដៅ​របស់ព្រះ​ជិនស្រី គឺតាម​ពុទ្ធសាសនា។ ពាក្យថា មិនប្រាប់​ការកសង្ឃ គឺមិនប្រាប់​សង្ឃ​ជាអ្នក​ធ្វើកម្ម។ ពាក្យថា មិនដឹងសេចក្តី​ប្រាថ្នារបស់​គណៈ គឺមិនដឹង​សេចក្តី​ពេញចិត្ត​របស់​ពួក។ ភិក្ខុនី​គិតថា អញ​នឹង​សូត្រ​បញ្ចូល​ពួក ហើយ​ស្វែងរក​ពួកក្តី សម្មតិសីមាក្តី ត្រូវអាបត្តិ​ទុក្កដ ភិក្ខុនី​នោះ​ ត្រូវ​អាបត្តិ​ទុក្កដ​ក្នុងខណៈ​ចប់​ញត្តិ ត្រូវអាបត្តិ​ថុល្លច្ច័យ​ទាំងឡាយ​ក្នុងខណៈ​ចប់​កម្មវាចាពីរ​លើក ត្រូវ​អាបត្តិ​សង្ឃាទិសេស​ក្នុងខណៈ​សូត្រចប់​កម្មវាចា​ស្រេច។

[៤៩] ពាក្យថា ភិក្ខុនី​នេះក្តី តថាគត​ពោលប្រៀបផ្ទឹម​នឹងភិក្ខុនី​ដែលប្រព្រឹត្ត​ល្មើស​​មុនៗ។ ពាក្យថា បឋមាបត្តិក គឺភិក្ខុនី​ត្រូវ​អាបត្តិ​ព្រមគ្នា​​នឹង​​ប្រព្រឹត្ត​កន្លង​វត្ថុ មិនមែនដោយ​សូត្រ​សមនុភាសនវិធី​ទេ។ ពាក្យថា គួរ​បណ្តេញចេញចាកសង្ឃ​ គឺ​ភិក្ខុនី​នោះ ត្រូវ​ភិក្ខុនីឯទៀត​​បណ្តេញ​ចេញអំពីសង្ឃ។ ពាក្យថា សង្ឃាទិសេស មាន​អធិប្បាយ​ក្នុង​សង្ឃាទិសេសទី១​នៃ​សត្តរសកណ្ឌ​រួចហើយ។

[៥០] កម្ម​ប្រកបដោយ​ធម៌ ភិក្ខុនី​សំគាល់ថា​កម្មប្រកបដោយ​ធម៌ ហើយសូត្រ​បញ្ចូល​ពួក ត្រូវអាបត្តិ​សង្ឃាទិសេស។ កម្ម​ប្រកបដោយ​ធម៌ ភិក្ខុនីសង្ស័យ ហើយសូត្រ​បញ្ចូល​ពួក ត្រូវអាបត្តិ​សង្ឃាទិសេស។ កម្ម​ប្រកបដោយ​ធម៌ ភិក្ខុនី​សំគាល់ថា​កម្មមិនប្រកបដោយ​ធម៌ ហើយសូត្រ​បញ្ចូល​​ពួក ត្រូវអាបត្តិ​សង្ឃាទិសេស។ កម្មមិន​ប្រកបដោយ​ធម៌ ភិក្ខុនី​សំគាល់ថា​កម្មប្រកបដោយ​ធម៌ ត្រូវអាបត្តិទុក្កដ។ កម្មមិន​ប្រកបដោយ​ធម៌ ភិក្ខុនីសង្ស័យ ត្រូវអាបត្តិទុក្កដ។ កម្មមិន​ប្រកប​ដោយ​ធម៌ ភិក្ខុនី​សំគាល់ថា​កម្មមិនប្រកបដោយ​ធម៌ ត្រូវអាបត្តិ​ទុក្កដ។

[៥១] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៥យ៉ាង) គឺ ភិក្ខុនី​ប្រាប់សង្ឃ​ជាអ្នកធ្វើ​សង្ឃកម្ម ហើយទើបសូត្រ​បញ្ចូល​ពួក១ ភិក្ខុនី​ដឹងសេចក្តី​ប្រាថ្នា​របស់គណៈ ហើយ​ទើបសូត្រ​បញ្ចូល​១ ភិក្ខុនីសូត្រ​បញ្ចូល​ភិក្ខុនី​ដែលប្រព្រឹត្ត​តាមវត្ត កាលបើ​គ្មានសង្ឃ​ជាអ្នកធ្វើ​សង្ឃកម្ម​ ទើប​ភិក្ខុនី​សូត្របញ្ចូល​ពួក១ ភិក្ខុនីឆ្កួត១ ភិក្ខុនី​ធ្វើខុសមុនបញ្ញត្តិ១។

សង្ឃាទិសេស ទី៥

(៥. បញ្ចមសង្ឃាទិសេសសិក្ខាបទំ)

[៥២] សម័យនោះ ព្រះពុទ្ធ​ដ៏មានព្រះភាគ គង់ក្នុងជេតវនារាម ​របស់​អនាថបិណ្ឌិក​​សេដ្ឋី​ទៀប​ក្រុង​សាវត្ថី។ សម័យនោះឯង សុន្ទរីនន្ទាភិក្ខុនី​មានរូបល្អ គួរពិតពិល​រមិលមើល នាំមក​នូវ​សេចក្តី​ជ្រះថ្លា។ មនុស្សទាំងឡាយ​ឃើញ​សុន្ទរីនន្ទាភិក្ខុនី​ក្នុងរោង​ភត្តហើយ មានសេចក្តី​តម្រេក ក៏ប្រគេន​ភោជន​ទាំងឡាយ​សុទ្ធ​តែ​ប្រសើរ​ដល់សុន្ទរីនន្ទាភិក្ខុនី​ដែលមាន​តម្រេក​ដែរ។ សុន្ទរីនន្ទាភិក្ខុនី​ឆាន់ (តែឯង) ទាល់តែ​ឆ្អែត។ ភិក្ខុនី​ទាំងឡាយ​ដទៃ​មិនបាន​អាហារ​ដ៏សមគួរ​ដល់ចិត្ត​ផងឡើយ។ ភិក្ខុនី​ទាំងឡាយ​ណា​មានសេចក្តី​ប្រាថ្នាតិច។បេ។ ភិក្ខុនី​ទាំងឡាយនោះ ពោលទោស តិះដៀល បន្តុះ​បង្អាប់​ថា នាងសុន្ទរីនន្ទាភិក្ខុនី មិនសមបើនឹងមានតម្រេក ទទួល​ខាទនីយ​ភោជនីយាហារអំពី​ដៃ​បុរស​បុគ្គល​ដែលមាន​តម្រេក​ដែរ ដោយដៃ​ខ្លួន​ ហើយទំពាស៊ី​ ឬឆាន់​សោះ។បេ។ ​ទ្រង់ត្រាស់​សួរ​ថា ​ម្នាល​​ភិក្ខុ​​ទាំងឡាយ ឮ​ថាសុន្ទរីនន្ទាភិក្ខុនីមាន​តម្រក ទទួល​ខាទនីយ​ភោជនីយាហារ​អំពីដៃ​បុរស​បុគ្គល​ដែលមាន​តម្រេក​ដែរ ដោយដៃ​របស់ខ្លួន ហើយទំពា​ស៊ី​ ឬបរិភោគ ពិត​មែន​ឬ។ ភិក្ខុ​ទាំងឡាយ​ក្រាប​ទូល​ថា បពិត្រ​ព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះ​ពុទ្ធ​​ដ៏​មានជោគ ​​ទ្រង់បន្ទោស​ថា ម្នាល​ភិក្ខុ​ទាំងឡាយ​ សុន្ទរីនន្ទាភិក្ខុនី មិនគួរបើនឹងមានតម្រេក​ ហើយទទួល​ខាទនីយ​ភោជនីយាហារ​អំពីដៃ​បុរស​បុគ្គល​ដែលមាន​តម្រេក​ដែរ ដោយដៃ​របស់​ខ្លួន ហើយទំពាស៊ី ឬឆាន់ទេ ​ម្នាល​ភិក្ខុ​ទាំងឡាយ អំពើ​នេះ​មិន​មែននាំ​ឲ្យ​ជ្រះថ្លា​ដល់​ជន​ទាំងឡាយ​ដែល​មិន​ទាន់​ជ្រះថ្លា​ទេ។បេ។ ម្នាល​ភិក្ខុទាំងឡាយ ចូរភិក្ខុនី​ទាំងឡាយ ​សំដែង​ឡើង​នូវសិក្ខាបទ​នេះ​យ៉ាងនេះ​ថា

ភិក្ខុនី​ណាមួយ​ មានតម្រេក​ទទួលយក​ខាទនីយ​ក្តី ភោជនីយ​ក្តី អំពីដៃ​បុរស​បុគ្គល​ដែលមានតម្រេក​ដែរ ដោយដៃ​នៃខ្លួន ហើយទំពាស៊ីក្តី បរិភោគក្តី ភិក្ខុនីនេះក្តី ក៏ត្រូវ​អាបត្តិសង្ឃាទិសេស ជាបឋមាបត្តិក គួរ​បណ្តេញ​ចេញ​ចាកសង្ឃ។

[៥៣] ពាក្យថា ភិក្ខុនីណាមួយ មានអធិប្បាយ​ក្នុង​សិក្ខាបទ​ខាងដើម​រួច​ហើយ។ ភិក្ខុនី​ដែលឈ្មោះ​ថា មានតម្រេក គឺភិក្ខុនី​ដែលត្រេកអរ​ អាឡោះអាល័យ មានចិត្ត​ប្រតិព័ទ្ធ។ បុរស​ដែលឈ្មោះ​ថា មានតម្រេក គឺប្រុស​​ដែលត្រេកត្រអាល សំឡឹងគយគន់ មានចិត្ត​ប្រតិព័ទ្ធ។ ដែល​ហៅថា​បុរសបុគ្គល សំដៅយក​មនុស្សប្រុស​ដែលដឹងក្តី អាចត្រេកអរ​បាន មិនមែន​យក្សប្រុស ប្រេតប្រុស តិរច្ឆានឈ្មោល​ទេ។ ដែលហៅថា ខាទនីយ គឺលើកលែង​តែភោជន​៥យ៉ាង​ចេញ និង​ទឹក និង​ឈើស្ទន់ ក្រៅពី​នោះឈ្មោះ​ថា ខាទនីយ​ទាំងអស់។ ភោជន​៥យ៉ាង គឺបាយ១ នំស្រស់១ នំក្រៀម១ ត្រី១ សាច់១ ឈ្មោះថា ភោជនីយ។ ភិក្ខុនី​គិតថា អញ​នឹងទំពាស៊ី ឬនឹងបរិភោគ ហើយ​ទទួលយក ត្រូវអាបត្តិ​ថុល្លច្ច័យ។ ភិក្ខុនី​នោះ ត្រូវអាបត្តិ​សង្ឃាទិសេស​គ្រប់ៗវារៈ​ដែល​លេបចូល​ទៅ។

[៥៤] ពាក្យថា ភិក្ខុនី​នេះក្តី គឺតថាគត​ពោលប្រៀបផ្ទឹម​នឹងភិក្ខុនី​ទាំងឡាយ​មុនៗ។ ពាក្យថា បឋមាបត្តិក គឺភិក្ខុនី​ត្រូវ​អាបត្តិ​ព្រមគ្នា​​នឹង​​ប្រព្រឹត្ត​កន្លង​វត្ថុ មិនមែនដោយ​សូត្រ​សមនុភាសនវិធី​ទេ។ ពាក្យថា គួរ​បណ្តេញចេញចាកសង្ឃ​ គឺ​ភិក្ខុនី​នោះ ត្រូវ​ភិក្ខុនីទាំងឡាយ​​បណ្តេញ​ចេញអំពីសង្ឃ។ ពាក្យថា សង្ឃាទិសេស មាន​អធិប្បាយ​ក្នុង​សិក្ខាបទ​ខាងដើម​រួចហើយ។ ភិក្ខុនី​ទទួលទឹក​ និងឈើស្ទន់ ត្រូវអាបត្តិ​ទុក្កដ។

[៥៥] កាលបើ​មានតម្រេក​តែម្ខាង ហើយភិក្ខុនី​គិតថា អញ​នឹងទំពាស៊ី ឬនឹងបរិភោគ ក៏ទទួល​យក ត្រូវអាបត្តិ​ទុក្កដ។ ភិក្ខុនី​នោះត្រូវអាបត្តិ​ថុល្លច្ច័យ​គ្រប់ៗ​វារៈ​ដែល​លេបចូលទៅ។ ភិក្ខុនី​ទទួលទឹក​និងឈើស្ទន់ ត្រូវអាបត្តិ​ទុក្កដ។ កាលបើបុគ្គល​​មានតម្រេកទាំងពីរ​ខាង ហើយភិក្ខុនី​គិតថា អញ​នឹងទំពាស៊ី ឬនឹងបរិភោគដូច្នេះ ក៏ទទួល​យកអំពី​ដៃ​យក្សប្រុសក្តី ប្រេតក្តី បណ្ឌក (ខ្ទើយ)​ក្តី តិរច្ឆាន​ដែលមាន​រូបរាង​ដូចមនុស្ស​ក្តី ត្រូវអាបត្តិ​ទុក្កដ។ ភិក្ខុនី​នោះត្រូវអាបត្តិ​ថុល្លច្ច័យ​គ្រប់ៗ​វារៈ​ដែល​លេបចូលទៅ។ ភិក្ខុនី​ទទួលទឹក​​និងឈើស្ទន់ ត្រូវអាបត្តិ​ទុក្កដ។ កាលបើ​មានតម្រេក​តែម្ខាង ហើយភិក្ខុនី​គិតថា អញ​នឹងទំពាស៊ី ឬនឹងបរិភោគ​ដូច្នេះ ក៏ទទួល​យក ត្រូវអាបត្តិ​ទុក្កដ។ ភិក្ខុនី​នោះត្រូវអាបត្តិ​ទុក្កដ​​គ្រប់ៗ​វារៈ​ដែល​លេបចូលទៅ។ ភិក្ខុនី​ទទួលយក​ទឹក​និងឈើស្ទន់ ត្រូវអាបត្តិ​ទុក្កដ។

[៥៦] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៤យ៉ាង) គឺ ជនទាំងឡាយ (ភិក្ខុនី​និងប្រុស) មិនមាន​តម្រេក​ទាំងពីរ​ខាង១ ភិក្ខុនី​ដឹងថា ប្រុសនោះ​មិនមាន​តម្រេក ទើបទទួល​យក១ ភិក្ខុនីឆ្កួត១ ភិក្ខុនី​ធ្វើខុសមុនបញ្ញត្តិ១។

សង្ឃាទិសេស ទី៦

(៦. ឆដ្ឋសង្ឃាទិសេសសិក្ខាបទំ)

[៥៧] សម័យនោះ ព្រះពុទ្ធ​ដ៏មានព្រះភាគ គង់ក្នុងជេតវនារាម ​របស់​អនាថបិណ្ឌិក​​សេដ្ឋី​ទៀប​ក្រុង​សាវត្ថី។ សម័យនោះឯង សុន្ទរីនន្ទាភិក្ខុនី​មានរូបល្អ គួរពិតពិល​រមិលមើល នាំមក​នូវ​សេចក្តី​ជ្រះថ្លា។ មនុស្សទាំងឡាយបាន​ឃើញ​សុន្ទរីនន្ទាភិក្ខុនី​ក្នុងរោង​ភត្តក៏មានតម្រេក ហើយឲ្យ​ភោជន​​ទាំងឡាយដ៏​ឧត្តុង្គ​ឧត្តម​ដល់សុន្ទរីនន្ទាភិក្ខុនី​ដែលមាន​តម្រេក​ដែរ។ សុន្ទរីនន្ទាភិក្ខុនីរង្កៀស ក៏មិនទទួលយក។ ភិក្ខុនីដែល​អង្គុយ​លើអាសនៈ​បន្ទាប់​ បានពោល​ពាក្យនេះ​នឹង​សុន្ទរីនន្ទា​ភិក្ខុនី​ថា នែលោកម្ចាស់ ហេតុអ្វី​ក៏​នាង​មិនទទួលយក។ សុន្ទរីនន្ទា​ភិក្ខុនី​និយាយថា នែលោកម្ចាស់ បុរស​នេះមានតម្រេក។ ភិក្ខុនី​ទាំងឡាយ​នោះសួរ​ថា នែលោកម្ចាស់ ចំណែក​ខាងលោក​មានតម្រេក​ឬទេ។ សុន្ទរីនន្ទា​ភិក្ខុនី​និយាយថា នែលោកម្ចាស់ ខ្ញុំ​មិនមាន​តម្រេកទេ។ ភិក្ខុនី​នោះ​និយាយ​ថា នែលោកម្ចាស់ បុគ្គលប្រុស​នេះ ទុកជាមាន​តម្រេកក្តី មិនមាន​តម្រេក​ក្តី នឹងធ្វើអ្វី​ដល់​នាង​បាន នែ​លោកម្ចាស់ ណ្ហើយចុះ កាលណាបើ​លោកមិនមាន​តម្រេក​ហើយ បើបុគ្គល​ប្រុសនេះ​ឲ្យវត្ថុឯណា ជាខាទនីយក្តី ជាភោជនីយ​ក្តី ដល់លោក លោកចូរ​ទទួលយក​វត្ថុនោះ​ដោយដៃ​ខ្លួន ហើយទំពា​ស៊ី ឬបរិភោគចុះ។ ភិក្ខុនី​ទាំងឡាយ​ណា​មានសេចក្តី​ប្រាថ្នាតិច។បេ។ ភិក្ខុនី​ទាំងឡាយនោះ ពោលទោស តិះដៀល បន្តុះ​បង្អាប់​ថា ធម្មតា​ភិក្ខុនី​មិនសម​បើនឹង​ពោលយ៉ាងនេះ​ថា នែលោក​ម្ចាស់ បុគ្គល​ប្រុសនេះ ទុកជាមាន​តម្រេកក្តី មិនមាន​តម្រេក​ក្តី នឹង​ធ្វើអ្វី​ដល់​លោក​បាន នែ​លោក​ម្ចាស់ ណ្ហើយចុះ កាលណាបើ​លោកមិនមាន​តម្រេកទេ បើបុគ្គល​ប្រុសនោះ​ឲ្យវត្ថុឯណា ជាខាទនីយ​ក្តី ភោជនីយ​ក្តី ដល់លោក លោកចូរ​ទទួលយក​វត្ថុនោះ​ដោយដៃ​ខ្លួន ហើយទំពា​ស៊ី ឬបរិភោគចុះ។បេ។ទ្រង់ត្រាស់​សួរ​ថា ​ម្នាល​​ភិក្ខុ​​ទាំងឡាយ ឮ​ថាភិក្ខុនីពោល​យ៉ាងនេះ​ថា នែ​លោកម្ចាស់ បុគ្គល​ប្រុសនេះ ទុកជាមាន​តម្រេកក្តី មិនមាន​តម្រេក​ក្តី នឹង​ធ្វើអ្វី​ដល់​លោក​បាន នែលោកម្ចាស់ ណ្ហើយចុះ កាលណាបើ​លោកមិនមាន​តម្រេកទេ បើបុគ្គល​ប្រុសនេះ​ឲ្យវត្ថុឯណា ជាខាទនីយក្តី ភោជនីយ​ក្តី ដល់លោក លោកចូរ​ទទួលយក​វត្ថុនោះ​ដោយដៃ​ខ្លួន ហើយទំពា​ស៊ី ឬបរិភោគចុះ ពិត​មែន​ឬ។ ភិក្ខុ​ទាំងឡាយ​ក្រាប​ទូល​ថា បពិត្រ​ព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះ​ពុទ្ធ​​ដ៏​មានជោគ ​​ទ្រង់បន្ទោស​ថា ម្នាល​ភិក្ខុ​ទាំងឡាយ​ ធម្មតា​ភិក្ខុនី​មិនសម​បើនឹង​ពោល​យ៉ាងនេះ​ថា នែលោកម្ចាស់ បុគ្គល​ប្រុសនេះ ទុកជាមាន​តម្រេកក្តី មិនមាន​តម្រេក​ក្តី នឹង​ធ្វើអ្វី​ដល់​លោក​បាន នែលោកម្ចាស់ ណ្ហើយចុះ កាលណាបើ​លោកមិនមាន​តម្រេកទេ បើបុគ្គល​ប្រុសនេះ​ឲ្យវត្ថុឯណា ជាខាទនីយក្តី ជាភោជនីយ​ក្តី ដល់លោក លោកចូរ​ទទួលយក​វត្ថុនោះ​ដោយដៃ​ខ្លួន ហើយទំពា​ស៊ី ឬបរិភោគចុះទេ ​ម្នាល​ភិក្ខុ​ទាំងឡាយ អំពើ​របស់​ភិក្ខុនី​នេះ​មិន​មែននាំ​ឲ្យ​ជ្រះថ្លា​ដល់​ពួកជន​​ដែល​មិន​ទាន់​ជ្រះថ្លា​ទេ។បេ។ ម្នាល​ភិក្ខុទាំងឡាយ ចូរភិក្ខុនី​ទាំងឡាយ ​សំដែង​ឡើង​នូវសិក្ខាបទ​នេះ​យ៉ាងនេះ​ថា

ភិក្ខុនី​ណាមួយ​ពោលយ៉ាងនេះ​ថា នែលោកម្ចាស់ បុគ្គល​ប្រុសនេះ ទុកជាមាន​តម្រេកក្តី មិនមាន​តម្រេក​ក្តី នឹង​ធ្វើអ្វី​ដល់​លោក​បាន នែលោកម្ចាស់ ណ្ហើយចុះ កាលណាបើ​លោកមិនមាន​តម្រេកទេ បើបុគ្គល​ប្រុសនេះឲ្យវត្ថុឯណា ជាខាទនីយក្តី ជាភោជនីយ​ក្តី ដល់លោក លោកចូរ​ទទួលយក​វត្ថុនោះ​ដោយដៃ​ខ្លួន ហើយទំពា​ស៊ី ឬបរិភោគចុះ ភិក្ខុនីនេះក្តី ក៏ត្រូវ​អាបត្តិសង្ឃាទិសេស ជាបឋមាបត្តិក គួរ​បណ្តេញ​ចេញ​ចាកសង្ឃ។

[៥៨] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តី​អធិប្បាយ​ក្នុង​សិក្ខាបទ​ខាងដើម​រួច​ហើយ។ ពាក្យថា ពោលយ៉ាងនេះ គឺភិក្ខុនី​និយាយ​បញ្ជូន​ដោយពាក្យថា នែលោកម្ចាស់ បុគ្គល​ប្រុសនេះ ទុកជាមាន​តម្រេកក្តី មិនមាន​តម្រេក​ក្តី នឹង​ធ្វើអ្វី​ដល់​លោក​បាន នែលោកម្ចាស់ ណ្ហើយចុះ កាលណាបើ​លោកមិនមាន​តម្រេកទេ បើបុគ្គល​ប្រុសនេះ​​ឲ្យវត្ថុឯណា ជាខាទនីយក្តី ភោជនីយ​ក្តី ដល់លោក លោកចូរ​ទទួលយក​វត្ថុនោះ​ដោយដៃ​ខ្លួន ហើយទំពា​ស៊ី ឬបរិភោគចុះ​ដូច្នេះ ត្រូវ​អាបត្តិ​ទុក្កដ។ ភិក្ខុនី​ទទួលយក​ដោយគិតថា អញ​នឹងទំពាស៊ី ឬនឹងបរិភោគ​តាមពាក្យ​ភិក្ខុនី​ដែលពោល​បញ្ជូន​នោះ ត្រូវអាបត្តិទុក្កដ។ ភិក្ខុនី​នោះ ត្រូវអាបត្តិ​ថុល្លច្ច័យគ្រប់ៗវារៈ​ដែល​លេបចូល​ទៅ។ ភិក្ខុនី​នោះ​ត្រូវអាបត្តិ​សង្ឃាទិសេស​ក្នុងពេល​ដែល​ឆាន់រួច​ហើយ។ ពាក្យថា ភិក្ខុនី​នេះក្តី គឺតថាគត​ពោលប្រៀបផ្ទឹម​នឹងភិក្ខុនី​ទាំងឡាយ​មុនៗ។ ពាក្យថា ជាបឋមាបត្តិក គឺភិក្ខុនី​ត្រូវ​អាបត្តិ​ព្រមគ្នា​​នឹង​​ប្រព្រឹត្ត​កន្លង​វត្ថុ មិនមែនដោយ​សូត្រ​សមនុភាសនវិធី​ទេ។ ពាក្យថា គួរ​បណ្តេញ​ចេញចាកសង្ឃ​ គឺ​ភិក្ខុនី​នោះ ត្រូវ​ភិក្ខុនីទាំងឡាយ​​បណ្តេញ​ចេញអំពីសង្ឃ។ ពាក្យថា សង្ឃាទិសេស មាន​​សេចក្តីអធិប្បាយ​ក្នុង​សិក្ខាបទ​ខាងដើម​រួចហើយ។ ភិក្ខុនី​បញ្ជូន​ដោយពាក្យថា លោកចូរ​ទទួល​យកទឹក និងឈើស្ទន់​ចុះដូច្នេះ ត្រូវអាបត្តិ​ទុក្កដ។ ភិក្ខុនីនោះទទួល​ដោយគិតថា អញ​នឹង​ទំពាស៊ី ឬនឹងបរិភោគ​តាមពាក្យ​ភិក្ខុនី​ដែល​ពោល​បញ្ជូន​នោះ ត្រូវអាបត្តិ​ទុក្កដ។

[៥៩] កាលបើ​មានតម្រេក​តែម្ខាង ភិក្ខុនី​បញ្ជូន​ដោយពាក្យថា លោកចូរ​(ទទួល) ខាទនីយ​ក្តី ភោជនីយ​ក្តី អំពីដៃ​យក្សក្តី ប្រេតក្តី បណ្ឌកក្តី តិរច្ឆាន​មានរូបរាង​ដូចមនុស្ស​ក្តី ហើយទំពាស៊ី ឬបរិភោគ ត្រូវអាបត្តិ​ទុក្កដ។ ភិក្ខុនី​នោះទទួល​ដោយគិតថា អញនឹង​ទំពាស៊ី ឬនឹង​បរិភោគ​តាមពាក្យ​ភិក្ខុនី​ដែលពោល​បញ្ជូន​នោះ ត្រូវអាបត្តិ​ទុក្កដ។ ភិក្ខុនី​នោះត្រូវអាបត្តិ​ទុក្កដគ្រប់ខណៈ​ដែល​លេបចូលទៅ។ ភិក្ខុនី​នោះត្រូវអាបត្តិ​ថុល្លច្ច័យ​ក្នុងពេល​ដែលឆាន់​រួចហើយ។ ភិក្ខុនី​ពោល​បញ្ជូនថា លោកចូរ​ទទួល​យក​ទឹក​និង​ឈើស្ទន់​ចុះ ត្រូវអាបត្តិ​ទុក្កដ។ ភិក្ខុនី​ទទួល​ដោយគិតថា អញ​​នឹងទំពាស៊ី ឬនឹងបរិភោគតាមពាក្យ​ភិក្ខុនី​ជាអ្នក​ពោល​បញ្ជូន​នោះ ត្រូវអាបត្តិ​ទុក្កដ។

[៦០] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៥យ៉ាង) គឺ ភិក្ខុនី​ដឹងថា បុរសនោះ​មិនមាន​តម្រេក ទើបបញ្ជូន​១ ភិក្ខុនី​បញ្ជូន​ដោយគិតថា ភិក្ខុនី​នេះក្រោធ ហើយគង់​មិនទទួល​យក១ ភិក្ខុនី​បញ្ជូន​ដោយគិតថា ភិក្ខុនី​នេះគង់​មិនទទួល​យក ព្រោះ​ខ្លួន​មានសេចក្តី​អនុគ្រោះ​ត្រកូល១ ភិក្ខុនីឆ្កួត១ ភិក្ខុនី​ដើមបញ្ញត្តិ១។

សង្ឃាទិសេស ទី៧

(៧. សត្តមសង្ឃាទិសេសសិក្ខាបទំ)

[៦១] សម័យនោះ ព្រះពុទ្ធ​ដ៏មានព្រះភាគ គង់ក្នុងជេតវនារាម ​របស់​អនាថបិណ្ឌិក​​សេដ្ឋី​ទៀប​ក្រុង​សាវត្ថី។ សម័យនោះឯង ចណ្ឌកាលីភិក្ខុនីឈ្លោះ​ខឹងអាក់អន់​ចិត្ត​នឹងភិក្ខុនី​ទាំងឡាយ ហើយពោល​យ៉ាងនេះ​ថា ខ្ញុំលាព្រះពុទ្ធ ខ្ញុំលាព្រះធម៌ ខ្ញុំលាព្រះសង្ឃ ខ្ញុំលាសិក្ខា ភិក្ខុនី​ទាំងឡាយ​ឯណា​ជាសមណី​11) ជាធីតា​ព្រះពុទ្ធ​ជាសក្យ ភិក្ខុនី​ទាំងឡាយ​នេះ​នឹងហៅ​ថា​សមណី​ដូចម្តេច​បាន សមណី​ទាំងឡាយ​ដទៃ​ដែល​មានខ្មាស មានសេចក្តី​រង្កៀស ជាអ្នក​ប្រាថ្នា​ការសិក្សា​ក៏មាន​ខ្លះដែរ អញនឹង​ប្រព្រឹត្ត​ព្រហ្មចារ្យ​ក្នុងសំណាក់​សមណី​ទាំងឡាយនោះ។ ភិក្ខុនី​ទាំងឡាយ​ឯណា​មានសេចក្តី​ប្រាថ្នាតិច។បេ។ ភិក្ខុនី​ទាំងឡាយនោះ ពោលទោស តិះដៀល បន្តុះ​បង្អាប់​ថា លោកម្ចាស់​ចណ្ឌកាលី​ខឹង​អាក់អន់ចិត្ត មិនសមបើ​នឹងពោលយ៉ាង​នេះថា ខ្ញុំលា​ព្រះពុទ្ធ។បេ។ ខ្ញុំ​លាសិក្ខា ភិក្ខុនី​ទាំងឡាយ​ឯណា​ជាសមណី​ ជាធីតា​ព្រះពុទ្ធ​ជាសក្យ ភិក្ខុនី​អម្បាល​នេះ​នឹងហៅ​ថា​សមណី​ដូចម្តេច​បាន សូម្បីសមណី​ទាំងឡាយ​ដទៃ​ដែល​មានសេចក្តីខ្មាស មានសេចក្តី​រង្កៀស មានសេចក្តី​​ប្រាថ្នា​ការសិក្សា​ក៏មានដែរ អញនឹង​ប្រព្រឹត្ត​ព្រហ្មចារ្យ​ក្នុងសំណាក់​សមណី​ទាំងឡាយនោះ។បេ។ ទ្រង់ត្រាស់​សួរ​ថា ​ម្នាល​​ភិក្ខុ​​ទាំងឡាយ ឮ​ថាចណ្ឌកាលី​ភិក្ខុនី​ខឹង​អាក់អន់​ចិត្ត ហើយពោលយ៉ាង​នេះថា ខ្ញុំលា​ព្រះពុទ្ធ។បេ។ ខ្ញុំ​លាសិក្ខា ភិក្ខុនី​ទាំងឡាយ​ឯណា​ជាសមណី​ ជាធីតា​ព្រះពុទ្ធ​ជាសក្យ ភិក្ខុនី​អម្បាល​នេះ​នឹងហៅ​ថា​សមណី​ដូចម្តេច​បាន សូម្បីសមណី​ទាំងឡាយ​ដទៃ​ជាអ្នក​មានសេចក្តីខ្មាស មានសេចក្តី​រង្កៀស ​​ប្រាថ្នា​ការសិក្សា​ក៏មានខ្លះដែរ អញនឹង​ប្រព្រឹត្ត​ព្រហ្មចារ្យ​ក្នុងសំណាក់​សមណី​ទាំងឡាយនោះ ពិត​មែន​ឬ។ ភិក្ខុ​ទាំងឡាយ​ក្រាប​ទូល​ថា បពិត្រ​ព្រះដ៏មាន​ព្រះភាគ ពិតមែន។ ព្រះ​ពុទ្ធ​​ដ៏​មានព្រះភាគ ​​ទ្រង់បន្ទោស​ថា ម្នាល​ភិក្ខុ​ទាំងឡាយ ចណ្ឌកាលី​ភិក្ខុនី​ខឹងអាក់អន់​ចិត្តហើយ មិនគួរបើ​នឹងពោលយ៉ាង​នេះថា ខ្ញុំលា​ព្រះពុទ្ធ។បេ។ ខ្ញុំ​លាសិក្ខា ភិក្ខុនី​ទាំងឡាយ​ណា​ជាសមណី​ ជាធីតា​ព្រះពុទ្ធ​ជាសក្យ ភិក្ខុនី​ទាំងឡាយ​នេះ​នឹងហៅ​ថា​សមណី​ដូចម្តេច​បាន សូម្បីសមណី​ទាំងឡាយ​ដទៃ​ដែល​មានសេចក្តីខ្មាស មានសេចក្តី​រង្កៀស ជាអ្នក​ប្រាថ្នា​ការសិក្សា​គង់មានខ្លះដែរ អញនឹង​ប្រព្រឹត្ត​ព្រហ្មចារ្យ​ក្នុងសំណាក់​សមណី​ទាំងឡាយនោះ​ដូច្នេះទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ អំពើ​នេះ​មិន​មែននាំ​ឲ្យ​ជ្រះថ្លា​ដល់​ជន​ទាំងឡាយ​​ដែល​មិន​ទាន់​ជ្រះថ្លា​ទេ។បេ។ ម្នាល​ភិក្ខុទាំងឡាយ ចូរភិក្ខុនី​ទាំងឡាយ ​សំដែង​ឡើង​នូវសិក្ខាបទ​នេះ​យ៉ាងនេះ​ថា

ភិក្ខុនី​ណាមួយ ខឹងអាក់អន់​ចិត្ត ហើយពោលយ៉ាង​នេះថា ខ្ញុំលា​ព្រះពុទ្ធ។បេ។ ខ្ញុំ​លាសិក្ខា ភិក្ខុនី​ទាំងឡាយណា​ជាសមណី​ ជាធីតា​ព្រះពុទ្ធ​ជាសក្យ ភិក្ខុនី​ទាំងឡាយនេះ​នឹងហៅ​ថា​សមណី​ដូចម្តេច​បាន សូម្បីសមណី​ទាំងឡាយ​ដទៃ​ដែល​មានសេចក្តីខ្មាស មានសេចក្តី​រង្កៀស ប្រាថ្នា​ការសិក្សា​គង់មានខ្លះដែរ អញនឹង​ប្រព្រឹត្ត​ព្រហ្មចារ្យ​ក្នុងសំណាក់​សមណី​ទាំងឡាយនោះ។ ភិក្ខុនី​នោះ ត្រូវភិក្ខុនី​ទាំងឡាយ​និយាយ​យ៉ាងនេះថា នែលោកម្ចាស់ លោកកុំខឹង​អាក់អន់​ ហើយ​និយាយ​យ៉ាង​នេះថា ខ្ញុំលា​ព្រះពុទ្ធ។បេ។ ខ្ញុំ​លាសិក្ខា ភិក្ខុនី​ទាំងឡាយ​ណា​ជាសមណី​ ជា​សក្យធីតា​ ភិក្ខុនីទាំងឡាយ​នេះ​នឹងហៅ​ថា​សមណី​ដូចម្តេច​បាន សូម្បីសមណី​ទាំងឡាយ​ដទៃ​ដែល​មានសេចក្តីខ្មាស មានសេចក្តី​រង្កៀស ប្រាថ្នា​ការសិក្សា​គង់មានខ្លះដែរ អញនឹង​ប្រព្រឹត្ត​ព្រហ្មចារ្យ​ក្នុងសំណាក់​សមណី​ទាំងឡាយនោះ ​ដូច្នេះឡើយ។ នែលោកម្ចាស់ ចូរលោក​ត្រេកអរ (ព្រោះ)​ធម៌ព្រះ​ដ៏មានព្រះភាគ​សំដែង​ល្អហើយ ចូរលោក​ប្រព្រឹត្ត​ព្រហ្មចារ្យ​ដើម្បីធ្វើនូវ​ទីបំផុត​ទុក្ខ​ដោយប្រពៃចុះ ឯភិក្ខុនី​នោះ កាលបើត្រូវភិក្ខុនី​ទាំងឡាយ​​ពោលយ៉ាងនេះ នៅប្រកាន់​យ៉ាងនោះ​ដដែល ត្រូវភិក្ខុនី​ទាំងឡាយ​សូត្រ​សមនុភាសនវិធី​ចំពោះ​ភិក្ខុនី​នោះអស់វារៈ​ជាគំរប់​បីដង ដើម្បី​ឲ្យលះ​បង់​វត្ថុ​នោះចេញ។ បើភិក្ខុនី​នោះ កាលត្រូវ​ភិក្ខុនី​ទាំងឡាយ​សូត្រ​សមនុភាសនវិធីគំរប់​បីដង​(ហើយ) លះ​បង់​វត្ថុ​នោះបាន ការលះបង់​បាននោះ​ជាការល្អ បើលះបង់​មិនបាន​ទេ ភិក្ខុនី​នេះ ក៏ត្រូវ​អាបត្តិ​សង្ឃាទិសេស ជាយាវតតិយក គួរបណ្តេញ​ចេញចាកសង្ឃ។

[៦២] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តី​អធិប្បាយ​ក្នុង​សិក្ខាបទ​ខាងដើម​រួច​ហើយ។ ពាក្យថា ខឹងអាក់អន់ចិត្ត គឺភិក្ខុនី​មានចិត្ត​មិនត្រេកអរ មានចិត្ត​ដែលទោស​ខ្ទាំងខ្ទប់​ហើយ មានចិត្ត​រឹងរូស។ ពាក្យថា ភិក្ខុនី​ពោលយ៉ាងនេះ គឺភិក្ខុនីពោលថា ខ្ញុំលា​ព្រះពុទ្ធ។បេ។ ខ្ញុំ​លាសិក្ខា ភិក្ខុនី​ទាំងឡាយ​ណា​ជាសមណី​ ជា​សក្យធីតា​ ភិក្ខុនីទាំងឡាយ​នេះ​នឹងហៅ​ថា​សមណី​ដូចម្តេច​បាន សូម្បីសមណី​ទាំងឡាយ​ដទៃ​ដែល​មានសេចក្តីខ្មាស មានសេចក្តី​រង្កៀស ប្រាថ្នា​ការសិក្សា​គង់មានខ្លះដែរ អញនឹង​ប្រព្រឹត្ត​ព្រហ្មចារ្យ​ក្នុងសំណាក់​សមណី​ទាំងឡាយនោះដូច្នេះ។

[៦៣] ពាក្យថា ភិក្ខុនីនោះ គឺភិក្ខុនី​ដែលពោល​យ៉ាងនេះ​ជាប្រក្រតី​នោះឯង។ ពាក្យថា ត្រូវ​ភិក្ខុនី​ទាំងឡាយ​ គឺត្រូវភិក្ខុនី​ទាំងឡាយ​ដទៃ។ ភិក្ខុនី​ទាំងឡាយ​ឯណាឃើញ ឯណាឮ ភិក្ខុនី​ទាំងឡាយ​នោះ​ត្រូវពោល​ហាមភិក្ខុនី​នោះថា នែលោកម្ចាស់ លោកកុំខឹង​អាក់អន់ចិត្ត ហើយនិយាយ​យ៉ាងនេះថា ខ្ញុំលា​ព្រះពុទ្ធ។បេ។ ខ្ញុំ​លាសិក្ខា ភិក្ខុនី​ទាំងឡាយ​ណា​ជាសមណី​ ជា​សក្យធីតា​ ភិក្ខុនីទាំងឡាយ​នោះ​នឹងហៅ​ថា​សមណី​ដូចម្តេច​បាន សូម្បីសមណី​ទាំងឡាយ​ដទៃ​ដែល​មានសេចក្តីខ្មាស មានសេចក្តី​រង្កៀស ប្រាថ្នា​ការសិក្សា​គង់មានខ្លះដែរ អញនឹង​ប្រព្រឹត្ត​ព្រហ្មចារ្យ​ក្នុងសំណាក់​សមណី​ទាំងឡាយនោះ​ដូច្នេះឡើយ នែលោកម្ចាស់ លោកចូរ​ត្រេកអរ​ចុះ (ព្រោះ)​ធម៌ គឺព្រះ​ដ៏មានព្រះភាគ​សំដែង​ល្អហើយ ចូរលោក​ប្រព្រឹត្ត​ព្រហ្មចារ្យ​ដើម្បីធ្វើ​ទីបំផុត​ទុក្ខ​ដោយប្រពៃចុះ។ ភិក្ខុនី​នោះ ត្រូវភិក្ខុនី​ទាំងឡាយនិយាយអស់​វារៈ​ពីរដងផង ត្រូវ​និយាយ​អស់​វារៈ​បីដងផង។ បើភិក្ខុនី​នោះ​លះ​បង់បាន ការលះបង់​បាននេះ​ជាការល្អ បើលះបង់​មិនបាន​ទេ ត្រូវអាបត្តិ​ទុក្កដ។ ភិក្ខុនី​ទាំងឡាយ​ឮហើយ មិននិយាយ​ ត្រូវអាបត្តិ​ទុក្កដ។ ត្រូវ​ភិក្ខុនី​ទាំងឡាយ​ទាញ​ភិក្ខុនី​នោះមក​កាន់​ទី​កណ្តាល​សង្ឃ ហើយនិយាយ​ហាមថា នែលោកម្ចាស់ លោកកុំខឹង​អាក់អន់ចិត្ត ហើយនិយាយ​យ៉ាងនេះថា ខ្ញុំលា​ព្រះពុទ្ធ។បេ។ ខ្ញុំ​លាសិក្ខា ភិក្ខុនី​ទាំងឡាយ​ណា​ជាសមណី​ ជា​សក្យធីតា​ ភិក្ខុនីទាំងឡាយ​នេះ​នឹងហៅ​ថា​សមណី​ដូចម្តេច​បាន សូម្បីសមណី​ទាំងឡាយ​ដទៃ​ដែល​មានសេចក្តីខ្មាស មានសេចក្តី​រង្កៀស ប្រាថ្នា​ការសិក្សា​គង់មានខ្លះដែរ អញនឹង​ប្រព្រឹត្ត​ព្រហ្មចារ្យ​ក្នុងសំណាក់​សមណី​ទាំងឡាយនោះ​ដូច្នេះ។ នែលោកម្ចាស់ លោកចូរ​ត្រេកអរ​ចុះ (ព្រោះ)​ធម៌ គឺព្រះ​ដ៏មានព្រះភាគ​សំដែង​ល្អហើយ ចូរលោក​ប្រព្រឹត្ត​ព្រហ្មចារ្យ​ដើម្បីធ្វើ​នូវ​ទីបំផុត​ទុក្ខ​ដោយប្រពៃចុះ។ ភិក្ខុនី​នោះ ត្រូវភិក្ខុនី​ទាំងឡាយនិយាយ​ហាម​អស់​វារៈ​ពីរដងផង ត្រូវ​និយាយ​ហាម​អស់​វារៈ​បីដងផង។ បើភិក្ខុនី​នោះ​លះ​បង់បាន ការលះបង់​បាននេះ​ជាការល្អ បើលះបង់​មិនបាន​ទេ ត្រូវអាបត្តិ​ទុក្កដ។

[៦៤] ភិក្ខុនីនោះ ត្រូវភិក្ខុនី​ទាំងឡាយ​សូត្រសមនុភាសនវិធី។ ម្នាលភិក្ខុ​ទាំងឡាយ ឯភិក្ខុនី​នោះ ​ត្រូវ​ភិក្ខុនី​ទាំងឡាយ​សូត្រ​សមនុភាសនវិធី យ៉ាងនេះ។ ភិក្ខុនី​ដែល​ឆ្លាស​ប្រតិពល ត្រូវ​ផ្តៀង​សង្ឃ​​ឲ្យដឹងថា បពិត្រព្រះសង្ឃម្ចាស់ សូមព្រះសង្ឃ​ស្តាប់ខ្ញុំ ភិក្ខុនីនេះ​មាន​ឈ្មោះនេះខឹងអាក់​អន់​ចិត្ត ពោលយ៉ាងនេះថា ខ្ញុំលា​ព្រះពុទ្ធ ខ្ញុំលាព្រះធម៌ ខ្ញុំលាព្រះសង្ឃ ខ្ញុំ​លាសិក្ខា ភិក្ខុនី​ទាំងឡាយ​ណា​ជាសមណី​ ជា​សក្យធីតា​ ភិក្ខុនីទាំងឡាយ​នេះ​នឹងហៅ​ថា​សមណី​ដូចម្តេច​បាន សូម្បីសមណី​ទាំងឡាយ​ដទៃ​ដែល​មានសេចក្តីខ្មាស មានសេចក្តី​រង្កៀស ប្រាថ្នា​ការសិក្សា​គង់មានខ្លះដែរ អញនឹង​ប្រព្រឹត្ត​ព្រហ្មចារ្យ​ក្នុងសំណាក់​សមណី​ទាំងឡាយនោះ ដូច្នេះ។ ភិក្ខុនីនោះមិនលះ​បង់វត្ថុ​នោះទេ។ បើសមនុភាសនកម្ម​ មានកាល​សមគួរដល់​សង្ឃហើយ ត្រូវសង្ឃ​​សូត្រ​សមនុភាសនវិធី​ចំពោះ​ភិក្ខុនី​ឈ្មោះនេះ ដើម្បី​ឲ្យលះបង់​វត្ថុនោះ​ចេញ។ នេះជាញត្តិ។ បពិត្រ​ព្រះ​សង្ឃ​ជាម្ចាស់ សូមសង្ឃ​ស្តាប់ខ្ញុំ ភិក្ខុនីនេះ​មានឈ្មោះនេះ​ខឹង​អាក់អន់​ចិត្ត ហើយពោល​យ៉ាងនេះ​ថា ខ្ញុំលា​ព្រះពុទ្ធ ខ្ញុំលាព្រះធម៌ ខ្ញុំលាព្រះសង្ឃ ខ្ញុំ​លាសិក្ខា ភិក្ខុនី​ទាំងឡាយ​ណា​ជាសមណី​ ជា​សក្យធីតា​ ភិក្ខុនីទាំងឡាយ​នេះ​នឹងហៅ​ថា​សមណី​ដូចម្តេច​បាន សូម្បីសមណី​ទាំងឡាយ​ដទៃ​ដែល​មានសេចក្តីខ្មាស មានសេចក្តី​រង្កៀស ប្រាថ្នា​ការសិក្សា​ក៏មានខ្លះដែរ អញនឹង​ប្រព្រឹត្ត​ព្រហ្មចារ្យ​ក្នុងសំណាក់​ភិក្ខុនី​​ទាំងឡាយនោះដូច្នេះ។ ភិក្ខុនីនោះមិនលះ​បង់វត្ថុ​នោះទេ។ (ឥឡូវនេះ) សង្ឃ​សូត្រសមនុភាសនវិធី​ចំពោះ​ភិក្ខុនី​ឈ្មោះនេះ ដើម្បី​ឲ្យលះបង់​វត្ថុនោះ​ចេញ។ ការសូត្រ​សមនុភាសនវិធី​ចំពោះ​ភិក្ខុនី​ឈ្មោះនេះ ដើម្បី​ឲ្យ​លះបង់​វត្ថុ​នោះ គួរ​ដល់​លោកម្ចាស់​អង្គណា លោកម្ចាស់​អង្គនោះ​ត្រូវ​ស្ងៀមនៅ មិនគួរ​ដល់លោកម្ចាស់​អង្គណា លោកម្ចាស់​អង្គនោះ​ត្រូវ​​ពោលឡើង។ ខ្ញុំពោលសេចក្តី​នេះអស់​វារៈគំរប់​​ពីរដងផង។បេ។ ខ្ញុំពោល​សេចក្តី​នេះ អស់វារៈ​គំរប់​បីដងផង។បេ។ សង្ឃបានសូត្រ​សមនុភាសនវិធី​ចំពោះ​ភិក្ខុនី​ឈ្មោះនេះ​ហើយ ដើម្បីឲ្យ​លះបង់​វត្ថុនោះ។ ការសូត្រ​សមនុភាសនវិធីនោះ គួរ​ដល់សង្ឃ ហេតុនោះ ទើបសង្ឃស្ងៀមនៅ។ ខ្ញុំ​សូម​ចាំទុក​នូវដំណើរ​នេះ ដោយអាការ​ស្ងៀម​នៅយ៉ាងនេះ។​

[៦៥] ភិក្ខុនី ត្រូវអាបត្តិ​ទុក្កដ ក្នុងខណៈចប់​ញត្តិ ត្រូវអាបត្តិថុល្លច្ច័យ​ទាំងឡាយ ក្នុងខណៈ​ចប់​កម្មវាចាពីរលើក លុះចប់​កម្មវាចាស្រេច ត្រូវអាបត្តិសង្ឃាទិសេស។ កាលបើ​ភិក្ខុនី​ត្រូវ​អាបត្តិ​សង្ឃាទិសេស​ហើយ អាបត្តិ​ទុក្កដ​ដែលត្រូវ​ក្នុងខណៈ​ចប់ញត្តិក្តី អាបត្តិ​ថុល្លច្ច័យ​ទាំងឡាយ​ដែល​ត្រូវក្នុង​ខណៈ​ចប់​កម្មវាចា​ពីរលើកក្តី រមែង​រម្ងាប់​ទៅឯង។

[៦៦] ពាក្យថា ភិក្ខុនី​នេះក្តី (គឺ​ភិក្ខុនី​នេះឯង) ដែលតថាគត​ពោលប្រៀបផ្ទឹម​នឹងភិក្ខុនីដែល​ត្រូវ​សង្ឃាទិសេសមុនៗ។ ពាក្យថា ជាយាវតតិយក គឺភិក្ខុនី​ត្រូវ​អាបត្តិដោយ​(សង្ឃ)​សូត្រសមនុភាសនវិធី​អស់​វារជាគំរប់​បីដង មិនមែន​ត្រូវ​ព្រមគ្នា​ដោយការ​ប្រព្រឹត្ត​ល្មើស​វត្ថុទេ។ ពាក្យថា គួរ​បណ្តេញ​ចេញចាកសង្ឃ​ គឺ​ភិក្ខុនី​នោះ ត្រូវ​ភិក្ខុនីទាំងឡាយ​​បណ្តេញ​ចេញអំពីសង្ឃ។ ពាក្យថា សង្ឃាទិសេស មានអធិប្បាយ​​ខាងដើម​រួចហើយ។

[៦៧] កម្មប្រកបដោយ​ធម៌ ភិក្ខុនី​សំគាល់ថា កម្មប្រកប​ដោយធម៌ ហើយមិនលះបង់ ត្រូវអាបត្តិសង្ឃាទិសេស។ កម្មប្រកបដោយ​ធម៌ ភិក្ខុនី​មានសេចក្តីសង្ស័យ ហើយមិនលះបង់ ត្រូវអាបត្តិ​សង្ឃាទិសេ។ កម្មប្រកបដោយ​ធម៌ ភិក្ខុនី​សំគាល់ថា កម្មមិនប្រកប​ដោយធម៌ ហើយមិនលះបង់ ត្រូវអាបត្តិ​សង្ឃាទិសេ។ កម្មមិនប្រកបដោយ​ធម៌ ភិក្ខុនី​សំគាល់ថា កម្មប្រកប​ដោយធម៌ ត្រូវអាបត្តិទុក្កដ។ កម្មមិនប្រកបដោយ​ធម៌ ភិក្ខុនី​មាន​សេចក្តី​សង្ស័យ ត្រូវអាបត្តិទុក្កដ។ កម្មមិនប្រកបដោយ​ធម៌ ភិក្ខុនី​សំគាល់ថា កម្មមិនប្រកប​ដោយធម៌ ត្រូវអាបត្តិទុក្កដ។

[៦៨] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៤យ៉ាង) គឺ ភិក្ខុនីដែលសង្ឃ​មិនបាន​សូត្រ​សមនុភាសនវិធី១ ភិក្ខុនី​លះបង់​ឯង១ ភិក្ខុនីឆ្កួត១ ភិក្ខុនី​ដើមបញ្ញត្តិ១។

សង្ឃាទិសេស ទី៨

(៨. អដ្ឋមសង្ឃាទិសេសសិក្ខាបទំ)

[៦៩] សម័យនោះ ព្រះពុទ្ធ​ដ៏មានព្រះភាគ គង់ក្នុងជេតវនារាម ​របស់​អនាថបិណ្ឌិក​​សេដ្ឋី​ទៀប​ក្រុង​សាវត្ថី។ គ្រានោះឯង ចណ្ឌកាលីភិក្ខុនី​ដែលភិក្ខុនីសង្ឃ​ឲ្យចាញ់​ព្រោះអធិករណ៍​អ្វី​នីមួយ ហើយខឹងតូច​ចិត្ត​ ពោល​យ៉ាងនេះ​ថា ភិក្ខុនី​ទាំងឡាយ​លុះ​ដោយសេចក្តី​ស្រឡាញ់ផង ភិក្ខុនី​ទាំងឡាយ​លុះ​ដោយសេចក្តី​ស្អប់ផង ភិក្ខុនី​ទាំងឡាយ​លុះ​ដោយសេចក្តីល្ងង់ផង ភិក្ខុនី​ទាំងឡាយ​លុះ​ដោយសេចក្តី​ខ្លាចផង។ ភិក្ខុនី​ទាំងឡាយណា​មានសេចក្តី​ប្រាថ្នាតិច។បេ។ ភិក្ខុនី​ទាំងឡាយ​នោះ ពោលទោស តិះដៀល បន្តុះ​បង្អាប់​ថា ​ចណ្ឌកាលីជាម្ចាស់​​ដែលភិក្ខុនីសង្ឃ​ឲ្យចាញ់​ព្រោះអធិករណ៍​​នីមួយហើយ មិនគួរ​នឹងខឹងអាក់អន់​ចិត្ត​ ហើយពោល​យ៉ាងនេះ​ថា ភិក្ខុនី​ទាំងឡាយ​លុះ​ដោយសេចក្តី​ស្រឡាញ់ផង។បេ។ ភិក្ខុនី​ទាំងឡាយ​លុះ​ដោយសេចក្តី​ខ្លាចផង​ដូច្នេះសោះ។ ព្រះដ៏​មានព្រះភាគ​ត្រាស់​សួរ​ថា ​ម្នាល​​ភិក្ខុ​​ទាំងឡាយ ឮ​ថាចណ្ឌកាលីភិក្ខុនី​ ដែលភិក្ខុនីសង្ឃ​ឲ្យចាញ់​ព្រោះអធិករណ៍​នីមួយ ហើយខឹងតូច​ចិត្ត​ ពោល​យ៉ាងនេះ​ថា ភិក្ខុនី​ទាំងឡាយ​លុះ​ដោយសេចក្តី​ស្រឡាញ់ផង។បេ។ ភិក្ខុនី​ទាំងឡាយ​លុះ​ដោយសេចក្តី​ខ្លាចផងដូច្នេះ ពិត​មែន​ឬ។ ភិក្ខុ​ទាំងឡាយ​ក្រាប​ទូល​ថា បពិត្រ​ព្រះដ៏មាន​ព្រះភាគ ពិតមែន។ ព្រះសម្ពុទ្ធ​ដ៏​មានព្រះភាគ ទ្រង់បន្ទោស​ថា ម្នាល​ភិក្ខុ​ទាំងឡាយ ចណ្ឌកាលីភិក្ខុនី ​ដែលភិក្ខុនីសង្ឃ​ឲ្យចាញ់​ព្រោះអធិករណ៍​​នីមួយហើយ មិនគួរ​បើនឹង​ខឹងអាក់អន់​ចិត្ត​ ហើយពោល​យ៉ាងនេះ​ថា ភិក្ខុនី​ទាំងឡាយ​លុះ​ដោយសេចក្តី​ស្រឡាញ់ផង។បេ។ ភិក្ខុនី​ទាំងឡាយ​លុះ​ដោយសេចក្តី​ខ្លាចផង​ដូច្នេះទេ ​ម្នាល​ភិក្ខុ​ទាំងឡាយ អំពើ​នេះ​មិន​មែននាំ​ឲ្យ​ជ្រះថ្លា​ដល់​ពួកជន​ ​ដែល​មិន​ទាន់​ជ្រះថ្លា​ទេ។បេ។ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុនី​ទាំងឡាយ ចូរ​សំដែង​ឡើង​នូវសិក្ខាបទ​នេះ​យ៉ាងនេះ​ថា

ភិក្ខុនី​ណាមួយ ​ដែលភិក្ខុនីសង្ឃ​ធ្វើឲ្យចាញ់​ព្រោះអធិករណ៍​​នីមួយ ហើយខឹងអាក់អន់​​ចិត្ត​ ពោល​យ៉ាងនេះ​ថា ភិក្ខុនី​ទាំងឡាយ​លុះ​ដោយសេចក្តី​ស្រឡាញ់ផង។បេ។ ភិក្ខុនី​ទាំងឡាយ​លុះ​ដោយ​សេចក្តី​ខ្លាចផង។ ភិក្ខុនី​នោះ ត្រូវភិក្ខុនី​ទាំងឡាយ​និយាយ​យ៉ាងនេះថា នែលោកម្ចាស់ លោក ដែល​ភិក្ខុនីសង្ឃ​​ឲ្យចាញ់​ព្រោះអធិករណ៍​​នីមួយ ហើយខឹងអាក់អន់​​ចិត្ត​ កុំនិយាយ​​យ៉ាងនេះ​ថា ភិក្ខុនី​ទាំងឡាយ​លុះ​ដោយសេចក្តី​ស្រឡាញ់ផង។បេ។ ភិក្ខុនី​ទាំងឡាយ​លុះ​ដោយសេចក្តី​ខ្លាចផង​ដូច្នេះ ថា លោកម្ចាស់​ហ្នឹងឯង លុះ​ដោយសេចក្តី​ស្រឡាញ់ខ្លះ ​លុះ​ដោយសេចក្តី​ស្អប់ខ្លះ ​លុះ​ដោយ​សេចក្តីល្ងង់ខ្លះ ​លុះ​ដោយសេចក្តី​ខ្លាចខ្លះ។ ភិក្ខុនី​នោះ កាលដែលភិក្ខុនី​ទាំងឡាយ​​ពោល​យ៉ាង​នេះ នៅប្រកាន់​យ៉ាងនោះ​ដដែល ភិក្ខុនីនោះ ត្រូវភិក្ខុនី​ទាំងឡាយ​សូត្រ​សមនុភាសនវិធីដរាប​ដល់​គំរប់​បីដង ដើម្បី​ឲ្យលះ​បង់​កម្ម​នោះចេញ។ ភិក្ខុនី​នោះ កាលបើត្រូវ​ភិក្ខុនី​ទាំងឡាយ​សូត្រ​សមនុភាសនវិធីដរាប​ដល់គំរប់​បីដង លះ​បង់​កម្ម​នោះបាន ការលះបង់​បាននេះ​ជាការល្អ បើមិន​លះបង់​​ទេ ភិក្ខុនី​នេះក្តី ក៏ត្រូវ​អាបត្តិ​សង្ឃាទិសេស ជាយាវតតិយក គួរបណ្តេញ​ចេញចាកសង្ឃ។

[៧០] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តី​ដូចគ្នា​ក្នុង​សិក្ខាបទទី១នៃ​បារាជិក​កណ្ឌ។​ ពាក្យថា ព្រោះអធិករណ៍នីមួយ ដែលហៅថា អធិករណ៍ បានដល់​អធិករណ៍ទាំងឡាយ​បួន គឺវិវាទាធិករណ៍១ អនុវាទាធិករណ៍១ អាបត្តាធិករណ៍១ កិច្ចាធិករណ៍១។ ដែលហៅថា ភិក្ខុនី​សង្ឃ​ធ្វើឲ្យចាញ់ គឺសំដៅ​យកភិក្ខុនីដែលភិក្ខុនី​សង្ឃផ្ចាញ់​ផ្ចាលហើយ។ ពាក្យថា ខឹងអាក់អន់ចិត្ត គឺភិក្ខុនី​​មិន​ត្រេកអរ មានចិត្ត​គឺទោស​ខ្ទាំងខ្ទប់​ហើយ មានចិត្ត​រឹងត្អឹង។ ពាក្យថា ​ពោលយ៉ាងនេះ គឺពោលថា ភិក្ខុនី​ទាំងឡាយ​លុះ​ដោយសេចក្តី​ស្រឡាញ់ផង។បេ។ ភិក្ខុនី​ទាំងឡាយ​លុះ​ដោយសេចក្តី​ខ្លាចផង។

[៧១] ត្រង់ពាក្យថា ភិក្ខុនីនោះ គឺភិក្ខុនី​ជាអ្នក​ពោល​យ៉ាងនេះ​ជាប្រក្រតី​នោះឯង។ ពាក្យថា ​ភិក្ខុនី​ទាំងឡាយ​ គឺភិក្ខុនី​ទាំងឡាយ​ដទៃ។ ភិក្ខុនី​ទាំងឡាយ​ឯណាឃើញ ឯណាឮ ភិក្ខុនី​​នោះ​ត្រូវភិក្ខុនី​ទាំងឡាយ​នោះ​និយាយ​​ហាមប្រាមថា នែលោកម្ចាស់ កាលបើភិក្ខុនីសង្ឃ​ឲ្យចាល​ចាញ់​​ព្រោះអធិករណ៍​​នីមួយ ហើយខឹងអាក់អន់​​ចិត្ត​ កុំពោល​យ៉ាងនេះ​ថា ភិក្ខុនី​ទាំងឡាយ​លុះ​ដោយសេចក្តី​ស្រឡាញ់ផង។បេ។ ភិក្ខុនី​ទាំងឡាយ​លុះ​ដោយសេចក្តី​ខ្លាចផងដូច្នេះថា លោកម្ចាស់​ហ្នឹងឯង លុះដោយសេចក្តី​ស្រឡាញ់ខ្លះ។បេ។ លុះដោយ​សេចក្តី​ខ្លាចខ្លះ។ ភិក្ខុនី​ទាំងឡាយ​ត្រូវ​និយាយ​នឹងភិក្ខុនី​នោះ​អស់​វារៈ​ពីរដងផង ត្រូវ​និយាយនឹង​ភិក្ខុនី​នោះ​​អស់​វារៈ​បីដងផង។ បើភិក្ខុនី​នោះ​លះ​បង់បាន ការលះបង់​បាននេះ​ជាការល្អ បើលះបង់​មិនបាន​ទេ ភិក្ខុនីនោះ​ត្រូវអាបត្តិ​ទុក្កដ។ ភិក្ខុនី​ទាំងឡាយឯណា​ឮហើយ មិននិយាយ​ ភិក្ខុនី​ទាំងនោះ​ត្រូវអាបត្តិ​ទុក្កដ។ ​ភិក្ខុនី​ទាំងឡាយ​ត្រូវ​ចាប់​ទាញ​ភិក្ខុនី​នោះមក​កាន់​ទី​កណ្តាល​សង្ឃ ហើយនិយាយថា នែលោកម្ចាស់ បើភិក្ខុនីសង្ឃផ្ចាញ់ផ្ចាល​​ព្រោះអធិករណ៍​​នីមួយ លោកខឹងអាក់អន់​ចិត្តហើយ កុំពោល​យ៉ាងនេះ​ថា ភិក្ខុនី​ទាំងឡាយ​លុះ​ដោយសេចក្តី​ស្រឡាញ់ផង។បេ។ ភិក្ខុនី​ទាំងឡាយ​លុះ​ដោយសេចក្តី​ខ្លាចផងដូច្នេះ ថា លោកម្ចាស់​ហ្នឹងឯង លុះដោយសេចក្តី​ស្រឡាញ់ខ្លះ។បេ។ ​លុះ​ដោយសេចក្តី​ខ្លាចខ្លះ ភិក្ខុនី​ទាំងឡាយត្រូវ​និយាយ​​នឹងភិក្ខុនី​នោះ​​អស់​វារៈ​ពីរដងផង ត្រូវ​និយាយ​​​អស់​វារៈ​បីដងផង។ បើភិក្ខុនី​នោះ​លះ​បង់បាន ការលះបង់​បាននេះ​ជាការល្អ បើមិនលះបង់​ទេ ត្រូវអាបត្តិ​ទុក្កដ។

[៧២] ភិក្ខុនីនោះ ត្រូវភិក្ខុនី​ទាំងឡាយ​សូត្រសមនុភាសនវិធី។ ម្នាលភិក្ខុ​ទាំងឡាយ ​​ភិក្ខុនី​ទាំងឡាយត្រូវ​សូត្រ​សមនុភាសនវិធី យ៉ាងនេះ គឺភិក្ខុនី​ដែល​ឆ្លាស​ប្រតិពល ត្រូវ​ផ្តៀង​សង្ឃ​​ឲ្យដឹងថា បពិត្រព្រះសង្ឃជាម្ចាស់ សូមព្រះសង្ឃ​ស្តាប់ខ្ញុំ ភិក្ខុនីនេះ​​ឈ្មោះនេះ ភិក្ខុនីសង្ឃ​បាន​ផ្ចាញ់​​ព្រោះអធិករណ៍​​នីមួយ ហើយខឹងអាក់អន់​ចិត្ត ពោល​យ៉ាងនេះ​ថា ភិក្ខុនី​ទាំងឡាយ​លុះ​ដោយសេចក្តី​ស្រឡាញ់ផង។បេ។ ភិក្ខុនី​ទាំងឡាយ​លុះ​ដោយសេចក្តី​ខ្លាចផង។ ភិក្ខុនីនោះមិនលះ​បង់វត្ថុ​នោះទេ។ បើសង្ឃ​មានកាល​គួរដល់ហើយ សង្ឃត្រូវ​​សូត្រ​សមនុភាសនវិធី​ចំពោះ​ភិក្ខុនី​ឈ្មោះនេះ ដើម្បី​ឲ្យលះបង់​វត្ថុនោះ​ចេញ។ នេះជាញត្តិ។ បពិត្រ​ព្រះ​សង្ឃ​ជាម្ចាស់ សូមសង្ឃ​ស្តាប់ពាក្យខ្ញុំ ភិក្ខុនីនេះ​ឈ្មោះនេះ​ ភិក្ខុនីសង្ឃបានផ្ចាញ់​​អធិករណ៍​​នីមួយ ខឹងអាក់អន់​ចិត្ត ហើយពោល​យ៉ាងនេះ​ថា ភិក្ខុនី​ទាំងឡាយ​លុះ​ដោយសេចក្តី​ស្រឡាញ់ផង។បេ។ ភិក្ខុនី​ទាំងឡាយ​លុះ​ដោយសេចក្តី​ខ្លាចផង។ ភិក្ខុនីនោះមិនលះ​បង់វត្ថុ​នោះទេ។ សង្ឃ​សូត្រសមនុភាសនវិធី​ចំពោះ​ភិក្ខុនី​ឈ្មោះនេះ ដើម្បី​ឲ្យលះបង់​វត្ថុនោះ​ចេញ។ ការសូត្រ​សមនុភាសនវិធី​ចំពោះ​ភិក្ខុនី​ឈ្មោះនេះ ដើម្បី​ឲ្យ​លះបង់​វត្ថុ​នោះចេញ គាប់ចិត្ត​​ដល់​លោកម្ចាស់​អង្គណា លោកម្ចាស់​អង្គនោះ​ត្រូវ​ស្ងៀម មិនគាប់​ចិត្ត​​ដល់លោកម្ចាស់​អង្គណា លោកម្ចាស់​អង្គនោះ​ត្រូវ​និយាយ​ឡើង។ ខ្ញុំពោលសេចក្តី​នេះអស់​វារៈជា​គំរប់​​ពីរដងផង។បេ។ ខ្ញុំពោល​សេចក្តី​នេះ អស់វារៈ​ជាគំរប់​បីដងផង។បេ។ សង្ឃសូត្រ​សមនុភាសនវិធី​ចំពោះ​ភិក្ខុនី​ឈ្មោះនេះ​ ដើម្បីឲ្យ​លះបង់​វត្ថុនោះហើយ។ ការសូត្រ​សមនុភាសនវិធីនោះ គាប់ចិត្ត​​ដល់សង្ឃ ហេតុនោះ សង្ឃទើបស្ងៀមនៅ។ ខ្ញុំ​សូម​ចាំទុក​នូវរឿង​​នេះ ដោយអាការ​ស្ងៀម​នៅយ៉ាងនេះ។​

[៧៣] ភិក្ខុនីនោះ ត្រូវអាបត្តិ​ទុក្កដ ក្នុងខណៈចប់​ញត្តិ ត្រូវអាបត្តិថុល្លច្ច័យ​ទាំងឡាយ ក្នុងខណៈ​ចប់​កម្មវាចាពីរលើក លុះសូត្រចប់​កម្មវាចាស្រេច ត្រូវអាបត្តិសង្ឃាទិសេស។ កាលបើ​ភិក្ខុនីនោះ​​ត្រូវ​អាបត្តិ​សង្ឃាទិសេស អាបត្តិ​ទុក្កដ​ដែលត្រូវ​ក្នុងខណៈ​ចប់ញត្តិ(ក្តី) អាបត្តិ​ថុល្លច្ច័យ​ទាំងឡាយ​ដែល​ត្រូវក្នុង​ខណៈ​ចប់​កម្មវាចា​ពីរលើក(ក្តី) រមែង​រម្ងាប់​ទៅ(ឯង)។

[៧៤] ត្រង់ពាក្យថា ភិក្ខុនី​នេះក្តី គឺ​ភិក្ខុនី​នេះឯង ដែលតថាគត​ពោលប្រៀបផ្ទឹម​នឹងភិក្ខុនី​មុនៗដែលត្រូវអាបត្តិ​នោះដែរ។ ពាក្យថា ជាយាវតតិយក គឺភិក្ខុនី​នោះ​ត្រូវ​សង្ឃាទិសេសក្នុង​ខណៈ​ដែល​​សូត្រ​សមនុភាសនវិធី​​កំណត់​បីដង មិន​ត្រូវ​ព្រមគ្នា​នឹង​ប្រព្រឹត្ត​កន្លង​​វត្ថុទេ។ ពាក្យថា គួរ​បណ្តេញ​ចេញចាកសង្ឃ​ គឺ​ភិក្ខុនីទាំងឡាយ​​ឲ្យភិក្ខុនី​នោះ​ចៀសចេញ​ពីសង្ឃ។ ពាក្យថា សង្ឃាទិសេស មានសេចក្តី​ដូចគ្នា​នឹងបឋម​សង្ឃាទិសេស​​ខាងដើម។

[៧៥] កម្មប្រកបដោយ​ធម៌ ភិក្ខុនី​មានសេចក្តី​សំគាល់ថា កម្មប្រកប​ដោយធម៌ ហើយមិនលះបង់ ត្រូវអាបត្តិសង្ឃាទិសេស។ កម្មប្រកបដោយ​ធម៌ ភិក្ខុនី​មានសេចក្តីសង្ស័យ មិនលះបង់ ត្រូវអាបត្តិ​សង្ឃាទិសេ។ កម្មប្រកបដោយ​ធម៌ ភិក្ខុនី​សំគាល់ថា កម្មមិនប្រកប​ដោយធម៌ ហើយមិនលះបង់ ត្រូវអាបត្តិ​សង្ឃាទិសេ។ កម្មមិនប្រកបដោយ​ធម៌ ភិក្ខុនី​សំគាល់ថា កម្មប្រកប​ដោយធម៌ ត្រូវអាបត្តិទុក្កដ។ កម្មមិនប្រកបដោយ​ធម៌ ភិក្ខុនី​មាន​សេចក្តី​សង្ស័យ ត្រូវអាបត្តិទុក្កដ។ កម្មមិនប្រកបដោយ​ធម៌ ភិក្ខុនី​សំគាល់ថា កម្មមិនប្រកប​ដោយធម៌ ត្រូវ អាបត្តិ ទុក្កដ។

[៧៦] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៤យ៉ាង) គឺ ភិក្ខុនី(ដែលសង្ឃ)​មិនបាន​សូត្រ​សមនុភាសនវិធី១ ភិក្ខុនី​ដែលលះបង់១ ភិក្ខុនីឆ្កួត១ ភិក្ខុនី​ជាខាងដើមបញ្ញត្តិ១។

សង្ឃាទិសេស ទី៩

(៩. នវមសង្ឃាទិសេសសិក្ខាបទំ)

[៧៧] សម័យនោះ ព្រះពុទ្ធ​ដ៏មានព្រះភាគ គង់ក្នុងជេតវនារាម ​របស់​អនាថបិណ្ឌិក​​សេដ្ឋី​ទៀប​ក្រុង​សាវត្ថី។ សម័យនោះឯង ពួកភិក្ខុនីជាអន្តេវាសិនី​​12) របស់ថុល្លនន្ទាភិក្ខុនី​នៅច្រឡូកច្រឡំ​ដោយគ្រហស្ថ មានមារយាទ​អាក្រក់ មានកិត្តិសព្ទ​អាក្រក់ មានការ​ចិញ្ចឹម​ជីវិត​អាក្រក់ ជាអ្នក​បៀតបៀន​ភិក្ខុនីសង្ឃ បិទបាំង​ទោសភិក្ខុនី​ផងគ្នា។ ភិក្ខុនី​ទាំងឡាយណា​មានសេចក្តី​ប្រាថ្នាតិច។បេ។ ភិក្ខុនី​ទាំង​នោះ ពោលទោស តិះដៀល បន្តុះ​បង្អាប់​ថា ​ភិក្ខុនី​ទាំងឡាយ មិនសម​បើនឹង​​នៅច្រឡំ​ដោយគ្រហស្ថ មានមារយាទ​អាក្រក់ មានកិត្តិសព្ទ​អាក្រក់ មានការ​ចិញ្ចឹម​ជីវិត​អាក្រក់ ជាអ្នក​បៀតបៀន​ភិក្ខុនីសង្ឃ ជាអ្នកបិទបាំង​ទោសរបស់ភិក្ខុនី​ផងគ្នា​សោះ។បេ។ទ្រង់ត្រាស់​សួរ​ថា ​ម្នាល​​ភិក្ខុ​​ទាំងឡាយ ឮ​ថាភិក្ខុនី​ទាំងឡាយ​នៅច្រឡំ​ដោយគ្រហស្ថ មានមារយាទ​អាក្រក់ មានកិត្តិសព្ទ​អាក្រក់ មានការ​ចិញ្ចឹម​ជីវិត​អាក្រក់ ជាអ្នក​បៀតបៀន​ភិក្ខុនីសង្ឃ បិទបាំង​ទោសរបស់ភិក្ខុនី​ផងគ្នា ពិត​មែន​ឬ។ ភិក្ខុ​ទាំងឡាយ​ក្រាប​ទូល​ថា បពិត្រ​ព្រះដ៏មាន​ព្រះភាគ ការនោះពិតមែន។ ព្រះពុទ្ធ​ដ៏​មានព្រះភាគ ទ្រង់បន្ទោស​ថា ម្នាល​ភិក្ខុ​ទាំងឡាយ ពួក​ភិក្ខុនីមិនគួរ​បើនឹងនៅ​ច្រឡំ​ដោយគ្រហស្ថ មានមារយាទ​អាក្រក់ មានកិត្តិសព្ទ​អាក្រក់ មានការ​ចិញ្ចឹម​ជីវិត​អាក្រក់ ជាអ្នក​បៀតបៀន​ភិក្ខុនីសង្ឃ បិទបាំង​ទោសរបស់ភិក្ខុនី​ផងគ្នាទេ ​ម្នាល​ភិក្ខុ​ទាំងឡាយ អំពើ​នេះ​មិននាំ​ឲ្យ​ជ្រះថ្លា​ដល់ជន​ ​ដែល​មិន​ទាន់​ជ្រះថ្លា​ហើយទេ។បេ។ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុនី​ទាំងឡាយ ចូរ​សំដែង​ឡើង​នូវសិក្ខាបទ​នេះ​យ៉ាងនេះ​ថា

ចំណែក​ភិក្ខុនី​ទាំងឡាយ​នៅច្រឡំ​ដោយគ្រហស្ថ មានមារយាទ​អាក្រក់ មានកិត្តិសព្ទ​អាក្រក់ មានការ​ចិញ្ចឹម​ជីវិត​អាក្រក់ ជាអ្នក​បៀតបៀន​ភិក្ខុនីសង្ឃ បិទបាំង​ទោសរបស់​ភិក្ខុនី​ផងគ្នា។ ភិក្ខុនីទាំងឡាយ​នោះ គួរ​ភិក្ខុនី​​ទាំងឡាយ​និយាយ​យ៉ាងនេះថា ភិក្ខុនី​ជាបងប្អូនស្រី​ទាំងឡាយ ​នៅច្រឡំ​ដោយគ្រហស្ថ មានមារយាទ​អាក្រក់ មានកិត្តិសព្ទ​អាក្រក់ មានការ​ចិញ្ចឹម​ជីវិត​អាក្រក់ ជាអ្នក​បៀតបៀន​ភិក្ខុនីសង្ឃ បិទបាំង​ទោសរបស់​ភិក្ខុនី​ផងគ្នា បពិត្រ​លោកម្ចាស់ទាំងឡាយ លោកទាំងឡាយ​ចូរ​ស្ងាត់​(ចាកពួក) សង្ឃតែង​សរសើរ​សេចក្តី​ស្ងាត់ (ចាកពួក) របស់​បងប្អូនស្រី្ត​ទាំងឡាយ។ ភិក្ខុនី​ទាំងឡាយ​នោះ កាលភិក្ខុនី​ទាំងឡាយ​និយាយ​​យ៉ាង​នេះហើយ ក៏នៅប្រកាន់​យ៉ាងនោះ​ដដែល ភិក្ខុនីទាំងឡាយ​នោះ គួរភិក្ខុនី​ទាំងឡាយ​សូត្រ​សមនុភាសនវិធីជាគំរប់​បីដង ដើម្បី​ឲ្យលះ​បង់នូវ​វត្ថុ​នោះ។ បើភិក្ខុនីទាំងឡាយ​នោះ កាល​ភិក្ខុនី​ទាំងឡាយ​សូត្រ​សមនុភាសនវិធីជា​គំរប់​បីដង លះ​បង់​វត្ថុ​នោះបាន ការលះបង់​បាននេះ​ជាការល្អ បើមិន​លះបង់​​ទេ ភិក្ខុនីទាំងឡាយ​​នេះក្តី ត្រូវ​អាបត្តិ​សង្ឃាទិសេស ឈ្មោះយាវតតិយក គួរបណ្តេញ​ចេញ។

[៧៨] ត្រង់ពាក្យថា ចំណែកភិក្ខុនី​ទាំងឡាយ គឺ​សំដៅយក​ស្ត្រី​ដែលបាន​ឧបសម្បទា​ហើយ។ ពាក្យថា នៅច្រឡំ​ដោយ​គ្រសហ្ថ គឺនៅ​ច្រឡំ​ដោយកាយកម្ម វចីកម្ម (របស់គ្រហស្ថ) ដែល​មិនសមគួរ (ដល់​បព្វជិត)។ ពាក្យថា មានមារយាទ​អាក្រក់ គឺ​ប្រកប​ដោយមារយាទ​អាក្រក់។ ពាក្យថា មានកិត្តិសព្ទ​អាក្រក់ គឺល្បីឮដោយ​កិត្តិសព្ទ​អាក្រក់។ ពាក្យថា មានការ​ចិញ្ចឹម​ជីវិត​អាក្រក់ គឺសម្រេច​ជីវិត​ដោយ​មិច្ឆាជីវដ៏​អាក្រក់។ ពាក្យថា បៀតបៀន​ភិក្ខុនី​សង្ឃ គឺរាំង​រាកម្ម​ដែល​ភិក្ខុនី​ផងគ្នាធ្វើ។ ពាក្យថា បិទបាំង​ទោសរបស់​ភិក្ខុនី​ផងគ្នា គឺបិទបាំង​ទោសគ្នីគ្នា។

[៧៩] ត្រង់ពាក្យថា ភិក្ខុនីទាំងឡាយនោះ គឺភិក្ខុនីដែល​ច្រឡំ​(ដោយគ្រហស្ថ)​នោះឯង។ ពាក្យថា ដែល​ភិក្ខុនី​ទាំងឡាយ​ គឺដែល​ភិក្ខុនី​ទាំងឡាយ​ដទៃ។ ភិក្ខុនី​ទាំងឡាយ​ណាបាន​ឃើញ បានឮ ភិក្ខុនី​ទាំងឡាយ​នោះ​គួរ​​និយាយ​​ហាមប្រាមថា បងប្អូនស្រ្តី​ទាំងឡាយ​នៅច្រឡំ​(ដោយគ្រហស្ថ) មានមារយាទ​អាក្រក់ មានកិត្តិសព្ទ​អាក្រក់ មានការ​ចិញ្ចឹម​ជីវិត​អាក្រក់ ជាអ្នក​បៀតបៀន​ភិក្ខុនីសង្ឃ បិទបាំង​ទោសរបស់​ភិក្ខុនី​ផងគ្នា បពិត្រលោកម្ចាស់ទាំងឡាយ លោក​ទាំងឡាយ​ចូរ​ស្ងាត់​(ចាកពួក) សង្ឃតែង​សរសើរ​សេចក្តី​ស្ងាត់ (ចាកពួក) របស់​ភិក្ខុនី​ជាបងប្អូនស្រី្ត​ទាំងឡាយ។ ភិក្ខុនី​ទាំងឡាយគួរ​​និយាយ​នឹងភិក្ខុនីទាំងឡាយ​នោះ​អស់​វារៈ​ជាគំរប់ពីរដងផង គួរ​​និយាយ​​អស់​វារៈជាគំរប់​បីដងផង។ បើភិក្ខុនីទាំងឡាយ​​នោះ​លះ​បង់បាន ការលះបង់​បាននេះ​ជាការល្អ បើមិន​លះបង់​​ទេ ​ត្រូវអាបត្តិ​ទុក្កដ។ ភិក្ខុនី​ទាំងឡាយដទៃ​​ឮហើយ មិននិយាយ​ ​ត្រូវអាបត្តិ​ទុក្កដ។ ត្រូវ​ភិក្ខុនី​ទាំងឡាយ​​ចាប់​ទាញ​ភិក្ខុនីទាំងឡាយ​នោះមក​កាន់​ទី​កណ្តាល​សង្ឃ ហើយពោលថា ភិក្ខុនី​ជាបងប្អូនស្រី​ទាំងឡាយ​នៅច្រឡំ​(ដោយគ្រហស្ថ) មានមារយាទ​អាក្រក់ មានកិត្តិសព្ទ​អាក្រក់ មានការ​ចិញ្ចឹម​ជីវិត​អាក្រក់ ជាអ្នក​បៀតបៀន​ភិក្ខុនីសង្ឃ បិទបាំង​ទោសរបស់​ភិក្ខុនី​ផងគ្នា បពិត្រលោកម្ចាស់ សូមលោក​ទាំងឡាយ​​ស្ងាត់​(ចាកពួក) សង្ឃតែង​សរសើរ​សេចក្តី​ស្ងាត់​របស់​ភិក្ខុនី​ជាបងប្អូនស្រី្ត​ទាំងឡាយ។ ភិក្ខុនី​ទាំងឡាយគួរ​និយាយ​​នឹងភិក្ខុនី​ទាំងឡាយនោះ​​អស់​វារៈ​ជាគំរប់​ពីរដងផង គួរ​​និយាយ​​​អស់​វារៈជាគំរប់​​បីដងផង។ បើភិក្ខុនី​ទាំងឡាយនោះ​លះ​បង់បាន ការលះបង់​បាននេះ​ជាការល្អ បើមិនលះបង់​ទេ ត្រូវអាបត្តិ​ទុក្កដ។

[៨០] គប្បីភិក្ខុនី​ទាំងឡាយ​សូត្រសមនុភាសនវិធីចំពោះ​ភិក្ខុនី​ទាំងឡាយនោះ។ ម្នាលភិក្ខុ​ទាំងឡាយ ​​ភិក្ខុនី​ទាំងឡាយគប្បី​សូត្រ​សមនុភាសនវិធី យ៉ាងនេះ គឺភិក្ខុនី​ដែល​ឆ្លាស​ប្រតិពល ត្រូវ​ប្រកាស​ឲ្យសង្ឃ​ដឹងថា បពិត្រលោកម្ចាស់ សូមសង្ឃ​ស្តាប់ខ្ញុំ ភិក្ខុនីទាំងឡាយ​​​ឈ្មោះនេះ​ផងៗ ​នៅ​ច្រឡំ​(ដោយគ្រហស្ថ) មានមារយាទ​អាក្រក់ មានកិត្តិសព្ទ​អាក្រក់ មានការ​ចិញ្ចឹម​ជីវិត​អាក្រក់ ជាអ្នក​បៀតបៀន​ភិក្ខុនីសង្ឃ បិទបាំង​ទោសរបស់​ភិក្ខុនី​ផងគ្នា។ ភិក្ខុនីទាំងឡាយ​នោះមិនលះ​បង់វត្ថុ​នោះឡើយ។ បើកម្ម​មានកាល​គួរ​ដល់សង្ឃហើយ សង្ឃគប្បី​​សូត្រ​សមនុភាសនវិធី​ចំពោះ​ភិក្ខុនីទាំងឡាយ​​ឈ្មោះនេះផងៗ ដើម្បី​ឲ្យលះបង់​វត្ថុនោះ​ចេញ។ នេះជាញត្តិ។ បពិត្រ​ព្រះ​សង្ឃ​ជាម្ចាស់ សូមសង្ឃ​ស្តាប់ខ្ញុំ ភិក្ខុនីទាំងឡាយ​​ឈ្មោះនេះផងៗ​ ​នៅច្រឡំ​(ដោយគ្រហស្ថ) មានមារយាទ​អាក្រក់ មានកិត្តិសព្ទ​អាក្រក់ មានការ​ចិញ្ចឹម​ជីវិត​អាក្រក់ ជាអ្នក​បៀតបៀន​ភិក្ខុនីសង្ឃ បិទបាំង​ទោសរបស់​ភិក្ខុនី​ផងគ្នា។ ភិក្ខុនីទាំងឡាយ​នោះមិនលះ​បង់វត្ថុ​នោះឡើយ។ សង្ឃ​សូត្រសមនុភាសនវិធី​ចំពោះ​ភិក្ខុនី​ទាំងឡាយ​ឈ្មោះនេះផងៗ ដើម្បី​ឲ្យលះបង់​វត្ថុនោះ​ចេញ។ ការសូត្រ​សមនុភាសនវិធី​ចំពោះ​ភិក្ខុនី​ទាំងឡាយ​ឈ្មោះនេះផងៗ ដើម្បី​ឲ្យ​លះបង់​វត្ថុ​នោះចេញ គាប់ចិត្ត​​ដល់​លោកម្ចាស់​អង្គណា លោកម្ចាស់​អង្គនោះ​ត្រូវ​ស្ងៀម មិនគាប់​ចិត្ត​​ដល់លោកម្ចាស់​អង្គណា លោកម្ចាស់​អង្គនោះ​ត្រូវ​និយាយ​ឡើង។ ខ្ញុំសូត្រសេចក្តី​នេះអស់​វារៈជា​គំរប់​​ពីរដងផង។បេ។ ខ្ញុំសូត្រ​សេចក្តី​នេះ អស់វារៈ​ជាគំរប់​បីដងផង។បេ។ សង្ឃសូត្រ​សមនុភាសនវិធី​ចំពោះ​ភិក្ខុនីទាំងឡាយ​ឈ្មោះនេះ​ផងៗ ដើម្បីឲ្យ​លះបង់​វត្ថុនោះហើយ។ ការសូត្រ​សមនុភាសនវិធីនោះ គាប់ចិត្ត​​ដល់សង្ឃ ហេតុនោះ ទើបសង្ឃស្ងៀម។ ខ្ញុំ​សូម​ចាំទុក​រឿង​​នេះ ដោយអាការ​ស្ងៀម​នៅយ៉ាងនេះ។​

[៨១] ភិក្ខុនីទាំងឡាយ ត្រូវអាបត្តិ​ទុក្កដ ក្នុងខណៈចប់​ញត្តិ ត្រូវអាបត្តិថុល្លច្ច័យ​ទាំងឡាយ ក្នុងខណៈ​ចប់​កម្មវាចាពីរដង ត្រូវអាបត្តិសង្ឃាទិសេស ក្នុងខណៈ​ចប់​កម្មវាចាស្រេច។ កាលបើ​ភិក្ខុនីទាំងឡាយ ​​ត្រូវ​អាបត្តិ​សង្ឃាទិសេសហើយ ឯអាបត្តិ​ទុក្កដ​ដែលត្រូវ​ក្នុងខណៈ​ចប់ញត្តិ(ក្តី) អាបត្តិ​ថុល្លច្ច័យ​ទាំងឡាយ​ដែល​ត្រូវក្នុង​ខណៈ​ចប់​កម្មវាចា​ពីរដង(ក្តី) ក៏​រម្ងាប់​ទៅឯង។ ភិក្ខុនី​ទាំងឡាយ​គប្បីសូត្រ​សមនុភាសនវិធី​ចំពោះ​ភិក្ខុនី​ពីរបីរូប​ជាមួយគ្នាបាន មិនត្រូវ​សូត្រ​សមនុភាសនវិធី​ឲ្យលើស​អំពី​ពីរបីរូប​នោះឡើយ។

[៨២] ត្រង់ពាក្យថា ភិក្ខុនី​ទាំងឡាយ​នេះក្តី គឺ​ភិក្ខុនី​ទាំងឡាយ ដែលតថាគត​ពោល​ប្រៀបធៀប​​នឹងភិក្ខុនីទាំងឡាយ​មុនៗ។ ពាក្យថា ឈ្មោះយាវតតិយក សេចក្តីថា ភិក្ខុនី​ទាំងឡាយ​នោះ​ត្រូវអាបត្តិ(​សង្ឃាទិសេស)​ដោយ​​សូត្រ​សមនុភាសនវិធី​​ដរាបដល់​គំរប់​បីដង មិនមែន​ត្រូវ​ព្រមគ្នា​នឹង​ប្រព្រឹត្ត​កន្លង​​វត្ថុទេ។ ពាក្យថា គួរ​បណ្តេញ​ចេញ គឺ​ភិក្ខុនីទាំងឡាយ​ គួរ​នាំភិក្ខុនីដែល​ត្រូវ​អាបត្តិ​សង្ឃាទិសេស​នោះ​ចេញអំ​ពីសង្ឃ។ ពាក្យថា សង្ឃាទិសេស មានសេចក្តី​អធិប្បាយ​ក្នុង​ ​សង្ឃាទិសេសទី១រួចហើយ។

[៨៣] កម្មប្រកបដោយ​ធម៌ ភិក្ខុនី​ទាំងឡាយ​សំគាល់ថា កម្មប្រកប​ដោយធម៌ ហើយ​មិន​លះបង់ ត្រូវអាបត្តិសង្ឃាទិសេស។ កម្មប្រកបដោយ​ធម៌ ភិក្ខុនី​ទាំងឡាយ​មានសេចក្តីសង្ស័យ ហើយមិនលះបង់ ត្រូវអាបត្តិ​សង្ឃាទិសេ។ កម្មប្រកបដោយ​ធម៌ ភិក្ខុនី​ទាំងឡាយ​សំគាល់ថា កម្មមិនប្រកប​ដោយធម៌ ហើយមិនលះបង់ ត្រូវអាបត្តិ​សង្ឃាទិសេ។ កម្មមិនប្រកបដោយ​ធម៌ ភិក្ខុនី​ទាំងឡាយ​សំគាល់ថា កម្មប្រកប​ដោយធម៌ ត្រូវអាបត្តិទុក្កដ។ កម្មមិនប្រកបដោយ​ធម៌ ភិក្ខុនី​មាន​សេចក្តី​សង្ស័យ ត្រូវអាបត្តិទុក្កដ។ កម្មមិនប្រកបដោយ​ធម៌ ភិក្ខុនីទាំងឡាយ​​សំគាល់ថា កម្មមិនប្រកប​ដោយធម៌ ត្រូវអាបត្តិទុក្កដ។

[៨៤] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៦យ៉ាង) គឺ ភិក្ខុនី​ទាំងឡាយ​ដែលភិក្ខុនីសង្ឃ​​មិនបាន​សូត្រ​សមនុភាសនវិធី១ ភិក្ខុនី​ទាំងឡាយ​លះបង់​ចេញ១ ភិក្ខុនីឆ្កួត១ ភិក្ខុនីមានចិត្ត​រវើរវាយ១ ភិក្ខុនីដែល​វេទនា​គ្របសង្កត់១ ភិក្ខុនី​ជាខាងដើមបញ្ញត្តិ១។

សង្ឃាទិសេស ទី១០

(១០. ទសមសង្ឃាទិសេសសិក្ខាបទំ)

[៨៥] សម័យនោះ ព្រះពុទ្ធ​ដ៏មានព្រះភាគ គង់ក្នុងជេតវនារាម ​របស់​អនាថបិណ្ឌិក​​សេដ្ឋី​ទៀប​ក្រុង​សាវត្ថី។ ក៏សម័យ​នោះឯង ថុល្លនន្ទាភិក្ខុនីពោលពាក្យ​យ៉ាងនេះ​នឹងភិក្ខុនី​ទាំងឡាយ ដែលសង្ឃសូត្រសមនុភាសនវិធី​ហើយថា នែលោកម្ចាស់​ទាំងឡាយ លោកទាំងឡាយ​ចូរនៅ​ច្រឡូក​ច្រឡំ​ដោយគ្រហស្ថចុះ លោកទាំងឡាយ​កុំនៅ​បែកខ្ញែក​គ្នាឡើយ សូម្បី​ភិក្ខុនី​ទាំងឡាយ​ដទៃ​ដែលមានមារយាទ​យ៉ាងនេះ មានកិត្តិសព្ទ​យ៉ាងនេះ ​ចិញ្ចឹម​ជីវិតយ៉ាងនេះ ជាអ្នក​បៀតបៀន​ភិក្ខុនីសង្ឃ បិទបាំង​ទោសរបស់​ភិក្ខុនីពួក​ផងគ្នា មាននៅក្នុង​សង្ឃដែរ សង្ឃ​មិនបាន​ពោលពាក្យ​អ្វីនឹង​ភិក្ខុនី​ទាំងឡាយនោះទេ សង្ឃពោលពាក្យ​យ៉ាងនេះ​តែនឹងលោក​ទាំងឡាយ​ដោយ​សេចក្តី​មើលងាយ ដោយពេបជ្រាយ ដោយគ្មាន​អំណត់ (ក្រោធ) ដោយសំដី​បង្គ្រប ដោយលោកទាំងឡាយ​មានកំឡាំង​ថយថា ភិក្ខុនីជាបងប្អូន​ស្រីទាំងឡាយ​ហ្នឹងឯង ជាអ្នក​ច្រឡូក​ច្រឡំ​(ដោយគ្រហស្ថ) មានមារយាទ​អាក្រក់ មានកិត្តិសព្ទ​អាក្រក់ មានការ​ចិញ្ចឹម​ជីវិត​អាក្រក់ ជាអ្នកបៀតបៀន​ភិក្ខុនីសង្ឃ បិទបាំង​ទោសរបស់​ភិក្ខុនី​ពួកផងគ្នា បពិត្រ​លោកម្ចាស់ សូមលោក​ទាំងឡាយ​ស្ងាត់ (ចាកពួក) សង្ឃសរសើរ​តែសេចក្តី​ស្ងាត់​របស់ភិក្ខុនី​ជាបងប្អូន​ស្រីទាំងឡាយ។ ភិក្ខុនី​ទាំងឡាយណា​មានសេចក្តី​ប្រាថ្នាតិច។បេ។ ភិក្ខុនី​ទាំងឡាយ​នោះ ក៏ពោលទោស តិះដៀល បន្តុះ​បង្អាប់​ថា លោកម្ចាស់​ថុល្លនន្ទា​ មិនសមបើនឹងពោល​យ៉ាងនេះ នឹងភិក្ខុនី​ទាំងឡាយ​ដែល​សង្ឃសូត្រ​សមនុភាសនវិធី​ហើយថា នែលោកម្ចាស់​ទាំងឡាយ លោកទាំងឡាយ​ចូរនៅ​ច្រឡូក​ច្រឡំ​ដោយគ្រហស្ថចុះ លោកទាំងឡាយ​កុំនៅ​បែកខ្ញែក​គ្នាឡើយ។បេ។ នែ​លោកម្ចាស់​ទាំងឡាយ ចូរលោក​ទាំងឡាយ​ស្ងាត់ (ចាកពួក) សង្ឃសរសើរ​តែសេចក្តី​ស្ងាត់​របស់ភិក្ខុនី​ជាបងប្អូន​ស្រី​ទាំង​ឡាយ។បេ។ ព្រះដ៏មានព្រះភាគ​ត្រាស់​សួរ​ថា ​ម្នាល​​ភិក្ខុ​​ទាំងឡាយ ឮ​ថាថុល្លនន្ទាភិក្ខុនី​និយាយ​យ៉ាងនេះ​នឹងភិក្ខុនី​ទាំងឡាយ ដែលសង្ឃ​សូត្រសមនុភាសនវិធី​ហើយថា បពិត្រលោកម្ចាស់​ទាំងឡាយ លោកទាំងឡាយ​ចូរនៅ​ច្រឡូក​ច្រឡំ​ដោយគ្រហស្ថចុះ លោកទាំងឡាយ​កុំនៅ​បែកខ្ញែក​​គ្នាឡើយ។បេ។ បពិត្រ​លោកម្ចាស់ទាំងឡាយ លោក​ទាំងឡាយ​ចូរ​ស្ងាត់ (ចាកពួក) សង្ឃសរសើរ​តែសេចក្តី​ស្ងាត់​របស់ភិក្ខុនី​ជាបងប្អូន​ស្រីទាំងឡាយ ពិត​មែន​ឬ។ ភិក្ខុ​ទាំងឡាយ​ក្រាប​ទូល​ថា បពិត្រ​ព្រះដ៏មាន​ព្រះភាគ ពិតមែន។ ព្រះសម្ពុទ្ធ​​ដ៏​មានព្រះភាគ ទ្រង់បន្ទោស​ថា ម្នាល​ភិក្ខុ​ទាំងឡាយ ថុល្លនន្ទា​ភិក្ខុនី​មិនគួរ​បើនឹង​ពោល​យ៉ាងនេះ​នឹងភិក្ខុនី​ទាំងឡាយ​ដែលសង្ឃ​សូត្រសមនុភាសនវិធី​ហើយថា បពិត្រលោកម្ចាស់​ទាំងឡាយ លោកទាំងឡាយ​ចូរនៅ​ច្រឡូក​ច្រឡំ​ដោយគ្រហស្ថចុះ លោកទាំងឡាយ​កុំនៅ​បែកខ្ញែក​​គ្នាឡើយ។បេ។ បពិត្រ​លោកម្ចាស់ទាំងឡាយ លោក​ទាំងឡាយ​ចូរ​ស្ងាត់ (ចាកពួក) សង្ឃសរសើរ​តែសេចក្តី​ស្ងាត់​របស់ភិក្ខុនី​ជាបងប្អូន​ស្រីទាំងឡាយដូច្នេះឯង ​ម្នាល​ភិក្ខុ​ទាំងឡាយ អំពើ​នេះ​មិននាំ​ឲ្យ​ជ្រះថ្លា​ដល់ជនទាំងឡាយ​ ​ដែល​មិន​ទាន់​ជ្រះថ្លា​ទេ។បេ។ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុនី​ទាំងឡាយ ចូរ​សំដែង​ឡើង​នូវសិក្ខាបទ​នេះ​យ៉ាងនេះ​ថា

ភិក្ខុនីណាមួយ​ពោលយ៉ាងនេះ​ថា បពិត្រលោកម្ចាស់​ទាំងឡាយ លោកទាំងឡាយ​ចូរនៅ​ច្រឡូក​ច្រឡំ​ដោយគ្រហស្ថចុះ លោកទាំងឡាយ​កុំនៅ​បែកខ្ញែក​​គ្នាឡើយ សូម្បី​ភិក្ខុនី​ទាំងឡាយ​រូបដទៃ​ដែលមានមារយាទ​ដូចគ្នា មានកិត្តិសព្ទ​ដូចគ្នា ​មានការ​ចិញ្ចឹម​ជីវិតដូចគ្នា ជាអ្នក​បៀតបៀន​ភិក្ខុនីសង្ឃ ជាអ្នកបិទបាំង​ទោសរបស់​ភិក្ខុនី​ពួក​ផងគ្នា មាននៅក្នុង​សង្ឃដែរ សង្ឃ​មិន​ពោលពាក្យ​អ្វីនឹង​ភិក្ខុនី​ទាំងឡាយនោះទេ សង្ឃពោលពាក្យ​យ៉ាងនេះ​តែនឹងលោក​ទាំងឡាយ​ដោយ​សេចក្តី​មើលងាយ ដោយពេបជ្រាយ ដោយគ្មាន​អំណត់ ដោយសំដី​បង្គ្រប ដោយលោកទាំងឡាយ​មានកំឡាំង​ថយថា ភិក្ខុនីជាបងប្អូន​ស្រីទាំងឡាយ​ហ្នឹងឯង ជាអ្នកនៅ​ច្រឡូក​ច្រឡំ​(ដោយគ្រហស្ថ) មានមារយាទ​អាក្រក់ មានកិត្តិសព្ទ​អាក្រក់ មានការ​ចិញ្ចឹម​ជីវិត​អាក្រក់ ជាអ្នកបៀតបៀន​ភិក្ខុនីសង្ឃ ជាអ្នកបិទបាំង​ទោសរបស់​ភិក្ខុនី​ពួកផងគ្នា បពិត្រ​លោកម្ចាស់ទាំងឡាយ លោក​ទាំងឡាយចូរ​ស្ងាត់ (ចាកពួក) សង្ឃសរសើរ​តែសេចក្តី​ស្ងាត់​របស់ភិក្ខុនី​ជាបងប្អូន​ស្រីទាំងឡាយ។ ភិក្ខុនី​នោះ គប្បី​ភិក្ខុនី​​ទាំងឡាយ​និយាយ​យ៉ាងនេះថា បពិត្រ​លោកម្ចាស់ ចូរលោក​កុំនិយាយ​យ៉ាងនេះ​ថា បពិត្រ​លោកម្ចាស់​ទាំងឡាយ លោកទាំង​ឡាយចូរ​​នៅច្រឡូកច្រឡំ​ដោយគ្រហស្ថចុះ លោកទាំងឡាយ​កុំ​នៅបែក​ខ្ញែក​គ្នាឡើយ សូម្បី​ភិក្ខុនី​ទាំងឡាយ​ដទៃ ដែលមានមារយាទ​ដូចគ្នា មានកិត្តិសព្ទ​ដូចគ្នា មានការ​ចិញ្ចឹម​ជីវិតដូចគ្នា ជាអ្នក​បៀតបៀន​ភិក្ខុនីសង្ឃ ជាអ្នកបិទបាំង​ទោសរបស់​ភិក្ខុនីពួក​ផងគ្នា មាននៅក្នុង​សង្ឃ​ដែរ សង្ឃ​មិន​ពោលពាក្យ​អ្វីនឹង​ភិក្ខុនី​ទាំងឡាយនោះទេ សង្ឃពោលពាក្យ​យ៉ាងនេះ​តែនឹងលោក​ទាំងឡាយ​ដោយ​សេចក្តី​មើលងាយ ដោយពេបជ្រាយ ដោយគ្មាន​អំណត់ ដោយសំដី​បង្គ្រប ដោយ​លោក​ទាំងឡាយ​មានកំឡាំង​ថយថា ភិក្ខុនីជាបងប្អូន​ស្រីទាំងឡាយ​ហ្នឹងឯង ជាអ្នកនៅ​ច្រឡូក​ច្រឡំ​(ដោយគ្រហស្ថ) មានមារយាទ​អាក្រក់ មានកិត្តិសព្ទ​អាក្រក់ មានការ​ចិញ្ចឹម​ជីវិត​អាក្រក់ ជាអ្នកបៀតបៀន​ភិក្ខុនីសង្ឃ ជាអ្នកបិទបាំង​ទោសរបស់​ភិក្ខុនី​ពួកផងគ្នា បពិត្រ​លោកម្ចាស់​ទាំងឡាយ លោក​ទាំងឡាយ​ចូរស្ងាត់ (ចាកពួក) សង្ឃសរសើរ​តែសេចក្តី​ស្ងាត់​របស់ភិក្ខុនី​ជាបងប្អូន​ស្រីទាំងឡាយ។ ភិក្ខុនី​​នោះ កាលដែលភិក្ខុនី​ទាំងឡាយ​ពោល​​យ៉ាង​នេះ ក៏នៅតែប្រកាន់​ដដែល ភិក្ខុនី​នោះ គប្បីភិក្ខុនី​ទាំងឡាយ​សូត្រ​សមនុភាសនវិធី ដើម្បី​ឲ្យលះ​បង់នូវ​វត្ថុ​នោះដរាប​ដល់​គំរប់​បីដង។ បើភិក្ខុនី​នោះ កាលដែល​ភិក្ខុនី​ទាំងឡាយ​សូត្រ​សមនុភាសនវិធីដរាប​ដល់​គំរប់​​បីដង លះ​បង់​វត្ថុ​នោះបាន ការលះបង់​បាននេះ​ជាការល្អ បើមិន​លះបង់​​ទេ ភិក្ខុនី​នេះក្តី (ក៏)​ត្រូវ​អាបត្តិ​សង្ឃាទិសេស ឈ្មោះយាវតតិយក គួរបណ្តេញ​ចេញ។

[៨៦] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តី​ដូចគ្នានឹង​សិក្ខាបទ​ទី១​នៃបារាជិកកណ្ឌ។ ពាក្យថា ពោលយ៉ាងនេះ គឺពោលថា បពិត្រលោកម្ចាស់​ទាំងឡាយ លោកទាំងឡាយ​ចូរនៅ​ច្រឡូក​ច្រឡំចុះ លោកទាំងឡាយ​កុំនៅ​ផ្សេង​ៗ​គ្នាឡើយ​(ព្រោះ) ​ភិក្ខុនី​ទាំងឡាយសូម្បី​​រូបដទៃ​ដែលមានមារយាទ​ដូចគ្នា មានកិត្តិសព្ទ​ដូចគ្នា ​មានការ​ចិញ្ចឹម​ជីវិតដូចគ្នា ជាអ្នក​បៀតបៀន​ភិក្ខុនីសង្ឃ បិទបាំង​ទោសរបស់​ភិក្ខុនី​ពួក​ផងគ្នា មាននៅក្នុង​សង្ឃដែរ (តែ)​សង្ឃ​មិន​ពោលពាក្យ​អ្វីនឹង​ភិក្ខុនី​ទាំងឡាយនោះទេ សង្ឃពោលពាក្យ​យ៉ាងនេះ​តែនឹងលោក​ទាំងឡាយ​ដោយ​សេចក្តី​មើលងាយ គឺដោយសេចក្តី​មាក់ងាយ។ ពាក្យថា ដោយសេចក្តី​ពេបជ្រាយ គឺដោយ​សេចក្តី​ស្អប់ខ្ពើម។ ពាក្យថា ដោយគ្មាន​អំណត់ គឺដោយសេចក្តី​ខឹង។ ពាក្យថា ដោយសំដី​បង្គ្រប គឺ​ដោយធ្វើ​សំដីឲ្យ​វិសេសជាង។ ពាក្យថា ដោយលោកទាំងឡាយ​មានកំឡាំង​ថយ គឺដោយ​លោក​ទាំងឡាយ​គ្មាន​បក្ខពួក។ ថុល្លនន្ទា​ភិក្ខុនី​ពោលយ៉ាងនេះថា ភិក្ខុនីជាបងប្អូន​ស្រីទាំងឡាយ​ហ្នឹងឯង ជាអ្នកនៅ​ច្រឡូក​ច្រឡំ​(ដោយគ្រហស្ថ) មានមារយាទ​អាក្រក់ មានកិត្តិសព្ទ​អាក្រក់ មានការ​ចិញ្ចឹម​ជីវិត​អាក្រក់ ជាអ្នកបៀតបៀន​ភិក្ខុនីសង្ឃ បិទបាំង​ទោសរបស់​ភិក្ខុនី​ពួកផងគ្នា បពិត្រ​លោកម្ចាស់ទាំងឡាយ លោក​ទាំងឡាយចូរ​ស្ងាត់ (ចាកពួក) សង្ឃសរសើរ​តែសេចក្តី​ស្ងាត់​របស់ភិក្ខុនី​ជាបងប្អូន​ស្រីទាំងឡាយ។ ពាក្យថា ភិក្ខុនីនោះ គឺភិក្ខុនីឯណា​ដែលពោល​ជាប្រក្រតី​យ៉ាងនេះ​នោះឯង។ ពាក្យថា ដែលភិក្ខុនី​ទាំងឡាយ គឺដែល​ភិក្ខុនី​ទាំងឡាយ​ដទៃ។ ភិក្ខុនី​ទាំងឡាយឯ​ណា​ឃើញ ឯណាឮ ភិក្ខុនី​ទាំងឡាយ​នោះ​គប្បី​​​និយាយនឹង​ភិក្ខុនី​នោះថា បពិត្រលោក​ម្ចាស់ ចូរលោកកុំ​និយាយ​ពាក្យយ៉ាងនេះថា បពិត្រលោកម្ចាស់​ទាំងឡាយ លោកទាំងឡាយ​ចូរនៅ​ច្រឡូក​ច្រឡំ​(ដោយគ្រហស្ថ)ចុះ ​កុំនៅ​បែកខ្ញែក​​គ្នាឡើយ។បេ។ បពិត្រ​លោកម្ចាស់ទាំងឡាយ លោក​ទាំងឡាយចូរ​ស្ងាត់ (ចាកពួក) សង្ឃសរសើរ​តែសេចក្តី​ស្ងាត់​របស់ភិក្ខុនី​ជាបងប្អូន​ស្រីទាំងឡាយ។ ភិក្ខុនីនោះ គឺភិក្ខុនី​ទាំងឡាយ​ពោល​អស់​វារៈគំរប់​​ពីរដងផង គប្បី​ពោល​​​អស់​វារៈគំរប់​​បីដងផង។ បើភិក្ខុនី​​នោះ​លះ​បង់បាន ការលះបង់​បាននេះ​ជាការល្អ បើ​លះបង់មិនបាន​​ទេ ​ត្រូវអាបត្តិ​ទុក្កដ។ ភិក្ខុនី​ទាំងឡាយ​ដទៃ​ឮហើយ មិននិយាយ​ ​ត្រូវអាបត្តិ​ទុក្កដ។ ភិក្ខុនី​នោះ គួរ​ភិក្ខុនី​ទាំងឡាយ​​នាំយក​មកកាន់​ទី​កណ្តាល​សង្ឃ ហើយពោលថា បពិត្រ​លោកម្ចាស់ លោកចូរកុំពោល​យ៉ាងនេះថា បពិត្រលោកម្ចាស់​ទាំងឡាយ លោកទាំងឡាយ​ចូរនៅ​ច្រឡូក​ច្រឡំ​(ដោយគ្រហស្ថ)ចុះ លោកទាំងឡាយ​កុំនៅ​បែកខ្ញែក​​គ្នាឡើយ។បេ។ បពិត្រ​លោកម្ចាស់ទាំងឡាយ លោក​ទាំងឡាយចូរ​ស្ងាត់ (ចាកពួក) សង្ឃសរសើរ​តែសេចក្តី​ស្ងាត់​របស់ភិក្ខុនី​ជាបងប្អូន​ស្រីទាំងឡាយ។ ភិក្ខុនីនោះ គួរភិក្ខុនី​​ទាំងឡាយនិយាយ​​​អស់​វារៈ​គំរប់​ពីរដងផង គួរ​​និយាយ​​​អស់​វារៈគំរប់​​បីដងផង។ បើភិក្ខុនី​នោះ​លះ​បង់បាន ការលះបង់​បាននេះ​ជាការល្អ បើមិនលះបង់​ទេ ត្រូវអាបត្តិ​ទុក្កដ។

[៨៧] ភិក្ខុនីនោះ គួរភិក្ខុនី​ទាំងឡាយ​សូត្រសមនុភាសនវិធី។ ម្នាលភិក្ខុ​ទាំងឡាយ ​​ភិក្ខុនីនោះ គួរ​ភិក្ខុនី​​ទាំងឡាយគប្បី​សូត្រ​សមនុភាសនវិធី យ៉ាងនេះ គឺភិក្ខុនី​ដែល​ឈ្លាស​ប្រតិពល គប្បីផ្តៀង​សង្ឃឲ្យ​ដឹងថា បពិត្រសង្ឃជាម្ចាស់ សូមសង្ឃ​ស្តាប់ខ្ញុំ ភិក្ខុនីនេះ​​​ឈ្មោះនេះ​ ពោលយ៉ាង​នេះ​នឹងភិក្ខុនី​ដែលសង្ឃ​សូត្រ​សមនុភាសនវិធីហើយថា បពិត្រលោកម្ចាស់​ទាំងឡាយ លោក​ទាំងឡាយ​ចូរនៅ​ច្រឡូក​ច្រឡំ​ដោយគ្រហស្ថចុះ លោកទាំងឡាយ​កុំនៅ​បែកខ្ញែក​​គ្នាឡើយ សូម្បី​ភិក្ខុនី​ទាំងឡាយដទៃ​ដែលមានមារយាទ​ដូចគ្នា មានកិត្តិសព្ទ​ដូចគ្នា ​មានការ​ចិញ្ចឹម​ជីវិតដូចគ្នា ជាអ្នក​បៀតបៀន​ភិក្ខុនីសង្ឃ ជាអ្នកបិទបាំង​ទោសរបស់​ភិក្ខុនី​ពួក​ផងគ្នា មាននៅក្នុង​សង្ឃដែរ តែសង្ឃ​មិន​ពោលពាក្យ​អ្វីនឹង​ភិក្ខុនី​ទាំងឡាយនោះទេ សង្ឃពោលពាក្យ​យ៉ាងនេះ​តែនឹងលោក​ទាំងឡាយ​ដោយ​សេចក្តី​មើលងាយ ដោយសេចក្តី​ពេបជ្រាយ ដោយគ្មាន​អំណត់ ដោយសំដី​បង្គ្រប ដោយលោកទាំងឡាយ​មានកំឡាំង​ថយថា ភិក្ខុនីជាបងប្អូន​ស្រីទាំងឡាយ​ហ្នឹងឯង នៅ​ច្រឡូក​ច្រឡំ​(ដោយគ្រហស្ថ)។បេ។ បពិត្រ​លោកម្ចាស់ទាំងឡាយ លោក​ទាំងឡាយចូរ​ស្ងាត់ (ចាកពួក) សង្ឃសរសើរ​តែសេចក្តី​ស្ងាត់​របស់ភិក្ខុនី​ជាបងប្អូន​ស្រីទាំងឡាយ។ ភិក្ខុនី​នោះមិនលះ​បង់វត្ថុ​នោះចេញ។ បើកម្ម​មានកាលដ៏​សមគួរ​ដល់សង្ឃហើយ សង្ឃគប្បី​​សូត្រ​សមនុភាសនវិធី​ចំពោះ​ភិក្ខុនី​​ឈ្មោះនេះ ដើម្បី​ឲ្យលះបង់​វត្ថុនោះ​ចេញ។ នេះជាញត្តិ។ បពិត្រ​​សង្ឃ​ជាម្ចាស់ សូមសង្ឃ​ស្តាប់ខ្ញុំ ភិក្ខុនី​នេះ​ឈ្មោះនេះ​ពោល​យ៉ាងនេះ នឹងភិក្ខុនី​ទាំងឡាយ​ដែលសង្ឃ​សូត្រ​សមនុភាសនវិធី​ហើយថា បពិត្រលោកម្ចាស់​ទាំងឡាយ លោកទាំងឡាយ​ចូរនៅ​ច្រឡូក​ច្រឡំ​(ដោយគ្រហស្ថ)ចុះ លោកទាំងឡាយ​កុំនៅ​បែកខ្ញែក​​គ្នាឡើយ សូម្បី​ភិក្ខុនី​ទាំងឡាយដទៃ​ដែលមានមារយាទ​ដូចគ្នា មានកិត្តិសព្ទ​ដូចគ្នា ​មានការ​ចិញ្ចឹម​ជីវិតដូចគ្នា ជាអ្នក​បៀតបៀន​ភិក្ខុនីសង្ឃ បិទបាំង​ទោសរបស់​ភិក្ខុនី​ពួក​ផងគ្នា មាននៅក្នុង​សង្ឃដែរ តែសង្ឃ​មិន​ពោលពាក្យ​អ្វីនឹង​ភិក្ខុនី​ទាំងឡាយនោះទេ សង្ឃពោលពាក្យ​យ៉ាងនេះ​តែនឹងលោក​ទាំងឡាយ​ដោយ​សេចក្តី​មើលងាយ ដោយពេបជ្រាយ ដោយមិនអត់ឱន​គ្នា ដោយសំដី​បង្គ្រប ដោយលោកទាំងឡាយ​មានកំឡាំង​ថយថា ភិក្ខុនីជាបងប្អូន​ស្រីទាំងឡាយ​ហ្នឹងឯង នៅ​ច្រឡូក​ច្រឡំ​(ដោយគ្រហស្ថ) មានមារយាទ​អាក្រក់ មានកិត្តិសព្ទ​អាក្រក់ មានការ​ចិញ្ចឹម​ជីវិត​អាក្រក់ ជាអ្នកបៀតបៀន​ភិក្ខុនីសង្ឃ បិទបាំង​ទោសរបស់​ភិក្ខុនី​ពួកផងគ្នា បពិត្រ​លោកម្ចាស់ទាំងឡាយ លោក​ទាំងឡាយ​ចូរ​​ស្ងាត់ (ចាកពួក) សង្ឃសរសើរ​តែសេចក្តី​ស្ងាត់​របស់ភិក្ខុនី​ជាបងប្អូន​ស្រីទាំងឡាយ។ ភិក្ខុនី​នោះ​មិនលះ​បង់វត្ថុ​នោះចេញទេ។ សង្ឃ​សូត្រសមនុភាសនវិធី​ចំពោះ​ភិក្ខុនី​ឈ្មោះនេះ ដើម្បី​ឲ្យលះបង់​វត្ថុនោះ​ចេញ។ ការសូត្រ​សមនុភាសនវិធី​ចំពោះ​ភិក្ខុនី​ឈ្មោះនេះ ដើម្បី​ឲ្យ​លះបង់​វត្ថុ​នោះ គួរ​ដល់​លោកម្ចាស់​អង្គណា លោកម្ចាស់​អង្គនោះ​ត្រូវ​ស្ងៀម មិនគួរ​​ដល់លោកម្ចាស់​អង្គណា លោកម្ចាស់​អង្គនោះ​ត្រូវ​និយាយ​ឡើង។ ខ្ញុំសូត្រសេចក្តី​នេះអស់​វារៈ​គំរប់​​ពីរដងផង។បេ។ ខ្ញុំសូត្រ​សេចក្តី​នេះ អស់វារៈ​គំរប់​បីដងផង។បេ។ សង្ឃបានសូត្រ​សមនុភាសនវិធី​ចំពោះ​ភិក្ខុនី​ឈ្មោះនេះ​ ដើម្បីឲ្យ​លះបង់​វត្ថុនោះចេញហើយ។ ការសូត្រ​សមនុភាសនវិធីនោះ សមគួរ​​ដល់សង្ឃ ហេតុនោះ ទើបសង្ឃស្ងៀម។ ខ្ញុំ​សូម​ចាំទុកនូវដំណើរ​​នេះ ដោយអាការ​ស្ងៀម​នៅយ៉ាងនេះ។​

[៨៨] ភិក្ខុនីនោះ ត្រូវ​ទុក្កដដោយសូត្រញត្តិ ត្រូវថុល្លច្ច័យ​ទាំងឡាយ ដោយសូត្រ​កម្មវាចាពីរលើក ចប់កម្មវាចា ត្រូវអាបត្តិសង្ឃាទិសេស។ កាល​ភិក្ខុនី​​​ត្រូវ​អាបត្តិ​សង្ឃាទិសេស​ អាបត្តិ​ទុក្កដត្រូវដោយសូត្រ​ញត្តិ និងអាបត្តិ​ថុល្លច្ច័យ​ទាំងឡាយ​ដែល​ត្រូវដោយសូត្រ​​កម្មវាចា​ពីរលើក តែង​រម្ងាប់​ទៅឯង។

[៨៩] ត្រង់ពាក្យថា ភិក្ខុនី​នេះក្តី គឺ​ភិក្ខុនីនេះឯង ដែលតថាគត​ពោល​ប្រៀបផ្ទឹម​​នូវភិក្ខុនីទាំងឡាយ​មុនៗ។ ពាក្យថា ឈ្មោះយាវតតិយក គឺភិក្ខុនី​ត្រូវ​(​សង្ឃាទិសេស) ​ដោយការ​​សូត្រ​សមនុភាសន​​ដរាបអស់វារៈ​​គំរប់​បីដង មិនមែន​ត្រូវ​មួយអន្លើ​ដោយសេចក្តី​​ប្រព្រឹត្តិ​កន្លង​​វត្ថុទេ។ ពាក្យថា គួរ​បណ្តេញ​ចេញ គឺ​ភិក្ខុនីទាំងឡាយ​ គួរ​នាំភិក្ខុនីនោះ​ចេញអំ​ពីសង្ឃ។ ពាក្យថា សង្ឃាទិសេស គឺទាល់តែ​សង្ឃឲ្យ​មានត្ត​ដើម្បី​អាបត្តិនោះ ទាញត្រឡប់​អន្តរាបត្តិ​មកដាក់​ក្នុង​មូលាបត្តិ​បាន រួចឲ្យ​អព្ភានកម្ម ភិក្ខុនី​ច្រើនរូប​ឲ្យមិនបាន ភិក្ខុនី​មួយរូប​ក៏ឲ្យមិនបាន ហេតុនោះ បានជាអាបត្តិ​និកាយនោះ តថាគត​ឲ្យឈ្មោះថា សង្ឃាទិសេស។ ពាក្យថា អាបត្តិសង្ឃាទិសេស ជានាមកម្ម គឺថា​ជាឈ្មោះ​នៃអាបត្តិ​និកាយ​នោះឯង ព្រោះហេតុ​នោះ អាបត្តិ​និកាយនោះ តថាគត​ហៅថា សង្ឃាទិសេស។

[៩០] កម្មប្រកបដោយ​ធម៌ ភិក្ខុនី​​សំគាល់ថា កម្មប្រកប​ដោយធម៌ ហើយ​មិន​លះបង់ ត្រូវអាបត្តិសង្ឃាទិសេស។ កម្មប្រកបដោយ​ធម៌ ភិក្ខុនី​មានសេចក្តីសង្ស័យ ហើយមិនលះបង់ ត្រូវអាបត្តិ​សង្ឃាទិសេ។ កម្មប្រកបដោយ​ធម៌ ភិក្ខុនីសំគាល់ថា កម្មមិនប្រកប​ដោយធម៌ ហើយ​មិនលះបង់ ត្រូវអាបត្តិ​សង្ឃាទិសេ។ កម្មមិនប្រកបដោយ​ធម៌ ភិក្ខុនី​សំគាល់ថា កម្មប្រកប​ដោយធម៌ ត្រូវអាបត្តិទុក្កដ។ កម្មមិនប្រកបដោយ​ធម៌ ភិក្ខុនី​មាន​សេចក្តី​សង្ស័យ ត្រូវអាបត្តិទុក្កដ។ កម្មមិនប្រកបដោយ​ធម៌ ភិក្ខុនី​​សំគាល់ថា កម្មមិនប្រកប​ដោយធម៌ ត្រូវអាបត្តិទុក្កដ។

[៩១] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៤យ៉ាង) គឺ (សង្ឃ)​​​មិនបាន​សូត្រ​សមនុភាសនវិធី១ ភិក្ខុនីបាន​លះបង់១ ភិក្ខុនីឆ្កួត១ ភិក្ខុនី​ជាខាងដើមបញ្ញត្តិ១​13)

[៩២] បពិត្រលោកម្ចាស់ទាំងឡាយ អាបត្តិ​សង្ឃាទិសេស​ទាំង១៧ ខ្ញុំសំដែង​ឡើងហើយ អាបត្តិ៩ ឈ្មោះបឋមាបត្តិកា អាបត្តិ៨ ឈ្មោះយាវតតិយកា បណ្តា​អាបត្តិទាំង​១៧នេះ ភិក្ខុនី​អង្គណា​ត្រូវអាបត្តិ​ណាៗ ភិក្ខុនី​អង្គនោះ​ត្រូវប្រព្រឹត្ត​បក្ខមានត្ត​ក្នុងឧភតោសង្ឃ ភិក្ខុនី​ដែល​ប្រព្រឹត្ត​មានត្តហើយ បើភិក្ខុនីសង្ឃ​ពួក​២០រូប​មានក្នុងទីណា ភិក្ខុនី​សង្ឃត្រូវ​ឲ្យអព្ភានកម្ម​ចំពោះ​ភិក្ខុនី​នោះ ក្នុងទីនោះ បើភិក្ខុនី​សង្ឃពួក​២០​រូប ខ្វះ​សូម្បី​តែភិក្ខុនី១រូប ឲ្យ​អព្ភានកម្ម​ចំពោះ​ភិក្ខុនី​នោះ ភិក្ខុនី​នោះ​ឈ្មោះថា ភិក្ខុនី​សង្ឃ​មិនឲ្យ​អព្ភានកម្ម​ផង ភិក្ខុនី​ទាំងឡាយ​នោះឈ្មោះថា ត្រូវ​ព្រះដ៏​មានព្រះភាគ​តិះដៀល​ផង។ នេះជា​សាមីចិកម្ម​ក្នុងរឿង​នោះ។ ខ្ញុំសូមសួរ​លោកម្ចាស់​ទាំងឡាយ ក្នុងអាបត្តិទាំងនោះ លោកទាំងឡាយ​ជាអ្នកបរិសុទ្ធ​ហើយឬ។ ខ្ញុំសួរ​អស់វារៈ​ជាគំរប់ពីរដង​ផង លោកទាំងឡាយ​ជាអ្នកបរិសុទ្ធ​ហើយឬ។ ខ្ញុំសួរ​អស់វារៈ​ជាគំរប់​បីដងផង លោកទាំងឡាយ​ជាអ្នកបរិសុទ្ធ​ហើយឬ។ លោកម្ចាស់​ទាំងឡាយ​ជាអ្នកបរិសុទ្ធ​ហើយ​ក្នុងអាបត្តិ​ទាំងនេះ ហេតុនោះ​ទើបលោកម្ចាស់​ទាំងឡាយ​ស្ងៀម។ ខ្ញុំសូមចាំទុក​នូវរឿងនេះ ដោយអាការ​ស្ងៀមនៅ​យ៉ាងនេះ។

សង្ឃាទិសេសកណ្ឌ១៧សិក្ខាបទ ចប់។

និស្សគ្គិយកណ្ឌ (ភិក្ខុនីវិភង្គ)

(៣. និស្សគ្គិយកណ្ឌំ (ភិក្ខុនីវិភង្គោ))

បពិត្រលោកម្ចាស់ទាំងឡាយ អាបត្តិទាំងឡាយឈ្មោះនិស្សគ្គិយបាចិត្តិយ​មានចំនួន៣០​នេះឯង តែងមកកាន់ឧទ្ទេស។

(និស្សគ្គិយ) បត្តវគ្គ (ទី១)

(១. បត្តវគ្គោ)

(និស្សគ្គិយ បត្តវគ្គ) សិក្ខាបទ ទី១

(១. បឋមសិក្ខាបទំ)

[៩៣] សម័យនោះ ព្រះពុទ្ធ​ដ៏មានព្រះភាគ គង់ក្នុងជេតវនារាម ​របស់​អនាថបិណ្ឌិក​​សេដ្ឋី​ទៀប​ក្រុង​សាវត្ថី។ គ្រានោះឯង ភិក្ខុនីទាំងឡាយ​មានពួក៦ ធ្វើនូវ​សេចក្តី​សន្សំបាត្រ​ជាច្រើន។ មនុស្សទាំងឡាយ​ដើរទៅកាន់​ចារិកវិហារ​ បានឃើញ​ហើយក៏ពោល​ទោស តិះដៀល​ បន្តុះបង្អាប់​ថា ហេតុអ្វីក៏ភិក្ខុនីទាំងឡាយ​​ធ្វើនូវ​សេចក្តី​សន្សំបាត្រ​ទុក​ច្រើនម្ល៉េះ ឬភិក្ខុនី​ទាំងឡាយ​នឹងធ្វើ​ជំនួញ​បាត្រ ឬនឹងដាក់​រានផ្សារ​លក់ភាជនៈដី។ ភិក្ខុនី​ទាំងឡាយបាន​ឮ​មនុស្សទាំង​ឡាយនោះ ពោលទោស តិះដៀល បន្តុះបង្អាប់​ហើយ។ ភិក្ខុនី​ទាំងឡាយណា​មានសេចក្តី​ប្រាថ្នាតិច។បេ។ ភិក្ខុនី​ទាំងឡាយ​នោះ ក៏ពោលទោស តិះដៀល បន្តុះ​បង្អាប់​ថា ​ភិក្ខុនីទាំងឡាយ​មានពួក៦ មិន​សម​​បើនឹង​ធ្វើ​សេចក្តី​សន្សំបាត្រ​ទុកសោះ។បេ។ ទ្រង់ត្រាស់​សួរ​ថា ​ម្នាល​​ភិក្ខុ​​ទាំងឡាយ ឮ​ថាភិក្ខុនី​ទាំងឡាយមានពួក៦ ​ធ្វើនូវ​សេចក្តី​សន្សំបាត្រ​ទុក ពិត​មែន​ឬ។ ភិក្ខុ​ទាំងឡាយ​ក្រាប​ទូល​ថា បពិត្រ​ព្រះដ៏មាន​ព្រះភាគ ពិតមែន។ ព្រះសម្ពុទ្ធ​ដ៏​មានព្រះភាគ ទ្រង់បន្ទោស​ថា ម្នាល​ភិក្ខុ​ទាំងឡាយ ​ភិក្ខុនី​ទាំងឡាយ​មានពួក៦​ មិនគួរ​បើនឹង​ធ្វើ​សេចក្តី​សន្សំ​បាត្រ​ទុកទេ ម្នាល​ភិក្ខុ​ទាំងឡាយ អំពើ​នេះ​មិននាំ​ឲ្យ​ជ្រះថ្លា​ដល់ជនទាំងឡាយ​ ​ដែល​មិន​ទាន់​ជ្រះថ្លា​ទេ។បេ។ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុនី​ទាំងឡាយ ចូរ​សំដែង​ឡើង​នូវសិក្ខាបទ​នេះ​យ៉ាងនេះ​ថា

ភិក្ខុនីណាមួយ​​ធ្វើ​សេចក្តី​សន្សំបាត្រ​ ​ភិក្ខុនីនោះ ត្រូវនិស្សគ្គិយបាចិត្តិយ។

[៩៤] ត្រង់ពាក្យថា ភិក្ខុនី​ណាមួយ មានសេចក្តី​អធិប្បាយ​ក្នុងសិក្ខាបទ​ទី១នៃ​បារាជិកកណ្ឌ​រួចហើយ។ បាត្រ២យ៉ាង គឺបាត្រដែក១ បាត្រដី១ ឈ្មោះថាបាត្រ។ ប្រមាណ​របស់​បាត្រមាន​៣យ៉ាង គឺបាត្រខ្នាតធំ១ បាត្រខ្នាត​កណ្តាល១ បាត្រខ្នាត​តូច១។ ដែលហៅថា បាត្រ​ខ្នាតធំ គឺបាត្រ​ចំណុះបាយ​នៃអង្ករ​កន្លះអាឡ្ហក និងបង្អែម​ភាគទី៤ និងម្ហូប​សមគួរ​នឹងបាយ​នោះ។ ដែលហៅថា បាត្រខ្នាតកណ្តាល គឺបាត្រ​ចំណុះបាយ​នៃអង្ករ១នាឡិ និងបង្អែម​ភាគទី៤ និងម្ហូប​សមគួរដល់បាយ​នោះ។ ដែលហៅថា បាត្រខ្នាតតូច គឺបាត្រ​ចំណុះបាយ​នៃអង្ករ​១បត្ថ និងបង្អែម​ភាគទី៤ និងម្ហូប​សមគួរដល់បាយ​នោះ។ បាត្រដែលមាន​ខ្នាតធំ​ ឬតូច​ជាងកំណត់​ដែលពោល​ហើយនោះ មិនហៅថា​បាត្រ។ ពាក្យថា ធ្វើសេចក្តីសន្សំ (បាត្រ) គឺបាន​ដល់បាត្រ​(ឯទៀតៗ) ដែលភិក្ខុនី​មិនបាន​អធិដ្ឋាន មិនបានវិកប្ប។ បាត្រនោះ​ជានិស្សគ្គិយ គឺជា​និស្សគ្គិយ​ព្រមគ្នានឹង​អរុណរះ​ឡើង បាត្រនោះ ភិក្ខុនីត្រូវ​លះដល់សង្ឃ​ក៏បាន គណៈ​ក៏បាន ដល់ភិក្ខុនី​១រូបក៏បាន។ ម្នាលភិក្ខុទាំងឡាយ បាត្រនោះ​ភិក្ខុនី​ត្រូវលះ​យ៉ាងនេះ។

[៩៥] ភិក្ខុនី​នោះ​ត្រូវចូលទៅរកសង្ឃ ហើយធ្វើឧត្តរាសង្គឆៀងស្មាម្ខាង ហើយថ្វាយ​បង្គំ​ជើងភិក្ខុនីចាស់ៗ អង្គុយច្រហោង ផ្គងអញ្ជលីឡើង ហើយពោលយ៉ាងនេះថា បពិត្រ​លោកម្ចាស់ បាត្ររបស់ខ្ញុំ​នេះកន្លងរាត្រី​ហើយ ជានិស្សគ្គិយ ខ្ញុំសូម​លះបាត្រនេះ​ដល់សង្ឃ។ លុះភិក្ខុនី​នោះ​លះរួចហើយ ត្រូវសំដែង​អាបត្តិចេញ។ ភិក្ខុនី​ដែលឆ្លាស ប្រតិពល គប្បីទទួល​អាបត្តិ។ ភិក្ខុនីសង្ឃ​ត្រូវឲ្យបាត្រ​ដែលភិក្ខុនី​លះហើយ​នោះវិញ ដោយពាក្យថា បពិត្រលោកម្ចាស់ សូមសង្ឃ​ស្តាប់ខ្ញុំ បាត្រនេះ​ជានិស្សគ្គិយ ភិក្ខុនី​ឈ្មោះនេះ​បានលះដល់​សង្ឃហើយ។ បើការលះ​បង់នេះ​សមគួរ​ដល់​សង្ឃហើយ សង្ឃត្រូវ​ឲ្យបាត្រ​នេះដល់​ភិក្ខុនី​ឈ្មោះនេះវិញ។

[៩៦] ភិក្ខុនី​នោះ​ត្រូវចូលទៅរកភិក្ខុនី​ទាំងឡាយ​ច្រើនរូប (២-៣រូប) ហើយ​ធ្វើ​ឧត្តរាសង្គឆៀងស្មាម្ខាង ហើយថ្វាយ​បង្គំ​ជើងភិក្ខុនីចាស់ៗ រួចអង្គុយច្រហោង ផ្គងអញ្ជលីឡើង ពោលយ៉ាងនេះថា បពិត្រ​លោកម្ចាស់ទាំងឡាយ បាត្ររបស់ខ្ញុំ​នេះកន្លងរាត្រី​ហើយ ជានិស្សគ្គិយ ខ្ញុំសូម​លះបាត្រនេះ​ដល់លោកម្ចាស់​ទាំងឡាយ។ លុះភិក្ខុនី​នោះ​លះបាត្រហើយ ត្រូវសំដែង​អាបត្តិចេញ។ ភិក្ខុនី​ដែលឆ្លាស ប្រតិពល គប្បីទទួល​អាបត្តិ។ ភិក្ខុនីទាំងឡាយ​​ត្រូវឲ្យបាត្រ​ដែលភិក្ខុនី​នោះលះហើយ​ ដោយពាក្យថា សូមលោកម្ចាស់​ទាំងឡាយ​ស្តាប់ខ្ញុំ បាត្រនេះរបស់​ភិក្ខុនី​ឈ្មោះនេះ ​ជានិស្សគ្គិយ ​បានលះដល់​លោកម្ចាស់​ទាំងឡាយហើយ។ បើការលះ​បង់នេះ​សមគួរ​ដល់​លោកម្ចាស់​ទាំងឡាយហើយ លោកម្ចាស់​ទាំងឡាយ​ត្រូវ​ឲ្យបាត្រ​នេះដល់​ភិក្ខុនី​ឈ្មោះ​នេះវិញ។

[៩៧] ភិក្ខុនី​នោះ​ត្រូវចូលទៅរកភិក្ខុនី១រូប ធ្វើឧត្តរាសង្គឆៀងស្មាម្ខាង ហើយ​អង្គុយ​ច្រហោង ផ្គងអញ្ជលីឡើង រួចពោលយ៉ាងនេះថា បពិត្រ​លោកម្ចាស់ បាត្ររបស់ខ្ញុំ​នេះកន្លងរាត្រី​ហើយ ជានិស្សគ្គិយ ខ្ញុំសូម​លះបាត្រនេះ​ដល់លោកម្ចាស់។ លុះភិក្ខុនី​នោះ​លះរួចហើយ ត្រូវសំដែង​អាបត្តិចេញ។ ភិក្ខុនី១រូបនោះ គប្បីទទួល​អាបត្តិ។ ភិក្ខុនី១រូប​​ត្រូវឲ្យបាត្រ​ដែលភិក្ខុនី​នោះ​លះហើយ ដោយពាក្យថា ខ្ញុំឲ្យបាត្រ​នេះដល់​លោកម្ចាស់វិញ។

[៩៨] បាត្រកន្លងរាត្រីហើយ ភិក្ខុនីសំគាល់ថា​កន្លងហើយ ត្រូវនិស្សគ្គិយបាចិត្តិយ។ បាត្រកន្លងរាត្រីហើយ ភិក្ខុនីមានសេចក្តី​សង្ស័យ ត្រូវនិស្សគ្គិយបាចិត្តិយ។ បាត្រកន្លងរាត្រីហើយ ភិក្ខុនីសំគាល់ថាមិនទាន់​កន្លងទេ ត្រូវនិស្សគ្គិយបាចិត្តិយ។ បាត្រមិនបានអធិដ្ឋានទេ ភិក្ខុនី​សំគាល់ថា​​អធិដ្ឋានហើយ ត្រូវនិស្សគ្គិយបាចិត្តិយ។ បាត្រមិនបានវិកប្បទេ ភិក្ខុនីសំគាល់ថា​វិកប្ប​ហើយ ត្រូវនិស្សគ្គិយបាចិត្តិយ។ បាត្រមិនបានលះទេ ភិក្ខុនីសំគាល់ថា​លះហើយ ត្រូវនិស្សគ្គិយ​បាចិត្តិយ។ បាត្រមិនបានខូចទេ ភិក្ខុនីសំគាល់ថាបាត្រខូចហើយ បាត្រ​មិនបានវិនាស​ទេ ភិក្ខុនី​សំគាល់ថា​វិនាសហើយ… បាត្រ​មិនបានបែក​ទេ ភិក្ខុនី​សំគាល់ថា​បែកហើយ… បាត្រ​ចោរមិនបាន​ដណ្តើមយក​ទេ ភិក្ខុនី​សំគាល់ថា​ចោរដណ្តើម​យកហើយ ត្រូវនិស្សគ្គិយបាចិត្តិយ។

[៩៩] ភិក្ខុនី​មិនលះបាត្រ​ដែលជានិស្សគ្គិយ ហើយប្រើប្រាស់ ត្រូវអាបត្តិ​ទុក្កដ។ បាត្រមិន​បានកន្លងរាត្រីទេ ភិក្ខុនីសំគាល់ថា​កន្លងហើយ ត្រូវអាបត្តិទុក្កដ។ បាត្រមិនបានកន្លងរាត្រីទេ ភិក្ខុនី​មានសេចក្តី​សង្ស័យ ត្រូវអាបត្តិទុក្កដ។ បាត្រមិនបានកន្លងរាត្រីទេ ភិក្ខុនីសំគាល់ថា​មិន​កន្លង​រាត្រីមែន មិនត្រូវអាបត្តិ។

[១០០] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន១០យ៉ាង) គឺ ភិក្ខុនី​អធិដ្ឋាន​ក្នុងអរុណ១ វិកប្ប​ទុកក្នុងអរុណ១ លះបង់ (បាត្រនោះ) ខាងក្នុង​អរុណ១ បាត្រខូច​ខាងក្នុង​អរុណ១ វិនាស​ខាងក្នុងអរុណ១ បែកខាង​ក្នុងអរុណ១ ពួកចោរ​ដណ្តើម​យកខាងក្នុង​អរុណ១ គេកាន់យក​ដោយវិស្សាសខាងក្នុង​អរុណ១ ភិក្ខុនីឆ្កួត១ ភិក្ខុនី​ជាខាងដើមបញ្ញត្តិ១។

[១០១] សម័យ​នោះឯង ភិក្ខុនីទាំងឡាយ​មានពួក៦ មិនឲ្យបាត្រ​ដែលភិក្ខុនី​ដទៃ​លះបង់​នោះវិញ។ ភិក្ខុទាំងឡាយ​ក្រាបទូលដំណើរ​នុ៎ះ​ចំពោះព្រះដ៏​មានព្រះភាគ។ ព្រះដ៏​មានព្រះភាគ​ទ្រង់​បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនី​មិនត្រូវ​មិនឲ្យបាត្រ​ដែលភិក្ខុនីដទៃ​លះបង់ហើយ​នោះទេ ភិក្ខុនី​ឯណា​មិនឲ្យ ភិក្ខុនី​នោះត្រូវ​អាបត្តិទុក្កដ។

(និស្សគ្គិយ បត្តវគ្គ) សិក្ខាបទ ទី២

(២. ទុតិយសិក្ខាបទំ)

[១០២] សម័យនោះ ព្រះពុទ្ធ​ដ៏មានព្រះភាគ គង់ក្នុងជេតវនារាម ​របស់​អនាថបិណ្ឌិក​​សេដ្ឋី​ទៀប​ក្រុង​សាវត្ថី។ ក៏សម័យនោះឯង ភិក្ខុនីទាំងឡាយ​ច្រើនរូប​នៅចាំវស្សា​ក្នុងអាវាស​ដែលតាំង​នៅស្រុកក្រៅ រួចហើយ​ក៏ដើរ​ទៅកាន់​ក្រុងសាវត្ថី ជាអ្នកមានវត្ត​ល្អ មានឥរិយាបថ​ល្អ តែមាន​សំពត់​អាក្រក់ មានចីវរ​សៅហ្មង។ ពួកឧបាសក​ឃើញ​ភិក្ខុនីទាំងឡាយ​នោះហើយ ក៏គិតគ្នា​ថា ភិក្ខុនី​ទាំងឡាយនេះ​បរិបូណ៌​ដោយវត្ត បរិបូណ៌​ដោយឥរិយាបថ តែមានសំពត់​អាក្រក់ មានចីវរ​សៅហ្មង ភិក្ខុនី​ទាំងនេះ ប្រហែលជា​ចោរ​ដណ្តើមយក​(ចីវរ)​ទេដឹង ហើយក៏បាន​ថ្វាយ​អកាលចីវរ​ដល់​ភិក្ខុនីសង្ឃ។ ថុល្លនន្ទាភិក្ខុនី​ក៏​អធិដ្ឋាន​ថា ពួកយើង​បានក្រាល​កឋិនហើយ សំពត់​នេះ​ជា​កាលចីវរ ហើយក៏​ប្រើគ្នា​ឲ្យចែក (អកាលចីវរនោះ)។ ពួកឧបាសក​បានឃើញ​ភិក្ខុនី​ទាំងឡាយ​នោះហើយ បានពោលពាក្យ​នេះថា លោកម្ចាស់​ទាំងឡាយ​បាន​ចីវរ​ហើយឬ។ ភិក្ខុនី​ទាំងឡាយ​នោះ​ឆ្លើយថា នែអាវុសោ ពួកយើង​មិនបាន​ចីវរទេ ថុល្លនន្ទា​ជាម្ចាស់​អធិដ្ឋាន​ថា យើង​បានក្រាល​កឋិនហើយ (សំពត់នេះ) ជាកាលចីវរ ក៏ប្រើគ្នាឲ្យចែក (អកាលចីវរនោះ)។ ឧបាសក​ទាំងឡាយ ក៏ពោល​ទោស តិះដៀល​ បន្តុះបង្អាប់ថា ថុល្លនន្ទាជាម្ចាស់​មិនសម​បើនឹង​អធិដ្ឋាន​អកាលចីវរ​ឲ្យ​ជាកាលចីវរ​ដូច្នេះ ហើយប្រើគ្នា​ឲ្យចែក (អកាលចីវរ​នោះ)សោះ។ ភិក្ខុនី​ទាំងឡាយ​បាន​ឮឧបាសក​ទាំងនោះកំពុងពោលទោស តិះដៀល បន្តុះបង្អាប់​ហើយ។ ភិក្ខុនី​ទាំងឡាយឯណា​មានសេចក្តី​ប្រាថ្នាតិច។បេ។ ភិក្ខុនី​ទាំងឡាយ​នោះ ក៏ពោលទោស តិះដៀល បន្តុះ​បង្អាប់​ថា ​ ថុល្លនន្ទា​ជាម្ចាស់​ មិនសម​បើនឹង​អធិដ្ឋាន​អកាលចីវរ​ឲ្យជាកាលចីវរ​ ហើយប្រើគ្នា​ឲ្យចែក​សោះ។ ទើបភិក្ខុនី​ទាំងនោះ​ប្រាប់ដំណើរនុ៎ះ​ដល់ភិក្ខុទាំងឡាយ។ ភិក្ខុទាំងឡាយ​ក្រាបទូល​ដំណើរនុ៎ះ​ចំពោះព្រះ​ដ៏មាន​ព្រះភាគ។បេ។ ទ្រង់ត្រាស់​សួរ​ថា ​ម្នាល​​ភិក្ខុ​​ទាំងឡាយ ឮ​ថាថុល្លនន្ទាភិក្ខុនី​អធិដ្ឋាន​អកាលចីវរ​ឲ្យជាកាលចីវរ ហើយប្រើគ្នា​ឲ្យចែក ពិត​មែន​ឬ។ ភិក្ខុ​ទាំងឡាយ​ក្រាប​ទូល​ថា បពិត្រ​ព្រះដ៏មាន​ព្រះភាគ ពិតមែន។ ព្រះពុទ្ធ​ដ៏​មានព្រះភាគ ទ្រង់បន្ទោស​ថា ម្នាល​ភិក្ខុ​ទាំងឡាយ ​ ថុល្លនន្ទាភិក្ខុនី ​មិនគួរ​បើនឹង​​អធិដ្ឋាន​អកាលចីវរ​ឲ្យជាកាលចីវរ ហើយប្រើគ្នា​ឲ្យចែកសោះ ម្នាល​ភិក្ខុ​ទាំងឡាយ អំពើ​ដែលថុល្លនន្ទា​ភិក្ខុនី​ធ្វើនេះ មិនមែននាំ​ឲ្យ​ជ្រះថ្លា​ដល់ជនទាំងឡាយ​ ​ដែល​មិន​ទាន់​ជ្រះថ្លា​ទេ។បេ។ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុនី​ទាំងឡាយ ចូរ​សំដែង​ឡើង​នូវសិក្ខាបទ​នេះ​យ៉ាងនេះ​ថា

ភិក្ខុនីណាមួយ ​អធិដ្ឋាន​អកាលចីវរ​ឲ្យជាកាលចីវរ​ ហើយប្រើគ្នា​ឲ្យចែក ​ភិក្ខុនីនោះ ត្រូវនិស្សគ្គិយបាចិត្តិយ។

[១០៣] ត្រង់ពាក្យថា ភិក្ខុនី​ណាមួយ មានសេចក្តី​អធិប្បាយ​ក្នុងសិក្ខាបទ​ទី១នៃ​បារាជិកកណ្ឌ​រួចហើយ។ ដែលហៅថា​អកាលចីវរ គឺកាល​បើភិក្ខុនី​មិនបាន​ក្រាលកឋិន ចីវរ​ដែលកើតឡើង​ក្នុង១១ខែ (គិតតាំងពី​១រោច​ខែកត្តិក ទៅដល់​១៥កើត​ខែ​អស្សុជ) កាលបើ​ភិក្ខុនី​បានក្រាល​កឋិន ចីវរ​ដែលកើតឡើង​ក្នុង៧ខែ (គិតតាំងពី​១រោច​ខែផល្គុន ទៅដល់​១៥កើត​ខែ​អស្សុជ) ចីវរនេះ បើទុកជាទាយក​ប្រគេនចំពោះ​ថា​ជាកាលចីវរ ក៏នៅ​តែហៅថា អកាលចីវរ​ដដែល។ ភិក្ខុនី​អធិដ្ឋាន​ជាកាលចីវរ​ហើយ ប្រើគ្នាឲ្យចែក ត្រូវអាបត្តិ​ទុក្កដ​រាល់ប្រយោគ ចីវរនោះ​ជានិស្សគ្គិយ​ក្នុងពេលដែល​បានមក ភិក្ខុនីត្រូវ​លះដល់សង្ឃ​ក៏បាន គណៈ​ក៏បាន ភិក្ខុនី​១រូប​ក៏បាន។ ម្នាលភិក្ខុទាំងឡាយ ឯចីវរនោះ​ត្រូវភិក្ខុនីលះ​យ៉ាងនេះ។បេ។ បពិត្រលោក​ជាម្ចាស់ ចីវរនេះ​ជាអកាលចីវរ ខ្ញុំអធិដ្ឋាន​ជាកាលចីវរហើយ​ប្រើគ្នាឲ្យចែក ជានិស្សគ្គិយ (ត្រូវតែលះ) ខ្ញុំ​សូមលះចីវរ​នេះដល់សង្ឃ (ពាក្យ​តពីនេះ​ទៅមានសេចក្តី​ដូចគ្នា​នឹងសិក្ខាបទ​ទី១​នៃ​និស្សគ្គិយ​កណ្ឌនេះហើយ)។

[១០៤] អកាលចីវរ ភិក្ខុនីសំគាល់ថា អកាលចីវរ ហើយអធិដ្ឋាន​ឲ្យជា​កាលចីវរ ហើយប្រើ​គ្នាឲ្យចែក ត្រូវនិស្សគ្គិយបាចិត្តិយ។ អកាលចីវរ ភិក្ខុនីមានសេចក្តី​សង្ស័យ ហើយអធិដ្ឋាន​ឲ្យជា​កាលចីវរ ហើយប្រើ​គ្នាឲ្យចែក ត្រូវនិស្សគ្គិយបាចិត្តិយ។ អកាលចីវរ ភិក្ខុនីសំគាល់ថា កាលចីវរ ហើយអធិដ្ឋាន​ឲ្យជា​កាលចីវរ ហើយប្រើ​គ្នាឲ្យចែក ត្រូវនិស្សគ្គិយបាចិត្តិយ។ កាលចីវរ ភិក្ខុនីសំគាល់ថា អកាលចីវរ ត្រូវអាបត្តិទុក្កដ។ កាលចីវរ ភិក្ខុនីមានសេចក្តី​សង្ស័យ ត្រូវអាបត្តិទុក្កដ។ កាលចីវរ ភិក្ខុនីសំគាល់ថា កាលចីវរ មិនត្រូវអាបត្តិ។

[១០៥] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៤យ៉ាង) គឺ អកាលចីវរ ភិក្ខុនី​សំគាល់​ថា​អកាលចីវរមែន ហើយប្រើគ្នា​ឲ្យចែក (អកាលចីវរ​នោះ)១ កាលចីវរ ភិក្ខុនី​សំគាល់​ថា​កាលចីវរមែន ហើយប្រើ​គ្នាឲ្យចែក​(កាលចីវរ​នោះ)១ ភិក្ខុនីឆ្កួត១ ភិក្ខុនី​ជាខាងដើមបញ្ញត្តិ១។

(និស្សគ្គិយ បត្តវគ្គ) សិក្ខាបទ ទី៣

(៣. តតិយសិក្ខាបទំ)

[១០៦] សម័យនោះ ព្រះពុទ្ធ​ដ៏មានព្រះភាគ គង់ក្នុងជេតវនារាម ​របស់​អនាថបិណ្ឌិក​​សេដ្ឋី​ទៀប​ក្រុង​សាវត្ថី។ គ្រានោះឯង ថុល្លនន្ទាភិក្ខុនី​ប្តូរចីវរ​នឹងភិក្ខុនី​មួយរូប ហើយប្រើប្រាស់ ទើបភិក្ខុនី​នោះបត់​ចីវរនោះ​ហើយទុកដាក់​ទៅ។ ថុល្លនន្ទាភិក្ខុនី បានពោលពាក្យ​នេះ​នឹងភិក្ខុនី​នោះថា បពិត្រ​លោកម្ចាស់ ចីវរដែល​លោកប្តូរ​នឹងខ្ញុំ ចីវរនោះ​នៅឯណា។ ឯភិក្ខុនី​នោះ​យកចីវរ​នោះចេញ​មកបង្ហាញ​ដល់ថុល្លនន្ទាភិក្ខុនី។ ថុល្លនន្ទាភិក្ខុនី​បានពោល​ពាក្យនេះ​នឹងភិក្ខុនី​នោះថា បពិត្រ​លោកម្ចាស់ លោកចូរយក​ចីវរ​របស់លោក​ទៅវិញចុះ លោកចូរឲ្យ​ចីវរនុ៎ះ​មកខ្ញុំ ចីវរ​ណារបស់​លោក ចីវរនោះ​ជារបស់​លោកដដែល ចីវរណា​របស់ខ្ញុំ ចីវរនោះ​ជារបស់​ខ្ញុំ​ដដែលវិញ លោក​ចូរឲ្យចីវរ​នោះ​មកខ្ញុំ លោកចូរនាំ​យកចីវរ​របស់លោក​ទៅវិញចុះ ហើយក៏​ដណ្តើម​យកទៅ។ ទើប​ភិក្ខុនី​នោះបានប្រាប់​ដំណើរ​នុ៎ះ​ដល់ភិក្ខុ​នីទាំងឡាយ។ ភិក្ខុនី​ទាំងឡាយណា​មានសេចក្តី​ប្រាថ្នាតិច។បេ។ ភិក្ខុនី​ទាំងឡាយ​នោះ ក៏ពោលទោស តិះដៀល បន្តុះ​បង្អាប់​ថា លោកម្ចាស់​ថុល្លនន្ទា​ មិនសម​បើមកប្តូរ​ចីវរ​នឹងភិក្ខុនី​ផងគ្នា ហើយដណ្តើម​យកទៅវិញ​សោះ។ ភិក្ខុនី​ទាំងឡាយ​នោះ​ប្រាប់ដំណើរនុ៎ះ​ដល់ភិក្ខុទាំងឡាយ​ក្នុងកាល​នោះឯង។ ភិក្ខុទាំងឡាយ​ក្រាបទូល​ដំណើរនុ៎ះ​ចំពោះព្រះ​ដ៏មានព្រះភាគ។បេ។ ទ្រង់ត្រាស់​សួរ​ថា ​ម្នាល​​ភិក្ខុ​​ទាំងឡាយ ឮ​ថាថុល្លនន្ទាភិក្ខុនី ប្តូរ​ចីវរ​នឹងភិក្ខុនី​ផងគ្នា ហើយដណ្តើម​យកទៅវិញ​ ពិត​មែន​ឬ។ ភិក្ខុ​ទាំងឡាយ​ក្រាប​ទូល​ថា បពិត្រ​ព្រះដ៏មាន​ព្រះភាគ ពិតមែន។ ព្រះពុទ្ធ​ដ៏​មានជោគ ទ្រង់បន្ទោស​ថា ម្នាល​ភិក្ខុ​ទាំងឡាយ ​ ថុល្លនន្ទាភិក្ខុនី ​មិនគួរ​បើ​មកប្តូរ​ចីវរ​នឹងភិក្ខុនី​ផងគ្នា ហើយដណ្តើម​យកទៅវិញទេ ម្នាល​ភិក្ខុ​ទាំងឡាយ អំពើនេះ មិនមែននាំ​ឲ្យ​ជ្រះថ្លា​ដល់ពួកជន​ ​ដែល​មិន​ទាន់​ជ្រះថ្លា​ទេ។បេ។ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុនី​ទាំងឡាយ ចូរ​សំដែង​ឡើង​នូវសិក្ខាបទ​នេះ​យ៉ាងនេះ​ថា

ភិក្ខុនីណាមួយ ប្តូរ​ចីវរ​នឹងភិក្ខុនី​ផងគ្នា ហើយភិក្ខុនី​នោះត្រឡប់​ពោលយ៉ាង​នេះ​ក្នុងកាល​ជាខាង​ក្រោយថា បពិត្រ​លោកម្ចាស់ ណ្ហើយចុះ លោកចូរយក​ចីវរ​របស់លោក​ទៅវិញចុះ លោកចូរឲ្យ​ចីវរនោះ​មកខ្ញុំវិញ ចីវរ​ណារបស់​លោក ចីវរនោះ​ជារបស់​លោកដដែល ចីវរណា​របស់ខ្ញុំ ចីវរនោះ​ជារបស់​ខ្ញុំ​ដដែលវិញ លោក​ចូរឲ្យចីវរ​នោះ​មកខ្ញុំ លោកចូរនាំ​យកចីវរ​របស់លោក​ទៅវិញចុះ (ហើយ)​ដណ្តើម​យកឯងក្តី ប្រើគេ​ឲ្យ​ដណ្តើម​យកក្តី ត្រូវនិស្សគ្គិយបាចិត្តិយ។

[១០៧] ត្រង់ពាក្យថា ភិក្ខុនី​ណាមួយ មានសេចក្តី​អធិប្បាយ​ក្នុងសិក្ខាបទ​ទី១នៃ​បារាជិកកណ្ឌ​រួចហើយ។ ពាក្យថា នឹងភិក្ខុនី​ផងគ្នា គឺមួយ​អន្លើ​ដោយភិក្ខុនី​ដទៃ។ ដែលហៅថា ចីវរ គឺចីវរ៦យ៉ាង ចីវរណាមួយ យ៉ាងតូច​បំផុត​ដែលគួរ​វិកប្បបាន។ ពាក្យថាប្តូរ គឺប្តូរ​នូវចីវរ​ថ្លៃ​ច្រើន​ដោយចីវរ​ថ្លៃតិច​ក្តី នូវចីវរ​ថ្លៃ​តិច​ដោយចីវរ​ថ្លៃ​ច្រើន​ក្តី។ ពាក្យថា​ដណ្តើម​យកឯង គឺ​ភិក្ខុនី​ដណ្តើម​ខ្លួនឯង ចីវរនោះ​ជានិស្សគ្គិយ។ ពាក្យថា ប្រើគេឲ្យ​ដណ្តើម​យក គឺភិក្ខុនី​បង្គាប់​អ្នកដទៃ ត្រូវ​អាបត្តិ​ទុក្កដ ភិក្ខុនី​បង្គាប់​តែម្តង អ្នកទទួល​បង្គាប់​ដណ្តើម​ច្រើនដង ចីវរនោះ​ជានិស្សគ្គិយ ភិក្ខុនី​នោះត្រូវ​​លះដល់សង្ឃ​ក៏បាន គណៈ​ក៏បាន ដល់ភិក្ខុនី​១រូប​ក៏បាន។ ម្នាលភិក្ខុទាំងឡាយ ចីវរនោះ​ភិក្ខុនីត្រូវលះ​យ៉ាងនេះ។បេ។ បពិត្រលោក​ម្ចាស់ ចីវរនេះ ខ្ញុំប្តូរ​នឹងភិក្ខុនី​ផងគ្នា ហើយ​ដណ្តើម​យកមក​វិញ ជានិស្សគ្គិយ (ត្រូវតែលះ) ខ្ញុំ​សូមលះចីវរ​នេះដល់សង្ឃ។ (ពាក្យ​តពីនេះ​ទៅ​ មានសេចក្តី​ដូចគ្នា​នឹងសិក្ខាបទ​ទី១​នៃ​និស្សគ្គិយ​កណ្ឌនេះហើយ)។

[១០៨] ឧបសម្បន្នា​14) ភិក្ខុនីសំគាល់ថា ឧបសម្បន្នា ប្តូរចីវរ​ ហើយដណ្តើម​យកឯងក្តី ប្រើគេ​ឲ្យដណ្តើម​យកក្តី ត្រូវនិស្សគ្គិយបាចិត្តិយ។ ឧបសម្បន្នា​ ភិក្ខុនី​មានសេចក្តី​សង្ស័យ ប្តូរចីវរ​ ហើយដណ្តើម​យកឯងក្តី ប្រើគេ​ឲ្យដណ្តើម​យកក្តី ត្រូវនិស្សគ្គិយបាចិត្តិយ។ ឧបសម្បន្នា ភិក្ខុនីសំគាល់ថា មិនមែន​ឧបសម្បន្នា ប្តូរចីវរ​ ហើយដណ្តើម​យកឯងក្តី ប្រើគេ​ឲ្យដណ្តើម​យកក្តី ត្រូវនិស្សគ្គិយបាចិត្តិយ។ ភិក្ខុនី​ប្តូរ​បរិក្ខាដទៃ ហើយដណ្តើម​យកឯងក្តី ប្រើគេឲ្យ​ដណ្តើម​យកក្តី ត្រូវ​អាបត្តិ​ទុក្កដ។ ភិក្ខុនី​ប្តូរ​ចីវរក្តី បរិក្ខារដទៃក្តី នឹងអនុបសម្បន្នា ហើយដណ្តើម​យកឯងក្តី ប្រើគេឲ្យដណ្តើម​យកក្តី ត្រូវអាបត្តិ​ទុក្កដ។ អនុបសម្បន្នា ភិក្ខុនី​សំគាល់ថា ឧបសម្បន្នា ត្រូវអាបត្តិ​ទុក្កដ។ អនុបសម្បន្នា ភិក្ខុនីមានសេចក្តី​សង្ស័យ ត្រូវអាបត្តិ​ទុក្កដ។ អនុបសម្បន្នា ភិក្ខុនី​សំគាល់ថា អនុបសម្បន្នា ត្រូវអាបត្តិ​ទុក្កដ។

[១០៩] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៤យ៉ាង) គឺ ភិក្ខុនី (ដែល​ទទួល​ប្តូរ) នោះឲ្យវិញ១ ភិក្ខុនី​(ជាអ្នកប្តូរ)​ស្និទ្ធស្នាល​នឹងភិក្ខុនី​(ជាអ្នក​ទទួល​ប្តូរ)​នោះ កាន់យកទៅ១ ភិក្ខុនីឆ្កួត១ ភិក្ខុនី​ជាខាងដើមបញ្ញត្តិ១។

(និស្សគ្គិយ បត្តវគ្គ) សិក្ខាបទ ទី៤

(៤. ចតុត្ថសិក្ខាបទំ)

[១១០] សម័យនោះ ព្រះពុទ្ធ​ដ៏មានព្រះភាគ គង់ក្នុងជេតវនារាម ​របស់​អនាថបិណ្ឌិក​​សេដ្ឋី​ទៀប​ក្រុង​សាវត្ថី។ គ្រានោះឯង ថុល្លនន្ទាភិក្ខុនី​មានជម្ងឺ។ លំដាប់នោះ ឧបាសកម្នាក់​ចូលទៅរក​ថុល្លនន្ទាភិក្ខុនី​ដែល​នៅក្នុងទីនោះ លុះចូល​ទៅជិតហើយ បានពោលពាក្យ​នេះនឹង​ថុល្លនន្ទា​ភិក្ខុនី​ថា បពិត្រលោកម្ចាស់ សេចក្តី​មិនសប្បាយ​កើតមាន​ដល់លោកឬ លោកម្ចាស់​ឲ្យខ្ញុំ​រករបស់​អ្វី​មក។ ថុល្លនន្ទាភិក្ខុនី​និយាយ​ថា នែអាវុសោ អាត្មា​ត្រូវការដោយ​ទឹកដោះរាវ។ ទើបឧបាសក​នោះនាំយក​ទឹកដោះរាវ​មានដំឡៃ​១កហាបណៈ​អំពីផ្ទះ​អ្នកផ្សារម្នាក់ ហើយ​បានប្រគេន​ដល់ថុល្លនន្ទាភិក្ខុនី។ ថុល្លនន្ទាភិក្ខុនី​បាននិយាយ​យ៉ាងនេះថា នែអាវុសោ អាត្មា​មិនត្រូវការ​ដោយទឹក​ដោះរាវទេ អាត្មា​ត្រូវការ​ដោយប្រេងវិញ។ ទើប​ឧបាសក​នោះចូល​ទៅរក​អ្នកផ្សារ​នោះ លុះចូល​ទៅដល់ហើយ បាន​និយាយ​ពាក្យនេះ​នឹង​អ្នកផ្សារ​នោះថា នែ​អ្នកម្ចាស់ ឮថា​លោកម្ចាស់​មិនត្រូវ​ការដោយ​ទឹកដោះ​រាវ​ទេ ត្រូវការ​តែប្រេង អ្នកចូរយក​ទឹកដោះរាវ​របស់អ្នក​ទៅវិញចុះ ចូរឲ្យ​ប្រេង​ដល់ខ្ញុំវិញ។ អ្នកផ្សារ​ឆ្លើយថា នែ​អ្នកម្ចាស់ បើយើង​នឹងទទួល​របស់ដែល​យើងលក់​ទៅហើយ​យកមកវិញ កាលណា​យើង​នឹង​លក់របស់​ដាច់ អ្នកនាំយក​ទឹកដោះរាវ​ទៅ​ដោយដម្លៃ​ទិញ​ទឹកដោះរាវ​ហើយ ចូរអ្នក​នាំដម្លៃ​ទិញប្រេងមក ទើបនឹង​នាំយកប្រេង​ទៅបាន។ ឧបាសក​នោះក៏ពោលទោស តិះដៀល បន្តុះបង្អាប់​ថា លោកម្ចាស់​ថុល្លនន្ទា​ មិនសមបើ​នឹងសុំ​របស់ដទៃ ហើយសុំ​របស់ឯទៀត​សោះ។ ភិក្ខុនី​ទាំងឡាយ​បានឮឧបាសក​នោះកំពុងពោល​ទោស តិះដៀល បន្តុះបង្អាប់​ហើយ។ ភិក្ខុនី​ទាំងឡាយ​ឯណា​មានសេចក្តី​ប្រាថ្នាតិច។បេ។ ភិក្ខុនី​ទាំងឡាយ​នោះ ពោលទោស តិះដៀល បន្តុះ​បង្អាប់​ថា លោកម្ចាស់​ថុល្លនន្ទា​ មិនសម​បើនឹងសុំ​របស់ដទៃ ហើយសុំ​របស់ឯទៀតវិញសោះ។ ទើបភិក្ខុនី​ទាំងឡាយ​នោះ​ប្រាប់ដំណើរនុ៎ះ​ដល់ភិក្ខុទាំងឡាយ​។ ភិក្ខុទាំងឡាយ​ក្រាបទូល​ដំណើរនុ៎ះ​ចំពោះព្រះ​ដ៏មានព្រះភាគ។បេ។ ទ្រង់ត្រាស់​សួរ​ថា ​ម្នាល​​ភិក្ខុ​​ទាំងឡាយ ឮ​ថាថុល្លនន្ទាភិក្ខុនី សុំ​របស់ដទៃ ហើយសុំ​របស់ឯទៀតវិញ ពិត​មែន​ឬ។ ភិក្ខុ​ទាំងឡាយ​ក្រាប​ទូល​ថា បពិត្រ​ព្រះដ៏មាន​ព្រះភាគ ពិតមែន។ ព្រះពុទ្ធ​ដ៏​មានព្រះភាគ ទ្រង់បន្ទោស​ថា ម្នាល​ភិក្ខុ​ទាំងឡាយ ថុល្លនន្ទាភិក្ខុនី ​មិនគួរ​បើនឹងសុំ​របស់ដទៃ ហើយសុំ​របស់ឯទៀត​វិញសោះ ម្នាល​ភិក្ខុ​ទាំងឡាយ អំពើនេះ មិន​នាំ​ឲ្យ​ជ្រះថ្លា​ដល់ពួកជន​ ​ដែល​មិន​ទាន់​ជ្រះថ្លា​ទេ។បេ។ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុនី​ទាំងឡាយ ចូរ​សំដែង​ឡើង​នូវសិក្ខាបទ​នេះ​យ៉ាងនេះ​ថា

ភិក្ខុនីណាមួយ សុំ​របស់ដទៃ ហើយសុំ​របស់ឯទៀត​វិញ ភិក្ខុនីនោះ ត្រូវនិស្សគ្គិយបាចិត្តិយ។

[១១១] ត្រង់ពាក្យថា ភិក្ខុនី​ណាមួយ មានសេចក្តី​អធិប្បាយ​ក្នុងសិក្ខាបទ​ទី១នៃ​បារាជិកកណ្ឌ​រួចហើយ។ ពាក្យថា សុំ​របស់ដទៃ គឺ​បានសុំ​របស់ណាមួយ​រួចហើយ។ ពាក្យថា សុំ​របស់ឯទៀតវិញ គឺភិក្ខុនីវៀរ​លែង​របស់​ដែលសុំនោះ ហើយសុំ​របស់ឯទៀត​វិញ ត្រូវ​ទុក្កដ​ក្នុង​ប្រយោគ​សុំ របស់នោះជានិស្សគ្គិយ​ក្នុងខណៈ​ដែល​បានមក ភិក្ខុនីត្រូវ​​លះរបស់​នោះ​ដល់សង្ឃ​ក៏បាន គណៈ​ក៏បាន ដល់ភិក្ខុនី​១រូប​ក៏បាន។ ម្នាលភិក្ខុទាំងឡាយ ​ភិក្ខុនីត្រូវលះ​យ៉ាងនេះ។បេ។ បពិត្រលោក​ម្ចាស់ របស់ដទៃ​នេះ ខ្ញុំសុំ​ហើយ ខ្ញុំទៅសុំ​របស់ឯទៀតវិញ ជានិស្សគ្គិយ ខ្ញុំ​សូមលះ​របស់​​នេះដល់សង្ឃ។ (ពាក្យ​តពីនេះ​ទៅ​ មានសេចក្តី​ដូចគ្នា​នឹងសិក្ខាបទ​ទី១​នៃ​និស្សគ្គិយ​កណ្ឌនេះហើយ)។

[១១២] របស់​ដទៃ ភិក្ខុនីសំគាល់ថា របស់ដទៃ ហើយសុំរបស់​ដទៃថែមទៀត ត្រូវនិស្សគ្គិយបាចិត្តិយ។ របស់​ដទៃ ភិក្ខុនីមានសេចក្តី​សង្ស័យ ហើយសុំរបស់​ដទៃថែមទៀត ត្រូវនិស្សគ្គិយបាចិត្តិយ។ របស់​ដទៃ ភិក្ខុនីសំគាល់ថា មិនមែនរបស់ដទៃ ហើយសុំរបស់​ដទៃថែមទៀត ត្រូវនិស្សគ្គិយបាចិត្តិយ។ មិនមែន​របស់​ដទៃ ភិក្ខុនីសំគាល់ថា របស់ដទៃ ហើយសុំរបស់​មិនមែន​ដទៃ ត្រូវអាបត្តិទុក្កដ។ មិនមែន​របស់​ដទៃ ភិក្ខុនីមានសេចក្តី​សង្ស័យ ហើយសុំរបស់​មិនមែន​ដទៃ ត្រូវអាបត្តិទុក្កដ។ មិនមែន​របស់​ដទៃ ភិក្ខុនីសំគាល់ថា មិនមែន​របស់​ដទៃ មិនត្រូវអាបត្តិ។

[១១៣] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៥យ៉ាង) គឺ ភិក្ខុនី (សុំរបស់​ណាមុន​ហើយ របស់នោះ​តិចពេក មិនល្មម) សុំរបស់នោះ​ដដែល (ថែមទៀត)១ ភិក្ខុនី​ (សុំរបស់​អ្វីម្យ៉ាង​ហើយ) សុំរបស់ដទៃ (ទៀតព្រោះ​ត្រូវផ្សំថ្នាំ​ខានមិនបាន)១ ភិក្ខុនី​សំដែង​អានិសង្ស​ហើយសុំ (ពន្យល់​របស់មួយ ថាថោកជាង​របស់មួយ ហើយសុំ​របស់​ថោកនោះ)១ ភិក្ខុនីឆ្កួត១ ភិក្ខុនី​ជាខាងដើមបញ្ញត្តិ១។

(និស្សគ្គិយ បត្តវគ្គ) សិក្ខាបទ ទី៥

(៥. បញ្ចមសិក្ខាបទំ)

[១១៤] សម័យនោះ ព្រះពុទ្ធ​ដ៏មានព្រះភាគ គង់ក្នុងជេតវនារាម ​របស់​អនាថបិណ្ឌិក​​សេដ្ឋី​ទៀប​ក្រុង​សាវត្ថី។ គ្រានោះឯង ថុល្លនន្ទាភិក្ខុនី​មានជម្ងឺ។ ឧបាសកម្នាក់​ចូលទៅ​រក​ថុល្លនន្ទាភិក្ខុនី​ក្នុងវេលានោះ លុះចូល​ទៅជិត​ហើយ បាននិយាយ​ពាក្យ​នេះនឹង​ថុល្លនន្ទា​ភិក្ខុនី​ថា បពិត្រលោកម្ចាស់ លោកម្ចាស់​អាចអត់​ទ្រាំ​សេចក្តីទុក្ខ​បានឬទេ លោកម្ចាស់អាច​ញុំាង​ឥរិយាបថ​ឲ្យប្រព្រឹត្ត​ទៅបានឬទេ។ ថុល្លនន្ទាភិក្ខុនី​ឆ្លើយ​ថា នែអាវុសោ អាត្មាមិនអាច​អត់ទ្រាំ​សេចក្តី​ទុក្ខ​បានទេ មិនអាច​ញុំាង​ឥរិយាបថ​ឲ្យ​ប្រព្រឹត្ត​ទៅបានទេ។ ឧបាសក​នោះនិយាយ​ថា បពិត្រ​លោកម្ចាស់ ខ្ញុំនឹងទុក​កហាបណៈ​ក្នុងផ្ទះ​អ្នកផ្សារ​ឯណោះ លោកត្រូវការ​របស់ណា លោកគប្បី​ឲ្យបុគ្គល​ណាមួយ​ទៅនាំ​យករបស់​នោះអំពី​ផ្ទះ​នោះមកចុះ។ ថុល្លនន្ទាភិក្ខុនី​​បង្គាប់​សិក្ខមានា១រូបថា នែសិក្ខមានា នាងចូរ​ទៅនាំយកប្រេង១កហាបណៈ​អំពី​ផ្ទះ​អ្នកផ្សារ​ឯណោះមក។ ទើបនាង​សិក្ខមានា​នោះទៅនាំ​យកប្រេង១កហាបណៈ​អំពីផ្ទះ​អ្នកផ្សារនោះ​មកប្រគេនថុល្លនន្ទាភិក្ខុនី។ ថុល្លនន្ទា​ភិក្ខុនី​បានពោល​យ៉ាងនេះថា នែសិក្ខមានា យើងមិនត្រូវ​ការនឹង​ប្រេងទេ យើងត្រូវការតែទឹក​ដោះរាវ។ ឯសិក្ខមានានោះ ចូលទៅរក​អ្នកផ្សារ​នោះ លុះចូល​ទៅហើយ បានពោល​ពាក្យនេះ​នឹង​អ្នកផ្សារ​នោះថា នែអាវុសោ ឮថា​លោកម្ចាស់​មិនត្រូវ​ការ​នឹងប្រេងទេ ត្រូវការ​តែទឹកដោះរាវ ហ៏អ្នកចូរ​យកប្រេង​របស់អ្នក​ទៅចុះ ចូរឲ្យ​ទឹកដោះ​រាវ​មក​ខ្ញុំវិញ។ អ្នកផ្សារនោះ​និយាយ​ថា បពិត្រលោកម្ចាស់ បើខ្ញុំករុណា​នឹងទទួល​យក​របស់ដែល​លក់​ទៅហើយ​មកវិញ កាលណាខ្ញុំករុណា​នឹង​លក់របស់​ដាច់ លោកនាំយកប្រេងតាមដំឡៃ​របស់​ប្រេង​ទៅ ហើយលោកចូរ​នាំយកដំឡៃ​​ទិញទឹកដោះរាវមក (ទៀត) ទើបលោក​នាំយកទឹកដោះរាវ​​ទៅបាន។ សិក្ខមានា​នោះក៏ឈរយំ។ ភិក្ខុនី​ទាំងឡាយ​បាន​ពោលពាក្យ​នេះនឹង​សិក្ខមានា​នោះថា នែសិក្ខមានា ហេតុអ្វី​ក៏នាងយំ។ ទើបសិក្ខមានា​នោះប្រាប់​ដំណើរនុ៎ះ​ដល់ភិក្ខុនី​ទាំងឡាយ។ ភិក្ខុនី​ទាំងឡាយ​ណា​មានសេចក្តី​ប្រាថ្នាតិច។បេ។ ភិក្ខុនី​ទាំងឡាយ​នោះ ក៏ពោលទោស តិះដៀល បន្តុះ​បង្អាប់​ថា លោកម្ចាស់​ថុល្លនន្ទា​ មិនសម​បើនឹងឲ្យគេទិញ​​របស់ដទៃ ហើយត្រឡប់ឲ្យ​គេទិញ​​របស់ឯទៀតសោះ។បេ។ ព្រះដ៏មានព្រះភាគ​ត្រាស់​សួរ​ថា ​ម្នាល​​ភិក្ខុ​​ទាំងឡាយ ឮ​ថាថុល្លនន្ទា​ភិក្ខុនីឲ្យគេ​ទិញ​​របស់ដទៃ ហើយត្រឡប់​ឲ្យគេទិញ​​របស់ឯទៀតវិញ ពិត​មែន​ឬ។ ភិក្ខុ​ទាំងឡាយ​ក្រាប​ទូល​ថា បពិត្រ​ព្រះដ៏មាន​ព្រះភាគ ពិតមែន។ ព្រះពុទ្ធ​ដ៏​មានព្រះភាគ ទ្រង់បន្ទោស​ថា ម្នាល​ភិក្ខុ​ទាំងឡាយ ថុល្លនន្ទាភិក្ខុនី ​មិនគួរ​បើនឹងឲ្យគេទិញ​របស់ដទៃហើយ ត្រឡប់​ឲ្យគេ​ទិញ​​របស់ឯទៀត​សោះ ម្នាល​ភិក្ខុ​ទាំងឡាយ អំពើនេះ មិនមែននាំ​ឲ្យ​ជ្រះថ្លា​ដល់ពួកជន​ ​ដែល​មិន​ទាន់​ជ្រះថ្លា​ទេ។បេ។ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុនី​ទាំងឡាយ ចូរ​សំដែង​ឡើង​នូវសិក្ខាបទ​នេះ​យ៉ាងនេះ​ថា

ភិក្ខុនីណាមួយ ឲ្យគេ​ទិញ​​របស់ដទៃហើយ ត្រឡប់​ឲ្យគេ​ទិញ​​របស់ឯទៀត​វិញ ត្រូវ​និស្សគ្គិយបាចិត្តិយ។

[១១៥] ត្រង់ពាក្យថា ភិក្ខុនី​ណាមួយ មាន​អធិប្បាយ​ក្នុងសិក្ខាបទ​ទី១នៃ​បារាជិកកណ្ឌ​រួចហើយ។ ពាក្យថា ឲ្យគេទិញ​​របស់ដទៃហើយ គឺឲ្យគេទិញ​​របស់ណាមួយ​ហើយ។ ពាក្យថា ត្រឡប់ឲ្យគេ​ទិញ​របស់ឯទៀតវិញ គឺភិក្ខុនីមិនឲ្យ​គេទិញ​របស់នោះ ហើយឲ្យគេ​ទិញ​​របស់ដទៃ​វិញ ត្រូវ​អាបត្តិទុក្កដ​ក្នុង​ប្រយោគដែលឲ្យគេទិញ របស់នោះជានិស្សគ្គិយ​ក្នុងខណៈ​ដែល​បានមក ភិក្ខុនីត្រូវ​​លះរបស់​នោះ​ដល់សង្ឃ​ក៏បាន គណៈ​ក៏បាន ដល់ភិក្ខុនី​១រូប​ក៏បាន។ ម្នាលភិក្ខុ​ទាំងឡាយ ​ភិក្ខុនីត្រូវលះ​យ៉ាងនេះ។បេ។ បពិត្រលោក​ម្ចាស់ របស់ដទៃ​នេះ ខ្ញុំឲ្យ​គេទិញ​រួច​ហើយ ត្រឡប់ឲ្យ​គេទិញ​របស់ដទៃវិញទៀត ជានិស្សគ្គិយ ខ្ញុំ​សូមលះ​របស់​​នេះដល់សង្ឃ។ (ពាក្យ​តពីនេះ​ទៅ​ មានសេចក្តី​ដូចគ្នា​នឹងសិក្ខាបទ​ទី១​នៃ​និស្សគ្គិយ​កណ្ឌនេះហើយ)។

[១១៦] របស់​ដទៃ ភិក្ខុនីសំគាល់ថារបស់ដទៃ ហើយឲ្យគេ​ទិញ​របស់​ឯទៀតវិញ ត្រូវនិស្សគ្គិយបាចិត្តិយ។ របស់​ដទៃ ភិក្ខុនីមានសេចក្តី​សង្ស័យ ហើយឲ្យគេទិញ​របស់​ឯទៀតវិញ ត្រូវនិស្សគ្គិយបាចិត្តិយ។ របស់​ដទៃ ភិក្ខុនីសំគាល់ថា មិនមែនរបស់ដទៃ ហើយឲ្យ​គេទិញ​របស់​ឯទៀតវិញ ត្រូវនិស្សគ្គិយបាចិត្តិយ។ មិនមែន​របស់​ដទៃ ភិក្ខុនីសំគាល់ថារបស់ដទៃ ត្រូវអាបត្តិទុក្កដ។ មិនមែន​របស់​ដទៃ ភិក្ខុនីមានសេចក្តី​សង្ស័យ ត្រូវអាបត្តិទុក្កដ។ មិនមែន​របស់​ដទៃ ភិក្ខុនីសំគាល់ថា មិនមែន​របស់​ដទៃ មិនត្រូវអាបត្តិ។

[១១៧] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៥យ៉ាង) គឺ ភិក្ខុនី (ឲ្យគេទិញរបស់​ណាមុន​ហើយ របស់នោះ​តិចពេក មិនល្មម) ហើយឲ្យ​គេទិញរបស់នោះ​ដដែល (ថែមទៀត)១ ភិក្ខុនី​ (ឲ្យ​គេទិញ​របស់​អ្វីម្យ៉ាងមុន​ហើយ) ឲ្យគេទិញ​របស់មួយដទៃទៀត ដោយត្រូវការ​ផ្សំថ្នាំជាដើម១​ ភិក្ខុនី​សំដែង​អានិសង្ស​ហើយឲ្យ​គេទិញ១ ភិក្ខុនីឆ្កួត១ ភិក្ខុនី​ជាខាងដើមបញ្ញត្តិ១។

(និស្សគ្គិយ បត្តវគ្គ) សិក្ខាបទ ទី៦

(៦. ឆដ្ឋសិក្ខាបទំ)

[១១៨] សម័យនោះ ព្រះពុទ្ធ​ដ៏មានព្រះភាគ គង់ក្នុងជេតវនារាម ​របស់​អនាថបិណ្ឌិក​​សេដ្ឋី​ទៀប​ក្រុង​សាវត្ថី។ សម័យនោះឯង ឧបាសកទាំងឡាយ​ប្រមូល​បរិក្ខារ​ដែលរៃ​បានមក ដើម្បី​ប្រយោជន៍​ចាត់ចែង​ចីវរ​ដល់ភិក្ខុនីសង្ឃ ហើយផ្ញើទុក​បរិក្ខារ​(នោះ)​ក្នុងផ្ទះ​អ្នកលក់​សំពត់បាវារ​ម្នាក់ ហើយចូលទៅរក​ភិក្ខុនី​ទាំងឡាយ រួច​ពោលពាក្យ​នេះថា បពិត្រលោកម្ចាស់​ទាំងឡាយ យើងផ្ញើទុកបរិក្ខារ​ប្រយោជន៍​ដើម្បីចាត់ចែង​ចីវរក្នុង​ផ្ទះ​អ្នកលក់​សំពត់បាវារ​ឯណោះហើយ ចូរ លោកទាំងឡាយ​ឲ្យគេនាំចីវរ​អំពី​ផ្ទះ​នោះមក​ចែកគ្នាចុះ។ ភិក្ខុនី​ទាំងឡាយ​ឲ្យគេ​ទិញ​ភេសជ្ជៈ​ខ្លួនឯង ដោយបរិក្ខារ​នោះ ហើយបរិភោគ។ ឧបាសក​ទាំងឡាយ​ដឹងហើយ ក៏ពោលទោស តិះដៀល បន្តុះ​បង្អាប់​ថា ភិក្ខុនី​ទាំងឡាយ​មិនសម​បើនឹងឲ្យគេ​ទិញ​របស់ដទៃ ដោយបរិក្ខារ​ដែល​ទាយកប្រគេន​ដើម្បីប្រយោជន៍​វត្ថុដទៃ គេឧទ្ទិស​ដើម្បីវត្ថុដទៃ​ជារបស់សង្ឃសោះ។ ភិក្ខុនី​ទាំងឡាយ​បានឮ​ឧបាសក​ទាំងឡាយនោះ​ពោលទោស តិះដៀល បន្តុះបង្អាប់​ហើយ។ ភិក្ខុនី​ទាំងឡាយ​ណា​មានសេចក្តី​ប្រាថ្នាតិច។បេ។ ភិក្ខុនី​ទាំងឡាយ​នោះ ក៏ពោលទោស តិះដៀល បន្តុះ​បង្អាប់​ថា ភិក្ខុនី​ទាំងឡាយ​មិនសម​បើនឹងឲ្យគេ​ទិញ​របស់ដទៃ ដោយបរិក្ខារ​ដែល​ទាយកប្រគេន​ដើម្បីប្រយោជន៍​វត្ថុដទៃ គេឧទ្ទិស​ដើម្បីវត្ថុដទៃ​ ជារបស់សង្ឃសោះ។បេ។ ទ្រង់ត្រាស់​សួរ​ថា ​ម្នាល​​ភិក្ខុ​​ទាំងឡាយ ឮ​ថាភិក្ខុនី​ទាំងឡាយឲ្យគេ​ទិញ​របស់ដទៃ ដោយបរិក្ខារ​ដែល​ទាយកប្រគេន​ដើម្បីប្រយោជន៍​វត្ថុដទៃ គេឧទ្ទិស​ដើម្បីវត្ថុដទៃ​ ជារបស់សង្ឃ ពិត​មែន​ឬ។ ភិក្ខុ​ទាំងឡាយ​ក្រាប​ទូល​ថា បពិត្រ​ព្រះដ៏មាន​ព្រះភាគ ពិតមែន។ ព្រះសម្ពុទ្ធ​ដ៏​មានព្រះភាគ ទ្រង់បន្ទោស​ថា ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុនី​ទាំងឡាយ​មិនសម​បើនឹងឲ្យគេ​ទិញ​របស់ដទៃ ដោយបរិក្ខារ​ដែល​គេឲ្យ​ដើម្បី​ប្រយោជន៍​វត្ថុដទៃ គេឧទ្ទិស​ដើម្បីវត្ថុដទៃ​ជារបស់សង្ឃទេ ម្នាល​ភិក្ខុ​ទាំងឡាយ អំពើនេះ មិននាំ​ឲ្យ​ជ្រះថ្លា​ដល់ពួកជន​ ​ដែល​មិន​ទាន់​ជ្រះថ្លា​ទេ។បេ។ ម្នាល​ភិក្ខុទាំងឡាយ ចូរភិក្ខុនី​ទាំងឡាយ ​សំដែង​ឡើង​នូវសិក្ខាបទ​នេះ​យ៉ាងនេះ​ថា

ភិក្ខុនីណាមួយ ឲ្យគេ​ទិញ​របស់ដទៃ ដោយបរិក្ខារ​ដែល​ទាយកប្រគេន​ដើម្បីប្រយោជន៍​វត្ថុដទៃ គេឧទ្ទិស​ដើម្បីវត្ថុដទៃ​ ជារបស់សង្ឃ ត្រូវ​និស្សគ្គិយបាចិត្តិយ។

[១១៩] ត្រង់ពាក្យថា ភិក្ខុនី​ណាមួយ មាន​អធិប្បាយ​ក្នុងសិក្ខាបទ​ទី១នៃ​បារាជិកកណ្ឌ​រួចហើយ។ ពាក្យថា ដោយបរិក្ខារ​ដែល​ទាយកប្រគេន​ដើម្បីប្រយោជន៍​វត្ថុដទៃ គេឧទ្ទិស​ដើម្បីវត្ថុដទៃ គឺទាយក​គេឲ្យដើម្បី​វត្ថុដទៃ។ ពាក្យថា ​ជារបស់សង្ឃ គឺទាយក​ប្រគេន​ចំពោះតែ​សង្ឃ មិនចំពោះ​គណៈ មិនចំពោះ​ភិក្ខុនី១រូប​ទេ។ ពាក្យថា ឲ្យគេទិញ​​របស់ដទៃ គឺរបស់​ដែល​ទាយក​ឲ្យ​ដើម្បី​ប្រយោជន៍​វត្ថុណា ហើយភិក្ខុនី​វៀរលែង​វត្ថុនោះ ឲ្យគេទិញ​​របស់ដទៃ​វិញ ត្រូវ​អាបត្តិទុក្កដ​ក្នុង​ប្រយោគដែលឲ្យទិញ របស់នោះជានិស្សគ្គិយ​ក្នុងខណៈ​ដែល​បានមក ភិក្ខុនីត្រូវ​​លះរបស់​នោះ​ដល់សង្ឃ​ក៏បាន គណៈ​ក៏បាន ភិក្ខុនី​១រូប​ក៏បាន។ ម្នាលភិក្ខុទាំងឡាយ ​ភិក្ខុនី​ត្រូវលះ​វត្ថុនោះ​យ៉ាងនេះ។បេ។ បពិត្រលោក​ម្ចាស់ វត្ថុដទៃ​នេះ ខ្ញុំឲ្យ​គេទិញដោយបរិក្ខារ​ដែល​ទាយក​គេឲ្យ​ដើម្បី​ប្រយោជន៍​វត្ថុដទៃ ឲ្យចំពោះ​វត្ថុដទៃ ជារបស់សង្ឃ (របស់នេះ) ជានិស្សគ្គិយ ខ្ញុំ​សូមលះ​វត្ថុ​​នេះដល់សង្ឃ។ (ពាក្យ​តពីនេះ​ទៅ​ មានសេចក្តី​ដូចគ្នា​នឹងសិក្ខាបទ​ទី១​នៃ​និស្សគ្គិយ​កណ្ឌនេះ)។

[១២០] របស់គេឲ្យ​ដើម្បី​ប្រយោជន៍​វត្ថុ​ដទៃ ភិក្ខុនីសំគាល់ថារបស់គេឲ្យ​ដើម្បី​ប្រយោជន៍​វត្ថុ​ដទៃ ហើយឲ្យគេ​ទិញវត្ថុដទៃវិញ ត្រូវនិស្សគ្គិយបាចិត្តិយ។ របស់គេឲ្យ​ដើម្បី​ប្រយោជន៍​វត្ថុ​ដទៃ ភិក្ខុនីមានសេចក្តី​សង្ស័យ ហើយឲ្យគេ​ទិញវត្ថុដទៃវិញ ត្រូវនិស្សគ្គិយបាចិត្តិយ។ របស់គេឲ្យ​ដើម្បី​ប្រយោជន៍​វត្ថុ​ដទៃ ភិក្ខុនីសំគាល់ថាមិនមែន​របស់ដែលគេ​ឲ្យ​ដើម្បី​ប្រយោជន៍​វត្ថុ​ដទៃទេ ហើយ​ឲ្យគេ​ទិញវត្ថុដទៃវិញ ត្រូវនិស្សគ្គិយបាចិត្តិយ។ ភិក្ខុនី​នោះបាន​វត្ថុ​ដែលខ្លួន​លះនោះ​មកវិញ ហើយត្រូវ​បង្អោន​ទៅក្នុង​វត្ថុ​ដែលទាយក​គេឲ្យ​ចំពោះ​យ៉ាងណា។ មិនមែន​របស់ដែលទាយក​ឲ្យ​ដើម្បី​ប្រយោជន៍​វត្ថុ​ដទៃ ភិក្ខុនីសំគាល់ថាវត្ថុ​ដែលទាយក​ឲ្យ​ដើម្បី​ប្រយោជន៍​វត្ថុ​ដទៃ ត្រូវអាបត្តិ​ទុក្កដ។ មិនមែន​របស់ដែលទាយក​ឲ្យ​ដើម្បី​ប្រយោជន៍​វត្ថុ​ដទៃ ភិក្ខុនីមានសេចក្តី​សង្ស័យ ត្រូវអាបត្តិ​ទុក្កដ។ មិនមែន​របស់ដែលទាយក​ឲ្យ​ដើម្បី​ប្រយោជន៍​វត្ថុ​ដទៃ ភិក្ខុនីសំគាល់ថាមិនមែន​របស់​​ដែលទាយក​ឲ្យ​ដើម្បី​ប្រយោជន៍​វត្ថុ​ដទៃ មិនត្រូវអាបត្តិ។

[១២១] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៥យ៉ាង) គឺ (ទាយក​ប្រគេន​ដើម្បី​វត្ថុ​ណា) ភិក្ខុនី (ឲ្យ​គេទិញវត្ថុនោះ​ហើយ) បង្អោន​វត្ថុដែល​សល់ (ពីនោះ​ទៅដើម្បី​វត្ថុឯទៀត)១ ភិក្ខុនី​ប្រាប់​ម្ចាស់ទាន​ហើយ ទើប​បង្អោន​ទៅ១ ភិក្ខុនី​ឲ្យ​គេចាត់ចែង​ខុស​បំណង​ទាយក​ក្នុងពេល​ដែល​មាន​សេចក្តី​អន្តរាយ១ ភិក្ខុនីឆ្កួត១ ភិក្ខុនី​ជាខាងដើមបញ្ញត្តិ១។

(និស្សគ្គិយ បត្តវគ្គ) សិក្ខាបទ ទី៧

(៧. សត្តមសិក្ខាបទំ)

[១២២] សម័យនោះ ព្រះពុទ្ធ​ដ៏មានព្រះភាគ គង់ក្នុងជេតវនារាម ​របស់​អនាថបិណ្ឌិក​​សេដ្ឋី​ទៀប​ក្រុង​សាវត្ថី។ សម័យនោះឯង ឧបាសកទាំងឡាយ​ប្រមូល​បរិក្ខារ​ដែលរៃ​បានមក ហើយ​ផ្ញើ​ទុក​បរិក្ខារ​(នោះ)​ក្នុងផ្ទះ​អ្នកលក់​សំពត់បាវារ​ម្នាក់ ដើម្បី​ចាត់ចែង​ចីវរ​ដល់​ភិក្ខុនីសង្ឃ ហើយចូល​ទៅរក​ភិក្ខុនី​ទាំងឡាយ ​ពោលពាក្យ​នេះថា បពិត្រលោកម្ចាស់ យើងទាំងឡាយ​ផ្ញើទុកបរិក្ខារ​​ដើម្បីចាត់ចែង​ចីវរក្នុង​ផ្ទះ​អ្នកលក់​សំពត់បាវារឈ្មោះ​ឯណោះហើយ លោកទាំងឡាយ​ចូរ​ឲ្យអ្នកណាមួយ​នាំចីវរ​អំពី​ផ្ទះ​នោះមក​ចែកគ្នាចុះ។ ភិក្ខុនី​ទាំងឡាយ​ឲ្យគេ​ទិញ​ភេសជ្ជៈ​ដោយ​បរិក្ខារ​នោះផង ដោយវត្ថុ​ដែលសូម​គេខ្លួនឯងផង ហើយក៏​បរិភោគ។ ឧបាសក​ទាំងឡាយ​ដឹង​ហើយ ពោលទោស តិះដៀល បន្តុះ​បង្អាប់​ថា ភិក្ខុនី​ទាំងឡាយ​មិនសម​បើនឹងឲ្យគេ​ទិញវត្ថុដទៃ ដោយបរិក្ខារ​ដែល​ទាយកឲ្យ​ដើម្បីប្រយោជន៍​វត្ថុដទៃ ឲ្យចំពោះ​វត្ថុដទៃ ​ជារបស់សង្ឃ និងដោយ​វត្ថុដែល​សូមដោយ​ខ្លួនឯង​សោះ។ ភិក្ខុនី​ទាំងឡាយ​បានឮ​ឧបាសក​ទាំងឡាយនោះ​ពោលទោស តិះដៀល បន្តុះបង្អាប់​ហើយ។ ភិក្ខុនី​ទាំងឡាយ​ណា​មានសេចក្តី​ប្រាថ្នាតិច។បេ។ ភិក្ខុនី​ទាំងឡាយ​នោះ ពោលទោស តិះដៀល បន្តុះ​បង្អាប់​ថា ភិក្ខុនី​ទាំងឡាយ​មិនសម​បើនឹងឲ្យគេ​ទិញ​វត្ថុដទៃ ដោយបរិក្ខារ​ដែល​ទាយកឲ្យ​ដើម្បីប្រយោជន៍​វត្ថុដទៃ ឲ្យចំពោះ​វត្ថុដទៃ​ ជារបស់​សង្ឃ និងដោយ​វត្ថុ​ដែលសូម​ដោយខ្លួន​ឯងសោះ។បេ។ ទ្រង់ត្រាស់​សួរ​ថា ​ម្នាល​​ភិក្ខុ​​ទាំងឡាយ ឮ​ថា​ភិក្ខុនី​​ទាំងឡាយឲ្យគេ​ទិញ​វត្ថុដទៃ ដោយបរិក្ខារ​ដែល​ទាយកឲ្យ​ដើម្បីប្រយោជន៍​វត្ថុដទៃ ឲ្យចំពោះ​វត្ថុដទៃ ​ជារបស់សង្ឃ និងដោយ​វត្ថុដែល​សូម​ដោយខ្លួនឯង ពិត​មែន​ឬ។ ភិក្ខុ​ទាំងឡាយ​ក្រាប​ទូល​ថា បពិត្រ​ព្រះដ៏មាន​ព្រះភាគ ពិតមែន។ ព្រះពុទ្ធ​ដ៏​មានជោគ ទ្រង់បន្ទោស​ថា ភិក្ខុនី​ទាំងឡាយ​មិនសម​បើនឹងឲ្យគេ​ទិញវត្ថុដទៃ ដោយបរិក្ខារ​ដែលទាយក​ឲ្យ​ដើម្បី​ប្រយោជន៍​វត្ថុដទៃ ឲ្យ​ចំពោះ​វត្ថុដទៃ ជារបស់សង្ឃ និងដោយ​វត្ថុដែលសូម​ដោយខ្លួនឯងទេ ម្នាល​ភិក្ខុ​ទាំងឡាយ អំពើនេះ មិននាំ​ឲ្យ​ជ្រះថ្លា​ដល់ជនទាំងឡាយ​ ​ដែល​មិន​ទាន់​ជ្រះថ្លា​ទេ។បេ។ ម្នាល​ភិក្ខុទាំងឡាយ ចូរភិក្ខុនី​ទាំងឡាយ ​សំដែង​ឡើង​នូវសិក្ខាបទ​នេះ​យ៉ាងនេះ​ថា

ភិក្ខុនីណាមួយ ឲ្យគេ​ទិញវត្ថុដទៃ ដោយ​បរិក្ខារ​ដែល​ទាយកឲ្យ​ដើម្បីប្រយោជន៍​វត្ថុដទៃ ឲ្យចំពោះ​វត្ថុដទៃ​ ជារបស់សង្ឃ ដោយវត្ថុ​ដែល​សូមដោយ​ខ្លួនឯង ត្រូវ​និស្សគ្គិយបាចិត្តិយ។

[១២៣] ត្រង់ពាក្យថា ភិក្ខុនី​ណាមួយ មាន​អធិប្បាយ​ក្នុងសិក្ខាបទ​ទី១នៃ​បារាជិកកណ្ឌ​រួចហើយ។ ពាក្យថា ដោយបរិក្ខារ​ដែល​ទាយកឲ្យ​ដើម្បីប្រយោជន៍​វត្ថុដទៃ ឲ្យចំពោះ​វត្ថុដទៃ គឺ​ដោយ​វត្ថុដែល​ទាយកឲ្យដើម្បី​វត្ថុដទៃ។ ពាក្យថា ​ជារបស់សង្ឃ គឺទាយកបរិច្ចាគ​ចំពោះតែ​សង្ឃ មិនមែន​ចំពោះ​គណៈ មិនមែន​ចំពោះ​ភិក្ខុនី១រូប​ទេ។ ពាក្យថា ដោយវត្ថុ​ដែលសូម​ដោយខ្លួន​ឯង គឺ​ដោយវត្ថុ​ដែលសូម (គេ) ដោយខ្លួនឯង។ ពាក្យថា ឲ្យគេទិញវត្ថុ​ដទៃ គឺរបស់​ដែល​ទាយក​ឲ្យ​ដើម្បីចាត់ចែង​វត្ថុឯណា ភិក្ខុនី​វៀរលែង​របស់នោះ ហើយឲ្យគេទិញវត្ថុដទៃ​វិញ ត្រូវទុក្កដ​ក្នុង​ប្រយោគដែលឲ្យទិញ វត្ថុនោះជានិស្សគ្គិយ​ក្នុងខណៈ​ដែល​បានមក ភិក្ខុនីត្រូវ​​លះវត្ថុ​នោះ​ដល់សង្ឃ​ក៏បាន ដល់គណៈ​ក៏បាន ភិក្ខុនី​១រូប​ក៏បាន។ ម្នាលភិក្ខុទាំងឡាយ ​ភិក្ខុនី​ត្រូវលះ​យ៉ាងនេះ។បេ។ បពិត្រលោក​ម្ចាស់ វត្ថុដទៃ​នេះ ខ្ញុំឲ្យ​គេទិញដោយបរិក្ខារ​ដែល​ទាយកឲ្យ​ដើម្បី​ប្រយោជន៍​វត្ថុដទៃ ឲ្យចំពោះ​វត្ថុដទៃ ជារបស់សង្ឃ និង​ដោយវត្ថុដែល​សូមដោយ​ខ្លួនឯង (វត្ថុនេះ) ជានិស្សគ្គិយ (ត្រូវតែ​លះបង់) ខ្ញុំ​សូមលះ​វត្ថុ​​នេះដល់សង្ឃ។ (ពាក្យ​តពីនេះ​ទៅ​ មានសេចក្តី​ដូចគ្នា​នឹងសិក្ខាបទ​ទី១​នៃ​និស្សគ្គិយ​កណ្ឌនេះ)។

[១២៤] របស់ដែលទាយក​ឲ្យ​ដើម្បី​ប្រយោជន៍​វត្ថុ​ដទៃ ភិក្ខុនីសំគាល់ថារបស់ដែល​ទាយក​ឲ្យ​ដើម្បី​ប្រយោជន៍​វត្ថុ​ដទៃមែន ហើយឲ្យគេ​ទិញវត្ថុដទៃវិញ ត្រូវនិស្សគ្គិយបាចិត្តិយ។ របស់​ដែលទាយក​ឲ្យ​ដើម្បី​ប្រយោជន៍​វត្ថុ​ដទៃ ភិក្ខុនីមានសេចក្តី​សង្ស័យ ហើយឲ្យគេ​ទិញវត្ថុដទៃវិញ ត្រូវនិស្សគ្គិយបាចិត្តិយ។ របស់ដែលទាយក​ឲ្យ​ដើម្បី​ប្រយោជន៍​វត្ថុ​ដទៃ ភិក្ខុនីសំគាល់ថាមិនមែន​របស់​ដែល​ទាយក​ឲ្យ​ដើម្បី​ប្រយោជន៍​វត្ថុ​ដទៃ ហើយឲ្យគេ​ទិញវត្ថុដទៃវិញ ត្រូវ​និស្សគ្គិយ​បាចិត្តិយ។ ភិក្ខុនី​នោះបាន​វត្ថុ​ដែល​លះដល់​សង្ឃមកវិញហើយ ត្រូវ​បង្អោន​ទៅក្នុង​វត្ថុ​ដែលទាយក​គេឲ្យ​ចំពោះ​យ៉ាងណា។ មិនមែន​របស់ដែលទាយក​ឲ្យ​ដើម្បី​ប្រយោជន៍​វត្ថុ​ដទៃ ភិក្ខុនី​សំគាល់ថារបស់​​ដែលទាយក​ឲ្យ​ដើម្បី​ប្រយោជន៍​វត្ថុ​ដទៃ ត្រូវអាបត្តិ​ទុក្កដ។ មិនមែន​របស់ដែលទាយក​ឲ្យ​ដើម្បី​ប្រយោជន៍​វត្ថុ​ដទៃ ភិក្ខុនីមានសេចក្តី​សង្ស័យ ត្រូវអាបត្តិ​ទុក្កដ។ មិនមែន​របស់ដែលទាយក​ឲ្យ​ដើម្បី​ប្រយោជន៍​វត្ថុ​ដទៃ ភិក្ខុនីសំគាល់ថាមិនមែន​របស់​​ដែលគេ​ឲ្យ​ដើម្បី​ប្រយោជន៍​វត្ថុ​ដទៃ មិនត្រូវអាបត្តិ។

[១២៥] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៥យ៉ាង) គឺភិក្ខុនី​បង្អោន​របស់​ដែលសល់​ទៅ១ ភិក្ខុនី​ប្រាប់​ម្ចាស់ទាន​ហើយ ទើប​បង្អោន​ទៅ១ ភិក្ខុនី​ឲ្យ​គេចាត់ចែង​ខុស​បំណង​ទាយក​ក្នុងសម័យ​​ដែល​មាន​សេចក្តី​អន្តរាយ១ ភិក្ខុនីឆ្កួត១ ភិក្ខុនី​ជាខាងដើមបញ្ញត្តិ១។

(និស្សគ្គិយ បត្តវគ្គ) សិក្ខាបទ ទី៨

(៨. អដ្ឋមសិក្ខាបទំ)

[១២៦] សម័យនោះ ព្រះពុទ្ធ​ដ៏មានព្រះភាគ គង់ក្នុងជេតវនារាម ​របស់​អនាថបិណ្ឌិក​​សេដ្ឋី​ទៀប​ក្រុង​សាវត្ថី។ សម័យនោះឯង ភិក្ខុនី​ទាំងឡាយ​ជាអ្នកនៅ​ក្នុងបរិវេណ​របស់ប្រជុំ​ជន១ពួក ជាពួក​ភិក្ខុនី​លំបាក​ដោយ​បបរ។ គ្រានោះឯង ប្រជុំជន​នោះក៏​ប្រមូល​បរិក្ខារ​ដែលរៃ​បានមក ហើយ​ផ្ញើ​ទុក​បរិក្ខារ​(នោះ)​ក្នុងផ្ទះ​អ្នកផ្សារ​ម្នាក់​ ដើម្បី​ចាត់ចែងបបរ​ដល់​ភិក្ខុនីទាំងឡាយ ទើបចូល​ទៅរក​ភិក្ខុនី​ទាំងឡាយ ហើយបាន​​ពោលពាក្យ​នេះថា បពិត្រលោកម្ចាស់ យើងទាំងឡាយទុកបរិក្ខារ​​ដើម្បីចាត់ចែងបបរក្នុង​ផ្ទះ​អ្នកផ្សារ​ឈ្មោះឯណោះ ចូរលោកទាំងឡាយ​​ឲ្យអ្នកណាមួយ​នាំយក​អង្ករ​ទាំងឡាយ​​អំពី​ផ្ទះ​នោះ ហើយឲ្យគេ​ចំអិន​បបរឆាន់​ចុះ។ ភិក្ខុនី​ទាំងឡាយ​ឲ្យគេ​ទិញ​ភេសជ្ជៈ​ដោយ​បរិក្ខារ​នោះ ហើយក៏​បរិភោគ។ ទើប​ប្រជុំជននោះ​​ដឹង​ហើយ ក៏ពោលទោស តិះដៀល បន្តុះ​បង្អាប់​ថា ភិក្ខុនី​ទាំងឡាយ​មិនសម​បើនឹងឲ្យគេ​ទិញវត្ថុដទៃ ដោយបរិក្ខារ​ដែល​គេឲ្យ​ដើម្បី​ប្រយោជន៍​វត្ថុដទៃ គេឲ្យ​ចំពោះ​វត្ថុដទៃ ​ជារបស់គណៈសោះ។ ភិក្ខុនី​ទាំងឡាយ​បានឮ​ឧបាសក​​15) នោះ​កំពុងពោលទោស តិះដៀល បន្តុះបង្អាប់​ហើយ។ ភិក្ខុនី​ទាំងឡាយ​ណា​មានសេចក្តី​ប្រាថ្នាតិច។បេ។ ភិក្ខុនី​ទាំងឡាយ​នោះ ក៏ពោលទោស តិះដៀល បន្តុះ​បង្អាប់​ថា ភិក្ខុនី​ទាំងឡាយ​មិនសម​បើនឹងឲ្យគេ​ទិញ​វត្ថុដទៃ ដោយបរិក្ខារ​ដែល​គេឲ្យ​ដើម្បីប្រយោជន៍​វត្ថុដទៃ គេឲ្យចំពោះ​វត្ថុដទៃ​ ជារបស់គណៈ​សោះ។បេ។ ទ្រង់ត្រាស់​សួរ​ថា ​ម្នាល​​ភិក្ខុ​​ទាំងឡាយ ឮ​ថា​ភិក្ខុនី​​ទាំងឡាយឲ្យគេ​ទិញ​វត្ថុដទៃ ដោយបរិក្ខារ​ដែល​គេឲ្យ​ដើម្បីប្រយោជន៍​វត្ថុដទៃ គេឲ្យចំពោះ​វត្ថុដទៃ ​ជារបស់គណៈ ពិត​មែន​ឬ។ ភិក្ខុ​ទាំងឡាយ​ក្រាប​ទូល​ថា បពិត្រ​ព្រះដ៏មាន​ព្រះភាគ ពិតមែន។ ព្រះសម្ពុទ្ធ​ដ៏​មានព្រះភាគ​ ទ្រង់បន្ទោស​ថា ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុនី​ទាំងឡាយ​មិនគួរ​​បើនឹងឲ្យគេ​ទិញវត្ថុដទៃ ដោយបរិក្ខារ​ដែលគេ​ឲ្យ​ដើម្បី​ប្រយោជន៍​វត្ថុដទៃ ឲ្យ​ចំពោះ​វត្ថុដទៃ ជារបស់គណៈទេ ម្នាល​ភិក្ខុ​ទាំងឡាយ អំពើនេះ មិនមែន​នាំ​ឲ្យ​ជ្រះថ្លា​ដល់ពួកជន ​ដែល​មិន​ទាន់​ជ្រះថ្លា​ទេ។បេ។ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុនី​ទាំងឡាយ ចូរ​សំដែង​ឡើង​នូវសិក្ខាបទ​នេះ​យ៉ាងនេះ​ថា

ភិក្ខុនីណាមួយ ឲ្យគេ​ទិញវត្ថុដទៃ ដោយ​បរិក្ខារ​ដែលគេឲ្យ​ដើម្បីប្រយោជន៍​វត្ថុដទៃ ឲ្យចំពោះ​វត្ថុដទៃ​ ជារបស់គណៈ ភិក្ខុនីនោះ ត្រូវ​និស្សគ្គិយបាចិត្តិយ។

[១២៧] ត្រង់ពាក្យថា ភិក្ខុនី​ណាមួយ មាន​សេចក្តី​អធិប្បាយ​ក្នុងសិក្ខាបទ​ទី១នៃ​បារាជិកកណ្ឌ​រួចហើយ។ ពាក្យថា ដោយបរិក្ខារ​ដែលគេឲ្យ​ដើម្បីប្រយោជន៍​វត្ថុដទៃ ឲ្យចំពោះ​វត្ថុដទៃ គឺ​ដោយ​បរិក្ខារ​ដែល​ទាយកប្រគេន​ប្រយោជន៍​ដើម្បីចាត់ចែង​​វត្ថុឯទៀត។ ពាក្យថា ​ជារបស់គណៈ (គឺទាយក​លះចំពោះ) តែគណៈ មិនមែនលះ​ចំពោះ​សង្ឃ មិនមែន​លះចំពោះ​ភិក្ខុនី១រូប​។ ពាក្យថា ឲ្យគេទិញវត្ថុ​ដទៃ គឺរបស់​ដែល​គេ​ឲ្យ​ដើម្បីប្រយោជន៍​​វត្ថុណា ភិក្ខុនី​មិនឲ្យទិញ​វត្ថុនោះ ហើយឲ្យគេទិញវត្ថុដទៃ​វិញ ត្រូវអាបត្តិទុក្កដ​ក្នុង​ប្រយោគដែលឲ្យទិញ របស់​នោះ​ជានិស្សគ្គិយ​ក្នុងខណៈ​ដែល​បានមក ភិក្ខុនីត្រូវតែ​​លះរបស់​នោះ​ដល់សង្ឃ​ក៏បាន ដល់គណៈ​ក៏បាន ដល់ភិក្ខុនី​១រូប​ក៏បាន។ ម្នាលភិក្ខុទាំងឡាយ ​ភិក្ខុនី​ត្រូវតែលះ​របស់​នោះ​យ៉ាងនេះ។បេ។ បពិត្រលោក​ម្ចាស់ របស់ដទៃ​​នេះ ខ្ញុំឲ្យ​គេទិញដោយបរិក្ខារ​ដែលគេ​ឲ្យ​ដើម្បី​ប្រយោជន៍​វត្ថុដទៃ គេឲ្យចំពោះ​វត្ថុដទៃ ជារបស់គណៈ ជានិស្សគ្គិយ ខ្ញុំ​សូមលះ​របស់​​នេះដល់សង្ឃ។ (ពាក្យ​តពីនេះ​ទៅ​ មានសេចក្តី​ដូចគ្នា​នឹងសិក្ខាបទ​ទី១​នៃ​និស្សគ្គិយ​កណ្ឌនេះ)។

[១២៨] របស់គេ​ឲ្យ​ដើម្បី​ប្រយោជន៍​វត្ថុ​ដទៃ ភិក្ខុនីសំគាល់ថារបស់គេ​ឲ្យ​ដើម្បី​ប្រយោជន៍​វត្ថុ​ដទៃ ហើយឲ្យគេ​ទិញវត្ថុដទៃវិញ ត្រូវនិស្សគ្គិយបាចិត្តិយ។ របស់គេឲ្យ​ដើម្បី​ប្រយោជន៍​វត្ថុ​ដទៃ ភិក្ខុនីមានសេចក្តី​សង្ស័យ ហើយឲ្យគេ​ទិញវត្ថុដទៃវិញ ត្រូវនិស្សគ្គិយបាចិត្តិយ។ របស់គេ​ឲ្យ​ដើម្បី​ប្រយោជន៍​វត្ថុ​ដទៃ ភិក្ខុនីសំគាល់ថាមិនមែន​របស់គេ​ឲ្យ​ដើម្បី​ប្រយោជន៍​វត្ថុ​ដទៃ ហើយឲ្យគេ​ទិញវត្ថុដទៃវិញ ត្រូវ​និស្សគ្គិយ​បាចិត្តិយ។ ភិក្ខុនី​បាន​វត្ថុ​ដែលខ្លួន​លះនោះមកវិញហើយ ត្រូវ​បង្អោន​ទៅក្នុង​វត្ថុ​ដែល​គេឲ្យ​ចំពោះ​យ៉ាងណា។ មិនមែន​របស់ដែលគេ​ឲ្យ​ដើម្បី​ប្រយោជន៍​វត្ថុ​ដទៃ ភិក្ខុនីសំគាល់ថារបស់​គេ​ឲ្យ​ដើម្បី​ប្រយោជន៍​វត្ថុ​ដទៃ ត្រូវអាបត្តិ​ទុក្កដ។ មិនមែន​របស់ដែលគេឲ្យ​ដើម្បី​ប្រយោជន៍​វត្ថុ​ដទៃ ភិក្ខុនីមានសេចក្តី​សង្ស័យ ត្រូវអាបត្តិ​ទុក្កដ។ មិនមែន​របស់ដែលគេឲ្យ​ដើម្បី​ប្រយោជន៍​វត្ថុ​ដទៃ ភិក្ខុនីសំគាល់ថាមិនមែន​របស់​​គេ​ឲ្យ​ដើម្បី​ប្រយោជន៍​វត្ថុ​ដទៃ មិនត្រូវអាបត្តិ។

[១២៩] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៥យ៉ាង) គឺភិក្ខុនី​បង្អោនទៅនូវ​​របស់​ដែលសល់១ ភិក្ខុនី​ប្រាប់​ម្ចាស់ទាន​ហើយ ទើប​បង្អោន​ទៅ១ ភិក្ខុនី​ឲ្យ​គេចាត់ចែង​ខុស​បំណង​ទាយក​ក្នុងសម័យ​​​មាន​សេចក្តី​អន្តរាយ១ ភិក្ខុនីឆ្កួត១ ភិក្ខុនី​ជាខាងដើមបញ្ញត្តិ១។

(និស្សគ្គិយ បត្តវគ្គ) សិក្ខាបទ ទី៩

(៩. នវមសិក្ខាបទំ)

[១៣០] សម័យនោះ ព្រះពុទ្ធ​ដ៏មានព្រះភាគ គង់ក្នុងជេតវនារាម ​របស់​អនាថបិណ្ឌិក​​សេដ្ឋី​ទៀប​ក្រុង​សាវត្ថី។ សម័យនោះឯង ភិក្ខុនី​ទាំងឡាយនៅក្នុងបរិវេណ​របស់​ប្រជុំជន១ពួក ជាពួក​ភិក្ខុនី​លំបាក​ដោយ​បបរ។ គ្រានោះឯង ប្រជុំជន​នោះ ​ប្រមូល​បរិក្ខារ​ដែលរៃ​បានមក ដើម្បី​ចាត់ចែង​បបរ​ដល់ភិក្ខុនី​ទាំងឡាយ ហើយ​ទុក​បរិក្ខារ​(នោះ)​ក្នុងផ្ទះ​អ្នកផ្សារ​ម្នាក់ ទើបចូល​ទៅរក​ភិក្ខុនី​ទាំងឡាយ ហើយបាន​និយាយពាក្យ​នេះថា បពិត្រលោកម្ចាស់ យើងទាំងឡាយទុកបរិក្ខារ​​ដើម្បីចាត់ចែងបបរក្នុង​ផ្ទះ​អ្នកផ្សារ​ឈ្មោះឯណោះ ចូរលោកទាំងឡាយ​​ឲ្យគេ​នាំយក​អង្ករ​ទាំងឡាយ​​អំពី​ផ្ទះ​នោះមក ហើយ​ចំអិន​បបរឆាន់​ចុះ។ តែភិក្ខុនី​ទាំងឡាយ​ឲ្យគេ​ទិញ​ភេសជ្ជៈ​ដោយ​បរិក្ខារ​នោះផង ដោយរបស់​ដែលសូមគេ​ដោយខ្លួនឯង​ផង ហើយក៏​បរិភោគ។ ឯ​ប្រជុំជន​នោះ​​ដឹង​ហើយ ក៏ពោលទោស តិះដៀល បន្តុះ​បង្អាប់​ថា ភិក្ខុនី​ទាំងឡាយ​មិនសម​បើនឹងឲ្យគេ​ទិញវត្ថុដទៃ ដោយបរិក្ខារ​ដែល​គេឲ្យ​ដើម្បី​ប្រយោជន៍​វត្ថុដទៃ គេឲ្យ​ចំពោះ​វត្ថុដទៃ ​ជារបស់គណៈ និង​ដោយវត្ថុ​ដែលសូម​ដោយខ្លួនឯង​សោះ។ ភិក្ខុនី​ទាំងឡាយ​បានឮ​ប្រជុំជននោះ​កំពុង​ពោលទោស តិះដៀល បន្តុះបង្អាប់​ហើយ។ ភិក្ខុនី​ទាំងឡាយ​ណា​មានសេចក្តី​ប្រាថ្នាតិច។បេ។ ភិក្ខុនី​ទាំងឡាយ​នោះ ក៏ពោលទោស តិះដៀល បន្តុះ​បង្អាប់​ថា ភិក្ខុនី​ទាំងឡាយ​មិនសម​បើនឹង​ឲ្យគេ​ទិញ​វត្ថុដទៃ ដោយបរិក្ខារ​ដែល​គេឲ្យ​ដើម្បីប្រយោជន៍​វត្ថុដទៃ គេឲ្យចំពោះ​វត្ថុដទៃ​ ជារបស់គណៈ​ និង​ដោយរបស់​ដែលសូម​ដោយខ្លួនឯងសោះ។បេ។ ទ្រង់ត្រាស់​សួរ​ថា ​ម្នាល​​ភិក្ខុ​​ទាំងឡាយ ឮ​ថា​ភិក្ខុនី​​ទាំងឡាយឲ្យគេ​ទិញ​របស់ដទៃ ដោយបរិក្ខារ​ដែល​គេឲ្យ​ដើម្បីប្រយោជន៍​វត្ថុដទៃ គេឲ្យចំពោះ​វត្ថុដទៃ ​ជារបស់គណៈ និង​ដោយវត្ថុ​ដែលសូម​ដោយខ្លួនឯង ពិត​មែន​ឬ។ ភិក្ខុ​ទាំងឡាយ​ក្រាប​ទូល​ថា បពិត្រ​ព្រះដ៏មាន​ព្រះភាគ ពិតមែន។ ព្រះសម្ពុទ្ធ​ដ៏​មានព្រះភាគ​ ទ្រង់​បន្ទោស​ថា ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុនី​ទាំងឡាយ​មិនគួរ​​បើនឹងឲ្យគេ​ទិញវត្ថុដទៃ ដោយបរិក្ខារ​ដែលគេ​ឲ្យ​ដើម្បី​ប្រយោជន៍​វត្ថុដទៃ គេឲ្យ​ចំពោះ​វត្ថុដទៃ ជារបស់គណៈ និង​ដោយវត្ថុ​ដែលសូម​ដោយខ្លួនឯងសោះ ម្នាល​ភិក្ខុ​ទាំងឡាយ អំពើនេះ មិនមែន​នាំ​ឲ្យ​ជ្រះថ្លា​ដល់ពួកជន ​ដែល​មិន​ទាន់​ជ្រះថ្លា​ទេ។បេ។ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុនី​ទាំងឡាយ ចូរ​សំដែង​ឡើង​នូវសិក្ខាបទ​នេះ​យ៉ាងនេះ​ថា

ភិក្ខុនីណាមួយ ឲ្យគេ​ទិញវត្ថុដទៃ ដោយ​បរិក្ខារ​ដែលគេឲ្យ​ដើម្បីប្រយោជន៍​វត្ថុដទៃ គេឲ្យ​ចំពោះ​វត្ថុដទៃ​ ជារបស់គណៈ និង​ដោយវត្ថុ​ដែលសូម​ដោយខ្លួនឯង ភិក្ខុនីនោះ ត្រូវ​និស្សគ្គិយបាចិត្តិយ។

[១៣១] ត្រង់ពាក្យថា ភិក្ខុនី​ណាមួយ មាន​សេចក្តី​អធិប្បាយ​ក្នុងសិក្ខាបទ​ទី១នៃ​បារាជិកកណ្ឌ​រួចហើយ។ ពាក្យថា ដោយបរិក្ខារ​ដែលគេឲ្យ​ដើម្បីប្រយោជន៍​វត្ថុដទៃ គេឲ្យចំពោះ​វត្ថុដទៃ គឺ​ដោយ​បរិក្ខារ​ដែល​គេឲ្យ ​ដើម្បីចាត់ចែង​​វត្ថុឯទៀត។ ពាក្យថា ​ជារបស់គណៈ គឺគេ​លះចំពោះ​តែគណៈ មិនមែន​ចំពោះ​សង្ឃ មិនមែន​ចំពោះ​ភិក្ខុនី១រូប​ទេ។ ពាក្យថា ​ដោយវត្ថុ​ដែលសូម​ដោយខ្លួនឯង គឺវត្ថុ​ដែលសូមគេ​បានមក​ហើយ​ដោយខ្លួនឯង។ ពាក្យថា ឲ្យគេទិញវត្ថុ​ដទៃ គឺរបស់​ដែល​គេ​ឲ្យ​ដើម្បីប្រយោជន៍​​វត្ថុណា ភិក្ខុនី​មិនឲ្យគេទិញ​វត្ថុនោះ ហើយឲ្យ​គេទិញ​វត្ថុដទៃ​វិញ ត្រូវអាបត្តិទុក្កដ​ក្នុង​ប្រយោគដែលឲ្យទិញ វត្ថុ​នោះ​ជានិស្សគ្គិយ​ក្នុងខណៈ​ដែល​បានមក ភិក្ខុនីត្រូវតែ​​លះរបស់​នោះ​ដល់សង្ឃ​ក៏បាន ដល់គណៈ​ក៏បាន ដល់​ភិក្ខុនី​១រូប​ក៏បាន។ ម្នាលភិក្ខុ​ទាំងឡាយ ​ភិក្ខុនី​ត្រូវលះ​របស់​នោះ​យ៉ាងនេះ។បេ។ បពិត្រលោក​ម្ចាស់ វត្ថុ​ដទៃ​​នេះ ខ្ញុំឲ្យ​គេទិញដោយបរិក្ខារ​ដែលគេ​ឲ្យ​ដើម្បី​ប្រយោជន៍​វត្ថុដទៃ គេឲ្យចំពោះ​វត្ថុដទៃ ជារបស់គណៈ និង​ដោយវត្ថុ​ដែលសូមបានមក​​ដោយខ្លួនឯង ជានិស្សគ្គិយ ខ្ញុំ​សូមលះ​វត្ថុ​​នេះដល់សង្ឃ។ (ពាក្យ​តពីនេះ​ទៅ មានសេចក្តី​ដូចគ្នា​នឹងសិក្ខាបទ​ទី១​នៃ​និស្សគ្គិយ​កណ្ឌនេះ)។

[១៣២] របស់ដែលគេ​ឲ្យ​ដើម្បី​ប្រយោជន៍​វត្ថុ​ដទៃ ភិក្ខុនីសំគាល់ថារបស់គេ​ឲ្យ​ដើម្បី​ប្រយោជន៍​វត្ថុ​ដទៃមែន ហើយឲ្យគេ​ទិញវត្ថុដទៃ ត្រូវនិស្សគ្គិយបាចិត្តិយ។ របស់គេឲ្យ​ដើម្បី​ប្រយោជន៍​វត្ថុ​ដទៃ ភិក្ខុនីមានសេចក្តី​សង្ស័យ ហើយឲ្យ​ទិញវត្ថុដទៃវិញ ត្រូវនិស្សគ្គិយបាចិត្តិយ។ របស់គេ​ឲ្យ​ដើម្បី​ប្រយោជន៍​វត្ថុ​ដទៃ ភិក្ខុនីសំគាល់ថាមិនមែន​របស់គេ​ឲ្យ​ដើម្បី​ប្រយោជន៍​វត្ថុ​ដទៃ ហើយឲ្យគេ​ទិញវត្ថុដទៃវិញ ត្រូវ​និស្សគ្គិយ​បាចិត្តិយ។ ភិក្ខុនី​បាន​វត្ថុ​ដែលខ្លួន​លះនោះ​មកវិញ​ហើយ ត្រូវ​បង្អោន​ទៅក្នុង​វត្ថុ​ដែល​ទាយក​គេឲ្យ​ចំពោះ​យ៉ាងណា។ មិនមែន​របស់ដែលគេ​ឲ្យ​ដើម្បី​ប្រយោជន៍​វត្ថុ​ដទៃ ភិក្ខុនីសំគាល់ថារបស់​គេ​ឲ្យ​ដើម្បី​ប្រយោជន៍​វត្ថុ​ដទៃ ត្រូវអាបត្តិ​ទុក្កដ។ មិនមែន​របស់ដែលគេឲ្យ​ដើម្បី​ប្រយោជន៍​វត្ថុ​ដទៃ ភិក្ខុនីមានសេចក្តី​សង្ស័យ ត្រូវអាបត្តិ​ទុក្កដ។ មិនមែន​របស់គេឲ្យ​ដើម្បី​ប្រយោជន៍​វត្ថុ​ដទៃ ភិក្ខុនីសំគាល់ថាមិនមែន​របស់​​គេ​ឲ្យ​ដើម្បី​ប្រយោជន៍​វត្ថុ​ដទៃ មិនត្រូវអាបត្តិ។

[១៣៣] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៥យ៉ាង) គឺភិក្ខុនី​បង្អោនទៅនូវ​​របស់​ដែលសល់១ ភិក្ខុនី​ប្រាប់​ម្ចាស់របស់​ហើយ ទើប​បង្អោន​ទៅ១ ភិក្ខុនី​ឲ្យ​គេចាត់ចែង​ខុស​បំណង​ទាយក​ក្នុងពេល​​​មាន​សេចក្តី​អន្តរាយ១ ភិក្ខុនីឆ្កួត១ ភិក្ខុនី​ជាខាងដើមបញ្ញត្តិ១។

(និស្សគ្គិយ បត្តវគ្គ) សិក្ខាបទ ទី១០

(១០. ទសមសិក្ខាបទំ)

[១៣៤] សម័យនោះ ព្រះពុទ្ធ​ដ៏មានព្រះភាគ គង់ក្នុងជេតវនារាម ​របស់​អនាថបិណ្ឌិក​​សេដ្ឋី​ទៀប​ក្រុង​សាវត្ថី។ សម័យនោះឯង ថុល្លនន្ទាភិក្ខុនី ជាពហុស្សូត ជាអ្នកឈ្លាស​និយាយ​ក្លៀវក្លា ប្រសប់​ធ្វើធម្មីកថា។ មនុស្សទាំងឡាយ​ជាច្រើន​តែចូល​ទៅអង្គុយជិត (សេពគប់)​នឹងថុល្លនន្ទា​ភិក្ខុនី។ សម័យ​នោះឯង ទីបរិវេណ​របស់ថុល្លនន្ទា​ភិក្ខុនី​ក៏​បាក់បែក​ទ្រុឌទ្រោម។ មនុស្ស​ទាំងឡាយ​បានពោល​ពាក្យនេះ​នឹងថុល្លនន្ទាភិក្ខុនី​ថា បពិត្រលោកម្ចាស់ ទីបរិវេណ​របស់​លោកនេះ​ទ្រុឌទ្រោម​ទៅដោយហេតុអ្វី។ ថុល្លនន្ទាភិក្ខុនី​និយាយថា នែអ្នកដ៏មានអាយុ ព្រោះ​គ្មាន​ពួក​អ្នកឲ្យ គ្មានពួក​អ្នកធ្វើ។ ទើបមនុស្ស​ទាំងឡាយ​នោះ ប្រមូល​បរិក្ខារ​ដែលរៃ​បានមក​ដើម្បី​ប្រយោជន៍​ទីបរិវេណ​នៃថុល្លនន្ទា​ភិក្ខុនី ហើយបាន​ឲ្យបរិក្ខារនោះ​ដល់​ថុល្លនន្ទាភិក្ខុនី។ ថុល្លនន្ទាភិក្ខុនី​ឲ្យគេ​ទិញ​ភេសជ្ជៈ​ដោយ​បរិក្ខារ​នោះផង ដោយរបស់​ដែលសូម​ដោយខ្លួនឯង​ផង ហើយក៏​បរិភោគ។ ​មនុស្សទាំងឡាយ​​​ដឹង​ហើយ ក៏ពោលទោស តិះដៀល បន្តុះ​បង្អាប់​ថា លោកម្ចាស់​ថុល្លនន្ទា ​មិនសម​បើនឹងឲ្យគេ​ទិញវត្ថុដទៃ ដោយបរិក្ខារ​ដែល​គេឲ្យ​ដើម្បី​ប្រយោជន៍​វត្ថុដទៃ គេឲ្យ​ចំពោះ​វត្ថុដទៃ ​ជារបស់បុគ្គល និង​ដោយវត្ថុ​ដែលសូម​មកដោយខ្លួនឯង​សោះ។បេ។ ទ្រង់ត្រាស់​សួរ​ថា ​ម្នាល​​ភិក្ខុ​​ទាំងឡាយ ឮ​ថាថុល្លនន្ទា​ភិក្ខុនី ឲ្យគេ​ទិញ​វត្ថុដទៃ ដោយបរិក្ខារ​ដែល​គេឲ្យ​ដើម្បី​ប្រយោជន៍​វត្ថុដទៃ​ចំពោះ​វត្ថុដទៃ ​ជារបស់បុគ្គល និង​ដោយវត្ថុ​ដែលសូម​ដោយខ្លួនឯង ពិត​មែន​ឬ។ ភិក្ខុ​ទាំងឡាយ​ក្រាប​ទូល​ថា បពិត្រ​ព្រះដ៏មាន​ព្រះភាគ ពិតមែន។ ព្រះសម្ពុទ្ធ​ដ៏​មានព្រះភាគ​ ទ្រង់​បន្ទោស​ថា ម្នាល​ភិក្ខុទាំងឡាយ ថុល្លនន្ទាភិក្ខុនី​ មិនគួរ​​បើនឹងឲ្យគេ​ទិញវត្ថុដទៃ ដោយបរិក្ខារ​ដែលគេ​ឲ្យ​ដើម្បី​ប្រយោជន៍​វត្ថុដទៃ គេឲ្យ​ចំពោះ​វត្ថុដទៃ ជារបស់បុគ្គល និង​ដោយវត្ថុ​ដែលសូម​ដោយខ្លួនឯងទេ ម្នាល​ភិក្ខុ​ទាំងឡាយ អំពើនេះ មិនមែន​នាំ​ឲ្យ​ជ្រះថ្លា​ដល់ពួកជន ​ដែល​មិន​ទាន់​ជ្រះថ្លា​ទេ។បេ។ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុនី​ទាំងឡាយ ចូរ​សំដែង​ឡើង​នូវសិក្ខាបទ​នេះ​យ៉ាងនេះ​ថា

ភិក្ខុនីណាមួយ ឲ្យគេ​ទិញវត្ថុដទៃ ដោយ​បរិក្ខារ​ដែលគេឲ្យ​ដើម្បីប្រយោជន៍​វត្ថុដទៃ គេឲ្យ​ចំពោះ​វត្ថុដទៃ​ ជារបស់បុគ្គល និង​ដោយវត្ថុ​ដែលសូម​ដោយខ្លួនឯង ភិក្ខុនីនោះ ត្រូវ​និស្សគ្គិយបាចិត្តិយ។

[១៣៥] ត្រង់ពាក្យថា ភិក្ខុនី​ណាមួយ មាន​សេចក្តី​អធិប្បាយ​ក្នុងសិក្ខាបទ​ទី១នៃ​បារាជិកកណ្ឌ​រួចហើយ។ ពាក្យថា ដោយបរិក្ខារ​ដែលគេឲ្យ​ដើម្បីប្រយោជន៍​វត្ថុដទៃ គេឲ្យចំពោះ​វត្ថុដទៃ គឺ​ដោយ​បរិក្ខារ​ដែល​គេឲ្យ ​ដើម្បីចាត់ចែង​​វត្ថុឯទៀត។ ពាក្យថា ​ជារបស់បុគ្គល គឺគេ​ឲ្យចំពោះ​តែភិក្ខុនី​មួយរូប មិនឲ្យដល់​សង្ឃ មិនឲ្យដល់​គណៈឡើយ។ ពាក្យថា ​ដោយវត្ថុ​ដែលសូម​ដោយខ្លួនឯង គឺវត្ថុ​ដែលសូមគេមក​​ដោយខ្លួនឯង។ ពាក្យថា ឲ្យគេទិញវត្ថុ​ដទៃ គឺរបស់​ដែល​ទាយក​ឲ្យ​ដើម្បីប្រយោជន៍​​វត្ថុណា ភិក្ខុនី​មិនឲ្យគេទិញ​វត្ថុនោះ ហើយឲ្យគេទិញវត្ថុឯទៀត​វិញ ត្រូវទុក្កដ​ក្នុង​ប្រយោគដែលឲ្យទិញ វត្ថុ​នោះ​ជានិស្សគ្គិយ​ក្នុងខណៈ​ដែល​បានមក ភិក្ខុនី​គប្បី​​លះវត្ថុ​នោះ​ដល់សង្ឃ​ក៏បាន ដល់គណៈ​ក៏បាន ដល់​ភិក្ខុនី​១រូប​ក៏បាន។ ម្នាលភិក្ខុ​ទាំងឡាយ ​ភិក្ខុនី​ត្រូវលះ​របស់​នោះ​យ៉ាងនេះ។បេ។ បពិត្រលោក​ម្ចាស់ វត្ថុ​ដទៃ​​នេះ ខ្ញុំឲ្យ​គេទិញដោយបរិក្ខារ​ដែលគេ​ឲ្យ​ដើម្បី​ប្រយោជន៍​វត្ថុដទៃ គេឲ្យចំពោះ​វត្ថុដទៃ ជារបស់បុគ្គល និង​ដោយវត្ថុ​ដែលសូម​ដោយខ្លួនឯង ជានិស្សគ្គិយ ខ្ញុំ​សូមលះ​វត្ថុ​​នេះដល់សង្ឃ។ (ពាក្យ​តពីនេះ​ទៅ មានសេចក្តី​ដូចគ្នា​នឹងសិក្ខាបទ​ទី១​នៃ​និស្សគ្គិយ​កណ្ឌនេះ)។

[១៣៦] របស់ដែលគេ​ឲ្យ​ដើម្បី​ប្រយោជន៍​វត្ថុ​ដទៃ ភិក្ខុនីសំគាល់ថារបស់ដែលគេ​ឲ្យ​ដើម្បី​ប្រយោជន៍​វត្ថុ​ដទៃ ហើយឲ្យគេ​ទិញវត្ថុឯទៀត ត្រូវនិស្សគ្គិយបាចិត្តិយ។ របស់ដែលគេឲ្យ​ដើម្បី​ប្រយោជន៍​វត្ថុ​ដទៃ ភិក្ខុនីមានសេចក្តី​សង្ស័យ ហើយឲ្យគេ​ទិញវត្ថុដទៃវិញ ត្រូវនិស្សគ្គិយ​បាចិត្តិយ។ របស់គេ​ឲ្យ​ដើម្បី​ប្រយោជន៍​វត្ថុ​ដទៃ ភិក្ខុនីសំគាល់ថាមិនមែន​របស់ដែលគេ​ឲ្យ​ដើម្បី​ប្រយោជន៍​វត្ថុ​ដទៃ ហើយឲ្យគេ​ទិញវត្ថុដទៃវិញ ត្រូវ​និស្សគ្គិយ​បាចិត្តិយ។ ភិក្ខុនី​បាន​វត្ថុ​ដែល​លះនោះមកវិញហើយ គប្បី​បង្អោន​ទៅក្នុង​វត្ថុ​ដែល​ទាយកគេ​ឲ្យ​ចំពោះ​យ៉ាងណា។ មិនមែន​របស់ដែលគេ​ឲ្យ​ដើម្បី​ប្រយោជន៍​វត្ថុ​ដទៃ ភិក្ខុនីសំគាល់ថារបស់ដែល​គេ​ឲ្យ​ដើម្បី​ប្រយោជន៍​វត្ថុ​ដទៃ ត្រូវអាបត្តិ​ទុក្កដ។ មិនមែន​របស់ដែលគេឲ្យ​ដើម្បី​ប្រយោជន៍​វត្ថុ​ដទៃ ភិក្ខុនីមានសេចក្តី​សង្ស័យ ត្រូវអាបត្តិ​ទុក្កដ។ មិនមែន​របស់ដែលគេឲ្យ​ដើម្បី​ប្រយោជន៍​វត្ថុ​ដទៃ ភិក្ខុនី​សំគាល់ថា​មិនមែន​របស់​​ដែលគេ​ឲ្យ​ដើម្បី​ប្រយោជន៍​វត្ថុ​ដទៃ មិនត្រូវអាបត្តិ។

[១៣៧] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៥យ៉ាង) គឺភិក្ខុនី​បង្អោនទៅនូវ​​របស់​ដែលសល់១ ភិក្ខុនី​ប្រាប់​ម្ចាស់ទាន​ហើយ ទើប​បង្អោន​ទៅ១ ភិក្ខុនី​ឲ្យ​គេចាត់ចែង​ខុស​បំណង​ទាយក​ព្រោះ​​​មាន​សេចក្តី​អន្តរាយ១ ភិក្ខុនីឆ្កួត១ ភិក្ខុនី​ជាខាងដើមបញ្ញត្តិ១។

(និស្សគ្គិយ) ចីវរវគ្គ (ទី២)

(និស្សគ្គិយ ចីវរវគ្គ) សិក្ខាបទ ទី១

(១១. ឯកាទសមសិក្ខាបទំ)

[១៣៨] សម័យនោះ ព្រះពុទ្ធជាម្ចាស់​ដ៏មានព្រះភាគ គង់នៅវត្តជេតវន ​របស់​អនាថបិណ្ឌិក​​សេដ្ឋី ក្បែរ​ក្រុង​សាវត្ថី។ គ្រានោះឯង ភិក្ខុនី​ឈ្មោះថុល្លនន្ទា ជាពហុស្សូត ជាស្រីមាន​ថ្វីមាត់ ក្លៀវក្លា ប្រសប់​ធ្វើធម្មីកថា។ គ្រានោះ ព្រះបាទបសេនទិកោសល ដណ្តប់​សំពត់​កម្ពល​មានដំឡៃច្រើន​ក្នុងកាលត្រជាក់ ហើយព្រះអង្គចូល​ទៅកាន់​សំណាក់​ថុល្លនន្ទា​ភិក្ខុនី លុះចូល​ទៅជិតហើយ ក៏ថ្វាយបង្គំ​ថុល្លនន្ទាភិក្ខុនី ហើយគង់​នៅក្នុងទី​គួរ១។ លុះស្តេច​បសេនទិកោសល​នៅ​ក្នុងទីគួរ១ហើយ ថុល្លនន្ទាភិក្ខុនី​ក៏ពន្យល់​ឲ្យឃើញ ឲ្យកាន់យក ឲ្យអាចហ៊ាន ឲ្យរីករាយ​ដោយធម្មីកថា។ កាល​នោះ ស្តេចបសេនទិកោសល កាលថុល្លនន្ទាភិក្ខុនី​​ពន្យល់​ឲ្យឃើញ ឲ្យកាន់យក ឲ្យអាចហ៊ាន ឲ្យរីករាយ​ដោយធម្មីកថា (ដូច្នោះហើយ) ក៏មានបន្ទូល​នេះ​នឹង​ថុល្លនន្ទាភិក្ខុនី​ថា បពិត្រលោកម្ចាស់ លោកម្ចាស់​ត្រូវការ​វត្ថុណា គប្បីប្រាប់​វត្ថុនោះ​ចុះ។ ថុល្លនន្ទាភិក្ខុនី​ឆ្លើយថា បពិត្រមហារាជ បើព្រះអង្គ​មានសេចក្តី​ប្រាថ្នានឹង​ប្រគេនដល់​អាត្មា ចូរ​ព្រះអង្គប្រគេន​សំពត់​កម្ពល​នេះចុះ។ ទើបស្តេច​បសេនទិកោសល​ប្រគេន​សំពត់កម្ពល​ដល់​ថុល្លនន្ទាភិក្ខុនី ហើយក្រោកចាក​អាសនៈ ថ្វាយបង្គំ​ថុល្លនន្ទាភិក្ខុនី រួចធ្វើ​ប្រទក្សិណ​ចៀសចេញ​ទៅ។ ​មនុស្សទាំងឡាយ ក៏ពោលទោស តិះដៀល បន្តុះ​បង្អាប់​ថា ភិក្ខុនី​ទាំងនេះ​មានសេចក្តី​ប្រាថ្នាច្រើន គ្មានសន្តោស ​មិនសមនឹងសុំសំពត់កម្ពល​ពីស្តេច​សោះ។ ភិក្ខុនី​ទាំងឡាយ បានឮ​មនុស្សទាំងនោះ​ពោលទោស តិះដៀល បន្តុះបង្អាប់ដូច្នោះហើយ។ ភិក្ខុនី​ទាំងឡាយ​ណាមាន​សេចក្តី​ប្រាថ្នាតិច។បេ។ ភិក្ខុនី​ទាំងឡាយ​នោះក៏ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ថុល្លនន្ទា​ជាម្ចាស់ មិនសមបើនឹងសុំសំពត់កម្ពល​ពីស្តេច​សោះ។បេ។ ព្រះអង្គត្រាស់​សួរ​ថា ​ម្នាល​​ភិក្ខុ​​ទាំងឡាយ បានឮ​ថាថុល្លនន្ទា​ភិក្ខុនី សុំសម្ពត់កម្ពល​ពីស្តេច ពិត​មែន​ឬ។ ពួកភិក្ខុ​ក្រាប​ទូល​ថា បពិត្រ​ព្រះដ៏មាន​ព្រះភាគ ពិតមែន។ ព្រះពុទ្ធជាម្ចាស់​ដ៏​មានព្រះភាគ​ ទ្រង់តិះដៀល​ថា ម្នាល​ភិក្ខុទាំងឡាយ ថុល្លនន្ទាភិក្ខុនី​ មិនសមបើនឹងសុំសម្ពត់កម្ពល​ពីស្តេច​ទេ ម្នាល​ភិក្ខុ​ទាំងឡាយ អំពើនេះ មិនមែន​នាំ​ឲ្យ​ជ្រះថ្លា​ដល់ពួកជន ​ដែល​មិន​ទាន់​ជ្រះថ្លា​ទេ។បេ។ ម្នាល​ភិក្ខុទាំងឡាយ ពួកភិក្ខុនី ចូរ​សំដែង​ឡើង​នូវសិក្ខាបទ​នេះ​យ៉ាងនេះ​ថា

ភិក្ខុនី កាលចាត់ចែង​សម្ពត់ដណ្តប់ ដែលមាន​សាច់ក្រាស ត្រូវចាត់ចែង​បានតែ​សម្ពត់​ដែលមាន​ដំឡៃ​បួនកហាបណៈបួនដង​ជាយ៉ាង​ច្រើន បើចាត់ចែង​សំពត់​ដែលមាន​ដំឡៃ​ហួសពី​នោះទៅ ត្រូវ​និស្សគ្គិយបាចិត្តិយ។

[១៣៩] ដែលហៅថា សំពត់ដណ្តប់​ដែលមានសាច់​ក្រាស គឺសំពត់​ដណ្តប់​ណាមួយ​សម្រាប់​ដណ្តប់​ក្នុងរដូវ​រងា។ ត្រង់ពាក្យថា កាលចាត់ចែង គឺថា កាលសូម(គេ)។ ពាក្យថា ត្រូវចាត់​ចែងបាន​តែសំពត់​មានដំឡៃ​បួនកហាបណៈ​បួនដង​ជាយ៉ាងច្រើន សេចក្តីថា ត្រូវចាត់​ចែងបាន​តែ​សំពត់​មានដំឡៃ​១៦កហាបណៈ។ ពាក្យថា បើចាត់ចែង​សំពត់​ឲ្យលើស​ពីនោះទៅ សេចក្តី​ថា ភិក្ខុនី​សូម​សំពត់ឲ្យ​លើស​លុបពី​នោះទៅ ត្រូវអាបត្តិ​ទុក្កដក្នុង​ប្រយោគ​ដែលសូម សំពត់នោះ​ជានិស្សគ្គិយ​ក្នុងពេលដែល​បានមក ភិក្ខុនី​ត្រូវ​​លះបង់​ដល់សង្ឃ​ក៏បាន ដល់គណៈ​ក៏បាន ដល់​ភិក្ខុនី​១រូប​ក៏បាន។ ម្នាលភិក្ខុ​ទាំងឡាយ ​ភិក្ខុនី​ត្រូវលះ​បង់​​យ៉ាងនេះ។បេ។ បពិត្រលោក​ម្ចាស់ សំពត់ដណ្តប់​ដែលមានសាច់ក្រាស​នេះ មានដំឡៃ​លើសពី​បួនកហាបណៈ​បួនដង ជាកំណត់ ខ្ញុំបាន​សូម​មកហើយ ជានិស្សគ្គិយ ខ្ញុំ​សូមលះបង់សំពត់​នេះដល់សង្ឃ។ (ពាក្យ​តពីនេះ​ទៅ មានសេចក្តី​ដូចគ្នា​នឹងសិក្ខាបទ​ទី១​នៃ​និស្សគ្គិយ​កណ្ឌ)។

[១៤០] សំពត់​មានដំឡៃ​លើសពីបួនកហាបណៈ​៤ដង ភិក្ខុនីសំគាល់ថាលើសមែន ហើយសូម ត្រូវនិស្សគ្គិយបាចិត្តិយ។ សំពត់​មានដំឡៃ​លើសពីបួនកហាបណៈ​៤ដង ភិក្ខុនីមាន​សេចក្តី​សង្ស័យ ហើយសូម ត្រូវនិស្សគ្គិយ​បាចិត្តិយ។ សំពត់​មានដំឡៃ​លើសពីបួនកហាបណៈ​៤ដង ភិក្ខុនីសំគាល់ថាខ្វះវិញ ហើយសូម ត្រូវ​និស្សគ្គិយ​បាចិត្តិយ។ សំពត់​មានដំឡៃ​ខ្វះពី​បួនកហាបណៈ​៤ដង ភិក្ខុនី​សំគាល់ថា​លើសវិញ ត្រូវអាបត្តិ​ទុក្កដ។ សំពត់​មានដំឡៃ​ខ្វះពី​បួនកហាបណៈ​៤ដង ភិក្ខុនី​មានសេចក្តី​សង្ស័យ ត្រូវអាបត្តិ​ទុក្កដ។ សំពត់​មានដំឡៃ​ខ្វះពី​បួនកហាបណៈ​៤ដង ភិក្ខុនី​សំគាល់ថា​ខ្វះមែន មិនត្រូវអាបត្តិ។

[១៤១] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៩យ៉ាង) គឺភិក្ខុនីសុំសំពត់​ដណ្តប់​មានដំឡៃ​ត្រឹមបួនកហាបណៈ​៤ដង​ជាកំណត់១ ភិក្ខុនីសុំសំពត់​ដណ្តប់​មានដំឡៃ​ខ្វះពី​បួនកហាបណៈ​៤ដង​ជាកំណត់១ ភិក្ខុនីសុំសំពត់​ដណ្តប់​របស់ពួកញាតិ១ ភិក្ខុនីសុំសំពត់​ដណ្តប់​របស់ពួក​ជនដែល​បវារណា១ ភិក្ខុនីសុំ​សំពត់ដណ្តប់​ដើម្បីបុគ្គលដទៃ​១ ភិក្ខុនីបាន​សំពត់ដណ្តប់​មកដោយ​ទ្រព្យរបស់ខ្លួន១ ជនមានសេចក្តី​ប្រាថ្នា​ឲ្យភិក្ខុនី​សុំសំពត់​ដណ្តប់​មានដំឡៃ​ច្រើន ភិក្ខុនី​ត្រឡប់​សុំសំពត់​ដណ្តប់​មានដំឡៃ​តិច១ ភិក្ខុនីឆ្កួត១ ភិក្ខុនី​ជាខាងដើមបញ្ញត្តិ១។

(និស្សគ្គិយ ចីវរវគ្គ) សិក្ខាបទ ទី២

(១២. ទ្វាទសមសិក្ខាបទំ)

[១៤២] សម័យនោះ ព្រះពុទ្ធជាម្ចាស់​ដ៏មានព្រះភាគ គង់នៅវត្តជេតវន ​របស់​អនាថបិណ្ឌិក​​សេដ្ឋី ក្បែរ​ក្រុង​សាវត្ថី។ គ្រានោះឯង ថុល្លនន្ទាភិក្ខុនី ជាពហុស្សូត ជាស្រីមាន​ថ្វីមាត់ ជាស្រីក្លៀវក្លា ប្រសប់​ធ្វើធម្មីកថា។ លំដាប់នោះ ព្រះបាទបសេនទិកោសល ទ្រង់ដណ្តប់​សំពត់​សម្បកឈើ​​មានដំឡៃច្រើន​ក្នុងកាលក្តៅ ហើយចូល​ទៅរក​ថុល្លនន្ទា​ភិក្ខុនី លុះយាងចូល​ទៅហើយ ក៏ថ្វាយបង្គំ​ថុល្លនន្ទាភិក្ខុនី ហើយគង់​នៅក្នុងទី​គួរមួយ។ លុះព្រះបាទ​បសេនទិកោសលគង់​នៅ​ក្នុងទីសមគួរហើយ ថុល្លនន្ទាភិក្ខុនី​ក៏បានពន្យល់​ឲ្យទ្រង់ឃើញ ឲ្យកាន់យក ឲ្យអាចហ៊ាន ឲ្យរីករាយ​ដោយធម្មីកថា។ លំដាប់​នោះ ព្រះបាទបសេនទិកោសល កាលថុល្លនន្ទាភិក្ខុនី​​ពន្យល់​ឲ្យទ្រង់ឃើញ ឲ្យកាន់យក ឲ្យអាចហ៊ាន ឲ្យរីករាយ​ដោយធម្មីកថាហើយ ក៏មានព្រះបន្ទូល​នេះ​នឹង​ថុល្លនន្ទាភិក្ខុនី​ថា បពិត្រលោកម្ចាស់ លោកម្ចាស់​ត្រូវការ​វត្ថុណា គប្បីប្រាប់​វត្ថុនោះ​ចុះ។ ថុល្លនន្ទាភិក្ខុនី​ឆ្លើយថា បពិត្រមហារាជ បើព្រះអង្គ​​ប្រាថ្នា​នឹងប្រគេនដល់​អាត្មាភាព សូម​ព្រះអង្គ​ប្រគេន​សំពត់សម្បកឈើ​នេះចុះ។ ទើបព្រះបាទ​បសេនទិកោសល​ប្រគេន​សំពត់សម្បកឈើ​ដល់​ថុល្លនន្ទាភិក្ខុនី រួចទ្រង់ក្រោកចាក​អាសនៈ ថ្វាយបង្គំ​ថុល្លនន្ទាភិក្ខុនី ធ្វើ​ប្រទក្សិណ​ចៀសចេញ​ទៅ។ ​មនុស្សទាំងឡាយ ពោលទោស តិះដៀល បន្តុះ​បង្អាប់​ថា ពួកភិក្ខុនី​ទាំងនេះ​មានសេចក្តី​ប្រាថ្នាធំ គ្មានសន្តោស ​មិនសមបើនឹងសុំសំពត់សម្បកឈើអំ​ពីស្តេច​សោះ។ ពួកភិក្ខុនី ឮ​មនុស្សទាំងឡាយនោះ​ពោលទោស តិះដៀល បន្តុះបង្អាប់ហើយ។ ពួកភិក្ខុនី​​ណាមាន​សេចក្តី​ប្រាថ្នាតិច។បេ។ ពួកភិក្ខុនី​ទាំង​នោះក៏ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ថុល្លនន្ទា​ជាម្ចាស់ មិនសមបើនឹងសុំសំពត់សម្បកឈើអំ​ពីស្តេច​សោះ។បេ។ ព្រះអង្គត្រាស់​សួរ​ថា ​ម្នាល​​ភិក្ខុ​​ទាំងឡាយ ឮ​ថាថុល្លនន្ទា​ភិក្ខុនី សុំសម្ពត់សម្បកឈើ​ពីស្តេច ពិត​មែន​ឬ។ ពួកភិក្ខុ​ក្រាប​ទូល​ថា បពិត្រ​ព្រះដ៏មាន​ព្រះភាគ ពិតមែន។ ព្រះពុទ្ធជាម្ចាស់​ដ៏​មានព្រះភាគ​ ទ្រង់តិះដៀល​ថា ម្នាល​ភិក្ខុទាំងឡាយ ថុល្លនន្ទាភិក្ខុនី​ មិនសមបើនឹងសូមសំពត់សម្បកឈើអំ​ពីស្តេច​ទេ ម្នាល​ភិក្ខុ​ទាំងឡាយ អំពើនេះ មិនមែន​នាំ​ឲ្យ​ជ្រះថ្លា​ដល់ពួកជន ​ដែល​មិន​ទាន់​ជ្រះថ្លា​ទេ។បេ។ ម្នាល​ភិក្ខុទាំងឡាយ ពួកភិក្ខុនី ចូរ​សំដែង​ឡើង​នូវសិក្ខាបទ​នេះ​យ៉ាងនេះ​ថា

ភិក្ខុនី កាលចាត់ចែង​សម្ពត់ដណ្តប់ ដែលមាន​សាច់ស្តើង ត្រូវចាត់ចែង​បានតែ​សម្ពត់​ដែលមាន​ដំឡៃ​ត្រឹមបួនកហាបណៈបីដង​ដោយកន្លះ បើចាត់ចែង​ឲ្យលើស​ពីកំណត់​នោះទៅ ត្រូវ​និស្សគ្គិយបាចិត្តិយ។

[១៤៣] ដែលហៅថា សំពត់ដណ្តប់​មានសាច់ស្តើង គឺសំពត់​​ណាមួយ​សម្រាប់​ដណ្តប់​ក្នុងរដូវក្តៅ។ ត្រង់ពាក្យថា កាលចាត់ចែង គឺកាលសូម។ ពាក្យថា ត្រូវចាត់​ចែងបាន​តែសំពត់​ដណ្តប់​មានដំឡៃត្រឹម​បួនកហាបណៈ​បីដង​ដោយកន្លះ សេចក្តីថា ត្រូវសូមបាន​តែ​សំពត់​ដែល​មានដំឡៃ​១០កហាបណៈ។ ពាក្យថា បើចាត់ចែង​ឲ្យលើសកំណត់នោះទៅ សេចក្តី​ថា ភិក្ខុនី​សូម​ឲ្យ​លើសពីកំណត់​នោះទៅ ត្រូវអាបត្តិ​ទុក្កដក្នុង​ប្រយោគ​ដែលសូម សំពត់នោះ​ជានិស្សគ្គិយ​ក្នុងពេលដែល​បានមក។ ភិក្ខុនី​ត្រូវ​​លះបង់​ដល់សង្ឃ​ក៏បាន ដល់គណៈ​ក៏បាន ដល់​ភិក្ខុនី​១រូប​ក៏បាន ម្នាលភិក្ខុ​ទាំងឡាយ ​ភិក្ខុនី​ត្រូវលះ​បង់​​យ៉ាងនេះ។បេ។ បពិត្រលោក​ម្ចាស់ សំពត់ដណ្តប់​ដែលមានសាច់ស្តើង​នេះ មានដំឡៃ​លើសពី​បួនកហាបណៈ​បីដង​ដោយកន្លះ​ជាកំណត់ ខ្ញុំបាន​សុំ​មកហើយ ជានិស្សគ្គិយ ខ្ញុំ​សូមលះបង់សំពត់​នេះដល់សង្ឃ។ (ពាក្យ​តពីនេះ​ទៅ មានសេចក្តី​ដូចគ្នា​នឹងសិក្ខាបទ​ទី១​នៃ​និស្សគ្គិយ​កណ្ឌ)។

[១៤៤] សំពត់​ដណ្តប់មានដំឡៃ​លើសពីបួនកហាបណៈ​៣ដង​ដោយកន្លះ ភិក្ខុនីសំគាល់ថាលើសមែន ហើយសូម ត្រូវនិស្សគ្គិយបាចិត្តិយ។ សំពត់​ដណ្តប់​មានដំឡៃ​លើសពីបួនកហាបណៈ​៣ដង​ដោយកន្លះ តែភិក្ខុនីមាន​សេចក្តី​សង្ស័យ ហើយសូម ត្រូវនិស្សគ្គិយ​បាចិត្តិយ។ សំពត់​ដណ្តប់​មានដំឡៃ​លើសពីបួនកហាបណៈ​៣ដង​ដោយកន្លះ ភិក្ខុនីសំគាល់ថាខ្វះ ហើយសូម ត្រូវ​និស្សគ្គិយ​បាចិត្តិយ។ សំពត់​ដណ្តប់​មានដំឡៃ​តិចជាង​បួនកហាបណៈ៣ដង​ដោយកន្លះ ភិក្ខុនី​សំគាល់ថា​លើសទៅវិញ ត្រូវអាបត្តិ​ទុក្កដ។ សំពត់ដណ្តប់​មានដំឡៃ​ខ្វះពី​បួនកហាបណៈ៣ដង​ដោយកន្លះ ភិក្ខុនី​មានសេចក្តី​សង្ស័យ ត្រូវអាបត្តិ​ទុក្កដ។ សំពត់ដណ្តប់​មានដំឡៃ​ខ្វះពី​បួនកហាបណៈ៣ដង​ដោយកន្លះ ភិក្ខុនី​សំគាល់ថា​ខ្វះមែន មិនត្រូវអាបត្តិ។

[១៤៥] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៩យ៉ាង) គឺភិក្ខុនីសុំសំពត់​ដណ្តប់​មានដំឡៃ​ត្រឹមបួនកហាបណៈ​៣ដង​ដោយកន្លះ១ ភិក្ខុនីសុំសំពត់​ដណ្តប់​មានដំឡៃតិចជាង​បួនកហាបណៈ​៣ដង​​ដោយកន្លះជាកំណត់១ ភិក្ខុនីសុំសំពត់​ដណ្តប់​របស់ពួកញាតិ១ ភិក្ខុនីសុំសំពត់​ដណ្តប់​របស់ពួក​ជនដែល​បវារណា១ ភិក្ខុនីសុំ​សំពត់ដណ្តប់​ដើម្បីបុគ្គលដទៃ​១ ភិក្ខុនីបាន​សំពត់ដណ្តប់​មកដោយ​ទ្រព្យរបស់ខ្លួន១ ជន​ប្រាថ្នាដើម្បីទិញ​សំពត់​ដណ្តប់​មានដំឡៃ​ច្រើន ភិក្ខុនី​ត្រឡប់​ឲ្យទិញ​សំពត់​ដណ្តប់​មានដំឡៃ​តិច១ ភិក្ខុនីឆ្កួត១ ភិក្ខុនី​ជាខាងដើមបញ្ញត្តិ១។

[១៤៦] បពិត្រលោកម្ចាស់​ទាំងឡាយ ពួកអាបត្តិឈ្មោះនិស្សគ្គិយបាចិត្តិយ៣០ ខ្ញុំសំដែង​ឡើងហើយ។ ខ្ញុំសូមសួរលោកម្ចាស់​ទាំងឡាយ​ក្នុងអាបត្តិ​ទាំងនោះ លោកទាំងឡាយ​ជាអ្នក​បរិសុទ្ធ​ហើយឬ។ ខ្ញុំសូមសួរ​ជាគំរប់ពីរដងផង លោកទាំងឡាយ​ជាអ្នកបរិសុទ្ធ​ហើយឬ។ ខ្ញុំសូមសួរ​ជាគំរប់បីដងផង លោកទាំងឡាយ​ជាអ្នកបរិសុទ្ធ​ហើយឬ។ លោកម្ចាស់​ទាំងឡាយ​ជាអ្នកបរិសុទ្ធ​ហើយ​ក្នុងអាបត្តិ​ទាំងនេះ ព្រោះហេតុដូច្នោះ បានជាលោក​ទាំងឡាយ​ស្ងៀមនៅ។ ខ្ញុំ​សូមចាំទុក​នូវរឿង​នេះ ដោយអាការ​ស្ងៀមនៅ​យ៉ាងនេះ។

និស្សគ្គិយ បាចិត្តិយ ចប់។

បាចិត្តិយកណ្ឌ (ភិក្ខុនីវិភង្គ)

(៤. បាចិត្តិយកណ្ឌំ (ភិក្ខុនីវិភង្គោ))

បពិត្រ​លោកម្ចាស់ទាំងឡាយ អាបត្តិទាំងឡាយឈ្មោះបាចិត្តិយមែននេះ មានចំនួន១៦៦ តែងមកកាន់ឧទ្ទេស (គឺការសូត្រ​រាល់ៗកន្លះខែ)

(បាចិត្តិយ) លសុណវគ្គ (ទី១)

(១. លសុណវគ្គោ)

(បាចិត្តិយ លសុណវគ្គ) សិក្ខាបទ ទី១

(១. បឋមសិក្ខាបទំ)

[១៤៧] សម័យនោះ ព្រះពុទ្ធជាម្ចាស់​ដ៏មានព្រះភាគ គង់នៅវត្តជេតវន ​របស់​អនាថបិណ្ឌិក​​សេដ្ឋី ទៀប​ក្រុង​សាវត្ថី។ គ្រានោះឯង មានឧបាសក​ម្នាក់​បវារណា​ភិក្ខុនីសង្ឃ​ដោយខ្ទឹមថា លោកម្ចាស់​ទាំងឡាយណា ត្រូវការដោយ​ខ្ទឹម ខ្ញុំព្រះករុណា (នឹងប្រគេនខ្ទឹម​ដល់លោកម្ចាស់​ទាំងឡាយនោះ)។ ឧបាសកនោះ​ក៏បង្គាប់​អ្នក​រក្សាចំការខ្ទឹមថា បើពួកភិក្ខុនី​មក អ្នកឯង​ចូរប្រគេនខ្ទឹម​ពីរបី​មើម​ដល់ភិក្ខុនី​១អង្គៗ។ សម័យនោះឯង ក្រុងសាវត្ថី​(មានគេលេង)​មហោស្រព។ ខ្ទឹម​ដែលឧបាសក​បានយកមក ក៏អស់រលីងទៅ។ ពួកភិក្ខុនី​ចូលទៅរក​ឧបាសក​នោះ ហើយបានពោល​ពាក្យនេះថា ម្នាលអាវុសោ យើងទាំងឡាយ​ត្រូវការដោយ​ខ្ទឹម។ ឧបាសក​នោះឆ្លើយថា បពិត្រលោកម្ចាស់ ខ្ទឹមគ្មានទេ ខ្ទឹមដែលបាន​យកមក​ អស់រលីង​ទៅហើយ សូមលោក​ម្ចាស់​និមន្ត​ទៅចំការចុះ។ ​ថុល្លនន្ទា​ភិក្ខុនី​ទៅកាន់ចំការ​ហើយ មិនដឹងប្រមាណ ក៏ឲ្យ​គេនាំយកខ្ទឹម​ទៅជាច្រើន។ មនុស្ស​អ្នករក្សាចំការ​ក៏ពោលទោស តិះដៀល បន្តុះ​បង្អាប់​ថា ពួកភិក្ខុនី មិនសមបើនឹងទៅកាន់​ចំការហើយ មិនដឹងប្រមាណ ឲ្យគេនាំយក​ខ្ទឹម​ទៅច្រើន​ដល់ម្ល៉េះសោះ។ ភិក្ខុនីទាំងឡាយ បានឮអ្នករក្សាចំការ​ពោលទោស តិះដៀល បន្តុះបង្អាប់​(ដូច្នោះ)​ហើយ។ ពួកភិក្ខុនី​​ណាមាន​សេចក្តី​ប្រាថ្នាតិច។បេ។ ពួកភិក្ខុនី​ទាំង​នោះក៏ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ថុល្លនន្ទា​ជាម្ចាស់ មិនសមបើនឹងមិនដឹង​ប្រមាណ ឲ្យគេនាំយក​ខ្ទឹម​មកច្រើន​ដល់ម្ល៉េះសោះ។បេ។ ព្រះអង្គត្រាស់​សួរ​ថា ​ម្នាល​​ភិក្ខុ​​ទាំងឡាយ ឮ​ថាថុល្លនន្ទា​ភិក្ខុនី​មិនដឹង​ប្រមាណ ឲ្យគេនាំ​យកខ្ទឹម​ច្រើន ពិត​មែន​ឬ។ ពួកភិក្ខុ​ក្រាប​ទូល​ថា បពិត្រ​ព្រះដ៏មាន​ព្រះភាគ ពិតមែន។ ព្រះពុទ្ធ​ដ៏​មានព្រះភាគ​ ទ្រង់តិះដៀល​ថា ម្នាល​ភិក្ខុទាំងឡាយ ថុល្លនន្ទាភិក្ខុនី​ មិនសមបើនឹងមិនដឹង​ប្រមាណ ឲ្យគេនាំ​យកខ្ទឹម​មកច្រើន​ដល់ម្ល៉េះសោះ ម្នាល​ភិក្ខុ​ទាំងឡាយ អំពើនេះ មិនមែន​នាំ​ឲ្យ​ជ្រះថ្លា​ដល់ពួកជន ​ដែល​មិន​ទាន់​ជ្រះថ្លា​ ឬនាំពួកជន​ដែលជ្រះថ្លា​ហើយ ឲ្យរឹងរឹត​តែជ្រះថ្លា​ឡើងទៀតទេ ម្នាលភិក្ខុទាំងឡាយ អំពើនេះ នាំពួកជន​ដែលមិនទាន់​ជ្រះថ្លា ឲ្យខានជ្រះថ្លា​ទៅផង នាំជនពួកខ្លះ​ដែលជ្រះថ្លា​ស្រាប់ហើយ ឲ្យទាស់​ចិត្តខូច​គំនិត​ទៅវិញ​ផង​ដោយពិត។

[១៤៨] គ្រានោះ ព្រះដ៏មានព្រះភាគ​ទ្រង់តិះដៀល​ថុល្លនន្ទាភិក្ខុនី​ជាអនេកបរិយាយ ហើយទ្រង់​ធ្វើធម្មីកថា​ដ៏សមគួរ​ក្នុងពេលនោះ និងល្មម​ក្នុងពេល​នោះដល់​ភិក្ខុទាំងឡាយ ទើប​ទ្រង់​ហៅពួកភិក្ខុ​មកហើយ​ត្រាស់ថា ម្នាល​ភិក្ខុទាំងឡាយ រឿងធ្លាប់​មានមកហើយ ថុល្លនន្ទាភិក្ខុនី​ធ្លាប់​បានជាប្រពន្ធ​ព្រាហ្មណ៍​១នាក់។ នាងមាន​កូនស្រី៣នាក់ គឺនាង​នន្ទា១ នាងនន្ទវតី១ នាងសុន្ទរីនន្ទា១។ ម្នាលភិក្ខុទាំងឡាយ កាលនោះ ព្រាហ្មណ៍​នោះក៏ធ្វើមរណកាល​ទៅ កើតក្នុង​កំណើត​សត្វហង្ស១។ ហង្សនោះមាន​ស្លាប​សុទ្ធសឹងជាមាស។ ហង្សនោះឲ្យស្លាប​មួយៗ​ដល់ប្រពន្ធ​និងកូនស្រីទាំងនោះ ម្នាលភិក្ខុទាំងឡាយ ថុល្លនន្ទា​ភិក្ខុនី​គិតថា ហង្សនេះ​បានឲ្យ​ស្លាប​មួយៗ​ដល់យើងទាំងឡាយ គិតដូច្នោះហើយ ក៏ចាប់​ស្តេចហង្ស​នោះ ហើយក៏ដក​យកស្លាប​ចេញអស់​ក្នុងកាលនោះឯង។ ស្លាបទាំងឡាយ​របស់ហង្ស​នោះ កាលដុះឡើងទៀត ក៏សទាំងអស់។ ម្នាលភិក្ខុទាំងឡាយ ថុល្លនន្ទាភិក្ខុនី​សាបសូន្យ​ចាកមាស​ក្នុងកាលនោះ ព្រោះ​តែសេចក្តី​លោភហួស ឥឡូវ​នេះមកសាបសូន្យ​ចាកខ្ទឹម។

[១៤៩] ទ្រព្យណាដែលខ្លួនបានហើយ បុគ្គលត្រូវ​ត្រេកអរ​ដោយទ្រព្យនោះ ព្រោះថា សេចក្តី​លោភពេក ជាសភាវៈ​ដ៏លាមក។ ថុល្លនន្ទាភិក្ខុនី​លុះចាប់​ស្តេចហង្ស​បានហើយ ក៏សាប​សូន្យ​ចាកមាស។

[១៥០] លំដាប់នោះ ព្រះដ៏មានព្រះភាគ​ទ្រង់​តិះដៀល​ថុល្លនន្ទាភិក្ខុនី​ដោយ​អនេកបរិយាយ។បេ។ ហើយទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុនី ចូរ​សំដែង​ឡើង​នូវសិក្ខាបទ​នេះ​យ៉ាងនេះ​ថា

ភិក្ខុនីណាមួយ​ទំពាស៊ីខ្ទឹម ត្រូវអាបត្តិបាចិត្តិយ។

[១៥១] ត្រង់ពាក្យថា ភិក្ខុនីណាមួយ បានអធិប្បាយ​រួចហើយ​ក្នុងបារាជិក​កណ្ឌទី១។បេ។ ដែលហៅថា​ខ្ទឹម សំដៅយកខ្ទឹម​ដែល​កើតក្នុង​ដែនមគធ។ ភិក្ខុនី​ទទួលខ្ទឹម​ដោយគិតថា អញនឹងទំពាស៊ី ត្រូវអាបត្តិ​ទុក្កដ ត្រូវអាបត្តិបាចិត្តិយ​គ្រប់ៗវារៈ​ដែលលេបចូលទៅ។

[១៥២] ខ្ទឹម ភិក្ខុនីសំគាល់ថាខ្ទឹមមែន ហើយទំពាស៊ី ត្រូវអាបត្តិបាចិត្តិយ។ ខ្ទឹម ភិក្ខុនីមានសេចក្តី​សង្ស័យ ហើយទំពាស៊ី ត្រូវអាបត្តិបាចិត្តិយ។ ខ្ទឹម ភិក្ខុនីសំគាល់ថាមិនមែន​ខ្ទឹម ហើយទំពាស៊ី ត្រូវអាបត្តិបាចិត្តិយ។ មិនមែនខ្ទឹម ភិក្ខុនីសំគាល់ថាខ្ទឹម ត្រូវអាបត្តិទុក្កដ។ មិនមែនខ្ទឹម ភិក្ខុនីមានសេចក្តី​សង្ស័យ ត្រូវអាបត្តិទុក្កដ។ មិនមែនខ្ទឹម ភិក្ខុនីសំគាល់ថា​មិនមែនខ្ទឹម មិនត្រូវអាបត្តិ។

[១៥៣] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន១១យ៉ាង) ភិក្ខុនីឆាន់​ខ្ទឹមលឿង១ ភិក្ខុនីឆាន់​ខ្ទឹមក្រហម១ ភិក្ខុនីឆាន់​ខ្ទឹមខៀវ១ ភិក្ខុនីឆាន់​ខ្ទឹមឥតមើម (ខ្ទឹមដើម)១ ភិក្ខុនីឆាន់​ខ្ទឹមដែល​គេចំអិន​ដោយសម្ល១ ភិក្ខុនីឆាន់​ខ្ទឹមដែលគេចំអិន​ដោយសាច់១ ភិក្ខុនីឆាន់​ខ្ទឹមដែលគេ​ចំអិន​ដោយប្រេង១ ភិក្ខុនីឆាន់​ខ្ទឹមដែលគេ​ដាក់ក្នុង​បបរគ្រឿង១ ភិក្ខុនីឆាន់​ខ្ទឹម​ដែលគេ​ដាក់​ក្នុង​សម្លការី១ ភិក្ខុនីឆ្កួត១ ភិក្ខុនី​ជាខាងដើមបញ្ញត្តិ១។

(បាចិត្តិយ លសុណវគ្គ) សិក្ខាបទ ទី២

(២. ទុតិយសិក្ខាបទំ)

[១៥៤] សម័យនោះ ព្រះពុទ្ធជាម្ចាស់​ដ៏មានព្រះភាគ ព្រះអង្គគង់នៅវត្តជេតវន ​របស់​អនាថបិណ្ឌិក​​សេដ្ឋី ទៀប​ក្រុង​សាវត្ថី។ គ្រានោះឯង ពួកឆព្វគ្គិយាភិក្ខុនី​ឲ្យគេដករោម​ក្នុងទី​ចង្អៀត ហើយស្រាតងូតទឹក​ក្នុងកំពង់១ ជាមួយនឹង​ពួកស្រីវេស្យា​ក្នុងស្ទឹង​អចិរវតី។ ពួកស្រីវេស្យា​ក៏ពោល​ទោស តិះដៀល បន្តុះ​បង្អាប់​ថា ភិក្ខុនីទាំងឡាយ មិនសមបើនឹងឲ្យគេដក​រោមក្នុងទី​ចង្អៀត ដូចជាស្រីគ្រហស្ថ​បរិភោគ​កាមគុណសោះ។ ពួកភិក្ខុនី បានឮស្រីវេស្យា​ទាំងនោះពោលទោស តិះដៀល បន្តុះបង្អាប់​(ដូច្នោះ)​ហើយ។ ពួកភិក្ខុនី​​ណាមាន​សេចក្តី​ប្រាថ្នាតិច។បេ។ ពួកភិក្ខុនី​នោះក៏ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ឆព្វគ្គិយាភិក្ខុនីទាំងឡាយ មិនសមបើនឹងឲ្យគេដក​រោមក្នុងទី​ចង្អៀតសោះ។បេ។ ព្រះអង្គត្រាស់​សួរ​ថា ​ម្នាល​​ភិក្ខុ​​ទាំងឡាយ ឮ​ថាឆព្វគ្គិយាភិក្ខុនី​ទាំងឡាយឲ្យគេដក​រោមក្នុងទី​ចង្អៀត ពិត​មែន​ឬ។ ពួកភិក្ខុ​ក្រាប​ទូល​ថា បពិត្រ​ព្រះដ៏មាន​ព្រះភាគ ពិតមែន។ ព្រះពុទ្ធ​ជាម្ចាស់ដ៏​មានព្រះភាគ​ ទ្រង់តិះដៀល​ថា ម្នាល​ភិក្ខុទាំងឡាយ ឆព្វគ្គិយាភិក្ខុនី​ទាំងឡាយ មិនសមបើនឹងឲ្យគេដក​រោមក្នុងទី​ចង្អៀតទេ ម្នាល​ភិក្ខុ​ទាំងឡាយ អំពើនេះ មិនមែន​នាំ​ឲ្យ​ជ្រះថ្លា​ដល់ពួកជន ​ដែល​មិន​ទាន់​ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនី​ទាំងឡាយ ចូរ​សំដែង​ឡើង​នូវសិក្ខាបទ​នេះ​យ៉ាងនេះ​ថា

ភិក្ខុនីណាមួយឲ្យគេដក​រោមក្នុងទី​ចង្អៀត ត្រូវអាបត្តិ​បាចិត្តិយ។

[១៥៥] ត្រង់ពាក្យថា ភិក្ខុនីណាមួយ បានអធិប្បាយ​​ក្នុងបារាជិក​កណ្ឌទី១​រួចហើយ។បេ។ ដែលហៅថា​ទីចង្អៀត បានដល់ក្លៀក​ទាំងពីរ និងកន្លែង​បន្ទោបង់​នូវទឹកមូត្រ។ ពាក្យថា ឲ្យគេដក សេចក្តីថា ភិក្ខុនី​ឲ្យគេដក​រោមសូម្បី​១សរសៃក្តី ក៏ត្រូវអាបត្តិ​បាចិត្តិយ។ ឲ្យគេដក​រោម​ច្រើន​សរសៃក្តី ក៏ត្រូវអាបត្តិបាចិត្តិយ។

[១៥៦] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៣យ៉ាង) ភិក្ខុនីឲ្យគេដករោម ព្រោះ​ហេតុមានអាពាធ (កើតបូសកម​ជាដើម)១ ភិក្ខុនីឆ្កួត១ ភិក្ខុនី​ជាខាងដើមបញ្ញត្តិ១។

(បាចិត្តិយ លសុណវគ្គ) សិក្ខាបទ ទី៣

(៣. តតិយសិក្ខាបទំ)

[១៥៧] សម័យនោះ ព្រះពុទ្ធជាម្ចាស់​ដ៏មានព្រះភាគ គង់នៅវត្តជេតវន ​របស់​អនាថបិណ្ឌិក​​សេដ្ឋី ទៀប​ក្រុង​សាវត្ថី។ គ្រានោះឯង ភិក្ខុនីពីររូប​មានសេចក្តី​អផ្សុក​មកបៀត​បៀន ក៏ចូលទៅកាន់​បន្ទប់ ហើយធ្វើនូវ​កិរិយា​ទះ​នូវផ្ទៃ​នៃអង្គជាត។ ពួកភិក្ខុនី​ស្ទុះចូលទៅ​ដោយឮ​សំឡេងនោះ ហើយពោលនូវពាក្យនេះ​នឹងភិក្ខុនី​ទាំងនោះ​ថា បពិត្រលោកម្ចាស់ ហេតុអ្វី​បានជា​លោក​ទាំងឡាយ​ប្រទុស្ត​មួយអន្លើ​ដោយបុរស។ ភិក្ខុនី​ទាំងនោះ​ឆ្លើយថា បពិត្រលោកម្ចាស់ យើង​ទាំងឡាយ​មិនប្រទុស្ត​មួយអន្លើ​ដោយបុរសទេ។ ពួកភិក្ខុនី​ប្រាប់សេចក្តី​នុ៎ះ​ដល់ភិក្ខុនី​ទាំងឡាយ។ ពួកភិក្ខុនី​​ណាមាន​សេចក្តី​ប្រាថ្នាតិច។បេ។ ពួកភិក្ខុនីទាំង​នោះក៏ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ពួកភិក្ខុនី មិនសមបើនឹងធ្វើនូវ​កិរិយា​ទះ​នូវផ្ទៃ​នៃអង្គជាតសោះ។បេ។ ព្រះអង្គ​ទ្រង់​ត្រាស់​សួរ​ថា ​ម្នាល​​ភិក្ខុ​​ទាំងឡាយ ឮ​ថាពួកភិក្ខុនីធ្វើនូវ​កិរិយា​ទះ​នូវផ្ទៃ​នៃអង្គជាត ពិត​មែន​ឬ។ ភិក្ខុទាំងឡាយ​ក្រាប​ទូល​ថា បពិត្រ​ព្រះដ៏មាន​ព្រះភាគ ពិតមែន។ ព្រះពុទ្ធ​ជាម្ចាស់ដ៏​មានព្រះភាគ​ ទ្រង់តិះដៀល​ថា ម្នាល​ភិក្ខុទាំងឡាយ ពួកភិក្ខុនី មិនសមបើនឹងធ្វើនូវ​កិរិយា​ទះ​នូវផ្ទៃ​នៃអង្គជាតទេ ម្នាល​ភិក្ខុ​ទាំងឡាយ អំពើនេះ មិនមែន​នាំ​ឲ្យ​ជ្រះថ្លា​ដល់ពួកជន ​ដែល​មិន​ទាន់​ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុនី ចូរ​សំដែង​ឡើង​នូវសិក្ខាបទ​នេះ​យ៉ាងនេះ​ថា

អាបត្តិ​បាចិត្តិយ​មានដល់​ភិក្ខុនី ព្រោះ​កិរិយា​ទះ​នូវផ្ទៃ​នៃអង្គជាត។

[១៥៨] ដែលហៅថា ទះ​នូវផ្ទៃ​នៃអង្គជាត គឺភិក្ខុនី​ត្រេកអរ​នូវសម្ផស្ស ហើយឲ្យ​នូវប្រហារ​វាយក្នុងអវយវ​ជាទី​បន្ទោបង់​ទឹកមូត្ត ដោយ​ហោចទៅ សូម្បី​តែប្រហារ​ដោយស្លឹកឧប្បល ក៏ត្រូវអាបត្តិបាចិត្តិយ។

[១៥៩] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៣យ៉ាង) គឺភិក្ខុនីវាយ​អង្គជាត ព្រោះហេតុតែ​មានអាពាធ១ ភិក្ខុនីឆ្កួត១ ភិក្ខុនី​ជាខាងដើមបញ្ញត្តិ១។

(បាចិត្តិយ លសុណវគ្គ) សិក្ខាបទ ទី៤

(៤. ចតុត្ថសិក្ខាបទំ)

[១៦០] សម័យនោះ ព្រះពុទ្ធជាម្ចាស់​ដ៏មានព្រះភាគ គង់នៅវត្តជេតវន ​របស់​អនាថបិណ្ឌិក​​សេដ្ឋី ទៀប​ក្រុង​សាវត្ថី។ គ្រានោះឯង មានស្រីព្រះស្នំ​របស់ស្តេច​ពីដើម បួស​ក្នុងសំណាក់​ពួកភិក្ខុនី​ទាំងឡាយ។ ភិក្ខុនីមួយរូបទៀត មានសេចក្តី​អផ្សុក​មកបៀតបៀន ក៏ចូល​ទៅរក​ភិក្ខុនី​នោះ លុះចូលទៅដល់ហើយ បាននិយាយ​ពាក្យនេះ​នឹងភិក្ខុនី​នោះថា បពិត្រ​លោកម្ចាស់ ស្តេចយូរៗ​ទើបទ្រង់​ធ្វើសន្ថវៈ​នឹងលោកម្តង តើលោកអាច​កែកុន​បណ្តោះអាសន្ន​ដូចម្តេចទៅ។ ភិក្ខុនីនោះ​ប្រាប់ថា បពិត្រលោកម្ចាស់ ខ្ញុំអាច​កែកុន​ដោយដង​បង្ហួរ​មានសណ្ឋាន​រលីង ធ្វើពី​អាចម៍ល័ក្ត។ ភិក្ខុនី​ដែលអផ្សុក​សួរថា បពិត្រលោកម្ចាស់ ដង​បង្ហួរ​មានសណ្ឋាន​រលីង ធ្វើពី​អាចម៍ល័ក្តនោះ តើដូចម្តេច។ ទើបភិក្ខុនី​នោះប្រាប់​ដង​បង្ហួរ​មានសណ្ឋាន​រលីង ធ្វើពី​អាចម៍ល័ក្តដល់​ភិក្ខុនី​នោះ។ កាលនោះ ភិក្ខុនី​នោះកាន់​យក​ដង​បង្ហួរ​មានសណ្ឋាន​រលីង ធ្វើពី​អាចម៍ល័ក្ត ហើយភ្លេច​លាងទឹក ក៏ចោលទៅ​ក្នុងទីគួរមួយ។ ពួកភិក្ខុនី​ឃើញរុយ​ទាំងឡាយ​រោមដង​បង្ហួរដូច្នោះ ក៏សួរ​យ៉ាងនេះថា កម្មនេះ​ជាកម្មរបស់​អ្នកណា។ ភិក្ខុនី​នោះពោលថា កម្មនេះ​ជាកម្មរបស់​ខ្ញុំ។ ពួកភិក្ខុនី​​ណាមាន​សេចក្តី​ប្រាថ្នាតិច។បេ។ ពួកភិក្ខុនី​នោះ ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ភិក្ខុនី មិនសមបើនឹងកាន់យក​ដង​បង្ហួរ​មានសណ្ឋាន​រលីង​ដែលគេធ្វើពី​អាចម៍ល័ក្តសោះ។បេ។ ព្រះអង្គ​ត្រាស់​សួរ​ថា ​ម្នាល​​ភិក្ខុ​​ទាំងឡាយ ឮ​ថាភិក្ខុនីកាន់យក​ដង​បង្ហួរ​មានសណ្ឋាន​រលីងដែល​គេធ្វើពី​អាចម៍ល័ក្ត ពិត​មែន​ឬ។ ពួកភិក្ខុឆ្លើយ​ថា បពិត្រ​ព្រះដ៏មាន​ព្រះភាគ ពិតមែន។ ព្រះពុទ្ធ​ជាម្ចាស់ដ៏​មានព្រះភាគ​ ទ្រង់តិះដៀល​ថា ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុនី មិនសមបើនឹងកាន់​យកដង​បង្ហួរ​មានសណ្ឋាន​រលីង​ដែលគេធ្វើ​ពី​អាចម៍ល័ក្តទេ ម្នាល​ភិក្ខុ​ទាំងឡាយ អំពើនេះ មិនមែន​នាំ​ឲ្យ​ជ្រះថ្លា​ដល់ពួកជន​​ដែល​មិន​ទាន់​ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ ពួកភិក្ខុនី ចូរ​សំដែង​ឡើង​នូវសិក្ខាបទ​នេះ​យ៉ាងនេះ​ថា

អាបត្តិ​បាចិត្តិយ​មានដល់​ភិក្ខុនី ព្រោះដង​បង្ហួរ​មានសណ្ឋាន​រលីង​ដែលគេ​ធ្វើពី​អាចម៍ល័ក្ត។

[១៦១] ដែលហៅថា ដង​បង្ហួរ​មានសណ្ឋាន​រលីង​ដែលគេ​ធ្វើពី​អាចម៍ល័ក្ត បានដល់​ដង​បង្ហួរ​ដែលគេ​ធ្វើ​ដោយ​អាចម៍ល័ក្តក្តី ឈើក្តី ម្សៅក្តី ដីស្អិតក្តី។ ភិក្ខុនី កាលត្រេកអរ​នូវសម្ផស្ស ដោយហោចទៅ គ្រាន់តែញុំាង​ស្លឹកឧប្បល​ឲ្យចូល​ទៅកាន់​អវយវៈ​ជាទីបន្ទោបង់​នូវ​ទឹកមូត្ត ត្រូវអាបត្តិបាចិត្តិយ។

[១៦២] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៣យ៉ាង) គឺភិក្ខុនីញុំាង​ដង​បង្ហួរ​​ឲ្យចូល​ទៅក្នុង​អង្គជាត​ខ្លួន ព្រោះហេតុតែ​មានអាពាធ១ ភិក្ខុនីឆ្កួត១ ភិក្ខុនី​ជាខាងដើមបញ្ញត្តិ១។

(បាចិត្តិយ លសុណវគ្គ) សិក្ខាបទ ទី៥

(៥. បញ្ចមសិក្ខាបទំ)

[១៦៣] សម័យនោះ ព្រះពុទ្ធ​ដ៏មានព្រះភាគ ព្រះអង្គគង់នៅនិគ្រោធារាម ទៀប​ក្រុង​កបិលពស្តុ ក្នុងដែនសក្កៈ។ គ្រានោះ ព្រះនាង​មហាបជាបតិគោតមី ចូលទៅគាល់​ព្រះដ៏​មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយ​បង្គំ​ព្រះដ៏មានព្រះភាគ ហើយស្ថិត​នៅក្នុងទី​ក្រោមខ្យល់ (រួច​ក៏ក្រាបទូលថា) បពិត្រព្រះដ៏មានព្រះភាគ មាតុគ្រាម​មានក្លិន​អាក្រក់។ ទើបព្រះដ៏មាន​ព្រះភាគ​ទ្រង់មានពុទ្ធដីកា​ថា ពួកភិក្ខុនី​ចូរធ្វើ​នូវការ​ជម្រះ​ដោយទឹកចុះ ហើយទ្រង់​ញុំាង​ព្រះមហាបជាបតិ​គោតមី​ឲ្យយល់តាម ឲ្យប្រតិបត្តិ​តាម ឲ្យអាចហ៊ាន ឲ្យរីករាយ​ដោយ​ធម្មីកថា។ លំដាប់នោះ ព្រះនាង​មហាបជាបតិ​គោតមី កាលព្រះដ៏មានព្រះភាគ​ទ្រង់​ពន្យល់​ឲ្យឃើញ ឲ្យកាន់យក ឲ្យអាចហ៊ាន ឲ្យរីករាយ​ដោយធម្មីកថា រួចហើយក៏​ថ្វាយបង្គំ​ព្រះដ៏មានព្រះភាគ ធ្វើ​ប្រទក្សិណ​ចៀសចេញទៅ។ ព្រោះ​និទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគ​ជាម្ចាស់ ទ្រង់ធ្វើធម្មីកថា​ ហើយទ្រង់ហៅ​ភិក្ខុ​ទាំងឡាយ​ក្នុងពេល​នោះមក​ ហើយ​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​នូវការ​ជម្រះ​ដោយទឹក​ដល់ពួក​ភិក្ខុនី។

[១៦៤] សម័យនោះ មានភិក្ខុនី​១រូប​គិតថា ការ​ជម្រះ​ដោយទឹក ព្រះដ៏​មានព្រះភាគ​ទ្រង់​អនុញ្ញាត​ហើយ (គិតដូច្នោះហើយ) ក៏ធ្វើការ​ជម្រះ​ដោយទឹក​ឲ្យជ្រៅពេក ហើយក៏​ធ្វើឲ្យ​កើត​ដម្បៅ​ក្នុងទីជាទី​បន្ទោបង់​នូវទឹកមូត្ត។ ទើប​ភិក្ខុនី​នោះ ប្រាប់​សេចក្តីនុ៎ះ​ដល់​ភិក្ខុនី​ទាំងឡាយ។ ពួកភិក្ខុនីណា​មានសេចក្តី​ប្រាថ្នាតិច។បេ។ ពួកភិក្ខុនី​នោះក៏ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ភិក្ខុនី​មិនសម​បើនឹង​ធ្វើការ​ជម្រះ​ដោយទឹក​ឲ្យជ្រៅ​ពេកសោះ។បេ។ ព្រះអង្គត្រាស់សួរថា ម្នាលភិក្ខុ​ទាំងឡាយ ឮថា ភិក្ខុនី​ធ្វើការ​ជម្រះ​ដោយទឹក​ឲ្យជ្រៅពេក ពិតមែនឬ។ ពួកភិក្ខុក្រាបទូល​ថា បពិត្រ​ព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធ​ជាម្ចាស់​ដ៏មានព្រះភាគ​ទ្រង់តិះដៀលថា ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុនី​មិនសម​បើនឹង​​ធ្វើការ​ជម្រះ​ដោយទឹក​ឲ្យជ្រៅពេកទេ ម្នាលភិក្ខុ​ទាំងឡាយ អំពើនេះ មិនមែននាំ​ឲ្យ​ជ្រះថ្លា​ដល់ពួក​ជន​ដែល​មិនទាន់​ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ ពួកភិក្ខុនី​ ចូរសំដែង​ឡើង​នូវសិក្ខាបទ​នេះ​យ៉ាងនេះថា

កាលភិក្ខុនី​ធ្វើការ​ជម្រះ​ដោយទឹក ត្រូវ​ធ្វើ​ការជម្រះ​បានត្រឹម​ពីរថ្នាំង​ម្រាមដៃ​ជាកំណត់ កាលឲ្យ​កន្លងហួស​ពីកំណត់​នោះទៅ ត្រូវអាបត្តិ​បាចិត្តិយ។

[១៦៥] ដែលហៅថា ការជម្រះដោយ​ទឹក សំដៅយកការ​លាង​អវយវៈ​សម្រាប់​បន្ទោបង់​នូវទឹកមូត្ត។ ត្រង់ពាក្យថា កាលធ្វើ គឺកាលលាង។ ពាក្យថា ត្រូវធ្វើការ​ជម្រះ​បានត្រឹម​ពីរថ្នាំង​ម្រាមដៃ​ជាកំណត់​ សេចក្តីថា ភិក្ខុនី​ត្រូវលាង​បានត្រឹម​ពីរថ្នាំងម្រាមដៃ​ទាំងពីរ។ ពាក្យថា កាល​ឲ្យកន្លង​ហួសពីកំណត់​នោះទៅ សេចក្តីថា កាលភិក្ខុនី​ត្រេកអរ​នូវសម្ផស្ស​ហើយធ្វើ​ឲ្យ​កន្លង​កំណត់​នោះទៅ ដោយហោចទៅ សូម្បី​តែប៉ុនចុងសក់ ក៏ត្រូវអាបត្តិ​បាចិត្តិយ។

[១៦៦] ការជម្រះ​ហួសកំណត់​ពីរថ្នាំងម្រាមដៃ ភិក្ខុនីសំគាល់ថា​ហួសមែន ហើយលាង ត្រូវអាបត្តិ​បាចិត្តិយ។ ការជម្រះ​ហួសកំណត់​ពីរថ្នាំងម្រាមដៃ តែភិក្ខុនីសង្ស័យ ហើយលាង ត្រូវអាបត្តិ​បាចិត្តិយ។ ការជម្រះ​ហួសកំណត់​ពីរថ្នាំងម្រាមដៃ ភិក្ខុនីសំគាល់ថា​មិនទាន់​ហួសកំណត់​ ហើយលាង ត្រូវអាបត្តិ​បាចិត្តិយ។ ការជម្រះ​មិនទាន់ដល់​កំណត់​ពីរថ្នាំងម្រាមដៃ ភិក្ខុនីសំគាល់ថាលើសទៅវិញ ត្រូវអាបត្តិ​ទុក្កដ។ ការជម្រះ​មិនទាន់ដល់​កំណត់​ពីរថ្នាំងម្រាមដៃ ភិក្ខុនីមានសេចក្តី​សង្ស័យ ត្រូវអាបត្តិ​ទុក្កដ។ ការជម្រះ​មិនទាន់ដល់​កំណត់​ពីរថ្នាំងម្រាមដៃ ភិក្ខុនីសំគាល់ថាមិនទាន់​ដល់កំណត់មែន មិនត្រូវអាបត្តិ។

[១៦៧] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៥យ៉ាង) គឺភិក្ខុនីលាង​កំណត់​ត្រឹម​ពីរថ្នាំងម្រាមដៃ១ ភិក្ខុនីលាងថយ​ពីកំណត់​ពីរថ្នាំងម្រាមដៃ១ ភិក្ខុនី​លាងហួសកំណត់​ព្រោះហេតុ​នៃអាពាធ១ ភិក្ខុនីឆ្កួត១ ភិក្ខុនី​ជាខាងដើមបញ្ញត្តិ១។

(បាចិត្តិយ លសុណវគ្គ) សិក្ខាបទ ទី៦

(៦. ឆដ្ឋសិក្ខាបទំ)

[១៦៨] សម័យនោះ ព្រះពុទ្ធ​ជាម្ចាស់ដ៏មានព្រះភាគ គង់នៅវត្តជេតវន របស់​អនាថបិណ្ឌិកសេដ្ឋី ទៀប​ក្រុងសាវត្ថី។ សម័យនោះឯង មានមហាមាត្យ​ឈ្មោះ​អារោហន្ត បួសក្នុង​សំណាក់​ពួកភិក្ខុ។ ស្រីជាប្រពន្ធ​របស់មហាមាត្យ​នោះក៏បួស​ក្នុងសំណាក់​ពួកភិក្ខុនី​ដែរ។ គ្រានោះ​ឯង ភិក្ខុនោះ​ធ្វើនូវភត្តកិច្ច (ឆាន់ចង្ហាន់) ក្នុងសំណាក់ភិក្ខុនី​នោះ។ កាលភិក្ខុនោះ​កំពុងឆាន់ ភិក្ខុនី​នោះបម្រើ​ដោយទឹកផង ដោយផ្លិតផង ហើយនិយាយ​ដឹកនាំ​ដោយពាក្យ​ស្និទ្ធស្នាល។ គ្រានោះ ភិក្ខុនោះ បណ្តេញ​ភិក្ខុនីនោះ​ចេញ​ដោយពាក្យថា ម្នាលប្អូនស្រី នាងកុំធ្វើនូវ​អំពើ​មានសភាព​យ៉ាងនេះ ការនេះមិនគួរទេ។ ភិក្ខុនីនោះឆ្លើយថា ពីដើម​លោកធ្វើនូវ​អំពើ​យ៉ាងនេះ​ផងៗ​នឹងខ្ញុំ ឥឡូវនេះ លោក​មិនអាច​ដើម្បីធ្វើ​នូវអំពើ​មានប្រមាណ​ប៉ុណ្ណេះទេ ថាដូច្នោះហើយ ក៏បោះសៀន​ទឹក​ទៅលើក្បាល​ភិក្ខុនោះ ហើយវាយ​នឹងផ្លិត​ថែមទៀត។ ពួកភិក្ខុនីណា​មានសេចក្តី​ប្រាថ្នា​តិច។បេ។ ពួកភិក្ខុនី​នោះក៏ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ភិក្ខុនី​មិនសម​បើនឹងវាយ​ភិក្ខុ​សោះ។បេ។ ព្រះអង្គត្រាស់សួរថា ម្នាលភិក្ខុ​ទាំងឡាយ ឮថា ភិក្ខុនីវាយភិក្ខុ ពិតមែនឬ។ ពួកភិក្ខុ​ក្រាបទូល​ថា បពិត្រ​ព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធ​ជាម្ចាស់​ដ៏មានព្រះភាគ​ទ្រង់​តិះដៀល​ថា ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុនី​មិនសម​បើនឹងវាយភិក្ខុទេ ម្នាលភិក្ខុ​ទាំងឡាយ អំពើនេះ មិនមែននាំ​ឲ្យ​ជ្រះថ្លា​ដល់ពួក​ជន​ដែល​មិនទាន់​ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ ពួកភិក្ខុនី​ ចូរសំដែង​ឡើង​នូវសិក្ខាបទ​នេះ​យ៉ាងនេះថា

ភិក្ខុនីណាមួយ កាលភិក្ខុកំពុងឆាន់ ទៅបម្រើដោយ​ទឹកក្តី ដោយផ្លិតក្តី ត្រូវអាបត្តិ​បាចិត្តិយ។

[១៦៩] ត្រង់ពាក្យថា ភិក្ខុនីណាមួយ បានអធិប្បាយ​ក្នុងបារាជិក​ទី១រួចហើយ។ ពាក្យថា ភិក្ខុ សេចក្តីថា បុរសដែល​បាន​ឧបសម្បទាហើយ។ ពាក្យថា កាលកំពុង​ឆាន់ ​សេចក្តីថា កំពុង​ឆាន់​ភោជន​ទាំង៥យ៉ាង ភោជនណាមួយ។ ដែលហៅថា ទឹក បានដល់​ទឹក​ គឺបុគ្គល​គប្បីផឹកណាមួយ។ ដែលហៅថា ផ្លិត បានដល់​វត្ថុសម្រាប់​បក់ណាមួយ។ ពាក្យថា បម្រើ សេចក្តីថា ភិក្ខុនី​ស្ថិតនៅ​ក្នុងហត្ថបាស ត្រូវអាបត្តិ​បាចិត្តិយ។

[១៧០] ឧបសម្បន្ន ភិក្ខុនីសំគាល់ថាឧបសម្បន្នមែន ហើយ​បម្រើ​ដោយទឹកផឹកក្តី ដោយផ្លិតក្តី ត្រូវអាបត្តិ​បាចិត្តិយ។ ឧបសម្បន្ន ភិក្ខុនីមានសេចក្តី​សង្ស័យ ហើយ​បម្រើ​ដោយទឹកផឹកក្តី ដោយផ្លិតក្តី ត្រូវអាបត្តិ​បាចិត្តិយ។ ឧបសម្បន្ន ភិក្ខុនីសំគាល់ថាអនុបសម្បន្នវិញ ហើយ​បម្រើ​ដោយទឹកផឹកក្តី ដោយផ្លិតក្តី ត្រូវអាបត្តិ​បាចិត្តិយ។ ភិក្ខុនីលះបង់​ហត្ថបាស ហើយបំរើ ត្រូវអាបត្តិ​ទុក្កដ។ កាលភិក្ខុកំពុង​ទំពាស៊ី​ខាទនីយ ភិក្ខុនីបម្រើ ត្រូវអាបត្តិទុក្កដ។ ភិក្ខុនី​បម្រើបុរស​ជាអនុបសម្បន្ន ត្រូវអាបត្តិ​ទុក្កដ។ អនុបសម្បន្ន ភិក្ខុនីសំគាល់​ថា​ឧបសម្បន្នវិញ ត្រូវអាបត្តិ​ទុក្កដ។ អនុបសម្បន្ន ភិក្ខុនីមានសេចក្តី​សង្ស័យ ត្រូវអាបត្តិ​ទុក្កដ។ អនុបសម្បន្ន ភិក្ខុនីសំគាល់​ថា​អនុបសម្បន្នមែន ត្រូវអាបត្តិ​ទុក្កដ។

[១៧១] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៥យ៉ាង) គឺ(ភិក្ខុនីប្រគេន​វត្ថុ​មានទឹកជាដើម) ដល់ភិក្ខុ​ដោយដៃ​ខ្លួនឯង១ ភិក្ខុនី​ឲ្យគេប្រគេន​ដល់ភិក្ខុ១ ភិក្ខុនី​បង្គាប់​អនុបសម្បន្ន១ ភិក្ខុនីឆ្កួត១ ភិក្ខុនី​ជាខាងដើមបញ្ញត្តិ១។

(បាចិត្តិយ លសុណវគ្គ) សិក្ខាបទ ទី៧

(៧. សត្តមសិក្ខាបទំ)

[១៧២] សម័យនោះ ព្រះពុទ្ធ​ជាម្ចាស់ដ៏មានព្រះភាគ គង់នៅវត្តជេតវន របស់​អនាថបិណ្ឌិកសេដ្ឋី ទៀប​ក្រុងសាវត្ថី។ គ្រានោះឯង ពួកភិក្ខុនី​នាំគ្នា​សូមស្រូវ​ស្រស់​ក្នុងរដូវ​ស្រូវ ហើយដឹកនាំ​ទៅកាន់​ក្រុង។ មនុស្ស​ទាំងឡាយ​ក៏ដណ្តើម​ពួកភិក្ខុនី​ក្នុងទី​ទៀបទ្វារនគរ ដោយពាក្យថា បពិត្រលោកម្ចាស់ សូមលោកម្ចាស់​ទាំងឡាយ​ចូរឲ្យ​ចំណែក​(យើង)​ខ្លះ ដូច្នោះ​ ហើយក៏លែងទៅ។ ទើបពួក​ភិក្ខុនី​ទាំងនោះ​ទៅកាន់លំនៅ ហើយប្រាប់​សេចក្តី​នុ៎ះ​ដល់​ភិក្ខុនី​ទាំងឡាយ។ ពួកភិក្ខុនី​ណាមាន​សេចក្តី​ប្រាថ្នា​តិច។បេ។ ពួកភិក្ខុនី​ទាំងនោះក៏ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ពួកភិក្ខុនី​មិនសមនឹងនាំគ្នា​សូមស្រូវស្រស់​សោះ។បេ។ ព្រះអង្គទ្រង់ត្រាស់សួរថា ម្នាលភិក្ខុ​ទាំងឡាយ ឮថាពួកភិក្ខុនីនាំគ្នា​សូមស្រូវស្រស់ ពិតមែនឬ។ ពួកភិក្ខុ​ក្រាបទូល​ថា បពិត្រ​ព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធ​ជាម្ចាស់​ដ៏មានព្រះភាគ​ទ្រង់​តិះដៀល​ថា ម្នាល​ភិក្ខុ​ទាំងឡាយ ពួកភិក្ខុនី​មិនសមនឹងនាំគ្នា​សូមស្រូវស្រស់ទេ ម្នាលភិក្ខុ​ទាំងឡាយ អំពើនេះ មិនមែននាំ​ឲ្យ​ជ្រះថ្លា​ដល់ពួក​ជន​ដែល​មិនទាន់​ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ ពួកភិក្ខុនី​ ចូរសំដែង​ឡើង​នូវសិក្ខាបទ​នេះ​យ៉ាងនេះថា

ភិក្ខុនីណាមួយ សូមឯងក្តី ឲ្យគេសូមក្តី កិនឯងក្តី ឲ្យគេ​កិនក្តី បុកឯងក្តី ឲ្យគេបុកក្តី ចំអិនឯងក្តី ឲ្យគេចំអិនក្តី នូវស្រូវស្រស់ ហើយបរិភោគ ត្រូវអាបត្តិ​បាចិត្តិយ។

[១៧៣] ត្រង់ពាក្យថា ភិក្ខុនីណាមួយ បានអធិប្បាយ​ក្នុងបារាជិកកណ្ឌទី១រួចហើយ។ ដែលហៅថា ស្រូវស្រស់ បានដល់ស្រូវខ្សាយស ស្រូវខ្សាយ​ក្រហម ស្រូវដំណើប ស្រងែ ធ្ពៅ ស្កួយ គែលលក។ ពាក្យថា សូមឯង គឺសូម​ដោយខ្លួនឯង។ ពាក្យថា ឲ្យគេសូម គឺឲ្យអ្នក​ដទៃសូម។ ពាក្យថា កិនឯង សេចក្តីថា កិនដោយដៃ​ខ្លួនឯង។ ពាក្យថា ឲ្យគេកិន គឺឲ្យអ្នកដទៃកិន។ ពាក្យថា បុកឯង គឺបុកដោយដៃ​ខ្លួនឯង។ ពាក្យថា ឲ្យគេបុក គឺឲ្យអ្នកដទៃបុក។ ពាក្យថា ចំអិនឯង គឺ ចំអិនដោយដៃ​ខ្លួនឯង។ ពាក្យថា ឲ្យគេចំអិន គឺឲ្យអ្នកដទៃចំអិន។ ភិក្ខុនីទទួល​ដោយគិតថា អញនឹង​ឆាន់ ត្រូវអាបត្តិ​ទុក្កដ ត្រូវអាបត្តិ​បាចិត្តិយ​គ្រប់ៗវារៈ​ដែល​លេបចូលទៅ។

[១៧៤] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៤យ៉ាង) គឺភិក្ខុនីសូម ព្រោះហេតុ​មានអាពាធ១ ភិក្ខុនីសូម​អបរណ្ណជាតិ (មាន​សណ្តែក ល្ង ជាដើម)១ ភិក្ខុនីឆ្កួត១ ភិក្ខុនី​ជាខាងដើមបញ្ញត្តិ១។

(បាចិត្តិយ លសុណវគ្គ) សិក្ខាបទ ទី៨

(៨. អដ្ឋមសិក្ខាបទំ)

[១៧៥] សម័យនោះ ព្រះពុទ្ធ​ជាម្ចាស់ដ៏មានព្រះភាគ គង់នៅវត្តជេតវន របស់​អនាថបិណ្ឌិកសេដ្ឋី ទៀប​ក្រុងសាវត្ថី។ គ្រានោះឯង មានព្រាហ្មណ៍​ម្នាក់ ជារាជអាមាត្យ​ដែល​ស្តេច​ដកងារចេញហើយ ក៏គិតថា អញនឹងសូម​ងារនោះវិញ គិតដូច្នោះហើយ ក៏កក់ក្បាល ហើយទៅ​អាស្រ័យ​នៅក្នុងសំណាក់​ភិក្ខុនី រួចទើប​ដើរទៅកាន់​ត្រកូលស្តេច។ មានភិក្ខុនី១អង្គ កាលបន្ទោបង់​វច្ចៈ​ក្នុងផើង ហើយទម្លាក់​ទៅខាងក្រៅជញ្ជាំង​ ក៏ត្រូវ​ទៅលើ​ក្បាលព្រាហ្មណ៍​នោះ។ ទើបព្រាហ្មណ៍​នោះ​ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកភិក្ខុនី​ត្រងោល​ទាំងនេះ​មិនមែន​ជាសមណី ជាស្រីផ្កាមាស មិនសមនឹងទម្លាក់​ផើងគូថ​មកលើក្បាល​អញសោះ ហើយព្រាហ្មណ៍​នោះ​ក៏កាន់​គប់ភ្លើង​ដើរចូលទៅ​កាន់លំនៅ​របស់ភិក្ខុនី​ដោយគិតថា អញនឹងដុត​លំនៅ​ពួកភិក្ខុនី​ទាំងនេះចេញ។ មានឧបាសកម្នាក់​កំពុង​ដើរចេញ​ពីលំនៅ​របស់ភិក្ខុនី បានឃើញ​ព្រាហ្មណ៍​នោះកាន់​គប់ភ្លើង​ដើរចូលទៅ​កាន់លំនៅ​របស់ភិក្ខុនី លុះបានឃើញ​ហើយ ក៏បាន​និយាយ​ពាក្យ​នេះនឹង​ព្រាហ្មណ៍​នោះថា ម្នាលអ្នកដ៏ចំរើន អ្នកកាន់​គប់ភ្លើង​ដើរចូលទៅកាន់​លំនៅ​របស់​ភិក្ខុនី​ព្រោះហេតុអ្វី។ ព្រាហ្មណ៍​នោះឆ្លើយថា ម្នាលអ្នកដ៏ចំរើន ពួកភិក្ខុនី​ត្រងោលទាំងនេះ ជាស្រីផ្កាមាស ទម្លាក់​ផើងគូថ​មកលើក្បាល​ខ្ញុំ ៗនឹងដុត​លំនៅ​ពួកភិក្ខុនី​ទាំងនេះ។ ឧបាសក​នោះ​ឆ្លើយថា ម្នាលអ្នក​ដ៏ចំរើន អ្នកឯងចូរទៅចុះ ហេតុនេះ​ជាមង្គល​ល្អទេ អ្នកនឹង​បាន​១ពាន់​កហាបណៈផង នឹងបានងារ​នោះផង។ កាលនោះ ព្រាហ្មណ៍​នោះ ក៏កក់លាងក្បាល រួចទៅ​កាន់​រាជត្រកូល ក៏បាន១ពាន់​កហាបណៈផង និងងារ​នោះផង។ គ្រានោះ ឧបាសក​នោះចូលទៅ​កាន់​លំនៅ​របស់ភិក្ខុនី​ទាំងឡាយ ហើយប្រាប់​សេចក្តី​នុ៎ះ​ដល់ពួក​ភិក្ខុនី រួចក៏​ពោលហាម​ប្រាម។ ពួក​ភិក្ខុនី​ណាមាន​សេចក្តី​ប្រាថ្នា​តិច។បេ។ ពួកភិក្ខុនី​នោះក៏ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ពួកភិក្ខុនី​មិនសមនឹងចោលឧច្ចារៈ​ទៅខាងក្រៅ​ជញ្ជាំង​សោះ។បេ។ ព្រះអង្គត្រាស់សួរថា ម្នាលភិក្ខុ​ទាំងឡាយ ឮថាពួកភិក្ខុនីចោលឧច្ចារៈ​ទៅខាងក្រៅ​ជញ្ជាំង ពិតមែនឬ។ ពួកភិក្ខុ​ក្រាបទូល​ថា បពិត្រ​ព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធ​ជាម្ចាស់​ដ៏មានជោគ ​ទ្រង់​តិះដៀល​ថា ម្នាល​ភិក្ខុ​ទាំងឡាយ ពួកភិក្ខុនី​មិនសមនឹងចោលឧច្ចារៈ​ទៅខាងក្រៅ​ជញ្ជាំងទេ ម្នាលភិក្ខុ​ទាំងឡាយ ការនេះ មិនមែននាំ​ឲ្យ​ជ្រះថ្លា​ដល់ពួក​ជន​ដែល​មិនទាន់​ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ ពួកភិក្ខុនី​ ចូរសំដែង​ឡើង​នូវសិក្ខាបទ​នេះ​យ៉ាងនេះថា

ភិក្ខុនីណាមួយ ចោលឯងក្តី ឲ្យគេចោលក្តី នូវ​ឧច្ចារៈក្តី បស្សាវៈក្តី សម្រាម​ក្តី កាកអាហារក្តី ទៅខាងក្រៅ​ជញ្ជាំង​ក្តី ខាងក្រៅ​របងក្តី ត្រូវអាបត្តិ​បាចិត្តិយ។

[១៧៦] ត្រង់ពាក្យថា ភិក្ខុនីណាមួយ បានអធិប្បាយ​ក្នុងបារាជិកកណ្ឌទី១រួចហើយ។ ដែលហៅថា ឧច្ចារៈ បានដល់​លាមក។ ដែលហៅថា បស្សាវៈ បានដល់​ទឹកមូត្ត។ ដែលហៅថា សម្រាម បានដល់​កំទេចកំទី។ ដែលហៅថា កាកអាហារ គឺសំណល់​ទាំងឡាយក្តី ឆ្អឹង​ទាំងឡាយ​ក្តី ទឹកដ៏សេសសល់ក្តី។ ដែលហៅថា ជញ្ជាំង បានដល់​ជញ្ជាំង​បីយ៉ាង គឺជញ្ជាំង​ឥដ្ឋ ជញ្ជាំងថ្ម ជញ្ជាំង​ឈើ។ ដែលហៅថា របង បានដល់​របង​បីយ៉ាង គឺរបងឥដ្ឋ របងថ្ម របងឈើ។ ពាក្យថា ខាងក្រៅជញ្ជាំង គឺខាងនាយ​ជញ្ជាំង។ ពាក្យថា ខាងក្រៅរបង គឺខាងនាយ​របង។ ពាក្យថា ចោលឯង សេចក្តីថា ភិក្ខុនី​ចោលដោយខ្លួន​ឯង ត្រូវអាបត្តិ​បាចិត្តិយ។ ពាក្យថា ឲ្យគេចោល សេចក្តីថា ភិក្ខុនី​បង្គាប់ឲ្យ​អ្នកដទៃចោល ត្រូវអាបត្តិ​ទុក្កដ ភិក្ខុនី​ប្រើតែម្តង អ្នកទទួល​បង្គាប់​ចោល​សូម្បី​ច្រើនដង ត្រូវអាបត្តិ​បាចិត្តិយ។

[១៧៧] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៤យ៉ាង) គឺភិក្ខុនីពិនិត្យ​មើល​ទីដ៏សមគួរ ហើយទើបចោល១ ភិក្ខុនី​ចោលក្នុង​ទីដែល​គេមិនប្រើប្រាស់១ ភិក្ខុនីឆ្កួត១ ភិក្ខុនី​ជាខាងដើមបញ្ញត្តិ១។

(បាចិត្តិយ លសុណវគ្គ) សិក្ខាបទ ទី៩

(៩. នវមសិក្ខាបទំ)

[១៧៨] សម័យនោះ ព្រះពុទ្ធ​ជាម្ចាស់ដ៏មានព្រះភាគ គង់នៅវត្តជេតវន របស់​អនាថបិណ្ឌិកសេដ្ឋី ទៀប​ក្រុងសាវត្ថី។ សម័យនោះឯង មានស្រែស្រូវ​ដំណើប​របស់ព្រាហ្មណ៍​ម្នាក់ នៅជិត​លំនៅ​របស់ភិក្ខុនី។ ពួកភិក្ខុនី​ចោលឧច្ចារៈខ្លះ បស្សាវៈខ្លះ សម្រាមខ្លះ របស់​ជាសំណល់​ខ្លះ​ទៅក្នុងស្រែ។ ឯព្រាហ្មណ៍​នោះក៏ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ពួកភិក្ខុនី​មិនសម​នឹងប្រទូស្ត​ស្រែស្រូវ​ដំណើប​របស់យើង​សោះ។ ពួកភិក្ខុនី​ឮព្រាហ្មណ៍​នោះពោលទោស តិះដៀល បន្តុះបង្អាប់​ដូច្នោះហើយ។ ពួក​ភិក្ខុនី​ណាមាន​សេចក្តី​ប្រាថ្នា​តិច។បេ។ ពួកភិក្ខុនីទាំង​នោះ​ក៏ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ពួកភិក្ខុនី​មិនសមនឹងចោលឧច្ចារៈ​ខ្លះ បស្សាវៈខ្លះ សម្រាម​ខ្លះ របស់ជា​សំណល់​ខ្លះ ក្នុងទី​មានវត្ថុ​មានពណ៌ខៀវសោះ។បេ។ ព្រះអង្គត្រាស់សួរថា ម្នាលភិក្ខុ​ទាំងឡាយ ឮថាពួកភិក្ខុនីចោលឧច្ចារៈខ្លះ បស្សាវៈខ្លះ សម្រាមខ្លះ របស់​ជាសំណល់​ខ្លះ ក្នុងទីមាន​វត្ថុមាន​ពណ៌ខៀវ ពិតមែនឬ។ ពួកភិក្ខុ​ក្រាបទូល​ថា បពិត្រ​ព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធ​ជាម្ចាស់​ដ៏មានព្រះភាគ ​ទ្រង់​តិះដៀល​ថា ម្នាល​ភិក្ខុ​ទាំងឡាយ ពួកភិក្ខុនី​មិនសមនឹងចោលឧច្ចារៈខ្លះ បស្សាវៈខ្លះ សម្រាមខ្លះ វត្ថុជាសំណល់ខ្លះ ក្នុងទីមាន​វត្ថុ​មានពណ៌ខៀវ​ទេ ម្នាលភិក្ខុ​ទាំងឡាយ ការនេះ មិនមែននាំ​ឲ្យ​ជ្រះថ្លា​ដល់ពួក​ជន​ដែល​មិនទាន់​ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ ពួកភិក្ខុនី​ ចូរសំដែង​ឡើង​នូវសិក្ខាបទ​នេះ​យ៉ាងនេះថា

ភិក្ខុនីណាមួយ ចោលឯង ឬឲ្យគេចោល នូវ​ឧច្ចារៈក្តី បស្សាវៈក្តី សម្រាម​ក្តី របស់​ជាសំណល់ក្តី ក្នុងទី​មានវត្ថុ​មានពណ៌ខៀវ ត្រូវអាបត្តិ​បាចិត្តិយ។

[១៧៩] ត្រង់ពាក្យថា ភិក្ខុនីណាមួយ បានអធិប្បាយ​ក្នុងបារាជិកកណ្ឌទី១រួចហើយ។ ដែលហៅថា ឧច្ចារៈ បានដល់​គូថ។ ដែលហៅថា បស្សាវៈ បានដល់​ទឹកមូត្ត។ ដែលហៅថា សម្រាម បានដល់​កំទេចកំទី។ ដែលហៅថា របស់សំណល់ បានដល់​កាកអាមិស ឬពួកឆ្អឹង ឬ​ទឹកដែលសេសសល់។ ដែលហៅថាវត្ថុមានពណ៌​ខៀវ គឺវត្ថុ​ណាជា​បុព្វណ្ណជាតិ ឬអបរណ្ណជាតិ ជាដំណាំ​ជាគ្រឿង​ឧបភោគ និងបរិភោគ​របស់មនុស្ស​ទាំងឡាយ។ ពាក្យថា ចោលឯង សេចក្តីថា ភិក្ខុនី​ចោលដោយខ្លួន​ឯង ត្រូវអាបត្តិ​បាចិត្តិយ។ ពាក្យថា ឲ្យគេចោល សេចក្តីថា ភិក្ខុនី​បង្គាប់​អ្នកដទៃឲ្យចោល ត្រូវអាបត្តិ​ទុក្កដ។ ភិក្ខុនី​បង្គាប់តែម្តង អ្នកទទួល​បង្គាប់​ចោល​សូម្បី​ច្រើនដង ត្រូវអាបត្តិ​បាចិត្តិយ។

[១៨០] ដំណាំ ភិក្ខុនីសំគាល់ថាដំណាំមែន ហើយចោលឯងក្តី ឲ្យគេចោលក្តី ត្រូវអាបត្តិ​បាចិត្តិយ។ ដំណាំ តែភិក្ខុនីមានសេចក្តី​សង្ស័យ ហើយចោលឯងក្តី ឲ្យគេចោលក្តី ត្រូវអាបត្តិ​បាចិត្តិយ។ ដំណាំ ភិក្ខុនីសំគាល់ថាមិនមែនដំណាំវិញ ហើយចោលឯងក្តី ឲ្យគេចោលក្តី ត្រូវ​អាបត្តិ​បាចិត្តិយ។ មិនមែនដំណាំ ភិក្ខុនីសំគាល់ថាដំណាំទៅវិញ ត្រូវអាបត្តិ​ទុក្កដ។ មិនមែនដំណាំ ភិក្ខុនីមានសេចក្តី​សង្ស័យ ត្រូវអាបត្តិ​ទុក្កដ។ មិនមែនដំណាំ ភិក្ខុនីសំគាល់ថាមិនមែន​ដំណាំមែន មិនត្រូវអាបត្តិ។

[១៨១] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៥យ៉ាង) គឺភិក្ខុនីរមិល​មើល​ទីសមគួរ​ហើយទើបចោល១ ភិក្ខុនី​ចោលលើភ្លឺស្រែ ឬចំការ១ ភិក្ខុនី​សួរពួក​ម្ចាស់​ដោយសព្វគ្រប់​ហើយ ប្រាប់ដោយស្រួលបួល ទើបចោល១ ភិក្ខុនីឆ្កួត១ ភិក្ខុនី​ជាខាងដើមបញ្ញត្តិ១។

(បាចិត្តិយ លសុណវគ្គ) សិក្ខាបទ ទី១០

(១០. ទសមសិក្ខាបទំ)

[១៨២] សម័យនោះ ព្រះពុទ្ធ​ជាម្ចាស់ដ៏មានព្រះភាគ គង់នៅវត្តវេឡុវន ជាកលន្ទកនិវាបស្ថាន ទៀបក្រុង​រាជគ្រឹះ។ គ្រានោះឯង ក្នុងក្រុងរាជគ្រឹះ​មានមហោស្រព​លើ​កំពូលភ្នំ ភិក្ខុនី​ទាំងឡាយ​មានពួក៦ បានទៅមើល​មហោស្រព​ដែលគេលេង​លើកំពូលភ្នំ។ មនុស្សទាំងឡាយ​ក៏ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ពួកភិក្ខុនី​មិនសម​នឹងទៅ​មើល​របាំក្តី ចម្រៀងក្តី ប្រគំក្តី ដូចជា​ពួកស្រី​គ្រហស្ថ​បរិភោគ​កាមគុណសោះ។ ពួកភិក្ខុនីបាន​ឮមនុស្ស​ទាំង​ឡាយ​នោះពោលទោស តិះដៀល បន្តុះបង្អាប់​(ដូច្នោះ)ហើយ។ ពួក​ភិក្ខុនី​ណាមាន​សេចក្តី​ប្រាថ្នា​តិច។បេ។ ពួកភិក្ខុនី​នោះ​ក៏ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ភិក្ខុនី​ទាំងឡាយ​មានពួក៦​​មិនសមនឹងទៅ​មើលរបាំ​ក្តី ចម្រៀងក្តី ប្រគំក្តីសោះ។បេ។ ព្រះអង្គត្រាស់សួរថា ម្នាលភិក្ខុ​ទាំងឡាយ ឮថាភិក្ខុនី​ទាំងឡាយមាន​ពួក៦ ទៅមើលរបាំ​ខ្លះ ចម្រៀង​ខ្លះ ប្រគំខ្លះ ពិតមែនឬ។ ពួកភិក្ខុ​ក្រាបទូល​ថា បពិត្រ​ព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធ​ជាម្ចាស់​ដ៏មានព្រះភាគ ​ទ្រង់​តិះដៀល​ថា ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុនី​ទាំងឡាយ​មានពួក៦ ​មិនសមនឹងទៅមើល​របាំក្តី ចម្រៀងក្តី ប្រគំក្តីទេ ម្នាលភិក្ខុ​ទាំងឡាយ ការនេះ​មិនមែននាំ​ឲ្យ​ជ្រះថ្លា​ដល់ពួក​ជន​ដែល​មិនទាន់​ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ ពួកភិក្ខុនី​ ចូរសំដែង​ឡើង​នូវសិក្ខាបទ​នេះ​យ៉ាងនេះថា

ភិក្ខុនីណាមួយ​ទៅដើម្បីមើល​របាំក្តី ចម្រៀងក្តី ប្រគំក្តី ត្រូវអាបត្តិ​បាចិត្តិយ។

[១៨៣] ត្រង់ពាក្យថា ភិក្ខុនីណាមួយ បានអធិប្បាយ​ក្នុងបារាជិកកណ្ឌទី១រួចហើយ។ ដែលហៅថា របាំ បានដល់​ការរាំ​ឯណានីមួយ។ ដែលហៅថា ចម្រៀង បានដល់ចម្រៀង​ឯណា​នីមួយ។ ដែលហៅថា ប្រគំ បានដល់ប្រគំឯណា​នីមួយ។ ភិក្ខុនី​ទៅដើម្បីមើល ត្រូវអាបត្តិ​ទុក្កដ ភិក្ខុនី​ឈរមើលក្តី ស្តាប់ក្តី ក្នុងទីណា ត្រូវអាបត្តិ​បាចិត្តិយ​ក្នុងទីនោះ។ ភិក្ខុនី​លះឧបចារសម្រាប់​មើល ហើយមើល​ឃើញក្តី ស្តាប់ឮក្តី រឿយៗ ត្រូវអាបត្តិ​បាចិត្តិយ។ ភិក្ខុនី​ទៅ​ដើម្បីមើល​នូវ​ល្បែង​មួយៗ ត្រូវអាបត្តិ​ទុក្កដ ភិក្ខុនី​ឈរមើលក្តី ឈរស្តាប់ក្តី ក្នុងទីណា ត្រូវអាបត្តិ​បាចិត្តិយ​ក្នុងទីនោះ។ ភិក្ខុនី​លះឧបចារសម្រាប់​មើល ហើយមើល​ឃើញក្តី ស្តាប់ឮក្តី រឿយៗ ត្រូវអាបត្តិ​បាចិត្តិយ។

[១៨៤] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៧យ៉ាង) គឺភិក្ខុនីឈរ​មើល ឬស្តាប់​ក្នុងអារាម១ ជនទាំងឡាយ​មកកាន់​ទីកន្លែង​ដែលភិក្ខុនី​ឈរនៅ ឬអង្គុយ ឬសឹង ហើយរាំក្តី ច្រៀងក្តី ប្រគំក្តី១ ភិក្ខុនីកំពុង​ដើរ​ទៅ​ជួបតាមផ្លូវ​ហើយឃើញក្តី ស្តាប់ក្តី១ កាលបើ​ភិក្ខុនី​មានកិច្ច​ដើរ​ទៅហើយឃើញ​ក្តី ឮក្តី១ ភិក្ខុនី​មានសេចក្តី​អន្តរាយ១ ភិក្ខុនីឆ្កួត១ ភិក្ខុនី​ជាខាងដើមបញ្ញត្តិ១។

លសុណវគ្គ ទី ១ ចប់។

(បាចិត្តិយ) អន្ធការវគ្គ (ទី២)

(២. អន្ធការវគ្គោ)

(បាចិត្តិយ អន្ធការវគ្គ) សិក្ខាបទ ទី១

(១. បឋមសិក្ខាបទំ)

[១៨៥] សម័យនោះ ព្រះពុទ្ធ​ជាម្ចាស់ដ៏មានព្រះភាគ គង់នៅវត្តជេតវន របស់​អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុង​សាវត្ថី។ គ្រានោះឯង មានបុរស​ជាញាតិ​របស់​ភិក្ខុនី​ជាកូនសិស្ស​ភទ្ទាកាបិលានីភិក្ខុនី ចេញពីស្រុក​ក្រៅទៅ​កាន់ក្រុង​សាវត្ថី ដោយមាន​កិច្ច​នីមួយ។ កាលនោះ ភិក្ខុនី​នោះ ស្ថិតនៅខ្លះ និយាយខ្លះ តែម្នាក់​នឹងម្នាក់ មួយអន្លើ​ដោយបុរសនោះ ក្នុងយប់​ងងឹត​ឥតមាន​ប្រទីប​ឡើយ។ ពួក​ភិក្ខុនី​ណាមាន​សេចក្តី​ប្រាថ្នា​តិច។បេ។ ពួកភិក្ខុនី​ទាំង​នោះ​ក៏ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ភិក្ខុនី​​​មិនសមនឹងស្ថិតនៅខ្លះ និយាយខ្លះ តែម្នាក់​នឹងម្នាក់ មួយអន្លើ​ដោយបុរស ក្នុងយប់​ងងឹត​ឥតមាន​ប្រទីបសោះ។បេ។ ព្រះអង្គត្រាស់សួរថា ម្នាលភិក្ខុ​ទាំងឡាយ ឮថាភិក្ខុនីស្ថិតនៅខ្លះ និយាយខ្លះ តែម្នាក់​នឹងម្នាក់ មួយអន្លើ​ដោយបុរស ក្នុងយប់​ងងឹត​ឥតមាន​ប្រទីប ពិតមែនឬ។ ពួកភិក្ខុ​ក្រាបទូល​ថា បពិត្រ​ព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធ​ជាម្ចាស់​ដ៏មានព្រះភាគ ​ទ្រង់​តិះដៀល​ថា ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុនី​ ​មិនសមនឹង​ស្ថិត​នៅខ្លះ និយាយខ្លះ តែម្នាក់​នឹងម្នាក់ មួយអន្លើ​ដោយបុរស ក្នុងយប់​ងងឹត​ឥតមាន​ប្រទីបទេ ម្នាលភិក្ខុ​ទាំងឡាយ ការនេះ​មិនមែននាំ​ឲ្យ​ជ្រះថ្លា​ដល់ពួក​ជន​ដែល​មិនទាន់​ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ ពួកភិក្ខុនី​ ចូរសំដែង​ឡើង​នូវសិក្ខាបទ​នេះ​យ៉ាងនេះថា

ភិក្ខុនីណាមួយ​ស្ថិតនៅក្តី និយាយក្តី តែម្នាក់​នឹងម្នាក់ មួយអន្លើ​ដោយបុរស ក្នុងយប់​ងងឹត​ឥតមាន​ប្រទីប ត្រូវអាបត្តិ​បាចិត្តិយ។

[១៨៦] ត្រង់ពាក្យថា ភិក្ខុនីណាមួយ បានអធិប្បាយ​ក្នុងបារាជិកកណ្ឌទី១រួចហើយ។ ពាក្យថា ក្នុងយប់ងងឹត សេចក្តីថា ក្នុងវេលា​ដែលព្រះអាទិត្យ​លិចចុះ​ទៅហើយ។ ពាក្យថា ឥត​មានប្រទីប សេចក្តីថា មិនមាន​ពន្លឺ។ ដែលហៅថា​បុរស បានដល់​មនុស្សប្រុស​ជាអ្នកដឹង​សេចក្តី អាចដើម្បី​ស្ថិតនៅផង និយាយ​ផង មិនមែនយក្ស មិនមែន​ប្រេត មិនមែន​តិរច្ឆាន។ ពាក្យថា មួយអន្លើ គឺ​ក្នុងទី​ជាមួយគ្នា។ ពាក្យថា តែម្នាក់​នឹងម្នាក់ គឺ​មានតែបុរស១ និងភិក្ខុនី១។ ពាក្យថា ស្ថិតនៅ សេចក្តីថា ភិក្ខុនីស្ថិតនៅ​ក្នុងហត្ថបាស​នៃបុរស ត្រូវអាបត្តិ​បាចិត្តិយ។ ពាក្យថា និយាយ សេចក្តីថា ភិក្ខុនី​ស្ថិតនៅក្នុង​ហត្ថបាស​នៃបុរស​ហើយចរចា ត្រូវអាបត្តិ​បាចិត្តិយ។ ភិក្ខុនី​លះបង់ហត្ថបាស ហើយស្ថិតនៅក្តី និយាយក្តី ត្រូវអាបត្តិ​ទុក្កដ។ ភិក្ខុនី​ស្ថិតនៅក្តី និយាយក្តី មួយអន្លើ​ដោយយក្សក្តី ប្រេតក្តី បណ្ឌកក្តី សត្វតិរច្ឆាន​ដែលមាន​រាងកាយ​ដូចមនុស្ស​ក្តី ត្រូវអាបត្តិទុក្កដ។

[១៨៧] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៥យ៉ាង) គឺមានភិក្ខុនីណាមួយ​ដឹងសេចក្តី​នៅជាគំរប់ពីរ១ ភិក្ខុនី​ប្រាថ្នា​នូវទី​មិនស្ងាត់ (ហើយស្ថិតនៅ​ក្តី និយាយក្តី)១ ភិក្ខុនី​មានចិត្ត​បញ្ជូន​ទៅកាន់​អារម្មណ៍​ដទៃ ហើយស្ថិតនៅក្តី និយាយក្តី១ ភិក្ខុនីឆ្កួត១ ភិក្ខុនី​ជាខាងដើមបញ្ញត្តិ១។

(បាចិត្តិយ អន្ធការវគ្គ) សិក្ខាបទ ទី២

(២. ទុតិយសិក្ខាបទំ)

[១៨៨] សម័យនោះ ព្រះពុទ្ធ​ជាម្ចាស់ដ៏មានព្រះភាគ គង់នៅវត្តជេតវន របស់​អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុង​សាវត្ថី។ គ្រានោះឯង មានបុរស​ជាញាតិ​របស់​ភិក្ខុនី​ជាសិស្សរបស់​​ភទ្ទាកាបិលានីភិក្ខុនី បានចេញពីស្រុក​ក្រៅទៅ​ក្រុង​សាវត្ថី ដោយ​កិច្ច​នីមួយ។ កាលនោះ ភិក្ខុនី​នោះគិតថា ការស្ថិតនៅក្តី និយាយក្តី តែម្នាក់​នឹងម្នាក់ មួយអន្លើ​ដោយបុរស ក្នុងយប់​ងងឹត​ឥតមាន​ប្រទីប ព្រះដ៏មានព្រះភាគ​ទ្រង់ហាម​ហើយ (គិត​ដូច្នោះហើយ) ក៏ស្ថិតនៅខ្លះ និយាយ​ខ្លះ តែម្នាក់នឹងម្នាក់​មួយអន្លើ​ដោយបុរសនោះ​ឯង ក្នុងទី​ឱកាស​ដ៏កំបាំង។ ពួក​ភិក្ខុនី​ណាមាន​សេចក្តី​ប្រាថ្នា​តិច។បេ។ ពួកភិក្ខុនី​ទាំង​នោះ​ក៏ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ភិក្ខុនី​​​មិនសម​នឹងស្ថិតនៅខ្លះ និយាយខ្លះ តែម្នាក់​នឹងម្នាក់ មួយអន្លើ​ដោយបុរស ក្នុងទីឱកាស​ដ៏កំបាំង​សោះ។បេ។ ព្រះអង្គត្រាស់សួរថា ម្នាលភិក្ខុ​ទាំងឡាយ ឮថាភិក្ខុនីស្ថិតនៅខ្លះ និយាយខ្លះ តែម្នាក់​នឹងម្នាក់ មួយអន្លើ​ដោយបុរស ក្នុងទី​ឱកាស​ដ៏កំបាំង ពិតមែនឬ។ ពួកភិក្ខុ​ក្រាបទូល​ថា បពិត្រ​ព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធ​ជាម្ចាស់​ដ៏មានព្រះភាគ ​ទ្រង់​តិះដៀល​ថា ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុនី​ ​មិនសមនឹង​ស្ថិត​នៅខ្លះ និយាយខ្លះ តែម្នាក់​នឹងម្នាក់ មួយអន្លើ​ដោយបុរស ក្នុងទី​ដ៏កំបាំង​ទេ ម្នាលភិក្ខុ​ទាំងឡាយ ការនេះ​មិនមែននាំ​ឲ្យ​ជ្រះថ្លា​ដល់ពួក​ជន​ដែល​មិនទាន់​ជ្រះថ្លា​ទេ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ ពួកភិក្ខុនី​ ចូរសំដែង​ឡើង​នូវសិក្ខាបទ​នេះ​យ៉ាងនេះថា

ភិក្ខុនី​ណាមួយ​​ស្ថិតនៅក្តី និយាយក្តី តែម្នាក់​នឹងម្នាក់ មួយអន្លើ​ដោយបុរស ក្នុងទី​ដ៏កំបាំង ត្រូវអាបត្តិ​បាចិត្តិយ។

[១៨៩] ត្រង់ពាក្យថា ភិក្ខុនីណាមួយ បានអធិប្បាយ​ក្នុងបារាជិកកណ្ឌទី១រួចហើយ។ ដែលហៅថា ទីកំបាំង បានដល់​ទីឱកាស​ដែលគេ​បិទបាំង​ដោយវត្ថុណាមួយ គឺដោយជញ្ជាំង​ក្តី ដោយ​សន្ទះ​ទ្វារក្តី ដោយផែងក្តី ដោយវំាងននក្តី ដោយដើម​ឈើក្តី ដោយសសរក្តី ដោយល្វែង​បន្ទប់​ក្តី។ ដែលហៅថា​បុរស បានដល់​មនុស្សប្រុសដែលដឹងក្តី យល់ការ ដើម្បី​ស្ថិតនៅ ដើម្បីនិយាយ មិនមែនយក្ស មិនមែន​ប្រេត មិនមែន​តិរច្ឆាន។ ពាក្យថា មួយអន្លើ គឺ​ក្នុងទី​ជាមួយគ្នា។ ពាក្យថា តែម្នាក់​នឹងម្នាក់ សេចក្តីថា ​មានតែបុរស១ និងភិក្ខុនី១។ ពាក្យថា ស្ថិតនៅក្តី សេចក្តីថា ភិក្ខុនី​ស្ថិតនៅ​ក្នុងហត្ថបាស​នៃបុរស ត្រូវអាបត្តិ​បាចិត្តិយ។ ពាក្យថា និយាយក្តី សេចក្តីថា ភិក្ខុនី​ស្ថិតនៅក្នុង​ហត្ថបាស​នៃបុរស​ហើយនិយាយ ត្រូវអាបត្តិ​បាចិត្តិយ។ ភិក្ខុនី​លះបង់ហត្ថបាស ហើយស្ថិតនៅក្តី និយាយក្តី ត្រូវអាបត្តិ​ទុក្កដ។ ភិក្ខុនី​ស្ថិតនៅ ឬនិយាយ មួយអន្លើ​ដោយយក្សក្តី ប្រេតក្តី បណ្ឌកក្តី សត្វតិរច្ឆាន​មាន​រាងកាយ​ដូចមនុស្ស​ក្តី ត្រូវអាបត្តិទុក្កដ។

[១៩០] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៥យ៉ាង) គឺមានភិក្ខុនីណាមួយ​ដឹងសេចក្តី​ច្បាស់​នៅជាគំរប់ពីរ១ ភិក្ខុនី​ប្រាថ្នា​នូវទី​មិនស្ងាត់ (ហើយស្ថិតនៅ​ក្តី និយាយក្តី)១ ភិក្ខុនី​មានចិត្ត​បញ្ជូន​ទៅកាន់​អារម្មណ៍​ដទៃ ហើយស្ថិតនៅក្តី និយាយក្តី១ ភិក្ខុនីឆ្កួត១ ភិក្ខុនី​ជាខាង​ដើមបញ្ញត្តិ១។

(បាចិត្តិយ អន្ធការវគ្គ) សិក្ខាបទ ទី៣

(៣. តតិយសិក្ខាបទំ)

[១៩១] សម័យនោះ ព្រះពុទ្ធ​ជាម្ចាស់ដ៏មានព្រះភាគ គង់នៅវត្តជេតវន របស់​អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុង​សាវត្ថី។ គ្រានោះឯង មានបុរស​ជាញាតិ​របស់​ភិក្ខុនី​ជាសិស្សរបស់​​ភទ្ទាកាបិលានីភិក្ខុនី បានចេញពីស្រុក​ក្រៅទៅ​ក្រុង​សាវត្ថី ដោយ​កិច្ច​នីមួយ។ កាលនោះ ភិក្ខុនី​នោះគិតថា ការស្ថិតនៅក្តី និយាយក្តី តែម្នាក់​នឹងម្នាក់ មួយអន្លើ​ដោយបុរស ក្នុងទីឱកាស​ដ៏កំបាំង ព្រះដ៏មានព្រះភាគ​ទ្រង់ហាម​ហើយ (គិត​ដូច្នោះហើយ) ក៏ស្ថិតនៅខ្លះ និយាយ​ខ្លះ តែម្នាក់នឹងម្នាក់​មួយអន្លើ​ដោយបុរសនោះ​ឯងក្នុង​ទីវាល។ ពួក​ភិក្ខុនី​ណាមាន​សេចក្តី​ប្រាថ្នា​តិច។បេ។ ពួកភិក្ខុនី​ទាំង​នោះ​ក៏ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ភិក្ខុនី​​​មិនសម​នឹងស្ថិតនៅខ្លះ និយាយខ្លះ តែម្នាក់​នឹងម្នាក់ មួយអន្លើ​ដោយបុរស ក្នុងទីវាល​សោះ។បេ។ ព្រះអង្គត្រាស់សួរថា ម្នាលភិក្ខុ​ទាំងឡាយ ឮថាភិក្ខុនីស្ថិតនៅខ្លះ និយាយខ្លះ តែម្នាក់​នឹងម្នាក់ មួយអន្លើ​ដោយបុរស ក្នុងទី​វាល ពិតមែនឬ។ ពួកភិក្ខុ​ក្រាបទូល​ថា បពិត្រ​ព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធ​ជាម្ចាស់​ដ៏មាន​ព្រះភាគ ​ទ្រង់​តិះដៀល​ថា ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុនី​ ​មិនសមនឹង​ស្ថិត​នៅខ្លះ និយាយខ្លះ តែម្នាក់​នឹងម្នាក់ មួយអន្លើ​ដោយបុរស ក្នុងទីវាល​ទេ ម្នាលភិក្ខុ​ទាំងឡាយ ការនេះ​មិនមែននាំ​ឲ្យ​ជ្រះថ្លា​ដល់ពួក​ជន​ដែល​មិនទាន់​ជ្រះថ្លា​ទេ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ ពួកភិក្ខុនី​ ចូរសំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះថា

ភិក្ខុនី​ណាមួយ​​ស្ថិតនៅក្តី និយាយក្តី តែម្នាក់​នឹងម្នាក់ មួយអន្លើ​ដោយបុរស​ក្នុងទី​វាល ត្រូវអាបត្តិ​បាចិត្តិយ។

[១៩២] ត្រង់ពាក្យថា ភិក្ខុនីណាមួយ បានអធិប្បាយ​ក្នុងបារាជិកកណ្ឌទី១រួចហើយ។ ដែលហៅថា ទីវាល បានដល់​ទី​ដែលគេមិន​បិទបាំង​ គឺទីដែល​គេមិនបិទ​បាំងដោយវត្ថុណាមួយ គឺជញ្ជាំង​ក្តី ​សន្ទះ​ទ្វារក្តី ផែងក្តី វំាងននក្តី ដើម​ឈើក្តី សសរក្តី ល្វែង​បន្ទប់​ក្តី។ ដែលហៅថា ​បុរស បានដល់​មនុស្សប្រុសដែលដឹងក្តី យល់ការ ​ស្ថិតនៅបាន និយាយបាន មិនមែនយក្ស មិនមែន​ប្រេត មិនមែន​តិរច្ឆាន។ ពាក្យថា មួយអន្លើ គឺ​ក្នុងទី​ជាមួយគ្នា។ ពាក្យថា តែម្នាក់​នឹងម្នាក់ គឺ​​មានតែបុរស១ និងភិក្ខុនី១។ ពាក្យថា ស្ថិតនៅក្តី សេចក្តីថា ភិក្ខុនី​ស្ថិតនៅ​ក្នុងហត្ថបាស​នៃបុរស ត្រូវអាបត្តិ​បាចិត្តិយ។ ពាក្យថា និយាយក្តី សេចក្តីថា ភិក្ខុនី​ស្ថិតនៅក្នុង​ហត្ថបាស​នៃបុរស​ ហើយ​និយាយ ត្រូវអាបត្តិ​បាចិត្តិយ។ ភិក្ខុនី​លះបង់​ហត្ថបាស ហើយស្ថិតនៅក្តី និយាយក្តី ត្រូវអាបត្តិ​ទុក្កដ។ ភិក្ខុនី​ស្ថិតនៅ ឬនិយាយ មួយអន្លើ​ដោយយក្សក្តី ប្រេតក្តី បណ្ឌកក្តី សត្វតិរច្ឆាន​មាន​រាងកាយ​ដូចមនុស្ស​ក្តី ត្រូវអាបត្តិទុក្កដ។

[១៩៣] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៥យ៉ាង) គឺមានភិក្ខុនីណាមួយ​ដឹងសេចក្តី​ច្បាស់​នៅជាគំរប់ពីរ១ ភិក្ខុនី​ប្រាថ្នា​នូវទី​មិនស្ងាត់ (ហើយស្ថិតនៅ​ក្តី និយាយក្តី)១ ភិក្ខុនី​មានចិត្ត​បញ្ជូន​ទៅក្នុង​អារម្មណ៍​ដទៃ ហើយស្ថិតនៅក្តី និយាយក្តី១ ភិក្ខុនីឆ្កួត១ ភិក្ខុនី​ជាខាង​ដើមបញ្ញត្តិ១។

(បាចិត្តិយ អន្ធការវគ្គ) សិក្ខាបទ ទី៤

(៤. ចតុត្ថសិក្ខាបទំ)

[១៩៤] សម័យនោះ ព្រះពុទ្ធ​ជាម្ចាស់ដ៏មានព្រះភាគ គង់នៅវត្តជេតវន របស់​អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុង​សាវត្ថី។ គ្រានោះឯង ថុល្លនន្ទាភិក្ខុនី​ឈរនៅខ្លះ និយាយខ្លះ ខ្សិប​ជិតត្រចៀក​ខ្លះ តែម្នាក់​និងម្នាក់ មួយអន្លើ​ដោយបុរស ក្នុងច្រករហូត​ខ្លះ ក្នុងច្រក​ទាល់​ (កៀនកោះ)ខ្លះ ក្នុងទី​ប្រជុំ​ផ្លូវ​មានជ្រុង​៤ ឬមានជ្រុង​៣ខ្លះ បណ្តេញ​ភិក្ខុនី​ជាគូកនចេញ​ទៅខ្លះ។ ពួក​ភិក្ខុនី​ណាមាន​សេចក្តី​ប្រាថ្នា​តិច។បេ។ ពួកភិក្ខុនី​ទាំង​នោះ​ក៏ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ថុល្លនន្ទា​ជាម្ចាស់ ​​​មិនសម​នឹងឈរនៅខ្លះ និយាយខ្លះ ខ្សិបជិត​ត្រចៀកខ្លះ តែម្នាក់​នឹងម្នាក់ មួយអន្លើ​ដោយបុរស ក្នុងច្រក​រហូតខ្លះ ក្នុងច្រកទាល់​ខ្លះ ក្នុងទី​ប្រជុំ​ផ្លូវ​មានជ្រុង​៤ ឬជ្រុង​៣ខ្លះ បណ្តេញ​ភិក្ខុនី​ជាគូកន​ចេញទៅខ្លះ​សោះ។បេ។ ព្រះអង្គត្រាស់សួរថា ម្នាលភិក្ខុ​ទាំងឡាយ ឮថាថុល្លនន្ទាភិក្ខុនីឈរនៅខ្លះ និយាយខ្លះ ខ្សិបជិត​ត្រចៀកខ្លះ តែម្នាក់​នឹងម្នាក់ មួយអន្លើ​ដោយបុរស ក្នុងច្រក​រហូតខ្លះ ក្នុងច្រកទាល់ខ្លះ ក្នុងទី​ប្រជុំផ្លូវ​មានជ្រុង​៤ ឬជ្រុង​៣ខ្លះ បណ្តេញ​ភិក្ខុនី​ជាគូកន​ចេញខ្លះ ពិតមែនឬ។ ពួកភិក្ខុ​ក្រាបទូល​ថា បពិត្រ​ព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធ​ជាម្ចាស់​ដ៏មាន​ព្រះភាគ ​ទ្រង់​តិះដៀល​ថា ម្នាល​ភិក្ខុ​ទាំងឡាយ ថុល្លនន្ទាភិក្ខុនី​ ​មិនសមនឹង​ឈរ​នៅខ្លះ និយាយខ្លះ ខ្សិបជិត​ត្រចៀកខ្លះ តែម្នាក់​នឹងម្នាក់ មួយអន្លើ​ដោយបុរស ក្នុងច្រក​រហូតខ្លះ ក្នុង​ច្រកទាល់​ខ្លះ ក្នុងទីប្រជុំផ្លូវ​មានជ្រុង​៤ ឬជ្រុង៣ខ្លះ បណ្តេញ​ភិក្ខុនី​ជាគូកន​ខ្លះទេ ម្នាលភិក្ខុ​ទាំងឡាយ ការនេះ​មិនមែននាំ​ឲ្យ​ជ្រះថ្លា​ដល់ពួក​ជន​ដែល​មិនទាន់​ជ្រះថ្លា​ទេ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ ពួកភិក្ខុនី​ ចូរសំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះថា

ភិក្ខុនី​ណាមួយ​​ឈរនៅក្តី និយាយក្តី ខ្សិបជិត​ត្រចៀកក្តី តែម្នាក់​នឹងម្នាក់ មួយអន្លើ​ដោយបុរស​ក្នុងច្រក​រហូតក្តី ក្នុងច្រក​ទាល់ក្តី ក្នុងទី​ប្រជុំផ្លូវ​មានជ្រុង​៤ ឬជ្រុង៣​ក្តី បណ្តេញ​ភិក្ខុនី​ជាគូកន​ចេញក្តី ត្រូវអាបត្តិ​បាចិត្តិយ។

[១៩៥] ត្រង់ពាក្យថា ភិក្ខុនីណាមួយ បានអធិប្បាយ​ក្នុងបារាជិកកណ្ឌទី១រួចហើយ។ ដែលហៅថា ច្រករហូត បានដល់ផ្លូវ​​ដែលរថចេញចូល​បាន (ថ្នល់)។ ដែលហៅថា ច្រកទាល់ បានដល់ទី​ដែលជន​ទាំងឡាយ​ចូលទៅ​តាមផ្លូវណា ចេញទៅតាម​ផ្លូវ​នោះវិញ​ទើបបាន។ ដែល​ហៅថា ទីប្រជុំ​ផ្លូវ​មានជ្រុង​៤ ឬជ្រុង៣ បានដល់​ស្នាម​ ឬព្រះលាន។ ដែលហៅថា ​បុរស បានដល់​មនុស្សប្រុសដែលដឹងសេចក្តី​ច្បាស់ អាចឈរនៅបាន និយាយបាន មិនមែនយក្ស មិនមែន​ប្រេត មិនមែន​សត្វតិរច្ឆាន។ ពាក្យថា មួយអន្លើ គឺ​ក្នុងទី​ជាមួយគ្នា។ ពាក្យថា ម្នាក់​នឹងម្នាក់ គឺ​​មានតែ​បុរស១ និងភិក្ខុនី១។ ពាក្យថា ឈរនៅក្តី សេចក្តីថា ភិក្ខុនី​ឈរនៅ​ក្នុងហត្ថបាស​នៃបុរស ត្រូវអាបត្តិ​បាចិត្តិយ។ ពាក្យថា និយាយក្តី សេចក្តីថា ភិក្ខុនីឈរនៅក្នុង​ហត្ថបាស​នៃបុរស​ ហើយ​និយាយ ត្រូវអាបត្តិ​បាចិត្តិយ។ ពាក្យថា ខ្សិបជិត​ត្រចៀកក្តី សេចក្តីថា ភិក្ខុនី​ប្រាប់សេចក្តី​ជិតត្រចៀក​នៃបុរស ត្រូវអាបត្តិ​បាចិត្តិយ។ ពាក្យថា បណ្តេញ​ភិក្ខុនី​ជាគូកន​ចេញក្តី សេចក្តីថា ភិក្ខុនី​មាន​សេចក្តី​ប្រាថ្នា​ដើម្បី​ប្រព្រឹត្ត​អនាចារ ហើយបណ្តេញ​ភិក្ខុនី​ជាគំរប់​ពីរ ត្រូវ​អាបត្តិ​ទុក្កដ។ ភិក្ខុនី​ជាគូកន​កំពុង​លះបង់​ឧបចារ​សម្រាប់ឃើញ​ក្តី ឧបចារ​សម្រាប់​ស្តាប់ក្តី ភិក្ខុនី​អ្នកបណ្តេញ​ ត្រូវអាបត្តិ​ទុក្កដ លុះភិក្ខុនី​ជាគូកន​លះបង់​ឧបចារ​ផុត​ទៅហើយ ភិក្ខុនី​អ្នកបណ្តេញ ត្រូវអាបត្តិ​បាចិត្តិយ។ ភិក្ខុនី​លះបង់​ហត្ថបាស ហើយឈរនៅក្តី និយាយក្តី ត្រូវអាបត្តិ​ទុក្កដ។ ភិក្ខុនីឈរនៅក្តី និយាយក្តី មួយអន្លើ​ដោយយក្សក្តី ប្រេតក្តី បណ្ឌកក្តី សត្វតិរច្ឆាន​មាន​រាងកាយ​ដូចមនុស្ស​ក្តី ត្រូវអាបត្តិទុក្កដ។

[១៩៦] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៧យ៉ាង) គឺមានភិក្ខុនីណាមួយ​ដឹងសេចក្តី​ច្បាស់​នៅជាគំរប់ពីរ១ ភិក្ខុនី​ប្រាថ្នា​នូវទី​មិនស្ងាត់ (ហើយឈរនៅ​ក្តី និយាយក្តី)១ ភិក្ខុនី​មានចិត្ត​បញ្ជូន​ទៅក្នុង​អារម្មណ៍ឯទៀត ហើយឈរនៅក្តី និយាយក្តី១ ភិក្ខុនី​មិនមាន​សេចក្តី​ប្រាថ្នា​ដើម្បី​ប្រព្រឹត្ត​អនាចារ ហើយបណ្តេញ​ភិក្ខុនី​ជាគូកន១ ភិក្ខុនី​មានកិច្ច​ ហើយបណ្តេញ​ភិក្ខុនី​ជាគូកន១ ភិក្ខុនីឆ្កួត១ ភិក្ខុនី​ជាខាង​ដើមបញ្ញត្តិ១។

(បាចិត្តិយ អន្ធការវគ្គ) សិក្ខាបទ ទី៥

(៥. បញ្ចមសិក្ខាបទំ)

[១៩៧] សម័យនោះ ព្រះពុទ្ធ​ជាម្ចាស់ដ៏មានព្រះភាគ គង់នៅវត្តជេតវន របស់​អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុង​សាវត្ថី។ សម័យនោះឯង មានភិក្ខុនី១រូប​ជាជីតុន​ប្រកប​ដោយ​និច្ចភត្ត​របស់​ត្រកូល១។ កាលនោះ ភិក្ខុនីនោះ​ស្លៀកស្បង់​អំពីព្រឹក ហើយប្រដាប់​បាត្រ​និងចីវរ ចូលទៅរក​ត្រកូលនោះ លុះចូល​ទៅដល់ហើយ ក៏អង្គុយ​លើអាសនៈ ហើយមិន​បានលា​ពួកជន​ជាម្ចាស់ផ្ទះ ក៏ចៀសចេញទៅ។ ខ្ញុំស្រី​របស់ត្រកូលនោះ កាលបោសផ្ទះ ក៏ដាក់​អាសនៈ​នោះ​ទៅក្នុង​កន្លៀតភាជន៍។ មនុស្ស​ទាំងឡាយ​មិនឃើញ​អាសនៈ​នោះ ក៏និយាយពាក្យនេះ​នឹង​ភិក្ខុនី​នោះថា បពិត្រលោកម្ចាស់ អាសនៈ​នៅឯណា។ ភិក្ខុនី​នោះប្រាប់ថា ម្នាលអាវុសោ អាត្មា​មិនឃើញ​អាសនៈ​នោះទេ។ មនុស្សទាំងឡាយ​ទារយក​អាសនៈ​នោះវិញថា នែលោកម្ចាស់ ចូរឲ្យ​អាសនៈ​នេះ​មក ហើយក៏​ផ្តាសា​ផ្តាច់​ទាំងនិច្ចភត្ត​នោះចេញ។ ទើបពួក​មនុស្ស​នោះនាំគ្នា​ជម្រះ​សំអាត​ផ្ទះ ក៏ឃើញ​អាសនៈ​នោះនៅ​ក្នុងកន្លៀតភាជន៍ ហើយសូម​ឲ្យភិក្ខុនី​នោះអត់ទោស រួចក៏​ប្រគេន​និច្ចភត្ត​វិញ។ ឯភិក្ខុនី​នោះ​ប្រាប់សេចក្តីនុ៎ះ​ដល់ភិក្ខុនី​ទាំងឡាយ ពួក​ភិក្ខុនី​ណាមាន​សេចក្តី​ប្រាថ្នា​តិច។បេ។ ពួកភិក្ខុនី​​នោះ​ក៏ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ភិក្ខុនី​​​មិនសម​នឹងចូលទៅ​រកត្រកូល​មុនពេលបាយ ហើយអង្គុយ​លើអាសនៈ រួចមិនលា​ពួកជន​ជាម្ចាស់ផ្ទះ ហើយចៀស​ចេញទៅសោះ។បេ។ ព្រះអង្គត្រាស់សួរថា ម្នាលភិក្ខុ​ទាំងឡាយ ឮថាភិក្ខុនីចូលទៅ​រកត្រកូល​ក្នុងពេល​មុនបាយ ហើយអង្គុយ​លើអាសនៈ រួចមិនលា​ពួកជន​ជាម្ចាស់ ក៏ចៀស​ចេញទៅ ពិតមែនឬ។ ពួកភិក្ខុ​ក្រាបទូល​ថា បពិត្រ​ព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធ​ជាម្ចាស់​ដ៏មាន​ព្រះភាគ ​ទ្រង់​តិះដៀល​ថា ម្នាល​ភិក្ខុ​ទាំងឡាយ ពួកភិក្ខុនី​ ​មិនសមនឹងចូលទៅ​រកត្រកូល​ទាំងឡាយក្នុងពេល​មុនបាយ ហើយអង្គុយ​លើអាសនៈ រួចមិនបានលា​ពួកជន​ជាម្ចាស់ផ្ទះ ហើយចៀស​ចេញទៅទេ ម្នាលភិក្ខុ​ទាំងឡាយ ការនេះ​មិនមែននាំ​ឲ្យ​ជ្រះថ្លា​ដល់ពួក​ជន​ដែល​មិនទាន់​ជ្រះថ្លា​ទេ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ ពួកភិក្ខុនី​ ចូរសំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា

ភិក្ខុនី​ណាមួយ​​ចូលទៅ​រកត្រកូល​ទាំងឡាយ​ក្នុងពេល​​មុនបាយ ហើយអង្គុយ​លើអាសនៈ រួចមិនបានលា​ពួកជន​ជាម្ចាស់ផ្ទះ ចៀស​ចេញទៅ ត្រូវអាបត្តិ​បាចិត្តិយ។

[១៩៨] ត្រង់ពាក្យថា ភិក្ខុនីណាមួយ បានអធិប្បាយ​ក្នុងបារាជិកកណ្ឌទី១រួចហើយ។ ដែលហៅថា ក្នុងពេលមុនបាយ គឺរាប់​ចាប់តាំងពីអរុណរះ​ឡើង ដរាប​ដល់​ថ្ងៃត្រង់។ ដែលហៅថា ត្រកូល បានដល់​ត្រកូល​ទាំង៤ គឺត្រកូលក្សត្រ១ ត្រកូលព្រាហ្មណ៍១ ត្រកូលអ្នក​រកស៊ី (ជួញ​ប្រែធ្វើ​ស្រែចំការ​ជាដើម)១ ត្រកូល​អ្នករកស៊ី​ឈ្នួលគេ១។ ពាក្យថា ចូលទៅរក គឺទៅ​ក្នុង​ត្រកូល​នោះ។ ដែលហៅថា អាសនៈ សំដៅយក​ឱកាសនៃ​ទីអង្គុយ។ ពាក្យថា អង្គុយនៅ គឺអង្គុយ​លើ​អាសនៈ​នោះ។ ពាក្យថា មិនបាន​លាពួកជន​ជាម្ចាស់ផ្ទះ ហើយចៀសចេញទៅ សេចក្តីថា មនុស្ស​ណាជាម្ចាស់​ផ្ទះ​ក្នុងត្រកូល​នោះ ដែលអាច​ដើម្បី​ប្រគេន (វត្ថុអ្វីៗបាន) ភិក្ខុនី​មិនលា​មនុស្ស​នោះ។ កាលភិក្ខុនី​ឈានផុត​ទីដែល​ភ្លៀងធ្លាក់​មិនត្រូវ ត្រូវអាបត្តិ​បាចិត្តិយ។ ភិក្ខុនី​កន្លង​ឧបចារផ្ទះ ចូល​ទៅក្នុងទីវាល ត្រូវអាបត្តិ​បាចិត្តិយ។

[១៩៩] ម្ចាស់ផ្ទះដែលខ្លួនមិនបានលា ភិក្ខុនីសំគាល់ថា​មិនបានលាមែន ហើយចៀស​ចេញទៅ ត្រូវអាបត្តិ​បាចិត្តិយ។ ម្ចាស់ផ្ទះ​ដែលខ្លួន​មិនបាន​លា តែភិក្ខុនី​មានសេចក្តី​សង្ស័យ ហើយចៀស​ចេញទៅ ត្រូវអាបត្តិ​បាចិត្តិយ។ ម្ចាស់ផ្ទះ​ដែលខ្លួន​មិនបាន​លា ភិក្ខុនី​សំគាល់​ថា​បាន​លា ហើយចៀស​​ចេញទៅ ត្រូវអាបត្តិ​​បាចិត្តិយ។ (ភិក្ខុនី​អង្គុយ) ក្នុងទី​មិនមែន​ជាទី​ឱកាស​នៃទី​អង្គុយ (មិនលា ហើយចៀសចេញ​ទៅ) ត្រូវអាបត្តិ​ទុក្កដ។ ម្ចាស់ផ្ទះ​ដែលខ្លួន​បានលាហើយ ភិក្ខុនី​សំគាល់ថា​មិនទាន់​លា ត្រូវអាបត្តិ​ទុក្កដ។ ម្ចាស់ផ្ទះ​ដែលខ្លួន​បានលាហើយ ភិក្ខុនីសង្ស័យ ត្រូវ​អាបត្តិ​ទុក្កដ។ ម្ចាស់ផ្ទះ​ដែលខ្លួន​បានលាហើយ ភិក្ខុនី​សំគាល់ថា​បាន​លាមែន មិនត្រូវអាបត្តិ​។

[២០០] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៦យ៉ាង) គឺភិក្ខុនីលា​ហើយទើប​ទៅ១ ភិក្ខុនីអង្គុយ​លើអាសនៈ​ដែលគេ​នាំយកទៅ​មិនបាន១ ភិក្ខុនី​មានជម្ងឺ១ ភិក្ខុនី​មាន​សេចក្តី​អន្តរាយ១ ភិក្ខុនីឆ្កួត១ ភិក្ខុនី​ជាខាង​ដើមបញ្ញត្តិ១។

(បាចិត្តិយ អន្ធការវគ្គ) សិក្ខាបទ ទី៦

(៦. ឆដ្ឋសិក្ខាបទំ)

[២០១] សម័យនោះ ព្រះពុទ្ធ​ជាម្ចាស់ដ៏មានព្រះភាគ គង់នៅវត្តជេតវន របស់​អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុង​សាវត្ថី។ គ្រានោះឯង ថុល្លនន្ទាភិក្ខុនីចូលទៅរក​ត្រកូល​ទាំងឡាយ​ក្នុងពេល​ក្រោយបាយ ហើយមិនប្រាប់​ពួកជន​ជាម្ចាស់​ផ្ទះ ក៏អង្គុយខ្លះ ដេកខ្លះ លើអាសនៈ។ ពួកមនុស្ស​កាលខ្មាសថុល្លនន្ទាភិក្ខុនី ក៏មិនហ៊ាន​អង្គុយ មិនហ៊ានដេក​លើអាសនៈ។ ​មនុស្ស​ទាំងឡាយក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ថុល្លនន្ទា​ជាម្ចាស់​មិនសម​នឹងចូលទៅរក​ត្រកូល​ទាំងឡាយ​ក្នុងពេល​ក្រោយបាយ ហើយមិន​បានប្រាប់​ពួកជន​ជាម្ចាស់​ផ្ទះ ក៏អង្គុយខ្លះ ដេកខ្លះ លើអាសនៈ​សោះ។ ភិក្ខុនី​ទាំងលាយ​ឮពួកមនុស្ស​ទាំងនោះ​ពោលទោស តិះដៀល បន្តុះបង្អាប់​ដូច្នោះហើយ។ ពួក​ភិក្ខុនី​ណាមាន​សេចក្តី​ប្រាថ្នា​តិច។បេ។ ពួកភិក្ខុនី​​​ទាំងនោះ​ក៏ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ថុល្លនន្ទា​ជាម្ចាស់ ​​​មិនសម​នឹងចូលទៅ​រកត្រកូល​ទាំងឡាយ​ក្នុងពេលក្រោយបាយ ហើយមិនបាន​ប្រាប់ពួក​ជន​ជាម្ចាស់ផ្ទះ ក៏អង្គុយខ្លះ ដេកខ្លះ ​លើអាសនៈសោះ។បេ។ ព្រះអង្គទ្រង់ត្រាស់សួរថា ម្នាលភិក្ខុ​ទាំងឡាយ ឮថាថុល្លន្ទា​ភិក្ខុនី​ចូលទៅ​រកត្រកូលទាំងឡាយ​​ក្នុងពេលក្រោយបាយ ហើយមិនប្រាប់​ពួកជន​ជាម្ចាស់ផ្ទះ ក៏អង្គុយខ្លះ ដេកខ្លះ ​លើអាសនៈ ពិតមែនឬ។ ពួកភិក្ខុ​ក្រាបទូល​ថា បពិត្រ​ព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធ​ជាម្ចាស់​ដ៏មាន​ព្រះភាគ ​ទ្រង់​តិះដៀល​ថា ម្នាល​ភិក្ខុ​ទាំងឡាយ ថុល្លនន្ទាភិក្ខុនី​ ​មិនសម​នឹងចូលទៅ​រកត្រកូល​ទាំងឡាយក្នុងពេលក្រោយបាយ ហើយ​មិនបានប្រាប់​ពួកជន​ជាម្ចាស់​ផ្ទះ ក៏អង្គុយខ្លះ ដេកខ្លះ​លើអាសនៈទេ ម្នាលភិក្ខុ​ទាំងឡាយ ការនេះ​មិនមែននាំ​ឲ្យ​ជ្រះថ្លា​ដល់ពួក​ជន​ដែល​មិនទាន់​ជ្រះថ្លា​ទេ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ ពួកភិក្ខុនី​ ចូរសំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា

ភិក្ខុនី​ណាមួយ​​ចូលទៅ​រកត្រកូល​ទាំងឡាយ​ក្នុងពេល​ក្រោយបាយ ​មិនប្រាប់​ពួកជន​ជាម្ចាស់ផ្ទះ ហើយអង្គុយក្តី ដេកក្តី ​លើអាសនៈ ត្រូវអាបត្តិ​បាចិត្តិយ។

[២០២] ត្រង់ពាក្យថា ភិក្ខុនីណាមួយ បានអធិប្បាយ​ក្នុងបារាជិកកណ្ឌទី១រួចហើយ។ ដែលហៅថា ពេលខាងក្រោយបាយ បានដល់ពេលដែល​ព្រះអាទិត្យ​ជ្រេពី​ត្រង់​រហូត​ដល់ព្រះ​អាទិត្យអស្តង្គតទៅ។ ដែលហៅថា ត្រកូល បានដល់​ត្រកូល​ទាំង៤ គឺត្រកូលក្សត្រ១ ត្រកូលព្រាហ្មណ៍១ ត្រកូលអ្នក​រកស៊ី​ជួញ​ប្រែធ្វើ​ស្រែចំការ១ ត្រកូល​អ្នករកស៊ី​ឈ្នួល១។ ពាក្យថា ចូលទៅរក គឺទៅ​ក្នុង​ត្រកូល​នោះ។ ពាក្យថា មិនបាន​ប្រាប់​ពួកជន​ជាម្ចាស់ផ្ទះ សេចក្តីថា មនុស្ស​ណា​ ជាម្ចាស់ឬធំ​​ក្នុងត្រកូល​នោះ ដែលអាច​ដើម្បី​ប្រគេន (វត្ថុអ្វីៗបាន) ភិក្ខុនី​មិនប្រាប់​​មនុស្ស​នោះ។ ដែលហៅថា​អាសនៈ បានដល់​ឱកាសល្មម​អង្គុយ​ពែនបាន។ ពាក្យថា អង្គុយ សេចក្តីថា ភិក្ខុនី​អង្គុយ​លើអាសនៈ​នោះ ត្រូវអាបត្តិ​បាចិត្តិយ។ ពាក្យថា ដេក សេចក្តីថា ភិក្ខុនី​ដេក​លើអាសនៈ​នោះ ត្រូវអាបត្តិ​បាចិត្តិយ។

[២០៣] ម្ចាស់ផ្ទះដែលខ្លួនមិនទាន់​បានប្រាប់ ភិក្ខុនីសំគាល់ថា​មិនទាន់បាន​ប្រាប់មែន ហើយអង្គុយក្តី ដេកក្តី លើអាសនៈ ត្រូវអាបត្តិ​បាចិត្តិយ។ ម្ចាស់ផ្ទះ​ដែលខ្លួន​មិនបានប្រាប់ តែភិក្ខុនី​មានសេចក្តី​សង្ស័យ ហើយអង្គុយ​ក្តី ដេកក្តី​លើអាសនៈ ត្រូវអាបត្តិ​បាចិត្តិយ។ ម្ចាស់ផ្ទះ​ដែលខ្លួន​មិនបានប្រាប់ តែភិក្ខុនី​សំគាល់​ថា​បានប្រាប់ ហើយអង្គុយក្តី ដេកក្តី លើអាសនៈ ត្រូវអាបត្តិ​​បាចិត្តិយ។ (ភិក្ខុនី​អង្គុយ ឬដេក) ក្នុងទី​មិនមែន​ជាទី​ឱកាស​នៃទី​អង្គុយ ត្រូវអាបត្តិ​ទុក្កដ។ ម្ចាស់ផ្ទះ​ដែលខ្លួន​បានប្រាប់ តែភិក្ខុនី​សំគាល់ថា​មិនទាន់បាន​ប្រាប់ ត្រូវអាបត្តិ​ទុក្កដ។ ម្ចាស់ផ្ទះ​ដែលខ្លួន​បានប្រាប់ហើយ តែភិក្ខុនី​មានសេចក្តី​សង្ស័យ ត្រូវ​អាបត្តិ​ទុក្កដ។ ម្ចាស់ផ្ទះ​ដែលខ្លួន​បានប្រាប់​ហើយ ភិក្ខុនី​សំគាល់ថា​បានប្រាប់​ហើយមែន មិនត្រូវអាបត្តិ​។

[២០៤] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៦យ៉ាង) គឺភិក្ខុនីបាន​ប្រាប់​ហើយអង្គុយក្តី ដេកក្តី​លើអាសនៈ១ ភិក្ខុនីអង្គុយ ឬដេក​​លើអាសនៈ​ដែលគេ​ក្រាល​ជានិច្ច​១ ភិក្ខុនី​មានជម្ងឺ១ ភិក្ខុនី​មាន​សេចក្តី​អន្តរាយ១ ភិក្ខុនីឆ្កួត១ ភិក្ខុនី​ជាខាង​ដើមបញ្ញត្តិ១។

(បាចិត្តិយ អន្ធការវគ្គ) សិក្ខាបទ ទី៧

(៧. សត្តមសិក្ខាបទំ)

[២០៥] សម័យនោះ ព្រះពុទ្ធ​ជាម្ចាស់ដ៏មានព្រះភាគ គង់នៅវត្តជេតវន របស់​អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុង​សាវត្ថី។ គ្រានោះឯង ពួកភិក្ខុនីច្រើនរូប​កាលដែល​ទៅកាន់​ក្រុងសាវត្ថី ក្នុងកោសល​ជនបទ ក៏ចូលទៅកាន់​ស្រុក១ ក្នុងវេលាល្ងាច ហើយចូលទៅរក​ត្រកូល​ព្រាហ្មណ៍​ម្នាក់ ហើយក៏សូមឱកាស។ កាលនោះ នាងព្រាហ្មណី​បានពោល​ពាក្យនេះ​នឹងភិក្ខុនី​ទាំងនោះថា បពិត្រ​លោកម្ចាស់ សូមលោក​ទាំងឡាយ​រង់ចាំសិន ទំរាំព្រាហ្មណ៍​មក។ ពួកភិក្ខុនី​គិតគ្នាថា នឹងបង្អង់​ចាំព្រាហ្មណ៍​មកសិនដែរ គិតដូច្នោះ​ហើយ ក៏ក្រាល​កម្រាល​សម្រាប់ដេក រួច​ខ្លះអង្គុយ ខ្លះដេក។ ឯព្រាហ្មណ៍​នោះមក​ក្នុងរាត្រី ហើយពោល​ពាក្យនេះ​នឹង​ព្រាហ្មណី​នោះថា ស្រីទាំងនេះ​ជាអ្វី។ នាងព្រាហ្មណី​ឆ្លើយថា បពិត្រ​អ្នកម្ចាស់ (ស្រីទាំងឡាយ​នេះជា) ភិក្ខុនី។ ព្រាហ្មណ៍​ពោលថា អ្នកទាំងឡាយ​ចូរទង់ទាញ​ស្រីផ្កាមាស​ត្រងោល​នេះចេញ ថាដូច្នោះ​ហើយ ក៏ឲ្យ​គេទង់ទាញ​ចេញពីផ្ទះ​ទៅ។ ឯភិក្ខុនី​ទាំងនោះ​នាំគ្នាទៅកាន់​ក្រុងសាវត្ថី​ ហើយប្រាប់​សេចក្តី​នុ៎ះ​ដល់ភិក្ខុនី​ទាំងឡាយ។ ពួក​ភិក្ខុនី​ណាមាន​សេចក្តី​ប្រាថ្នា​តិច។បេ។ ពួកភិក្ខុនី​នោះ​ក៏ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ពួកភិក្ខុនី ​​​មិនសម​នឹងចូលទៅកាន់​ត្រកូល​ក្នុងវេលា​វិកាល ហើយមិនបាន​ប្រាប់ពួក​ជន​ជាម្ចាស់សិន ក៏ក្រាល​ឯងខ្លះ ឲ្យគេក្រាល​ខ្លះនូវ​កម្រាល​សម្រាប់​ដេក រួចអង្គុយ​ខ្លះ ដេកខ្លះសោះ។បេ។ ព្រះអង្គទ្រង់​ត្រាស់សួរថា ម្នាលភិក្ខុ​ទាំងឡាយ ឮថាពួក​ភិក្ខុនី​ចូលទៅ​រកត្រកូលទាំងឡាយ​​ក្នុងវេលាវិកាល ហើយមិនទាន់​បានប្រាប់​ពួកជន​ជាម្ចាស់សិន ក៏ក្រាល​ឯងខ្លះ ឲ្យគេក្រាល​ខ្លះនូវ​កម្រាល​សម្រាប់ដេក ហើយអង្គុយខ្លះ ដេកខ្លះ ពិតមែនឬ។ ពួកភិក្ខុ​ក្រាបទូល​ថា បពិត្រ​ព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធ​ជាម្ចាស់​ដ៏មាន​ព្រះភាគ ​ទ្រង់​តិះដៀល​ថា ម្នាល​ភិក្ខុ​ទាំងឡាយ ពួកភិក្ខុនី​ ​មិនសមនឹងចូលទៅ​រកត្រកូល​ទាំងឡាយក្នុងវេលាវិកាល ​មិនទាន់បាន​ប្រាប់​ពួកជន​ជាម្ចាស់សិន ហើយក្រាលឯង​ខ្លះ ឲ្យ​គេក្រាល​ខ្លះនូវ​កម្រាល​សម្រាប់​ដេក រួចអង្គុយខ្លះ ដេកខ្លះទេ ម្នាលភិក្ខុ​ទាំងឡាយ ការនេះ​មិនមែននាំ​ឲ្យ​ជ្រះថ្លា​ដល់ពួក​ជន​ដែល​មិនទាន់​ជ្រះថ្លា​ទេ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ ពួកភិក្ខុនី​ ចូរសំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា

ភិក្ខុនី​ណាមួយ​​ចូលទៅ​រកត្រកូល​ទាំងឡាយ​ក្នុងវេលា​វិកាល ហើយ​មិនទាន់បាន​ប្រាប់​ពួកជន​ជាម្ចាស់សិន ក៏ក្រាល​ឯងក្តី ឲ្យគេ​ក្រាលក្តី​នូវកម្រាល​សម្រាប់ដេក ហើយអង្គុយក្តី ដេកក្តី ​ត្រូវអាបត្តិ​បាចិត្តិយ។

[២០៦] ត្រង់ពាក្យថា ភិក្ខុនីណាមួយ បានអធិប្បាយ​ក្នុងបារាជិកកណ្ឌទី១រួចហើយ។ ដែលហៅថា វេលាវិកាល គឺតាំងពី​​ព្រះអាទិត្យ​អស្តង្គត​ទៅដរាប​ដល់អរុណរះឡើង។ ដែលហៅថា ត្រកូល បានដល់​ត្រកូល​ទាំង៤ គឺត្រកូលក្សត្រ១ ត្រកូលព្រាហ្មណ៍១ ត្រកូលអ្នក​រកស៊ី​ជួញ​ប្រែធ្វើ​ស្រែចំការ១ ត្រកូល​អ្នកស៊ី​ឈ្នួលគេ១។ ពាក្យថា ចូលទៅរក គឺទៅ​ក្នុង​ត្រកូល​នោះ។ ពាក្យថា មិនទាន់​បាន​ប្រាប់​ពួកជន​ជាម្ចាស់សិន សេចក្តីថា មនុស្ស​ណា​ ជាម្ចាស់​​ក្នុងត្រកូល​នោះ ដែលអាច​ដើម្បី​ប្រគេន (វត្ថុអ្វីៗបាន) ភិក្ខុនី​មិនទាន់​បានប្រាប់​​មនុស្ស​នោះ។ ដែលហៅថា កម្រាល​សម្រាប់​ដេក ដោយហោចទៅ សូម្បី​តែកម្រាល​ជាវិការ​នៃស្លឹកឈើ (ក៏ជាកម្រាលដែរ)។ ពាក្យថា ក្រាលឯង គឺក្រាលដោយខ្លួនឯង។ ពាក្យថា ឲ្យគេក្រាល​ គឺឲ្យអ្នក​ដទៃ​ក្រាល។ ពាក្យថា អង្គុយ សេចក្តីថា ភិក្ខុនី​អង្គុយ​លើកម្រាល​សម្រាប់​ដេកនោះ ត្រូវអាបត្តិ​បាចិត្តិយ។ ពាក្យថា ដេក គឺភិក្ខុនី​ដេក​លើកម្រាល​សម្រាប់​ដេក​នោះ ត្រូវអាបត្តិ​បាចិត្តិយ។

[២០៧] ម្ចាស់ផ្ទះដែលខ្លួនមិនទាន់​បានប្រាប់ ភិក្ខុនីសំគាល់ថា​មិនទាន់បាន​ប្រាប់មែន ហើយក្រាល​ឯងក្តី ឲ្យគេ​ក្រាល​ក្តីនូវ​កម្រាល​សម្រាប់ដេក ហើយអង្គុយក្តី ដេកក្តី ត្រូវអាបត្តិ​បាចិត្តិយ។ ម្ចាស់ផ្ទះ​ដែលខ្លួន​មិនទាន់បានប្រាប់ តែភិក្ខុនី​មានសេចក្តី​សង្ស័យ ហើយក្រាលឯង​ក្តី ឲ្យគេក្រាល​ក្តី នូវកម្រាល​សម្រាប់​ដេក ហើយអង្គុយ​ក្តី ដេកក្តី​ ត្រូវអាបត្តិ​បាចិត្តិយ។ ម្ចាស់ផ្ទះ​ដែលខ្លួន​មិនទាន់បានប្រាប់ ភិក្ខុនី​សំគាល់​ថា​បានប្រាប់ទៅវិញ ហើយក្រាល​ឯងក្តី ឲ្យគេក្រាលក្តី នូវកម្រាល​សម្រាប់ដេក ហើយអង្គុយក្តី ដេកក្តី ត្រូវអាបត្តិ​​បាចិត្តិយ។ ម្ចាស់ផ្ទះ​ដែលខ្លួន​បានប្រាប់ ភិក្ខុនី​សំគាល់ថា​មិនទាន់បាន​ប្រាប់ទៅវិញ ត្រូវអាបត្តិ​ទុក្កដ។ ម្ចាស់ផ្ទះ​ដែលខ្លួន​បានប្រាប់ ភិក្ខុនី​មានសេចក្តី​សង្ស័យ ត្រូវ​អាបត្តិ​ទុក្កដ។ ម្ចាស់ផ្ទះ​ដែលខ្លួន​ប្រាប់​ហើយ ភិក្ខុនី​សំគាល់ថា​បានប្រាប់​ហើយមែន មិនត្រូវអាបត្តិ​។

[២០៨] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៥យ៉ាង) គឺភិក្ខុនី​ប្រាប់​ហើយក្រាល​ឯងក្តី ឲ្យគេក្រាល​នូវ​កម្រាល​សម្រាប់ដេក ហើយអង្គុយក្តី ដេកក្តី១ ភិក្ខុនី​មានជម្ងឺ១ ភិក្ខុនី​មាន​សេចក្តី​អន្តរាយ១ ភិក្ខុនីឆ្កួត១ ភិក្ខុនី​ជាខាង​ដើមបញ្ញត្តិ១។

(បាចិត្តិយ អន្ធការវគ្គ) សិក្ខាបទ ទី៨

(៨. អដ្ឋមសិក្ខាបទំ)

[២០៩] សម័យនោះ ព្រះពុទ្ធ​ជាម្ចាស់ដ៏មានព្រះភាគ គង់នៅវត្តជេតវន របស់​អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុង​សាវត្ថី។ គ្រានោះឯង ភិក្ខុនីជាសិស្ស​របស់​ភទ្ទាកាបិលានី​ភិក្ខុនី តែងតែ​បម្រើ​ភទ្ទាកាបិលានី​ភិក្ខុនី​ដោយគោរព។ ភទ្ទាកាបិលានី​ភិក្ខុនី​បានពោលពាក្យ​នេះនឹង​ពួកភិក្ខុនី​ថា បពិត្រ​លោកម្ចាស់ ភិក្ខុនី​នេះតែង​បម្រើ​ខ្ញុំដោយ​គោរព ខ្ញុំ​នឹងឲ្យ​ចីវរ​ដល់ភិក្ខុនី​នេះ។ ឯភិក្ខុនី​នោះពោល​មើលងាយ​វិញ ដោយការ​ប្រកាន់​យកអាក្រក់​របស់ខ្លួន ដោយការ​ពិចារណា​ខុស (របស់ខ្លួន)​ថា បពិត្រ​លោកម្ចាស់​ ឮថា​ខ្ញុំ​មិនបម្រើ​លោកម្ចាស់​ដោយគោរព​ទេ ឮថា​លោកម្ចាស់​មិនឲ្យ​ចីវរ​មកខ្ញុំទេ។ ពួក​ភិក្ខុនី​ណាមាន​សេចក្តី​ប្រាថ្នា​តិច។បេ។ ពួកភិក្ខុនី​នោះ​ក៏ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ភិក្ខុនី ​​​មិនសម​នឹង​មើលងាយ​គេ ដោយ​ការ​ប្រកាន់​អាក្រក់ ដោយការ​ពិចារណា​ខុសសោះ។បេ។ ព្រះអង្គទ្រង់​ត្រាស់សួរថា ម្នាលភិក្ខុ​ទាំងឡាយ ឮថា​ភិក្ខុនីមើលងាយ​គេដោយ​ការ​ប្រកាន់​យកអាក្រក់ ដោយការ​ពិចារណា​ខុស ពិតមែនឬ។ ពួកភិក្ខុ​ក្រាបទូល​ថា បពិត្រ​ព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធ​ជាម្ចាស់​ដ៏មាន​ព្រះភាគ ​ទ្រង់​តិះដៀល​ថា ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុនី​ ​មិនសមបើនឹងមើលងាយ​គេដោយ​ការប្រកាន់​យកអាក្រក់ ដោយការ​ពិចារណា​ខុសទេ ម្នាលភិក្ខុ​ទាំងឡាយ ការនេះ​មិនមែននាំ​ឲ្យ​ជ្រះថ្លា​ដល់ពួក​ជន​ដែល​មិនទាន់​ជ្រះថ្លា​ទេ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ ពួកភិក្ខុនី ចូរសំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា

ភិក្ខុនី​ណាមួយ​មើលងាយ​គេដោយ​ការប្រកាន់​យកអាក្រក់ ដោយការ​ពិចារណា​ខុស ត្រូវអាបត្តិ​បាចិត្តិយ។

[២១០] ត្រង់ពាក្យថា ភិក្ខុនីណាមួយ បានអធិប្បាយ​ក្នុងបារាជិកកណ្ឌទី១រួចហើយ។ ពាក្យថា ដោយការ​ប្រកាន់​យកអាក្រក់ សេចក្តីថា ដោយការ​ប្រកាន់​យកដោយ​ប្រការ​ដទៃ (គឺ​ប្រកាន់​ខុស)។ ពាក្យថា ដោយការ​ពិចារណា​ខុស សេចក្តីថា ដោយការ​ពិចារណា​ដោយ​ប្រការ​ដទៃ (យល់ខុស)។ ពាក្យថា មើលងាយគេ សេចក្តីថា ភិក្ខុនី​មើលងាយ​ឧបសម្បន្នា​ផងគ្នា ត្រូវ​អាបត្តិ​បាចិត្តិយ។

[២១១] ឧបសម្បន្នា ភិក្ខុនីសំគាល់ថាឧបសម្បន្នាមែន ហើយមើលងាយ ត្រូវអាបត្តិ​បាចិត្តិយ។ ឧបសម្បន្នា ភិក្ខុនីមានសេចក្តី​សង្ស័យ ហើយមើលងាយ ត្រូវអាបត្តិ​បាចិត្តិយ។ ឧបសម្បន្នា ភិក្ខុនីសំគាល់ថាអនុបសម្បន្នាទៅវិញ ហើយមើលងាយ ត្រូវអាបត្តិ​បាចិត្តិយ។ ភិក្ខុនី​មើលងាយ​អនុបសម្បន្នា ត្រូវអាបត្តិ​ទុក្កដ។ អនុបសម្បន្នា ភិក្ខុនី​សំគាល់ថា ឧបសម្បន្នាទៅវិញ ត្រូវអាបត្តិទុក្កដ។ អនុបសម្បន្នា ភិក្ខុនីមាន​សេចក្តី​សង្ស័យ ត្រូវអាបត្តិទុក្កដ។ អនុបសម្បន្នា ភិក្ខុនី​សំគាល់ថាជាអនុបសម្បន្នាមែន ត្រូវអាបត្តិទុក្កដ។

[២១២] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន២យ៉ាង) គឺ ភិក្ខុនីឆ្កួត១ ភិក្ខុនី​ជាខាង​ដើមបញ្ញត្តិ១។

(បាចិត្តិយ អន្ធការវគ្គ) សិក្ខាបទ ទី៩

(៩. នវមសិក្ខាបទំ)

[២១៣] សម័យនោះ ព្រះពុទ្ធ​ជាម្ចាស់ដ៏មានព្រះភាគ គង់នៅវត្តជេតវន របស់​អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុង​សាវត្ថី។ គ្រានោះឯង ពួកភិក្ខុនី កាលមិនឃើញ​ភណ្ឌ​របស់​ខ្លួន បានពោលពាក្យ​នេះនឹងចណ្ឌកាលីភិក្ខុនី​ថា បពិត្រលោកម្ចាស់ លោកម្ចាស់​ឃើញ​ភណ្ឌរបស់​ពួកយើង​ដែរឬ។ ចណ្ឌកាលី​ភិក្ខុនី​ក៏ពោល​ទោស តិះដៀល បន្តុះបង្អាប់ថា ខ្ញុំ​ឯង​ជាស្រីចោរពិតឬ ខ្ញុំឯង​ជាស្រីគ្មាន​សេចក្តី​ខ្មាស​ពិតឬ ពួកលោកម្ចាស់​ណាមិនឃើញ​ភណ្ឌ​របស់ខ្លួន ពួកលោក​ម្ចាស់​នោះ​ពោលនឹងខ្ញុំ​យ៉ាងនេះថា បពិត្រលោកម្ចាស់ លោកម្ចាស់​ឃើញ​ភណ្ឌរបស់​យើង​ដែរឬទេ បពិត្រលោកម្ចាស់ ប្រសិនបើ​ខ្ញុំ​យកភណ្ឌ​របស់​លោកមែន ខ្ញុំ​មិនមែនជា​សមណី​ទេ ខ្ញុំឃ្លាត​ចាក​ព្រហ្មចរិយធម៌ហើយ ខ្ញុំ​នឹងទៅ​កើតក្នុងនរក ចំណែក​ឯភិក្ខុនី​ណាពោលពាក្យ​យ៉ាងនេះ​នឹងខ្ញុំ​ដោយពាក្យ​មិនពិត ភិក្ខុនី​នោះឯង ចូរកុំឲ្យជា​សមណី ចូរឃ្លាតចាក​ព្រហ្មចរិយធម៌ ចូរទៅកើត​ក្នុងនរកចុះ។ ពួក​ភិក្ខុនី​ណាមាន​សេចក្តី​ប្រាថ្នា​តិច។បេ។ ពួកភិក្ខុនី​នោះ​ក៏ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ចណ្ឌកាលីជាម្ចាស់ ​​​មិនសម​នឹងផ្តាសាខ្លួនឯងផង អ្នកឯទៀតផង ដោយនរកផង ដោយព្រហ្មចរិយធម៌​ផងសោះ។បេ។ ព្រះអង្គ​ទ្រង់​ត្រាស់សួរថា ម្នាលភិក្ខុ​ទាំងឡាយ ឮថា​ចណ្ឌកាលីភិក្ខុនី​ផ្តាសាខ្លួនឯងផង អ្នកឯទៀតផង ដោយនរកខ្លះ ដោយ​ព្រហ្មចរិយធម៌​ខ្លះ ពិតមែនឬ។ ពួកភិក្ខុ​ក្រាបទូល​ថា បពិត្រ​ព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធ​ជាម្ចាស់​ដ៏មាន​ព្រះភាគ ​ទ្រង់​តិះដៀល​ថា ម្នាល​ភិក្ខុ​ទាំងឡាយ ចណ្ឌកាលីភិក្ខុនី​ ​មិនសមនឹងផ្តាសាខ្លួនក្តី អ្នកឯទៀតក្តី ដោយនរកក្តី ដោយ​ព្រហ្មចរិយធម៌ក្តីទេ ម្នាលភិក្ខុ​ទាំងឡាយ ការនេះ​មិនមែននាំ​ឲ្យ​ជ្រះថ្លា​ដល់ពួក​ជន​ដែល​មិនទាន់​ជ្រះថ្លា​ទេ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ ពួកភិក្ខុនី​ ត្រូវសំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា

ភិក្ខុនី​ណាមួយ​ផ្តាសាខ្លួនឯងក្តី អ្នកឯទៀតក្តី ដោយនរកក្តី ដោយ​ព្រហ្មចរិយធម៌ក្តី ត្រូវអាបត្តិ​បាចិត្តិយ។

[២១៤] ត្រង់ពាក្យថា ភិក្ខុនីណាមួយ បានអធិប្បាយ​ក្នុងបារាជិកកណ្ឌទី១រួចហើយ។ ពាក្យថា ខ្លួនឯង គឺចំពោះ​ខ្លួនឯង។ ពាក្យថា អ្នកឯទៀត សេចក្តីថា ភិក្ខុនី​ផ្តាសា​ឧបសម្បន្នាផង​គ្នា ដោយនរកក្តី ដោយព្រហ្មចរិយធម៌ក្តី ត្រូវ​អាបត្តិ​បាចិត្តិយ។

[២១៥] ឧបសម្បន្នា ភិក្ខុនីសំគាល់ថាឧបសម្បន្នាមែន ហើយផ្តាសា​ដោយនរកក្តី ដោយព្រហ្មចរិយធម៌ក្តី ត្រូវអាបត្តិ​បាចិត្តិយ។ ឧបសម្បន្នា តែភិក្ខុនីមានសេចក្តី​សង្ស័យ ហើយផ្តាសា​ដោយនរកក្តី ដោយព្រហ្មចរិយធម៌ក្តី ត្រូវអាបត្តិ​បាចិត្តិយ។ ឧបសម្បន្នា ភិក្ខុនីសំគាល់ថាជាអនុបសម្បន្នាទៅវិញ ហើយផ្តាសា​ដោយនរកក្តី ដោយព្រហ្មចរិយធម៌ក្តី ត្រូវអាបត្តិ​បាចិត្តិយ។ ភិក្ខុនីផ្តាសា​ដោយកំណើត​នៃសត្វតិរច្ឆាន​ក្តី ដោយបេតវិស័យក្តី ដោយភាវជា​មនុស្ស​មានត្រកូល​ថោកទាបក្តី ត្រូវអាបត្តិ​ទុក្កដ។ ភិក្ខុនី​ផ្តាសា​អនុបសម្បន្នា ត្រូវអាបត្តិទុក្កដ។ អនុបសម្បន្នា ភិក្ខុនី​សំគាល់ថា​ជាឧបសម្បន្នា​ទៅវិញ ត្រូវអាបត្តិ​ទុក្កដ។ អនុបសម្បន្នា តែភិក្ខុនីមាន​សេចក្តី​សង្ស័យ ត្រូវអាបត្តិទុក្កដ។ អនុបសម្បន្នា ភិក្ខុនី​សំគាល់ថាជាអនុបសម្បន្នាដដែល ត្រូវអាបត្តិទុក្កដ។

[២១៦] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៥យ៉ាង) គឺភិក្ខុនី​ផ្តាសា​ព្រោះធ្វើ​អត្ថ​ឲ្យជាប្រធាន១ ភិក្ខុនី​ផ្តាសា​ព្រោះធ្វើ​ធម៌ឲ្យ​ជាប្រធាន១ ភិក្ខុនី​ផ្តាសា​ព្រោះធ្វើ​ពាក្យ​ប្រៀនប្រដៅ​ឲ្យជា​ប្រធាន១ ភិក្ខុនីឆ្កួត១ ភិក្ខុនី​ជាខាង​ដើមបញ្ញត្តិ១។

(បាចិត្តិយ អន្ធការវគ្គ) សិក្ខាបទ ទី១០

(១០. ទសមសិក្ខាបទំ)

[២១៧] សម័យនោះ ព្រះពុទ្ធ​ជាម្ចាស់ដ៏មានព្រះភាគ គង់នៅវត្តជេតវន របស់​អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុង​សាវត្ថី។ គ្រានោះឯង ចណ្ឌកាលីភិក្ខុនី​ឈ្លោះ​នឹងភិក្ខុនី​ទាំងឡាយ​ ក៏វាយតប់​ទះខ្លួន​ឯង ហើយយំ។ ពួក​ភិក្ខុនី​ណាមាន​សេចក្តី​ប្រាថ្នា​តិច។បេ។ ពួកភិក្ខុនី​នោះ​ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ចណ្ឌកាលីភិក្ខុនី ​​​មិនសម​នឹងវាយតប់ទះ​ខ្លួន ហើយយំសោះ។បេ។ ព្រះអង្គ​​ត្រាស់សួរថា ម្នាលភិក្ខុ​ទាំងឡាយ ឮថា​ចណ្ឌកាលីភិក្ខុនី​ វាយតប់ទះ​ខ្លួនឯង ហើយយំ ពិតមែនឬ។ ពួកភិក្ខុ​ក្រាបទូល​ថា បពិត្រ​ព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធ​ជាម្ចាស់​ដ៏មាន​ព្រះភាគ ​ទ្រង់​តិះដៀល​ថា ម្នាល​ភិក្ខុ​ទាំងឡាយ ចណ្ឌកាលីភិក្ខុនី​ ​មិនសមនឹង​វាយតប់ទះ​ខ្លួនឯង ហើយយំសោះ ម្នាលភិក្ខុ​ទាំងឡាយ ការនេះ​មិនមែននាំ​ឲ្យ​ជ្រះថ្លា​ដល់ពួក​ជន​ដែល​មិនទាន់​ជ្រះថ្លា​ទេ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ ពួកភិក្ខុនី ចូរសំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា

ភិក្ខុនី​ណាមួយ​វាយតប់ទះ​ខ្លួនឯង ហើយយំ ត្រូវអាបត្តិ​បាចិត្តិយ។

[២១៨] ត្រង់ពាក្យថា ភិក្ខុនីណាមួយ បានអធិប្បាយ​ក្នុងបារាជិកកណ្ឌទី១រួចហើយ។ ពាក្យថា ខ្លួនឯង គឺចំពោះ​ខ្លួនឯង។ ភិក្ខុនី​វាយតប់ទះ​ ហើយយំ ត្រូវ​អាបត្តិ​បាចិត្តិយ។ ភិក្ខុនី​គ្រាន់តែ​វាយតែមិនយំ ត្រូវអាបត្តិ​ទុក្កដ។ ភិក្ខុនី​គ្រាន់តែ​យំ តែមិនបានវាយ ត្រូវអាបត្តិ​ទុក្កដ។

[២១៩] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៣យ៉ាង) គឺភិក្ខុនី​មានសេចក្តី​វិនាស​ញាតិក្តី សេចក្តី​វិនាស​ភោគសម្បត្តិក្តី សេចក្តី​វិនាស​ព្រោះ​រោគក្តី មកប៉ះពាល់​ហើយយំតែ​មិនវាយ (ខ្លួនឯង)១ ភិក្ខុនីឆ្កួត១ ភិក្ខុនី​ជាខាង​ដើមបញ្ញត្តិ១។

អន្ធការវគ្គ ទី ២ ចប់។

(បាចិត្តិយ) នគ្គវគ្គ (ទី៣)

(៣. នគ្គវគ្គោ)

(បាចិត្តិយ នគ្គវគ្គ) សិក្ខាបទ ទី១

(១. បឋមសិក្ខាបទំ)

[២២០] សម័យនោះ ព្រះពុទ្ធ​ជាម្ចាស់ដ៏មានព្រះភាគ គង់នៅវត្តជេតវន របស់​អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុង​សាវត្ថី។ គ្រានោះឯង ពួកភិក្ខុនីច្រើនរូប​ មានកាយ​អាក្រាត​ងូតទឹក​ឰដ៏​កំពង់ទឹកមួយ ជាមួយនឹង​ពួកស្រី​ពេស្យា​ក្នុងស្ទឹង​អចិរវតី។ ពួកស្រី​ពេស្យា​នាំគ្នា​ចំអក​លេង​នឹងភិក្ខុនី​ទាំងនោះថា នែលោកម្ចាស់​ទាំងឡាយ ពួកលោក​កំពុង​ពេញក្រមុំ ខំសន្សំ​ព្រហ្មចរិយធម៌​ប្រយោជន៍អ្វី ពួកលោក​គួរតែនៅ​បរិភោគ​កាម​ទៅសិន កាលណា​លោក​ទាំងឡាយចាស់ សឹមពួក​លោកប្រព្រឹត្ត​ព្រហ្មចរិយធម៌​ក្នុងកាល​ណោះចុះ កាលបើធ្វើ​យ៉ាងនេះ ប្រយោជន៍​ទាំងពីរ​ឈ្មោះថា ពួកលោក​បានកាន់​យកហើយ។ ភិក្ខុនី​ទាំងឡាយ កាលដែល​ពួកស្រីពេស្យា​និយាយ​ចំអក​(ដូច្នោះ) ក៏មានសេចក្តី​អៀនខ្មាស។ គ្រានោះ ភិក្ខុនី​ទាំងនោះ​នាំគ្នាទៅកាន់​លំនៅ ហើយ​ប្រាប់ដំណើរ​នុ៎ះ​ដល់ភិក្ខុនី​ទាំងឡាយ។ ភិក្ខុនី​ទាំងឡាយ​ប្រាប់​សេចក្តី​នុ៎ះ​ដល់​ភិក្ខុ​ទាំងឡាយ។ ភិក្ខុទាំងឡាយ​ក្រាបទូល​សេចក្តី​នុ៎ះចំពោះ​ព្រះដ៏​មានព្រះភាគ។ ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគ​ទ្រង់ធ្វើ​ធម្មីកថា ហើយត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយមក​ក្នុងពេល​នោះថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ តថាគត​នឹងបញ្ញត្ត​សិក្ខាបទ​ដល់ភិក្ខុនី​ទាំងឡាយ ព្រោះអាស្រ័យ​នូវប្រយោជន៍​ទាំងឡាយ​១០ប្រការ គឺដើម្បី​សេចក្តី ល្អ​ដល់សង្ឃ១។បេ។ ដើម្បី​អនុគ្រោះ​ដល់​វិន័យ១ ម្នាល​ភិក្ខុ​ទាំងឡាយ ពួកភិក្ខុនី​ ចូរសំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា

ភិក្ខុនី​ណាមួយអាក្រាត​កាយងូតទឹក ត្រូវអាបត្តិ​បាចិត្តិយ។

[២២១] ត្រង់ពាក្យថា ភិក្ខុនីណាមួយ បានសេចក្តីអធិប្បាយ​ក្នុងបារាជិកកណ្ឌ​ទី១​រួច​ហើយ។ ពាក្យថា អាក្រាតកាយងូតទឹក សេចក្តីថា ភិក្ខុនី​មិនស្លៀក​សម្ពត់ ឬមិនដណ្តប់​សម្ពត់​ហើយងូតទឹក ត្រូវ​អាបត្តិទុក្កដ​ក្នុងប្រយោគដែលងូត វេលាងូត​ស្រេច ត្រូវអាបត្តិ​បាចិត្តិយ។

[២២២] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៤យ៉ាង) គឺភិក្ខុនីមានចីវរ​ដែលពួក​ចោរ​លួចយកទៅ ឬមានចីវរ​បាត់ទៅ១ ភិក្ខុនី​មានសេចក្តី​អន្តរាយ១ ភិក្ខុនីឆ្កួត១ ភិក្ខុនី​ជាខាង​ដើមបញ្ញត្តិ១។

(បាចិត្តិយ នគ្គវគ្គ) សិក្ខាបទ ទី២

(២. ទុតិយសិក្ខាបទំ)

[២២៣] សម័យនោះ ព្រះពុទ្ធ​ជាម្ចាស់ដ៏មានព្រះភាគ គង់ក្នុងអារាមជេតវន របស់​អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុង​សាវត្ថី។ គ្រានោះឯង ព្រះដ៏មានព្រះភាគ​ទ្រង់អនុញ្ញាត​សម្ពត់​ងូតទឹក​ដល់ពួក​ភិក្ខុនី។ ឆព្វគ្គិយាភិក្ខុនី​ទាំងឡាយគិត​គ្នាថា ព្រះដ៏មានព្រះភាគ​ទ្រង់​អនុញ្ញាត​សម្ពត់​ងូតទឹក​ហើយ ទើបនាំគ្នា​ស្លៀក​ដណ្តប់​សម្ពត់​ងូតទឹក​ទាំងឡាយ មិនមាន​ប្រមាណ ក៏ចាប់​ទាញពីមុខ​ខ្លះ ពីក្រោយខ្លះ ហើយត្រាច់​ដើរទៅ។ ​ភិក្ខុនី​ទាំងឡាយណាមាន​សេចក្តី​ប្រាថ្នា​តិច។បេ។ ភិក្ខុនីទាំងឡាយ​នោះ​ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ពួកឆព្វគ្គិយា​ភិក្ខុនី មិនសមបីនឹង​ទ្រទ្រង់​នូវសម្ពត់​ងូតទឹក​គ្មានប្រមាណសោះ។បេ។ ព្រះដ៏មានព្រះភាគ​ត្រាស់សួរថា ម្នាលភិក្ខុ​ទាំងឡាយ ឮថាពួកឆព្វគ្គិយា​ភិក្ខុនី ​ទ្រទ្រង់​នូវសម្ពត់​ងូតទឹក​មិនមានប្រមាណ​ ពិត​មែនឬ។ ពួកភិក្ខុ​ក្រាបទូល​ថា សូមទ្រង់​មេត្តាប្រោស ពិតមែន។ ព្រះពុទ្ធ​ជាម្ចាស់​ដ៏មាន​ព្រះភាគ ​ទ្រង់​តិះដៀល​ថា ម្នាល​ភិក្ខុ​ទាំងឡាយ ពួកឆព្វគ្គិយា​ភិក្ខុនី មិនសមបីនឹង​ទ្រទ្រង់​នូវសម្ពត់​ងូតទឹក​មិនមានប្រមាណទេ ម្នាលភិក្ខុ​ទាំងឡាយ អំពើនេះ​មិនជាទី​ជ្រះថ្លា​ដល់​ជនទាំងឡាយ​ដែល​មិនទាន់​ជ្រះថ្លា​ទេ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ ពួកភិក្ខុនី​ ចូរសំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា

ភិក្ខុនី កាលឲ្យគេ​ធ្វើ​សម្ពត់ងូតទឹក គប្បី​ឲ្យធ្វើ​ឲ្យល្មម​ប្រមាណ។ ឯប្រមាណ​ក្នុងសំពត់​ងូតទឹកនោះ គឺបណ្តោយ​៤ចំអាម ទទឹង​២ចំអាម ដោយចំអាម​ព្រះសុគត កាលភិក្ខុនី​ធ្វើឲ្យកន្លង​លើស​ប្រមាណ​នោះទៅ ត្រូវឆេទនក​បាចិត្តិយ​។16)

[២២៤] ភិក្ខុនីងូតទឹកដោយសម្ពត់ស្លៀកណា សម្ពត់ស្លៀកនោះ​ឈ្មោះថាសំពត់​ងូតទឹក។ ត្រង់ពាក្យថា កាលឲ្យគេធ្វើ សេចក្តីថា ភិក្ខុនី កាលធ្វើឯងក្តី ប្រើឲ្យគេធ្វើក្តី គប្បីឲ្យធ្វើ​ឲ្យត្រូវប្រមាណ។ ឯប្រមាណ​ក្នុងសំពត់ងូតទឹកនោះ គឺបណ្តោយ​៤ចំអាម ទទឹង​២ចំអាម ដោយចំអាម​ព្រះសុគត។ ភិក្ខុនីធ្វើឯងក្តី ប្រើគេឲ្យធ្វើក្តី ឲ្យកន្លង​ហួសប្រមាណ​នោះទៅ ត្រូវអាបត្តិ​ទុក្កដ​ក្នុងប្រយោគដែលធ្វើ ភិក្ខុនីត្រូវកាត់​ក្នុងខណៈ​ដែលបានមក ហើយសឹម​សំដែង​អាបត្តិ​បាចិត្តិយចេញ។

[២២៥] ភិក្ខុនីសម្រេចដោយខ្លួនឯងនូវសម្ពត់ដែលខ្លួន​ធ្វើមិនទាន់ស្រេច ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុនី​ប្រើពួក​អ្នកដទៃ​ឲ្យសម្រេច​ នូវសម្ពត់​ដែលខ្លួន​ធ្វើ​មិនទាន់​ស្រេច ត្រូវអាបត្តិ​បាចិត្តិយ។ ភិក្ខុនី​សម្រេច​ដោយខ្លួនឯង នូវសម្ពត់​ដែលពួកអ្នក​ដទៃធ្វើ​មិនទាន់​ស្រេច ត្រូវអាបត្តិ​បាចិត្តិយ។ ភិក្ខុនី​ប្រើពួក​អ្នកដទៃ​ឲ្យសម្រេច​ នូវសម្ពត់​ដែលពួក​អ្នកដទៃ​ធ្វើ​មិនទាន់​ស្រេច ត្រូវអាបត្តិ​បាចិត្តិយ។ ភិក្ខុនីធ្វើឯងក្តី ប្រើគេឲ្យធ្វើ​ក្តី ដើម្បីប្រយោជន៍​ដល់អ្នកដទៃ ត្រូវអាបត្តិទុក្កដ។ ភិក្ខុនី​បានសំពត់ងូតទឹក​ដែលអ្នកដទៃ​ធ្វើ​ស្រេចហើយ មកប្រើប្រាស់ ត្រូវអាបត្តិ​ទុក្កដ។

[២២៦] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៦យ៉ាង) គឺភិក្ខុនី​ធ្វើឲ្យត្រូវ​ប្រមាណ១ ភិក្ខុនីធ្វើថយពី​ប្រមាណចុះមក១ ភិក្ខុនី​បានឧទកសាដក​ដែលអ្នកដទៃ​ធ្វើឲ្យ​កន្លង​ហួសប្រមាណ ហើយយកមក​កាត់​ចេញ ទើបប្រើប្រាស់១ ភិក្ខុនី​ធ្វើឲ្យជាពិតានក្តី ជាកម្រាល​ក្រាលផែនដីក្តី ជារនាំងក្តី ជាពូកក្តី ជាខ្នើយក្តី១ ភិក្ខុនីឆ្កួត១ ភិក្ខុនី​ជាខាង​ដើមបញ្ញត្តិ១។

(បាចិត្តិយ នគ្គវគ្គ) សិក្ខាបទ ទី៣

(៣. តតិយសិក្ខាបទំ)

[២២៧] សម័យនោះ ព្រះពុទ្ធដ៏មានជោគ ទ្រង់គង់នៅក្នុងអារាមជេតវន របស់​អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុង​សាវត្ថី។ គ្រានោះឯង សម្ពត់សម្រាប់​ធ្វើចីវរ​របស់ភិក្ខុនី១រូប​មានដំឡៃ​ច្រើន ចីវរ(នោះ)​ធ្វើក៏មិនល្អ ដេរក៏មិនល្អ។ ថុល្លនន្ទាភិក្ខុនី​បានពោលពាក្យ​នេះនឹង​ភិក្ខុនី​នោះថា នែលោកម្ចាស់ សម្ពត់ចីវរ​របស់លោកនេះ​ល្អណាស់ តែចីវរ​នោះធ្វើ​មិនល្អ ដេរមិន​ល្អ។ ភិក្ខុនីនោះ​ពោលថា បពិត្រលោកម្ចាស់ ខ្ញុំនឹង​រុសចេញ លោកម្ចាស់​នឹងដេរ​ឲ្យឬ។ ថុល្លនន្ទា​ភិក្ខុនី​ឆ្លើយថា អើលោកម្ចាស់ ខ្ញុំនឹង​ដេរឲ្យ។ លំដាប់នោះ ភិក្ខុនីនោះ​ក៏រុសចីវរ​នោះចេញ ហើយប្រគល់​ឲ្យ​ថុល្លនន្ទាភិក្ខុនី។ ថុល្លនន្ទា​ភិក្ខុនី​គិតថា អញនឹងដេរ​ៗ តែ​មិនដេរ មិនធ្វើការ​ខ្វល់ខ្វាយ​ដើម្បី​ឲ្យគេដេរ។ ភិក្ខុនី​នោះក៏ប្រាប់​សេចក្តីនុ៎ះ​ដល់ពួកភិក្ខុនី​ផងគ្នា។ ភិក្ខុនី​ទាំងឡាយណាមាន​សេចក្តី​ប្រាថ្នា​តិច។បេ។ ភិក្ខុនីទាំងឡាយ​នោះក៏​ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ថុល្លនន្ទា​ជាម្ចាស់ មិនសមបីនឹងឲ្យភិក្ខុនី​ផងគ្នា​រុសចីវរ​ចេញ ហើយក៏​មិនដេរខ្លួន​ឯង មិនធ្វើការ​ខ្វល់ខ្វាយ​ដើម្បី​ឲ្យគេ​ដេរវិញសោះ។បេ។ ព្រះអង្គ​ត្រាស់សួរថា ម្នាលភិក្ខុ​ទាំងឡាយ ឮថាថុល្លនន្ទា​ភិក្ខុនី ឲ្យភិក្ខុនី​ផងគ្នា​រុសចីវរ​ចេញ ហើយ​មិនដេរខ្លួន​ឯង មិនធ្វើការ​ខ្វល់ខ្វាយ​ដើម្បី​ឲ្យគេ​ដេរ ពិត​មែនឬ។ ភិក្ខុ​ទាំងឡាយ​​ក្រាបទូល​ថា បពិត្រ​ព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធ​​ដ៏មានជោគ ​ទ្រង់​តិះដៀល​ថា ម្នាល​ភិក្ខុ​ទាំងឡាយ ថុល្លនន្ទាភិក្ខុនី មិនសមបីនឹង​ឲ្យភិក្ខុនី​ផងគ្នា​រុសចីវរ​ចេញ ហើយ​មិន​ដេរ​ខ្លួន​ឯង មិនធ្វើការ​ខ្វល់ខ្វាយ​ដើម្បី​ឲ្យគេ​ដេរទេ ម្នាលភិក្ខុ​ទាំងឡាយ អំពើនេះ​មិនមែននាំ​ឲ្យជ្រះថ្លា​ដល់​ពួកជន​ដែល​មិនទាន់​ជ្រះថ្លា​ទេ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុនី​ទាំងឡាយ​ ចូរសំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា

ភិក្ខុនីណាមួយ ​រុសឯងក្តី ឲ្យគេរុស​ក្តី នូវចីវរ​របស់​ភិក្ខុនី​ផងគ្នា ភិក្ខុនី​នោះមិនមាន​សេចក្តី​អន្តរាយ​ក្នុងកាល​ជាខាងក្រោយ​ទេ ហើយមិន​ដេរឯង មិនធ្វើការ​ខ្វល់ខ្វាយ​ដើម្បី​ឲ្យគេដេរ ត្រូវអាបត្តិ​បាចិត្តិយ វៀរលែងតែ (ដំកល់ទុក) ត្រឹម​៤-៥ថ្ងៃ។

[២២៨] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយ​ក្នុងបារាជិកកណ្ឌ​​សិក្ខាបទទី១​រួច​ហើយ។ ពាក្យថា ភិក្ខុនី​ផងគ្នា គឺភិក្ខុនី​ឯទៀត។ ដែលហៅថា ចីវរនោះ បានដល់​ចីវរ​៦យ៉ាង ចីវរ​ណាមួយ។ ពាក្យថា រុសឯង គឺរុសចេញ​ដោយខ្លួនឯង។ ពាក្យថា ឲ្យគេរុស​ គឺប្រើអ្នក​ដទៃ​ឲ្យរុស។ ពាក្យថា ភិក្ខុនី​នោះមិនមាន​សេចក្តីអន្តរាយ​ក្នុងពេល​ជាខាងក្រោយ​ទេ គឺគ្មាន​សេចក្តី​អន្តរាយ​សោះឡើយ។ ពាក្យថា មិនដេរឯង គឺភិក្ខុនី​មិនដេរ​ដោយខ្លួនឯង។ ពាក្យថា មិនធ្វើការ​ខ្វល់ខ្វាយ​ដើម្បី​ឲ្យគេដេរ គឺភិក្ខុនី​មិនបង្គាប់​អ្នកដទៃ​ឡើយ។ ពាក្យថា វៀរ​លែងតែ​ (ដំកល់​ទុក) ត្រឹម​៤-៥ថ្ងៃ គឺលើកទុក​ត្រឹម៤-៥ថ្ងៃ​ប៉ុណ្ណោះ។ បើភិក្ខុនី​គ្រាន់តែ​ដាក់​ធុរៈថា អញមិនដេរឯង អញ​នឹង​មិនធ្វើ​នូវសេចក្តី​ខ្វល់ខ្វាយ​ដើម្បី​ឲ្យគេដេរដូច្នេះ ក៏ត្រូវអាបត្តិបាចិត្តិយ។

[២២៩] ឧបសម្បន្នា ភិក្ខុនីសំគាល់ថា ឧបសម្បន្នាមែន ហើយរុសឯងក្តី ប្រើគេឲ្យរុស​ក្តីនូវ​ចីវរ លុះតមក​ខាងក្រោយ ភិក្ខុនី​នោះក៏​មិនមាន​សេចក្តី​អន្តរាយឡើយ ហើយមិនដេរឯង មិនធ្វើការ​ខ្វល់ខ្វាយ​ដើម្បី​ឲ្យ​គេដេរ ត្រូវអាបត្តិ​បាចិត្តិយ វៀរលែងតែ​(ទុកដាក់) ត្រឹម​៤-៥ថ្ងៃ។ ឧបសម្បន្នា តែភិក្ខុនីមានសេចក្តី​សង្ស័យ ហើយរុសឯងក្តី ប្រើគេឲ្យរុស​ក្តីនូវ​ចីវរ តមក​ខាងក្រោយ ភិក្ខុនី​នោះ​មិនមាន​សេចក្តី​អន្តរាយឡើយ ហើយមិនដេរឯង មិនធ្វើការ​ខ្វល់ខ្វាយ​ដើម្បី​ឲ្យ​គេដេរ ត្រូវអាបត្តិ​បាចិត្តិយ វៀរលែងតែ​(ទុកដាក់) ត្រឹម​៤-៥ថ្ងៃប៉ុណ្ណោះ។ ឧបសម្បន្នា ភិក្ខុនីសំគាល់ថា ជាអនុបសម្បន្នាទៅវិញ រុសឯងក្តី ប្រើគេឲ្យរុស​ក្តីនូវ​ចីវរ តមក​ខាងក្រោយ ភិក្ខុនី​នោះ​មិនមាន​សេចក្តី​អន្តរាយឡើយ ហើយមិនដេរឯង មិនធ្វើការ​ខ្វល់ខ្វាយ​ដើម្បី​ឲ្យ​គេដេរ ត្រូវអាបត្តិ​បាចិត្តិយ វៀរលែងតែ​(ទុកដាក់) ត្រឹម​៤-៥ថ្ងៃ។ ភិក្ខុនីរុសឯងក្តី ប្រើគេ​ឲ្យរុសក្តី នូវបរិក្ខារ​ដទៃ តមក​ខាងក្រោយ ភិក្ខុនី​នោះ​មិនមាន​សេចក្តី​អន្តរាយឡើយ ហើយមិនដេរឯង មិនធ្វើការ​ខ្វល់ខ្វាយ​ដើម្បី​ឲ្យ​គេដេរ ត្រូវអាបត្តិទុក្កដ វៀរលែងតែ​(ទុកដាក់) ត្រឹម​៤-៥ថ្ងៃ។ ភិក្ខុនីរុសឯងក្តី ប្រើគេ​ឲ្យរុសក្តី នូវចីវរក្តី បរិក្ខារ​ដទៃក្តី របស់អនុបសម្បន្នា តមក​ខាងក្រោយ ភិក្ខុនី​នោះ​មិនមាន​សេចក្តី​អន្តរាយឡើយ ហើយមិនដេរឯង មិនធ្វើការ​ខ្វល់ខ្វាយ​ដើម្បី​ឲ្យ​គេដេរ ត្រូវអាបត្តិទុក្កដ វៀរលែងតែ​(ទុកដាក់) ត្រឹម​៤-៥ថ្ងៃ។ អនុបសម្បន្នា ភិក្ខុនី​សំគាល់ថា​ជាឧបសម្បន្នា ត្រូវអាបត្តិ​ទុក្កដ។ អនុបសម្បន្នា ភិក្ខុនីមានសេចក្តី​សង្ស័យ ត្រូវអាបត្តិ​ទុក្កដ។ ​ អនុបសម្បន្នា ភិក្ខុនី​សំគាល់ថា​ជាអនុបសម្បន្នាដដែល ត្រូវអាបត្តិ​ទុក្កដ។

[២៣០] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៦យ៉ាង) គឺភិក្ខុនី​​មានសេចក្តី​អន្តរាយ ហើយស្វែងរក​គ្នាមិនបាន១ ភិក្ខុនី​កំពុង​តែធ្វើ ស្រាប់តែ​កន្លង​ហួស​៤-៥ថ្ងៃ ភិក្ខុនី​មានជម្ងឺ១ ភិក្ខុនី​មានសេចក្តី​អន្តរាយ​ផ្សេងៗ​កើតឡើង១ ភិក្ខុនីឆ្កួត១ ភិក្ខុនី​ជាខាង​ដើមបញ្ញត្តិ១។

(បាចិត្តិយ នគ្គវគ្គ) សិក្ខាបទ ទី៤

(៤. ចតុត្ថសិក្ខាបទំ)

[២៣១] សម័យនោះ ព្រះពុទ្ធជាម្ចាស់ដ៏មានជោគ ទ្រង់គង់នៅវត្តជេតវន របស់​អនាថបិណ្ឌិកសេដ្ឋី ក្បែរក្រុង​សាវត្ថី។ សម័យនោះឯង ពួកភិក្ខុនី​ផ្ញើចីវរ (សង្ឃាដី) ទុកក្នុងដៃ​នៃភិក្ខុនី​ទាំងឡាយ ហើយចៀស​ចេញទៅ​កាន់ចារិក​ជនបទ ដោយមាន​តែស្បង់ និងចីពរ​ទៅប៉ុណ្ណោះ។ ចីវរ​ទាំងឡាយដែលពួក​ភិក្ខុនី​ផ្ញើ​ទុកយូរ​ពេកនោះ ក៏ដុះផ្សិត​សៅហ្មង​ទៅអស់។ ភិក្ខុនី​ទាំងឡាយយក​ចីវរ​នោះ​ទៅសំដិល​ហាល។ ភិក្ខុនី​ទាំងឡាយ​បាន​និយាយ​ពាក្យនេះ​នឹង​ភិក្ខុនី​ទាំងនោះថា នែលោកម្ចាស់​ទាំងឡាយ ចីវរទាំង​នេះរបស់​អ្នកណា ក៏ដុះផ្សិត​សៅហ្មង​អស់។ ទើបភិក្ខុនី​ទាំងនោះ​ប្រាប់សេចក្តី​នុ៎ះ​ដល់ភិក្ខុនី​ទាំងឡាយ។ ភិក្ខុនី​ទាំងឡាយណាមាន​សេចក្តី​ប្រាថ្នា​តិច។បេ។ ភិក្ខុនីទាំងឡាយ​នោះ​ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ពួកភិក្ខុនី មិនសមបីនឹងផ្ញើ​ចីវរ​ទុកក្នុងដៃ​នៃភិក្ខុនីទាំងឡាយ ហើយចៀស​ចេញទៅកាន់​ចារិក​ជនបទ​ដោយមាន​តែ​ស្បង់​និងចីពរ​ទៅប៉ុណ្ណោះសោះ។បេ។ ព្រះដ៏មានព្រះភាគ​​ត្រាស់សួរថា ម្នាលភិក្ខុ​ទាំងឡាយ ឮថា​ភិក្ខុនី​ទាំងឡាយ ផ្ញើ​ចីវរ​ទុកក្នុងដៃ​នៃភិក្ខុនីទាំងឡាយ ហើយចៀស​ចេញទៅកាន់​ចារិក​ជនបទ​ដោយមាន​តែ​ស្បង់​និងចីពរ​ប៉ុណ្ណោះ ពិត​មែនឬ។ ភិក្ខុ​ទាំងឡាយ​​ក្រាបទូល​ថា សូមទ្រង់​មេត្តាប្រោស ពិតមែន។ ព្រះពុទ្ធ​​ដ៏មានព្រះភាគ ​ទ្រង់​តិះដៀល​ថា ម្នាល​ភិក្ខុ​ទាំងឡាយ ពួកភិក្ខុនី មិនសមបីនឹង​ផ្ញើ​ចីវរ​ទុកក្នុងដៃ​នៃភិក្ខុនីទាំងឡាយ ហើយចៀស​ចេញទៅកាន់​ចារិក​ជនបទ​ដោយមាន​តែ​ស្បង់​និងចីពរ​ទេ ម្នាលភិក្ខុ​ទាំងឡាយ អំពើនេះ​មិនជាទីជ្រះថ្លា​ដល់​ជន​ទាំងឡាយ​ដែល​មិនទាន់​ជ្រះថ្លា​ទេ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុនី​ទាំងឡាយ​ ចូរសំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា

ភិក្ខុនីណាមួយ ញុំាង​វារៈ​នៃសង្ឃាដិ​ឲ្យកន្លងហួស​៥ថ្ងៃទៅ ត្រូវអាបត្តិ​បាចិត្តិយ។

[២៣២] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយ​ក្នុង​​សិក្ខាបទទី១​នៃ​បារាជិក​កណ្ឌ​រួច​ហើយ។ ពាក្យថា ញុំាងវារៈ​នៃ​សង្ឃាដិ​ឲ្យកន្លងហួស​៥ថ្ងៃទៅ សេចក្តីថា ភិក្ខុនី​មិនបាន​ស្លៀក មិនបាន​គ្រង មិនបានសំដិល​ហាលនូវ​ចីវរ​ទាំង​៥អស់ថ្ងៃ​ទី៥ គឺថា ធ្វើឲ្យ​កន្លង​ហួស​ថ្ងៃ​ទី៥ទៅ ត្រូវអាបត្តិ​បាចិត្តិយ។

[២៣៣] វារៈ​នៃសង្ឃាដិ​កន្លងហួស៥ថ្ងៃទៅហើយ ភិក្ខុនីសំគាល់ថា កន្លងហួស​៥ថ្ងៃ​ទៅហើយ ត្រូវអាបត្តិ​បាចិត្តិយ។ វារៈ​នៃសង្ឃាដិ​កន្លងហួស៥ថ្ងៃទៅហើយ ភិក្ខុនីមានសេចក្តី​សង្ស័យ ត្រូវអាបត្តិ​បាចិត្តិយ។ វារៈ​នៃសង្ឃាដិ​កន្លងហួស៥ថ្ងៃទៅហើយ ភិក្ខុនីសំគាល់ថា មិនទាន់​កន្លង​ទៅទេ ត្រូវអាបត្តិ​បាចិត្តិយ។ វារៈ​នៃសង្ឃាដិ​មិនទាន់កន្លងហួស៥ថ្ងៃទៅទេ ភិក្ខុនីសំគាល់ថា កន្លង​ទៅហើយ ត្រូវអាបត្តិទុក្កដ។ វារៈ​នៃសង្ឃាដិ​មិនទាន់កន្លងហួស៥ថ្ងៃទៅទេ ភិក្ខុនីមានសេចក្តី​សង្ស័យ ត្រូវអាបត្តិទុក្កដ។ វារៈ​នៃសង្ឃាដិ​មិនកន្លងហួស៥ថ្ងៃទៅទេ ភិក្ខុនីសំគាល់ថា មិនទាន់កន្លង​ទៅទេ មិនត្រូវអាបត្តិឡើយ។

[២៣៤] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៥យ៉ាង) គឺភិក្ខុនីស្លៀកក្តី គ្រងក្តី សំដិល​ហាល​ក្តី នូវចីវរ​ទាំង៥​ក្នុងថ្ងៃ​ទីប្រាំ១ ភិក្ខុនីឈឺ១ ភិក្ខុនី​មានសេចក្តី​អន្តរាយ​១ ភិក្ខុនីឆ្កួត១ ភិក្ខុនី​ជាខាង​ដើមបញ្ញត្តិ១។

(បាចិត្តិយ នគ្គវគ្គ) សិក្ខាបទ ទី៥

(៥. បញ្ចមសិក្ខាបទំ)

[២៣៥] សម័យនោះ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគ គង់ក្នុងវត្តជេតវន របស់​អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុង​សាវត្ថី។ សម័យនោះឯង ភិក្ខុនី១រូប ត្រេចទៅបិណ្ឌបាត (ត្រឡប់​មកវិញ) ក៏សំដិលចីវរ​ដែលទទឹក​ដោយញើស​ ហើយចូលទៅកាន់​វិហារ។ មានភិក្ខុនី​១រូប​យកចីវរ​នោះគ្រង ហើយចូលទៅ​កាន់ក្រុង​ដើម្បីបិណ្ឌបាត។ ភិក្ខុនី​នោះចេញ (ពីវិហារ) ទៅហើយ សួរភិក្ខុនី​ទាំងឡាយថា នែ​លោកម្ចាស់​ទាំងឡាយ លោកទាំងឡាយ​បានឃើញ​ចីវរ​របស់ខ្ញុំដែរ។ ​ ​ភិក្ខុនី​ទាំងឡាយ​​ប្រាប់សេចក្តី​នុ៎ះ​ដល់ភិក្ខុនី​នោះ។ ទើបភិក្ខុនី​នោះពោលទោស តិះដៀល បន្តុះបង្អាប់​ថា ភិក្ខុនី​មិនសម​បីនឹង​មិនប្រាប់​ដល់​ខ្ញុំជាមុន ហើយយក​ចីវរ​ទៅគ្រង​សោះ។ ទើប​ភិក្ខុនី​នោះប្រាប់​ដំណើរនុ៎ះ​ដល់ភិក្ខុនី​ទាំងឡាយ។ ភិក្ខុនី​ទាំងឡាយណាមាន​សេចក្តី​ប្រាថ្នា​តិច។បេ។ ភិក្ខុនីទាំងឡាយ​នោះ​ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ភិក្ខុនី មិនសមបីនឹងមិន​ប្រាប់​ជាមុន​ហើយ យកចីវរ​របស់​ភិក្ខុនី​ផងគ្នា​ទៅគ្រង​សោះ។បេ។ ព្រះដ៏មានព្រះភាគ​​ត្រាស់សួរថា ម្នាលភិក្ខុ​ទាំងឡាយ ឮថា​ភិក្ខុនី​មិនបាន​ប្រាប់​ជាមុន​ ហើយយក​ចីវរ​របស់​ភិក្ខុនី​ផងគ្នា​ទៅគ្រង ពិត​មែនឬ។ ពួកភិក្ខុ​​ក្រាបទូល​ថា សូមទ្រង់​មេត្តាប្រោស ពិតមែន។ ព្រះពុទ្ធជាម្ចាស់​​​ដ៏មានព្រះភាគ ​ទ្រង់​តិះដៀល​ថា ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុនី មិនសមបីនឹងមិនប្រាប់​ជាមុន ហើយយក​ចីវរ​របស់​ភិក្ខុនី​ផងគ្នា​ទៅគ្រងទេ ម្នាលភិក្ខុ​ទាំងឡាយ អំពើនេះ​មិនជាទីជ្រះថ្លា​ដល់​ជន​ទាំងឡាយ​ដែល​មិនទាន់​ជ្រះថ្លា​ទេ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុនី​ទាំងឡាយ​ ចូរសំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា

ភិក្ខុនីណាមួយ ទ្រទ្រង់ (ស្លៀក​ដណ្តប់) នូវ​សង្កមនីយចីវរ​17) គឺចីវរ​ដែលខ្លួន​លបយក​ទៅប្រើប្រាស់​មួយសំណើរ ត្រូវអាបត្តិ​បាចិត្តិយ។

[២៣៦] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយ​ក្នុង​​សិក្ខាបទទី១​នៃ​បារាជិក​កណ្ឌ​រួច​ហើយ។ ចីវរដែល​ឈ្មោះថា សង្កមនីយ​នោះ បានដល់​ចីវរ​ទាំង៥ ចីវរ​ឯណាមួយ របស់​ស្រីដែលជា​ឧបសម្បន្នា។ ភិក្ខុនី​មិនប្រាប់​ជាមុន ហើយស្លៀកក្តី គ្រងក្តី នូវចីវរ​ដែលភិក្ខុនី​នោះមិនបាន​ឲ្យក្តី នូវសង្កមនីយចីវរ​នោះក្តី ត្រូវអាបត្តិ​បាចិត្តិយ។

[២៣៧] ឧបសម្បន្នា ភិក្ខុនីសំគាល់ថា​ជាឧបសម្បន្នា ហើយទ្រទ្រង់​នូវសង្កមនីយចីវរ ត្រូវអាបត្តិ​បាចិត្តិយ។ ឧបសម្បន្នា ភិក្ខុនី​មានសេចក្តី​សង្ស័យ ហើយទ្រទ្រង់​នូវសង្កមនីយចីវរ ត្រូវអាបត្តិ​បាចិត្តិយ។ ឧបសម្បន្នា ភិក្ខុនីសំគាល់ថា​ជាអនុបសម្បន្នាទៅវិញ ហើយទ្រទ្រង់​នូវសង្កមនីយចីវរ ត្រូវអាបត្តិ​បាចិត្តិយ។ ភិក្ខុនី​ទ្រទ្រង់​នូវសង្កមនីយចីវរ​របស់​អនុបសម្បន្នា ត្រូវ​អាបត្តិទុក្កដ។ អនុបសម្បន្នា ភិក្ខុនី​សំគាល់​ថាជា​ឧបសម្បន្នា​ទៅវិញ ត្រូវអាបត្តិ​ទុក្កដ។ អនុបសម្បន្នា ភិក្ខុនី​មានសេចក្តី​សង្ស័យ ត្រូវអាបត្តិ​ទុក្កដ។ អនុបសម្បន្នា ភិក្ខុនី​សំគាល់​ថា​អនុបសម្បន្នា ត្រូវអាបត្តិទុក្កដ។

[២៣៨] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៧យ៉ាង) គឺភិក្ខុនីជាម្ចាស់​ចីវរ​នោះបានឲ្យ១ ភិក្ខុនី​បានប្រាប់​ហើយស្លៀកក្តី ដណ្តប់ក្តី នូវចីវរ​នោះ១ ភិក្ខុនី​មានចីវរ​ចោរដណ្តើម​យកទៅ១ ភិក្ខុនី​មានចីវរ​បាត់ទៅ១ ភិក្ខុនី​មានសេចក្តី​អន្តរាយ​១ ភិក្ខុនីឆ្កួត១ ភិក្ខុនី​ជាខាង​ដើមបញ្ញត្តិ១។

(បាចិត្តិយ នគ្គវគ្គ) សិក្ខាបទ ទី៦

(៦. ឆដ្ឋសិក្ខាបទំ)

[២៣៩] សម័យនោះ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគ គង់ក្នុងវត្តជេតវន របស់​អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុង​សាវត្ថី។ ក៏គ្រានោះឯង ត្រកូល​ឧបដ្ឋាក​របស់​ថុល្លនន្ទាភិក្ខុនី បាននិយាយ​ពាក្យនេះ​នឹង​ថុល្លនន្ទាភិក្ខុនី​ថា បពិត្រ​លោកម្ចាស់ ពួកខ្ញុំនឹង​ថ្វាយចីវរ​ដល់​ភិក្ខុនី​សង្ឃ។ ថុល្លនន្ទាភិក្ខុនីនិយាយ​ថា អ្នកទាំងឡាយ​មានកិច្ច​ច្រើន មានការ​ដែលត្រូវ​ធ្វើ​ក៏ច្រើន ដូច្នេះ​ហើយក៏ធ្វើ​ចីវរទាន​ឲ្យអន្តរាយទៅ។ ទទួលពេលនោះ ផ្ទះរបស់​ត្រកូល​នោះភ្លើងឆេះ។ មនុស្ស​ទាំងនោះក៏ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ថុល្លនន្ទាជាម្ចាស់ ​មិនសម​បីនឹងធ្វើ​ទេយ្យធម៌​របស់យើង​ទាំងឡាយ​ឲ្យអន្តរាយសោះ យើងទាំងឡាយ​វិនាស​ប្រាសចាក​ប្រយោជន៍​ទាំងពីរ​យ៉ាង គឺភោគផង បុណ្យផង។ ​ភិក្ខុនី​ទាំងឡាយបានឮ​ពួកមនុស្ស​ទាំងនោះ​ពោលទោស តិះដៀល បន្តុះបង្អាប់ហើយ។ ភិក្ខុនី​ទាំងឡាយណាមាន​សេចក្តី​ប្រាថ្នា​តិច។បេ។ ភិក្ខុនីទាំងឡាយ​នោះ​ក៏ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ថុល្លនន្ទាជាម្ចាស់ មិនសមបីនឹងធ្វើ​ចីវរលាភ​របស់​គណៈ​ឲ្យអន្តរាយទៅសោះ។បេ។ ព្រះដ៏មានព្រះភាគ​​ត្រាស់សួរថា ម្នាលភិក្ខុ​ទាំងឡាយ ឮថា​ថុល្លនន្ទា​ភិក្ខុនី ធ្វើ​ចីវរលាភ​របស់​គណៈ​ឲ្យអន្តរាយទៅ ពិត​មែនឬ។ ពួកភិក្ខុ​​ក្រាបទូល​ថា សូមទ្រង់​មេត្តាប្រោស ពិតមែន។ ព្រះពុទ្ធ​​​ដ៏មានព្រះភាគ ​ទ្រង់​បន្ទោស​ថា ម្នាល​ភិក្ខុ​ទាំងឡាយ ថុល្លនន្ទាភិក្ខុនី មិនសមបីនឹងធ្វើ​ចីវរលាភ​របស់​គណៈ​ឲ្យអន្តរាយទេ ម្នាលភិក្ខុ​ទាំងឡាយ អំពើនេះ​មិនជាទីជ្រះថ្លា​ដល់​ជន​ទាំងឡាយ​ដែល​មិនទាន់​ជ្រះថ្លា​ទេ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុនី​ទាំងឡាយ​ ចូរសំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា

ភិក្ខុនីណាមួយ ធ្វើ​ចីវរលាភ​របស់​គណៈ​ឲ្យអន្តរាយទៅ ត្រូវ​អាបត្តិ​បាចិត្តិយ។

[២៤០] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយ​ក្នុង​​សិក្ខាបទទី១​នៃ​បារាជិក​កណ្ឌ​រួច​ហើយ។ ដែលហៅថា គណៈ តថាគត​សំដៅយក​ភិក្ខុនីសង្ឃ។ បណ្តាចីវរ​៦យ៉ាង ចីវរណាមួយ យ៉ាងតូច​បំផុត​ល្មមវិកប្ប​បាន ហៅថាចីវរ។ ពាក្យថា ធ្វើឲ្យអន្តរាយ សេចក្តីថា ភិក្ខុនី​និយាយថា ជនទាំងឡាយ​ត្រូវឲ្យ​ចីវរនេះ​ធ្វើអ្វី ហើយធ្វើឲ្យ​អន្តរាយ​ទៅ ត្រូវអាបត្តិ​បាចិត្តិយ។ ភិក្ខុនី​ធ្វើបរិក្ខារដទៃ​ឲ្យអន្តរាយ ត្រូវអាបត្តិ​ទុក្កដ។ ភិក្ខុនី​ធ្វើចីវរក្តី បរិក្ខារដទៃក្តី របស់ភិក្ខុនី​ច្រើនរូប (ពីររូប ឬបីរូប)ក្តី របស់ភិក្ខុនី​មួយរូបក្តី របស់​អនុបសម្បន្នាក្តី ឲ្យអន្តរាយ ត្រូវអាបត្តិ​ទុក្កដ។

[២៤១] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៣យ៉ាង) គឺភិក្ខុនី​សំដែង​អានិសង្ស​ហើយហាមឃាត់18) ១ ភិក្ខុនីឆ្កួត១ ភិក្ខុនី​ខាង​ដើមបញ្ញត្តិ១។

(បាចិត្តិយ នគ្គវគ្គ) សិក្ខាបទ ទី៧

(៧. សត្តមសិក្ខាបទំ)

[២៤២] សម័យនោះ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគ គង់ក្នុងវត្តជេតវន របស់​អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុង​សាវត្ថី។ គ្រានោះឯង អកាលចីវរ​បានកើត​ឡើងដល់​ភិក្ខុនីសង្ឃ។ លំដាប់នោះ ភិក្ខុនីសង្ឃ​ប្រាថ្នា​ដើម្បីនឹង​ចែកចីវរ​នោះ ទើបប្រជុំគ្នា។ វេលានោះឯង ពួកភិក្ខុនី​ជាអន្តេវាសិនី (កូនសិស្ស) របស់​ថុល្លនន្ទាភិក្ខុនី ចៀសចេញទៅ (ពីវត្ត) ថុល្លនន្ទាភិក្ខុនីក៏បាន​និយាយ​ពាក្យនេះ​នឹង​ភិក្ខុនី​ទាំងនោះ​ថា នែលោកម្ចាស់​ទាំងឡាយ ពួកភិក្ខុនី​ចៀសចេញ​ទៅអស់ហើយ (សង្ឃ) កុំអាលចែក​ចីវរ​ ដូច្នេះហើយ ក៏ហាមឃាត់​ការចែកចីវរ។ ភិក្ខុនី​ទាំងឡាយ​នាំគ្នាចៀស​ចេញអស់​ទៅ ដោយគិតថា សង្ឃមិនទាន់​ចែកចីវរ។ ថុល្លនន្ទាភិក្ខុនី កាលពួក​ភិក្ខុនី​ជាអន្តេវាសិនី​មកព្រមគ្នា​ហើយ ក៏នាំគ្នា​ចែកចីវរ​នោះទៅ។ ភិក្ខុនី​ទាំងឡាយណាមាន​សេចក្តី​ប្រាថ្នា​តិច។បេ។ ភិក្ខុនីទាំងឡាយ​នោះ​ក៏ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ថុល្លនន្ទាជាម្ចាស់ មិនសមបីនឹងហាមឃាត់​ការចែកចីវរ​ដែលប្រកប​ដោយធម៌សោះ។បេ។ ព្រះដ៏មានព្រះភាគ​​ត្រាស់សួរថា ម្នាលភិក្ខុ​ទាំងឡាយ ឮថា​ថុល្លនន្ទា​ភិក្ខុនី ហាមឃាត់​ការចែកចីវរ​ដែលប្រកប​ដោយធម៌ ពិត​មែនឬ។ ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ថា សូមទ្រង់​មេត្តាប្រោស ពិតមែន។ ព្រះពុទ្ធ​​​ជាម្ចាស់​ដ៏មានព្រះភាគ ​ទ្រង់តិះដៀល​ថា ម្នាល​ភិក្ខុ​ទាំងឡាយ ថុល្លនន្ទាភិក្ខុនី មិនសមបីនឹង​ហាមឃាត់​ការចែកចីវរ​ដែលប្រកប​ដោយធម៌ទេ ម្នាលភិក្ខុ​ទាំងឡាយ អំពើនេះ​មិនជាទីជ្រះថ្លា​ដល់​ជន​ទាំងឡាយ​ដែល​មិនទាន់​ជ្រះថ្លា​ទេ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុនី​ទាំងឡាយ​ ចូរសំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា

ភិក្ខុនីណាមួយ ហាមឃាត់​ការចែកចីវរ​ដែលប្រកប​ដោយធម៌ ត្រូវ​អាបត្តិ​បាចិត្តិយ។

[២៤៣] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយ​ក្នុង​​សិក្ខាបទទី១​នៃ​បារាជិក​កណ្ឌ​រួច​ហើយ។ ការចែកចីវរ​ ដែលឈ្មោះថា​ប្រកបដោយ​ធម៌នោះ បានដល់​ភិក្ខុនីសង្ឃ​មានសេចក្តី​ព្រមព្រៀង ប្រជុំគ្នាចែក។ ពាក្យថា ហាមឃាត់ សេចក្តីថា ភិក្ខុនី​ហាមឃាត់​ដោយពាក្យថា ភិក្ខុនី​ចែកចីវរ​នេះធ្វើអ្វី​ដូច្នេះ ត្រូវអាបត្តិបាចិត្តិយ។

[២៤៤] ការចែកចីវរប្រកបដោយធម៌ ភិក្ខុនីសំគាល់ថា ប្រកបដោយធម៌ ហើយហាមឃាត់ ត្រូវអាបត្តិ​បាចិត្តិយ។ ការចែកចីវរ​ប្រកបដោយ​ធម៌ ភិក្ខុនីមានសេចក្តី​សង្ស័យ ហើយ​ហាមឃាត់ ត្រូវ​អាបត្តិ​​ទុក្កដ។ ការចែកចីវរ​ប្រកបដោយ​ធម៌ ភិក្ខុនី​សំគាល់ថា មិនប្រកប​ដោយធម៌វិញ ហើយ​ហាមឃាត់ មិនត្រូវ​អាបត្តិ។ ការចែកចីវរមិន​ប្រកបដោយ​ធម៌ ភិក្ខុនី​សំគាល់ថា ប្រកប​ដោយធម៌ ត្រូវ​អាបត្តិទុក្កដ។ ការចែកចីវរមិន​ប្រកបដោយ​ធម៌ ភិក្ខុនីមានសេចក្តី​សង្ស័យ ត្រូវ​អាបត្តិទុក្កដ។ ការចែកចីវរមិន​ប្រកបដោយ​ធម៌ ភិក្ខុនី​សំគាល់ថា មិនប្រកប​ដោយធម៌ មិន​ត្រូវអាបត្តិ។

[២៤៥] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៣យ៉ាង) គឺភិក្ខុនី​សំដែង​អានិសង្ស​ហើយឃាត់19) ១ ភិក្ខុនីឆ្កួត១ ភិក្ខុនី​​ដើមបញ្ញត្តិ១។

(បាចិត្តិយ នគ្គវគ្គ) សិក្ខាបទ ទី៨

(៨. អដ្ឋមសិក្ខាបទំ)

[២៤៦] សម័យនោះ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគ គង់ក្នុងវត្តជេតវន របស់​អនាថបិណ្ឌិកសេដ្ឋី ជិតក្រុង​សាវត្ថី។ គ្រានោះឯង ​ថុល្លនន្ទាភិក្ខុនី បានឲ្យ​សមណចីវរ​ដល់ពួក​មេរបាំខ្លះ ដល់ពួកកូន​របាំខ្លះ ពួកអ្នកឡើង​រ៉ាវខ្លះ ដល់ពួក​អ្នកត្លុកខ្លះ ដល់ពួក​អ្នកវាយ​ស្គរខ្លះ ដោយ​ពាក្យថា អ្នកទាំងឡាយចូរ​ពោលសរសើរយើង​ក្នុងទី​ប្រជុំ​បរិសទ្យ​របស់យើង។ ពួក​មេរបាំក្តី ពួកកូន​របាំក្តី ពួកអ្នកឡើង​រ៉ាវក្តី ពួក​អ្នកត្លុកក្តី ពួក​អ្នកវាយ​ស្គរក្តី នាំគ្នាពោល​សរសើរ​ថុល្លនន្ទា​ភិក្ខុនី​​ក្នុងទី​ប្រជុំ​បរិសទ្យថា ថុល្លនន្ទាជាម្ចាស់ ជាពហុស្សូត ជាអ្នកនិយាយ ជាអ្នកក្លៀវក្លា ជាអ្នក​ប្រសប់ធ្វើ​ធម្មីកថា អ្នកទាំងឡាយ​ចូរថ្វាយ(ទាន) ដល់លោកម្ចាស់ចុះ អ្នកទាំងឡាយ​ចូរធ្វើ (សក្ការៈ)​ដល់លោកម្ចាស់ចុះ។ ភិក្ខុនី​ទាំងឡាយណាមាន​សេចក្តី​ប្រាថ្នា​តិច។បេ។ ភិក្ខុនីទាំងឡាយ​នោះ​ក៏ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ថុល្លនន្ទាជាម្ចាស់ មិនសមបីនឹងឲ្យ​សមណចីវរ​ដល់​គ្រហស្ថសោះ។បេ។ ព្រះដ៏មានព្រះភាគ​​ត្រាស់សួរថា ម្នាលភិក្ខុ​ទាំងឡាយ ឮថា​ថុល្លនន្ទា​ភិក្ខុនី ឲ្យ​សមណចីវរ​ដល់​គ្រហស្ថ ពិត​មែនឬ។ ពួកភិក្ខុ​ក្រាបទូល​ថា សូមទ្រង់​មេត្តាប្រោស ពិតមែន។ ព្រះពុទ្ធ​​​ជាម្ចាស់​ដ៏មានព្រះភាគ ​ទ្រង់បន្ទោស​ថា ម្នាល​ភិក្ខុ​ទាំងឡាយ ថុល្លនន្ទាភិក្ខុនី មិនសមបី​នឹងឲ្យ​សមណចីវរ​ដល់​គ្រហស្ថ​ទេ ម្នាលភិក្ខុ​ទាំងឡាយ អំពើនេះ​មិនជាទីជ្រះថ្លា​ដល់​ជន​ទាំងឡាយ​ដែល​មិនទាន់​ជ្រះថ្លា​ទេ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ ពួកភិក្ខុនី ចូរសំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា

ភិក្ខុនីណាមួយ ឲ្យ​សមណចីវរ​ដល់​គ្រហស្ថក្តី ដល់បរិព្វាជកក្តី ដល់បរិព្វាជិកាក្តី ត្រូវ​អាបត្តិ​បាចិត្តិយ។

[២៤៧] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយ​ក្នុង​​សិក្ខាបទទី១​នៃ​បារាជិក​កណ្ឌ​រួច​ហើយ។ ជនណាមួយ​គ្រប់គ្រងផ្ទះ ជននោះ​ឈ្មោះថា គ្រហស្ថ។ បុរស​ណាមួយ​បួស​ជា​បរិព្វាជក វៀរលែងតែ​ភិក្ខុនិង​សាមណេរ​ចេញ បុរសនោះ​ឈ្មោះថា បរិព្វាជក។ ស្រី​ណាមួយ​បួស​ជា​បរិព្វាជិកា វៀរលែងតែ​ភិក្ខុនី សិក្ខមានា និង​សាមណេរី​ចេញ ស្រីនោះ​ឈ្មោះថា បរិព្វាជិកា។ ចីវរ​ដែលធ្វើវិកប្ប​ហើយ ហៅថា សមណចីវរ។ ភិក្ខុនី​ឲ្យ (សមណចីវរ) ត្រូវអាបត្តិបាចិត្តិយ។

[២៤៨] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៤យ៉ាង) គឺភិក្ខុនី​ឲ្យដល់​មាតា​បិតា១ ភិក្ខុនី​ឲ្យគេខ្ចី១ ភិក្ខុនីឆ្កួត១ ភិក្ខុនីជាខាង​​ដើមបញ្ញត្តិ១។

(បាចិត្តិយ នគ្គវគ្គ) សិក្ខាបទ ទី៩

(៩. នវមសិក្ខាបទំ)

[២៤៩] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងវត្តជេតវន របស់​អនាថបិណ្ឌិកសេដ្ឋី ជិតក្រុង​សាវត្ថី។ គ្រានោះឯង ត្រកូល​ឧបដ្ឋាក​របស់​ថុល្លនន្ទាភិក្ខុនី បាននិយាយ​ពាក្យនេះ​នឹង​ថុល្លនន្ទាភិក្ខុនី​ថា បពិត្រលោកម្ចាស់ បើយើងខ្ញុំទាំងឡាយ​អាច យើងខ្ញុំ​ទាំងឡាយ​នឹងថ្វាយ​ចីវរ​ដល់​ភិក្ខុនីសង្ឃ។ សម័យនោះឯង ភិក្ខុនី​ទាំងឡាយ​នៅចាំវស្សា​រួចហើយ ប្រាថ្នា​ដើម្បី​នឹងចែក​ចីវរ ទើបប្រជុំគ្នា។ ​ថុល្លនន្ទា​ភិក្ខុនី​បាននិយាយ​ពាក្យនេះ​នឹងភិក្ខុនី​ទាំងនោះថា នែលោកម្ចាស់​ទាំងឡាយ ពួកលោកម្ចាស់​ចូរបង្អង់​ចាំសិន (ដ្បិត) មានគេ​នឹងថ្វាយ​ចីវរ​ដល់​ភិក្ខុនី​សង្ឃ។ ភិក្ខុនី​ទាំងឡាយ​បាននិយាយ​ពាក្យនេះ​នឹងថុល្លនន្ទា​ភិក្ខុនីថា នែលោកម្ចាស់ លោកចូរទៅ លោកចូរ​ដឹង​ចីវរនោះចុះ។ ថុល្លនន្ទាភិក្ខុនី​ចូលទៅរក​ត្រកូលនោះ លុះចូល​ទៅដល់ហើយ ក៏បាន​និយាយ​ពាក្យនេះ​នឹង​មនុស្ស​ទាំងឡាយ​នោះថា ម្នាលអាវុសោ​ទាំងឡាយ អ្នកទាំងឡាយ​ចូរឲ្យ​ចីវរ​ដល់​ភិក្ខុនី​សង្ឃចុះ។ មនុស្សទាំងឡាយ​នោះ​និយាយថា បពិត្រលោកម្ចាស់ យើងខ្ញុំ​ទាំងឡាយ​មិនអាច​នឹងប្រគេន​ចីវរដល់​ភិក្ខុនីសង្ឃ​ទេ។ ថុល្លនន្ទា​ភិក្ខុនី​ប្រាប់សេចក្តី​នុ៎ះ​ដល់​ភិក្ខុនី​ទាំងឡាយ។ ភិក្ខុនី​ទាំងឡាយណាមាន​សេចក្តី​ប្រាថ្នា​តិច។បេ។ ភិក្ខុនីទាំងឡាយ​នោះ​ក៏ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ថុល្លនន្ទាជាម្ចាស់ មិនសមបីនឹង​ញុំាង​សម័យនៃ​ចីវរកាល​ឲ្យកន្លង​ហួសទៅ​ដោយ​សេចក្តី​ប្រាថ្នា​ចីវរ​ដ៏ទុព្វលសោះ។បេ។ ព្រះដ៏មានព្រះភាគ​​ត្រាស់សួរថា ម្នាលភិក្ខុ​ទាំងឡាយ ឮថា​ថុល្លនន្ទា​ភិក្ខុនី ​ញុំាង​សម័យនៃ​ចីវរកាល​ឲ្យកន្លង​ហួសទៅ​ដោយ​សេចក្តី​ប្រាថ្នា​ចីវរទុព្វល ពិត​មែនឬ។ ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ថា សូមទ្រង់​មេត្តាប្រោស ពិតមែន។ ព្រះពុទ្ធ​​ដ៏មានព្រះភាគ ​ទ្រង់បន្ទោស​ថា ម្នាល​ភិក្ខុ​ទាំងឡាយ ថុល្លនន្ទាភិក្ខុនី មិនសមបី​នឹង​ញុំាង​សម័យនៃ​ចីវរកាល​ឲ្យកន្លង​ហួសទៅ​ដោយ​សេចក្តី​ប្រាថ្នា​ចីវរ​ដ៏ទុព្វល​ទេ ម្នាលភិក្ខុ​ទាំងឡាយ អំពើនេះ​មិនជាទីជ្រះថ្លា​ដល់​ជន​ទាំងឡាយ​ដែល​មិនទាន់​ជ្រះថ្លា​ទេ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ ពួកភិក្ខុនី ចូរសំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា

ភិក្ខុនីណាមួយ ​ញុំាង​សម័យនៃ​ចីវរកាល​ឲ្យកន្លង​ហួសទៅ​ដោយ​សេចក្តី​ប្រាថ្នា​ចីវរ​ដ៏ទុព្វល ត្រូវ​អាបត្តិ​បាចិត្តិយ។

[២៥០] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយ​ក្នុង​​សិក្ខាបទទី១​នៃ​បារាជិក​កណ្ឌ​រួច​ហើយ។ ដែលហៅថា សេចក្តីប្រាថ្នា​ចីវរដ៏ទុព្វល គឺត្រកូល​គេបញ្ចេញ​វចីភេទថា បើយើង​ខ្ញុំទាំងឡាយអាច យើងខ្ញុំទាំងឡាយ​នឹងប្រគេន នឹងធ្វើ​(ចីវរទាន)។ ដែលហៅថា សម័យ​នៃចីវរ​កាល គឺភិក្ខុនី​មិនទាន់​បានក្រាលកឋិន កំណត់ខែ​មួយជាខាងចុង​នៃវស្សាន​រដូវ (អំពី​១រោច​ខែ​អស្សុជ ទៅដល់​១៥កើត​ខែកត្តិក) បើភិក្ខុនី​បានក្រាល​កឋិន កំណត់​៥ខែ (អំពី​១រោច​ខែអស្សុជ ទៅដល់ ១៥កើត ខែផល្គុន)។ ពាក្យថា ញុំាងសម័យ​នៃចីវរកាល​ឲ្យកន្លង​ហួសទៅនោះ សេចក្តី​ថា ភិក្ខុនី​មិនបាន​ក្រាលកឋិន ហើយញុំាង​ថ្ងៃ១​ជាខាងចុង​នៃវស្សាន​រដូវ​ឲ្យកន្លង​ហួសទៅ ត្រូវ​អាបត្តិបាចិត្តិយ។ ភិក្ខុនី​បានក្រាលកឋិន ហើយញុំាង​ថ្ងៃដែល​កឋិន​ដោះឲ្យកន្លង​ហួសទៅ ត្រូវអាបត្តិ​បាចិត្តិយ។

[២៥១] ចីវរដ៏ទុព្វល ភិក្ខុនីសំគាល់ថាចីវរដ៏ទុព្វលមែន ហើយធ្វើសម័យ​នៃចីវរកាល​ឲ្យកន្លង​ហួសទៅ ត្រូវអាបត្តិ​បាចិត្តិយ។ ចីវរដ៏ទុព្វល ភិក្ខុនី​មានសេចក្តី​សង្ស័យ ហើយធ្វើ​សម័យ​នៃចីវរកាល​​ឲ្យកន្លង​ហួស​ទៅ ត្រូវអាបត្តិ​ទុក្កដ។ ចីវរដ៏ទុព្វល ភិក្ខុនី​សំគាល់ថា​ចីវរ​មិនទុព្វលទេ ហើយធ្វើ​សម័យ​នៃ​ចីវរកាល​​ឲ្យកន្លង​​ហួសទៅ មិនត្រូវអាបត្តិ​អ្វីឡើយ។ ចីវរ​មិនទុព្វលទេ ភិក្ខុនី​សំគាល់ថា ចីវរទុព្វល ត្រូវអាបត្តិ​ទុក្កដ។ ចីវរ​មិនទុព្វលទេ ភិក្ខុនី​មានសេចក្តី​សង្ស័យ ត្រូវអាបត្តិ​ទុក្កដ។ ចីវរ​មិនទុព្វល ភិក្ខុនី​សំគាល់ថា ចីវរមិនទុព្វល មិនត្រូវអាបត្តិ​អ្វីឡើយ។

[២៥២] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៣យ៉ាង) គឺភិក្ខុនីសំដែង​អានិសង្ស​​20) ហើយហាមឃាត់១ ភិក្ខុនី​ឆ្កួត១ ភិក្ខុនីជាខាង​​ដើមបញ្ញត្តិ១។

(បាចិត្តិយ នគ្គវគ្គ) សិក្ខាបទ ទី១០

(១០. ទសមសិក្ខាបទំ)

[២៥៣] សម័យនោះ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគ គង់ក្នុងវត្តជេតវន របស់​អនាថបិណ្ឌិកសេដ្ឋី ជិតក្រុង​សាវត្ថី។ គ្រានោះឯង មានឧបាសក​ម្នាក់​ឲ្យគេធ្វើវិហារ (កុដិ) ឧទ្ទិស​ថ្វាយសង្ឃ។ ក្នុងកាលដែល​ឆ្លងវិហារ​នោះ ឧបាសកនោះប្រាថ្នា​នឹងថ្វាយ​អកាលចីវរ​ដល់​ឧភតោសង្ឃ។ ក៏គ្រានោះឯង ឧភតោសង្ឃ​បានក្រាល​កឋិនហើយ។ ទើបឧបាសក​នោះចូល​ទៅរកសង្ឃ ហើយសូមឲ្យសង្ឃ​ដកកឋិនចេញ។ ភិក្ខុទាំងឡាយ​ក្រាបទូល​ដំណើរនុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រោះនិទាននេះ ដំណើរនេះ ទើបព្រះដ៏មានព្រះភាគ ទ្រង់ធ្វើ​ធម្មីកថា ហើយត្រាស់ហៅ​ភិក្ខុសង្ឃ​ទាំងឡាយ​មកថា ម្នាល​ភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យសង្ឃ​ដក​កឋិនចេញបាន ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវដក​កឋិន​យ៉ាងនេះ។ ភិក្ខុឆ្លាស​ប្រតិពល​គប្បី​ញុំាង​សង្ឃឲ្យដឹង​ដោយញត្តិទុតិយកម្មវាចា​ថា បពិត្រព្រះសង្ឃ​ដ៏ចំរើន សូមព្រះសង្ឃ​ស្តាប់ខ្ញុំ បើការ​ដកកឋិននេះ​មានកាល​ដ៏សមគួរ​ដល់សង្ឃហើយ សង្ឃត្រូវដកនូវ​កឋិន។ នេះជាវាចា​ដែល​ប្រកាស​ឲ្យសង្ឃដឹង។ បពិត្រ​ព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃ​ស្តាប់ខ្ញុំ ឥឡូវនេះ សង្ឃដក​កឋិនចេញ។ ការដក​កឋិនគួរ​ដល់លោក​ដ៏មានអាយុ​អង្គណា ត្រូវលោកដ៏​មានអាយុ​អង្គនោះ​ស្ងៀម​នៅ មិនគួរ​ដល់លោក​ដ៏មានអាយុ​អង្គណា ត្រូវលោកដ៏មានអាយុ​អង្គនោះ​ពោលឡើង។ កឋិន​សង្ឃបានដកហើយ។ ការដកកឋិន​សមគួរ​ដល់សង្ឃ ហេតុនោះ​ទើបសង្ឃ​ស្ងៀមនៅ។ ខ្ញុំសូម​ចាំទុកនូវ​កម្មនេះ​ដោយអាការស្ងៀម​នៅយ៉ាងនេះ។

[២៥៤] លំដាប់នោះ ឧបាសក​នោះបាន​ចូលទៅរក​ភិក្ខុនីសង្ឃ ហើយសូមឲ្យ​សង្ឃដក​កឋិនចេញ។ ថុល្លនន្ទាភិក្ខុនី​បានហាមឃាត់​នូវការ​ដកកឋិន​ដោយវាចា​ថា ចីវរនឹងមាន​ដល់​ពួកយើង​ទាំងឡាយ។ ទើបឧបាសក​នោះពោលទោស តិះដៀល បន្តុះបង្អាប់​ថា ភិក្ខុនី​ទាំងឡាយ​ មិនសមបីនឹង​មិនឲ្យការ​ដក​កឋិន​ដល់ពួក​យើងសោះ។ ភិក្ខុនី​ទាំងឡាយ​បានឮឧបាសក​នោះ​ពោលទោស​ តិះដៀល បន្តុះបង្អាប់​ហើយ។ ភិក្ខុនី​ទាំងឡាយឯណាមាន​សេចក្តី​ប្រាថ្នា​តិច។បេ។ ភិក្ខុនីទាំងឡាយ​នោះ​ក៏ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ថុល្លនន្ទាជាម្ចាស់ មិនសមបីនឹង​ហាមឃាត់​នូវការដក​កឋិន​ប្រកបដោយធម៌សោះ។បេ។ ព្រះដ៏មានព្រះភាគ​​ត្រាស់សួរថា ម្នាលភិក្ខុ​ទាំងឡាយ ឮថា​ថុល្លនន្ទា​ភិក្ខុនី ហាមឃាត់​នូវការដក​កឋិន​ដ៏ប្រកបដោយធម៌ ​ពិត​មែនឬ។ ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ថា សូមទ្រង់​មេត្តាប្រោស ពិតមែន។ ព្រះពុទ្ធ​​ដ៏មានព្រះភាគ ​ទ្រង់បន្ទោស​ថា ម្នាល​ភិក្ខុ​ទាំងឡាយ ថុល្លនន្ទាភិក្ខុនី មិនសមបី​នឹងហាមឃាត់​នូវការដក​កឋិនដ៏​ប្រកបដោយធម៌​​​ទេ ម្នាលភិក្ខុ​ទាំងឡាយ អំពើនេះ​មិនជាទីជ្រះថ្លា​នៃ​ជន​ទាំងឡាយ​ដែល​មិនទាន់​ជ្រះថ្លា​ទេ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ ពួកភិក្ខុនី ចូរសំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា

ភិក្ខុនីណាមួយ ហាមឃាត់​នូវការដក​កឋិន​ប្រកបដោយធម៌ ត្រូវ​អាបត្តិ​បាចិត្តិយ។

[២៥៥] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយ​ក្នុង​​សិក្ខាបទទី១​នៃ​បារាជិក​កណ្ឌ​រួច​ហើយ។ ដែលហៅថា ការដកកឋិន​ប្រកបដោយធម៌​នោះ បានដល់​ភិក្ខុនី​សង្ឃ​មានសេចក្តី​ព្រមព្រៀង​ប្រជុំគ្នាដក។ ពាក្យថា ហាមឃាត់ សេចក្តីថា ភិក្ខុនី​ហាមឃាត់ថា ភិក្ខុនី​សង្ឃ​ដកកឋិន​នេះធ្វើអ្វី​ដូច្នេះ ត្រូវ​អាបត្តិបាចិត្តិយ។

[២៥៦] ការដកកឋិន​ប្រកបដោយ​ធម៌ ភិក្ខុនីសំគាល់ថាប្រកប​ដោយធម៌មែន ហើយហាម​ឃាត់ ត្រូវអាបត្តិ​បាចិត្តិយ។ ការដក​កឋិន​ប្រកប​ដោយ​ធម៌ ភិក្ខុនី​មាន​សេចក្តី​សង្ស័យ ហើយហាម​ឃាត់ ត្រូវអាបត្តិ​ទុក្កដ។ ការដកកឋិន​ប្រកបដោយ​ធម៌ ភិក្ខុនី​សំគាល់ថា​មិនប្រកប​ដោយ​ធម៌ ហើយហាម​ឃាត់ មិនត្រូវអាបត្តិ​អ្វីឡើយ។ ការដកកឋិន​មិនប្រកបដោយ​ធម៌ ភិក្ខុនី​សំគាល់ថា​ប្រកប​ដោយធម៌ ត្រូវអាបត្តិទុក្កដ។ ការដកកឋិន​មិនប្រកបដោយ​ធម៌ ភិក្ខុនី​មានសេចក្តី​សង្ស័យ ត្រូវអាបត្តិទុក្កដ។ ការដកកឋិន​មិនប្រកបដោយ​ធម៌ ភិក្ខុនី​សំគាល់ថាមិន​ប្រកប​ដោយធម៌មែន មិនត្រូវអាបត្តិអ្វីឡើយ។

[២៥៧] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៣យ៉ាង) គឺភិក្ខុនីសំដែង​អានិសង្ស​​21) ហើយហាមឃាត់១ ភិក្ខុនី​ឆ្កួត១ ភិក្ខុនី​ដើមបញ្ញត្តិ១។

នគ្គវគ្គ ទី ៣ ចប់។

(បាចិត្តិយ) តុវដ្តវគ្គ (ទី៤)

(៤. តុវដ្ដវគ្គោ)

(បាចិត្តិយ តុវដ្តវគ្គ) សិក្ខាបទ ទី១

(១. បឋមសិក្ខាបទំ)

[២៥៨] សម័យនោះ ព្រះសម្ពុទ្ធដ៏មានព្រះភាគ គង់ក្នុងវត្តជេតវន របស់​អនាថបិណ្ឌិកសេដ្ឋី ជិតក្រុង​សាវត្ថី។ គ្រានោះឯង ភិក្ខុនី​ពីររូប​ដេកលើគ្រែ​មួយ (ជាមួយគ្នា)។ មនុស្ស​ទាំងឡាយ​ដើរទៅ​កាន់ចារិក​នៃវត្ត ឃើញ​ហើយពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុនីពីររូប​មិនសមបី​នឹងដេក​លើគ្រែមួយ (ជាមួយគ្នា) ដូចពួក​ស្រី​គ្រហស្ថ​អ្នកបរិភោគ​កាមសោះ។ ភិក្ខុនីទាំងឡាយបាន​ឮ​មនុស្សទាំងនោះ​ពោលទោស តិះដៀល បន្តុះបង្អាប់ហើយ។ ភិក្ខុនី​ទាំងឡាយណាមាន​សេចក្តី​ប្រាថ្នា​តិច។បេ។ ភិក្ខុនីទាំងឡាយ​នោះ​ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ភិក្ខុនី​ពីររូប ​មិនសមបីនឹងដេកលើគ្រែ​មួយ (ជាមួយគ្នា)សោះ។បេ។ ព្រះដ៏​មាន​ព្រះភាគ​​ត្រាស់សួរថា ម្នាលភិក្ខុ​ទាំងឡាយ ឮថាភិក្ខុនីពីររូប​ដេកលើគ្រែ​មួយ (ជាមួយគ្នា) ពិត​មែនឬ។ ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ថា សូមទ្រង់​មេត្តាប្រោស ពិតមែន។ ព្រះសម្ពុទ្ធ​​ដ៏មានព្រះភាគ ​ទ្រង់បន្ទោស​ថា ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុនី​ពីររូប មិនសមបី​នឹង​ដេកលើគ្រែ​មួយ (ជាមួយគ្នា)​ទេ ម្នាលភិក្ខុ​ទាំងឡាយ អំពើនេះ​មិនជាទីជ្រះថ្លា​នៃ​ជន​ទាំងឡាយ​ដែល​មិនទាន់​ជ្រះថ្លា​ទេ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ ពួកភិក្ខុនី ចូរសំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា

ភិក្ខុនីទាំងឡាយ​ណាពីររូប ដេកលើគ្រែ​មួយ (ជាមួយគ្នា) ត្រូវ​អាបត្តិ​បាចិត្តិយ។

[២៥៩] ត្រង់ពាក្យថា ភិក្ខុនីទាំងឡាយណា មានសេចក្តីអធិប្បាយ​ក្នុង​​សិក្ខាបទទី១​នៃ​បារាជិក​កណ្ឌ​រួច​ហើយ។ ពាក្យថា ភិក្ខុនី​ពីររូប​ដេកលើគ្រែមួយ​(ជាមួយគ្នា) សេចក្តីថា កាលភិក្ខុនី​ម្នាក់ដេក​នៅហើយ មានភិក្ខុនី​ដទៃ​ទៅដេកដែរ ត្រូវ​អាបត្តិបាចិត្តិយ។ ម្យ៉ាងទៀត ភិក្ខុនី​ពីររូប​ដេកព្រមគ្នា ត្រូវអាបត្តិ​បាចិត្តិយ។ ភិក្ខុនី​ទាំងពីររូប​ក្រោកឡើង ហើយដេក​ទៅវិញ​ញយៗ ត្រូវអាបត្តិ​បាចិត្តិយ។

[២៦០] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៣យ៉ាង) គឺភិក្ខុនីម្នាក់ដេក ភិក្ខុនី​ដទៃអង្គុយ ឬភិក្ខុនី​ទាំងពីរ​រូបអង្គុយ១ ភិក្ខុនី​ទាំងពីររូប​នោះឆ្កួត១ ភិក្ខុនីទាំងពីររូប​នោះជា​ដើមបញ្ញត្តិ១។

(បាចិត្តិយ តុវដ្តវគ្គ) សិក្ខាបទ ទី២

(២. ទុតិយសិក្ខាបទំ)

[២៦១] សម័យនោះ ព្រះសម្ពុទ្ធដ៏មានព្រះភាគ គង់ក្នុងវត្តជេតវន របស់​អនាថបិណ្ឌិកសេដ្ឋី ជិតក្រុង​សាវត្ថី។ គ្រានោះឯង ភិក្ខុនី​ពីររូប​មានសម្ពត់​សម្រាប់​ក្រាល​សម្រាប់​ដណ្តប់​តែមួយ ដេកជាមួយគ្នា។ មនុស្ស​ទាំងឡាយ​ដើរទៅ​កាន់ចារិក​នៃវត្ត ឃើញ​ហើយ​ពោល​ទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុនីពីររូប​មិនសមបី​នឹងមានសម្ពត់​សម្រាប់ក្រាល សម្រាប់​ដណ្តប់​តែមួយ ដេកជាមួយគ្នាដូចយ៉ាងពួក​ស្រី​គ្រហស្ថ​អ្នកបរិភោគ​កាមសោះ។ ភិក្ខុនីទាំងឡាយបាន​ឮ​មនុស្សទាំងនោះ​ពោលទោស តិះដៀល បន្តុះបង្អាប់ហើយ។ ភិក្ខុនី​ទាំងឡាយណាមាន​សេចក្តី​ប្រាថ្នា​តិច។បេ។ ភិក្ខុនីទាំងឡាយ​នោះ​ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ភិក្ខុនី​ពីររូប ​មិនសមបីនឹងមានសម្ពត់សម្រាប់​ក្រាល សម្រាប់​ដណ្តប់តែមួយ ដេក​ជាមួយគ្នាសោះ។បេ។ ព្រះដ៏​មាន​ព្រះភាគ​​ត្រាស់សួរថា ម្នាលភិក្ខុ​ទាំងឡាយ ឮថាភិក្ខុនីពីររូបមាន​សម្ពត់​សម្រាប់​ក្រាល សម្រាប់​ដណ្តប់តែមួយ ដេក​ជាមួយគ្នា ពិត​មែនឬ។ ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ថា សូមទ្រង់​មេត្តាប្រោស ពិតមែន។ ព្រះសម្ពុទ្ធ​​ដ៏មានព្រះភាគ ​ទ្រង់តិះដៀល​ថា ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុនី​ពីររូប មិនសមបី​នឹងមានសម្ពត់សម្រាប់​ក្រាល សម្រាប់​ដណ្តប់តែមួយ ដេក​ជាមួយគ្នា​ទេ ម្នាលភិក្ខុ​ទាំងឡាយ អំពើនេះ​មិនជាទីជ្រះថ្លា​នៃ​ជន​ទាំងឡាយ​ដែល​មិនទាន់​ជ្រះថ្លា​ទេ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ ពួកភិក្ខុនី ចូរសំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា

ភិក្ខុនីទាំងឡាយ​ឯណាពីររូប មានសម្ពត់សម្រាប់​ក្រាល សម្រាប់​ដណ្តប់តែមួយ ដេក​ជាមួយគ្នា ត្រូវ​អាបត្តិ​បាចិត្តិយ។

[២៦២] ត្រង់ពាក្យថា ភិក្ខុនីទាំងឡាយណា មានសេចក្តីអធិប្បាយ​ក្នុង​​សិក្ខាបទទី១​នៃ​បារាជិក​កណ្ឌ​រួច​ហើយ។ ពាក្យថា ​ពីររូប​មានសម្ពត់សម្រាប់​ក្រាល សម្រាប់​ដណ្តប់តែមួយ ដេក​ជាមួយគ្នានោះ សេចក្តីថា ភិក្ខុនីពីររូប​ក្រាល​នូវ​សម្ពត់​នោះឯង ហើយ​ដណ្តប់​នូវសម្ពត់​នោះ​ដដែល ត្រូវអាបត្តិបាចិត្តិយ។

[២៦៣] សម្ពត់សម្រាប់ក្រាល​សម្រាប់​ដណ្តប់​តែមួយ ភិក្ខុនី​ពីររូប​សំគាល់​ថាសម្ពត់​សម្រាប់​ក្រាល​សម្រាប់​ដណ្តប់តែមួយ​ដដែល ហើយដេកជាមួយគ្នា ត្រូវអាបត្តិ​បាចិត្តិយ។ សម្ពត់សម្រាប់​ក្រាល​សម្រាប់​ដណ្តប់​តែមួយ ភិក្ខុនី​មានសេចក្តី​សង្ស័យ ហើយដេកជាមួយគ្នា ត្រូវអាបត្តិ​បាចិត្តិយ។ សម្ពត់សម្រាប់​ក្រាល​សម្រាប់​​ដណ្តប់​តែមួយ ភិក្ខុនី​​សំគាល់​ថា​សម្ពត់​សម្រាប់​ក្រាល​សម្រាប់​​ដណ្តប់ផ្សេងគ្នា ហើយដេកជាមួយគ្នា ត្រូវអាបត្តិ​បាចិត្តិយ។ ភិក្ខុនី​ដេកលើកម្រាល​ជាមួយគ្នា តែដណ្តប់សំពត់​ផ្សេងគ្នា ត្រូវអាបត្តិទុក្កដ។ ភិក្ខុនី​ដេកលើ​កម្រាល​ផ្សេងគ្នា តែដណ្តប់​ជាមួយគ្នា ត្រូវអាបត្តិ​ទុក្កដ។ សម្ពត់​សម្រាប់ក្រាល សម្រាប់​ដណ្តប់​ផ្សេងៗគ្នា ភិក្ខុនី​សំគាល់​ថា​សម្ពត់​សម្រាប់​ក្រាល​សម្រាប់​ដណ្តប់​ជាមួយគ្នា ត្រូវអាបត្តិ​ទុក្កដ។ សម្ពត់សម្រាប់​ក្រាល​សម្រាប់​ដណ្តប់​ផ្សេងគ្នា ភិក្ខុនី​មានសេចក្តី​សង្ស័យ ត្រូវអាបត្តិ​ទុក្កដ។ សម្ពត់​សម្រាប់​ក្រាលសម្រាប់​ដណ្តប់​ផ្សេងគ្នា ភិក្ខុនី​សំគាល់ថា​សម្ពត់​សម្រាប់​ក្រាល​សម្រាប់ដណ្តប់​ផ្សេងគ្នា​ដដែល មិនត្រូវ​អាបត្តិ​អ្វីឡើយ។

[២៦៤] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៣យ៉ាង) គឺពួកភិក្ខុនី​សំដែងនូវ​ទី​កំណត់ ហើយដេក១ ពួកភិក្ខុនីឆ្កួត១ ពួកភិក្ខុនី​ដើមបញ្ញត្តិ១។

(បាចិត្តិយ តុវដ្តវគ្គ) សិក្ខាបទ ទី៣

(៣. តតិយសិក្ខាបទំ)

[២៦៥] សម័យនោះ ព្រះសម្ពុទ្ធដ៏មានព្រះភាគ ស្តេចគង់ក្នុងវត្តជេតវន របស់​អនាថបិណ្ឌិកសេដ្ឋី ជិតក្រុង​សាវត្ថី។ គ្រានោះឯង ថុល្លនន្ទាភិក្ខុនី ជាពហុស្សូត ជាអ្នក​ឆ្លាត​និយាយ ជាអ្នកក្លៀវក្លា ជាអ្នកប្រសប់​ធ្វើធម្មីកថា។ សូម្បី​ភទ្ទាកាបិលានី​ភិក្ខុនី​ក៏ជាពហុស្សូត​ ជាអ្នកប៉ិន​និយាយ ជាអ្នកក្លៀវក្លា ជាអ្នកប្រសប់​ធ្វើធម្មីកថា ជាអ្នកដែល​មហាជន​សរសើរ​ក្រៃ​ពេកដែរ។ មនុស្ស​ទាំងឡាយនិយាយ​ថា ភទ្ទាកាបិលានី​ជាម្ចាស់ ​ជាពហុស្សូត​ ជាអ្នកប៉ិន​និយាយ ជាអ្នកក្លៀវក្លា ជាអ្នកប្រសប់​ធ្វើធម្មីកថា ជាអ្នកដែល​មហាជន​សរសើរ​ក្រៃពេក ដូច្នេះ ហើយចូល​ទៅរក​ភទ្ទាកាបិលានី​ភិក្ខុនី​មុន ទើបចូលទៅរក​ថុល្លនន្ទាភិក្ខុនី​ជាក្រោយ។ ថុល្លនន្ទា​ភិក្ខុនី​ជាមនុស្ស​មានសេចក្តី​ឫស្យា​គ្របសង្កត់ ក៏ពោលថា ពួកភិក្ខុនី​ណាស្គាល់ច្រើន សូមច្រើន បានឮថា ភិក្ខុនី​ទាំងឡាយនេះ​ជាអ្នកប្រាថ្នាតិច ជាអ្នកសន្តោស ជាអ្នកស្ងាត់ ជាអ្នក​មិនច្រឡូក​ច្រឡំ ពោលដូច្នេះហើយ ក៏ដើរខ្លះ ឈរខ្លះ អង្គុយខ្លះ សម្រេច​ការដេកខ្លះ សំដែង​ឯងខ្លះ ឲ្យ​គេសំដែង​ខ្លះ ធ្វើការ​ស្វាធ្យាយខ្លះ ក្នុងខាង​មុខភទ្ទាកាបិលានីភិក្ខុនី។ ភិក្ខុនី​ទាំងឡាយណាមាន​សេចក្តី​ប្រាថ្នា​តិច។បេ។ ភិក្ខុនីទាំងឡាយ​នោះ​ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ថុល្លនន្ទា​ជាម្ចាស់ ​មិនសមបីនឹងមកក្លែង ធ្វើសេចក្តី​មិនសប្បាយ​ដល់ភទ្ទាកាបិលានី​ជាម្ចាស់​សោះ។បេ។ ព្រះដ៏​មាន​ព្រះភាគ​​ត្រាស់សួរថា ម្នាលភិក្ខុ​ទាំងឡាយ ឮថាថុល្លនន្ទាភិក្ខុនី ក្លែងធ្វើសេចក្តី​មិនសប្បាយ​ដល់ភទ្ទាកាបិលានី​​ភិក្ខុនី ពិត​មែនឬ។ ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ថា បពិត្រ​ព្រះដ៏​មានព្រះភាគ ពិតមែន។ ព្រះសម្ពុទ្ធ​​ដ៏មានព្រះភាគ ​ទ្រង់បន្ទោស​ថា ម្នាល​ភិក្ខុ​ទាំងឡាយ ថុល្លនន្ទា​ភិក្ខុនី មិនសមបី​នឹងក្លែងធ្វើ​សេចក្តី​មិនសប្បាយ​ដល់ភទ្ទាកាបិលានី​​ភិក្ខុនីទេ ម្នាលភិក្ខុ​ទាំងឡាយ អំពើនេះ​មិនជាទីជ្រះថ្លា​នៃ​ជន​ទាំងឡាយ​ដែល​មិនទាន់​ជ្រះថ្លា​ទេ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ ពួកភិក្ខុនី ចូរសំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា

ភិក្ខុនី​ណាមួយក្លែង​ធ្វើសេចក្តី​មិនសប្បាយ​ដល់ភិក្ខុនី​ផងគ្នា ត្រូវ​អាបត្តិ​បាចិត្តិយ។

[២៦៦] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយ​ក្នុង​​សិក្ខាបទទី១​នៃ​បារាជិក​កណ្ឌ​រួច​ហើយ។ ពាក្យថា ដល់ភិក្ខុនី​ផងគ្នា គឺដល់​ភិក្ខុនី​ដទៃ។ ពាក្យថា ក្លែង សេចក្តីថា ភិក្ខុនី កាលដឹង កាលស្គាល់ ហើយក្លែងប្រព្រឹត្ត​ល្មើស ប្រព្រឹត្ត​កន្លង។ ពាក្យថា ធ្វើសេចក្តី​មិនសប្បាយ​ សេចក្តីថា ភិក្ខុនី​គិតថា ដោយហេតុនេះ សេចក្តី​មិនសប្បាយចិត្ត​នឹង​មានដល់​ភិក្ខុនី​នេះ ដូច្នេះ​ហើយមិន​បានប្រាប់ ក៏ដើរខ្លះ ឈរខ្លះ អង្គុយខ្លះ សម្រេច​ការដេកខ្លះ សំដែងឯងខ្លះ ឲ្យគេ​សំដែង​ខ្លះ ធ្វើការ​ស្វាធ្យាយខ្លះ ក្នុងទីខាង​មុខ ត្រូវអាបត្តិបាចិត្តិយ។

[២៦៧] ឧបសម្បន្នា ភិក្ខុនី​សំគាល់​ថាជា​ឧបសម្បន្នា ហើយ​ក្លែងធ្វើ​ឲ្យមានសេចក្តី​មិនសប្បាយ​ចិត្ត ត្រូវអាបត្តិ​បាចិត្តិយ។ ឧបសម្បន្នា ភិក្ខុនី​មានសេចក្តី​សង្ស័យ ហើយក្លែង​ធ្វើ​សេចក្តី​ឲ្យមិនសប្បាយ​ចិត្ត ត្រូវអាបត្តិ​បាចិត្តិយ។ ឧបសម្បន្នា ភិក្ខុនី​សំគាល់​ថាជាអនុបសម្បន្នា ហើយ​ក្លែងធ្វើ​ឲ្យមានសេចក្តី​មិនសប្បាយ​ចិត្ត ត្រូវអាបត្តិ​បាចិត្តិយ។ អនុបសម្បន្នា ភិក្ខុនី​សំគាល់​ថា​ជាឧបសម្បន្នា ត្រូវអាបត្តិ​ទុក្កដ។ អនុបសម្បន្នា ភិក្ខុនី​មានសេចក្តី​សង្ស័យ ត្រូវអាបត្តិ​ទុក្កដ។ អនុបសម្បន្នា ភិក្ខុនី​សំគាល់​ថា​ជាអនុបសម្បន្នា ត្រូវអាបត្តិ​ទុក្កដ។

[២៦៨] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៣យ៉ាង) គឺភិក្ខុនី​មិនប្រាថ្នា​នឹងធ្វើ​សេចក្តី​មិនសប្បាយចិត្ត ហើយប្រាប់ ក៏ដើរក្តី ឈរក្តី អង្គុយក្តី សម្រេច​ការដេកក្តី ​សំដែងឯងក្តី ឲ្យគេ​សំដែង​ក្តី ធ្វើការ​ស្វាធ្យាយ​ក្តី ក្នុងខាងមុខ១ ភិក្ខុនីឆ្កួត១ ភិក្ខុនី​ដើមបញ្ញត្តិ១។

(បាចិត្តិយ តុវដ្តវគ្គ) សិក្ខាបទ ទី៤

(៤. ចតុត្ថសិក្ខាបទំ)

[២៦៩] សម័យនោះ ព្រះសម្ពុទ្ធដ៏មានព្រះភាគ គង់ក្នុងវត្តជេតវន របស់​អនាថបិណ្ឌិកសេដ្ឋី ជិតក្រុង​សាវត្ថី។ គ្រានោះឯង ថុល្លនន្ទាភិក្ខុនី មិនបម្រើឯង មិនធ្វើការ​ខ្វល់​ខ្វាយ​ដើម្បី​ឲ្យគេបម្រើ​ភិក្ខុនី​ជាកូនសិស្ស ដែលដល់​នូវសេចក្តី​ទុក្ខ​(មានជម្ងឺ)។ ភិក្ខុនី​ទាំងឡាយណាមាន​សេចក្តី​ប្រាថ្នា​តិច។បេ។ ភិក្ខុនីទាំងឡាយ​នោះ​ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ថុល្លនន្ទា​ជាម្ចាស់ ​មិនសមបីនឹងមិនបម្រើឯង មិនធ្វើការ​ខ្វល់ខ្វាយ​ដើម្បី​ឲ្យគេ​បម្រើ​ភិក្ខុនី​ជាកូនសិស្ស ដែលដល់​នូវសេចក្តី​ទុក្ខ​សោះ។បេ។ ព្រះដ៏​មាន​ព្រះភាគ​​ត្រាស់សួរថា ម្នាលភិក្ខុ​ទាំងឡាយ ឮថាថុល្លនន្ទាភិក្ខុនី មិនបម្រើឯង មិនធ្វើការ​ខ្វល់ខ្វាយ​ដើម្បី​ឲ្យគេ​បម្រើ​ភិក្ខុនី​ជាកូនសិស្ស ដែលដល់​នូវសេចក្តី​ទុក្ខ ពិត​មែនឬ។ ពួកភិក្ខុ​ក្រាបទូល​ថា បពិត្រ​ព្រះដ៏​មានព្រះភាគ ពិតមែន។ ព្រះពុទ្ធ​​ដ៏មានព្រះភាគ ​ទ្រង់បន្ទោស​ថា ម្នាល​ភិក្ខុ​ទាំងឡាយ ថុល្លនន្ទា​ភិក្ខុនី មិនសមបី​នឹងមិនបម្រើឯង មិនធ្វើ​សេចក្តី​ខ្វល់ខ្វាយ​ដើម្បី​ឲ្យគេ​បម្រើ​ភិក្ខុនី​ជាកូនសិស្ស ដែលដល់​នូវសេចក្តី​ទុក្ខទេ ម្នាលភិក្ខុ​ទាំងឡាយ អំពើនេះ​មិនជាទីជ្រះថ្លា​នៃ​ជន​ទាំងឡាយ​ដែល​មិនទាន់​ជ្រះថ្លា​ទេ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ ពួកភិក្ខុនី ចូរសំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា

ភិក្ខុនី​ណាមួយ មិនបម្រើឯង មិនធ្វើការ​ខ្វល់ខ្វាយ​ដើម្បី​ឲ្យគេ​បម្រើ​ភិក្ខុនី​ជាកូនសិស្ស ដែលដល់​នូវសេចក្តី​ទុក្ខ ត្រូវ​អាបត្តិ​បាចិត្តិយ។

[២៧០] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយ​ក្នុង​​សិក្ខាបទទី១​នៃ​បារាជិក​កណ្ឌ​រួច​ហើយ។ ដែលហៅថា ដល់នូវ​សេចក្តី​ទុក្ខ សំដៅ​យកភិក្ខុនី​ដែលមាន​ជម្ងឺ។ ដែលហៅ​ថា ភិក្ខុនី​ជាកូនសិស្ស សំដៅយក​ភិក្ខុនី​ជាសទ្ធិវិហារិនី (មានធម៌​ជាគ្រឿងនៅ​ជាមួយគ្នា)។ ពាក្យថា មិនបម្រើឯង គឺមិនបម្រើ​ដោយខ្លួនឯង។ ពាក្យថា មិនធ្វើការ​ខ្វល់ខ្វាយ​ដើម្បី​ឲ្យគេ​បម្រើ គឺ​មិន​បង្គាប់​អ្នកដទៃ។ កាលភិក្ខុនី​គ្រាន់តែ​ដាក់ធុរៈ​ថា អញ​នឹងមិនបម្រើឯង នឹងមិនធ្វើ​ការ​ខ្វល់ខ្វាយ​ដើម្បី​ឲ្យគេ​បម្រើ ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុនី​មិនបម្រើឯង មិនធ្វើការ​ខ្វល់ខ្វាយ​ដើម្បី​ឲ្យគេ​បម្រើ នូវ​អន្តេវាសិនីក្តី អនុបសម្បន្នាក្តី ត្រូវអាបត្តិ​ទុក្កដ។

[២៧១] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៥យ៉ាង) គឺកាលបើ​មាន​សេចក្តី​អន្តរាយ ហើយភិក្ខុនីស្វែងរក​អ្នកឯទៀត​ជាអ្នកបម្រើ​ជម្ងឺ​​មិនបាន១ ភិក្ខុនី​ឈឺ​ខ្លួនឯង១ ភិក្ខុនី​មាន​សេចក្តីអន្តរាយ១ ភិក្ខុនីឆ្កួត១ ភិក្ខុនី​ដើមបញ្ញត្តិ១។

(បាចិត្តិយ តុវដ្តវគ្គ) សិក្ខាបទ ទី៥

(៥. បញ្ចមសិក្ខាបទំ)

[២៧២] សម័យនោះឯង ព្រះសម្ពុទ្ធដ៏មានព្រះភាគ គង់ក្នុងវត្តជេតវន របស់​អនាថបិណ្ឌិកសេដ្ឋី ជិតក្រុង​សាវត្ថី។ គ្រានោះឯង ភទ្ទាកាបិលានីភិក្ខុនី​នៅចាំវស្សា​ក្នុង​ក្រុងសាកេត។ ភទ្ទាកាបិលានីភិក្ខុនីនោះ បានបញ្ជូនទូត​ទៅក្នុងសំណាក់​ថុល្លនន្ទាភិក្ខុនី​ដោយ​កិច្ច​នីមួយថា បើថុល្លនន្ទា​ជាម្ចាស់​ឲ្យលំនៅ​ដល់ខ្ញុំ ខ្ញុំគួរ​តែទៅកាន់​ក្រុង​សាវត្ថី។ ថុល្លនន្ទាភិក្ខុនី​និយាយ​តបយ៉ាង​នេះថា ភទ្ទាកាបិលានីមកចុះ ខ្ញុំនឹង​ឲ្យ(នៅ)។ លំដាប់នោះ ភទ្ទាកាបិលានីភិក្ខុនី​បានចេញ​អំពីក្រុង​សាកេត​ទៅកាន់ក្រុង​សាវត្ថី។ ថុល្លនន្ទាភិក្ខុនី​ក៏បាន​ឲ្យលំនៅ​ដល់​ភទ្ទាកាបិលានី​ភិក្ខុនី។ ក៏គ្រានោះឯង ថុល្លនន្ទា​ភិក្ខុនី​ជាពហុស្សូត ជាអ្នកប៉ិន​និយាយ ជាអ្នក​ក្លៀវក្លា ជាអ្នក​ប្រសប់​ធ្វើធម្មីកថា។ សូម្បី​ភទ្ទាកាបិលានី​ ក៏ជា​ពហុស្សូត ជាអ្នកប៉ិន​និយាយ ជាអ្នក​ក្លៀវក្លា ជាអ្នក​ប្រសប់​ធ្វើធម្មីកថា​ដែរ ហើយមហាជន​គេសរសើរ​ដោយច្រើន​ក្រៃពេក។ មនុស្ស​ទាំងឡាយ​និយាយ​ថា ភទ្ទាកាបិលានី​ជាម្ចាស់ ជាពហុស្សូត ជាអ្នកប៉ិន​និយាយ ជាអ្នក​ក្លៀវក្លា ជាអ្នក​ប្រសប់​ធ្វើធម្មីកថា ជាអ្នកដែល​គេសរសើរ​ដោយច្រើន និយាយ​យ៉ាងនេះហើយ បាននាំគ្នា​ទៅរក​ភទ្ទាកាបិលានី​ភិក្ខុនីមុន ហើយទៅរក​ថុល្លនន្ទាភិក្ខុនី​ជាខាងក្រោយ។ ថុល្លនន្ទាភិក្ខុនី​ជាអ្នក​មាន​សេចក្តី​ឫស្យា​គ្របសង្កត់ ទើបនិយាយថា ភិក្ខុនី​ទាំងឡាយ​ណាជាអ្នក​ស្គាល់​ច្រើន ជាអ្នក​សូមច្រើន បានឮថា ភិក្ខុនី​ទាំងឡាយនេះ​ជាអ្នកប្រាថ្នាតិច ជាអ្នក​សន្តោស ជាអ្នកស្ងាត់ ជាអ្នក​មិនច្រឡូកច្រឡំ (និយាយ​យ៉ាងនេះហើយ) ក៏មានសេចក្តី​ខឹង​អាក់អន់ចិត្ត ហើយទង់​ទាញ​ភទ្ទាកាបិលានី​ចេញចាក​លំនៅទៅ។ ភិក្ខុនី​ទាំងឡាយណាមាន​សេចក្តី​ប្រាថ្នា​តិច។បេ។ ភិក្ខុនីទាំងឡាយ​នោះ​ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ថុល្លនន្ទា​ជាម្ចាស់ ​មិនសមបី​នឹង​ឲ្យលំនៅ​ដល់ភទ្ទាកាបិលានី​ជាម្ចាស់ ហើយត្រឡប់​ខឹង អាក់អន់ចិត្ត ទង់ទាញ​ចេញ​សោះ។បេ។ ព្រះដ៏​មាន​ព្រះភាគ​​ត្រាស់សួរថា ម្នាលភិក្ខុ​ទាំងឡាយ ឮថាថុល្លនន្ទាភិក្ខុនី ឲ្យលំនៅ​ដល់ភទ្ទាកាបិលានី​ភិក្ខុនី ហើយត្រឡប់​ខឹង អាក់អន់ចិត្ត ទង់ទាញ​ចេញ ពិត​មែនឬ។ ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ថា បពិត្រ​ព្រះដ៏​មានព្រះភាគ ពិតមែន។ ព្រះពុទ្ធ​​ដ៏មានព្រះភាគ ​ទ្រង់​បន្ទោស​ថា ម្នាល​ភិក្ខុ​ទាំងឡាយ ថុល្លនន្ទា​ភិក្ខុនី មិនសមបី​នឹង ឲ្យលំនៅ​ដល់ភទ្ទាកាបិលានី​ភិក្ខុនី ហើយត្រឡប់​ខឹង អាក់អន់ចិត្ត ទង់ទាញ​ចេញទេ ម្នាលភិក្ខុ​ទាំងឡាយ អំពើនេះ​មិនជាទីជ្រះថ្លា​នៃ​ជន​ទាំងឡាយ​ដែល​មិនទាន់​ជ្រះថ្លា​ទេ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ ពួកភិក្ខុនី ចូរសំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា

ភិក្ខុនី​ណាមួយ ឲ្យលំនៅ​ដល់ភិក្ខុនី​ផងគ្នា ហើយ​ខឹង អាក់អន់ចិត្ត ក៏ទង់ទាញ​ឯងក្តី ឲ្យគេទង់​ទាញ​ក្តី ត្រូវ​អាបត្តិ​បាចិត្តិយ។

[២៧៣] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយ​ក្នុង​​សិក្ខាបទទី១​នៃ​បារាជិក​កណ្ឌ​រួច​ហើយ។ ពាក្យថា ដល់ភិក្ខុនី​ គឺដល់​ភិក្ខុនីដទៃ។ ទីកុដិ​ដែលមាន​សន្លឹក​ទ្វារជាប់​នៅ ហៅថា​លំនៅ។ ពាក្យថា ឲ្យ គឺឲ្យដោយ​ខ្លួនឯង។ ពាក្យថា ខឹង​អាក់អន់ចិត្ត គឺមានចិត្ត​មិនត្រេកអរ មានចិត្ត​គឺទោស​មកខ្ទាំងខ្ទប់ មានចិត្ត​រឹងត្អឹង។ ពាក្យថា ទង់ទាញ​ឯង គឺ​ភិក្ខុនី​ចាប់​យក​ពីក្នុង​ល្វែង​ហើយទាញ​ចេញទៅខាង​របៀង ត្រូវអាបត្តិ​បាចិត្តិយ។ ភិក្ខុនី​ចាប់ទាញ​ចេញពី​របៀង​ទៅ​ខាងក្រៅ ត្រូវអាបត្តិ​បាចិត្តិយ។ ភិក្ខុនី​ទាញចេញ​ឲ្យរំលងទ្វារ សូម្បីច្រើន តែដោយប្រយោគ១ (គឺទាញ​តែម្តង) ត្រូវអាបត្តិ​បាចិត្តិយ​(១)។ ពាក្យថា ឲ្យគេទង់ទាញ សេចក្តីថា ភិក្ខុនី​បង្គាប់​ឲ្យអ្នកដទៃ​ទង់ទាញ ត្រូវអាបត្តិទុក្កដ។ ភិក្ខុនី​បង្គាប់​តែម្តង ហើយ(អ្នក​ទទួល​បង្គាប់) ទង់ទាញ​ឲ្យរំលង​ទ្វារ​សូម្បីច្រើន ត្រូវអាបត្តិ​បាចិត្តិយ(១)។

[២៧៤] ឧបសម្បន្នា ភិក្ខុនី​សំគាល់ថា​ជាឧបសម្បន្នា បានឲ្យ​លំនៅ​ ហើយខឹង​អាក់អន់ចិត្ត ទង់ទាញ​ឯងក្តី ឲ្យគេទង់ទាញ​ក្តី ត្រូវអាបត្តិ​បាចិត្តិយ។ ឧបសម្បន្នា ភិក្ខុនី​មានសេចក្តី​សង្ស័យ បានឲ្យលំនៅ ហើយខឹង​អាក់អន់ចិត្ត ទង់ទាញ​ឯងក្តី ឲ្យគេទង់ទាញ​ក្តី ត្រូវអាបត្តិ​បាចិត្តិយ។ ឧបសម្បន្នា ភិក្ខុនី​សំគាល់ថា​ជាអនុបសម្បន្នា បានឲ្យលំនៅ ហើយខឹង​អាក់អន់ចិត្ត ត្រឡប់​ទង់ទាញ​ឯងក្តី ឲ្យគេទង់ទាញ​ក្តី ត្រូវអាបត្តិ​បាចិត្តិយ។ ភិក្ខុនី​ទង់ទាញ​ឯងក្តី ឲ្យគេទង់ទាញ​ក្តី​នូវបរិក្ខារនៃ​ភិក្ខុនី​នោះ ត្រូវអាបត្តិទុក្កដ។ ភិក្ខុនីទង់ទាញឯងក្តី ឲ្យគេទង់ទាញ​ក្តី (នូវ​ភិក្ខុនី​ផងគ្នា) ចាកលំនៅ​ដែលមិនមាន​សន្លឹក​ទ្វារជាប់នៅ ត្រូវអាបត្តិទុក្កដ។ ភិក្ខុនី​ទង់ទាញ​ឯងក្តី ឲ្យគេទង់ទាញ​ក្តី​នូវបរិក្ខារនៃ​ភិក្ខុនី​នោះ ត្រូវអាបត្តិទុក្កដ។ ភិក្ខុនីទង់ទាញឯងក្តី ឲ្យគេទង់ទាញ​ក្តី នូវអនុបសម្បន្នា ចាកលំនៅ​ដែលមាន​សន្លឹក​ទ្វារជាប់នៅក្តី មិនមាន​សន្លឹកទ្វារ​ជាប់នៅក្តី ត្រូវអាបត្តិទុក្កដ។ ភិក្ខុនី​ទង់ទាញ​ឯងក្តី ឲ្យគេទង់ទាញ​ក្តី​នូវបរិក្ខារនៃ​អនុបសម្បន្នា​នោះ ត្រូវអាបត្តិទុក្កដ។ អនុបសម្បន្នា ភិក្ខុនី​សំគាល់ថាជាឧបសម្បន្នា ត្រូវអាបត្តិទុក្កដ។ អនុបសម្បន្នា ភិក្ខុនីមានសេចក្តី​សង្ស័យ ត្រូវអាបត្តិទុក្កដ។ អនុបសម្បន្នា ភិក្ខុនី​សំគាល់ថាអនុបសម្បន្នា ត្រូវអាបត្តិទុក្កដ។

[២៧៥] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន១៤យ៉ាង) គឺភិក្ខុនី​ទង់ទាញ​ឯង ឬឲ្យគេ​ទង់ទាញ​នូវភិក្ខុនី​ជាអលជ្ជិនី១ ទង់ទាញ​ឯង ឬឲ្យគេ​ទង់ទាញ​នូវបរិក្ខារនៃភិក្ខុនី​ជាអលជ្ជិនីនោះ១ ទង់ទាញ​ឯង ឬឲ្យគេ​ទង់ទាញ​ភិក្ខុនីឆ្កួត១ ទង់ទាញ​ឯង ឬឲ្យគេ​ទង់ទាញ​នូវបរិក្ខារ​នៃភិក្ខុនី​ឆ្កួតនោះ១ ទង់ទាញ​ឯង ឬឲ្យគេ​ទង់ទាញ​នូវភិក្ខុនីអ្នក​ធ្វើការបង្ករ​ហេតុ១ អ្នកធ្វើការ​ឈ្លោះ១ អ្នកធ្វើការ​ទាស់ទែង១ អ្នកធ្វើតិរច្ឆានកថា១ អ្នកធ្វើ​អធិករណ៍​ក្នុងសង្ឃ១ ទង់ទាញ​ឯង ឬឲ្យគេ​ទង់ទាញ​នូវ​បរិក្ខារ​នៃភិក្ខុនី​ទាំងនោះ១ ទង់ទាញ​ឯង ឬឲ្យគេ​ទង់ទាញ​នូវភិក្ខុនី​ជាអន្តេវាសិនី ឬជាសទ្ធិវិហារិនី​ដែល​ប្រព្រឹត្តមិនល្អ១ ទង់ទាញ​ឯង ឬឲ្យគេ​ទង់ទាញ​នូវបរិក្ខារនៃ​ភិក្ខុនី​នោះ១ ភិក្ខុនីឆ្កួត១ ភិក្ខុនី​ដើមបញ្ញត្តិ១។

(បាចិត្តិយ តុវដ្តវគ្គ) សិក្ខាបទ ទី៦

(៦. ឆដ្ឋសិក្ខាបទំ)

[២៧៦] សម័យនោះ ព្រះសម្ពុទ្ធដ៏មានព្រះភាគ គង់ក្នុងវត្តជេតវន របស់​អនាថបិណ្ឌិកសេដ្ឋី ជិតក្រុង​សាវត្ថី។ គ្រានោះឯង ចណ្ឌកាលីភិក្ខុនី​នៅច្រឡូកច្រឡំ​ដោយគហបតីខ្លះ ដោយបុត្រ​របស់គហបតីខ្លះ។ ភិក្ខុនី​ទាំងឡាយណាមាន​សេចក្តី​ប្រាថ្នា​តិច។បេ។ ភិក្ខុនីទាំងឡាយ​នោះ​ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ចណ្ឌកាលី​ជាម្ចាស់ ​មិនសមបី​នឹងនៅ​ច្រឡូកច្រឡំ​ដោយគហបតីខ្លះ ដោយកូន​របស់គហបតីខ្លះសោះ។បេ។ ព្រះដ៏​មាន​ព្រះភាគ​​ត្រាស់សួរថា ម្នាលភិក្ខុ​ទាំងឡាយ ឮថាចណ្ឌកាលីភិក្ខុនី នៅ​ច្រឡូកច្រឡំ​ដោយគហបតីខ្លះ ដោយកូន​គហបតីខ្លះ ពិត​មែនឬ។ ពួកភិក្ខុ​ក្រាបទូល​ថា សូមទ្រង់មេត្តាប្រោស ពិតមែន។ ព្រះពុទ្ធ​​ដ៏មានព្រះភាគ ​ទ្រង់​បន្ទោស​ថា ម្នាល​ភិក្ខុ​ទាំងឡាយ ចណ្ឌកាលី​ភិក្ខុនី មិនសមបី​នឹងនៅ​ច្រឡូកច្រឡំ​ដោយគហបតីខ្លះ ដោយកូន​គហបតីខ្លះទេ ម្នាលភិក្ខុ​ទាំងឡាយ អំពើនេះ​មិនជាទីជ្រះថ្លា​នៃ​ជន​ទាំងឡាយ​ដែល​មិនទាន់​ជ្រះថ្លា​ទេ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ ពួកភិក្ខុនី ចូរសំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា

ភិក្ខុនី​ណាមួយ នៅ​ច្រឡូកច្រឡំ​ដោយគហបតីក្តី ដោយកូនគហបតីក្តី។ ភិក្ខុនីនោះ ត្រូវភិក្ខុនី​ទាំងឡាយ​ពោលយ៉ាងនេះថា នែលោកម្ចាស់ លោក​កុំនៅ​ច្រឡូកច្រឡំ​ដោយគហបតី ឬដោយកូន​គហបតីឡើយ នែលោកម្ចាស់ លោកចូរ​ស្ងាត់ចុះ សង្ឃរមែង​សរសើរ​សេចក្តីស្ងាត់នៃបងប្អូនស្រី។ ភិក្ខុនីនោះ កាលភិក្ខុនី​ទាំងឡាយពោលយ៉ាង​នេះហើយ ក៏នៅប្រកួតប្រកាន់​ធ្វើយ៉ាងនោះដដែល ភិក្ខុនីនោះ ត្រូវភិក្ខុនី​ទាំងឡាយ​សូត្រ​សមនុភាសនកម្ម ប្រកាស​ហាមដរាប​គំរប់បីដង ដើម្បីឲ្យ​លះបង់វត្ថុនោះ។ ភិក្ខុនីនោះ បើ​ភិក្ខុនី​ទាំងឡាយ​សូត្រសមនុភាសនកម្ម​ប្រកាស​ហាមដរាបគំរប់​បីដងហើយ លះវត្ថុនោះបាន ការលះ​ដូច្នេះនេះ​ ជាការប្រពៃ បើមិនលះទេ ត្រូវអាបត្តិបាចិត្តិយ។

[២៧៧] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយ​ក្នុង​​សិក្ខាបទទី១​នៃ​បារាជិក​កណ្ឌ​រួច​ហើយ។ ដែលហៅថា ​ច្រឡូកច្រឡំ​នោះគឺ ច្រឡូកច្រឡំ​ដោយកាយកម្ម និងវចីកម្ម ដ៏មិនសមគួរ។ ដែលហៅថា គហបតីនោះ បានដល់​ជនឯណា​មួយនៅ​គ្រប់គ្រងផ្ទះ។ ដែលហៅថា កូនគហបតីនោះ បានដល់​ជនណាមួយ​ជាកូន ឬជាបងប្អូនប្រុស (នៃគហបតីនោះ)។

[២៧៨] ពាក្យថា ភិក្ខុនីនោះ​ គឺ​ភិក្ខុនីណាមួយដែល​ជាអ្នកច្រឡូកច្រឡំ។ ពាក្យថា ត្រូវភិក្ខុនី​ទាំងឡាយ គឺត្រូវភិក្ខុនី​ទាំងឡាយដទៃ។ ភិក្ខុនីទាំងឡាយណាបានឃើញ ភិក្ខុនី​ទាំងឡាយ​ណាបានឮ ភិក្ខុនីទាំងឡាយ​នោះគប្បី​និយាយហាមប្រាមថា នែលោកម្ចាស់ លោកកុំនៅ​ច្រឡូកច្រឡំ​ដោយគហបតី ឬដោយកូនរបស់​គហបតី​ឡើយ នែលោកម្ចាស់ លោកចូរស្ងាត់ចុះ សង្ឃរមែង​សរសើរ​សេចក្តីស្ងាត់របស់បងប្អូនស្រី។ ភិក្ខុនីទាំងនោះ គប្បីនិយាយ​ហាមអស់វារៈ​គំរប់ពីរដងផង គប្បីនិយាយ​ហាមអស់វារៈគំរប់​បីដងផង។ បើ​ភិក្ខុនី​នោះលះចេញ ការលះ​ដូច្នេះនេះ​ ជាការប្រពៃ បើមិនលះចេញទេ ត្រូវអាបត្តិទុក្កដ។ ភិក្ខុនី​ទាំងឡាយ​ណាឮហើយ​ មិននិយាយ ភិក្ខុនី​ទាំងឡាយនោះ ត្រូវអាបត្តិទុក្កដ។ ភិក្ខុនីនោះ ត្រូវភិក្ខុនី​ទាំងឡាយទាញ​មកកាន់​កណ្តាលសង្ឃ ហើយគប្បីនិយាយ​ហាមប្រាមថា នែលោកម្ចាស់ លោក​កុំនៅ​ច្រឡូកច្រឡំ​ដោយគហបតី ឬដោយកូន​របស់គហបតីឡើយ នែលោកម្ចាស់ លោកចូរ​ស្ងាត់ចុះ សង្ឃរមែង​សរសើរ​សេចក្តីស្ងាត់នៃបងប្អូនស្រី។ ភិក្ខុនី​ទាំងឡាយនោះ គប្បីនិយាយ​មហាមប្រាម​អស់វារៈ​គំរប់​ពីរដងផង គប្បីនិយាយ​ហាមអស់​វារៈគំរប់​បីដងផង។ បើភិក្ខុនីនោះ លះបង់បាន ការលះបាន​ដូច្នេះនេះ​ ជាការប្រពៃ បើមិនលះចេញទេ ត្រូវអាបត្តិទុក្កដ។

[២៧៩] ភិក្ខុនីនោះ ត្រូវភិក្ខុនី​ទាំងឡាយសូត្រ​សមនុភាសនកម្ម។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនី​ទាំងឡាយ គប្បីសូត្រសមនុភាសនកម្ម​ ប្រកាសហាម​ប្រាមយ៉ាងនេះ។ ភិក្ខុនីដែល​ឆ្លាត ប្រតិពល គប្បីញុំាសង្ឃ​ឲ្យដឹងថា បពិត្រ​លោកម្ចាស់ សូមសង្ឃស្តាប់​ខ្ញុំ ភិក្ខុនីនេះមានឈ្មោះ​នេះ នៅ​ច្រឡូកច្រឡំ​ដោយគហបតីខ្លះ ដោយកូនរបស់​គហបតីខ្លះ។ ​ភិក្ខុនី​នោះមិនលះវត្ថុនោះ​ចេញ​ទេ។ បើកម្មនោះមានកាលដ៏សមគួរ​ដល់សង្ឃហើយ សង្ឃគប្បី​សូត្រសមនុភាសនកម្ម​ចំពោះ​ភិក្ខុនី​ឈ្មោះ​នេះ ដើម្បីឲ្យលះវត្ថុនោះចេញ។ នេះជាញត្តិ (គឺ​ប្រកាស​ឲ្យសង្ឃដឹង)។ បពិត្រលោកម្ចាស់ សូមសង្ឃស្តាប់​ខ្ញុំ ភិក្ខុនីនេះមានឈ្មោះ​នេះ នៅ​ច្រឡូកច្រឡំ​ដោយគហបតីខ្លះ ដោយកូន​គហបតី​ខ្លះ។ ​ភិក្ខុនី​នោះមិនលះចោលវត្ថុនោះចេញទេ។ ឥឡូវនេះ សង្ឃសូត្រសមនុភាសនកម្ម​ចំពោះ​ភិក្ខុនី​ឈ្មោះ​នេះ ដើម្បីឲ្យលះបង់វត្ថុនោះចេញ។ ការសូត្រសមនុភាសនកម្ម​ ចំពោះ​ភិក្ខុនី​ឈ្មោះ​នេះ ដើម្បីឲ្យលះបង់វត្ថុនោះចេញ គួរដល់លោកម្ចាស់​អង្គណា លោកម្ចាស់អង្គនោះ គប្បី​ស្ងៀមនៅ មិនគួរ​ដល់​លោកម្ចាស់​អង្គណា លោកម្ចាស់អង្គនោះ គប្បីពោលឡើង។ ខ្ញុំសូត្រ​សេចក្តីនេះ​អស់វារៈ​ជាគំរប់ពីរដងផង។បេ។ ខ្ញុំសូត្រ​សេចក្តីនេះ​អស់វារៈ​ជាគំរប់បីដងផង។បេ។ ភិក្ខុនី​ឈ្មោះនេះ សង្ឃបានសូត្រសមនុភាសនកម្ម​ដើម្បី​ឲ្យលះបង់​វត្ថុនោះចេញហើយ។ ការសូត្រ​សមនុភាសនកម្ម​នេះគួរដល់​សង្ឃ​ហើយ ហេតុនោះទើបសង្ឃ​ស្ងៀមនៅ។ ខ្ញុំសូមចាំទុក​នូវសេចក្តី​នេះ ដោយអាការ​ស្ងៀមនៅយ៉ាងនេះ។

[២៨០] កាលសូត្រចប់ញត្តិ (ភិក្ខុនី​នោះមិនលះបង់​វត្ថុនោះ) ត្រូវអាបត្តិទុក្កដ(១) កាលសូត្រកម្មវាចាពីរដង ត្រូវអាបត្តិទុក្កដ(២) កាលចប់កម្មវាចាជាស្រេច ត្រូវអាបត្តិបាចិត្តិយ។

[២៨១] កម្មជាធម៌ ភិក្ខុនីសំគាល់ថា កម្មជាធម៌ ហើយមិនលះបង់វត្ថុនោះ ត្រូវអាបត្តិបាចិត្តិយ។ កម្មជាធម៌ ភិក្ខុនីមានសេចក្តីសង្ស័យ ហើយមិនលះបង់ ត្រូវអាបត្តិបាចិត្តិយ។ កម្មជាធម៌ ភិក្ខុនីសំគាល់ថា កម្មមិនជាធម៌ ហើយមិនលះបង់ ត្រូវអាបត្តិបាចិត្តិយ។ កម្មមិនជាធម៌ ភិក្ខុនីសំគាល់ថា កម្មជាធម៌វិញ ត្រូវអាបត្តិទុក្កដ។ កម្មមិនជាធម៌ ភិក្ខុនីមានសេចក្តីសង្ស័យ ត្រូវអាបត្តិទុក្កដ។ កម្មមិនជាធម៌ ភិក្ខុនីសំគាល់ថា កម្មមិនជាធម៌ ត្រូវអាបត្តិទុក្កដ។

[២៨២] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៤យ៉ាង) គឺភិក្ខុនីដែលសង្ឃ​មិនបាន​សូត្រ​សមនុភាសនកម្ម១ ភិក្ខុនីលះបង់វត្ថុនោះ១ ភិក្ខុនីឆ្កួត១ ភិក្ខុនីជាខាង​ដើមបញ្ញត្តិ១។

(បាចិត្តិយ តុវដ្តវគ្គ) សិក្ខាបទ ទី៧

(៧. សត្តមសិក្ខាបទំ)

[២៨៣] សម័យនោះ ព្រះសម្ពុទ្ធដ៏មានព្រះភាគ គង់ក្នុងវត្តជេតវន របស់​អនាថបិណ្ឌិកសេដ្ឋី ជិតក្រុង​សាវត្ថី។ គ្រានោះឯង ភិក្ខុនីទាំងឡាយ គ្មានពួកឈ្មួញ​ទៅជាមួយ នាំគ្នាត្រេច​ទៅកាន់ចារិក​ខាងក្នុងដែនដែលគេ​សន្មត​ថាជាទីប្រកបដោយ​សេចក្តីរង្កៀស ប្រកបដោយ​ភ័យ​ចំពោះមុខ។ ពួកអ្នកលេងនាំគ្នាប្រទូស្ត​(ពួកភិក្ខុនីទាំងឡាយនោះ)។ ភិក្ខុនី​ទាំងឡាយណាមាន​សេចក្តី​ប្រាថ្នា​តិច។បេ។ ភិក្ខុនីទាំង​នោះ​ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ពួកភិក្ខុនី​ ​មិនសមបី​នឹងគ្មានពួកឈ្មួញ​ទៅជាមួយ ហើយនាំគ្នាត្រេចទៅ​កាន់ចារិក​ខាងក្នុង​ដែន​ដែលគេសន្មត​ថា ជាទីប្រកបដោយ​សេចក្តីរង្កៀស ប្រកបដោយភ័យ​ចំពោះមុខសោះ។បេ។ ព្រះដ៏​មាន​ព្រះភាគ​​ត្រាស់សួរថា ម្នាលភិក្ខុ​ទាំងឡាយ ឮថាភិក្ខុនីទាំងឡាយ គ្មានពួកឈ្មួញ​ទៅជាមួយ ហើយត្រេចទៅ​កាន់ចារិក​ខាងក្នុង​ដែន​ដែលគេសន្មត​ថា ជាទីប្រកបដោយ​សេចក្តីរង្កៀស ប្រកបដោយភ័យ​ចំពោះមុខ ពិតមែនឬ។ ភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធ​​ដ៏មានព្រះភាគ ​ទ្រង់​បន្ទោស​ថា ម្នាល​ភិក្ខុ​ទាំងឡាយ ​ភិក្ខុនីទាំងឡាយ មិនសមគួរ​នឹងគ្មានពួកឈ្មួញ​ទៅជាមួយ ហើយត្រេចទៅ​កាន់ចារិក​ខាងក្នុង​ដែន​ដែលគេសន្មត​ថា ជាទីប្រកបដោយ​សេចក្តីរង្កៀស ប្រកបដោយភ័យ​ចំពោះមុខទេ ម្នាលភិក្ខុ​ទាំងឡាយ អំពើនេះ​មិនជាទីជ្រះថ្លា​នៃ​ជន​ទាំងឡាយ​ដែល​មិនទាន់​ជ្រះថ្លា​ទេ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ ពួកភិក្ខុនី ចូរសំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា

ភិក្ខុនី​ណាមួយ គ្មានពួកឈ្មួញ​ទៅជាមួយ ហើយត្រេចទៅ​កាន់ចារិក​ខាងក្នុង​ដែន​ដែលគេសន្មត​ថា ជាទីប្រកបដោយ​សេចក្តីរង្កៀស ប្រកបដោយភ័យ​ចំពោះមុខ ត្រូវអាបត្តិបាចិត្តិយ។

[២៨៤] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយ​ក្នុង​​សិក្ខាបទទី១​នៃ​បារាជិក​កណ្ឌ​រួច​ហើយ។ ពាក្យថា ខាងក្នុងដែន គឺភិក្ខុនីនៅខាងក្នុងដែន​របស់ស្តេចណា ក៏ត្រេចទៅ​ក្នុងដែន​របស់ស្តេចនោះ។ ដែលហៅថា ទីប្រកបដោយ​សេចក្តីរង្កៀសនោះ បានដល់​កន្លែង​ដែល​ពួកចោរនៅក៏ប្រាកដ កន្លែងដែលពួកចោរ​បរិភោគក៏ប្រាកដ កន្លែង​ដែលពួកចោរ​ឈរក៏​ប្រាកដ កន្លែងដែលពួកចោរ​អង្គុយក៏ប្រាកដ កន្លែងដែលពួកចោរ​ដេកក៏ប្រាកដ​ក្នុងផ្លូវនោះ។ ទីដែល​ហៅថា ប្រកបដោយភ័យ​ចំពោះមុខនោះ គឺពួកមនុស្ស​ដែលចោរទាំងឡាយសម្លាប់​ក៏ប្រាកដ ដែលចោរប្លន់ក៏ប្រាកដ ដែលចោរ​វាយក៏ប្រាកដ​ក្នុងផ្លូវនោះ។ ដែលហៅថា គ្មានពួកឈ្មួញ​ទៅជាមួយនោះ គឺវៀរ​ចាកពួកឈ្មួញ​ចេញ។ ពាក្យថា ត្រេចទៅកាន់ចារិក សេចក្តីថា ភិក្ខុនី​ត្រេច​ទៅក្នុងស្រុកកំណត់មួយរយៈ​មាន់ហើរ ត្រូវអាបត្តិបាចិត្តិយរាល់ៗ​ចន្លោះស្រុក។ ទីព្រៃ​មិនមែន​ជាស្រុក ភិក្ខុនី​ត្រេចទៅក្នុងទីនោះ ត្រូវអាបត្តិបាចិត្តិយរាល់ៗកន្លះយោជន៍។

[២៨៥] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៥យ៉ាង) គឺភិក្ខុនីទៅជាមួយ​ពួកឈ្មួញ១ ភិក្ខុនីទៅក្នុង​ទីក្សេមក្សាន្ត​មិនមានភ័យ១ ភិក្ខុនី​មានសេចក្តី​អន្តរាយ១ ភិក្ខុនី​ឆ្កួត១ ភិក្ខុនីជាខាង​ដើមបញ្ញត្តិ១។

(បាចិត្តិយ តុវដ្តវគ្គ) សិក្ខាបទ ទី៨

(៨. អដ្ឋមសិក្ខាបទំ)

[២៨៦] សម័យនោះ ព្រះសម្ពុទ្ធដ៏មានព្រះភាគ គង់ក្នុងវត្តជេតវន របស់​អនាថបិណ្ឌិកសេដ្ឋី ជិតក្រុង​សាវត្ថី។ គ្រានោះឯង ភិក្ខុនីទាំងឡាយ គ្មានពួកឈ្មួញ​ទៅជាមួយ ហើយត្រេច​ទៅកាន់ចារិក​ខាងក្រៅដែនដែលគេ​សន្មត​ថាជាទីប្រកបដោយ​សេចក្តីរង្កៀស ប្រកបដោយ​ភ័យ​ចំពោះមុខ។ អ្នកលេងទាំងឡាយនាំគ្នាប្រទូស្ត​(ពួកភិក្ខុនីនោះ)។ ភិក្ខុនី​ទាំងឡាយណាមាន​សេចក្តី​ប្រាថ្នា​តិច។បេ។ ភិក្ខុនីទាំង​នោះ​ក៏ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ពួកភិក្ខុនី​ ​មិនសមគួរ​នឹងគ្មានពួកឈ្មួញ​ទៅជាមួយ ហើយត្រេចទៅ​កាន់ចារិក​ខាងក្រៅ​ដែន​ដែលគេសន្មត​ថា ជាទីប្រកបដោយ​សេចក្តីរង្កៀស ប្រកបដោយភ័យ​ចំពោះមុខសោះ។បេ។ ព្រះដ៏​មាន​ព្រះភាគ​​ត្រាស់សួរថា ម្នាលភិក្ខុ​ទាំងឡាយ ឮថាពួកភិក្ខុនី គ្មានពួកឈ្មួញ​ទៅជាមួយ ហើយត្រេចទៅ​កាន់ចារិក​ខាងក្រៅ​ដែន​ដែលគេសន្មត​ថា ជាទីប្រកបដោយ​សេចក្តីរង្កៀស ប្រកបដោយភ័យ​ចំពោះមុខ ពិតមែនឬ។ ភិក្ខុទាំងឡាយ​ក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធ​​ដ៏មានព្រះភាគ ​ទ្រង់​បន្ទោស​ថា ម្នាល​ភិក្ខុ​ទាំងឡាយ ​ពួកភិក្ខុនី មិនសមបី​នឹងគ្មានពួកឈ្មួញ​ទៅជាមួយ ហើយត្រេចទៅ​កាន់ចារិក​ខាងក្រៅ​ដែន​ដែលគេសន្មត​ថា ជាទីប្រកបដោយ​សេចក្តីរង្កៀស ប្រកបដោយភ័យ​ចំពោះមុខទេ ម្នាលភិក្ខុ​ទាំងឡាយ អំពើនេះ​មិនជាទីជ្រះថ្លា​នៃ​ជន​ទាំងឡាយ​ដែល​មិនទាន់​ជ្រះថ្លា​ទេ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ ពួកភិក្ខុនី ចូរសំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា

ភិក្ខុនី​ណាមួយ គ្មានពួកឈ្មួញ​ទៅជាមួយ ហើយត្រេចទៅ​កាន់ចារិក​ខាងក្រៅ​ដែន​ដែលគេសន្មត​ថា ជាទីប្រកបដោយ​សេចក្តីរង្កៀស ប្រកបដោយភ័យ​ចំពោះមុខ ត្រូវអាបត្តិបាចិត្តិយ។

[២៨៧] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយ​ក្នុង​​សិក្ខាបទទី១​នៃ​បារាជិក​កណ្ឌ​រួច​ហើយ។ ពាក្យថា ខាងក្រៅដែន គឺភិក្ខុនីនៅក្នុងដែន​របស់ស្តេចណា ហើយត្រេចទៅ​កាន់​ចារិកក្នុងដែន​របស់ស្តេចឯទៀត ក្រៅពីដែនរបស់ស្តេចនោះ។ ដែលហៅថា ជាទីប្រកបដោយ​សេចក្តីរង្កៀសនោះ បានដល់​កន្លែង​ដែល​ពួកចោរនៅក៏ប្រាកដ កន្លែងដែលពួកចោរ​បរិភោគ​ក៏ប្រាកដ កន្លែង​ដែលពួកចោរ​ឈរក៏​ប្រាកដ កន្លែងដែលពួកចោរ​អង្គុយក៏ប្រាកដ កន្លែងដែល​ពួកចោរ​ដេកក៏ប្រាកដ​ក្នុងផ្លូវនោះ។ ទីដែល​ហៅថា ប្រកបដោយភ័យ​ចំពោះមុខនោះ គឺពួកមនុស្ស​​ដែលចោរទាំងឡាយសម្លាប់​ក៏ប្រាកដ ដែលពួកចោរប្លន់ក៏ប្រាកដ ដែលពួកចោរ​វាយក៏ប្រាកដ​ក្នុងផ្លូវនោះ។ ដែលហៅថា គ្មានពួកឈ្មួញ​ គឺវៀរ​ចាកពួកឈ្មួញ​។ ពាក្យថា ត្រេចទៅកាន់ចារិក សេចក្តីថា ភិក្ខុនី​ត្រេច​ទៅក្នុងស្រុកកំណត់មួយរយៈ​មាន់ហើរ ត្រូវអាបត្តិ​បាចិត្តិយរាល់ៗ​ចន្លោះស្រុក។ ភិក្ខុនី​ត្រេចទៅក្នុងព្រៃ​មិនមែន​ជាស្រុក ត្រូវអាបត្តិបាចិត្តិយ​រាល់ៗ​កន្លះយោជន៍។

[២៨៨] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៥យ៉ាង) គឺភិក្ខុនីទៅជាមួយ​ពួកឈ្មួញ១ ភិក្ខុនីទៅក្នុង​ទីក្សេមក្សាន្ត​មិនមានភ័យ១ ភិក្ខុនី​មានសេចក្តី​អន្តរាយ១ ភិក្ខុនី​ឆ្កួត១ ភិក្ខុនីជាខាង​ដើមបញ្ញត្តិ១។

(បាចិត្តិយ តុវដ្តវគ្គ) សិក្ខាបទ ទី៩

(៩. នវមសិក្ខាបទំ)

[២៨៩] សម័យនោះ ព្រះសម្ពុទ្ធដ៏មានព្រះភាគ គង់ក្នុងវត្តវេឡុវនវន ជា​កលន្ទកនិវាបស្ថាន ជិតក្រុង​រាជគ្រឹះ។ គ្រានោះឯង ពួកភិក្ខុនីត្រេច​ទៅកាន់ចារិក​ខាងក្នុងវស្សា។ មនុស្សទាំងឡាយក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកភិក្ខុនី​មិនសមបីនឹង​ត្រេចទៅកាន់​ចារិក​​ខាងក្នុងវស្សា ដើរ​ជាន់ស្មៅ​ស្រស់​ទាំងឡាយ បៀតបៀនវត្ថុដែលរស់នៅមានឥន្ទ្រិយតែមួយ ញុំាង​សត្វទាំងឡាយតូចៗឲ្យវិនាសទៅជាច្រើនសោះ។ ពួកភិក្ខុនីបានឮមនុស្សទាំងនោះ​ពោលទោស តិះដៀល បន្តុះបង្អាប់ហើយ។ ភិក្ខុនី​ទាំងឡាយណាមាន​សេចក្តី​ប្រាថ្នា​តិច។បេ។ ភិក្ខុនីទាំងឡាយ​នោះ​ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ពួកភិក្ខុនី​ ​មិនសមបី​នឹងត្រេចទៅកាន់ចារិក​ខាងក្នុងវស្សា​សោះ។បេ។ ព្រះដ៏​មាន​ព្រះភាគ​​ត្រាស់សួរថា ម្នាលភិក្ខុ​ទាំងឡាយ ឮថាពួកភិក្ខុនី ត្រេចទៅកាន់​ចារិក​ខាងក្នុងវស្សា ពិតមែនឬ។ ភិក្ខុទាំងឡាយ​ក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធ​​ដ៏មានព្រះភាគ ​ទ្រង់​បន្ទោស​ថា ម្នាល​ភិក្ខុ​ទាំងឡាយ ​ពួកភិក្ខុនី មិនសមបី​នឹងត្រេចទៅកាន់ចារិក​ខាងក្នុងវស្សាទេ ម្នាលភិក្ខុ​ទាំងឡាយ អំពើនេះ​មិនជាទីជ្រះថ្លា​នៃ​ជន​ទាំងឡាយ​ដែល​មិនទាន់​ជ្រះថ្លា​ទេ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ ពួកភិក្ខុនី ចូរសំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា

ភិក្ខុនី​ណាមួយ ត្រេចទៅកាន់ចារិក​ខាងក្នុង​វស្សា ត្រូវអាបត្តិបាចិត្តិយ។

[២៩០] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយ​ក្នុង​​សិក្ខាបទទី១​នៃ​បារាជិក​កណ្ឌ​រួច​ហើយ។ ពាក្យថា ខាងក្នុងវស្សា សេចក្តីថា ភិក្ខុនីមិនបាន​នៅចាំវស្សាកំណត់​៣ខែ​ខាងដើមក្តី​22) កំណត់​៣ខែខាងចុងក្តី​23) ។ ពាក្យថា ត្រេចទៅ​កាន់​ចារិក សេចក្តីថា ភិក្ខុនី​ត្រេចទៅក្នុងស្រុកកំណត់មួយរយៈមាន់ហើរ ត្រូវអាបត្តិបាចិត្តិយរាល់ៗ​ចន្លោះស្រុក ភិក្ខុនី​ត្រេចទៅក្នុងព្រៃ​មិនមែន​ស្រុក ត្រូវអាបត្តិបាចិត្តិយរាល់ៗកន្លះយោជន៍។

[២៩១] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៥យ៉ាង) គឺភិក្ខុនីទៅ​ដោយសត្តាហករណីយកិច្ច១ ភិក្ខុនី​ទៅព្រោះហេតុនីមួយ​បៀតបៀន១ ភិក្ខុនី​មានសេចក្តី​អន្តរាយ១ ភិក្ខុនី​ឆ្កួត១ ភិក្ខុនីជាខាង​ដើមបញ្ញត្តិ១។

(បាចិត្តិយ តុវដ្តវគ្គ) សិក្ខាបទ ទី១០

(១០. ទសមសិក្ខាបទំ)

[២៩២] សម័យនោះ ព្រះសម្ពុទ្ធដ៏មានព្រះភាគ គង់ក្នុងវត្តវេឡុវនវន ជាកលន្ទកនិវាបស្ថាន ជិតក្រុង​រាជគ្រឹះ។ គ្រានោះឯង ភិក្ខុនី​ទាំងឡាយនៅចាំវស្សាក្នុង​វត្តវេឡុវន ជិតក្រុងរាជគ្រឹះនោះឯង (ចេញវស្សាហើយក៏នៅ) ក្នុងទីនោះអស់​ហេមន្តរដូវ (នៅ) ក្នុងទីនោះ​អស់គិម្ហរដូវ។ មនុស្សទាំងឡាយពោលទោស តិះដៀល បន្តុះបង្អាប់ថា ទិសទាំងឡាយចង្អៀត ងងឹតដល់ភិក្ខុនី ទិសទាំងឡាយមិនប្រាកដ​ច្បាស់​ដល់ភិក្ខុនី​ទាំងនេះ (ឬដូចម្តេច បានជា​មិនចេញ​អំពី​ទីនេះសោះ)។ ពួកភិក្ខុនី​បានឮមនុស្សទាំងនោះពោលទោស តិះដៀល បន្តុះបង្អាប់ហើយ។ ទើបភិក្ខុនីទាំងនោះ​ប្រាប់ដំណើរនុ៎ះដល់ភិក្ខុទាំងឡាយ។ ភិក្ខុទាំងឡាយនាំគ្នាក្រាបទូលដំណើរ​នុ៎ះ​ចំពោះព្រះដ៏មានព្រះភាគ។ ព្រោះនិទាននេះ ដំណើរនេះ ទើបព្រះដ៏មានព្រះភាគ​ទ្រង់ធ្វើ​ធម្មីកថា ហើយត្រាស់​ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ តថាគតនឹងបញ្ញត្ត​សិក្ខាបទដល់ភិក្ខុនីទាំងឡាយ ព្រោះអាស្រ័យ​អំណាចនៃ​ប្រយោជន៍​១០យ៉ាង គឺដើម្បី​សេចក្តី​ប្រពៃ​ដល់សង្ឃ១។បេ។ ដើម្បីសេចក្តីតាំងនៅ​មាំនៃព្រះសទ្ធម្ម១ ដើម្បី​អនុគ្រោះដល់​ព្រះវិន័យ១។ ម្នាលភិក្ខុ​ទាំងឡាយ ពួកភិក្ខុនី ចូរសំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា

ភិក្ខុនី​ណាមួយ នៅចាំវស្សា រួចហើយមិនចៀសចេញទៅកាន់ចារិក ដោយហោចទៅសូម្បីតែ៥-៦យោជន៍ ត្រូវអាបត្តិបាចិត្តិយ។

[២៩៣] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយ​ក្នុង​​សិក្ខាបទទី១​នៃ​បារាជិក​កណ្ឌ​រួច​ហើយ។ ដែលហៅថា នៅចាំវស្សារួចហើយ គឺនៅចាំវស្សាគ្រប់៣ខែខាងដើមក្តី គ្រប់៣ខែខាងចុងក្តី។ ភិក្ខុនីគ្រាន់តែដាក់ធុរៈថា អញនឹងមិនចៀសចេញទៅកាន់ចារិក ដោយហោចទៅ​សូម្បីតែ​៥-៦យោជន៍ ក៏ត្រូវអាបត្តិបាចិត្តិយ។

[២៩៤] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៥យ៉ាង) គឺភិក្ខុនីកាលមាន​សេចក្តី​អន្តរាយ ហើយស្វែងរកភិក្ខុនី​ផងគ្នាជាគំរប់ពីរមិនបាន១ ភិក្ខុនីឈឺ១ ភិក្ខុនី​មានសេចក្តី​អន្តរាយ១ ភិក្ខុនី​ឆ្កួត១ ភិក្ខុនីជាខាង​ដើមបញ្ញត្តិ១។

តុវដ្តវគ្គ ទី ៤ ចប់។

(បាចិត្តិយ) ចិត្តាគារវគ្គ (ទី៥)

(៥. ចិត្តាគារវគ្គោ)

(បាចិត្តិយ ចិត្តាគារវគ្គ) សិក្ខាបទ ទី១

(១. បឋមសិក្ខាបទំ)

[២៩៥] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងជេតវនារាម របស់​អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង នាយជាងបាន​គូរគំនូរ​ក្នុងព្រះរាជដំណាក់​ដ៏វិចិត្រ​24) ក្នុងឧទ្យានស្តេចបសេនទិកោសល។ ពួកមនុស្សជាច្រើនតែងទៅមើល​ព្រះរាជដំណាក់​ដ៏វិចិត្រ​(នោះ)។ សូម្បី​ពួកឆព្វគ្គិយាភិក្ខុនី (ភិក្ខុនី​ពួក៦រូប) ក៏បានទៅមើល​ព្រះរាជដំណាក់​ដ៏វិចិត្រ (នោះដែរ)។ មនុស្សទាំងឡាយពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុនីទាំងឡាយមិនសមបើនឹង​ទៅមើលព្រះរាជដំណាក់​ដ៏វិចិត្រ​ដូចជា​ពួកស្រីគ្រហស្ថ​ដែលបរិភោគកាមសោះ។ ភិក្ខុនីទាំងឡាយ​បានឮពួកមនុស្សទាំងនោះកំពុង​ពោលទោស តិះដៀល បន្តុះបង្អាប់(ដូច្នោះ)។ ភិក្ខុនីទាំងឡាយណាមានសេចក្តី​ប្រាថ្នាតិច។បេ។ ភិក្ខុនីទាំងឡាយនោះក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកឆព្វគ្គិយាភិក្ខុនី​ មិនសមបើ​នឹងទៅមើល​ព្រះរាជដំណាក់​ដ៏វិចិត្រសោះ។បេ។ ទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថា ពួកឆព្វគ្គិយាភិក្ខុនី​ ទៅមើល​រាជដំណាក់​ដ៏វិចិត្រ ពិតមែនឬ។ ភិក្ខុទាំងឡាយក្រាបទូលថា បពិត្រ​ព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធដ៏មានជោគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ ឆព្វគ្គិយាភិក្ខុនីទាំងឡាយ មិនគួរបើនឹងទៅមើលរាជដំណាក់​ដ៏វិចិត្រទេ ម្នាលភិក្ខុទាំងឡាយ អំពើ​នេះ មិនមែន​នាំឲ្យជ្រះថ្លា​ដល់ជនទាំងឡាយ ដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុនីទាំងឡាយ ចូរសំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា

ភិក្ខុនី​ណាមួយ ទៅដើម្បីមើល​ដំណាក់​សម្រាប់ក្រសាល​របស់ស្តេច​ក្តី រោងដ៏វិចិត្រក្តី សួនក្តី ឧទ្យានក្តី ស្រះបោក្ខរណីក្តី ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ។

[២៩៦] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយ​ក្នុង​​សិក្ខាបទទី១​នៃ​បារាជិក​កណ្ឌ​រួច​ហើយ។ ដែលហៅថា ដំណាក់ក្រសាលរបស់ស្តេច បានដល់ដំណាក់​ដែលគេសាង​ដើម្បី​ក្រសាលសប្បាយដល់ស្តេច​នៅក្នុងកន្លែង​ណាមួយ។ ដែលហៅថា រោងដ៏វិចិត្រ បានដល់រោង​ដែល​គេសាងដើម្បី​លេងសប្បាយដល់មនុស្ស​ទាំងឡាយ​នៅក្នុងកន្លែង​ណាមួយ។ ដែលហៅថា សួន បានដល់សួនដែលគេសាងដើម្បី​លេងសប្បាយដល់​មនុស្សទាំងឡាយ​ក្នុងកន្លែងណាមួយ។ ដែលហៅថា ឧទ្យាន បានដល់ឧទ្យានដែលគេសាង​ដើម្បីលេងសប្បាយដល់មនុស្សទាំងឡាយ​ក្នុងទីណាមួយ។ ដែលហៅថា ស្រះបោក្ខរណី បានដល់ស្រះបោក្ខរណីដែលគេ​សាងដើម្បី​លេង​សប្បាយ​ដល់មនុស្សទាំងឡាយ​ក្នុងកន្លែងណាមួយ។ ភិក្ខុនីទៅដើម្បីមើល ត្រូវអាបត្តិទុក្កដ ឈរមើលក្នុងទីណា ត្រូវអាបត្តិបាចិត្តិយក្នុងទីនោះ។ ភិក្ខុនីលះបង់ឧបចារមើល ហើយមើលរឿយៗ ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុនី​ទៅដើម្បីមើលកន្លែង​ណាតែមួយៗ ត្រូវអាបត្តិទុក្កដ (មួយៗ) ឈរមើល​ក្នុងទីណា ត្រូវអាបត្តិបាចិត្តិយក្នុងទីនោះ។ លះបង់​ឧបចារមើល​ហើយមើលញយៗ ត្រូវអាបត្តិបាចិត្តិយ។

[២៩៧] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៦យ៉ាង) គឺភិក្ខុនីឈរក្នុងអារាម​ហើយមើល១ ភិក្ខុនីកំពុងដើរទៅក្តី ដើរមកក្តីឃើញ១ កាលបើមានកិច្ច ភិក្ខុនី​ទៅហើយឃើញ១ ភិក្ខុនី​មានសេចក្តី​អន្តរាយ១ ភិក្ខុនី​ឆ្កួត១ ភិក្ខុនីជាខាង​ដើមបញ្ញត្តិ១។

(បាចិត្តិយ ចិត្តាគារវគ្គ) សិក្ខាបទ ទី២

(២. ទុតិយសិក្ខាបទំ)

[២៩៨] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងជេតវនារាម របស់​អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ភិក្ខុនីទាំងឡាយ​ប្រើប្រាស់អាសន្ទិ​25) ខ្លះ បល្លង្ក ​26) ខ្លះ។ មនុស្សទាំងឡាយ​ដើរទៅកាន់​ចារិកវិហារ​ ឃើញហើយ ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុនីទាំងឡាយមិនសមបើនឹង​ប្រើប្រាស់​អាសន្ទិខ្លះ បល្លង្កខ្លះ ដូចជាស្រីគ្រហស្ថ​ជាអ្នក​បរិភោគកាមសោះ។ ភិក្ខុនីទាំងឡាយ​បានឮមនុស្សទាំងឡាយនោះកំពុង​ពោលទោស តិះដៀល បន្តុះបង្អាប់ហើយ។ ភិក្ខុនី​ទាំងឡាយ​ណាមានសេចក្តី​ប្រាថ្នាតិច។បេ។ ភិក្ខុនីទាំង​ឡាយនោះ​ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុនីទាំងឡាយ​ មិនសមបើ​នឹងប្រើប្រាស់​អាសន្ទិខ្លះ បល្លង្កខ្លះសោះ។បេ។ ទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថា ភិក្ខុនីទាំងឡាយ​ប្រើប្រាស់​អាសន្ទិខ្លះ បល្លង្កខ្លះ ពិតមែនឬ។ ភិក្ខុទាំងឡាយក្រាបទូលថា បពិត្រ​ព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធដ៏មានជោគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីទាំងឡាយ មិនគួរបើ​នឹង​ប្រើប្រាស់​អាសន្ទិខ្លះ បល្លង្កខ្លះទេ ម្នាលភិក្ខុទាំងឡាយ អំពើ​នេះ មិនមែន​នាំឲ្យជ្រះថ្លា​ដល់ជន​ទាំងឡាយ ដែលមិនទាន់​ជ្រះថ្លា​ទេ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុនីទាំងឡាយ ចូរសំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា

ភិក្ខុនី​ណាមួយ ប្រើប្រាស់អាសន្ទិក្តី បល្លង្កក្តី ភិក្ខុនីនោះ ត្រូវអាបត្តិ​បាចិត្តិយ។

[២៩៩] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយ​ក្នុង​​សិក្ខាបទទី១​នៃ​បារាជិក​កណ្ឌ​រួច​ហើយ។ អាសនៈដែល​កន្លងហួសប្រមាណ តថាគតឲ្យឈ្មោះថា អាសន្ទិ។ គ្រែដែលគេ​វិចិត្រ​ដោយសត្វកាចទាំងឡាយ​លើក​ទៅមកបាន ឈ្មោះថា បល្លង្ក។ ពាក្យថា ប្រើប្រាស់ គឺភិក្ខុនី​អង្គុយ ឬដេកដើអាសនៈនោះ ត្រូវអាបត្តិបាចិត្តិយ។

[៣០០] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៤យ៉ាង) គឺភិក្ខុនីកាត់ជើង​អាសន្ទិ ហើយទើបប្រើប្រាស់១ ភិក្ខុនីទំលាយ​រូបសត្វកាចទាំងឡាយនៃ​បល្លង្ក ហើយទើប​ប្រើប្រាស់១ ភិក្ខុនី​ឆ្កួត១ ភិក្ខុនីជាខាង​ដើមបញ្ញត្តិ១។

(បាចិត្តិយ ចិត្តាគារវគ្គ) សិក្ខាបទ ទី៣

(៣. តតិយសិក្ខាបទំ)

[៣០១] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងជេតវនារាម របស់​អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ឆព្វគ្គិយាភិក្ខុនីទាំងឡាយការសូត្រ (ឬអម្បោះ)។ មនុស្ស​ទាំងឡាយ​ដើរទៅ​កាន់ចារិក​វិហារ ឃើញហើយ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុនី​ទាំងឡាយមិនសមបើនឹងការអម្បោះដូចជាពួកស្រីគ្រហស្ថ ជាអ្នកបរិភោគកាមសោះ។ ភិក្ខុនី​ទាំងឡាយ​បានឮមនុស្សទាំងឡាយនោះកំពុង​ពោលទោស តិះដៀល បន្តុះបង្អាប់ហើយ។ ភិក្ខុនី​ទាំងឡាយ​ណាមានសេចក្តី​ប្រាថ្នាតិច។បេ។ ភិក្ខុនីទាំងឡាយនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកឆព្វគ្គិយាភិក្ខុនី មិនសមបើ​នឹងការអម្បោះសោះ។បេ។ ទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថា ឆព្វគ្គិយាភិក្ខុនីទាំងឡាយ ការអម្បោះ ពិតមែនឬ។ ភិក្ខុទាំងឡាយ​ក្រាបទូលថា បពិត្រ​ព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធដ៏មានជោគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ ឆព្វគ្គិយាភិក្ខុនីទាំងឡាយ មិនគួរបើនឹងការអម្បោះទេ ម្នាលភិក្ខុទាំងឡាយ អំពើ​នេះ មិនមែន​នាំឲ្យជ្រះថ្លា​ដល់ជនទាំងឡាយ ដែលមិនទាន់​ជ្រះថ្លា​ទេ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុនីទាំងឡាយ ចូរសំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា

ភិក្ខុនី​ណាមួយ ការអម្បោះ ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ។

[៣០២] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយ​ក្នុង​​សិក្ខាបទទី១​នៃ​បារាជិក​កណ្ឌ​រួច​ហើយ។ សូត្រទាំងឡាយមាន​៦យ៉ាង គឺរបស់​ធ្វើដោយសម្បកឈើ១ ធ្វើដោយកប្បាស១ ធ្វើដោយសូត្រ (សម្បុកនាង)១ ធ្វើដោយរោមសត្វ១ ធ្វើដោយធ្មៃ១ និងភង្គៈ (របស់ដែល​លាយ​ដោយ​វត្ថុទាំង៥ មានសម្បកឈើជាដើមជាមួយគ្នា)១ ឈ្មោះ​ថាសូត្រ។ ពាក្យថា ការ គឺភិក្ខុនី​ការដោយខ្លួនឯង ត្រូវអាបត្តិទុក្កដក្នុងប្រយោគដែលការ ត្រូវអាបត្តិបាចិត្តិយគ្រប់​ៗវារៈ​ដែលបង្វិលមួយជុំៗ។

[៣០៣] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៣យ៉ាង) គឺភិក្ខុនីការអម្បោះ​ដែលគេការ​រួចហើយ១ ភិក្ខុនី​ឆ្កួត១ ភិក្ខុនីជាខាង​ដើមបញ្ញត្តិ១។

(បាចិត្តិយ ចិត្តាគារវគ្គ) សិក្ខាបទ ទី៤

(៤. ចតុត្ថសិក្ខាបទំ)

[៣០៤] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងជេតវនារាម របស់​អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ភិក្ខុនីទាំងឡាយធ្វើការខ្វល់ខ្វាយបម្រើគ្រហស្ថ។ ភិក្ខុនី​ទាំងឡាយ​ណាមានសេចក្តី​ប្រាថ្នាតិច។បេ។ ភិក្ខុនីទាំងឡាយនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុនីទាំងឡាយ មិនសមបីនឹងធ្វើការខ្វល់ខ្វាយបម្រើគ្រហស្ថសោះ។បេ។ ទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថា ភិក្ខុនីទាំងឡាយ ធ្វើការខ្វល់ខ្វាយបម្រើគ្រហស្ថ ពិតមែនឬ។ ភិក្ខុទាំងឡាយ​ក្រាបទូលថា បពិត្រ​ព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធដ៏មានជោគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុនី មិនគួរបើនឹងធ្វើការខ្វល់ខ្វាយ​បម្រើ​គ្រហស្ថទេ ម្នាលភិក្ខុទាំងឡាយ អំពើ​នេះ មិនមែន​នាំឲ្យជ្រះថ្លា​ដល់ជនទាំងឡាយ ដែលមិនទាន់​ជ្រះថ្លា​ទេ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុនីទាំងឡាយ ចូរសំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា

ភិក្ខុនី​ណាមួយ ធ្វើការបម្រើគ្រហស្ថ ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ។

[៣០៥] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយ​ក្នុង​​សិក្ខាបទទី១​នៃ​បារាជិក​កណ្ឌ​រួច​ហើយ។ ដែលឈ្មោះថា ការខ្វល់ខ្វាយបម្រើគ្រហស្ថ គឺភិក្ខុនីចំអិន​បបរក្តី បាយក្តី ខាទនីយក្តី លាងសាដកក្តី សំពត់ឈ្នួតក្តី ដើម្បីបុគ្គល​ដែលនៅគ្រប់គ្រងផ្ទះ ត្រូវអាបត្តិបាចិត្តិយ។

[៣០៦] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៥យ៉ាង) គឺភិក្ខុនីជួយ​ចម្អិន​ទឹកបបរក្តី សង្ឃភត្តក្តី ដើម្បីសង្ឃ១ ភិក្ខុនីជួយគ្រហស្ថ​ក្នុងការបូជាចេតិយ១ ភិក្ខុនីចម្អិន​បបរក្តី បាយក្តី ខាទនីយក្តី លាងសាដកក្តី សំពត់ឈ្នួតក្តី ដើម្បីវេយ្យាវច្ចកររបស់ខ្លួន១ ភិក្ខុនី​ឆ្កួត១ ភិក្ខុនីជាខាង​ដើមបញ្ញត្តិ១។

(បាចិត្តិយ ចិត្តាគារវគ្គ) សិក្ខាបទ ទី៥

(៥. បញ្ចមសិក្ខាបទំ)

[៣០៧] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងជេតវនារាម របស់​អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ភិក្ខុនី១រូប ចូលទៅរក​ថុល្លនន្ទាភិក្ខុនី ហើយបាននិយាយពាក្យនេះថា នែនាងម្ចាស់ នាងចូរមករម្ងាប់​អធិករណ៍នេះ។ ថុល្លនន្ទាភិក្ខុនី​គ្រាន់តែ​ទទួល​ពាក្យថាសាធុ តែមិនរម្ងាប់​មិនធ្វើ​សេចក្តីខ្វល់ខ្វាយ​ ដើម្បី​រម្ងាប់​អធិករណ៍​នោះឡើយ។ ទើបភិក្ខុនីនោះប្រាប់ដំណើរនុ៎ះ​ដល់ភិក្ខុនីទាំងឡាយ។ ភិក្ខុនី​ទាំងឡាយ​ណាមាន​សេចក្តី​ប្រាថ្នាតិច។បេ។ ភិក្ខុនីទាំងឡាយនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ថុល្លនន្ទា​ជាម្ចាស់ កាលដែលភិក្ខុនីនិយាយថា នែនាងម្ចាស់ នាងចូរមករម្ងាប់​អធិករណ៍នេះ ដូច្នេះ បានទទួល​ពាក្យថា សាធុហើយ មិនសមបីនឹង​មិនរម្ងាប់ មិនធ្វើសេចក្តី​ខ្វល់ខ្វាយ ដើម្បី​រម្ងាប់ (អធិករណ៍នោះ) សោះ។បេ។ ទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថា ថុល្លនន្ទាភិក្ខុនី កាលដែលភិក្ខុនីនិយាយថា នែនាងម្ចាស់ នាងចូរមករម្ងាប់​អធិករណ៍នេះ ដូច្នេះ បានទទួល​ពាក្យថា សាធុហើយ តែ​មិនរម្ងាប់ មិនធ្វើសេចក្តី​ខ្វល់ខ្វាយ ដើម្បី​រម្ងាប់ ពិតមែនឬ។ ភិក្ខុទាំងឡាយ​ក្រាបទូលថា បពិត្រ​ព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធដ៏មានជោគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ ថុល្លនន្ទាភិក្ខុនី កាលដែលភិក្ខុនីនិយាយថា នែនាងម្ចាស់ នាងចូរមករម្ងាប់​អធិករណ៍នេះ ដូច្នេះ បានទទួល​ពាក្យថា សាធុហើយ ហេតុអ្វីក៏មិនរម្ងាប់ មិនធ្វើសេចក្តី​ខ្វល់ខ្វាយ ដើម្បី​រម្ងាប់ ម្នាលភិក្ខុទាំងឡាយ អំពើ​នេះ មិនមែន​នាំឲ្យជ្រះថ្លា​ដល់ជនទាំងឡាយ ដែលមិនទាន់​ជ្រះថ្លា​ទេ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុនីទាំងឡាយ ចូរសំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា

ភិក្ខុនី​ណាមួយ កាលដែលភិក្ខុនីនិយាយថា នែនាងម្ចាស់ នាងចូរមក ចូររម្ងាប់​អធិករណ៍នេះ ដូច្នេះ បានទទួល​ពាក្យថាសាធុហើយ ភិក្ខុនីនោះក្នុងកាល​ជាខាងក្រោយ ឥតមានសេចក្តី​អន្តរាយ (អ្វី) ហើយមិនរម្ងាប់ មិនធ្វើសេចក្តីខ្វល់ខ្វាយ ដើម្បីរម្ងាប់ ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ។

[៣០៨] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយ​ក្នុង​​សិក្ខាបទទី១​នៃ​បារាជិក​កណ្ឌ​រួច​ហើយ។ ពាក្យថា កាលដែលភិក្ខុនី បានដល់​ភិក្ខុនីដទៃ។ ​អធិករណ៍​ទាំងឡាយ៤ គឺ​វិវាទាធិករណ៍១ អនុវាទាធិករណ៍១ អាបត្តាធិករណ៍១ កិច្ចាធិករណ៍១ ឈ្មោះថា អធិករណ៍។ ពាក្យថា នែនាងម្ចាស់ នាងចូរមករម្ងាប់​អធិករណ៍នេះ គឺថា នែនាងម្ចាស់ នាងចូរមកវិនិច្ឆ័យ​អធិករណ៍​នេះ។ ពាក្យថា ភិក្ខុនីនោះ ក្នុងកាលជាខាងក្រោយ ឥតមានសេចក្តីអន្តរាយ គឺកាល​បើសេចក្តី​អន្តរាយ​មិនមាន។ ពាក្យថា មិនរម្ងាប់ គឺមិនរម្ងាប់​ដោយខ្លួនឯង។ ពាក្យថា មិនធ្វើ​សេចក្តី​ខ្វល់ខ្វាយ ដើម្បីរម្ងាប់ គឺភិក្ខុនី​មិនបង្គាប់​ភិក្ខុនីដទៃ។ ភិក្ខុនី​គ្រាន់តែ​ដាក់ធុរៈថា អញ​នឹង​មិនរម្ងាប់ អញនឹងមិនធ្វើ​សេចក្តីខ្វល់ខ្វាយ ដើម្បីរម្ងាប់​ដូច្នេះ ត្រូវអាបត្តិបាចិត្តិយ។

[៣០៩] ឧបសម្បន្នា ភិក្ខុនីសំគាល់ថា ឧបសម្បន្នា ហើយមិនរម្ងាប់ មិនធ្វើសេចក្តី​ខ្វល់ខ្វាយដើម្បីរម្ងាប់នូវអធិករណ៍ ត្រូវអាបត្តិបាចិត្តិយ។ ឧបសម្បន្នា ភិក្ខុនីមានសេចក្តី​សង្ស័យ មិនរម្ងាប់ មិនធ្វើសេចក្តី​ខ្វល់ខ្វាយដើម្បីរម្ងាប់នូវអធិករណ៍ ត្រូវអាបត្តិបាចិត្តិយ។ ឧបសម្បន្នា ភិក្ខុនីសំគាល់ថា មិនមែនឧបសម្បន្នា ហើយមិនរម្ងាប់ មិនធ្វើសេចក្តី​ខ្វល់ខ្វាយដើម្បីរម្ងាប់នូវអធិករណ៍ ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុនី​មិនរម្ងាប់ មិនធ្វើសេចក្តី​ខ្វល់ខ្វាយ ដើម្បីរម្ងាប់​នូវអធិករណ៍​ដល់អនុបសម្បន្នា ត្រូវអាបត្តិទុក្កដ។ មិនមែនឧបសម្បន្នា ភិក្ខុនីសំគាល់ថា ឧបសម្បន្នា ត្រូវអាបត្តិទុក្កដ។ មិនមែនឧបសម្បន្នា ភិក្ខុនីមានសេចក្តី​សង្ស័យ ត្រូវអាបត្តិទុក្កដ។ មិនមែនឧបសម្បន្នា ភិក្ខុនីសំគាល់ថា មិនមែនឧបសម្បន្នា ត្រូវអាបត្តិទុក្កដ។

[៣១០] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៥យ៉ាង) គឺកាលបើមាន​សេចក្តីអន្តរាយ ហើយភិក្ខុនីស្វែងរកគ្នាមិនបាន១ ភិក្ខុនីឈឺ១ ភិក្ខុនី​មានសេចក្តីអន្តរាយ១ ភិក្ខុនី​ឆ្កួត១ ភិក្ខុនីជាខាង​ដើមបញ្ញត្តិ១។

(បាចិត្តិយ ចិត្តាគារវគ្គ) សិក្ខាបទ ទី៦

(៦. ឆដ្ឋសិក្ខាបទំ)

[៣១១] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងជេតវនារាម របស់​អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ថុល្លនន្ទាភិក្ខុនី​ឲ្យខាទនីយ​ភោជនីយាហារដោយដៃខ្លួនឯង ដល់ពួក​មេល្ខោនខ្លះ ដល់ពួកកូនល្ខោនខ្លះ ដល់ពួកអ្នកឡើងរ៉ាវខ្លះ ដល់ពួក​អ្នកបំបាត់​សេចក្តី​សោក (គឺអ្នកលេង​កំប្លែង​សើចគឺត្លុក) ខ្លះ ដល់​ពួកអ្នកវាយស្គរខ្លះ ដោយពាក្យថា អ្នកទាំងឡាយ ចូរពោល​សរសើរ​គុណយើងក្នុងបរិសទ្យចុះ។ ពួក​មេល្ខោនខ្លះ កូនល្ខោនខ្លះ អ្នកឡើងរ៉ាវខ្លះ អ្នកលេងត្លុកកំប្លែងខ្លះ អ្នកលេងស្គរខ្លះ តែងពោលសរសើរ​គុណ​ថុល្លនន្ទាភិក្ខុនី​ក្នុងបរិសទ្យថា នាងម្ចាស់ថុល្លនន្ទា ជាពហុស្សូត ជាអ្នកប្រសប់និយាយ ក្លៀវក្លា ឆ្លាសខាងសំដែង​ធម្មីកថា អ្នកទាំងឡាយ​ចូរឲ្យទានដល់​នាងម្ចាស់ចុះ ចូរធ្វើការបូជាដល់នាងម្ចាស់ចុះ។ ភិក្ខុនី​ទាំងឡាយ​ណាមាន​សេចក្តី​ប្រាថ្នាតិច។បេ។ ភិក្ខុនីទាំងឡាយនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា នាងម្ចាស់ថុល្លនន្ទា មិនសមបីនឹងឲ្យខាទនីយ​ភោជនីយាហារដល់គ្រហស្ថដោយដៃខ្លួនឯង សោះ។បេ។ ទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថា ថុល្លនន្ទាភិក្ខុនីឲ្យខាទនីយ​ភោជនីយាហារដល់គ្រហស្ថដោយដៃខ្លួនឯង ពិតមែនឬ។ ភិក្ខុទាំងឡាយ​ក្រាបទូលថា បពិត្រ​ព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធដ៏មានជោគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ ថុល្លនន្ទាភិក្ខុនី មិនគួរ​បើនឹងឲ្យខាទនីយ​ភោជនីយាហារដល់​គ្រហស្ថដោយដៃខ្លួនឯងទេ ម្នាលភិក្ខុទាំងឡាយ អំពើ​នេះ មិនមែន​នាំឲ្យជ្រះថ្លា​ដល់ជនទាំងឡាយ ដែលមិនទាន់​ជ្រះថ្លា​ទេ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុនីទាំងឡាយ ចូរសំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា

ភិក្ខុនី​ណាមួយ ឲ្យខាទនីយ ឬ​ភោជនីយ ដល់គ្រហស្ថក្តី បរិព្វាជកក្តី បរិព្វាជិកាក្តី ដោយដៃខ្លួនឯង ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ។

[៣១២] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយ​ក្នុង​​សិក្ខាបទទី១​នៃ​បារាជិក​កណ្ឌ​រួច​ហើយ។ បុគ្គលណាមួយ​នៅគ្រប់គ្រងផ្ទះ បុគ្គលនោះឈ្មោះថាគ្រហស្ថ។ ប្រុសណាមួយ​ដែលបួសជាបរិព្វាជក លើកទុកតែ​ភិក្ខុ​ និងសាមណេរចេញ អ្នកនោះហៅថា បរិព្វាជក។ ស្រីណាមួយ​ ដែលបួសជាបរិព្វាជិកា លើកទុកតែ​ភិក្ខុនី​ សិក្ខមានា និងសាមណេរីចេញ ស្រីនោះហៅថា បរិព្វាជិកា។ ដែលឈ្មោះថា ខាទនីយ គឺលើកទុកតែភោជន៥យ៉ាង និងទឹក​ និងឈើស្ទន់ចេញ ក្រៅ(អំពីនោះ) ហៅថា ខាទនីយទាំងអស់។ ដែលហៅថា ភោជន បានដល់​ភោជន​៥យ៉ាង គឺបាយ១ នំកុម្មាស១ សដូវ១ ត្រី១ សាច់១។ ពាក្យថា ឲ្យ គឺភិក្ខុនីឲ្យ​ដោយកាយ​ក្តី ដោយរបស់​ជាប់នឹងកាយក្តី ដោយបោះឲ្យក្តី ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុនីឲ្យ​ទឹក និងឈើស្ទន់ ត្រូវអាបត្តិទុក្កដ។

[៣១៣] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៥យ៉ាង) គឺភិក្ខុនី​ឲ្យគេឲ្យ មិនបានឲ្យ​ដោយដៃខ្លួនឯង១ ភិក្ខុនីដាក់ (ផុតពីដៃ) ហើយឲ្យ​27) ១ ភិក្ខុនី​ឲ្យគ្រឿងលាបកាយខាងក្រៅ១ ភិក្ខុនី​ឆ្កួត១ ភិក្ខុនីជាខាង​ដើមបញ្ញត្តិ១។

(បាចិត្តិយ ចិត្តាគារវគ្គ) សិក្ខាបទ ទី៧

(៧. សត្តមសិក្ខាបទំ)

[៣១៤] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងជេតវនារាម របស់​អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ថុល្លនន្ទាភិក្ខុនី​​មិនលះបង់អាវសថចីវរ​28) (ឲ្យដល់ភិក្ខុនីដទៃ) ហើយប្រើប្រាស់ (តែម្នាក់ឯង)។ ពួកភិក្ខុនីឯទៀត​ដែលមានរដូវ​មិនបាន​ប្រើប្រាស់​ផង)។ ភិក្ខុនី​ទាំងឡាយ​ណាមាន​សេចក្តី​ប្រាថ្នាតិច។បេ។ ភិក្ខុនីទាំងឡាយនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ថុល្លនន្ទាជាម្ចាស់ មិនសមបើនឹងមិនលះបង់អាវសថចីវរ (ឲ្យដល់ភិក្ខុនីដទៃ) ហើយប្រើប្រាស់ (តែម្នាក់ឯង)សោះ។បេ។ ទ្រង់ត្រាស់សួរថា ម្នាលភិក្ខុ​ទាំង​ឡាយ ឮថា ថុល្លនន្ទាភិក្ខុនីមិនលះបង់អាវសថចីវរ​ (ឲ្យដល់ភិក្ខុនីដទៃ) ហើយប្រើប្រាស់ (តែម្នាក់ឯង) ពិតមែនឬ។ ភិក្ខុទាំងឡាយ​ក្រាបទូលថា បពិត្រ​ព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធដ៏មានជោគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ ថុល្លនន្ទាភិក្ខុនី មិនគួរ​បើនឹងមិន​លះបង់អាវសថចីវរ​ (ឲ្យដល់ភិក្ខុនីដទៃ) ហើយប្រើប្រាស់ (តែម្នាក់ឯង)ទេ ម្នាលភិក្ខុទាំងឡាយ អំពើ​នេះ មិនមែន​នាំឲ្យជ្រះថ្លា​ដល់ជនទាំងឡាយ ដែលមិនទាន់​ជ្រះថ្លា​ទេ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុនីទាំងឡាយ ចូរសំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា

ភិក្ខុនី​ណាមួយ មិនប្រគល់អាវសថចីវរ ហើយប្រើប្រាស់ ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ។

[៣១៥] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយ​ក្នុង​​សិក្ខាបទទី១​នៃ​បារាជិក​កណ្ឌ​រួច​ហើយ។ ដែលហៅថា អាវសថចីវរ បានដល់ចីវរ​ដែលទាយកប្រគេន​បម្រុង​ទុកដោយពាក្យថា ភិក្ខុនីទាំងឡាយដែលមានរដូវ​ចូរប្រើប្រាស់ចុះ។ ពាក្យថា មិនប្រគល់​ហើយប្រើប្រាស់ គឺភិក្ខុនី​ប្រើប្រាស់អស់ពីរបីរាត្រីហើយ ក្នុងថ្ងៃទីបួន លាងហើយ មិនប្រគល់​ឲ្យ​ដល់ភិក្ខុនីក្តី សិក្ខមានាក្តី សាមណេរីក្តី ហើយប្រើប្រាស់ (ម្នាក់ឯង) ត្រូវអាបត្តិបាចិត្តិយ។

[៣១៦] ចីវរមិនទាន់បានប្រគល់ ភិក្ខុនីសំគាល់ថាមិនទាន់បានប្រគល់ ហើយប្រើប្រាស់ ត្រូវអាបត្តិបាចិត្តិយ។ ចីវរមិនទាន់បានប្រគល់ ភិក្ខុនីមានសេចក្តីសង្ស័យ ហើយប្រើប្រាស់ ត្រូវអាបត្តិបាចិត្តិយ។ ចីវរមិនទាន់បានប្រគល់ ភិក្ខុនីសំគាល់ថាប្រគល់ឲ្យ ហើយប្រើប្រាស់ ត្រូវអាបត្តិបាចិត្តិយ។ ចីវរប្រគល់ឲ្យហើយ ភិក្ខុនីសំគាល់ថា មិនទាន់បានប្រគល់ ត្រូវអាបត្តិទុក្កដ។ ចីវរប្រគល់ឲ្យហើយ ភិក្ខុនីមានសេចក្តីសង្ស័យ ត្រូវអាបត្តិទុក្កដ។ ចីវរប្រគល់ឲ្យហើយ ភិក្ខុនីសំគាល់ថា ប្រគល់ឲ្យហើយ មិនត្រូវអាបត្តិ។

[៣១៧] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៨យ៉ាង) គឺភិក្ខុនីប្រគល់ឲ្យ ហើយប្រើប្រាស់១ ភិក្ខុនីប្រើប្រាស់តាមវេនជាថ្មីទៀត១ ពួកភិក្ខុនីឯទៀតដែលមាន​រដូវ​ក៏មិនមាន (ហើយភិក្ខុនីនោះចេះតែប្រើទៅ មិនបានលះ)១ ភិក្ខុនីដែលចោរ​ដណ្តើមយកចីវរទៅ១ ភិក្ខុនី​ដែលមានចីវរវិនាស១ ភិក្ខុនីប្រើប្រាស់​ក្នុងពេលមានសេចក្តី​អន្តរាយ១ ភិក្ខុនី​ឆ្កួត១ ភិក្ខុនីជាខាង​ដើមបញ្ញត្តិ១។

(បាចិត្តិយ ចិត្តាគារវគ្គ) សិក្ខាបទ ទី៨

(៨. អដ្ឋមសិក្ខាបទំ)

[៣១៨] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងជេតវនារាម របស់​អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ថុល្លនន្ទាភិក្ខុនី​​មិនប្រគល់លំនៅ(ដល់អ្នកដទៃ) ហើយក៏ចៀស​ទៅកាន់​ចារិក។ ក៏សម័យនោះឯង ភ្លើងឆេះលំនៅរបស់ថុល្លនន្ទាភិក្ខុនី (នោះ)។ ភិក្ខុនីទាំងឡាយ បាននិយាយគ្នាយ៉ាងនេះថា នែនាងម្ចាស់ទាំងឡាយ ណ្ហើយចុះ យើងនឹង​ជញ្ជូន​របស់ចេញ។ ភិក្ខុនីទាំងឡាយពួកខ្លះ បាននិយាយយ៉ាងនេះថា នែនាងម្ចាស់ទាំងឡាយ យើងនឹងមិនជញ្ជូនទេ ក្រែងរបស់ណាមួយបាត់ទៅហើយ គេនឹងចោទប្រកាន់យើង ចំពោះរបស់ទាំងអស់។ ថុល្លនន្ទាភិក្ខុនីត្រឡប់មកកាន់លំនៅនោះវិញទៀត ហើយសួរភិក្ខុនីទាំងឡាយថា នែនាងម្ចាស់​ទាំងឡាយ ពួកនាងបានជញ្ជូន​របស់យើងចេញខ្លះដែរឬទេ។ ពួកភិក្ខុនីទាំងនោះតបថា នែនាងម្ចាស់ ពួកយើងមិនបានជញ្ជូនចេញទេ។ ថុល្លនន្ទាភិក្ខុនីក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុនីទាំងឡាយ កាលបើលំនៅត្រូវភ្លើងឆេះ មិនគួរបើនឹងមិនជញ្ជូន​របស់ចេញ​ផងសោះ។ ភិក្ខុនី​ទាំងឡាយ​ណាមាន​សេចក្តី​ប្រាថ្នាតិច។បេ។ ភិក្ខុនីទាំងឡាយនោះ ក៏ពោល​ទោស តិះដៀល បន្តុះបង្អាប់ថា ថុល្លនន្ទាជាម្ចាស់ មិនសមបើនឹងមិនប្រគល់លំនៅ (ឲ្យគេថែរក្សាសិន) ហើយសិមចៀសចេញទៅកាន់ចារិក​ដូច្នេះសោះ។បេ។ ទ្រង់ត្រាស់សួរថា ម្នាលភិក្ខុ​ទាំង​ឡាយ ឮថា ថុល្លនន្ទាភិក្ខុនីមិនប្រគល់លំនៅសិន ហើយចៀសចេញទៅកាន់ចារិក​ ពិតមែនឬ។ ភិក្ខុទាំងឡាយ​ក្រាបទូលថា បពិត្រ​ព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធ​ដ៏មាន​ជោគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ ថុល្លនន្ទាភិក្ខុនី មិនគួរ​បើនឹងមិនប្រគល់លំនៅសិន ហើយចៀសចេញទៅកាន់ចារិក​ទេ ម្នាលភិក្ខុទាំងឡាយ អំពើ​នេះ មិនមែន​នាំឲ្យជ្រះថ្លា​ដល់ពួក​ជន ដែលមិនទាន់​ជ្រះថ្លា​ទេ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុនីទាំងឡាយ ចូរសំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា

ភិក្ខុនី​ណាមួយ មិនប្រគល់លំនៅ ហើយចៀសចេញទៅកាន់ចារិក​ ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ។

[៣១៩] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយ​ក្នុង​​សិក្ខាបទទី១​នៃ​បារាជិក​កណ្ឌ​រួច​ហើយ។ ដែលហៅថា លំនៅ សំដៅយកលំនៅ​ដែលមានសន្ទះទ្វារជាប់។ ពាក្យថា មិនប្រគល់ ហើយចៀសចេញទៅកាន់ចារិក សេចក្តីថា ភិក្ខុនីមិនប្រគល់​ដល់ភិក្ខុនីក្តី សិក្ខមានាក្តី សាមណេរីក្តី ហើយឈានកន្លង​របងនៃលំនៅដែលមានរបង ត្រូវអាបត្តិបាចិត្តិយ។ កាលភិក្ខុនី​ឈានកន្លងឧបចារនៃលំនៅដែលមិនមានរបង ក៏ត្រូវអាបត្តិបាចិត្តិយ។

[៣២០] លំនៅដែលខ្លួនមិនបានប្រគល់ ភិក្ខុនីសំគាល់ថាមិនបានប្រគល់ឲ្យ ហើយចៀស​ចេញទៅ ត្រូវអាបត្តិបាចិត្តិយ។ លំនៅដែលខ្លួនមិនបានប្រគល់ ភិក្ខុនីមានសេចក្តីសង្ស័យ ហើយចៀសចេញទៅ ត្រូវអាបត្តិបាចិត្តិយ។ លំនៅដែលខ្លួនមិនបានប្រគល់ ភិក្ខុនីសំគាល់ថាប្រគល់ហើយ ក៏ចៀសចេញទៅ ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុនីមិនប្រគល់​លំនៅដែលគ្មាន​សន្ទះទ្វារជាប់ ហើយចៀសចេញទៅ ត្រូវអាបត្តិទុក្កដ។ លំនៅដែលខ្លួន​ប្រគល់​ហើយ ភិក្ខុនីសំគាល់ថា មិនទាន់ប្រគល់ ត្រូវអាបត្តិទុក្កដ។ លំនៅដែលខ្លួនប្រគល់ហើយ ភិក្ខុនីមានសេចក្តីសង្ស័យ ត្រូវអាបត្តិទុក្កដ។ លំនៅដែលខ្លួនប្រគល់ហើយ ភិក្ខុនីសំគាល់ថា ប្រគល់ហើយ មិនត្រូវអាបត្តិ។

[៣២១] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៦យ៉ាង) គឺភិក្ខុនីប្រគល់ ហើយទើបចៀសចេញទៅ១ កាលបើមានសេចក្តីអន្តរាយ ភិក្ខុនីក៏ចេញទៅស្វែងរក (គ្នានឹងប្រគល់​ឲ្យតែ) មិនបាន១ ភិក្ខុនីឈឺ១ ភិក្ខុនីមានសេចក្តីអន្តរាយ ហើយក៏ចេញទៅ១ ភិក្ខុនី​ឆ្កួត១ ភិក្ខុនីជាខាង​ដើមបញ្ញត្តិ១។

(បាចិត្តិយ ចិត្តាគារវគ្គ) សិក្ខាបទ ទី៩

(៩. នវមសិក្ខាបទំ)

[៣២២] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងជេតវនារាម របស់​អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ពួកឆព្វគ្គិយាភិក្ខុនីរៀនតិរច្ឆានវិជ្ជា។​​មនុស្សទាំងឡាយពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុនីទាំងឡាយ មិនសមបើ​នឹងរៀនតិរច្ឆានវិជ្ជា ដូចជាពួកស្រីគ្រហស្ថ​ដែលបរិភោគកាមសោះ។ ពួកភិក្ខុនី​បានឮមនុស្ស​ទាំងឡាយនោះពោលទោស តិះដៀល បន្តុះបង្អាប់ហើយ។ ភិក្ខុនី​ទាំងឡាយ​ណាមាន​សេចក្តី​ប្រាថ្នាតិច។បេ។ ភិក្ខុនីទាំងឡាយនោះ ក៏ពោល​ទោស តិះដៀល បន្តុះបង្អាប់ថា ពួកឆព្វគ្គិយាភិក្ខុនី មិនសមបើនឹងរៀនតិរច្ឆានវិជ្ជាសោះ។បេ។ ទ្រង់ត្រាស់សួរថា ម្នាលភិក្ខុ​ទាំង​ឡាយ ឮថា ពួកឆព្វគ្គិយាភិក្ខុនីរៀនតិរច្ឆានវិជ្ជា ពិតមែនឬ។ ភិក្ខុទាំងឡាយ​ក្រាបទូលថា បពិត្រ​ព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធជាម្ចាស់​ដ៏មាន​ព្រះភាគ ទ្រង់បន្ទោសថា ម្នាលភិក្ខុ​ទាំង​ឡាយ ពួកឆព្វគ្គិយាភិក្ខុនី មិនគួរនឹងរៀនតិរច្ឆានវិជ្ជាទេ ម្នាលភិក្ខុទាំងឡាយ អំពើ​នេះ មិនមែន​នាំឲ្យជ្រះថ្លា​ដល់ពួក​ជន ដែលមិនទាន់​ជ្រះថ្លា​ទេ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុនីទាំងឡាយ ចូរសំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា

ភិក្ខុនី​ណាមួយ រៀនតិរច្ឆានវិជ្ជា ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ។

[៣២៣] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយ​ក្នុង​​សិក្ខាបទទី១​នៃ​បារាជិក​កណ្ឌ​រួច​ហើយ។ ចំណេះណាមួយជាខាងក្រៅ ដែលមិនប្រកបដោយប្រយោជន៍ ចំណេះនោះ​ឈ្មោះថា តិរច្ឆានវិជ្ជា។ ពាក្យថា រៀន សេចក្តីថា ភិក្ខុនីរៀនដោយបទ ត្រូវអាបត្តិបាចិត្តិយរាល់ៗ​បទ។ (បើ) រៀនដោយអក្សរ ត្រូវអាបត្តិបាចិត្តិយគ្រប់ៗអក្សរ។

[៣២៤] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៥យ៉ាង) គឺភិក្ខុនីរៀនសរសេរ​អក្សរ១ ភិក្ខុនីរៀនធារណសាស្ត្រ​29) ១ ភិក្ខុនីរៀនវិជ្ជាការពារខ្លួនសម្រាប់រក្សា (ខ្លួន)១ ភិក្ខុនី​ឆ្កួត១ ភិក្ខុនីជាខាង​ដើមបញ្ញត្តិ១។

(បាចិត្តិយ ចិត្តាគារវគ្គ) សិក្ខាបទ ទី១០

(១០. ទសមសិក្ខាបទំ)

[៣២៥] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងជេតវនារាម របស់​អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ពួកឆព្វគ្គិយាភិក្ខុនីបង្រៀនតិរច្ឆានវិជ្ជា។​​មនុស្សទាំងឡាយពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុនីទាំងឡាយ មិនសមបើ​នឹងបង្រៀនតិរច្ឆានវិជ្ជា ដូចជាពួកស្រីគ្រហស្ថ​ដែលបរិភោគកាមសោះ។ ភិក្ខុនី​បានឮច្បាស់នូវ​ពាក្យ​មនុស្ស​ទាំងឡាយកំពុងពោលទោស តិះដៀល បន្តុះបង្អាប់ហើយ។ ភិក្ខុនី​ទាំងឡាយ​ឯណាមាន​សេចក្តី​ប្រាថ្នាតិច។បេ។ ភិក្ខុនីទាំងឡាយនោះ ក៏ពោល​ទោស តិះដៀល បន្តុះបង្អាប់ថា ពួកឆព្វគ្គិយាភិក្ខុនី មិនសមបើនឹងបង្រៀនតិរច្ឆានវិជ្ជាសោះ។បេ។ ទ្រង់ត្រាស់សួរថា ម្នាលភិក្ខុ​ទាំង​ឡាយ ឮថា ពួកឆព្វគ្គិយាភិក្ខុនីបង្រៀនតិរច្ឆានវិជ្ជា ពិតមែនឬ។ ភិក្ខុទាំងឡាយ​ក្រាបទូលថា បពិត្រ​ព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធ​ដ៏មាន​ជោគ ទ្រង់បន្ទោសថា ម្នាលភិក្ខុ​ទាំង​ឡាយ ពួកឆព្វគ្គិយាភិក្ខុនី មិនគួរបើនឹងបង្រៀនតិរច្ឆានវិជ្ជាទេ ម្នាលភិក្ខុទាំងឡាយ អំពើ​នេះ មិនមែន​នាំឲ្យជ្រះថ្លា​ដល់ពួក​ជន ដែលមិនទាន់​ជ្រះថ្លា​ទេ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុនីទាំងឡាយ ចូរសំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា

ភិក្ខុនី​ណាមួយ បង្រៀនតិរច្ឆានវិជ្ជា ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ។

[៣២៦] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយ​ក្នុង​​សិក្ខាបទទី១​នៃ​បារាជិក​កណ្ឌ​រួច​ហើយ។ ចំណេះណាមួយជាខាងក្រៅ ដែលមិនប្រកបដោយប្រយោជន៍ ចំណេះនោះ​ឈ្មោះថា តិរច្ឆានវិជ្ជា។ ពាក្យថា បង្រៀន គឺភិក្ខុនីបង្រៀនដោយបទ ត្រូវអាបត្តិបាចិត្តិយរាល់ៗ​បទ។ បង្រៀនដោយអក្សរ ត្រូវអាបត្តិបាចិត្តិយរាល់ៗអក្សរ។

[៣២៧] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៥យ៉ាង) គឺភិក្ខុនីបង្រៀនសរសេរ​១ ភិក្ខុនីបង្រៀនធារណសាស្ត្រ១ ភិក្ខុនីបង្រៀនវិជ្ជាការពារខ្លួនដើម្បីរក្សា (ខ្លួន)១ ភិក្ខុនី​ឆ្កួត១ ភិក្ខុនីជាខាង​ដើមបញ្ញត្តិ១។

ចិត្តាគារវគ្គ ទី ៥ ចប់។

(បាចិត្តិយ) អារាមវគ្គ (ទី៦)

(៦. អារាមវគ្គោ)

(បាចិត្តិយ អារាមវគ្គ) សិក្ខាបទ ទី១

(១. បឋមសិក្ខាបទំ)

[៣២៨] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងជេតវនារាម របស់​អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ភិក្ខុទាំងឡាយ​ច្រើនរូប ទ្រទ្រង់​តែចីវរមួយៗម្នាក់ ហើយធ្វើចីវរកម្ម (ដេរ ឬជ្រលក់ចីវរជាដើម) ក្នុងអាវាសដែលតាំង​នៅជិតស្រុក​តូចមួយ។ ភិក្ខុនីទាំងឡាយមិនបានប្រាប់​ ហើយចូលទៅកាន់អារាម រួចចូលទៅរក​ភិក្ខុទាំងឡាយ​នោះ។ ភិក្ខុទាំងឡាយក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុនីទាំងឡាយ មិនសមបើ​នឹងមិនប្រាប់ (ជាមុន) ហើយចូលមកកាន់អារាមសោះ។បេ។ ទ្រង់ត្រាស់សួរថា ម្នាលភិក្ខុ​ទាំង​ឡាយ ឮថា ភិក្ខុនីទាំងឡាយ មិនប្រាប់ ហើយចូលទៅ​កាន់អារាម ពិតមែនឬ។ ភិក្ខុទាំងឡាយ​ក្រាបទូលថា បពិត្រ​ព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធ​ដ៏មាន​ជោគ ទ្រង់បន្ទោសថា ភិក្ខុនីទាំងឡាយ មិនគួរបើនឹងមិនប្រាប់ ហើយចូលទៅ​កាន់អារាមទេ ម្នាលភិក្ខុទាំងឡាយ អំពើ​នេះ មិនមែន​នាំឲ្យជ្រះថ្លា​ដល់ពួក​ជន ដែលមិនទាន់​ជ្រះថ្លា​ទេ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុនីទាំងឡាយ ចូរសំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា

ភិក្ខុនី​ណាមួយ មិនបានប្រាប់ ហើយចូលទៅ​កាន់អារាម ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ។

សិក្ខាបទនេះ ព្រះដ៏មានព្រះភាគ​ទ្រង់បញ្ញត្តដល់​ភិក្ខុនីទាំងឡាយយ៉ាងនេះរួចហើយ។

[៣២៩] សម័យនោះឯង ភិក្ខុទាំងឡាយ​នោះចៀសចេញទៅចាកអាវាសនោះហើយ។ ភិក្ខុនីទាំងឡាយមិនបានមកកាន់អារាមដោយគិតថា លោកម្ចាស់ទាំងឡាយចៀសចេញទៅ​ហើយ។ គ្រានោះឯង ភិក្ខុទាំងឡាយនោះត្រឡប់​មកអាវាសនោះវិញទៀត។ ភិក្ខុនី​ទាំងឡាយ​ដឹងថា លោកម្ចាស់ទាំងឡាយ​មកដល់ហើយ ៗក៏ប្រាប់ រួចចូលទៅកាន់​អារាមសំដៅ​ទៅរក​ភិក្ខុទាំងឡាយនោះ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំភិក្ខុទាំងឡាយនោះ ហើយឈរនៅ​ក្នុងទី​គួរមួយ។ លុះភិក្ខុនីទាំងនោះ​ឈរនៅក្នុងទីគួរមួយហើយ ភិក្ខុទាំងឡាយនោះ ក៏និយាយ​ពាក្យនេះ​ថា នែនាងទាំងឡាយ ហេតុអ្វី ក៏នាងទាំងឡាយ​មិនបោសអារាម មិនដំកល់ទុក​នូវ​ទឹកផឹក ទឹកប្រើសោះ។ ភិក្ខុនីទាំងឡាយនិយាយថា បពិត្រលោកម្ចាស់​ទាំងឡាយ ព្រះដ៏មានព្រះភាគ​ទ្រង់បញ្ញត្តសិក្ខាបទហើយថា ភិក្ខុនីមិនបានប្រាប់ មិនត្រូវចូលទៅ​កាន់អារាមដូច្នេះ ហេតុនោះ (បានជា) យើងខ្ញុំទាំងឡាយ មិនបានមក។ ភិក្ខុទាំងឡាយ​ក្រាបទូល​ដំណើរនុ៎ះចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ​ទ្រង់មានបន្ទូលថា ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាតឲ្យភិក្ខុនី​ប្រាប់ភិក្ខុដែល​មាននៅ ហើយចូលទៅ​កាន់អារាមបាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីទាំងឡាយ ចូរសំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា

ភិក្ខុនី​ណាមួយ មិនបានប្រាប់ភិក្ខុ​ដែលមាននៅ ហើយចូលទៅ​កាន់អារាម ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ។

សិក្ខាបទនេះ ព្រះដ៏មាន​ព្រះភាគ​ទ្រង់បានបញ្ញត្តដល់​ពួកភិក្ខុនីយ៉ាងនេះរួចហើយ។

[៣៣០] ក៏សម័យនោះឯង ភិក្ខុទាំងឡាយនោះចេញចាកអាវាសនោះ ហើយត្រឡប់មក​កាន់អាវាស​នោះវិញទៀត។ ភិក្ខុនីទាំងឡាយដឹងថា លោកម្ចាស់ទាំងឡាយចៀសចេញទៅហើយ ក៏មិនបានប្រាប់ ហើយចូលទៅកាន់អារាម។ ភិក្ខុនីទាំងឡាយនោះមានសេចក្តី​រង្កៀសថា ព្រះដ៏​មានព្រះភាគ ទ្រង់បញ្ញត្តសិក្ខាបទហើយថា ភិក្ខុនី​មិនទាន់​បានប្រាប់​ភិក្ខុដែលមាននៅ ហើយ​មិនត្រូវចូលទៅកាន់អារាមឡើយ ឯយើងទាំងឡាយ មិនបានប្រាប់​ភិក្ខុដែល​មាននៅហើយ ចូលទៅ​កាន់អារាម យើងទាំងឡាយ​ត្រូវអាបត្តិបាចិត្តិយដែរឬហ្ន៎។ ភិក្ខុទាំងឡាយក្រាបទូល​ដំណើរនុ៎ះ​ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនី​ទាំងឡាយ​ ចូរសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា

ភិក្ខុនីណាមួយ កាលដឹងហើយ មិនបាន​ប្រាប់ភិក្ខុដែលមាននៅ ហើយចូលទៅកាន់អារាម ត្រូវអាបត្តិបាចិត្តិយ។

[៣៣១] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយ​ក្នុង​​សិក្ខាបទទី១​នៃ​បារាជិក​កណ្ឌ​រួច​ហើយ។ ដែលឈ្មោះថា ភិក្ខុនី​កាលដឹង (នោះ) គឺភិក្ខុនី​ដឹងដោយខ្លួនឯងក្តី ពួកអ្នកដទៃ​ប្រាប់ភិក្ខុនីនោះក្តី ពួកភិក្ខុដែលនៅក្នុងអារាមនោះប្រាប់ក្តី។ ភិក្ខុទាំងឡាយ​នៅក្នុងទីណា សូម្បី​ក្រោមម្លប់​ឈើ ទីនោះ (ក៏)ឈ្មោះថា អារាមមានភិក្ខុ។ ពាក្យថា ភិក្ខុនី​មិនបានប្រាប់​ ហើយចូល​ទៅកាន់អារាម សេចក្តីថា ភិក្ខុនី​មិនប្រាប់ភិក្ខុក្តី សាមណេរក្តី ញោមវត្តក្តី ហើយឈាន​កន្លង​របងវត្ត ដែលមានរបង ត្រូវអាបត្តិបាចិត្តិយ។ កាលភិក្ខុនីចូលទៅដល់ឧបចារ​វត្តដែលគ្មាន​របង ក៏ត្រូវអាបត្តិបាចិត្តិយ។

[៣៣២] អារាមដែលមានភិក្ខុ ភិក្ខុនីសំគាល់ថា មានភិក្ខុ មិនបានប្រាប់ភិក្ខុដែលមាននៅ ហើយចូលទៅកាន់អារាម ត្រូវអាបត្តិបាចិត្តិយ។ អារាមដែលមានភិក្ខុ ភិក្ខុនីមាន​សេចក្តីសង្ស័យ មិនប្រាប់ភិក្ខុដែលមាននៅ ហើយចូលទៅកាន់អារាម ត្រូវអាបត្តិទុក្កដ។ អារាមដែលមានភិក្ខុ ភិក្ខុនីសំគាល់ថា មិនមានភិក្ខុ មិនបានប្រាប់ភិក្ខុដែលមាននៅ ហើយចូលទៅកាន់អារាម មិនត្រូវអាបត្តិ។ អារាមដែលមិនមានភិក្ខុ ភិក្ខុនីសំគាល់ថា មានភិក្ខុ ត្រូវអាបត្តិទុក្កដ។ អារាមដែលមិនមានភិក្ខុ ភិក្ខុនីមានសេចក្តីសង្ស័យ ត្រូវអាបត្តិទុក្កដ។ អារាមដែលមិនមានភិក្ខុ ភិក្ខុនីសំគាល់ថា មិនមានភិក្ខុ មិនត្រូវអាបត្តិ។

[៣៣៣] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៩យ៉ាង) គឺភិក្ខុនីប្រាប់ភិក្ខុ​ដែលមាននៅ ហើយទើបចូលទៅ១ ភិក្ខុនីមិនប្រាប់ ព្រោះគ្មានភិក្ខុ ហើយចូលទៅ១ ភិក្ខុនីដែលក្រឡេកឃើញសីស (ភិក្ខុនី​ដែលចូលទៅមុន) ហើយទើបទៅ១ ពួកភិក្ខុនី​ប្រជុំនៅក្នុងទីណា ភិក្ខុនីនោះ ក៏ទៅក្នុងទីនោះ១ ភិក្ខុនីដើរតាមផ្លូវ​ដែលមានក្នុងវត្ត១ ភិក្ខុនីឈឺ១ ភិក្ខុនីមានសេចក្តីអន្តរាយ១ ភិក្ខុនី​ឆ្កួត១ ភិក្ខុនីជាខាង​ដើមបញ្ញត្តិ១។

(បាចិត្តិយ អារាមវគ្គ) សិក្ខាបទ ទី២

(២. ទុតិយសិក្ខាបទំ)

[៣៣៤] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងកូដាគារសាលា ក្នុងព្រៃ​មហាវន ទៀបក្រុងវេសាលី។ គ្រានោះឯង ព្រះកប្បិតកដ៏មានអាយុ ជាឧបជ្ឈាយ៍​ព្រះឧបាលិដ៏មាន​អាយុ គង់នៅក្នុងព្រៃស្មសាន។ សម័យនោះឯង ភិក្ខុនីដែលជាធំជាង​ពួកឆព្វគ្គិយាភិក្ខុនី​ធ្វើមរណកាល។ ពួកឆព្វគ្គិយាភិក្ខុនីនាំភិក្ខុនី​នោះទៅ ហើយដុតភិក្ខុនីនោះ​ក្នុងទីមិនឆ្ងាយ​ពីកុដិ​ព្រះកប្បិតក​ដ៏មាន​អាយុ ហើយធ្វើស្តូប (ចេតិយ) ហើយតែងទៅយំជិតស្តូបនោះ។ គ្រានោះឯង ព្រះកប្បិតក​ដ៏មាន​អាយុ ធុញទ្រាន់នឹងសំឡេងនោះ ទំលាយស្តូបនោះឲ្យខ្ចាត់ខ្ចាយចេញ។ ពួកឆព្វគ្គិយាភិក្ខុនី​ប្រឹក្សា​គ្នាថា លោកកប្បិតកនេះទំលាយ​ស្តូបភិក្ខុនីជាម្ចាស់របស់យើង បើដូច្នោះ មានតែយើង​នឹង​សម្លាប់​លោកកប្បិតកនោះ។ ភិក្ខុនី១រូបប្រាប់រឿងនុ៎ះ​ដល់ព្រះឧបាលិដ៏មានអាយុ។ ព្រះឧបាលិដ៏មាន​អាយុ​ប្រាប់រឿងនុ៎ះ​ដល់ព្រះកប្បិតកដ៏មានអាយុ។ លំដាប់នោះឯង ព្រះកប្បិតកដ៏មានអាយុ​ចេញ​ពីកុដិទៅពួន។ ឯពួកឆព្វគ្គិយាភិក្ខុនី ចូលតម្រង់ទៅឯលំនៅព្រះកប្បិតកដ៏មានអាយុ លុះចូល​ទៅហើយ ក៏ចោលកុដិព្រះកប្បិតកដ៏មានអាយុ​ដោយដុំថ្មផង ដោយដុំដីផង ហើយក៏ចៀស​ចេញ​ទៅ​ដោយគិតថា លោកកប្បិតកស្លាប់ហើយ។ លំដាប់នោះឯង ព្រះកប្បិតកដ៏មានអាយុ លុះកន្លង​រាត្រីនោះ ក៏ស្លៀក ហើយប្រដាប់បាត្រ និងចីវរក្នុងពេលព្រឹកព្រហាម ហើយចូលទៅ​កាន់ក្រុង​វេសាលី​ដើម្បីបិណ្ឌបាត។ ពួកឆព្វគ្គិយាភិក្ខុនី​បានឃើញលោកកប្បិតកដ៏មានអាយុ​កំពុង​ត្រេច​ទៅបិណ្ឌបាត លុះឃើញហើយ បាននិយាយ​យ៉ាងនេះថា លោកកប្បិតកនេះ​នៅរស់ (ទេតើ) អ្នកណាហ្ន៎ នាំសេចក្តីប្រឹក្សា (អាថ៌កំបាំង) យើងទៅ (ប្រាប់លោក)។ ពួកឆព្វគ្គិយាភិក្ខុនីបានឮ​ដូច្នេះថា ដំណឹងថា លោកម្ចាស់ឧបាលិនាំសេចក្តីប្រឹក្សាយើងទៅប្រាប់។ ពួកឆព្វគ្គិយាភិក្ខុនី​ទាំងនោះ ក៏នាំគ្នាជេរព្រះឧបាលិដ៏មានអាយុថា លោកខ្មាន់ព្រះកេសនេះ ជាអ្នកដុសក្អែល (គេ) មានជាតិដ៏ថោកទាប មិនសមបើ​នឹងនាំយកសេចក្តី​ប្រឹក្សារបស់យើងទៅប្រាប់សោះ។ ពួកភិក្ខុនី​ណាមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុនីទាំងនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួក​ឆព្វគ្គិយាភិក្ខុនី មិនសមបើនឹងមកនាំគ្នាជេរលោកម្ចាស់ឧបាលិសោះ។បេ។ ទ្រង់ត្រាស់សួរថា ម្នាលភិក្ខុ​ទាំង​ឡាយ ឮថា ពួកឆព្វគ្គិយាភិក្ខុនីជេរឧបាលិ ពិតមែនឬ។ ភិក្ខុទាំងឡាយ​ក្រាបទូលថា បពិត្រ​ព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធ​ដ៏មានព្រះភាគ ទ្រង់បន្ទោសថា ម្នាលភិក្ខុ​ទាំង​ឡាយ ពួកឆព្វគ្គិយាភិក្ខុនី មិនគួរបើនឹងជេរឧបាលិទេ ម្នាលភិក្ខុ​ទាំងឡាយ អំពើ​នេះ មិនមែន​នាំឲ្យ​ជ្រះថ្លា​​ដល់​ជនទាំងឡាយ ដែលមិនទាន់​ជ្រះថ្លា​ទេ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុនីទាំងឡាយ ចូរសំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា

ភិក្ខុនី​ណាមួយ ជេរគំរាមភិក្ខុ ភិក្ខុនីនោះ ត្រូវអាបត្តិ​បាចិត្តិយ។

[៣៣៥] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយ​ក្នុង​​សិក្ខាបទទី១​នៃ​បារាជិក​កណ្ឌ​រួច​ហើយ។ ពាក្យថា ភិក្ខុ បានដល់ឧបសម្បន្ន។ ពាក្យថា ជេរ គឺភិក្ខុនី​ជេរដោយអក្កោសវត្ថុ​ទាំង១០ ឬបណ្តាអក្កោសវត្ថុទាំង១០នោះ ដោយអក្កោសវត្ថុណាមួយ ត្រូវអាបត្តិបាចិត្តិយ។ ពាក្យថា គំរាម គឺភិក្ខុនីសំដែងសេចក្តីខ្លាច ត្រូវអាបត្តិបាចិត្តិយ។

[៣៣៦] ឧបសម្បន្ន ភិក្ខុនីសំគាល់ថា ឧបសម្បន្ន ហើយជេរក្តី គំរាមក្តី ត្រូវអាបត្តិ​បាចិត្តិយ។ ឧបសម្បន្ន ភិក្ខុនីមានសេចក្តីសង្ស័យ ហើយជេរក្តី គំរាមក្តី ត្រូវអាបត្តិបាចិត្តិយ។ ឧបសម្បន្ន ភិក្ខុនីសំគាល់ថា មិនមែនឧបសម្បន្ន ហើយជេរក្តី គំរាមក្តី ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុនីជេរក្តី គំរាមក្តី នូវអនុបសម្បន្ន ត្រូវអាបត្តិទុក្កដ។ អនុបសម្បន្ន ភិក្ខុនីសំគាល់ថាឧបសម្បន្ន ត្រូវអាបត្តិទុក្កដ។ មិនមែនឧបសម្បន្ន ភិក្ខុនីមានសេចក្តីសង្ស័យ ត្រូវអាបត្តិទុក្កដ។ អនុបសម្បន្ន ភិក្ខុនីសំគាល់ថា អនុបសម្បន្ន ត្រូវអាបត្តិទុក្កដ។

[៣៣៧] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៥យ៉ាង) គឺភិក្ខុនីធ្វើអត្ថឲ្យជា​ប្រធាន១ ធ្វើធម៌ឲ្យជាប្រធាន១ ធ្វើពាក្យប្រៀនប្រដៅឲ្យជាប្រធាន១ ភិក្ខុនី​ឆ្កួត១ ភិក្ខុនីជាខាង​ដើមបញ្ញត្តិ១។

(បាចិត្តិយ អារាមវគ្គ) សិក្ខាបទ ទី៣

(៣. តតិយសិក្ខាបទំ)

[៣៣៨] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងជេតវនារាម របស់អនាថបិណ្ឌិសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ចណ្ឌកាលីភិក្ខុនី ជាអ្នកធ្វើសេចក្តីបង្កហេតុ ធ្វើសេចក្តីឈ្លោះ ធ្វើសេចក្តីទាស់ទែង ធ្វើតិរច្ឆានកថា បង្កើតអធិករណ៍ក្នុងសង្ឃ។ កាលសង្ឃកំពុងធ្វើកម្មដល់​ចណ្ឌកាលីភិក្ខុនីនោះ ថុល្លនន្ទាភិក្ខុនីក៏ហាមឃាត់។

[៣៣៩] គ្រានោះឯង ថុល្លនន្ទាភិក្ខុនី បានទៅកាន់ស្រុកតូច (មួយ) ដោយកិច្ចនីមួយ។ ទើបភិក្ខុនី​សង្ឃ​​ដឹងថា ថុល្លនន្ទាភិក្ខុនីចៀសចេញ​ទៅហើយ ក៏លើក​វត្ត​ចំពោះ​ចណ្ឌកាលីភិក្ខុនី ព្រោះ​សេចក្តី​មិនឃើញ​អាបត្តិ។ ថុល្លនន្ទាភិក្ខុនីសម្រេច​កិច្ចនោះក្នុងស្រុកតូចហើយ ក៏ត្រឡប់មក​ក្រុង​សាវត្ថី​វិញទៀត។ ចណ្ឌកាលី​ភិក្ខុនី កាលដែលថុល្លនន្ទាភិក្ខុនី​មក ក៏មិនក្រាល​អាសនៈ មិន​ដម្កល់​ទឹកលាងជើង តាំងរងជើង ជ្រញ់កល់ជើង មិនក្រោក​ទទួល​បាត្រ​ចីវរ មិនអើពើ​ដោយ​ទឹកផឹក។ ថុល្លនន្ទាភិក្ខុនី​បាននិយាយ​ពាក្យនេះ​នឹង​ចណ្ឌកាលី​ភិក្ខុនីថា នែនាងម្ចាស់ កាលបើ​យើងមកដល់ ហេតុអ្វី​ក៏នាង​មិនក្រាល​អាសនៈ មិន​ដម្កល់​ទឹក​លាងជើង តាំង​សម្រាប់រងជើង ជ្រញ់​រងជើង មិនក្រោក​ទទួល​បាត្រ​ចីវរ មិនអើពើ​ដោយទឹកផឹកសោះ។ ចណ្ឌកាលី​ភិក្ខុនី​និយាយ​ថា នែនាងម្ចាស់ ​បានជាខ្ញុំមិនធ្វើកិច្ចទាំងអម្បាលនេះ ព្រោះខ្ញុំ​ជាស្រី​អនាថា។ ថុល្លនន្ទាភិក្ខុនី​សួរ​ថា នែនាងម្ចាស់ នាង​ជាស្រី​អនាថា ព្រោះហេតុអ្វី។ ចណ្ឌកាលី​ភិក្ខុនី​និយាយ​ថា នែនាងម្ចាស់ ភិក្ខុនី​អស់​នេះ លើកវត្ត​ចំពោះខ្លួនខ្ញុំ ព្រោះ​មិនឃើញ​អាបត្តិ ដោយគិតគ្នាថា ភិក្ខុនីនេះ ជាស្រី​អនាថា គ្មានអ្នកណាស្គាល់ គ្មានអ្នកណាមួយគោរពកោតក្រែងដល់ភិក្ខុនីនេះទេ។ ថុល្លនន្ទាភិក្ខុនី​និយាយថា ពួកភិក្ខុនីអស់នុ៎ះល្ងង់ ពួកភិក្ខុនីអម្បាលនុ៎ះមិនឆ្លាស ពួកភិក្ខុនីទាំងនុ៎ះមិនស្គាល់​កម្ម​ក្តី ទោសរបស់​កម្មក្តី កម្មវិបត្តិក្តី កម្មសម្បត្តិ​ក្តី ដូច្នេះ ហើយក៏ផ្តាសាគណភិក្ខុនីដោយ​សេចក្តី​កំណាច។ ភិក្ខុនី​ទាំងឡាយ​ណា​មានសេចក្តី​ប្រាថ្នាតិច។បេ។ ភិក្ខុនី​ទាំងឡាយនោះ ក៏ពោលទោស តិះដៀល បន្តុះ​បង្អាប់​ថា លោកម្ចាស់​ថុល្លនន្ទា មិនសមបើនឹងផ្តាសាគណភិក្ខុនីដោយសេចក្តី​កំណាចសោះ។បេ។ ​ទ្រង់ត្រាស់​សួរ​ថា ​ម្នាល​​ភិក្ខុ​​ទាំងឡាយ ឮ​ថាថុល្លនន្ទាភិក្ខុនី ផ្តាសាគណភិក្ខុនី ដោយសេចក្តីកំណាច ពិត​មែន​ឬ។ ភិក្ខុ​ទាំងឡាយ​ក្រាប​ទូល​ថា បពិត្រ​ព្រះដ៏មានព្រះភាគ ពិត​មែន។ ព្រះ​ពុទ្ធ​​ដ៏​មានជោគ ​​ទ្រង់បន្ទោស​ថា ម្នាល​ភិក្ខុ​ទាំងឡាយ​ ថុល្លនន្ទាភិក្ខុនី មិនគួរបើនឹង​ផ្តាសាគណភិក្ខុនី ដោយសេចក្តីកំណាចទេ។ ម្នាល​ភិក្ខុ​ទាំងឡាយ អំពើ​នេះ​មិន​មែននាំ​ឲ្យ​ជ្រះថ្លា​ដល់​ជន​ទាំងឡាយ​ដែល​មិន​ទាន់​ជ្រះថ្លា​ទេ។បេ។ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុនី​ទាំងឡាយ ចូរ​សំដែង​ឡើង​នូវសិក្ខាបទនេះ​យ៉ាងនេះ​ថា

ភិក្ខុនី​ណាមួយ​ ផ្តាសាគណភិក្ខុនី​ដោយសេចក្តី​កំណាច ភិក្ខុនី​នោះ ត្រូវ​អាបត្តិបាចិត្តិយ។

[៣៤០] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយ​ក្នុង​សិក្ខាបទ​ទី១​នៃ​បារាជិកកណ្ឌ​រួច​ហើយ។ ដែលហៅថា កំណាច សំដៅយកសេចក្តីក្រោធ។ ដែលហៅថា គណភិក្ខុនី សំដៅយកភិក្ខុនីសង្ឃ។ ពាក្យថា ផ្តាសា គឺភិក្ខុនីផ្តាសាថា ភិក្ខុនីអស់នុ៎ះល្ងង់ ភិក្ខុនីអម្បាលនុ៎ះមិនឆ្លាស ពួកភិក្ខុនីទាំងនុ៎ះមិនស្គាល់​កម្មក្តី ទោសរបស់កម្មក្តី កម្មវិបត្តិក្តី កម្មសម្បត្តិក្តីដូច្នេះ ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុនីផ្តាសា​ភិក្ខុនី​ច្រើនរូបក្តី មួយរូបក្តី អនុបសម្បន្នក្តី ត្រូវអាបត្តិទុក្កដ។

[៣៤១] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៥យ៉ាង) គឺភិក្ខុនីធ្វើអត្ថជា​ប្រធាន១ ធ្វើធម៌ជាប្រធាន១ ធ្វើពាក្យប្រៀនប្រដៅជាប្រធាន១ ភិក្ខុនី​ឆ្កួត១ ភិក្ខុនីជាខាង​ដើមបញ្ញត្តិ១។

(បាចិត្តិយ អារាមវគ្គ) សិក្ខាបទ ទី៤

(៣. តតិយសិក្ខាបទំ)

[៣៤២] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងជេតវនារាម របស់អនាថបិណ្ឌិសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង មានព្រាហ្មណ៍ម្នាក់និមន្តពួកភិក្ខុនីឲ្យឆាន់។ ពួកភិក្ខុនីឆាន់ហើយ ហាមភត្តហើយ ក៏ទៅកាន់ត្រកូលជាញាតិទាំងឡាយ ហើយភិក្ខុនីពួកខ្លះឆាន់ (ទៀត) ពួកខ្លះ (គ្រាន់តែ) នាំយកបិណ្ឌបាតទៅ។ គ្រានោះឯង ព្រាហ្មណ៍នោះបាននិយាយពាក្យនេះនឹងពួក​មនុស្ស​ដែលស្និទ្ធស្នាលថា នែអ្នកម្ចាស់ទាំងឡាយ ខ្ញុំបានប្រគេនចង្ហាន់ពួកភិក្ខុនី​ឲ្យឆាន់​បរិបូណ៌​ហើយ ចូរអ្នកទាំងឡាយមកចុះ ខ្ញុំនឹងឲ្យអ្នករាល់គ្នាឆ្អែតស្កប់ស្កល់ទៀត។ ពួកមនុស្សទាំងនោះ បាននិយាយពាក្យយ៉ាងនេះថា នែអ្នកម្ចាស់ អ្នកនឹងឲ្យពួកយើងឆ្អែតស្កប់ស្កល់ដូចម្តេច ពួកភិក្ខុនី​ឯណាដែលអ្នកនិមន្ត ពួកភិក្ខុនីនោះ មកផ្ទះអស់យើងហើយ ពួកខ្លះក៏ឆាន់ ពួកខ្លះក៏នាំយក​ចង្ហាន់​បិណ្ឌបាតទៅហើយ។ ទើបព្រាហ្មណ៍នោះពោលទោសតិះដៀល បន្តុះបង្អាប់ថា ពួកភិក្ខុនី​មិនសមបីនឹងឆាន់ក្នុងផ្ទះយើងរួចហើយ (ទៅ) ឆាន់ក្នុងផ្ទះដទៃ (ទៀត)សោះ ហាក់ដូចជា​ខ្ញុំមិន​អាច​ឲ្យ (លោកឆាន់) ដរាបដល់ឆ្អែតបាន។ ភិក្ខុនីទាំងឡាយបានឮព្រាហ្មណ៍នោះពោល​ទោសតិះដៀល បន្តុះបង្អាប់ហើយ។ ភិក្ខុនី​ទាំងឡាយ​ណា​មានសេចក្តី​ប្រាថ្នាតិច។បេ។ ភិក្ខុនី​ទាំងឡាយនោះ ក៏ពោលទោស តិះដៀល បន្តុះ​បង្អាប់​ថា ភិក្ខុនីទាំងឡាយ ឆាន់ហើយ ហាមភត្ត​ហើយ មិនសមបីនឹង (ទៅ)ឆាន់ក្នុងទីដទៃ(ទៀត)សោះ។បេ។ ​ទ្រង់ត្រាស់​សួរ​ថា ​ម្នាល​​ភិក្ខុ​​ទាំងឡាយ ឮ​ថា ភិក្ខុនីទាំងឡាយ ឆាន់ហើយ ហាមភត្តហើយ (ទៅ)ឆាន់ក្នុងទីដទៃ​(ទៀត) ពិត​មែន​ឬ។ ភិក្ខុ​ទាំងឡាយ​ក្រាប​ទូល​ថា បពិត្រ​ព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះ​ពុទ្ធ​​ដ៏​មានជោគ ​​ទ្រង់បន្ទោស​ថា ម្នាល​ភិក្ខុ​ទាំងឡាយ​ ភិក្ខុនីទាំងឡាយ ឆាន់ហើយ ហាមភត្តហើយ មិនគួរបើនឹង ឆាន់ក្នុងទីដទៃ(ទៀត)ទេ ម្នាល​ភិក្ខុ​ទាំងឡាយ អំពើ​នេះ​មិន​មែននាំ​ឲ្យ​ជ្រះថ្លា​ដល់​ពួកជន​​ដែល​មិន​ទាន់​ជ្រះថ្លា​ទេ។បេ។ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុនី​ទាំងឡាយ ចូរ​សំដែង​ឡើង​នូវសិក្ខាបទនេះ​យ៉ាង​នេះ​ថា

ភិក្ខុនី​ណាមួយ​ ដែលគេនិមន្តហើយក្តី ហាមភត្តហើយក្តី ទំពាស៊ីក្តី បរិភោគក្តី នូវខាទនីយ ឬភោជនីយ ត្រូវ​អាបត្តិបាចិត្តិយ។

[៣៤៣] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយ​ក្នុង​សិក្ខាបទ​ទី១​នៃ​បារាជិកកណ្ឌ​រួច​ហើយ។ ភិក្ខុនីដែលឈ្មោះថា គេនិមន្ត គឺភិក្ខុនី​ដែលគេនិមន្ត បណ្តាភោជន​៥យ៉ាង ដោយភោជនណាមួយ។ ភិក្ខុនីដែលឈ្មោះថា ហាមភត្ត គឺកិរិយាឆាន់ក៏ប្រាកដ ភោជនក៏​ប្រាកដ ភិក្ខុនីស្ថិតនៅក្នុងហត្ថបាស ទាយកបង្អោនរបស់មកចំពោះមុខ ភិក្ខុនីហាមឃាត់ក៏​ប្រាកដ។ វត្ថុដែលឈ្មោះថា ខាទនីយ គឺលើកទុកតែភោជន៥យ៉ាង និងបបរ យាមកាលិក សត្តាហកាលិក យាវជីវិកចេញ ក្រៅពីនោះ ឈ្មោះថា ខាទនីយទាំងអស់។ ដែលហៅថា ភោជនីយ បានដល់ភោជន​៥យ៉ាង គឺបាយ នំកុម្មាស សដូវ ត្រី សាច់។ ភិក្ខុនីទទួល​ដោយ​គិតថា អញ​នឹងទំពាស៊ី នឹងបរិភោគ ដូច្នេះ ត្រូវអាបត្តិទុក្កដ។ ភិក្ខុនី​ត្រូវអាបត្តិបាចិត្តិយគ្រប់ៗ​វារៈ​ដែល​លេបចូលទៅ។

[៣៤៤] ខ្លួនគេនិមន្តហើយ ភិក្ខុនីសំគាល់ថា និមន្តហើយ ៗទំពាស៊ី ឬបរិភោគ នូវខាទនីយ​ក្តី ភោជនីយក្តី ត្រូវអាបត្តិបាចិត្តិយ។ ខ្លួនគេនិមន្តហើយ ភិក្ខុនីសង្ស័យ ហើយទំពាស៊ី ឬបរិភោគ នូវខាទនីយក្តី ភោជនីយក្តី ត្រូវអាបត្តិបាចិត្តិយ។ ខ្លួនគេនិមន្តហើយ ភិក្ខុនីសំគាល់ថា មិនបាន​និមន្ត ហើយទំពាស៊ី ឬបរិភោគ នូវខាទនីយក្តី ភោជនីយក្តី ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុនី​ទទួល​យាមកាលិក សត្តាហកាលិក យាវជីវិក ប្រយោជន៍ជាអាហារ ត្រូវអាបត្តិទុក្កដ។ ភិក្ខុនី​ត្រូវ​អាបត្តិទុក្កដគ្រប់វារៈ​ដែលលេបចូលទៅ។

[៣៤៥] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៧យ៉ាង) គឺភិក្ខុនីដែលគេ​មិន​និមន្ត១ ភិក្ខុនីមិនបានហាមភត្ត១ ភិក្ខុនីផឹកបបរ១ ភិក្ខុនីប្រាប់ម្ចាស់ទាន ហើយទើបបរិភោគ១ កាលបើមានបច្ច័យ (មានហេតុ) ភិក្ខុនីបរិភោគយាមកាលិក សត្តាហកាលិក និងយាវជីវិក១ ភិក្ខុនី​ឆ្កួត១ ភិក្ខុនីជាខាង​ដើមបញ្ញត្តិ១។

(បាចិត្តិយ អារាមវគ្គ) សិក្ខាបទ ទី៥

(៥. បញ្ចមសិក្ខាបទំ)

[៣៤៦] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងជេតវនារាម របស់អនាថបិណ្ឌិសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ភិក្ខុ១រូបត្រេចទៅបិណ្ឌបាត​តាមច្រកតូច១ ក្នុងក្រុងសាវត្ថី ចូលទៅរកត្រកូល១ លុះចូលទៅដល់ហើយ ក៏អង្គុយលើអាសនៈ​ ដែលគេក្រាលទុកហើយ។ លំដាប់នោះឯង ពួកមនុស្សទាំងនោះឲ្យភិក្ខុនីនោះឆាន់ ហើយបាននិយាយ​ពាក្យនេះថា បពិត្រ​លោកម្ចាស់ ភិក្ខុនីទាំងឡាយ សូម្បីដទៃក៏និមន្តមកចុះ។ ទើបភិក្ខុនីនោះ​គិតថា ធ្វើដូចម្តេច កុំឲ្យ​ភិក្ខុនីទាំងឡាយដទៃមកបានដូច្នេះ ហើយក៏ចូលទៅរកភិក្ខុនីទាំងឡាយ រួចបាន​និយាយ​ពាក្យនេះ​ថា នែនាងម្ចាស់ ក្នុងទីឯណោះ មានឆ្កែសាហាវ មានគោកាច មានកន្លែងផុត នាង​ទាំងឡាយ​កុំទៅ​ក្នុងទីនោះឡើយ។ ភិក្ខុនី១រូបទៀតត្រេចទៅបិណ្ឌបាតក្នុងច្រកតូចនោះ ចូល​ទៅរកត្រកូល​នោះ លុះចូលទៅដល់ហើយ ក៏អង្គុយលើអាសនៈដែលគេតាំងទុកហើយ។ ទើបមនុស្ស​ទាំងឡាយ​នោះឲ្យ​ភិក្ខុនីនោះឆាន់ ហើយបាននិយាយ​ពាក្យនេះថា បពិត្រលោក​ម្ចាស់ ហេតុអ្វីក៏ភិក្ខុនី​ទាំងឡាយ​មិនមក។ ទើបភិក្ខុនីនោះប្រាប់​ដំណើរនុ៎ះ​ដល់មនុស្សទាំងនោះ។ មនុស្សទាំងឡាយ​ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុនី​មិនសមបើនឹង​ប្រព្រឹត្តកំណាញ់​ត្រកូលសោះ។បេ។ ទ្រង់ត្រាស់​សួរ​ថា ​ម្នាល​​ភិក្ខុ​​ទាំងឡាយ ឮ​ថា ភិក្ខុនីប្រព្រឹត្តកំណាញ់ត្រកូល ពិត​មែន​ឬ។ ភិក្ខុ​ទាំង​ឡាយ​ក្រាប​ទូល​ថា បពិត្រ​ព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះ​ពុទ្ធ​​ដ៏​មានជោគ ​​ទ្រង់បន្ទោស​ថា ម្នាល​​ភិក្ខុ​ទាំងឡាយ​ ភិក្ខុនី មិនគួរបើនឹងប្រព្រឹត្តកំណាញ់ត្រកូលទេ ម្នាល​ភិក្ខុ​ទាំងឡាយ អំពើ​នេះ​មិន​មែននាំ​ឲ្យ​ជ្រះថ្លា​ដល់​ពួកជន​​ដែល​មិន​ទាន់​ជ្រះថ្លា​ទេ។បេ។ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុនី​ទាំង​ឡាយ ចូរ​សំដែង​ឡើង​នូវសិក្ខាបទនេះ​យ៉ាងនេះ​ថា

ភិក្ខុនី​ណាមួយ​ មានសេចក្តីកំណាញ់ត្រកូល ភិក្ខុនីនោះ ត្រូវ​អាបត្តិបាចិត្តិយ។

[៣៤៧] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយ​ក្នុង​សិក្ខាបទ​ទី១​នៃ​បារាជិកកណ្ឌ​រួច​ហើយ។ ដែលហៅថា ត្រកូល បានដល់ត្រកូល៤យ៉ាង គឺត្រកូលក្សត្រ១ ត្រកូលព្រាហ្មណ៍១ ត្រកូលអ្នកជំនួញ អ្នកធ្វើស្រែ ធ្វើចំការ១ ត្រកូលអ្នកស៊ីឈ្នួល១។ ពាក្យថា មានសេចក្តីកំណាញ់ គឺភិក្ខុនីពោលទោសត្រកូលក្នុងសំណាក់ភិក្ខុនីទាំងឡាយ ដោយគិតថា ធ្វើដូចម្តេចកុំឲ្យភិក្ខុនីទាំងឡាយមកបានដូច្នេះ ត្រូវអាបត្តិបាចិត្តិយ។ ឬភិក្ខុនី​ពោលទោសភិក្ខុនី​ទាំងឡាយក្នុងសំណាក់ត្រកូល ក៏ត្រូវអាបត្តិបាចិត្តិយ។

[៣៤៨] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៤យ៉ាង) គឺភិក្ខុនីមិនប្រព្រឹត្ត​កំណាញ់១ ភិក្ខុនីប្រាប់ទោសដែលមានពិត១ ភិក្ខុនី​ឆ្កួត១ ភិក្ខុនីជាខាង​ដើមបញ្ញត្តិ១។

(បាចិត្តិយ អារាមវគ្គ) សិក្ខាបទ ទី៦

(៦. ឆដ្ឋសិក្ខាបទំ)

[៣៤៩] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងជេតវនារាម របស់អនាថបិណ្ឌិសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ភិក្ខុនីច្រើនរូបនៅចាំវស្សាក្នុងអាវាសដែលតាំងនៅក្នុងស្រុក​ក្រៅ ហើយបានទៅកាន់ក្រុងសាវត្ថី។ ភិក្ខុនីទាំងឡាយ (ឯទៀត) បាននិយាយពាក្យនេះនឹងភិក្ខុនីទាំង​នោះថា លោកម្ចាស់ទាំងឡាយចាំ​វស្សាក្នុងទីណា ការទូន្មានបានមាំមួនដែរឬ30) ។ ភិក្ខុនីទាំងឡាយនោះនិយាយថា នែនាងម្ចាស់ ពួកភិក្ខុក្នុងទីនោះគ្មានទេ ការទូន្មាន​នឹងបានមាំមួនពីណា។ ភិក្ខុនី​ទាំងឡាយ​ណា​មានសេចក្តី​ប្រាថ្នាតិច។បេ។ ភិក្ខុនី​ទាំងឡាយនោះ ក៏ពោលទោស តិះដៀល បន្តុះ​បង្អាប់​ថា ភិក្ខុនីទាំងឡាយ មិនសមបើនឹងនៅចាំវស្សា​ក្នុងអាវាស​គ្មានភិក្ខុសោះ។បេ។ ​ព្រះអង្គទ្រង់ត្រាស់​សួរ​ថា ​ម្នាល​​ភិក្ខុ​​ទាំងឡាយ ឮ​ថា ភិក្ខុនីទាំងឡាយនៅចាំ​វស្សាក្នុងអាវាសមិនមានភិក្ខុ ពិត​មែន​ឬ។ ភិក្ខុ​ទាំងឡាយ​ក្រាប​ទូល​ថា បពិត្រ​ព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះ​ពុទ្ធ​​ដ៏​មានជោគ ​​ទ្រង់បន្ទោស​ថា ម្នាល​ភិក្ខុ​ទាំងឡាយ​ ភិក្ខុនីទាំងឡាយ មិនគួរ​បើ​នឹងនៅចាំវស្សាក្នុងអាវាសដែលគ្មានភិក្ខុទេ ម្នាល​ភិក្ខុ​ទាំងឡាយ អំពើ​នេះ​មិន​មែននាំ​ឲ្យ​ជ្រះថ្លា​ដល់​ជនទាំងឡាយ​​ដែល​មិន​ទាន់​ជ្រះថ្លា​ទេ។បេ។ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុនី​ទាំងឡាយ ចូរ​សំដែង​ឡើង​នូវសិក្ខាបទនេះ​យ៉ាងនេះ​ថា

ភិក្ខុនី​ណាមួយ​ នៅចាំវស្សាក្នុងអាវាស​ឥតភិក្ខុ ភិក្ខុនីនោះ ត្រូវ​អាបត្តិបាចិត្តិយ។

[៣៥០] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយ​ក្នុង​សិក្ខាបទ​ទី១​នៃ​បារាជិកកណ្ឌ​រួច​ហើយ។ អាវាសដែលភិក្ខុមិនអាច​នឹងទៅឲ្យឱវាទក្តី នៅរួមក្តី ឈ្មោះថា អាវាស​ឥតភិក្ខុ។ ភិក្ខុនីតាំងចិត្តថា អញនឹងនៅចាំវស្សា​ដូច្នេះ ហើយក្រាលសេនាសនៈ ដម្កល់ទឹកផឹក ទឹកប្រើប្រាស់ បោសច្រាសទីបរិវេណ ត្រូវអាបត្តិទុក្កដ។ ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ ព្រមគ្នានឹងអរុណរះឡើង។

[៣៥១] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៤យ៉ាង) គឺភិក្ខុទាំងឡាយនៅចាំ​វស្សា ហើយចៀសចេញទៅក្តី សិកទៅក្តី ស្លាប់ក្តី ចូលពួក (គឺទៅចូលសាសនាដទៃ)ក្តី១ ភិក្ខុនីមានសេចក្តីអន្តរាយ១ ភិក្ខុនី​ឆ្កួត១ ភិក្ខុនីជាខាង​ដើមបញ្ញត្តិ១។

(បាចិត្តិយ អារាមវគ្គ) សិក្ខាបទ ទី៧

(៧. សត្តមសិក្ខាបទំ)

[៣៥២] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងជេតវនារាម របស់អនាថបិណ្ឌិសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ភិក្ខុនីច្រើនរូបនៅចាំវស្សាក្នុងអាវាសដែលតាំងនៅក្នុងស្រុក​ក្រៅ ហើយបានទៅកាន់ក្រុងសាវត្ថី។ ភិក្ខុនីទាំងឡាយ បាននិយាយពាក្យនេះនឹងភិក្ខុនីទាំងឡាយ​នោះថា នាងម្ចាស់ទាំងឡាយនៅចាំ​វស្សាក្នុងទីណា ហើយបវារណានឹងភិក្ខុសង្ឃដែរឬ។ ភិក្ខុនី​ទាំងឡាយ​នោះនិយាយថា នែនាងម្ចាស់ ពួកយើងមិនបានបវារណានឹងភិក្ខុសង្ឃទេ។ ភិក្ខុនី​ទាំងឡាយ​ណា​មានសេចក្តី​ប្រាថ្នាតិច។បេ។ ភិក្ខុនី​ទាំងឡាយនោះ ក៏ពោលទោស តិះដៀល បន្តុះ​បង្អាប់​ថា ភិក្ខុនីទាំងឡាយ នៅចាំវស្សាហើយ មិនសមនឹងមិនបវារណានឹងភិក្ខុសង្ឃសោះ។បេ។ ​ទ្រង់ត្រាស់​សួរ​ថា ​ម្នាល​​ភិក្ខុ​​ទាំងឡាយ ឮ​ថា ភិក្ខុនីទាំងឡាយនៅចាំវស្សាហើយ មិនបវារណា​នឹងភិក្ខុសង្ឃ ពិត​មែន​ឬ។ ភិក្ខុ​ទាំងឡាយ​ក្រាប​ទូល​ថា បពិត្រ​ព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះ​ពុទ្ធ​​ដ៏​មានជោគ ​​ទ្រង់បន្ទោស​ថា ម្នាល​ភិក្ខុ​ទាំងឡាយ​ ភិក្ខុនីទាំងឡាយ នៅចាំវស្សាហើយ មិនគួរ​បើនឹង​មិនបវារណានឹងភិក្ខុសង្ឃទេ។ ម្នាល​ភិក្ខុ​ទាំងឡាយ អំពើ​នេះ​មិន​មែននាំ​ឲ្យ​ជ្រះថ្លា​ដល់​ពួក​ជន​ ​​ដែល​មិន​ទាន់​ជ្រះថ្លា​ទេ។បេ។ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុនី​ទាំងឡាយ ចូរ​សំដែង​ឡើង​នូវ​សិក្ខាបទ​​នេះ​យ៉ាងនេះ​ថា

ភិក្ខុនី​ណាមួយ​ នៅចាំវស្សាហើយ មិនបវារណា​នឹងឧភតោ ដោយ​ស្ថានបី​យ៉ាង គឺដោយឃើញក្តី ដោយឮក្តី ដោយរង្កៀសក្តី ភិក្ខុនីនោះ ត្រូវ​អាបត្តិបាចិត្តិយ។

[៣៥៣] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយ​ក្នុង​សិក្ខាបទ​ទី១​នៃ​បារាជិកកណ្ឌ​រួច​ហើយ។ ភិក្ខុនីនៅអស់ត្រ័យមាសខាងដើមក្តី អស់ត្រ័យមាសខាងចុងក្តី ឈ្មោះថា នៅចាំវស្សាហើយ។ ភិក្ខុនីគ្រាន់តែដាក់ធុរៈថា អញនឹងមិនបវារណានឹងឧភតោសង្ឃ ដោយស្ថាន​បីយ៉ាង គឺដោយឃើញក្តី ដោយឮក្តី ដោយរង្កៀសក្តី ត្រូវអាបត្តិបាចិត្តិយ។

[៣៥៤] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៥យ៉ាង) គឺភិក្ខុនី​មាន​សេចក្តី​អន្តរាយ ហើយស្វែងរក (ឧភតោសង្ឃ)មិនបាន១ ភិក្ខុនីឈឺ១ ភិក្ខុនីមាន​សេចក្តីអន្តរាយ១ ភិក្ខុនី​ឆ្កួត១ ភិក្ខុនីជាខាង​ដើមបញ្ញត្តិ១។

(បាចិត្តិយ អារាមវគ្គ) សិក្ខាបទ ទី៨

(៨. អដ្ឋមសិក្ខាបទំ)

[៣៥៥] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងនិគ្រោធារាម ទៀបក្រុងកបិលពស្តុ ក្នុងដែនសក្កៈ។ គ្រានោះឯង ពួកឆព្វគ្គិយភិក្ខុ ចូលទៅកាន់លំនៅ​ភិក្ខុនី ហើយទូន្មានពួកឆព្វគ្គិយា​ភិក្ខុនី។ ភិក្ខុនីទាំងឡាយ បាននិយាយពាក្យនេះនឹងពួកឆព្វគ្គិយាភិក្ខុនីថា នែលោកម្ចាស់​ទាំង​ឡាយ ចូរលោកទាំងឡាយមក ពួកយើងនឹងទៅ (ស្តាប់) ឱវាទ។ ពួកឆព្វគ្គិយាភិក្ខុនី និយាយថា នែលោកម្ចាស់ទាំងឡាយ ពួកយើងមិនបាច់ទៅដោយហេតុឱវាទទេ ព្រោះលោកម្ចាស់​ឆព្វគ្គិយ​ទាំងឡាយ តែងមកទូន្មានយើងក្នុងទីនេះឯង។ ភិក្ខុនី​ទាំងឡាយ​ណា​មានសេចក្តី​ប្រាថ្នា​តិច។បេ។ ភិក្ខុនី​ទាំងឡាយនោះ ក៏ពោលទោស តិះដៀល បន្តុះ​បង្អាប់​ថា ឆព្វគ្គិយាភិក្ខុនី​ទាំងឡាយ មិនសម​បើនឹងមិនទៅកាន់ទីស្តាប់ឱវាទសោះ។បេ។ ​ទ្រង់ត្រាស់​សួរ​ថា ​ម្នាល​​ភិក្ខុ​​ទាំងឡាយ ឮ​ថា ឆព្វគ្គិយា​ភិក្ខុនី មិនទៅកាន់ទីស្តាប់ឱវាទ ពិត​មែន​ឬ។ ភិក្ខុ​ទាំងឡាយ​ក្រាប​ទូល​ថា បពិត្រ​ព្រះដ៏មាន​ព្រះភាគ ពិតមែន។ ព្រះ​ពុទ្ធ​​ដ៏​ទ្រង់ជោគ ​​ទ្រង់បន្ទោស​ថា ម្នាល​ភិក្ខុ​ទាំងឡាយ​ ឆព្វគ្គិយាភិក្ខុនី​ទាំងឡាយ មិនសមបើនឹងមិនទៅកាន់ទីស្តាប់ឱវាទទេ ម្នាល​ភិក្ខុ​ទាំងឡាយ អំពើ​នេះ​មិន​មែននាំ​ឲ្យ​ជ្រះថ្លា​ដល់​ពួកជន​ ​​ដែល​មិន​ទាន់​ជ្រះថ្លា​ទេ។បេ។ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុនី​ទាំងឡាយ ចូរ​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា

ភិក្ខុនី​ណាមួយ​ មិនទៅដើម្បីឱវាទក្តី ដើម្បីនៅរួបរួមគ្នាក្តី ភិក្ខុនីនោះ ត្រូវ​អាបត្តិបាចិត្តិយ។

[៣៥៦] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយ​ក្នុង​សិក្ខាបទ​ទី១​នៃ​បារាជិកកណ្ឌ​រួច​ហើយ។ គរុធម៌ទាំង៨ ឈ្មោះថាឱវាទ។ កម្មជាមួយគ្នា ឧទ្ទេសជាមួយគ្នា សេចក្តី​សិក្សាស្មើគ្នា ឈ្មោះថា នៅរួបរួម។ ភិក្ខុនីគ្រាន់តែ​ដាក់ធុរៈថា អញនឹងមិនទៅដើម្បី​ឱវាទក្តី ដើម្បី​នៅរួបរួមក្តី ត្រូវអាបត្តិបាចិត្តិយ។

[៣៥៧] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៥យ៉ាង) គឺភិក្ខុនី​មាន​សេចក្តី​អន្តរាយ ហើយស្វែងរកភិក្ខុនីជាគំរប់ពីរមិនបាន១ ភិក្ខុនីឈឺ១ ភិក្ខុនីមាន​សេចក្តីអន្តរាយ១ ភិក្ខុនី​ឆ្កួត១ ភិក្ខុនីជាខាង​ដើមបញ្ញត្តិ១។

(បាចិត្តិយ អារាមវគ្គ) សិក្ខាបទ ទី៩

(៩. នវមសិក្ខាបទំ)

[៣៥៨] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងជេតវនារាម របស់​អនាថបិណ្ឌិក​សេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ភិក្ខុនីទាំងឡាយមិនសួរឧបោសថផង មិនសូមឱវាទផង។ ភិក្ខុទាំងឡាយពោលទោស តិះដៀល បន្តុះ​បង្អាប់​ថា ភិក្ខុនី​ទាំងឡាយ មិនសមបើ​នឹងមិនសួរ​ឧបោសថផង មិនសូមឱវាទផងសោះ។បេ។ ​ទ្រង់ត្រាស់​សួរ​ថា ​ម្នាល​​ភិក្ខុ​​ទាំងឡាយ ឮ​ថា ភិក្ខុនី​ទាំងឡាយ មិនសួរឧបោសថផង មិនសូមឱវាទផង ពិត​មែន​ឬ។ ភិក្ខុ​ទាំងឡាយ​ក្រាប​ទូល​ថា បពិត្រ​ព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះ​ពុទ្ធ​​ដ៏​មានជោគ ​​ទ្រង់បន្ទោស​ថា ម្នាល​ភិក្ខុ​ទាំងឡាយ​ ភិក្ខុនីទាំងឡាយ មិនគួរបើនឹងមិនសួរឧបោសថផង មិនសូមឱវាទផងទេ ម្នាល​ភិក្ខុ​ទាំងឡាយ អំពើ​នេះ​មិន​មែននាំ​ឲ្យ​ជ្រះថ្លា​ដល់​ពួកជន​ ​​ដែល​មិន​ទាន់​ជ្រះថ្លា​ទេ។បេ។ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុនី​ទាំងឡាយ ចូរ​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា

ភិក្ខុនីត្រូវ​ប្រាថ្នាធម៌ពីរ​យ៉ាង​អំពី​ភិក្ខុសង្ឃ គឺសួរឧបោសថ១ ចូលទៅទទួលឱវាទ១ រាល់ៗកន្លះខែ កាលភិក្ខុនី​ឲ្យកន្លង​កន្លះខែ​នោះទៅ ត្រូវ​អាបត្តិបាចិត្តិយ។

[៣៥៩] ត្រង់ពាក្យថា រាល់ៗកន្លះខែ គឺគ្រប់ថ្ងៃឧបោសថ។ ឧបោសថពីរយ៉ាង គឺឧបោសថ​ក្នុងតិថីទី១៤មួយ ឧបោសថ​ក្នុងតិថីទី១៥មួយ ឈ្មោះថា ថ្ងៃឧបោសថ។ គរុធម៌ទាំង៨ ឈ្មោះថា​ឱវាទ។ ភិក្ខុនីគ្រាន់តែ​ដាក់ធុរៈថា អញនឹងមិនសួរឧបោសថក្តី មិនសូមឱវាទក្តី ត្រូវអាបត្តិ​បាចិត្តិយ។

[៣៦០] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៥យ៉ាង) គឺភិក្ខុនី​មាន​សេចក្តី​អន្តរាយ ហើយស្វែងរកភិក្ខុនីជាគំរប់ពីរមិនបាន១ ភិក្ខុនីឈឺ១ ភិក្ខុនីមាន​សេចក្តីអន្តរាយ១ ភិក្ខុនី​ឆ្កួត១ ភិក្ខុនីជាខាង​ដើមបញ្ញត្តិ១។

(បាចិត្តិយ អារាមវគ្គ) សិក្ខាបទ ទី១០

(១០. ទសមសិក្ខាបទំ)

[៣៦១] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងជេតវនារាម របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ភិក្ខុនី១រូប តែម្នាក់នឹងម្នាក់ជាមួយនឹងបុរស ឲ្យគេទំលាយ​ពក ឬបូសដែលកើតត្រង់កាយខាងក្រោម។ គ្រានោះឯង បុរសនោះព្យាយាមដើម្បីប្រទូស្ត​នឹងភិក្ខុនី​នោះ។ ភិក្ខុនីនោះបានធ្វើសម្រែកខ្លំាង។ ភិក្ខុនីទាំងឡាយ​ក៏ស្ទុះចូលទៅ ហើយនិយាយពាក្យនេះ​នឹងភិក្ខុនីនោះថា នែលោកម្ចាស់ ហេតុអ្វីក៏នាងធ្វើសម្រែកខ្លំាងម្ល៉េះ។ ទើបភិក្ខុនីនោះប្រាប់​ដំណើរ​នុ៎ះដល់ភិក្ខុនីទាំងឡាយ។ ភិក្ខុនីទាំងឡាយណា មានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុនីទាំងឡាយ​នោះ ក៏ពោលទោស តិះដៀល បន្តុះ​បង្អាប់​ថា ភិក្ខុនីតែម្នាក់នឹងម្នាក់ជាមួយនឹងបុរស មិនសមបើ​ នឹងឲ្យទំលាយពក ឬបូសដែលកើតត្រង់កាយខាងក្រោមសោះ។បេ។ ​ព្រះអង្គទ្រង់ត្រាស់​សួរ​ថា ​ម្នាល​​ភិក្ខុ​​ទាំងឡាយ ឮ​ថា ភិក្ខុនីតែម្នាក់នឹងម្នាក់ ជាមួយនឹងបុរសឲ្យទំលាយពក ឬបូសដែលកើត​ត្រង់កាយខាងក្រោម ពិតមែនឬ។ ភិក្ខុទាំងឡាយក្រាបទូលថា បពិត្រ​ព្រះដ៏មានព្រះភាគ ពិត​មែន។ ព្រះ​ពុទ្ធ​​ដ៏​មានជោគ ​​ទ្រង់បន្ទោស​ថា ម្នាល​ភិក្ខុ​ទាំងឡាយ​ ភិក្ខុនីតែម្នាក់នឹងម្នាក់ ជាមួយ​នឹង​បុរស មិនគួរបើនឹងឲ្យទំលាយពក ឬបូសដែលកើតត្រង់កាយខាងក្រោមទេ ម្នាល​ភិក្ខុ​ទាំងឡាយ អំពើ​នេះ​មិន​មែននាំ​ឲ្យ​ជ្រះថ្លា​ដល់​ពួកជន​ ​​ដែល​មិន​ទាន់​ជ្រះថ្លា​ទេ។បេ។ ម្នាល​ភិក្ខុទាំងឡាយ ចូរ​ភិក្ខុនី​ទាំងឡាយ ​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា

ភិក្ខុនីណាមួយ​មិនបានប្រាប់សង្ឃក្តី គណៈក្តី ហើយតែម្នាក់នឹងម្នាក់​ជាមួយនឹងបុរសឲ្យទំលាយក្តី វះក្តី លាងក្តី លាបក្តី ចងក្តី ស្រាយក្តី នូវពកក្តី របួសក្តី ដែលកើតត្រង់កាយខាងក្រោម ភិក្ខុនីនោះ ត្រូវ​អាបត្តិបាចិត្តិយ។

[៣៦២] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយក្នុងសិក្ខាបទ​ទី១ នៃ​បារាជិកកណ្ឌរួចហើយ។ សរីរប្រទេសខាងក្រោម ត្រឹមផ្ចិតចុះទៅ ខាងលើ ត្រឹមមណ្ឌល​ជង្គង់​ឡើងមក ហៅថា កាយខាងក្រោម។ ពាក្យថា កើត គឺកើតក្នុងទីក្រោមផ្ចិត ខាងលើមណ្ឌលជង្គង់​នោះ។ ដែលហៅថា ពក ឬបូស គឺពក ឬបូសណាមួយ។ ដែលហៅថា របួស គឺដំបៅណាមួយ។ ពាក្យថា មិនប្រាប់ គឺមិនពិតទូល។ ដែលហៅថា សង្ឃ (ក្នុងទីនេះ) សំដៅយក​ភិក្ខុនីសង្ឃ។ ដែល​ហៅថា គណៈ សំដៅយកភិក្ខុនី​ច្រើនរូប (ពីរបីរូប)។ ដែលហៅថា បុរស គឺមនុស្សប្រុស​ដែល​ដឹងក្តី អាច​ប្រទូស្តបាន មិនមែនយក្សប្រុស ប្រេតប្រុស តិរច្ឆានឈ្មោលទេ។ ពាក្យថា ជាមួយ គឺ​ជាមួយ​គ្នា។ ពាក្យថា តែម្នាក់នឹងម្នាក់ គឺមានតែ​ប្រុស១ និងភិក្ខុនី១ប៉ុណ្ណោះ។ ភិក្ខុនីបង្គាប់ថា អ្នកចូរ​ទំលាយ​ចុះ ត្រូវអាបត្តិទុក្កដ កាលបើគេទំលាយហើយ ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុនីបង្គាប់ថា អ្នក​ចូរវះចុះ ត្រូវអាបត្តិទុក្កដ កាលបើគេវះហើយ ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុនីបង្គាប់ថា អ្នក​ចូរលាង​ចុះ ត្រូវអាបត្តិទុក្កដ កាលបើគេលាងហើយ ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុនីបង្គាប់ថា អ្នកចូរ​លាបចុះ ត្រូវអាបត្តិទុក្កដ កាលបើគេលាបហើយ ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុនីបង្គាប់ថា អ្នកចូរ​រុំចុះ ត្រូវ​អាបត្តិ​ទុក្កដ កាលបើគេចងរុំហើយ ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុនីបង្គាប់ថា អ្នកចូរ​ស្រាយចុះ ត្រូវ​អាបត្តិទុក្កដ កាលបើគេស្រាយហើយ ត្រូវអាបត្តិបាចិត្តិយ។

[៣៦៣] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៤យ៉ាង) គឺភិក្ខុនីប្រាប់(សង្ឃ ឬគណៈ) ហើយទើបឲ្យគេទំលាយក្តី ឲ្យវះក្តី ឲ្យលាងក្តី ឲ្យលាបក្តី ឲ្យចងរុំក្តី ឲ្យស្រាយក្តី១ មានស្រីណាមួយ​ដែលដឹងក្តី​ជាគ្នា១ ភិក្ខុនី​ឆ្កួត១ ភិក្ខុនីធ្វើកន្លងមុនបញ្ញត្តិ១។

អារាមវគ្គ ទី ៦ ចប់។

(បាចិត្តិយ) គព្ភិនីវគ្គ (ទី៧)

(៧. គព្ភិនីវគ្គោ)

(បាចិត្តិយ គព្ភិនីវគ្គ) សិក្ខាបទ ទី១

(១. បឋមសិក្ខាបទំ)

[៣៦៤] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងជេតវនារាម របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង ភិក្ខុនីទាំងឡាយឲ្យឧបសម្បទាដល់ស្រីមានគភ៌។ ភិក្ខុនី​មាន​គភ៌នោះ ត្រេចទៅបិណ្ឌបាត។ មនុស្សទាំងឡាយនិយាយយ៉ាងនេះថា ចូរអ្នកទាំងឡាយ​ប្រគេន​ភិក្ខាដល់លោកម្ចាស់ (ព្រោះ) លោកម្ចាស់មានគភ៌ធ្ងន់។ មនុស្សទាំងឡាយ​ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុនីទាំងឡាយ មិនសមបើនឹងឲ្យឧបសម្បទាដល់ស្រីមានគភ៌សោះ។ ភិក្ខុនី​ទាំងឡាយ​បានឮច្បាស់នូវពាក្យមនុស្សទាំងឡាយកំពុងពោលទោស តិះដៀល បន្តុះបង្អាប់​ហើយ។ ភិក្ខុនីទាំងឡាយណា មានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុនីទាំងឡាយ​នោះ ក៏ពោលទោស តិះដៀល បន្តុះ​បង្អាប់​ថា ភិក្ខុនីទាំងឡាយ មិនសមបើនឹងឲ្យឧបសម្បទា​ដល់ស្រីមាន​គភ៌​សោះ។បេ។ ​ព្រះអង្គទ្រង់ត្រាស់​សួរ​ថា ​ម្នាល​​ភិក្ខុ​​ទាំងឡាយ ឮ​ថា ភិក្ខុនីទាំងឡាយ ឲ្យឧបសម្បទា​ដល់ស្រីមានគភ៌ ពិតមែនឬ។ ភិក្ខុទាំងឡាយក្រាបទូលថា បពិត្រ​ព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះ​ពុទ្ធ​​ដ៏​មានជោគ ​​ទ្រង់បន្ទោស​ថា ម្នាល​ភិក្ខុ​ទាំងឡាយ​ ភិក្ខុនីទាំងឡាយ មិនគួរបើ​នឹងឲ្យ​ឧបសម្បទា​ដល់ស្រីមានគភ៌ទេ ម្នាល​ភិក្ខុ​ទាំងឡាយ អំពើ​នេះ​មិន​មែននាំ​ឲ្យ​ជ្រះថ្លា​ដល់​ពួកជន​ ​​ដែល​មិន​ទាន់​ជ្រះថ្លា​ទេ។បេ។ ម្នាល​ភិក្ខុទាំងឡាយ ចូរភិក្ខុនី​ទាំងឡាយ ​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា

ភិក្ខុនីណាមួយ​ឲ្យឧបសម្បទាដល់ស្រីមានគភ៌ ភិក្ខុនីនោះ ត្រូវ​អាបត្តិបាចិត្តិយ។

[៣៦៥] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយក្នុងសិក្ខាបទ​ទី១ នៃ​បារាជិកកណ្ឌរួចហើយ។ ដែលហៅថា ស្រីមានគភ៌ សំដៅយកស្រីដែលមានសត្វ​មកដល់​ផ្ទៃ​ហើយ។ ពាក្យថា ឲ្យឧបសម្បទា គឺបំបួសជាភិក្ខុនី។ ភិក្ខុនីគិតថា អញនឹង​ឲ្យឧបសម្បទា​ ហើយ​ស្វែងរក​គណៈក្តី អាចរិនីក្តី​31) បាត្រក្តី ចីវរក្តី សន្មតសីមាក្តី ត្រូវអាបត្តិទុក្កដ ត្រូវទុក្កដខណៈចប់ញត្តិ ត្រូវទុក្កដទាំងឡាយ​ខណៈ​ចប់កម្មវាចាពីរ ចប់កម្មវាចា ឧបជ្ឈាយ៍ត្រូវអាបត្តិបាចិត្តិយ គណៈ និងអាចរិនីត្រូវ​អាបត្តិទុក្កដ។

[៣៦៦] ស្រីមានគភ៌ ភិក្ខុនីសំគាល់ថា មានគភ៌ ហើយឲ្យឧបសម្បទា ត្រូវអាបត្តិបាចិត្តិយ។ ស្រីមានគភ៌ ភិក្ខុនីសង្ស័យ ហើយឲ្យឧបសម្បទា ត្រូវអាបត្តិទុក្កដ។ ស្រីមានគភ៌ ភិក្ខុនីសំគាល់ថា មិនមានគភ៌ ហើយឲ្យឧបសម្បទា មិនត្រូវអាបត្តិ។ ស្រីមិនមានគភ៌ ភិក្ខុនីសំគាល់ថា មានគភ៌ ត្រូវអាបត្តិទុក្កដ។ ស្រីមិនមានគភ៌ ភិក្ខុនីសង្ស័យ ត្រូវអាបត្តិទុក្កដ។ ស្រីមិនមានគភ៌ ភិក្ខុនី​សំគាល់​ថា មិនមានគភ៌ មិនត្រូវអាបត្តិ។

[៣៦៧] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៤យ៉ាង) គឺ ស្រីមានគភ៌ ភិក្ខុនី​សំគាល់​ថា មិនមានគភ៌ ហើយឲ្យឧបសម្បទា១ ស្រីមិនមានគភ៌ ភិក្ខុនីសំគាល់​ថាមិនមាន​គភ៌ ហើយឲ្យឧបសម្បទា១ ភិក្ខុនី​ឆ្កួត១ ភិក្ខុនីធ្វើកន្លងមុនបញ្ញត្តិ១។

(បាចិត្តិយ គព្ភិនីវគ្គ) សិក្ខាបទ ទី២

(២. ទុតិយសិក្ខាបទំ)

[៣៦៨] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងជេតវនារាម របស់​អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ភិក្ខុនីទាំងឡាយ ឲ្យឧបសម្បទាដល់ស្រី​មេដោះ។ ភិក្ខុនីនោះ ត្រេចទៅបិណ្ឌបាត។ មនុស្សទាំងឡាយបាននិយាយយ៉ាងនេះថា ចូរអ្នក​ទាំងឡាយឲ្យ​ភិក្ខាដល់លោកម្ចាស់ (ព្រោះ) លោកម្ចាស់មានគ្នីគ្នា។ មនុស្សទាំងឡាយ​ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុនីទាំងឡាយ មិនសមបើនឹងឲ្យឧបសម្បទាដល់ស្រី​មេដោះសោះ។ ភិក្ខុនីទាំងឡាយបានឮច្បាស់នូវពាក្យមនុស្សទាំងឡាយកំពុងពោលទោស តិះដៀល បន្តុះបង្អាប់​ហើយ។ ភិក្ខុនីទាំងឡាយណា មានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុនីទាំងឡាយ​នោះ ក៏ពោលទោស តិះដៀល បន្តុះ​បង្អាប់​ថា ពួកភិក្ខុនី មិនសមបើនឹងឲ្យឧបសម្បទា​ដល់ស្រីមេដោះ​សោះ។បេ។ ​ព្រះអង្គត្រាស់​សួរ​ថា ​ម្នាល​​ភិក្ខុ​​ទាំងឡាយ ឮ​ថា ភិក្ខុនីទាំងឡាយ ឲ្យឧបសម្បទា​ដល់ស្រីមេដោះ ពិតមែនឬ។ ភិក្ខុទាំងឡាយក្រាបទូលថា បពិត្រ​ព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះ​ពុទ្ធ​​ដ៏​មាន​ជោគ ​​ទ្រង់បន្ទោស​ថា ម្នាល​ភិក្ខុ​ទាំងឡាយ​ ភិក្ខុនីទាំងឡាយ មិនគួរបើនឹង​ឲ្យឧបសម្បទា​ដល់ស្រី​មេដោះ​ទេ ម្នាល​ភិក្ខុ​ទាំងឡាយ អំពើ​នេះ​មិន​មែននាំ​ឲ្យ​ជ្រះថ្លា​ដល់​ពួកជន​ ​​ដែល​មិន​ទាន់​ជ្រះថ្លា​ទេ។បេ។ ម្នាល​ភិក្ខុទាំងឡាយ ចូរភិក្ខុនី​ទាំងឡាយ ​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា

ភិក្ខុនីណាមួយ​ ឲ្យឧបសម្បទាដល់ស្រីមេដោះ ភិក្ខុនីនោះ ត្រូវ​អាបត្តិបាចិត្តិយ។

[៣៦៩] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយក្នុងសិក្ខាបទ​ទី១ នៃ​បារាជិកកណ្ឌ​រួចហើយ។ ដែលហៅថា ស្រីមេដោះ គឺមាតាក្តី ស្រីមេដោះមែនៗក្តី។ ពាក្យថា ឲ្យឧបសម្បទា គឺបំបួសជាភិក្ខុនី។ ភិក្ខុនីគិតថា អញនឹង​ឲ្យឧបសម្បទា​ ហើយស្វែងរក​គណៈក្តី អាចរិនីក្តី បាត្រក្តី ចីវរក្តី សន្មតសីមាក្តី ត្រូវអាបត្តិទុក្កដ ត្រូវទុក្កដខណៈចប់ញត្តិ ត្រូវទុក្កដ​ទាំងឡាយ​ខណៈ​ចប់កម្មវាចាពីរលើក ចប់កម្មវាចា ឧបជ្ឈាយ៍ត្រូវអាបត្តិបាចិត្តិយ គណៈ និងអាចរិនីត្រូវ​អាបត្តិទុក្កដ។

[៣៧០] ស្រីមេដោះ ភិក្ខុនីសំគាល់ថា ស្រីមេដោះ ហើយឲ្យឧបសម្បទា ត្រូវអាបត្តិ​បាចិត្តិយ។ ស្រីមេដោះ ភិក្ខុនីសង្ស័យ ហើយឲ្យឧបសម្បទា ត្រូវអាបត្តិទុក្កដ។ ស្រីមេដោះ ភិក្ខុនី​សំគាល់ថា មិនមែនស្រីមេដោះ ហើយឲ្យឧបសម្បទា មិនត្រូវអាបត្តិ។ មិនមែនស្រីមេដោះ ភិក្ខុនី​សំគាល់ថា ស្រីមេដោះ ត្រូវអាបត្តិទុក្កដ។ មិនមែនស្រីមេដោះ ភិក្ខុនីសង្ស័យ ត្រូវអាបត្តិទុក្កដ។ មិនមែនស្រីមេដោះ ភិក្ខុនីសំគាល់ថា មិនមែនស្រីមេដោះ មិនត្រូវអាបត្តិ។

[៣៧១] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៤យ៉ាង) គឺ ស្រីមេដោះ ភិក្ខុនី​សំគាល់​ថា មិនមែនស្រីមេដោះ ហើយឲ្យឧបសម្បទា១ មិនមែនស្រីមេដោះ ភិក្ខុនីសំគាល់​ថាមិនមែនស្រីមេដោះ ហើយឲ្យឧបសម្បទា១ ភិក្ខុនី​ឆ្កួត១ ភិក្ខុនីធ្វើកន្លងមុនបញ្ញត្តិ១។

(បាចិត្តិយ គព្ភិនីវគ្គ) សិក្ខាបទ ទី៣

(៣. តតិយសិក្ខាបទំ)

[៣៧២] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងជេតវនារាម របស់​អនាថបិណ្ឌិក​សេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ភិក្ខុនីទាំងឡាយ ឲ្យឧបសម្បទាដល់​សិក្ខមានា​32) ដែលមិនបានសិក្សា​សិក្ខា​ក្នុងធម៌​៦យ៉ាង​​​33) អស់​ពីរឆ្នាំ។ ភិក្ខុនីទាំងឡាយ(ដែលទើបនឹងបួស) នោះ ជាស្រីល្ងង់ មិនឆ្លាស មិនដឹងការគួរ​ឬការ​មិនគួរ។ ភិក្ខុនី​ទាំងឡាយណា មានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុនីទាំងឡាយ​នោះ ក៏ពោលទោស តិះដៀល បន្តុះ​បង្អាប់​ថា ភិក្ខុនីទាំងឡាយ មិនសមបើនឹងឲ្យឧបសម្បទា​ដល់សិក្ខាមានា​ដែលមិន​បាន​សិក្សាសិក្ខា​ក្នុង​ធម៌៦យ៉ាង អស់ពីរឆ្នាំ​សោះ។បេ។ ​ព្រះអង្គត្រាស់​សួរ​ថា ​ម្នាល​​ភិក្ខុ​​ទាំងឡាយ ឮ​ថា ភិក្ខុនី​ទាំង​ឡាយ ឲ្យឧបសម្បទា​ដល់សិក្ខាមានា​ដែលមិន​បានសិក្សាសិក្ខាក្នុងធម៌៦យ៉ាង អស់ពីរឆ្នាំ ពិត​មែនឬ។ ភិក្ខុទាំងឡាយក្រាបទូលថា បពិត្រ​ព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះ​ពុទ្ធ​​ដ៏​ទ្រង់ជោគ ​​ទ្រង់បន្ទោស​ថា ម្នាល​ភិក្ខុ​ទាំងឡាយ​ ភិក្ខុនីទាំងឡាយ មិនគួរបើនឹងឲ្យឧបសម្បទា​ដល់សិក្ខាមានា​ដែលមិន​បានសិក្សាសិក្ខាក្នុងធម៌៦យ៉ាង អស់ពីរឆ្នាំទេ ម្នាល​ភិក្ខុ​ទាំងឡាយ អំពើ​នេះ​មិន​មែននាំ​ឲ្យ​ជ្រះថ្លា​ដល់​ពួកជន​ ​​ដែល​មិន​ទាន់​ជ្រះថ្លា​ទេ។បេ។ លុះទ្រង់បន្ទោសហើយ ទ្រង់​ធ្វើធម្មីកថា ទើបត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាល​ភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត ដើម្បីឲ្យ​ភិក្ខុនីសង្ឃ​ឲ្យ​សិក្ខាសម្មតិក្នុងធម៌៦យ៉ាងអស់ពីរឆ្នាំ ដល់សិក្ខមានា។ ម្នាលភិក្ខុទាំងឡាយ ក៏​ឯសិក្ខាសម្មតិនោះ សង្ឃត្រូវឲ្យយ៉ាងនេះ។ គឺសិក្ខមានានោះ ត្រូវចូលទៅរកសង្ឃ ហើយធ្វើឧត្តរាសង្គ​ឆៀងស្មាម្ខាង ហើយសំពះ​បាទាភិក្ខុនីទាំងឡាយ រួចអង្គុយច្រហោង ផ្គងអញ្ជលីឡើង ហើយនិយាយ​យ៉ាងនេះ​នឹងសង្ឃថា បពិត្រលោកម្ចាស់ ខ្ញុំមានឈ្មោះនេះ ជាសិក្ខមានារបស់​លោកម្ចាស់មានឈ្មោះនេះ សូមសិក្ខាសម្មតិក្នុងធម៌៦យ៉ាង អស់ពីរឆ្នាំនឹងសង្ឃ។ សិក្ខាសម្មតិ​នោះ ត្រូវ​សិក្ខមានា​នោះសូម​អស់វារៈ​​ជាគំរប់ពីរដងផង ត្រូវសូមអស់វារៈជាគំរប់បីដងផង។ ភិក្ខុនីដែល​ឆ្លាស ប្រតិពល ត្រូវឲ្យសង្ឃដឹងថា បពិត្រលោកម្ចាស់ សូមសង្ឃស្តាប់ខ្ញុំ នាងនេះមានឈ្មោះនេះ ជាសិក្ខមានា​របស់​លោក​ម្ចាស់មានឈ្មោះនេះ សូមសិក្ខាសម្មតិក្នុងធម៌៦យ៉ាង អស់ពីរឆ្នាំ​នឹង​សង្ឃ។ បើ​សិក្ខាសម្មតិ​កម្ម មានកាលគួរដល់សង្ឃហើយ ត្រូវសង្ឃឲ្យសិក្ខាសម្មតិ​ក្នុងធម៌៦យ៉ាង​អស់ពីរឆ្នាំ ដល់​សិក្ខមានា​ឈ្មោះនេះ។ នេះជាញត្តិ។ បពិត្រលោកម្ចាស់ សូមសង្ឃស្តាប់ខ្ញុំ នាងនេះ​មាន​ឈ្មោះនេះ ជាសិក្ខមានារបស់​លោកម្ចាស់មានឈ្មោះនេះ សូមសិក្ខាសម្មតិ​ក្នុងធម៌​៦យ៉ាង អស់​ពីរឆ្នាំ​​នឹង​សង្ឃ។ សង្ឃឲ្យសិក្ខាសម្មតិក្នុងធម៌៦យ៉ាង​អស់ពីរឆ្នាំ ដល់សិក្ខមានាមាន​ឈ្មោះនេះ។ ការឲ្យ​សិក្ខាសម្មតិក្នុងធម៌៦យ៉ាង​អស់ពីរឆ្នាំ ដល់សិក្ខមានាមាន​ឈ្មោះនេះ គួរដល់​លោកម្ចាស់​អង្គ​ណា លោកម្ចាស់អង្គនោះ ត្រូវស្ងៀម មិនគួរដល់​លោកម្ចាស់អង្គណា លោកម្ចាស់អង្គនោះ ត្រូវ​និយាយ​ឡើង។ សង្ឃឲ្យសិក្ខាសម្មតិក្នុងធម៌៦យ៉ាង​អស់ពីរឆ្នាំ ដល់សិក្ខមានា​មាន​ឈ្មោះនេះ​ហើយ។ ការឲ្យសិក្ខាសម្មតិនេះ គួរដល់សង្ឃ ហេតុនោះ បានជាសង្ឃស្ងៀម។ ខ្ញុំសូម​ចាំទុក​នូវ​រឿង​នេះ ដោយអាការស្ងៀមនៅយ៉ាងនេះ។ សិក្ខមានានោះ ត្រូវភិក្ខុនីបង្គាប់ថា នាងចូរថាយ៉ាងនេះ ហើយ​បញ្ចេញវចីភេទថា ខ្ញុំសូមសមាទាននូវ​បាណាតិបាតាវេរមណី ជាសមាទានមិនកន្លង​(ដាច់) អស់ពីរឆ្នាំ ខ្ញុំសូមសមាទាននូវ​អទិន្នាទានាវេរមណី ជាសមាទានមិនកន្លង​ អស់ពីរឆ្នាំ ខ្ញុំសូម​សមាទាន​នូវ​អព្រហ្មចរិយាវេរមណី ជាសមាទានមិនកន្លង​ អស់ពីរឆ្នាំ ខ្ញុំសូមសមាទាននូវ​មុសាវាទាវេរមណី ជាសមាទានមិនកន្លង​ អស់ពីរឆ្នាំ ខ្ញុំសូមសមាទាននូវ​សុរាមេរយមជ្ជប្បមាទដ្ឋានាវេរមណី ជាសមាទានមិនកន្លង​ អស់ពីរឆ្នាំ ខ្ញុំសូមសមាទាននូវ​វិកាលភោជនាវេរមណី ជាសមាទានមិនកន្លង​ អស់ពីរឆ្នាំ។ លំដាប់​នោះឯង ព្រះដ៏មានព្រះភាគ ទ្រង់បន្ទោសភិក្ខុនីទាំងឡាយនោះដោយបរិយាយជាច្រើន។បេ។ ហើយត្រាស់ថា ម្នាលភិក្ខុ​ទាំង​ឡាយ បើយ៉ាងហ្នឹង ចូរភិក្ខុនីទាំងឡាយ សំដែង​ឡើងនូវសិក្ខាបទ​នេះយ៉ាងនេះថា

ភិក្ខុនី​ណាមួយ ឲ្យឧបសម្បទាដល់សិក្ខមានាដែលមិនបានសិក្សាសិក្ខាក្នុងធម៌​ទាំងឡាយ៦អស់ពីរវស្សា ភិក្ខុនី​នោះ ត្រូវអាបត្តិបាចិត្តិយ។

[៣៧៣] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយក្នុងសិក្ខាបទ​ទី១ នៃបារាជិកកណ្ឌរួចហើយ។ ពាក្យថា អស់ពីរវស្សា គឺអស់ពីរឆ្នាំ។ ដែលហៅថា សិក្ខមានា ដែលមិនបាន​សិក្សាសិក្ខា គឺសិក្ខមានាដែលភិក្ខុនី​មិនបានឲ្យសិក្ខាក្តី សិក្ខមានាដែលភិក្ខុនី​បានឲ្យសិក្ខាហើយ តែសិក្ខានោះដាច់ទៅក្តី។ ពាក្យថា ឲ្យឧបសម្បទា គឺបំបួសជាភិក្ខុនី។ ភិក្ខុនី​គិតថា អញនឹង​ឲ្យឧបសម្បទា​ ហើយស្វែងរក​គណៈក្តី អាចរិនីក្តី បាត្រក្តី ចីវរក្តី សន្មតសីមាក្តី ត្រូវអាបត្តិទុក្កដ ត្រូវទុក្កដខណៈចប់ញត្តិ ត្រូវទុក្កដទាំងឡាយ​ខណៈ​ចប់កម្មវាចាពីរ ចប់កម្មវាចា ឧបជ្ឈាយ៍ត្រូវអាបត្តិបាចិត្តិយ គណៈ និងអាចរិនីត្រូវ​អាបត្តិទុក្កដ។

[៣៧៤] កម្មប្រកបដោយធម៌ ភិក្ខុនីសំគាល់ថា កម្មប្រកបដោយធម៌ ហើយឲ្យ(សិក្ខមានា) ឧបសម្បទា ត្រូវអាបត្តិបាចិត្តិយ។ កម្មប្រកបដោយធម៌ ភិក្ខុនីសង្ស័យ ហើយឲ្យឧបសម្បទា ត្រូវ​អាបត្តិបាចិត្តិយ។ កម្មប្រកបដោយធម៌ ភិក្ខុនីសំគាល់ថា កម្មមិនប្រកបដោយធម៌ ហើយឲ្យ​ឧបសម្បទា ត្រូវអាបត្តិបាចិត្តិយ។ កម្មមិនប្រកបដោយធម៌ ភិក្ខុនីសំគាល់ថា កម្មប្រកប​ដោយធម៌ ត្រូវអាបត្តិទុក្កដ។ កម្មមិនប្រកបដោយធម៌ ភិក្ខុនីសង្ស័យ ត្រូវអាបត្តិទុក្កដ។ កម្មមិន​ប្រកប​ដោយ​ធម៌ ភិក្ខុនីសំគាល់ថា កម្មមិនប្រកបដោយធម៌ ត្រូវអាបត្តិទុក្កដ។

[៣៧៥] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៣យ៉ាង) គឺភិក្ខុនីញុំាងសិក្ខមានា​ដែលបានសិក្សាសិក្ខាក្នុងធម៌៦យ៉ាងអស់ពីរឆ្នាំឲ្យបានឧបសម្បទា១ ភិក្ខុនី​ឆ្កួត១ ភិក្ខុនីធ្វើកន្លង​មុនបញ្ញត្តិ១។

(បាចិត្តិយ គព្ភិនីវគ្គ) សិក្ខាបទ ទី៤

(៤. ចតុត្ថសិក្ខាបទំ)

[៣៧៦] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងជេតវនារាម របស់​អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង ភិក្ខុនីទាំងឡាយ ឲ្យឧបសម្បទាដល់​សិក្ខមានា​បានសិក្សា​សិក្ខា​ក្នុងធម៌៦យ៉ាងអស់​ពីរឆ្នាំដែលសង្ឃមិនបានសន្មត។ ភិក្ខុនីទាំងឡាយ (រូបឯទៀត) បាននិយាយយ៉ាងនេះថា នែសិក្ខមានាទាំងឡាយ ពួកនាងចូរមក ចូរដឹងកិច្ចនេះ ចូរឲ្យរបស់នេះ ចូរនាំយករបស់នេះមក សេចក្តីត្រូវការដោយរបស់នេះ ពួកនាង​ចូរធ្វើ​របស់នេះ​ឲ្យជាកប្បិយ។ សិក្ខមានាទាំងនោះបាននិយាយពាក្យយ៉ាងនេះថា បពិត្រលោកម្ចាស់ យើងខ្ញុំ​មិនមែន​ជាសិក្ខមានាទេ យើងខ្ញុំជាភិក្ខុនី។ ភិក្ខុនីទាំងឡាយណា មានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុនីទាំងឡាយ​នោះ ក៏ពោលទោស តិះដៀល បន្តុះ​បង្អាប់​ថា ភិក្ខុនីទាំងឡាយ មិនសមបើនឹង​ឲ្យឧបសម្បទា​ដល់សិក្ខាមានា​បានសិក្សា​សិក្ខា​ក្នុងធម៌៦យ៉ាងអស់​ពីរឆ្នាំ ដែលសង្ឃមិនបានសន្មត​​សោះ។បេ។ ទ្រង់ត្រាស់​សួរ​ថា ​ម្នាល​​ភិក្ខុ​​ទាំងឡាយ ឮ​ថា ភិក្ខុនីទាំងឡាយ ឲ្យឧបសម្បទា​ដល់​សិក្ខាមានា​​បានសិក្សា​សិក្ខា​ក្នុងធម៌៦យ៉ាងអស់​ពីរឆ្នាំ ដែលសង្ឃមិនបានសន្មត ពិតមែនឬ។ ភិក្ខុ​ទាំងឡាយក្រាបទូលថា បពិត្រ​ព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះ​ពុទ្ធ​​ដ៏មានជោគ ​​ទ្រង់បន្ទោស​ថា ម្នាល​ភិក្ខុ​ទាំងឡាយ​ ភិក្ខុនីទាំងឡាយ មិនគួរបើ​នឹងឲ្យឧបសម្បទា​​ដល់សិក្ខាមានា​​​បានសិក្សា​សិក្ខា​ក្នុងធម៌៦យ៉ាង​អស់​ពីរឆ្នាំដែលសង្ឃ​មិនបានសន្មតសោះ ម្នាល​ភិក្ខុ​ទាំងឡាយ អំពើ​នេះ​មិន​មែននាំ​ឲ្យ​ជ្រះថ្លា​​ដល់​ពួកជន​ ​​ដែល​មិន​ទាន់​ជ្រះថ្លា​ទេ។បេ។ លុះទ្រង់បន្ទោសហើយ ទ្រង់​ធ្វើធម្មីកថា ត្រាស់​ហៅភិក្ខុ​ទាំងឡាយថា ម្នាល​ភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត ដើម្បីឲ្យ​ភិក្ខុនីសង្ឃ​ឲ្យ​វុដ្ឋានសម្មតិ34) ដល់សិក្ខមានាដែលសិក្សា​សិក្ខា​ក្នុងធម៌៦យ៉ាងអស់​ពីរឆ្នាំ​ហើយ។ ម្នាលភិក្ខុទាំងឡាយ ឯវុដ្ឋានសម្មតិនោះ សង្ឃត្រូវឲ្យយ៉ាងនេះ។ គឺសិក្ខមានាដែលសិក្សា​សិក្ខា​ក្នុងធម៌៦យ៉ាងអស់​ពីរឆ្នាំហើយនោះ ត្រូវចូលទៅរកសង្ឃ ធ្វើឧត្តរាសង្គ​ឆៀងស្មាម្ខាង ហើយ​ថ្វាយបង្គំ​បាទាភិក្ខុនីទាំងឡាយ រួចអង្គុយច្រហោង ផ្គងអញ្ជលីឡើង ហើយនិយាយ​យ៉ាងនេះនឹង​សង្ឃថា បពិត្រលោកម្ចាស់ ខ្ញុំជាសិក្ខមានារបស់​លោកម្ចាស់មានឈ្មោះនេះ បានសិក្សា​សិក្ខា​ក្នុង​ធម៌៦យ៉ាងអស់​ពីរឆ្នាំហើយ សូមវុដ្ឋានសម្មតិនឹងសង្ឃ។ សិក្ខមានា ត្រូវសូមវុដ្ឋានសម្មតិ ​អស់វារៈ​គំរប់ពីរដងផង។ ត្រូវសូមអស់វារៈគំរប់បីដងផង។ ត្រូវភិក្ខុនី​ដែល​ឆ្លាស ប្រតិពល ឲ្យសង្ឃដឹងថា បពិត្រលោកម្ចាស់ សូមសង្ឃស្តាប់ខ្ញុំ សិក្ខមានានេះ​មានឈ្មោះនេះ របស់​លោកម្ចាស់​មានឈ្មោះ​នេះ បានសិក្សា​សិក្ខា​ក្នុងធម៌៦យ៉ាងអស់​ពីរឆ្នាំហើយ សូមវុដ្ឋានសម្មតិនឹងសង្ឃ។ បើវុដ្ឋានសម្មតិ​កម្ម មានកាលគួរដល់សង្ឃហើយ ត្រូវសង្ឃឲ្យ​វុដ្ឋានសម្មតិ ដល់សិក្ខមានាមានឈ្មោះនេះ​ដែល​សិក្សា​​សិក្ខា​ក្នុងធម៌៦យ៉ាងអស់​ពីរឆ្នាំហើយ។ នេះជាញត្តិ។ បពិត្រលោកម្ចាស់ សូមសង្ឃស្តាប់ខ្ញុំ សិក្ខមានានេះ មានឈ្មោះនេះ របស់​លោកម្ចាស់មានឈ្មោះនេះ បានសិក្សា​សិក្ខា​ក្នុងធម៌៦យ៉ាង​អស់​​ពីរឆ្នាំហើយ សូមវុដ្ឋានសម្មតិ​នឹង​សង្ឃ។ សង្ឃឲ្យវុដ្ឋានសម្មតិ ដល់សិក្ខមានាមាន​ឈ្មោះនេះ ដែលបានសិក្សា​សិក្ខា​ក្នុងធម៌៦យ៉ាងអស់​ពីរឆ្នាំ។ ការឲ្យវុដ្ឋានសម្មតិ ដល់សិក្ខមានាមាន​ឈ្មោះ​នេះ​ ដែលបានសិក្សា​សិក្ខា​ក្នុងធម៌៦យ៉ាងអស់​ពីរឆ្នាំ សមគួរដល់​លោកម្ចាស់អង្គណា លោកម្ចាស់​អង្គនោះ ត្រូវស្ងៀម មិនគួរដល់​លោកម្ចាស់អង្គណា លោកម្ចាស់អង្គនោះ ត្រូវនិយាយឡើង។ សង្ឃឲ្យវុដ្ឋានសម្មតិ ដល់សិក្ខមានា​មាន​ឈ្មោះនេះ ដែលបានសិក្សា​សិក្ខា​ក្នុងធម៌៦យ៉ាងអស់​ពីរ​ឆ្នាំហើយ។ ការឲ្យវុដ្ឋានសម្មតិ សមគួរដល់សង្ឃ ហេតុនោះ បានជាសង្ឃស្ងៀមនៅ។ ខ្ញុំសូមចាំទុក​នូវរឿងនេះ ដោយអាការស្ងៀមនៅយ៉ាងនេះ។ លំដាប់​នោះឯង ព្រះដ៏មានព្រះភាគ ទ្រង់បន្ទោស​ភិក្ខុនីទាំងឡាយ​នោះដោយបរិយាយជាច្រើន។បេ។ ម្នាលភិក្ខុទាំងឡាយ ចូរភិក្ខុនីទាំងឡាយ សំដែង​​ឡើងនូវសិក្ខាបទ​នេះ​យ៉ាងនេះថា

ភិក្ខុនី​ណាមួយ ញុំាងសិក្ខមានាដែលសិក្សា​សិក្ខាហើយ​ក្នុងធម៌​៦យ៉ាងអស់​ពីរវស្សា ដែលសង្ឃមិនបានសន្មត ឲ្យបានឧបសម្បទា ភិក្ខុនីនោះ ត្រូវអាបត្តិ​បាចិត្តិយ។

[៣៧៧] ត្រង់ពាក្យថា ភិក្ខុនីណាមួយ បានអធិប្បាយក្នុងសិក្ខាបទ​ទី១ នៃបារាជិកកណ្ឌ​រួចហើយ។ ពាក្យថា អស់ពីរវស្សា គឺអស់ពីរឆ្នាំ។ សិក្ខមានា ដែល​សិក្សាសិក្ខាក្នុងធម៌៦យ៉ាង ឈ្មោះ​ថាសិក្សាសិក្ខា។ សិក្ខមានាដែលសង្ឃមិនបានឲ្យវុដ្ឋានសម្មតិ ដោយញត្តិទុតិយកម្ម ឈ្មោះ​ថា សង្ឃមិនបានសន្មត។ ពាក្យថា ឲ្យបានឧបសម្បទា គឺឲ្យបួស​ជាភិក្ខុនី។ ភិក្ខុនីគិតថា អញនឹង​ឲ្យឧបសម្បទា​ ហើយស្វែងរក​គណៈក្តី អាចរិនីក្តី បាត្រក្តី ចីវរក្តី សន្មតសីមាក្តី ត្រូវអាបត្តិទុក្កដ ត្រូវទុក្កដខណៈចប់ញត្តិ ត្រូវទុក្កដទាំងឡាយ​ខណៈ​ចប់កម្មវាចាពីរ ចប់កម្មវាចា ឧបជ្ឈាយ៍ ត្រូវអាបត្តិ​បាចិត្តិយ គណៈ និងអាចរិនីត្រូវ​អាបត្តិទុក្កដ។

[៣៧៨] កម្មប្រកបដោយធម៌ ភិក្ខុនីសំគាល់ថា កម្មប្រកបដោយធម៌ ហើយញុំាង​សិក្ខមានាឲ្យបានឧបសម្បទា ត្រូវអាបត្តិបាចិត្តិយ។ កម្មប្រកបដោយធម៌ ភិក្ខុនីសង្ស័យ ហើយឲ្យ​ឧបសម្បទា ត្រូវអាបត្តិបាចិត្តិយ។ កម្មប្រកបដោយធម៌ ភិក្ខុនីសំគាល់ថា កម្មមិនប្រកប​ដោយធម៌ ហើយឲ្យឧបសម្បទា ត្រូវអាបត្តិបាចិត្តិយ។ កម្មមិនប្រកបដោយធម៌ ភិក្ខុនីសំគាល់ថា កម្មប្រកប​ដោយធម៌ ត្រូវអាបត្តិទុក្កដ។ កម្មមិនប្រកបដោយធម៌ ភិក្ខុនីសង្ស័យ ត្រូវអាបត្តិទុក្កដ។ កម្មមិនប្រកបដោយធម៌ ភិក្ខុនីសំគាល់ថា កម្មមិនប្រកបដោយធម៌ ត្រូវអាបត្តិទុក្កដ។

[៣៧៩] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៣យ៉ាង) គឺភិក្ខុនីឲ្យ​ឧបសម្បទា​ដល់សិក្ខមានា​ដែលសិក្សាសិក្ខាក្នុងធម៌៦យ៉ាងអស់ពីរឆ្នាំ ដែលសង្ឃសន្មតហើយ ១ ភិក្ខុនី​ឆ្កួត១ ភិក្ខុនីធ្វើកន្លង​មុនបញ្ញត្តិ១។

(បាចិត្តិយ គព្ភិនីវគ្គ) សិក្ខាបទ ទី៥

(៥. បញ្ចមសិក្ខាបទំ)

[៣៨០] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងជេតវនារាម របស់​អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង ភិក្ខុនីទាំងឡាយ ឲ្យឧបសម្បទាដល់​ស្រីគិហិគតា ដែលមានវស្សាមិនគ្រប់១២ឆ្នាំ។ ពួកភិក្ខុនីបួសថ្មីទាំងនោះអត់ទ្រាំមិនបាននឹងត្រជាក់ ក្តៅ ឃ្លាន ស្រេក សម្ផស្សរបោមមូសខ្យល់ កំដៅថ្ងៃ និងសត្វទីឃជាតិ (ពស់តូចពស់ធំ) ទាំងឡាយ មានជាតិ​ជាអ្នកមិនអត់ធន់នឹងគន្លងពាក្យដែលបុគ្គលពោលមិនល្អ មានមកមិនល្អ និងវេទនាដែលប្រជុំ​ក្នុងសរីរ​កើតឡើងនាំមកនូវសេចក្តីទុក្ខដ៏ក្លៀវក្លា រឹងក្រហាយផ្សារ មិនជាទីត្រេកអរ មិនគាប់ចិត្ត ជាទីនាំបង់​នូវជីវិត។ ភិក្ខុនីទាំងឡាយណា មានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុនីទាំងឡាយ​នោះ ក៏ពោលទោស តិះដៀល បន្តុះ​បង្អាប់​ថា ភិក្ខុនីទាំងឡាយ មិនសមបើនឹងឲ្យឧបសម្បទា​ដល់​ស្រីគិហិគតា ដែលមានវស្សាមិនគ្រប់១២ឆ្នាំ​​សោះ។បេ។ ព្រះអង្គត្រាស់​សួរ​ថា ​ម្នាល​​ភិក្ខុ​​ទាំងឡាយ ឮ​ថា ភិក្ខុនីទាំងឡាយ ឲ្យឧបសម្បទា​ដល់ស្រីគិហិគតា មានវស្សាមិនគ្រប់១២ឆ្នាំ ពិតមែនឬ។ ភិក្ខុទាំងឡាយក្រាបទូលថា បពិត្រ​ព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះ​ពុទ្ធ​​ដ៏មាន​ជោគ ​​ទ្រង់បន្ទោស​ថា ម្នាល​ភិក្ខុ​ទាំងឡាយ​ ភិក្ខុនីទាំងឡាយ មិនសមបើនឹងឲ្យឧបសម្បទា​ដល់​ស្រីគិហិគតា មានវស្សាមិនគ្រប់១២ឆ្នាំទេ ម្នាល​ភិក្ខុ​ទាំងឡាយ ព្រោះថា ស្រីគិហិគតា ដែលមាន​វស្សា​មិនគ្រប់១២ឆ្នាំ តែងអត់ទ្រាំមិនបាននឹងត្រជាក់ ក្តៅ ឃ្លាន ស្រេក សម្ផស្សរបោម​មូស ខ្យល់ កំដៅថ្ងៃ និងសត្វទីឃជាតិ (ពស់តូច ពស់ធំ) ទាំងឡាយ មានជាតិ​ជាអ្នកមិនអត់ធន់​នឹង​គន្លង​ពាក្យ​ដែល​គេពោលមិនល្អ មានមកមិនល្អ និងវេទនាដែលប្រជុំក្នុងសរីរកើតឡើង នាំមកនូវ​សេចក្តី​ទុក្ខដ៏ក្លៀវក្លា រឹងក្រហាយផ្សា មិនជាទីត្រេកអរ មិនគាប់ចិត្តជាទីនាំបង់នូវ​ជីវិត ម្នាលភិក្ខុ​ទាំងឡាយ ក៏ឯស្រីគិហិគតា មានវស្សាគ្រប់១២ឆ្នាំហើយ ទើបជាអ្នកអត់ទ្រាំ​នូវត្រជាក់ ក្តៅ ឃ្លាន ស្រេក សម្ផស្សរបោម​មូស ខ្យល់ កំដៅថ្ងៃ និងសត្វទីឃជាតិ (ពស់តូច ពស់ធំ) ទាំងឡាយ មាន​ជាតិ​ជាអ្នកអត់ធន់​នឹង​គន្លងពាក្យដែល​គេពោលមិនគាប់ចិត្ត មានមកមិនល្អ (និង)វេទនា​ដែលប្រជុំ​ក្នុងសរីរកើតឡើង នាំមកនូវ​សេចក្តីទុក្ខដ៏ក្លៀវក្លា រឹងក្រហាយផ្សា មិនជាទីត្រេកអរ មិនគាប់​ចិត្ត ជាទីនាំបង់នូវ​ជីវិត ម្នាលភិក្ខុទាំងឡាយ អំពើ​នេះ​មិន​មែននាំ​ឲ្យ​ជ្រះថ្លា​ដល់​ពួកជន​ ​​ដែល​មិន​ទាន់​ជ្រះថ្លា​ទេ។បេ។ ម្នាលភិក្ខុទាំងឡាយ ចូរភិក្ខុនីទាំងឡាយ សំដែង​ឡើងនូវសិក្ខាបទ​នេះយ៉ាងនេះថា

ភិក្ខុនី​ណាមួយ ឲ្យឧបសម្បទាដល់​ស្រីគិហិគតាមានវស្សា​ខ្វះ​ពី១២ឆ្នាំ ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ។

[៣៨១] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយក្នុងសិក្ខាបទ​ទី១ នៃ​បារាជិកកណ្ឌរួចហើយ។ ដែលហៅថា មានវស្សាខ្វះពី១២ឆ្នាំ គឺស្រីដែលមានឆ្នាំ​មិនទាន់ដល់​១២។ ដែលហៅថា ស្រីគិហិគតា សំដៅយកស្រីដែល​ល្មមទៅកាន់បុរសដទៃបាន (គឺស្រី​ល្មម​មានប្តី​បាន)។ ពាក្យថា ឲ្យឧបសម្បទា គឺបំបួស​ជាភិក្ខុនី។ ភិក្ខុនីគិតថា អញនឹង​ឲ្យឧបសម្បទា​ ហើយ​ស្វែង​រក​គណៈក្តី អាចរិនីក្តី បាត្រក្តី ចីវរក្តី សន្មតសីមាក្តី ត្រូវអាបត្តិទុក្កដ ត្រូវទុក្កដ​ខណៈចប់ញត្តិ ត្រូវទុក្កដទាំងឡាយ​ខណៈ​ចប់កម្មវាចាពីរ ចប់កម្មវាចា ឧបជ្ឈាយ៍​ត្រូវអាបត្តិ​បាចិត្តិយ គណៈ និងអាចរិនីត្រូវ​អាបត្តិទុក្កដ។

[៣៨២] ស្រីគិហិគតាមានវស្សាមិនគ្រប់១២ឆ្នាំ ភិក្ខុនីសំគាល់ថា មានវស្សាមិនគ្រប់១២ឆ្នាំ ហើយឲ្យឧបសម្បទា ត្រូវអាបត្តិបាចិត្តិយ។ ស្រីគិហិគតាមានវស្សាមិនគ្រប់១២ឆ្នាំ ភិក្ខុនីសង្ស័យ ហើយឲ្យឧបសម្បទា ត្រូវអាបត្តិទុក្កដ។ ស្រីគិហិគតាមានវស្សាមិនគ្រប់១២ឆ្នាំ ភិក្ខុនីសំគាល់ថា គ្រប់ ហើយឲ្យឧបសម្បទា មិនត្រូវអាបត្តិ។ ស្រីគិហិគតាមានវស្សា១២បរិបូណ៌ហើយ ភិក្ខុនី​សំគាល់​ថា មានវស្សាមិនគ្រប់១២ ត្រូវអាបត្តិទុក្កដ។ ស្រីគិហិគតាមានវស្សាពេញ១២ឆ្នាំ​ហើយ ភិក្ខុនីសង្ស័យ ត្រូវអាបត្តិទុក្កដ។ ស្រីគិហិគតាមានវស្សាពេញ១២ឆ្នាំហើយ ភិក្ខុនី​ក៏សំគាល់​ថា បរិបូណ៌ហើយ មិនត្រូវអាបត្តិ។

[៣៨៣] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៤យ៉ាង) គឺ ស្រីគិហិគតា​មាន​វស្សាខ្វះពី១២ឆ្នាំ តែភិក្ខុនីសំគាល់ថាគ្រប់១២ឆ្នាំ ហើយឲ្យ​ឧបសម្បទា១ ស្រីគិហិគតា​មាន​វស្សា​ពេញ១២ឆ្នាំហើយ ភិក្ខុនីសំគាល់ថា ពេញ ហើយឲ្យឧបសម្បទា១ ភិក្ខុនី​ឆ្កួត១ ភិក្ខុនីធ្វើកន្លង​មុនបញ្ញត្តិ១។

(បាចិត្តិយ គព្ភិនីវគ្គ) សិក្ខាបទ ទី៦

(៦. ឆដ្ឋសិក្ខាបទំ)

[៣៨៤] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងជេតវនារាម របស់​អនាថបិណ្ឌិក​សេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង ភិក្ខុនីទាំងឡាយ ឲ្យឧបសម្បទាដល់​ស្រីគិហិគតា​មាន​វស្សាពេញ១២ឆ្នាំហើយ ដែលមិនបានសិក្សាសិក្ខាក្នុងធម៌៦យ៉ាងអស់ពីរឆ្នាំ។ ភិក្ខុនីបួសថ្មី​ទាំងឡាយនោះ ល្ងង់ មិនឆ្លាស មិនដឹងកិច្ចគួរ ឬកិច្ចមិនគួរ។ ភិក្ខុនីទាំងឡាយឯណា មាន​សេចក្តី​ប្រាថ្នា​តិច។បេ។ ភិក្ខុនីទាំងឡាយ​នោះ ក៏ពោលទោស តិះដៀល បន្តុះ​បង្អាប់​ថា ភិក្ខុនីទាំងឡាយ មិនគួរបើនឹងឲ្យឧបសម្បទា​ដល់ស្រីគិហិគតាមានវស្សាគ្រប់១២ឆ្នាំហើយ (តែ) មិនបាន​សិក្សា​សិក្ខា​ក្នុងធម៌៦យ៉ាងអស់ពីរឆ្នាំសោះ។បេ។ ព្រះអង្គត្រាស់​សួរ​ថា ​ម្នាល​​ភិក្ខុ​​ទាំងឡាយ ឮ​ថា ភិក្ខុនី​ទាំង​ឡាយ ឲ្យឧបសម្បទា​ដល់ស្រីគិហិគតាមានវស្សាគ្រប់១២ឆ្នាំហើយ ដែលមិនបាន​សិក្សាសិក្ខា​ក្នុងធម៌៦យ៉ាង​អស់ពីរឆ្នាំ ពិតមែនឬ។ ភិក្ខុទាំងឡាយក្រាបទូលថា បពិត្រ​ព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះ​ពុទ្ធ​​ដ៏មាន​ជោគ ​​ទ្រង់បន្ទោស​ថា ម្នាល​ភិក្ខុ​ទាំងឡាយ​ ភិក្ខុនីទាំងឡាយ មិនសមបើ​នឹងឲ្យឧបសម្បទា​ដល់ស្រីគិហិគតាមានវស្សាគ្រប់១២ឆ្នាំហើយ ដែលមិន​បានសិក្សាសិក្ខា​ក្នុងធម៌​៦យ៉ាងអស់ពីរឆ្នាំទេ ម្នាល​ភិក្ខុ​ទាំងឡាយ អំពើ​នេះ​មិន​មែននាំ​ឲ្យ​ជ្រះថ្លា​ដល់​ពួកជន​ ​​ដែល​មិន​ទាន់​ជ្រះថ្លា​ទេ។បេ។ លុះទ្រង់បន្ទោសហើយ ទ្រង់​ធ្វើធម្មីកថា ត្រាស់ហៅភិក្ខុ​ទាំងឡាយថា ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត​អនុញ្ញាត (ឲ្យ​ភិក្ខុនីសង្ឃ) ឲ្យសិក្ខាសម្មតិក្នុងធម៌៦យ៉ាងអស់ពីរឆ្នាំ ដល់​ស្រីគិហិគតាដែលមានឆ្នាំគ្រប់១២ហើយ។ ម្នាលភិក្ខុទាំងឡាយ ក៏ឯសិក្ខាសម្មតិនោះ សង្ឃ​ត្រូវ​ឲ្យយ៉ាងនេះ។ គឺស្រីគិហិគតា ដែលមានឆ្នាំ១២បរិបូណ៌ហើយនោះ ត្រូវចូលទៅរកសង្ឃ ធ្វើ​ឧត្តរាសង្គ​ឆៀងស្មាម្ខាង ហើយថ្វាយបង្គំ​បាទាភិក្ខុនីទាំងឡាយ រួចអង្គុយច្រហោង ផ្គងអញ្ជលី​ឡើង ហើយនិយាយ​យ៉ាងនេះនឹងសង្ឃថា បពិត្រលោកម្ចាស់ ខ្ញុំមានឈ្មោះនេះ ជាគិហិគតារបស់​លោកម្ចាស់មានឈ្មោះនេះ មានវស្សា១២​បរិបូណ៌ហើយ សូមសិក្ខាសម្មតិ​ក្នុងធម៌៦យ៉ាង​អស់ពីរ​ឆ្នាំ​នឹងសង្ឃ។ សិក្ខាសម្មតិនោះ ត្រូវគិហិគតានោះសូម​អស់វារៈ​គំរប់ពីរដងផង ត្រូវសូមអស់វារៈ​គំរប់បី​ដងផង។ ភិក្ខុនី​ដែល​ឆ្លាស ប្រតិពល ត្រូវឲ្យសង្ឃដឹងថា បពិត្រលោកម្ចាស់ សូមសង្ឃស្តាប់​ខ្ញុំ គិហិគតានេះ​ មានឈ្មោះនេះ របស់​លោកម្ចាស់មានឈ្មោះនេះ មានវស្សា១២បរិបូណ៌ហើយ សូមសិក្ខាសម្មតិក្នុងធម៌​៦យ៉ាង​អស់ពីរឆ្នាំនឹងសង្ឃ។ បើសិក្ខាសម្មតិកម្ម មានកាលគួរដល់​សង្ឃ​ហើយ សង្ឃគួរឲ្យ​សិក្ខាសម្មតិ ​ក្នុងធម៌៦យ៉ាងអស់​ពីរឆ្នាំ ដល់គិហិគតា មានឈ្មោះនេះ ដែល​មានវស្សា១២បរិបូណ៌ហើយ។ នេះជាញត្តិ។ បពិត្រលោកម្ចាស់ សូមសង្ឃស្តាប់ខ្ញុំ គិហិគតានេះ មានឈ្មោះនេះ របស់​លោកម្ចាស់​មានឈ្មោះនេះ មានវស្សា១២បរិបូណ៌ហើយ សូមសិក្ខាសម្មតិ​ក្នុងធម៌​៦យ៉ាង អស់ពីរឆ្នាំ​នឹង​សង្ឃ ឥឡូវសង្ឃឲ្យសិក្ខាសម្មតិក្នុងធម៌៦យ៉ាងអស់ពីរឆ្នាំ ដល់​ស្រីគិហិគតា​ឈ្មោះនេះ មានវស្សា១២បរិបូណ៌ហើយ។ ការឲ្យសិក្ខាសម្មតិ ក្នុងធម៌៦យ៉ាង​អស់ពីរ​ឆ្នាំ ដល់ស្រីគិហិគតា មាន​ឈ្មោះនេះ ដែលមានវស្សាគ្រប់១២ហើយ គួរដល់​លោកម្ចាស់អង្គណា លោកម្ចាស់អង្គនោះ ត្រូវស្ងៀម មិនគួរដល់​លោកម្ចាស់អង្គណា លោកម្ចាស់អង្គនោះ ត្រូវ​និយាយ​ឡើង។ សិក្ខាសម្មតិក្នុងធម៌៦យ៉ាងអស់ពីរឆ្នាំ សង្ឃបានឲ្យដល់គិហិគតា មាន​ឈ្មោះនេះ ដែល​មាន​វស្សាគ្រប់១២ហើយ។ ការឲ្យសិក្ខាសម្មតិនោះ គួរដល់សង្ឃ ហេតុនោះ ទើបសង្ឃស្ងៀមនៅ។ ខ្ញុំសូមចាំទុកនូវដំណើរនេះ ដោយអាការស្ងៀមនៅយ៉ាងនេះ។ ស្រីគិហិគតានោះ ដែលមាន​វស្សា​គ្រប់១២ហើយ ត្រូវសង្ឃបង្គាប់ថា ចូរនាងពោលយ៉ាងនេះ គឺពោលថា ខ្ញុំសូមសមាទាន​នូវ​បាណាតិបាតាវេរមណី ជាសមាទានមិនកន្លងអស់ពីរឆ្នាំ។បេ។ ខ្ញុំសូមសមាទានូវ​វិកាលភោជនាវេរមណី ជាសមាទានមិនកន្លងអស់ពីរឆ្នាំ។ លំដាប់​នោះឯង ព្រះដ៏មានព្រះភាគ ទ្រង់បន្ទោស​ភិក្ខុនីទាំងឡាយ​នោះដោយបរិយាយជាច្រើន។បេ។ ម្នាលភិក្ខុ​ទាំងឡាយ ចូរភិក្ខុនីទាំងឡាយ សំដែង​ឡើងនូវសិក្ខាបទ​នេះយ៉ាងនេះថា

ភិក្ខុនី​ណាមួយ ឲ្យឧបសម្បទា​ដល់ស្រីគិហិគតា​មានវស្សាគ្រប់១២ហើយ ដែលមិនបានសិក្សា​សិក្ខា ក្នុង​ធម៌៦យ៉ាងអស់​ពីរវស្សា ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ។

[៣៨៥] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយក្នុងសិក្ខាបទ​ទី១ នៃបារាជិកកណ្ឌរួចហើយ។ ស្រីគិហិគតា ដែលមានវស្សា​ដល់១២ហើយ ឈ្មោះថា មានវស្សា​គ្រប់១២ហើយ។ ដែលហៅថា ស្រីគិហិគតា សំដៅយកស្រីដែលល្មមទៅតាមប្រុសដទៃបាន។ ពាក្យថា អស់ពីរវស្សា គឺអស់ពីរឆ្នាំ។ សិក្ខា ដែលសង្ឃមិនបានឲ្យក្តី (ឬ) សិក្ខាដែលសង្ឃឲ្យហើយ តែកម្រើក (ដាច់)ក្តី នៃស្រីគិហិគតាណា ស្រីគិហិគតានោះ ឈ្មោះថា មិនបានសិក្សាសិក្ខា។ ពាក្យថា ឲ្យឧបសម្បទា គឺបំបួស​ជាភិក្ខុនី។ ភិក្ខុនីគិតថា អញនឹង​ឲ្យឧបសម្បទា​ ហើយស្វែងរក​គណៈក្តី អាចរិនីក្តី បាត្រក្តី ចីវរក្តី សន្មតសីមាក្តី ត្រូវអាបត្តិទុក្កដ ត្រូវទុក្កដខណៈចប់ញត្តិ ត្រូវទុក្កដទាំងឡាយ​ខណៈ​ចប់កម្មវាចាពីរ ចប់កម្មវាចា ឧបជ្ឈាយ៍ត្រូវអាបត្តិបាចិត្តិយ គណៈ និងអាចរិនីត្រូវ​អាបត្តិទុក្កដ។

[៣៨៦] កម្មប្រកបដោយធម៌ ភិក្ខុនីសំគាល់ថា កម្មប្រកបដោយធម៌ ហើយឲ្យឧបសម្បទា ត្រូវអាបត្តិបាចិត្តិយ។ កម្មប្រកបដោយធម៌ ភិក្ខុនីសង្ស័យ ហើយឲ្យឧបសម្បទា ត្រូវអាបត្តិ​បាចិត្តិយ។ កម្មប្រកបដោយធម៌ ភិក្ខុនីសំគាល់ថា កម្មមិនប្រកប​ដោយធម៌ ហើយឲ្យឧបសម្បទា ត្រូវអាបត្តិបាចិត្តិយ។ កម្មមិនប្រកបដោយធម៌ ភិក្ខុនីសំគាល់ថា កម្មប្រកប​ដោយធម៌ ត្រូវអាបត្តិទុក្កដ។ កម្មមិនប្រកបដោយធម៌ ភិក្ខុនីសង្ស័យ ត្រូវអាបត្តិទុក្កដ។ កម្មមិនប្រកប​ដោយធម៌ ភិក្ខុនីសំគាល់ថា កម្មមិនប្រកបដោយធម៌ ត្រូវអាបត្តិទុក្កដ។

[៣៨៧] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៣យ៉ាង) គឺភិក្ខុនីឲ្យ​ឧបសម្បទា​ដល់ស្រីគិហិគតា មានវស្សាគ្រប់១២ហើយ បានសិក្សាសិក្ខាក្នុងធម៌៦យ៉ាងអស់ពីរឆ្នាំហើយ១ ភិក្ខុនី​ឆ្កួត១ ភិក្ខុនីធ្វើកន្លង​មុនបញ្ញត្តិ១។

(បាចិត្តិយ គព្ភិនីវគ្គ) សិក្ខាបទ ទី៧

(៧. សត្តមសិក្ខាបទំ)

[៣៨៨] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងជេតវនារាម របស់​អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង ភិក្ខុនីទាំងឡាយ ឲ្យឧបសម្បទាដល់​ស្រីគិហិគតាមានវស្សាគ្រប់១២ហើយ ​បានសិក្សា​សិក្ខា​ក្នុងធម៌៦យ៉ាងអស់​ពីរឆ្នាំហើយ (តែ) សង្ឃមិនបានសន្មត។ ភិក្ខុនីទាំងឡាយ បាននិយាយយ៉ាងនេះថា នែសិក្ខមានាទាំងឡាយ នាងទាំងឡាយចូរមក ចូរដឹងកិច្ចនេះ ចូរឲ្យរបស់នេះ ចូរនាំយករបស់នេះមក យើងត្រូវ​ការ​ដោយ​របស់នេះ ចូរនាងធ្វើ​របស់នេះ​ឲ្យជាកប្បិយ។ ភិក្ខុនីបួសថ្មីទាំងឡាយនោះ​បានឆ្លើយយ៉ាងនេះថា បពិត្រលោកម្ចាស់ យើងខ្ញុំ​មិនមែន​ជាសិក្ខមានាទេ យើងខ្ញុំជាភិក្ខុនី។ ភិក្ខុនីទាំងឡាយណា មានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុនីទាំងឡាយ​នោះ ក៏ពោលទោស តិះដៀល បន្តុះ​បង្អាប់​ថា ភិក្ខុនីទាំងឡាយ មិនគួរបើនឹងឲ្យឧបសម្បទា​ដល់ស្រីគិហិគតាមាន​វស្សាគ្រប់១២ហើយ ​បាន​សិក្សា​សិក្ខា​ក្នុងធម៌៦យ៉ាងអស់​ពីរឆ្នាំ (តែ)សង្ឃមិនបានសន្មត​ឲ្យ​សោះ។បេ។ ព្រះអង្គត្រាស់​សួរ​ថា ​ម្នាល​​ភិក្ខុ​​ទាំងឡាយ ឮ​ថា ភិក្ខុនីទាំងឡាយ ឲ្យឧបសម្បទា​ដល់ ស្រីគិហិគតា​ដែលមានវស្សា​គ្រប់១២ហើយ ​​បានសិក្សា​សិក្ខា​ក្នុងធម៌៦យ៉ាងអស់​ពីរឆ្នាំ (តែ)សង្ឃមិនបានសន្មត ពិតមែនឬ។ ភិក្ខុ​ទាំងឡាយក្រាបទូលថា បពិត្រ​ព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះ​ពុទ្ធ​​ដ៏មានជោគ ​​ទ្រង់បន្ទោស​ថា ម្នាល​ភិក្ខុ​ទាំងឡាយ​ ភិក្ខុនីទាំងឡាយ មិនសមបើនឹងឲ្យឧបសម្បទា​ដល់ ស្រីគិហិគតាដែលមានវស្សាគ្រប់១២ហើយ បានសិក្សា​សិក្ខា​ក្នុងធម៌៦យ៉ាងអស់​ពីរឆ្នាំហើយ (តែ)សង្ឃមិនបានសន្មតឲ្យទេ ម្នាល​ភិក្ខុ​ទាំងឡាយ អំពើ​នេះ​មិន​មែននាំ​ឲ្យ​ជ្រះថ្លា​ដល់​ពួកជន​ ​​ដែល​មិន​ទាន់​ជ្រះថ្លា​ទេ។បេ។ លុះទ្រង់បន្ទោសហើយ ទ្រង់​ធ្វើធម្មីកថា ត្រាស់ហៅភិក្ខុ​ទាំងឡាយ​ថា ម្នាល​ភិក្ខុទាំងឡាយ តថាគត​អនុញ្ញាតឲ្យ​ ៗវុដ្ឋានសម្មតិ ដល់ស្រីគិហិគតា​ដែលមានវស្សា​គ្រប់១២ហើយ បានសិក្សា​សិក្ខា​ក្នុងធម៌៦យ៉ាងអស់​ពីរឆ្នាំហើយ។ ម្នាលភិក្ខុទាំងឡាយ ក៏ឯវុដ្ឋានសម្មតិនោះ សង្ឃត្រូវឲ្យយ៉ាងនេះ។ ស្រីគិហិគតាដែលមាន​វស្សាគ្រប់​១២ហើយ បានសិក្សា​សិក្ខា​ក្នុងធម៌៦យ៉ាងអស់​ពីរឆ្នាំហើយនោះ ត្រូវចូលទៅរកសង្ឃ ធ្វើឧត្តរាសង្គ​ឆៀង​ស្មាម្ខាង ហើយថ្វាយបង្គំ​បាទាភិក្ខុនីទាំងឡាយ រួចអង្គុយច្រហោង ផ្គងអញ្ជលី ​និយាយ​យ៉ាង​នេះ​នឹងសង្ឃថា បពិត្រលោកម្ចាស់ ខ្ញុំមានឈ្មោះនេះ ជាគិហិគតារបស់​លោកម្ចាស់​ឈ្មោះនេះ មានវស្សា​គ្រប់១២ហើយ បានសិក្សា​សិក្ខា​ក្នុងធម៌៦យ៉ាងអស់​ពីរឆ្នាំហើយ សូមវុដ្ឋានសម្មតិ​នឹង​សង្ឃ។ ឯវុដ្ឋានសម្មតិ ស្រីគិហិគតានោះ ត្រូវសូម​អស់វារៈ​ពីរដងផង ត្រូវសូមអស់វារៈបីដងផង។ ភិក្ខុនី​ដែល​ឆ្លាស ប្រតិពល ត្រូវឲ្យសង្ឃដឹងថា បពិត្រលោកម្ចាស់ សូមសង្ឃស្តាប់ខ្ញុំ ស្រីគិហិគតា​នេះ​មានឈ្មោះនេះ របស់​លោកម្ចាស់ឈ្មោះនេះ មានវស្សាគ្រប់១២​ហើយ បានសិក្សា​សិក្ខា​ក្នុងធម៌​៦យ៉ាងអស់​ពីរឆ្នាំហើយ សូមវុដ្ឋានសម្មតិនឹងសង្ឃ។ បើវុដ្ឋានសម្មតិកម្ម មានកាល​គួរ​ដល់សង្ឃហើយ ត្រូវសង្ឃឲ្យ​វុដ្ឋានសម្មតិដល់ស្រីគិហិគតា មានឈ្មោះនេះ ដែលមានវស្សា​គ្រប់១២ហើយ បានសិក្សា​សិក្ខា​ក្នុងធម៌៦យ៉ាងអស់​ពីរឆ្នាំហើយ។ នេះជាញត្តិ។ បពិត្រលោកម្ចាស់ សូមសង្ឃស្តាប់ខ្ញុំ ស្រីគិហិគតានេះ មានឈ្មោះនេះ របស់​លោកម្ចាស់ឈ្មោះនេះ មានវស្សា​គ្រប់​១២ហើយ បានសិក្សា​សិក្ខា​ក្នុងធម៌៦យ៉ាងអស់​ពីរឆ្នាំហើយ សូមវុដ្ឋានសម្មតិ​នឹង​សង្ឃ។ ឥឡូវ សង្ឃ​ឲ្យវុដ្ឋានសម្មតិ ដល់ស្រីគិហិគតាមាន​ឈ្មោះនេះ មានវស្សាគ្រប់១២ហើយ បានសិក្សា​សិក្ខា​ក្នុងធម៌៦យ៉ាងអស់​ពីរឆ្នាំហើយ។ ការឲ្យវុដ្ឋានសម្មតិដល់ស្រីគិហិគតា មាន​ឈ្មោះនេះដែល​មានវស្សា​គ្រប់១២ហើយ បានសិក្សា​សិក្ខា​ក្នុងធម៌​៦យ៉ាងអស់​ពីរឆ្នាំហើយ គួរដល់​លោកម្ចាស់​អង្គណា លោកម្ចាស់អង្គនោះ ត្រូវស្ងៀម មិនគួរដល់​លោកម្ចាស់អង្គណា លោកម្ចាស់អង្គនោះ ត្រូវនិយាយឡើង។ សង្ឃបានឲ្យវុដ្ឋានសម្មតិ ដល់ស្រីគិហិគតា ​មាន​ឈ្មោះនេះ ដែលមានវស្សា​គ្រប់១២ហើយ បានសិក្សា​សិក្ខា​ក្នុងធម៌៦យ៉ាងអស់​ពីរឆ្នាំហើយ។ ការឲ្យវុដ្ឋានសម្មតិនោះ សមគួរ​ដល់សង្ឃ ហេតុនោះ បានជាសង្ឃស្ងៀមនៅ។ ខ្ញុំសូមចាំទុកនូវដំណើរនេះ ដោយអាការស្ងៀម​នៅយ៉ាងនេះ។ លំដាប់​នោះឯង ព្រះដ៏មានព្រះភាគ ទ្រង់បន្ទោស​ភិក្ខុនីទាំងឡាយ​នោះដោយ​បរិយាយ​ជាច្រើន​ហើយ។បេ។ ម្នាលភិក្ខុទាំងឡាយ ចូរភិក្ខុនីទាំងឡាយ សំដែង​ឡើងនូវសិក្ខាបទ​នេះយ៉ាងនេះថា

ភិក្ខុនី​ណាមួយ ឲ្យឧបសម្បទាដល់ស្រីគិហិគតាមានវស្សាគ្រប់១២ហើយ បានសិក្សា​សិក្ខា ក្នុងធម៌៦យ៉ាងអស់​ពីរវស្សាហើយ តែសង្ឃមិនសន្មត(ឲ្យ) ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ។

[៣៨៩] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយក្នុងសិក្ខាបទ​ទី១ នៃបារាជិកកណ្ឌរួចហើយ។ ស្រីគិហិគតា មានវស្សាដល់១២ហើយ ឈ្មោះថា មានវស្សាគ្រប់​១២ហើយ។ ដែលហៅថា ស្រីគិហិគតា សំដៅយកសិក្ខមានាដែលល្មម​ទៅកាន់បុរសដទៃបាន។ ពាក្យថា អស់ពីរវស្សា គឺអស់ពីរឆ្នាំ។ ស្រីគិហិគតា ដែល​សិក្សាសិក្ខាក្នុងធម៌៦យ៉ាង ឈ្មោះថា សិក្សាសិក្ខាហើយ។ ស្រីគិហិគតា ដែលសង្ឃមិនបានឲ្យវុដ្ឋានសម្មតិ ដោយកម្មមានញត្តិជាគំរប់​ពីរ ឈ្មោះថា សង្ឃមិនបានសន្មត។ ពាក្យថា ឲ្យឧបសម្បទា គឺបំបួស​ជាភិក្ខុនី។ ភិក្ខុនីគិតថា អញនឹង​ឲ្យឧបសម្បទា​ ហើយស្វែងរក​គណៈក្តី អាចរិនីក្តី បាត្រក្តី ចីវរក្តី សន្មតសីមាក្តី ត្រូវអាបត្តិទុក្កដ ត្រូវទុក្កដខណៈចប់ញត្តិ ត្រូវទុក្កដទាំងឡាយ​ខណៈ​ចប់កម្មវាចាពីរ ចប់កម្មវាចា ឧបជ្ឈាយ៍ត្រូវអាបត្តិបាចិត្តិយ គណៈ និងអាចរិនីត្រូវ​អាបត្តិទុក្កដ។

[៣៩០] កម្មប្រកបដោយធម៌ ភិក្ខុនីសំគាល់ថា កម្មប្រកបដោយធម៌ ហើយឲ្យ​ឧបសម្បទា ត្រូវអាបត្តិបាចិត្តិយ។ កម្មប្រកបដោយធម៌ ភិក្ខុនីសង្ស័យ ហើយឲ្យឧបសម្បទា ត្រូវអាបត្តិ​បាចិត្តិយ។ កម្មប្រកបដោយធម៌ ភិក្ខុនីសំគាល់ថា កម្មមិនប្រកប​ដោយធម៌ ហើយឲ្យឧបសម្បទា ត្រូវអាបត្តិបាចិត្តិយ។ កម្មមិនប្រកបដោយធម៌ ភិក្ខុនីសំគាល់ថា កម្មប្រកប​ដោយធម៌ ត្រូវអាបត្តិ​ទុក្កដ។ កម្មមិនប្រកបដោយធម៌ ភិក្ខុនីសង្ស័យ ត្រូវអាបត្តិទុក្កដ។ កម្មមិន​ប្រកបដោយ​ធម៌ ភិក្ខុនី​សំគាល់ថា កម្មមិនប្រកបដោយធម៌ ត្រូវអាបត្តិទុក្កដ។

[៣៩១] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៣យ៉ាង) គឺភិក្ខុនីឲ្យ​ឧបសម្បទា​ដល់ស្រីគិហិគតា ​ដែលមានវស្សាគ្រប់១២ហើយ បានសិក្សាសិក្ខាក្នុងធម៌៦យ៉ាងអស់ពីរឆ្នាំហើយ សង្ឃសន្មតហើយ១ ភិក្ខុនី​ឆ្កួត១ ភិក្ខុនីធ្វើកន្លង​មុនបញ្ញត្តិ១។

(បាចិត្តិយ គព្ភិនីវគ្គ) សិក្ខាបទ ទី៨

(៨. អដ្ឋមសិក្ខាបទំ)

[៣៩២] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងជេតវនារាម របស់​អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង ថុល្លនន្ទាភិក្ខុនី ឲ្យឧបសម្បទាដល់​សិក្ខមានាជាសហជីវិនី ហើយមិនបានបង្រៀនខ្លួនឯង មិនឲ្យអ្នកដទៃបង្រៀនអស់ពីរឆ្នាំ។ ភិក្ខុនីទាំងឡាយនោះល្ងង់ មិនឆ្លាស មិនស្គាល់កិច្ចគួរ ឬមិនគួរ។ ភិក្ខុនីទាំងឡាយណា មានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុនីទាំងឡាយ​នោះ ក៏ពោលទោស តិះដៀល បន្តុះ​បង្អាប់​ថា លោកម្ចាស់ថុល្លនន្ទា មិនគួរបើនឹងឲ្យឧបសម្បទា​ដល់សិក្ខមានាជាសហជីវិនី ហើយមិនបង្រៀន​ខ្លួនឯង មិនឲ្យគេបង្រៀនអស់ពីរឆ្នាំសោះ។បេ។ ព្រះអង្គត្រាស់​សួរ​ថា ​ម្នាល​​ភិក្ខុ​​ទាំងឡាយ ឮ​ថា ថុល្លនន្ទាភិក្ខុនី ឲ្យឧបសម្បទា​ដល់សិក្ខមានាជាសហជីវិនី ហើយមិនបង្រៀន​ខ្លួនឯង មិនឲ្យគេ​បង្រៀនអស់ពីរឆ្នាំ ពិតមែនឬ។ ភិក្ខុទាំងឡាយក្រាបទូលថា បពិត្រ​ព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះ​ពុទ្ធ​​ដ៏មាន​ជោគ ​​ទ្រង់បន្ទោស​ថា ម្នាល​ភិក្ខុ​ទាំងឡាយ​ ថុល្លនន្ទាភិក្ខុនី មិនសមបើនឹង​ឲ្យ​ឧបសម្បទា​ដល់សិក្ខមានាជាសហជីវិនី ហើយមិនបង្រៀនខ្លួន​ឯង មិនឲ្យគេបង្រៀនអស់ពីរឆ្នាំទេ ម្នាល​ភិក្ខុ​ទាំងឡាយ អំពើ​នេះ​មិន​មែននាំ​ឲ្យ​ជ្រះថ្លា​ដល់​ពួកជន​ ​​ដែល​មិន​ទាន់​ជ្រះថ្លា​ទេ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ ចូរភិក្ខុនីទាំងឡាយ សំដែង​ឡើងនូវសិក្ខាបទ​នេះយ៉ាងនេះថា

ភិក្ខុនី​ណាមួយ ឲ្យឧបសម្បទាដល់សិក្ខមានាជាសហជីវិនី ហើយមិនបង្រៀន​ដោយ​ខ្លួនឯង មិនឲ្យគេបង្រៀន​អស់​ពីរវស្សា ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ។

[៣៩៣] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយក្នុងសិក្ខាបទ​ទី១ នៃ​បារាជិកកណ្ឌរួចហើយ។ ដែលហៅថា សិក្ខមានាជាសហជីវិនី សំដៅយកសិក្ខមានា​ជា​សទ្ធិវិហារិនី (កូនសិស្ស)។ ពាក្យថា ឲ្យឧបសម្បទា គឺបំបួស​ជាភិក្ខុនី។ ពាក្យថា អស់ពីរវស្សា គឺអស់ពីរឆ្នាំ។ ពាក្យថា មិនបង្រៀន (ខ្លួនឯង) គឺមិនបង្រៀនដោយបាលី អដ្ឋកថា សេចក្តីទូន្មាន ប្រៀនប្រដៅដោយខ្លួនឯង។ ពាក្យថា មិនឲ្យគេបង្រៀន គឺមិនបង្គាប់អ្នកដទៃ។ ភិក្ខុនីគ្រាន់តែ​ដាក់ធុរៈថា អញនឹងមិនបង្រៀនខ្លួនឯង មិនឲ្យគេបង្រៀន អស់ពីរឆ្នាំ ត្រូវអាបត្តិបាចិត្តិយ។

[៣៩៤] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៥យ៉ាង) គឺភិក្ខុនីមានសេចក្តី​អន្តរាយ ហើយស្វែងរក​គ្នាមិនបាន១ ភិក្ខុនីឈឺ១ ភិក្ខុនីមានភ័យធំ១ ភិក្ខុនី​ឆ្កួត១ ភិក្ខុនីធ្វើកន្លង​មុនបញ្ញត្តិ១។

(បាចិត្តិយ គព្ភិនីវគ្គ) សិក្ខាបទ ទី៩

(៩. នវមសិក្ខាបទំ)

[៣៩៥] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងជេតវនារាម របស់​អនាថបិណ្ឌិក​សេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង ភិក្ខុនីទាំងឡាយ មិនតាមបម្រើភិក្ខុនីជាបវត្តិនី (ឧបជ្ឈាយ៍) ដែលបំបួសខ្លួនអស់ពីរឆ្នាំ។ ពួកភិក្ខុនីទាំងនោះ ល្ងង់ មិនឆ្លាស មិនស្គាល់ការគួរ ឬមិនគួរ។ ភិក្ខុនីទាំងឡាយណា មានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុនីទាំង​នោះ ក៏ពោលទោស តិះដៀល បន្តុះ​បង្អាប់​ថា ភិក្ខុនីទាំងឡាយ មិនសមបើនឹងមិនតាម​បម្រើភិក្ខុនីជា​បវត្តិនី​ដែលបំបួស​ខ្លួនអស់​ពីរឆ្នាំសោះ។បេ។ ព្រះអង្គត្រាស់​សួរ​ថា ​ម្នាល​​ភិក្ខុ​​ទាំងឡាយ ឮ​ថា ភិក្ខុនីទាំងឡាយ មិនតាមបម្រើភិក្ខុនី ជាបវត្តិនី ដែលបំបួសខ្លួន​អស់​ពីរឆ្នាំ ពិតមែនឬ។ ភិក្ខុទាំងឡាយក្រាបទូលថា បពិត្រ​ព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះ​ពុទ្ធ​​ដ៏មានជោគ ​​ទ្រង់បន្ទោស​ថា ម្នាល​ភិក្ខុ​ទាំងឡាយ​ ភិក្ខុនីទាំងឡាយ មិនសមបើនឹងមិនបម្រើ​ភិក្ខុនីជាបវត្តិនី ដែលបំបួសខ្លួនអស់​ពីរឆ្នាំទេ ម្នាល​ភិក្ខុ​ទាំងឡាយ អំពើ​នេះ​មិន​មែននាំ​ឲ្យ​ជ្រះថ្លា​ដល់​ពួកជន​ ​​ដែល​មិន​ទាន់​ជ្រះថ្លា​ទេ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ ចូរភិក្ខុនីទាំងឡាយ សំដែង​ឡើងនូវសិក្ខាបទ​នេះយ៉ាងនេះថា

ភិក្ខុនី​ណាមួយ មិនតាមបម្រើភិក្ខុនី​ជាបវត្តិនី ដែលបំបួស​ខ្លួនអស់​ពីរវស្សា ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ។

[៣៩៦] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយក្នុងសិក្ខាបទ​ទី១ នៃ​បារាជិកកណ្ឌរួចហើយ។ ពាក្យថាបំបួសខ្លួន គឺឲ្យឧបសម្បទាដល់ខ្លួន។ ដែលហៅថា ភិក្ខុនី​ជាបវត្តិនី សំដៅយកភិក្ខុនីជាឧបជ្ឈាយ៍។ ពាក្យថា អស់ពីរវស្សា គឺអស់ពីរឆ្នាំ។ ពាក្យថា មិនតាម​បម្រើ គឺមិនបម្រើដោយខ្លួនឯង។ ភិក្ខុនីគ្រាន់តែដាក់ធុរៈថា អញនឹងមិនតាម​បម្រើ​អស់ពីរឆ្នាំ ត្រូវ​អាបត្តិបាចិត្តិយ។

[៣៩៧] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៦យ៉ាង) គឺឧបជ្ឈាយ៍ល្ងង់១ ឧបជ្ឈាយ៍មិនមានខ្មាស១ ភិក្ខុនីឈឺ១ ភិក្ខុនីមានសេចក្តីអន្តរាយ១ ភិក្ខុនី​ឆ្កួត១ ភិក្ខុនីធ្វើកន្លង​មុនបញ្ញត្តិ១។

(បាចិត្តិយ គព្ភិនីវគ្គ) សិក្ខាបទ ទី១០

(១០. ទសមសិក្ខាបទំ)

[៣៩៨] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងជេតវនារាម របស់​អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង ថុល្លនន្ទាភិក្ខុនី ឲ្យឧបសម្បទា​ដល់សិក្ខមានា ជាសហជីវិនី (កូនសិស្ស) ហើយមិននាំយកទៅខ្លួនឯង មិនឲ្យគេនាំយកទៅ។ ប្តី​បានចាប់យកទៅ។ ភិក្ខុនីទាំងឡាយណា មានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុនីទាំងឡាយ​នោះ ក៏ពោលទោស តិះដៀល បន្តុះ​បង្អាប់​ថា លោកម្ចាស់ថុល្លនន្ទា មិនសមបើនឹងឲ្យ​ឧបសម្បទា ដល់សិក្ខមានា ជាសហជីវិនី ហើយមិននាំយកទៅខ្លួនឯង មិនឲ្យគេនាំយកទៅសោះ ប្តីបានចាប់​យកទៅ ប្រសិនបើភិក្ខុនីនេះចៀសចេញទៅហើយ ប្តីប្រាកដជាមិនបាន​ចាប់យកទៅទេ។បេ។ ព្រះអង្គត្រាស់​សួរ​ថា ​ម្នាល​​ភិក្ខុ​​ទាំងឡាយ ឮ​ថា ថុល្លនន្ទាភិក្ខុនី ឲ្យ​ឧបសម្បទា ដល់សិក្ខមានា ជាសហជីវិនី ហើយមិននាំយកទៅខ្លួនឯង មិនឲ្យគេនាំយកទៅ ប្តីបានចាប់​យកទៅ ពិតមែនឬ។ ភិក្ខុទាំងឡាយក្រាបទូលថា បពិត្រ​ព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះ​ពុទ្ធ​​ដ៏មានជោគ ​​ទ្រង់បន្ទោស​ថា ម្នាល​ភិក្ខុ​ទាំងឡាយ​ ថុល្លនន្ទាភិក្ខុនី មិនសមបើនឹង ឲ្យ​ឧបសម្បទា ដល់សិក្ខមានា ជាសហជីវិនី ហើយមិននាំយកទៅខ្លួនឯង មិនឲ្យគេនាំយកទៅ ប្តីបានចាប់​យកទៅទេ ម្នាល​ភិក្ខុ​ទាំងឡាយ អំពើ​នេះ​មិន​មែននាំ​ឲ្យ​ជ្រះថ្លា​ដល់​ពួកជន​ ​​ដែល​មិន​ទាន់​ជ្រះថ្លា​ទេ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ ចូរភិក្ខុនីទាំងឡាយ សំដែង​ឡើងនូវសិក្ខាបទ​នេះយ៉ាងនេះថា

ភិក្ខុនី​ណាមួយ ឲ្យ​ឧបសម្បទា ដល់សិក្ខមានា ជាសហជីវិនី ហើយមិននាំយកទៅ មិនឲ្យគេនាំយកទៅ ដោយហោច​ទៅអស់​៥-៦យោជន៍ ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ។

[៣៩៩] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយក្នុងសិក្ខាបទ​ទី១ នៃបារាជិកកណ្ឌរួចហើយ។ ដែលហៅថា សិក្ខមានាជាសហជីវិនី សំដៅយកសិក្ខមានា​ជាសទ្ធិវិហារិនី (កូនសិស្ស)។ ពាក្យថាឲ្យឧបសម្បទា គឺបំបួសជាភិក្ខុនី។ ពាក្យថា មិននាំយកទៅ គឺមិននាំយកទៅខ្លួនឯង។ ពាក្យថា មិនឲ្យគេនាំយកទៅ គឺមិនបង្គាប់អ្នកដទៃ។ ភិក្ខុនីគ្រាន់តែដាក់ធុរៈថា អញនឹងមិននាំយកទៅ មិនឲ្យអ្នកដទៃនាំយកទៅ ដោយហោចទៅ សូម្បីអស់៥-៦យោជន៍ ត្រូវ​អាបត្តិបាចិត្តិយ។

[៤០០] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៤យ៉ាង) គឺ ភិក្ខុនីមានសេចក្តី​អន្តរាយ ហើយស្វែងរកភិក្ខុនីជាគំរប់ពីរមិនបាន១ ភិក្ខុនីមានភ័យធំ១ ភិក្ខុនី​ឆ្កួត១ ភិក្ខុនីធ្វើកន្លង​មុនបញ្ញត្តិ១។

គព្ភិនីវគ្គ ទី ៧ ចប់។

(បាចិត្តិយ) កុមារីភូតវគ្គ (ទី៨)

(១០. ទសមសិក្ខាបទំ)

(បាចិត្តិយ កុមារីភូតវគ្គ) សិក្ខាបទ ទី១

(១. បឋមសិក្ខាបទំ)

[៤០១] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងជេតវនារាម របស់​អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង ភិក្ខុនីទាំងឡាយ ឲ្យឧបសម្បទាដល់កុមារីភូតា (សាមណេរី)​ ដែលមានអាយុមិនគ្រប់២០ឆ្នាំ។ ពួកភិក្ខុនីបួសថ្មីទាំងនោះ ជាអ្នកអត់ទ្រាំមិនបាននឹងត្រជាក់ ក្តៅ ឃ្លាន ស្រេក និងសម្ផស្សរបោមមូសខ្យល់ កំដៅថ្ងៃ និងពស់តូចពស់ធំទាំងឡាយ មានជាតិ​ជាអ្នកមិន​អត់ធន់នឹងគន្លងពាក្យដែលគេនិយាយមិនគាប់ចិត្ត មានមកមិនល្អ នឹងវេទនាដែលប្រជុំ​ក្នុងសរីរ​កើតឡើងជាទុក្ខដ៏ក្លៀវក្លា រឹងក្រហល់ក្រហាយ មិនជាទីត្រេកអរ មិនគាប់ចិត្ត ជាទីនាំបង់​នូវជីវិត។ ភិក្ខុនីទាំងឡាយណា មានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុនីទាំងឡាយ​នោះ ក៏ពោលទោស តិះដៀល បន្តុះ​បង្អាប់​ថា ភិក្ខុនីទាំងឡាយ មិនសមបើនឹងឲ្យឧបសម្បទា​ដល់កុមារីភូតា ដែលមានអាយុមិនគ្រប់២០ឆ្នាំ​​សោះ។បេ។ ព្រះអង្គត្រាស់​សួរ​ថា ​ម្នាល​​ភិក្ខុ​​ទាំងឡាយ ឮ​ថា ភិក្ខុនីទាំងឡាយ ឲ្យឧបសម្បទា​ដល់កុមារីភូតា ដែលមានអាយុខ្វះពី២០ឆ្នាំ ពិតមែនឬ។ ភិក្ខុទាំងឡាយក្រាបទូលថា បពិត្រ​ព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះ​ពុទ្ធ​​ដ៏មាន​ជោគ ​​ទ្រង់បន្ទោស​ថា ម្នាល​ភិក្ខុ​ទាំងឡាយ​ ភិក្ខុនីទាំងឡាយ មិនសមបើនឹងឲ្យឧបសម្បទា​ដល់កុមារីភូតា ដែលមានវស្សាខ្វះពី២០ទេ ម្នាល​ភិក្ខុ​ទាំងឡាយ ព្រោះជាតិកុមារីភូតា មានវស្សាខ្វះពី២០ ជាអ្នក​មិនអត់ទ្រាំនូវត្រជាក់និងក្តៅ។បេ។ មានជាតិ​ជាអ្នកមិនអត់ទ្រាំ​នូវទុក្ខវេទនា ជាទីនាំបង់នូវ​ជីវិត ម្នាលភិក្ខុទាំងឡាយ ក៏ឯកុមារីភូតា មានឆ្នាំ២០ ទើបអត់ទ្រាំ​នូវត្រជាក់ ក្តៅ។បេ។ មានជាតិ​ជាអ្នកអត់ទ្រាំនូវទុក្ខវេទនា ជាទីនាំបង់នូវជីវិតបាន ម្នាលភិក្ខុទាំងឡាយ អំពើ​នេះ​មិន​មែននាំ​ឲ្យ​ជ្រះថ្លា​ដល់​ពួកជន​ ​​ដែល​មិន​ទាន់​ជ្រះថ្លា​ទេ។បេ។ ម្នាលភិក្ខុទាំងឡាយ ចូរភិក្ខុនីទាំងឡាយ សំដែង​ឡើងនូវសិក្ខាបទ​នេះយ៉ាងនេះថា

ភិក្ខុនី​ណាមួយ ឲ្យឧបសម្បទាដល់កុមារីភូតា មានឆ្នាំខ្វះពី២០ ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ។

[៤០២] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយក្នុងសិក្ខាបទ​ទី១ នៃបារាជិកកណ្ឌរួចហើយ។ កុមារីភូតា មានឆ្នាំមិនដល់២០ ឈ្មោះថា មានឆ្នាំខ្វះពី២០។ ដែលហៅថា កុមារីភូតា សំដៅយកសាមណេរី។។ ពាក្យថា ឲ្យឧបសម្បទា គឺបំបួស​ជាភិក្ខុនី។ ភិក្ខុនីគិតថា អញនឹង​ឲ្យឧបសម្បទា​ ហើយស្វែងរក​គណៈក្តី អាចរិនីក្តី បាត្រក្តី ចីវរក្តី សន្មតសីមាក្តី ត្រូវអាបត្តិទុក្កដ ត្រូវទុក្កដ​ខណៈចប់ញត្តិ ត្រូវទុក្កដទាំងឡាយ​ខណៈ​ចប់កម្មវាចាពីរ ចប់កម្មវាចា ឧបជ្ឈាយ៍​ត្រូវអាបត្តិ​បាចិត្តិយ គណៈ និងអាចរិនីត្រូវ​អាបត្តិទុក្កដ។

[៤០៣] សាមណេរីមានឆ្នាំខ្វះពី២០ ភិក្ខុនីសំគាល់ថា មានឆ្នាំខ្វះពី២០ ហើយឲ្យឧបសម្បទា ត្រូវអាបត្តិបាចិត្តិយ។ សាមណេរីមានឆ្នាំខ្វះពី២០ ភិក្ខុនីសង្ស័យ ហើយឲ្យឧបសម្បទា ត្រូវអាបត្តិទុក្កដ។ សាមណេរីមានឆ្នាំខ្វះពី២០ ភិក្ខុនីសំគាល់ថា គ្រប់ ហើយឲ្យឧបសម្បទា មិនត្រូវអាបត្តិ។ សាមណេរីមានឆ្នាំគ្រប់២០ហើយ ភិក្ខុនីសំគាល់ថា មានឆ្នាំខ្វះពី២០ ត្រូវអាបត្តិទុក្កដ។ សាមណេរីមានឆ្នាំគ្រប់២០ហើយ ភិក្ខុនីសង្ស័យ ត្រូវអាបត្តិទុក្កដ។ សាមណេរីមានឆ្នាំគ្រប់២០ហើយ ភិក្ខុនី​ក៏សំគាល់​ថា គ្រប់ហើយ មិនត្រូវអាបត្តិ។

[៤០៤] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៤យ៉ាង) គឺ សាមណេរីមានឆ្នាំខ្វះពី២០ (តែ)ភិក្ខុនីសំគាល់ថាគ្រប់ហើយ ក៏ឲ្យ​ឧបសម្បទា១ សាមណេរីមានឆ្នាំគ្រប់២០ហើយ ភិក្ខុនីក៏សំគាល់ថាគ្រប់២០ ហើយឲ្យឧបសម្បទា១ ភិក្ខុនី​ឆ្កួត១ ភិក្ខុនីធ្វើកន្លង​មុនបញ្ញត្តិ១។

(បាចិត្តិយ កុមារីភូតវគ្គ) សិក្ខាបទ ទី២

(២. ទុតិយសិក្ខាបទំ)

[៤០៥] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងជេតវនារាម របស់​អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង ភិក្ខុនីទាំងឡាយ ឲ្យឧបសម្បទាដល់​ កុមារីភូតា (សាមណេរី) មានឆ្នាំគ្រប់២០ហើយ (តែ) មិនបានសិក្សាសិក្ខាក្នុងធម៌៦យ៉ាងអស់ពីរឆ្នាំ។ ភិក្ខុនីបួសថ្មី​ទាំង​នោះ នៅល្ងង់ មិនឆ្លាស មិនស្គាល់ការគួរ ឬមិនគួរ។ ភិក្ខុនីទាំងឡាយណា មានសេចក្តីប្រាថ្នា​តិច។បេ។ ភិក្ខុនីទាំងឡាយ​នោះ ក៏ពោលទោស តិះដៀល បន្តុះ​បង្អាប់​ថា ភិក្ខុនីទាំងឡាយ មិនគួរបើ​នឹងឲ្យ​ឧបសម្បទា​ដល់កុមារីភូតា ដែលមានវស្សាគ្រប់២០ហើយ (តែ) មិនបានសិក្សាសិក្ខា​ក្នុងធម៌៦យ៉ាង​អស់ពីរឆ្នាំសោះ។បេ។ ព្រះអង្គត្រាស់​សួរ​ថា ​ម្នាល​​ភិក្ខុ​​ទាំងឡាយ ឮ​ថា ភិក្ខុនី​ទាំងឡាយ ឲ្យឧបសម្បទា​ដល់កុមារីភូតា មានវស្សាគ្រប់២០ហើយ តែ​មិនបានសិក្សា​សិក្ខាក្នុងធម៌​៦យ៉ាង​អស់ពីរឆ្នាំ ពិតមែនឬ។ ភិក្ខុទាំងឡាយក្រាបទូលថា បពិត្រ​ព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះ​ពុទ្ធ​​ដ៏មាន​ជោគ ​​ទ្រង់បន្ទោស​ថា ម្នាល​ភិក្ខុ​ទាំងឡាយ​ ភិក្ខុនីទាំងឡាយ មិនសមបើ​នឹងឲ្យ​ឧបសម្បទា​ដល់កុមារីភូតា មានឆ្នាំគ្រប់២០ហើយ មិនបានសិក្សា​សិក្ខាក្នុងធម៌៦យ៉ាងអស់ពីរឆ្នាំទេ ម្នាល​ភិក្ខុ​ទាំងឡាយ អំពើ​នេះ​មិន​មែននាំ​ឲ្យ​ជ្រះថ្លា​ដល់​ពួកជន​ ​​ដែល​មិន​ទាន់​ជ្រះថ្លា​ទេ។បេ។ លុះទ្រង់បន្ទោសហើយ ទ្រង់​ធ្វើធម្មីកថា ហើយទើបត្រាស់ហៅភិក្ខុ​ទាំងឡាយថា ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត​អនុញ្ញាតឲ្យ ៗនូវសិក្ខាសម្មតិក្នុងធម៌៦យ៉ាងអស់ពីរឆ្នាំ ដល់កុមារីភូតា ដែល​មានឆ្នាំ១៨។ ម្នាលភិក្ខុទាំងឡាយ ក៏ឯសិក្ខាសម្មតិនោះ សង្ឃត្រូវឲ្យយ៉ាងនេះ។ គឺកុមារីភូតា មានឆ្នាំ១៨នោះ ត្រូវចូលទៅរកសង្ឃ ធ្វើឧត្តរាសង្គ​ឆៀងស្មាម្ខាង ហើយថ្វាយបង្គំ​បាទាភិក្ខុនី​ទាំងឡាយ រួចអង្គុយច្រហោង ផ្គងអញ្ជលី​ឡើង រួចនិយាយ​យ៉ាងនេះនឹងសង្ឃថា បពិត្រ​លោក​ម្ចាស់ ខ្ញុំមានឈ្មោះនេះ ជាកុមារីភូតា មានឆ្នាំ១៨ របស់​លោកម្ចាស់មានឈ្មោះនេះ សូមសិក្ខា​សម្មតិ​ក្នុងធម៌៦យ៉ាងអស់ពីរឆ្នាំនឹងសង្ឃ។ កុមារីភូតានោះ ត្រូវសូមសិក្ខាសម្មតិនោះ​អស់វារៈ​ពីរដង​ផង ត្រូវសូមអស់វារៈបីដងផង។ ភិក្ខុនី​ដែល​ឆ្លាស ប្រតិពល ត្រូវឲ្យសង្ឃជ្រាបថា បពិត្រ​លោកម្ចាស់ សូមសង្ឃស្តាប់ខ្ញុំ កុមារីភូតានេះ​ ឈ្មោះនេះ មានឆ្នាំ១៨ របស់​លោកម្ចាស់​មានឈ្មោះ​នេះ សូមសិក្ខាសម្មតិក្នុងធម៌​៦យ៉ាង​អស់ពីរឆ្នាំនឹងសង្ឃ។ បើសិក្ខាសម្មតិកម្ម មានកាលគួរ​ដល់​សង្ឃហើយ សូមសង្ឃឲ្យ​សិក្ខាសម្មតិ ​ក្នុងធម៌៦យ៉ាងអស់​ពីរឆ្នាំ ដល់កុមារីភូតា មានឈ្មោះនេះ មានអាយុ១៨ឆ្នាំ។ នេះជាញត្តិ។ បពិត្រលោកម្ចាស់ សូមសង្ឃស្តាប់ខ្ញុំ កុមារីភូតានេះ មានឈ្មោះ​នេះ របស់​លោកម្ចាស់​មានឈ្មោះនេះ មានឆ្នាំ១៨ សូមសិក្ខាសម្មតិក្នុងធម៌​៦យ៉ាង អស់ពីរឆ្នាំ​នឹង​សង្ឃ។ ឥឡូវសង្ឃឲ្យសិក្ខាសម្មតិក្នុងធម៌៦យ៉ាងអស់ពីរឆ្នាំ ដល់កុមារីភូតា មានឆ្នាំ១៨ មាន​ឈ្មោះ​នេះ។ ការឲ្យសិក្ខាសម្មតិ ក្នុងធម៌៦យ៉ាងអស់ពីរឆ្នាំ ដល់កុមារីភូតា មានអាយុ១៨ មាន​ឈ្មោះនេះ គួរដល់​លោកម្ចាស់អង្គណា លោកម្ចាស់អង្គនោះ ត្រូវស្ងៀម មិនគួរដល់​លោកម្ចាស់អង្គណា លោក​ម្ចាស់អង្គនោះ ត្រូវនិយាយឡើង។ សង្ឃបានឲ្យសិក្ខាសម្មតិក្នុងធម៌៦យ៉ាងអស់ពីរឆ្នាំ ដល់​កុមារីភូតា មានអាយុ១៨ឆ្នាំ មាន​ឈ្មោះនេះហើយ។ ការឲ្យសិក្ខាសម្មតិនោះ គួរដល់សង្ឃ ហេតុនោះ បានជាសង្ឃស្ងៀម។ ខ្ញុំសូមចាំទុកនូវរឿងនេះ ដោយអាការស្ងៀមនៅយ៉ាងនេះ។ កុមារីភូតា មានអាយុ១៨នោះ សង្ឃត្រូវបង្គាប់ថា នាងចូរថាយ៉ាងនេះ គឺពោលថា ខ្ញុំសូម​សមាទាន​នូវបាណាតិបាតាវេរមណី ជាសមាទានមិនកន្លងអស់ពីរឆ្នាំ ខ្ញុំសូមសមាទាន​នូវ​អទិន្នាទានាវេរមណី ជាសមាទានមិនកន្លងអស់ពីរឆ្នាំ ខ្ញុំសូមសមាទាននូវអព្រហ្មចរិយាវេរមណី ជាសមាទានមិនកន្លងអស់ពីរឆ្នាំ ខ្ញុំសូមសមាទាននូវមុសាវាទាវេរមណី ជាសមាទាន​មិនកន្លង​អស់ពីរឆ្នាំ ខ្ញុំសូមសមាទាននូវសុរាមេរយមជ្ជប្បមាទដ្ឋានាវេរមណី ជាសមាទានមិនកន្លង​អស់​ពីរឆ្នាំ ខ្ញុំសូមសមាទានូវវិកាលភោជនាវេរមណី ជាសមាទានមិនកន្លងអស់ពីរឆ្នាំ។ លំដាប់​នោះឯង ព្រះដ៏មានព្រះភាគ ទ្រង់បន្ទោស​ភិក្ខុនីទាំងឡាយ​នោះ ដោយបរិយាយជាច្រើន។បេ។ ម្នាលភិក្ខុ​ទាំងឡាយ ចូរភិក្ខុនីទាំងឡាយ សំដែង​ឡើងនូវសិក្ខាបទ​នេះយ៉ាងនេះថា

ភិក្ខុនី​ណាមួយ ឲ្យឧបសម្បទាដល់កុមារីភូតា មានឆ្នាំពេញ២០ហើយ មិនបានសិក្សា​សិក្ខា ក្នុង​ធម៌៦យ៉ាងអស់​ពីរវស្សា ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ។

[៤០៦] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយក្នុងសិក្ខាបទ​ទី១ នៃបារាជិកកណ្ឌរួចហើយ។ សាមណេរីមានឆ្នាំដល់២០ហើយ ឈ្មោះថា មានឆ្នាំពេញ២០។ ដែលហៅថា កុមារីភូតា សំដៅយកសាមណេរី។ ពាក្យថា អស់ពីរវស្សា គឺអស់ពីរឆ្នាំ។ សិក្ខា ដែលសង្ឃមិនបានឲ្យក្តី សិក្ខាដែលសង្ឃឲ្យហើយ តែកម្រើកដាច់ក្តី របស់សាមណេរីណា សាមណេរីនោះ ឈ្មោះថា មិនបានសិក្សាសិក្ខា។ ពាក្យថា ឲ្យឧបសម្បទា គឺបំបួស​ជាភិក្ខុនី។ ភិក្ខុនីគិតថា អញនឹង​ឲ្យឧបសម្បទា​ ហើយស្វែងរក​គណៈក្តី អាចរិនីក្តី បាត្រក្តី ចីវរក្តី សន្មតសីមាក្តី ត្រូវអាបត្តិទុក្កដ ត្រូវទុក្កដខណៈចប់ញត្តិ។ ត្រូវទុក្កដទាំងឡាយ​ខណៈ​ចប់កម្មវាចាពីរ ចប់កម្មវាចា ឧបជ្ឈាយ៍ត្រូវអាបត្តិបាចិត្តិយ គណៈ និងអាចរិនីត្រូវ​អាបត្តិទុក្កដ។

[៤០៧] កម្មប្រកបដោយធម៌ ភិក្ខុនីសំគាល់ថា កម្មប្រកបដោយធម៌ ហើយឲ្យឧបសម្បទា ត្រូវអាបត្តិបាចិត្តិយ។ កម្មប្រកបដោយធម៌ ភិក្ខុនីសង្ស័យ ហើយឲ្យឧបសម្បទា ត្រូវអាបត្តិ​បាចិត្តិយ។ កម្មប្រកបដោយធម៌ ភិក្ខុនីសំគាល់ថា កម្មមិនប្រកប​ដោយធម៌ ហើយឲ្យឧបសម្បទា ត្រូវអាបត្តិបាចិត្តិយ។ កម្មមិនប្រកបដោយធម៌ ភិក្ខុនីសំគាល់ថា កម្មប្រកប​ដោយធម៌ ត្រូវអាបត្តិទុក្កដ។ កម្មមិនប្រកបដោយធម៌ ភិក្ខុនីសង្ស័យ ត្រូវអាបត្តិទុក្កដ។ កម្មមិនប្រកប​ដោយធម៌ ភិក្ខុនីសំគាល់ថា កម្មមិនប្រកបដោយធម៌ ត្រូវអាបត្តិទុក្កដ។

[៤០៨] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៣យ៉ាង) គឺភិក្ខុនីឲ្យ​ឧបសម្បទា​ដល់ កុមារីភូតាមានឆ្នាំគ្រប់២០ហើយ សិក្សាសិក្ខាក្នុងធម៌៦យ៉ាងអស់ពីរឆ្នាំហើយ១ ភិក្ខុនី​ឆ្កួត១ ភិក្ខុនីធ្វើកន្លង​មុនបញ្ញត្តិ១។

(បាចិត្តិយ កុមារីភូតវគ្គ) សិក្ខាបទ ទី៣

(៣. តតិយសិក្ខាបទំ)

[៤០៩] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងជេតវនារាម របស់​អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង ភិក្ខុនីទាំងឡាយ ឲ្យឧបសម្បទាដល់​ កុមារីភូតា មានឆ្នាំគ្រប់​២០ហើយ សិក្សា​សិក្ខា​ក្នុងធម៌៦យ៉ាងហើយ (តែ) សង្ឃមិនបានសន្មត។ ភិក្ខុនីទាំងឡាយ បាន​និយាយយ៉ាងនេះថា នែពួកសិក្ខមានា នាងទាំងឡាយចូរមក ចូរដឹងកិច្ចនេះ ចូរឲ្យរបស់នេះ ចូរនាំយករបស់នេះមក យើងត្រូវការដោយរបស់នេះ នាងទាំងឡាយចូរធ្វើ​របស់នេះ​ឲ្យជា​កប្បិយ។ ភិក្ខុនីបួសថ្មីទាំងឡាយនោះ​បាននិយាយយ៉ាងនេះថា បពិត្រលោកម្ចាស់ យើងខ្ញុំ​មិន​មែន​​ជាសិក្ខមានាទេ យើងខ្ញុំជាភិក្ខុនីទេតើ។ ភិក្ខុនីទាំងឡាយណា មានសេចក្តីប្រាថ្នា​តិច។បេ។ ភិក្ខុនី​ទាំងឡាយ​នោះ ក៏ពោលទោស តិះដៀល បន្តុះ​បង្អាប់​ថា ភិក្ខុនីទាំងឡាយ មិនសមបើ​នឹង​ឲ្យឧបសម្បទា​ដល់ កុមារីភូតាមានឆ្នាំពេញ២០ហើយ សិក្សា​សិក្ខា​ក្នុងធម៌៦យ៉ាងអស់​ពីរឆ្នាំ (តែ)​សង្ឃមិនបានសន្មត​សោះ។បេ។ ទ្រង់ត្រាស់​សួរ​ថា ​ម្នាល​​ភិក្ខុ​​ទាំងឡាយ ឮ​ថា ភិក្ខុនីទាំងឡាយ ឲ្យ​ឧបសម្បទា​ដល់កុមារីភូតាមានឆ្នាំពេញ២០ហើយ បានសិក្សា​សិក្ខា​ក្នុងធម៌៦យ៉ាងអស់​ពីរឆ្នាំ (តែ)សង្ឃមិនបានសន្មត ពិតមែនឬ។ ភិក្ខុទាំងឡាយក្រាបទូលថា បពិត្រ​ព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះ​ពុទ្ធ​​ដ៏មានជោគ ​​ទ្រង់បន្ទោស​ថា ម្នាល​ភិក្ខុ​ទាំងឡាយ​ ភិក្ខុនីទាំងឡាយ មិនសម​បើនឹងឲ្យឧបសម្បទា​ដល់ កុមារីភូតាមានអាយុពេញ២០ហើយ សិក្សា​សិក្ខា​ក្នុងធម៌៦យ៉ាងអស់​ពីរឆ្នាំហើយ (តែ)សង្ឃមិនបានសន្មតទេ ម្នាល​ភិក្ខុ​ទាំងឡាយ អំពើ​នេះ​មិន​មែននាំ​ឲ្យ​ជ្រះថ្លា​ដល់​ពួកជន​ ​​ដែល​មិន​ទាន់​ជ្រះថ្លា​ទេ។បេ។ លុះទ្រង់បន្ទោសហើយ ទ្រង់​ធ្វើធម្មីកថា ហើយត្រាស់ហៅ​ភិក្ខុ​​ទាំងឡាយថា ម្នាល​ភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត ឲ្យ​ភិក្ខុនីសង្ឃឲ្យវុដ្ឋានសម្មតិ ដល់ កុមារីភូតា​មានឆ្នាំពេញ២០ហើយ សិក្សា​សិក្ខា​ក្នុងធម៌៦យ៉ាងអស់​ពីរឆ្នាំហើយ។ ម្នាលភិក្ខុ​ទាំងឡាយ ឯវុដ្ឋានសម្មតិនោះ សង្ឃត្រូវឲ្យយ៉ាងនេះ។ គឺកុមារីភូតាមានឆ្នាំពេញ២០ហើយ ដែល​បានសិក្សា​សិក្ខា​ក្នុងធម៌៦យ៉ាងអស់​ពីរឆ្នាំហើយនោះ ត្រូវចូលទៅរកសង្ឃ ធ្វើឧត្តរាសង្គ​ឆៀងស្មា​ម្ខាង ហើយថ្វាយបង្គំ​បាទាភិក្ខុនីទាំងឡាយ រួចអង្គុយច្រហោង ផ្គងអញ្ជលីឡើង ហើយ​និយាយ​យ៉ាងនេះនឹងសង្ឃថា បពិត្រលោកម្ចាស់ ខ្ញុំមានឈ្មោះនេះ ជាកុមារីភូតារបស់​លោកម្ចាស់​ឈ្មោះ​នេះ មានឆ្នាំពេញ២០ហើយ បានសិក្សា​សិក្ខា​ក្នុងធម៌៦យ៉ាងអស់​ពីរឆ្នាំហើយ សូមវុដ្ឋានសម្មតិ​នឹងសង្ឃ។ វុដ្ឋានសម្មតិនោះ ត្រូវកុមារីភូតានោះ សូម​អស់វារៈ​ពីរដងផង ត្រូវសូមអស់វារៈបី​ដង​ផង។ ភិក្ខុនី​ដែល​ឆ្លាស ប្រតិពល ត្រូវឲ្យសង្ឃដឹងថា បពិត្រលោកម្ចាស់ សូមសង្ឃស្តាប់ខ្ញុំ កុមារីភូតា​នេះ​មានឈ្មោះនេះ របស់​លោកម្ចាស់ឈ្មោះនេះ មានឆ្នាំពេញ២០​ហើយ បានសិក្សា​សិក្ខា​ក្នុងធម៌៦យ៉ាងអស់​ពីរឆ្នាំហើយ សូមវុដ្ឋានសម្មតិនឹងសង្ឃ។ បើវុដ្ឋានសម្មតិកម្ម មានកាល​គួរ​ដល់សង្ឃហើយ ត្រូវសង្ឃឲ្យ​វុដ្ឋានសម្មតិ ដល់កុមារីភូតា មានឈ្មោះនេះ មានឆ្នាំពេញ២០ហើយ ដែលបានសិក្សា​សិក្ខា​ក្នុងធម៌៦យ៉ាងអស់​ពីរឆ្នាំហើយ។ នេះជាញត្តិ។ បពិត្រលោកម្ចាស់ សូម​សង្ឃ​ស្តាប់ខ្ញុំ កុមារីភូតា មានឈ្មោះនេះ របស់​លោកម្ចាស់ឈ្មោះនេះ មានឆ្នាំពេញ២០ហើយ បាន​សិក្សា​សិក្ខា​ក្នុងធម៌៦យ៉ាងអស់​ពីរឆ្នាំហើយ សូមវុដ្ឋានសម្មតិ​នឹង​សង្ឃ។ ឥឡូវ សង្ឃឲ្យវុដ្ឋានសម្មតិ ដល់កុមារីភូតា មាន​ឈ្មោះនេះ មានឆ្នាំពេញ២០ហើយ បានសិក្សា​សិក្ខា​ក្នុងធម៌៦យ៉ាងអស់​ពីរឆ្នាំ​ហើយ។ ការឲ្យវុដ្ឋានសម្មតិ ដល់កុមារីភូតា មាន​ឈ្មោះនេះ មានឆ្នាំពេញ២០ហើយ បានសិក្សា​សិក្ខា​​ក្នុងធម៌​៦យ៉ាងអស់​ពីរឆ្នាំ​ហើយ គួរដល់​លោកម្ចាស់អង្គណា លោកម្ចាស់អង្គនោះ ត្រូវស្ងៀម មិនគួរដល់​លោកម្ចាស់​អង្គ​ណា លោកម្ចាស់អង្គនោះ ត្រូវនិយាយឡើង។ សង្ឃបានឲ្យវុដ្ឋានសម្មតិ ដល់កុមារីភូតា ​មាន​ឈ្មោះនេះ មានឆ្នាំពេញ២០ហើយ បានសិក្សា​សិក្ខា​ក្នុងធម៌៦យ៉ាងអស់​ពីរឆ្នាំ​ហើយ។ ការឲ្យវុដ្ឋានសម្មតិនោះ គួរដល់សង្ឃ ហេតុនោះ ទើបសង្ឃស្ងៀមនៅ។ ខ្ញុំសូមចាំទុក​នូវ​រឿងនេះ ដោយអាការស្ងៀមនៅយ៉ាងនេះ។ លំដាប់​នោះឯង ព្រះដ៏មានព្រះភាគ ទ្រង់បន្ទោស​ភិក្ខុនីទាំងឡាយ​នោះ ដោយបរិយាយជាច្រើន។បេ។ ម្នាលភិក្ខុទាំងឡាយ ចូរភិក្ខុនីទាំងឡាយ សំដែង​ឡើងនូវសិក្ខាបទ​នេះយ៉ាងនេះថា

ភិក្ខុនី​ណាមួយ ឲ្យឧបសម្បទាដល់កុមារីភូតា មានឆ្នាំ​ពេញ​២០ហើយ សិក្សា​សិក្ខាក្នុងធម៌៦យ៉ាងអស់​ពីរឆ្នាំហើយ ដែលសង្ឃមិន​បាន​សន្មត​(ឲ្យ) ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ។

[៤១០] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយក្នុងសិក្ខាបទ​ទី១ នៃបារាជិកកណ្ឌរួចហើយ។ កុមារីភូតា មានឆ្នាំដល់២០ហើយ ឈ្មោះថា មានឆ្នាំពេញ២០ហើយ។ ដែលហៅថា កុមារីភូតា សំដៅយកសាមណេរី។ ពាក្យថា អស់ពីរវស្សា គឺអស់ពីរឆ្នាំ។ ដែល​ហៅថា​ បានសិក្សាសិក្ខា គឺបានសិក្សាសិក្ខាក្នុងធម៌៦យ៉ាង។ ដែលហៅថា សង្ឃមិនបានសន្មត គឺសង្ឃមិនបានឲ្យវុដ្ឋានសម្មតិ ដោយញត្តិទុតិយកម្ម។ ពាក្យថា ឲ្យឧបសម្បទា គឺបំបួស​ជាភិក្ខុនី។ ភិក្ខុនីគិតថា អញនឹង​ឲ្យឧបសម្បទា​ ហើយស្វែងរក​គណៈក្តី អាចរិនីក្តី បាត្រក្តី ចីវរក្តី សន្មតសីមាក្តី ត្រូវអាបត្តិទុក្កដ។ ត្រូវទុក្កដខណៈចប់ញត្តិ ត្រូវទុក្កដទាំងឡាយ​ខណៈ​ចប់កម្មវាចាពីរ ចប់កម្មវាចា ឧបជ្ឈាយ៍ត្រូវអាបត្តិបាចិត្តិយ គណៈ និងអាចរិនីត្រូវ​អាបត្តិទុក្កដ។

[៤១១] កម្មប្រកបដោយធម៌ ភិក្ខុនីសំគាល់ថា កម្មប្រកបដោយធម៌ ហើយឲ្យ​ឧបសម្បទា ត្រូវអាបត្តិបាចិត្តិយ។ កម្មប្រកបដោយធម៌ ភិក្ខុនីសង្ស័យ ហើយឲ្យឧបសម្បទា ត្រូវអាបត្តិ​បាចិត្តិយ។ កម្មប្រកបដោយធម៌ ភិក្ខុនីសំគាល់ថា កម្មមិនប្រកប​ដោយធម៌ ហើយឲ្យឧបសម្បទា ត្រូវអាបត្តិបាចិត្តិយ។ កម្មមិនប្រកបដោយធម៌ ភិក្ខុនីសំគាល់ថា កម្មប្រកប​ដោយធម៌ ត្រូវអាបត្តិ​ទុក្កដ។ កម្មមិនប្រកបដោយធម៌ ភិក្ខុនីសង្ស័យ ត្រូវអាបត្តិទុក្កដ។ កម្មមិន​ប្រកបដោយ​ធម៌ ភិក្ខុនី​សំគាល់ថា កម្មមិនប្រកបដោយធម៌ ត្រូវអាបត្តិទុក្កដ។

[៤១២] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៣យ៉ាង) គឺភិក្ខុនីឲ្យ​ឧបសម្បទា​ដល់កុមារីភូតា មានឆ្នាំពេញ២០ហើយ សិក្សាសិក្ខាក្នុងធម៌៦យ៉ាងអស់ពីរឆ្នាំហើយ សង្ឃសន្មតហើយ១ ភិក្ខុនី​ឆ្កួត១ ភិក្ខុនីធ្វើកន្លង​មុនបញ្ញត្តិ១។

(បាចិត្តិយ កុមារីភូតវគ្គ) សិក្ខាបទ ទី៤

(៤. ចតុត្ថសិក្ខាបទំ)

[៤១៣] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងជេតវនារាម របស់​អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង ភិក្ខុនីទាំងឡាយមានវស្សាមិនគ្រប់១២ ឲ្យឧបសម្បទា(ដល់​ស្រីដទៃ)។ ភិក្ខុនីជាឧបជ្ឈាយ៍ទាំងឡាយនោះល្ងង់ មិនឆ្លាស មិនដឹងការគួរ ឬមិនគួរ។ ពួក​សទ្ធិវិហារិនី (ក៏) ល្ងង់ មិនឆ្លាស មិនដឹងការគួរ ឬមិនគួរដែរ។ ភិក្ខុនីទាំងឡាយណា មានសេចក្តី​ប្រាថ្នាតិច។បេ។ ភិក្ខុនីទាំងឡាយ​នោះ ក៏ពោលទោស តិះដៀល បន្តុះ​បង្អាប់​ថា ភិក្ខុនីទាំងឡាយ​មានវស្សាមិនគ្រប់១២ មិនគួរបើនឹងឲ្យឧបសម្បទា​ដល់ (ស្រីដទៃ)សោះ។បេ។ ព្រះអង្គត្រាស់​សួរ​ថា ​ម្នាល​​ភិក្ខុ​​ទាំងឡាយ ឮ​ថា ភិក្ខុនីទាំងឡាយ​មានវស្សាមិនគ្រប់១២ ឲ្យឧបសម្បទា​(ដល់ស្រីដទៃ) ពិតមែនឬ។ ភិក្ខុទាំងឡាយក្រាបទូលថា បពិត្រ​ព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះ​ពុទ្ធ​​ដ៏មាន​ជោគ ​​ទ្រង់បន្ទោស​ថា ម្នាល​ភិក្ខុ​ទាំងឡាយ​ ភិក្ខុនីទាំងឡាយ​មានវស្សាមិនគ្រប់១២ មិនសមបើ​នឹងឲ្យឧបសម្បទា​(ដល់ស្រីដទៃ)ទេ ម្នាល​ភិក្ខុ​ទាំងឡាយ អំពើ​នេះ​មិន​មែននាំ​ឲ្យ​ជ្រះថ្លា​ដល់​ពួកជន​ ​​ដែល​មិន​ទាន់​ជ្រះថ្លា​ទេ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ ចូរភិក្ខុនីទាំងឡាយ សំដែង​ឡើងនូវសិក្ខាបទ​នេះយ៉ាងនេះថា

ភិក្ខុនី​ណាមួយ មានវស្សាមិនគ្រប់​១២ ហើយឲ្យឧបសម្បទា​ដល់ (គេ) ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ។

[៤១៤] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយក្នុងសិក្ខាបទ​ទី១ នៃបារាជិកកណ្ឌរួចហើយ។ ភិក្ខុនី​មានវស្សាមិនទាន់ដល់១២ ឈ្មោះថា មានវស្សាមិនគ្រប់១២។ ពាក្យថា ឲ្យឧបសម្បទា គឺបំបួស​ជាភិក្ខុនី។ ភិក្ខុនីគិតថា អញនឹង​ឲ្យឧបសម្បទា ហើយស្វែង​រកគណៈ​ក្តី អាចរិនីក្តី បាត្រក្តី ចីវរក្តី សន្មតសីមាក្តី ត្រូវអាបត្តិទុក្កដ។ ត្រូវទុក្កដខណៈចប់​ញត្តិ ត្រូវទុក្កដទាំងឡាយខណៈចប់កម្មវាចាពីរ ចប់កម្មវាចា ឧបជ្ឈាយ៍ត្រូវអាបត្តិបាចិត្តិយ គណៈ និងអាចរិនី ត្រូវអាបត្តិទុក្កដ។

[៤១៥] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៣យ៉ាង) គឺភិក្ខុនីមាន​វស្សាពេញ​១២ហើយ ឲ្យឧបសម្បទា១ ភិក្ខុនី​ឆ្កួត១ ភិក្ខុនីធ្វើកន្លង​មុនបញ្ញត្តិ១។

(បាចិត្តិយ កុមារីភូតវគ្គ) សិក្ខាបទ ទី៥

(៥. បញ្ចមសិក្ខាបទំ)

[៤១៦] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងជេតវនារាម របស់​អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ភិក្ខុនីទាំងឡាយ មានវស្សាពេញ១២បរិបូណ៌ហើយ (តែ) សង្ឃមិនបានសន្មត ក៏ឲ្យឧបសម្បទា (ដល់ពួកកុលធីតា)។ ភិក្ខុនីទាំងឡាយនោះ ល្ងង់ មិនឆ្លាស មិនដឹងការគួរ ឬមិនគួរ។ ពួកភិក្ខុនីជាសទ្ធិវិហារិនី ក៏ល្ងង់ មិនឆ្លាស មិនស្គាល់ការគួរ ឬមិនគួរ (ដូចគ្នាដែរ)។ ភិក្ខុនីទាំងឡាយណា មានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុនីទាំងឡាយ​នោះ ក៏ពោលទោស តិះដៀល បន្តុះ​បង្អាប់​ថា ភិក្ខុនីទាំងឡាយ មានវស្សាពេញ១២ហើយ (តែ) សង្ឃមិនទាន់បាន​សន្មត មិនសមបើនឹងឲ្យឧបសម្បទាសោះ។បេ។ ទ្រង់ត្រាស់​សួរ​ថា ​ម្នាល​​ភិក្ខុ​​ទាំងឡាយ ឮ​ថា ភិក្ខុនីទាំងឡាយ មានវស្សាពេញ១២ហើយ សង្ឃមិនបាន​សន្មត ហើយឲ្យ​ឧបសម្បទា ពិតមែនឬ។ ភិក្ខុទាំងឡាយក្រាបទូលថា បពិត្រ​ព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះ​ពុទ្ធ​​ដ៏មានព្រះភាគ ​​ទ្រង់បន្ទោស​ថា ម្នាល​ភិក្ខុ​ទាំងឡាយ​ ភិក្ខុនីទាំងឡាយ មានវស្សា​ពេញ១២​ហើយ (តែ) សង្ឃមិនបាន​សន្មត មិនគួរនឹងឲ្យឧបសម្បទាទេ ម្នាល​ភិក្ខុ​ទាំងឡាយ អំពើ​នេះ​មិននាំ​ឲ្យ​ជ្រះថ្លា​ដល់​ពួកជន​ ​​ដែល​មិន​ទាន់​ជ្រះថ្លា​ទេ។បេ។ លុះទ្រង់បន្ទោស​ហើយ ទ្រង់ធ្វើធម្មីកថា ហើយត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យសង្ឃឲ្យ​វុដ្ឋាបនសម្មតិ​ដល់ភិក្ខុនីដែលមានវស្សាពេញ១២ហើយ។ ម្នាលភិក្ខុទាំងឡាយ ក៏ឯវុដ្ឋាបនសម្មតិ​នោះ សង្ឃត្រូវឲ្យយ៉ាងនេះ។ គឺភិក្ខុនីដែលមានវស្សាពេញ១២ហើយនោះ ត្រូវចូលទៅរកសង្ឃ ធ្វើឧត្តរាសង្គ​ឆៀងស្មាម្ខាង ហើយសំពះ​បាទាភិក្ខុនីដែលចាស់ៗ ហើយ​អង្គុយច្រហោង ផ្គងអញ្ជលី​ឡើង ពោល​យ៉ាងនេះថា បពិត្រព្រះសង្ឃជាម្ចាស់ ខ្ញុំមានឈ្មោះនេះ ជាភិក្ខុនីមាន​វស្សាពេញ១២​ហើយ សូមវុដ្ឋាបនសម្មតិនឹងសង្ឃ។ ភិក្ខុនីនោះ ត្រូវសូមវុដ្ឋាបនសម្មតិនោះ អស់វារៈ​ពីរដងផង ត្រូវសូមអស់វារៈបីដងផង។ ភិក្ខុនីនោះ សង្ឃគប្បី​កំណត់ឲ្យដឹងថា ភិក្ខុនីនេះជាអ្នកឆ្លាស មាន​សេចក្តី​អៀនខ្មាស។ បើភិក្ខុនីនោះល្ងង់ផង មិនមាន​សេចក្តីអៀនខ្មាសផង សង្ឃមិនគប្បី​ឲ្យវុដ្ឋាបនសម្មតិ​ទេ បើភិក្ខុនីនោះល្ងង់ (តែ) មានសេចក្តី​អៀនខ្មាស សង្ឃក៏មិនគប្បីឲ្យ បើភិក្ខុនី​ឆ្លាស (តែ) មិនមានសេចក្តីខ្មាស សង្ឃក៏មិនគប្បីឲ្យ(ដែរ) បើភិក្ខុនីនោះឆ្លាសផង មានសេចក្តី​ខ្មាសផង សង្ឃគប្បីឲ្យបាន។ ម្នាលភិក្ខុទាំងឡាយ ក៏ឯវុដ្ឋាបនសម្មតិនោះ សង្ឃគប្បីឲ្យយ៉ាងនេះ។ គឺភិក្ខុនី​ដែល​ឆ្លាស ប្រតិពល គប្បីញុំាង​សង្ឃឲ្យដឹងថា បពិត្រព្រះសង្ឃជាម្ចាស់ សូមសង្ឃស្តាប់ខ្ញុំ ភិក្ខុនីនេះ​មានឈ្មោះនេះ មានវស្សាពេញ១២​ហើយ សូមវុដ្ឋាបនសម្មតិនឹងសង្ឃ។ បើ​វុដ្ឋាបនសម្មតិ​កម្មនេះ មានកាលដ៏សមគួរដល់សង្ឃហើយ គប្បីសង្ឃឲ្យ​វុដ្ឋាបនសម្មតិ ដល់ភិក្ខុនី មានឈ្មោះនេះ ដែលមានវស្សាពេញ១២ហើយ។ នេះជាញត្តិ។ បពិត្រព្រះសង្ឃជាម្ចាស់ សូម​សង្ឃស្តាប់ខ្ញុំ ភិក្ខុនី មានឈ្មោះនេះ មានវស្សា​ពេញ១២ហើយ សូមវុដ្ឋានសម្មតិ​នឹង​សង្ឃ។ សង្ឃ​ឲ្យវុដ្ឋាបនសម្មតិ ដល់ភិក្ខុនី ឈ្មោះនេះ មានវស្សាពេញ១២ហើយ។ ការឲ្យវុដ្ឋាបនសម្មតិ ដល់​ភិក្ខុនី​ឈ្មោះនេះ មានវស្សាពេញ១២ហើយ គួរដល់​លោកម្ចាស់អង្គណា លោកម្ចាស់អង្គនោះ គប្បីស្ងៀម មិនគួរដល់​លោកម្ចាស់​អង្គ​ណា លោកម្ចាស់អង្គនោះ គប្បីនិយាយឡើង។ សង្ឃបាន​ឲ្យ​វុដ្ឋាបនសម្មតិ ដល់ភិក្ខុនី ​ឈ្មោះនេះ មានវស្សាពេញ១២ហើយ។ ការឲ្យវុដ្ឋាបនសម្មតិនោះ គួរដល់សង្ឃហើយ ហេតុនោះ ទើប​សង្ឃស្ងៀមនៅ។ ខ្ញុំសូមចាំទុក​នូវរឿងនេះ ដោយអាការ​ស្ងៀមនៅយ៉ាងនេះ។ គ្រា​នោះឯង ព្រះដ៏មានព្រះភាគ ទ្រង់បន្ទោស​ភិក្ខុនីទាំងឡាយ​នោះ ដោយ​បរិយាយជាច្រើន។បេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីទាំងឡាយ ចូរសំដែង​ឡើងនូវសិក្ខាបទ​នេះ​យ៉ាងនេះថា

ភិក្ខុនី​ណាមួយ មានវស្សា១២បរិបូណ៌ហើយ សង្ឃមិនបានសន្មត (ហើយឲ្យឧបសម្បទា) ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ។

[៤១៧] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយក្នុងសិក្ខាបទ​ទី១ នៃបារាជិកកណ្ឌរួចហើយ។ ភិក្ខុនី មានវស្សាដល់១២ហើយ ឈ្មោះថា មានវស្សា​១២បរិបូណ៌​ហើយ។ ភិក្ខុនីដែលសង្ឃមិនបានឲ្យវុដ្ឋាបនសម្មតិ ដោយញត្តិទុតិយកម្ម ឈ្មោះថា សង្ឃមិនបាន​សន្មត។ ពាក្យថា ឲ្យឧបសម្បទា គឺញុំាងកុលធីតា ឲ្យដល់នូវគុណឰដ៏ខាងលើ (គឺសម្រេច​ជាភិក្ខុនីភាព)។ ភិក្ខុនីគិតថា អញនឹង​ឲ្យឧបសម្បទា​ ហើយស្វែងរក​គណៈក្តី អាចរិនីក្តី បាត្រក្តី ចីវរក្តី សន្មតសីមាក្តី ត្រូវអាបត្តិទុក្កដ។ ភិក្ខុនីត្រូវទុក្កដខណៈចប់ញត្តិ ត្រូវទុក្កដទាំងឡាយ​​ក្នុង​ខណៈ​ចប់កម្មវាចាពីរ លុះចប់កម្មវាចា ព្រះឧបជ្ឈាយ៍ត្រូវអាបត្តិបាចិត្តិយ គណៈ និងអាចរិនីត្រូវ​អាបត្តិទុក្កដ។

[៤១៨] កម្មប្រកបដោយធម៌ ភិក្ខុនីសំគាល់ថា កម្មប្រកបដោយធម៌ ហើយឲ្យ​ឧបសម្បទា ត្រូវអាបត្តិបាចិត្តិយ។ កម្មប្រកបដោយធម៌ ភិក្ខុនីមានសេចក្តីសង្ស័យ ហើយឲ្យឧបសម្បទា ត្រូវអាបត្តិ​បាចិត្តិយ។ កម្មប្រកបដោយធម៌ ភិក្ខុនីសំគាល់ថា កម្មមិនប្រកប​ដោយធម៌ ហើយឲ្យ​ឧបសម្បទា ត្រូវអាបត្តិបាចិត្តិយ។ កម្មមិនប្រកបដោយធម៌ ភិក្ខុនីសំគាល់ថា កម្មប្រកប​ដោយធម៌ ត្រូវអាបត្តិ​ទុក្កដ។ កម្មមិនប្រកបដោយធម៌ ភិក្ខុនីមានសេចក្តីសង្ស័យ ត្រូវអាបត្តិទុក្កដ។ កម្មមិន​ប្រកបដោយ​ធម៌ ភិក្ខុនី​សំគាល់ថា កម្មមិនប្រកបដោយធម៌ ត្រូវអាបត្តិទុក្កដ។

[៤១៩] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៣យ៉ាង) គឺភិក្ខុនីមានវស្សា​១២បរិបូណ៌ហើយ សង្ឃបានសន្មតហើយ ឲ្យ​ឧបសម្បទា១ ភិក្ខុនី​ឆ្កួត១ ភិក្ខុនីជាខាងដើម​បញ្ញត្តិ១។

(បាចិត្តិយ កុមារីភូតវគ្គ) សិក្ខាបទ ទី៦

(៦. ឆដ្ឋសិក្ខាបទំ)

[៤២០] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងជេតវនារាម របស់​អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ចណ្ឌកាលីភិក្ខុនី ចូលទៅរកភិក្ខុនីសង្ឃ ហើយសូមវុដ្ឋាបនសម្មតិ។ លំដាប់នោះឯង ភិក្ខុនីសង្ឃសង្កេតចណ្ឌកាលីភិក្ខុនី ហើយឃាត់ថា នែលោកម្ចាស់ លោកមិនគួរ​នឹងឲ្យឧបសម្បទា​នៅឡើយទេ ហើយក៏មិនបាន​ឲ្យវុដ្ឋាបនសម្មតិ។ ចណ្ឌកាលីភិក្ខុនី​ទទួលពាក្យថាសាធុ។ ក៏សម័យនោះឯង ភិក្ខុនីសង្ឃឲ្យវុដ្ឋាបនសម្មតិដល់ភិក្ខុនីទាំងឡាយដទៃ។ ចណ្ឌកាលីភិក្ខុនី ពោលទោស តិះដៀល បន្តុះបង្អាប់ថា ខ្ញុំឯងល្ងង់ទេ ខ្ញុំឯងមិនមាន​សេចក្តីខ្មាស (បានជា) សង្ឃឲ្យវុដ្ឋាបនសម្មតិដល់ភិក្ខុនី​ទាំងឡាយដទៃ មិនឲ្យដល់ខ្ញុំ។ ភិក្ខុនីទាំងឡាយណា មានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុនីទាំងឡាយ​នោះ ក៏ពោលទោស តិះដៀល បន្តុះ​បង្អាប់​ថា លោកម្ចាស់ចណ្ឌកាលី កាលដែលសង្ឃឃាត់ថា នែនាងម្ចាស់ មិនគួរនាងឲ្យឧបសម្បទានៅ​ឡើយទេ ដូច្នេះ ទទួលពាក្យថា សាធុហើយ មិនគួរនឹងពោលតិះដៀលជាខាងក្រោយសោះ។បេ។ ព្រះអង្គទ្រង់ត្រាស់សួរថា ​ម្នាល​​ភិក្ខុ​​ទាំងឡាយ ឮ​ថា ចណ្ឌកាលីភិក្ខុនី កាលដែលសង្ឃឃាត់ថា នែលោកម្ចាស់ មិនគួរនាងឲ្យ​ឧបសម្បទានៅឡើយទេ ដូច្នេះ ទទួលពាក្យថា សាធុហើយ គ្រាក្រោយ ត្រឡប់តិះដៀលវិញ ពិតមែនឬ។ ភិក្ខុទាំងឡាយក្រាបទូលថា បពិត្រ​ព្រះដ៏មាន​ព្រះភាគ ពិតមែន។ ព្រះ​ពុទ្ធ​​ដ៏មានជោគ ​​ទ្រង់បន្ទោស​ថា ម្នាល​ភិក្ខុ​ទាំងឡាយ​ ចណ្ឌកាលីភិក្ខុនី កាលដែលសង្ឃឃាត់ថា នែនាងម្ចាស់ មិនគួរនាងឲ្យ​ឧបសម្បទានៅឡើយទេ ដូច្នេះ ទទួលពាក្យថា សាធុហើយ មិនគួរបើនឹងពោលតិះដៀលជាខាងក្រោយទេ ម្នាល​ភិក្ខុ​ទាំងឡាយ អំពើ​នេះ​មិន​មែននាំ​ឲ្យ​ជ្រះថ្លា​ដល់​ពួកជន​ ​​ដែល​មិន​ទាន់​ជ្រះថ្លា​ទេ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុនីទាំងឡាយ ចូរសំដែង​ឡើងនូវសិក្ខាបទ​នេះយ៉ាងនេះថា

ភិក្ខុនី​ណាមួយ កាលដែល​សង្ឃ​និយាយថា នែលោកម្ចាស់ មិនគួរលោកឲ្យ​ឧបសម្បទានៅឡើយទេ ដូច្នេះ ទទួលពាក្យថា សាធុ​ហើយ គ្រាក្រោយ ត្រឡប់តិះដៀលវិញ ត្រូវអាបត្តិបាចិត្តិយ។

[៤២១] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយក្នុងសិក្ខាបទ​ទី១ នៃបារាជិកកណ្ឌរួចហើយ។ ពាក្យថា នែលោកម្ចាស់ មិនគួរលោកឲ្យឧបសម្បទានៅឡើយទេ សេចក្តីថា នែលោកម្ចាស់ លោកមិនគួរញុំាងកុលធីតាឲ្យបាន​ឧបសម្បទានៅឡើយទេ។ ភិក្ខុនីទទួលពាក្យថា សាធុហើយ គ្រាក្រោយ ត្រឡប់តិះដៀលវិញ ត្រូវ​អាបត្តិបាចិត្តិយ។

[៤២២] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៣យ៉ាង) គឺ ភិក្ខុនីតិះដៀលសង្ឃ ដែលធ្វើ ព្រោះសេចក្តីស្រឡាញ់ ព្រោះសំអប់ ព្រោះល្ងង់ ព្រោះខ្លាចដោយប្រក្រតី១ ភិក្ខុនី​ឆ្កួត១ ភិក្ខុនីជាខាងដើមបញ្ញត្តិ១។

(បាចិត្តិយ កុមារីភូតវគ្គ) សិក្ខាបទ ទី៧

(៧. សត្តមសិក្ខាបទំ)

[៤២៣] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងជេតវនារាម របស់​អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង សិក្ខមានា១រូប ចូលទៅរកថុល្លនន្ទាភិក្ខុនី​ ហើយសូមនូវឧបសម្បទា។ ថុល្លនន្ទាភិក្ខុនី និយាយនឹងសិក្ខមានានោះថា នែនាងម្ចាស់ បើនាង​ឲ្យចីវរដល់យើង យើងនឹងឲ្យនាងម្ចាស់​បានឧបសម្បទា ដោយអាការយ៉ាងនេះ ហើយក៏មិនឲ្យ​សិក្ខមានានោះបានឧបសម្បទាសោះ ទាំងមិនធ្វើសេចក្តីខ្វល់ខ្វាយ ដើម្បីឲ្យបានឧបសម្បទា។ ទើបសិក្ខមានានោះ ប្រាប់ដំណើរនុ៎ះដល់ភិក្ខុនីទាំងឡាយ។ ភិក្ខុនីទាំងឡាយណា មានសេចក្តី​ប្រាថ្នាតិច។បេ។ ភិក្ខុនីទាំងឡាយ​នោះ ក៏ពោលទោស តិះដៀល បន្តុះ​បង្អាប់​ថា លោកម្ចាស់​ថុល្លនន្ទា មិនគួរបើនឹងនិយាយ​នឹងសិក្ខមានាថា នែនាងម្ចាស់ បើនាងនឹងឲ្យ​ចីវរ​ដល់យើង យើង​នឹងឲ្យ​នាងបានឧបសម្បទា ដោយអាការយ៉ាងនេះ ដូច្នេះ ហើយមិនឲ្យ​សិក្ខមានា​នោះបាន​ឧបសម្បទា នឹងមិនធ្វើសេចក្តីខ្វល់ខ្វាយ ដើម្បីឲ្យបានឧបសម្បទាសោះ។បេ។ ព្រះអង្គ​ទ្រង់ត្រាស់​សួរថា ​ម្នាល​​ភិក្ខុ​​ទាំងឡាយ ឮ​ថា ថុល្លនន្ទាភិក្ខុនី និយាយ​នឹងសិក្ខមានាដូច្នេះថា នែនាងម្ចាស់ បើនាងនឹងឲ្យ​ចីវរ​ដល់យើង យើងនឹងឲ្យ​នាងបានឧបសម្បទា ដោយ​អាការ​យ៉ាងនេះ ហើយមិន​ឲ្យ​​សិក្ខមានា​នោះបានឧបសម្បទា ទាំងមិនធ្វើសេចក្តីខ្វល់ខ្វាយ ដើម្បីឲ្យបានឧបសម្បទា ពិត​មែន​ឬ។ ភិក្ខុទាំងឡាយក្រាបទូលថា បពិត្រ​ព្រះដ៏មាន​ព្រះភាគ ពិតមែន។ ព្រះ​ពុទ្ធ​​ដ៏មានព្រះភាគ ​​ទ្រង់​បន្ទោស​ថា ម្នាល​ភិក្ខុ​ទាំងឡាយ​ ថុល្លនន្ទាភិក្ខុនី មិនសមបើ​នឹងនិយាយ​នឹងសិក្ខមានាដូច្នេះថា នែនាងម្ចាស់ បើនាងនឹងឲ្យ​ចីវរ​ដល់យើង យើងនឹងឲ្យ​នាងបានឧបសម្បទា ដោយអាការ​យ៉ាង​នេះ ហើយមិនបានឲ្យ​ឧបសម្បទា និងមិនធ្វើ​សេចក្តី​ខ្វល់ខ្វាយ ដើម្បីឲ្យបានឧបសម្បទាទេ ម្នាល​ភិក្ខុ​​ទាំងឡាយ អំពើ​នេះ​មិននាំ​ឲ្យ​ជ្រះថ្លា​ដល់​ពួកជន​ ​​ដែល​មិន​ទាន់​ជ្រះថ្លា​ទេ។បេ។ ម្នាលភិក្ខុ​ទាំង​ឡាយ ភិក្ខុនីទាំងឡាយ ចូរសំដែង​ឡើងនូវសិក្ខាបទ​នេះយ៉ាងនេះថា

ភិក្ខុនី​ណាមួយ និយាយ​នឹង​សិក្ខមានាដូច្នេះថា នែនាងម្ចាស់ បើនាងនឹងឲ្យ​ចីវរ​ដល់យើង យើងនឹងឲ្យ​នាងបានឧបសម្បទា ដោយអាការយ៉ាងនេះ ដល់គ្រាក្រោយ ភិក្ខុនី​នោះមិនមាន​សេចក្តីអន្តរាយ ហើយមិនឲ្យ (សិក្ខមានា​នោះ) បានឧបសម្បទា មិនធ្វើ​សេចក្តី​ខ្វល់ខ្វាយ ដើម្បីឲ្យបានឧបសម្បទា ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ។

[៤២៤] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយក្នុងសិក្ខាបទ​ទី១ នៃបារាជិកកណ្ឌរួចហើយ។ ស្រីដែលសិក្សាសិក្ខាក្នុងធម៌៦យ៉ាង អស់ពីឆ្នាំហើយ ឈ្មោះថា​សិក្ខមានា។ ពាក្យថា នែនាងម្ចាស់ បើនាងនឹងឲ្យ​ចីវរ​ដល់យើង យើងនឹងឲ្យ​នាងបានឧបសម្បទា ដោយអាការយ៉ាងនេះ សេចក្តីថា យើងនឹងបំបួស​នាងជាភិក្ខុនី ដោយ​អាការយ៉ាងនេះ។ ពាក្យថា ដល់គ្រាក្រោយ ភិក្ខុនីនោះមិនមានសេចក្តីអន្តរាយ គឺកាលបើមិនមាន​សេចក្តីអន្តរាយ។ ពាក្យថា មិនឲ្យសិក្ខមានានោះបានឧបសម្បទា គឺមិនបំបួស (សិក្ខមានានោះ) ជាភិក្ខុនី​ដោយខ្លួនឯង។ ពាក្យថា មិនធ្វើសេចក្តីខ្វល់ខ្វាយ ដើម្បីឲ្យបានឧបសម្បទា គឺមិន​បង្គាប់​ភិក្ខុនីដទៃ។ ភិក្ខុនីនោះ​គ្រាន់តែដាក់ធុរៈថា អញនឹងមិនឲ្យបាន​ឧបសម្បទា នឹងមិនធ្វើ​សេចក្តី​ខ្វល់ខ្វាយ ដើម្បីឲ្យគេ​ឲ្យឧបសម្បទា ត្រូវ​អាបត្តិបាចិត្តិយ។

[៤២៥] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៥យ៉ាង) គឺ កាលបើមាន​សេចក្តី​អន្តរាយ ភិក្ខុនីស្វែងរក (ភិក្ខុនីដទៃ) មិនបាន១ ភិក្ខុនីឈឺ១ ភិក្ខុនី​មានសេចក្តី​អន្តរាយ១ ភិក្ខុនី​ឆ្កួត១ ភិក្ខុនីជាខាងដើមបញ្ញត្តិ១។

(បាចិត្តិយ កុមារីភូតវគ្គ) សិក្ខាបទ ទី៨

(៨. អដ្ឋមសិក្ខាបទំ)

[៤២៦] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងជេតវនារាម របស់​អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង សិក្ខមានា១រូប ចូលទៅរកថុល្លនន្ទាភិក្ខុនី​ ហើយសូមឧបសម្បទា។ ថុល្លនន្ទាភិក្ខុនី និយាយនឹងសិក្ខមានានោះថា នែនាងម្ចាស់ បើនាងនឹងតាមបម្រើយើងអស់ពីរឆ្នាំ យើងនឹងឲ្យនាង​បានឧបសម្បទា ដោយអាការយ៉ាងនេះ ហើយមិនឲ្យ​ឧបសម្បទា មិនធ្វើសេចក្តី​ខ្វល់ខ្វាយ ដើម្បីឲ្យបានឧបសម្បទាសោះ។ ទើបសិក្ខមានានោះ ប្រាប់ដំណើរនុ៎ះ​ដល់ភិក្ខុនី​ទាំងឡាយ។ ភិក្ខុនីទាំងឡាយណា មានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុនីទាំងឡាយ​នោះ ពោល​ទោស តិះដៀល បន្តុះ​បង្អាប់​ថា ថុល្លនន្ទាជាម្ចាស់ មិនសមបើនឹងនិយាយ​នឹងសិក្ខមានាថា នែនាង បើនាងនឹងតាមបម្រើយើងអស់ពីរឆ្នាំ យើងនឹងឲ្យ​នាងបានឧបសម្បទា ដោយអាការ​យ៉ាងនេះ ហើយមិនឲ្យ​ឧបសម្បទា មិនធ្វើសេចក្តីខ្វល់ខ្វាយ ដើម្បីឲ្យឧបសម្បទាសោះ។បេ។ ព្រះអង្គ​ទ្រង់ត្រាស់សួរថា ​ម្នាល​​ភិក្ខុ​​ទាំងឡាយ ឮ​ថា ថុល្លនន្ទាភិក្ខុនី និយាយ​នឹងសិក្ខមានាថា នែនាង បើនាងនឹងតាមបម្រើយើងអស់ពីរឆ្នាំ យើងនឹងឲ្យ​នាងបានឧបសម្បទា ដោយ​អាការ​យ៉ាងនេះ ហើយមិនឲ្យ​ឧបសម្បទា មិនធ្វើសេចក្តីខ្វល់ខ្វាយ ដើម្បីឲ្យឧបសម្បទា ពិតមែនឬ។ ភិក្ខុទាំងឡាយក្រាបទូលថា បពិត្រ​ព្រះដ៏មាន​ព្រះភាគ ពិតមែន។ ព្រះ​ពុទ្ធ​​ដ៏មានព្រះភាគ ​​ទ្រង់បន្ទោស​ថា ម្នាល​ភិក្ខុ​ទាំងឡាយ​ ថុល្លនន្ទាភិក្ខុនី មិនសមបើ​នឹងនិយាយ​នឹងសិក្ខមានាថា នែនាង បើនាងនឹងតាមបម្រើយើងអស់ពីរឆ្នាំ យើងនឹងឲ្យ​នាងបានឧបសម្បទា ដោយអាការ​យ៉ាងនេះ ហើយមិនឲ្យ​ឧបសម្បទា និងមិនធ្វើ​សេចក្តី​ខ្វល់ខ្វាយ ដើម្បីឲ្យឧបសម្បទាទេ ម្នាល​ភិក្ខុ​ទាំងឡាយ អំពើ​នេះ​មិនមែននាំ​ឲ្យ​ជ្រះថ្លា​ដល់​ពួកជន​ ​​ដែល​មិន​ទាន់​ជ្រះថ្លា​ទេ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុនីទាំងឡាយ ចូរសំដែង​ឡើងនូវសិក្ខាបទ​នេះយ៉ាងនេះថា

ភិក្ខុនី​ណាមួយ និយាយ​នឹងសិក្ខមានាថា នែនាង បើនាងតាមបម្រើយើងអស់ពីរឆ្នាំ យើងនឹងឲ្យ​នាងបានឧបសម្បទា ដោយអាការយ៉ាងនេះ ដល់ក្រោយ ភិក្ខុនី​នោះមិនមាន​សេចក្តីអន្តរាយ ហើយមិនឲ្យឧបសម្បទា មិនធ្វើ​សេចក្តី​ខ្វល់ខ្វាយ ដើម្បីឲ្យឧបសម្បទា ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ។

[៤២៧] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយក្នុងសិក្ខាបទ​ទី១ នៃបារាជិកកណ្ឌរួចហើយ។ ស្រីដែលសិក្សាសិក្ខាក្នុងធម៌៦យ៉ាង អស់ពីឆ្នាំ ឈ្មោះថាសិក្ខមានា។ ពាក្យថា នែនាង បើនាងនឹងតាមបម្រើយើងអស់ពីរឆ្នាំ សេចក្តីថា នាងនឹងបម្រើអស់ពីរឆ្នាំ។ ពាក្យថា យើងនឹងឲ្យ​នាងបានឧបសម្បទា ដោយអាការយ៉ាងនេះ សេចក្តីថា យើងនឹងបំបួស​នាងជាភិក្ខុនី ដោយ​អាការយ៉ាងនេះ។ ពាក្យថា គ្រាក្រោយ ភិក្ខុនីនោះមិនមានសេចក្តីអន្តរាយ គឺកាលបើមិនមាន​សេចក្តីអន្តរាយ។ ពាក្យថា មិនឲ្យឧបសម្បទា គឺមិនឲ្យឧបសម្បទា ដោយ​ខ្លួនឯង។ ពាក្យថា មិនធ្វើសេចក្តីខ្វល់ខ្វាយ ដើម្បីឲ្យឧបសម្បទា គឺមិន​បង្គាប់​ភិក្ខុនីដទៃ។ ភិក្ខុនីនោះគ្រាន់តែដាក់ធុរៈថា អញនឹងមិនឲ្យ​ឧបសម្បទា នឹងមិនធ្វើ​សេចក្តី​ខ្វល់ខ្វាយ ដើម្បី​ឲ្យ​ឧបសម្បទា ត្រូវ​អាបត្តិបាចិត្តិយ។

[៤២៨] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៥យ៉ាង) គឺ ភិក្ខុនីមាន​សេចក្តី​អន្តរាយ ហើយស្វែងរក (ភិក្ខុនីដទៃ) មិនបាន១ ភិក្ខុនីឈឺ១ ភិក្ខុនី​មានសេចក្តី​អន្តរាយ (គ្រោះថ្នាក់)១ ភិក្ខុនី​ឆ្កួត១ ភិក្ខុនីជាខាងដើមបញ្ញត្តិ១។

(បាចិត្តិយ កុមារីភូតវគ្គ) សិក្ខាបទ ទី៩

(៩. នវមសិក្ខាបទំ)

[៤២៩] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងជេតវនារាម របស់​អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ថុល្លនន្ទាភិក្ខុនី​ ឲ្យសិក្ខមានាឈ្មោះចណ្ឌកាលី ជាស្រីច្រឡូកច្រឡំ​ដោយបុរស ច្រឡូកច្រឡំដោយក្មេងប្រុស ជាស្រីកាច ជាស្រីបណ្តាលសេចក្តីសោក (ដល់បុរស​ដទៃ) ឲ្យបានឧបសម្បទា។ ភិក្ខុនីទាំងឡាយណា មានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុនីទាំងឡាយ​នោះ ពោលទោស តិះដៀល បន្តុះ​បង្អាប់​ថា ថុល្លនន្ទាជាម្ចាស់ មិនគួរបើនឹងឲ្យចណ្ឌកាលី​សិក្ខមានា ដែលច្រឡូកច្រឡំនឹងប្រុស ច្រឡូកច្រឡំនឹងក្មេងប្រុស ជាស្រីកាច ជាស្រីបណ្តាល​សេចក្តីសោក ឲ្យបានឧបសម្បទាសោះ។បេ។ ព្រះអង្គ​ទ្រង់ត្រាស់សួរថា ​ម្នាល​​ភិក្ខុ​​ទាំងឡាយ ឮ​ថា ថុល្លនន្ទាភិក្ខុនី ឲ្យចណ្ឌកាលី​សិក្ខមានា ដែលជាស្រីច្រឡូកច្រឡំដោយប្រុស ច្រឡូកច្រឡំដោយក្មេង​ប្រុស ជាស្រីកាច ជាស្រីបណ្តាល​សេចក្តីសោក ឲ្យបានឧបសម្ប ពិតមែនឬ។ ភិក្ខុ​ទាំងឡាយ​ក្រាបទូលថា បពិត្រ​ព្រះដ៏មាន​ព្រះភាគ ពិតមែន។ ព្រះ​ពុទ្ធ​​ដ៏មានព្រះភាគ ​​ទ្រង់បន្ទោស​ថា ម្នាល​ភិក្ខុ​ទាំងឡាយ​ ថុល្លនន្ទាភិក្ខុនី មិនសមបើ​នឹងឲ្យចណ្ឌកាលី​សិក្ខមានា ដែលជាស្រីច្រឡូកច្រឡំ​ដោយប្រុស ច្រឡូកច្រឡំដោយក្មេងប្រុស ជាស្រីកាច ជាស្រី​បណ្តាល​សេចក្តីសោក ឲ្យបាន​ឧបសម្បទាទេ ម្នាល​ភិក្ខុ​ទាំងឡាយ អំពើ​នេះ​មិនមែននាំ​ឲ្យ​ជ្រះថ្លា​ដល់​ពួកជន​ ​​ដែល​មិន​ទាន់​ជ្រះថ្លា​ទេ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុនីទាំងឡាយ ចូរសំដែង​ឡើងនូវសិក្ខាបទ​នេះយ៉ាង​នេះថា

ភិក្ខុនី​ណាមួយ ញុំាសិក្ខមានា ដែលច្រឡូកច្រឡំដោយបុរស ដែលច្រឡូកច្រឡំដោយ​កុមារ ជាស្រីកាច ជាស្រីបណ្តាល​សេចក្តីសោក ឲ្យបានឧបសម្បទា ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ។

[៤៣០] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយក្នុងសិក្ខាបទ​ទី១ នៃបារាជិកកណ្ឌរួចហើយ។ ជនដែល(មានអាយុ)ដល់២០ឆ្នាំហើយ ឈ្មោះថាបុរស។ ក្មេងប្រុស​ដែលមិនទាន់ដល់២០ឆ្នាំ ឈ្មោះថាកុមារ។ សិក្ខមានាដែលពាក់ព័ន្ធដោយកិច្ចប្រព្រឹត្តទៅ​ក្នុងកាយ និងកិច្ចប្រព្រឹត្តទៅ​ក្នុងវាចាដ៏មិនសមគួរ ឈ្មោះថា ច្រឡូកច្រឡំ។ សិក្ខមានា ដែលឈ្មោះថា ជាស្រីកាច សំដៅយកស្រីដែលមានសេចក្តីក្រោធ។ ដែលឈ្មោះថា ជាស្រីបណ្តាលសេចក្តី​សោក គឺសិក្ខមានាញុំាង​សេចក្តីទុក្ខឲ្យកើតឡើង គឺញុំាង​សេចក្តីសោកឲ្យចូល​គ្របសង្កត់ដល់ពួក​ជនដទៃ។ ស្រីដែលសិក្សាសិក្ខាក្នុងធម៌៦យ៉ាង អស់ពីឆ្នាំហើយ ឈ្មោះថាសិក្ខមានា។ ពាក្យថា ឲ្យឧបសម្បទា គឺឲ្យបួសជាភិក្ខុនី។ ភិក្ខុនីគិតថា អញនឹងឲ្យឧបសម្បទា ហើយស្វែងរកគណៈក្តី អាចរិនីក្តី បាត្រក្តី ចីវរក្តី សន្មតសីមាក្តី ត្រូវ​អាបត្តិទុក្កដ។ ភិក្ខុនីត្រូវទុក្កដខណៈចប់ញត្តិ ត្រូវ​ទុក្កដ​ទាំងឡាយខណៈចប់កម្មវាចាពីរ ចប់កម្មវាចា ព្រះឧបជ្ឈាយ៍ត្រូវអាបត្តិបាចិត្តិយ គណៈ និង​អាចរិនី ត្រូវអាបត្តិទុក្កដ។

[៤៣១] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៣យ៉ាង) គឺ ភិក្ខុនីកាលមិនដឹង ឲ្យឧបសម្បទា១ ភិក្ខុនី​ឆ្កួត១ ភិក្ខុនីជាខាងដើមបញ្ញត្តិ១។

(បាចិត្តិយ កុមារីភូតវគ្គ) សិក្ខាបទ ទី១០

(១០. ទសមសិក្ខាបទំ)

[៤៣២] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងជេតវនារាម របស់​អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ថុល្លនន្ទាភិក្ខុនី​ ឲ្យសិក្ខមានាដែល​មាតា​បិតា​ផង ស្វាមីផង មិនទាន់អនុញ្ញាតឲ្យឧបសម្បទា។ មាតាបិតាផង ស្វាមីផង ពោលទោស តិះដៀល បន្តុះបង្អាប់ថា លោកម្ចាស់ថុល្លនន្ទា មិនសមបើនឹងឲ្យ​សិក្ខមានាដែលយើង​មិនទាន់​អនុញ្ញាត បានឧបសម្បទាសោះ។ ភិក្ខុនីទាំងឡាយបានឮមាតាបិតាផង ស្វាមីផង កំពុងពោលទោស តិះដៀល បន្តុះបង្អាប់ហើយ។ ភិក្ខុនីទាំងឡាយឯណា មានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុនីទាំង​ឡាយ​នោះ ក៏ពោលទោស តិះដៀល បន្តុះ​បង្អាប់​ថា លោកម្ចាស់ថុល្លនន្ទា មិនសមបើនឹងឲ្យ​សិក្ខមានា ដែលមាតាបិតាផង ស្វាមីផង មិនបានអនុញ្ញាត បានឧបសម្បទា​សោះ។បេ។ ព្រះអង្គ​ទ្រង់ត្រាស់សួរថា ​ម្នាល​​ភិក្ខុ​​ទាំងឡាយ ឮ​ថា ថុល្លនន្ទាភិក្ខុនី ឲ្យ​សិក្ខមានា ដែលមាតាបិតាផង ស្វាមីផង មិនទាន់អនុញ្ញាត បានឧបសម្បទា​ ពិតមែនឬ។ ភិក្ខុ​ទាំងឡាយ​ក្រាបទូលថា បពិត្រ​ព្រះដ៏មាន​ព្រះភាគ ពិតមែន។ ព្រះ​ពុទ្ធ​​ដ៏មានព្រះភាគ ​​ទ្រង់បន្ទោស​ថា ម្នាល​ភិក្ខុ​ទាំងឡាយ​ ថុល្លនន្ទាភិក្ខុនី មិនសមបើ​នឹងឲ្យ​សិក្ខមានា ដែលមាតាបិតាផង ស្វាមីផង មិនបាន​អនុញ្ញាត បានឧបសម្បទាទេ ម្នាល​ភិក្ខុ​ទាំងឡាយ អំពើ​នេះ​មិនមែននាំ​ឲ្យ​ជ្រះថ្លា​ដល់​ពួកជន​ ​​ដែល​មិន​ទាន់​ជ្រះថ្លា​ទេ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុនីទាំងឡាយ ចូរសំដែង​ឡើងនូវសិក្ខាបទ​នេះយ៉ាង​នេះថា

ភិក្ខុនី​ណាមួយ ញុំាសិក្ខមានា ដែលមាតាបិតាក្តី ស្វាមីក្តី មិនទាន់អនុញ្ញាត ឲ្យឧបសម្បទា ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ។

[៤៣៣] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយក្នុងសិក្ខាបទ​ទី១ នៃបារាជិកកណ្ឌរួចហើយ។ ជនដែលឈ្មោះថា មាតាបិតា សំដៅយកជន​ដែលញុំាងកូនឲ្យកើត។ បុរសណាហួងហែងរក្សានូវស្រី បុរសនោះឈ្មោះថាស្វាមី។ ពាក្យថា មិនអនុញ្ញាត គឺមិនបាន​យល់ព្រម។ ស្រីដែលសិក្សាសិក្ខាក្នុងធម៌៦យ៉ាង អស់ពីឆ្នាំ ឈ្មោះថា​សិក្ខមានា។ ពាក្យថា ឲ្យឧបសម្បទា គឺបំបួសជាភិក្ខុនី។ ភិក្ខុនីគិតថា អញនឹងឲ្យឧបសម្បទា ហើយស្វែងរកគណៈក្តី អាចរិនីក្តី បាត្រក្តី ចីវរក្តី សន្មតសីមាក្តី ត្រូវ​អាបត្តិទុក្កដ។ ភិក្ខុនី​ត្រូវទុក្កដ​ខណៈចប់ញត្តិ ត្រូវ​ទុក្កដ​ទាំងឡាយខណៈចប់កម្មវាចាពីរ ចប់កម្មវាចា ព្រះឧបជ្ឈាយ៍ត្រូវអាបត្តិ​បាចិត្តិយ គណៈ និង​អាចរិនី ត្រូវអាបត្តិទុក្កដ។

[៤៣៤] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៤យ៉ាង) គឺ ភិក្ខុនីមិនដឹង ឲ្យឧបសម្បទា១ ភិក្ខុនីឲ្យលា (មាតាបិតា និងស្វាមី) ហើយទើបឲ្យឧបសម្បទា១ ភិក្ខុនី​ឆ្កួត១ ភិក្ខុនីជាខាងដើមបញ្ញត្តិ១។

(បាចិត្តិយ កុមារីភូតវគ្គ) សិក្ខាបទ ទី១១

(១១. ឯកាទសមសិក្ខាបទំ)

[៤៣៥] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងវត្តវេឡុវន ជាកលន្ទកនិវាបស្ថាន35) ក្បែរក្រុងរាជគ្រឹះ។ គ្រានោះឯង ថុល្លនន្ទាភិក្ខុនី​ ឲ្យប្រជុំភិក្ខុជាថេរៈទាំងឡាយ ដោយគិតថា អញនឹងឲ្យឧបសម្បទា​សិក្ខមានា​ដូច្នេះ ដល់ឃើញខាទនីយភោជនីយាហារច្រើន (ក៏ត្រឡប់) និយាយថា បពិត្រ​លោកម្ចាស់​ទាំងឡាយ ខ្ញុំនឹងមិនទាន់ឲ្យឧបសម្បទាសិក្ខមានានៅឡើយទេ ហើយបញ្ជូនពួក​ភិក្ខុ​ជាថេរៈទៅវិញ ទើបឲ្យប្រជុំ​ទេវទត្តភិក្ខុ កោកាលិកភិក្ខុ កដមោរកតិស្សកភិក្ខុ ខណ្ឌទេវីបុត្តភិក្ខុ និងសមុទ្ទទត្តភិក្ខុ ហើយក៏ឲ្យឧបសម្បទាសិក្ខមានា។ ភិក្ខុនីទាំងឡាយណា មានសេចក្តី​ប្រាថ្នា​តិច។បេ។ ភិក្ខុនីទាំងឡាយ​នោះ ក៏ពោលទោស តិះដៀល បន្តុះ​បង្អាប់​ថា ថុល្លនន្ទាជាម្ចាស់ មិន​សមបើនឹងឲ្យ​ឧបសម្បទាដល់សិក្ខមានា ដោយឲ្យឆន្ទៈ ឈ្មោះបារិវាសិក (គឺ​ដែលបរិសទ្យ​បាន​ឲ្យ​ឆន្ទៈ ឈ្មោះបារិវាសិក​36) )សោះ។បេ។ ព្រះអង្គត្រាស់សួរថា ​ម្នាល​​ភិក្ខុ​​ទាំងឡាយ ឮ​ថា ថុល្លនន្ទាភិក្ខុនី ឲ្យ​ឧបសម្បទា ដល់សិក្ខមានា ដោយឲ្យឆន្ទៈឈ្មោះបារិវាសិក​ ពិតមែនឬ។ ភិក្ខុ​ទាំងឡាយ​ក្រាប​ទូល​ថា បពិត្រ​ព្រះដ៏មាន​ព្រះភាគ ពិតមែន។ ព្រះ​ពុទ្ធ​​ដ៏មានព្រះភាគ ​​ទ្រង់បន្ទោស​ថា ម្នាល​ភិក្ខុ​ទាំងឡាយ​ ថុល្លនន្ទាភិក្ខុនី មិនសមបើ​នឹង ឲ្យឧបសម្បទា ដល់សិក្ខមានា ដោយឲ្យឆន្ទៈ​ឈ្មោះបារិវាសិកទេ ម្នាល​ភិក្ខុ​ទាំងឡាយ អំពើ​នេះ​មិនមែននាំ​ឲ្យ​ជ្រះថ្លា​ដល់​ពួកជន​ ​​ដែល​មិន​ទាន់​ជ្រះថ្លា​ទេ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុនីទាំងឡាយ ចូរសំដែង​ឡើងនូវសិក្ខាបទ​នេះយ៉ាង​នេះថា

ភិក្ខុនី​ណាមួយ ឲ្យឧបសម្បទា ដល់សិក្ខមានា ដោយឲ្យឆន្ទៈឈ្មោះ​បារិវាសិក ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ។

[៤៣៦] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយក្នុងសិក្ខាបទ​ទី១ នៃបារាជិកកណ្ឌរួចហើយ។ ពាក្យថា ដោយឲ្យឆន្ទៈឈ្មោះបារិវាសិក គឺបរិសទ្យក្រោកចេញ​ទៅហើយ។ ដែលហៅថា សិក្ខមានា សំដៅយកសាមណេរីដែលសិក្សាសិក្ខាក្នុងធម៌៦យ៉ាង អស់ពីរឆ្នាំហើយ។ ពាក្យថា ឲ្យឧបសម្បទា គឺបំបួសជាភិក្ខុនី។ ភិក្ខុនីគិតថា អញនឹងឲ្យឧបសម្បទា ហើយស្វែងរកគណៈក្តី អាចរិនីក្តី បាត្រក្តី ចីវរក្តី សន្មតសីមាក្តី ត្រូវ​អាបត្តិទុក្កដ។ ភិក្ខុនី​ត្រូវទុក្កដ​ខណៈចប់ញត្តិ ត្រូវ​ទុក្កដ​ទាំងឡាយខណៈចប់កម្មវាចាពីរ ចប់កម្មវាចា ព្រះឧបជ្ឈាយ៍ត្រូវអាបត្តិ​បាចិត្តិយ គណៈ និង​អាចរិនី ត្រូវអាបត្តិទុក្កដ។

[៤៣៧] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៣យ៉ាង) គឺ កាលបើបរិសទ្យ​មិនទាន់បាន​ក្រោកចេញ ហើយភិក្ខុនីឲ្យឧបសម្បទា១ ភិក្ខុនី​ឆ្កួត១ ភិក្ខុនីជាខាងដើមបញ្ញត្តិ១។

(បាចិត្តិយ កុមារីភូតវគ្គ) សិក្ខាបទ ទី១២

(១២. ទ្វាទសមសិក្ខាបទំ)

[៤៣៨] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងជេតវនារាម របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ភិក្ខុនីទាំងឡាយ​ ឲ្យឧបសម្បទា​រាល់ឆ្នាំ។ កន្លែងសម្រាប់ភិក្ខុនីនៅ ក៏មិនគ្រប់គ្រាន់។ មនុស្សទាំងឡាយក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុនីទាំងឡាយមិនសម​បើនឹងឲ្យឧបសម្បទា​រាល់ឆ្នាំសោះ (ព្រោះ) កន្លែង​សម្រាប់​នៅមិនគ្រប់គ្រាន់។ ភិក្ខុនីទាំងឡាយបានឮ​មនុស្សទាំងឡាយ​នោះពោលទោស តិះដៀល បន្តុះបង្អាប់ហើយ។ ភិក្ខុនីទាំងឡាយណា មានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុនីទាំងឡាយ​នោះ (ក៏)ពោលទោស តិះដៀល បន្តុះ​បង្អាប់​ថា ភិក្ខុនីទាំងឡាយ មិនសមបើនឹងឲ្យ​ឧបសម្បទា​រាល់ឆ្នាំសោះ។បេ។ ព្រះអង្គទ្រង់ត្រាស់សួរថា ​ម្នាល​​ភិក្ខុ​​ទាំងឡាយ ឮ​ថា ភិក្ខុនីទាំងឡាយ ឲ្យ​ឧបសម្បទា​រាល់ឆ្នាំ ពិតមែនឬ។ ភិក្ខុ​ទាំងឡាយ​ក្រាបទូលថា បពិត្រ​ព្រះដ៏មាន​ព្រះភាគ ពិតមែន។ ព្រះ​ពុទ្ធ​​ដ៏មានព្រះភាគ ​​ទ្រង់បន្ទោស​ថា ម្នាល​ភិក្ខុ​ទាំងឡាយ​ ភិក្ខុនីទាំងឡាយ មិនសមបើ​នឹង ឲ្យឧបសម្បទារាល់ឆ្នាំទេ ម្នាល​ភិក្ខុ​ទាំងឡាយ អំពើ​នេះ​មិនមែននាំពួកជន​​​ដែល​មិន​ទាន់​ជ្រះថ្លាឲ្យ​ជ្រះថ្លា​ទេ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុនីទាំងឡាយ ចូរសំដែង​ឡើងនូវសិក្ខាបទ​នេះយ៉ាង​នេះថា

ភិក្ខុនី​ណាមួយ ឲ្យឧបសម្បទារាល់ឆ្នាំ ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ។

[៤៣៩] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយក្នុងសិក្ខាបទ​ទី១ នៃបារាជិកកណ្ឌរួចហើយ។ ពាក្យថា រាល់ឆ្នាំ គឺគ្រប់ឆ្នាំ។ ពាក្យថា ឲ្យឧបសម្បទា គឺបំបួស​ជាភិក្ខុនី។ ភិក្ខុនីគិតថា អញនឹងឲ្យឧបសម្បទា ហើយស្វែងរកគណៈក្តី អាចរិនីក្តី បាត្រក្តី ចីវរក្តី សន្មតសីមាក្តី ត្រូវ​អាបត្តិទុក្កដ។ ភិក្ខុនី​ត្រូវទុក្កដ​ខណៈចប់ញត្តិ ត្រូវ​ទុក្កដ​ទាំងឡាយខណៈ​ចប់កម្មវាចាពីរ ចប់កម្មវាចា ព្រះឧបជ្ឈាយ៍ត្រូវអាបត្តិ​បាចិត្តិយ គណៈ និង​អាចរិនី ត្រូវអាបត្តិទុក្កដ។

[៤៤០] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៣យ៉ាង) គឺ ភិក្ខុនីឲ្យឧបសម្បទា​រំលង​មួយឆ្នាំៗ១ ភិក្ខុនី​ឆ្កួត១ ភិក្ខុនីជាខាងដើមបញ្ញត្តិ១។

(បាចិត្តិយ កុមារីភូតវគ្គ) សិក្ខាបទ ទី១៣

(១៣. តេរសមសិក្ខាបទំ)

[៤៤១] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងជេតវនារាម របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ភិក្ខុនីទាំងឡាយ​ ឲ្យឧបសម្បទា​ដល់ស្រីពីរនាក់ក្នុង១ឆ្នាំ។ កន្លែងជាទីនៅ ក៏មិនល្មមគ្រាន់ដូច្នេះទៀត។ មនុស្សទាំងឡាយក៏ពោលទោស តិះដៀល បន្តុះបង្អាប់ដូច្នោះទៀតថា ភិក្ខុនីទាំងឡាយមិនសម​បើនឹងឲ្យឧបសម្បទាដល់ស្រីពីរនាក់ក្នុង១ឆ្នាំ​សោះ (ព្រោះថា) លំ​នៅមិនគ្រាន់ដូច្នោះទៀត។ ភិក្ខុនីទាំងឡាយបានឮ​មនុស្សទាំងឡាយ​នោះពោលទោស តិះដៀល បន្តុះបង្អាប់ហើយ។ ភិក្ខុនីទាំងឡាយណា មានសេចក្តី​ប្រាថ្នា​តិច។បេ។ ភិក្ខុនីទាំងឡាយ​នោះ ក៏ពោលទោស តិះដៀល បន្តុះ​បង្អាប់​ថា ភិក្ខុនីទាំងឡាយ មិនគួរបើនឹងឲ្យ​ឧបសម្បទាដល់ស្រីពីរនាក់ក្នុង១ឆ្នាំសោះ។បេ។ ព្រះអង្គទ្រង់ត្រាស់សួរថា ​ម្នាល​​ភិក្ខុ​​ទាំងឡាយ ឮ​ថា ភិក្ខុនីទាំងឡាយ ឲ្យ​ឧបសម្បទាដល់ស្រីពីរនាក់ក្នុង១ឆ្នាំ ពិតមែនឬ។ ភិក្ខុ​ទាំងឡាយ​ក្រាបទូលថា បពិត្រ​ព្រះដ៏មាន​ព្រះភាគ ពិតមែន។ ព្រះ​ពុទ្ធ​​ដ៏មានព្រះភាគ ​​ទ្រង់​បន្ទោស​ថា ម្នាល​ភិក្ខុ​ទាំងឡាយ​ ពួកភិក្ខុនី មិនសមបី​នឹងឲ្យឧបសម្បទាដល់ស្រីពីររូបក្នុង១ឆ្នាំទេ ម្នាល​ភិក្ខុ​ទាំងឡាយ អំពើ​នេះ​មិនមែននាំឲ្យជ្រះថ្លាដល់ជនទាំងឡាយ​​​ដែល​មិន​ទាន់​ជ្រះថ្លា​ទេ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុនីទាំងឡាយ ចូរសំដែង​ឡើងនូវសិក្ខាបទ​នេះយ៉ាង​នេះថា

ភិក្ខុនី​ណាមួយ ឲ្យឧបសម្បទាដល់ស្រីពីររូបក្នុង១ឆ្នាំ ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ។

[៤៤២] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយក្នុងសិក្ខាបទ​ទី១ នៃបារាជិកកណ្ឌរួចហើយ។ ពាក្យថា ក្នុង១ឆ្នាំ គឺក្នុង១ខួប។ ពាក្យថា ឲ្យឧបសម្បទាដល់ស្រី​ពីររូប គឺបំបួស​ស្រីពីររូប​ជាភិក្ខុនី។ ភិក្ខុនីគិតថា អញនឹងឲ្យឧបសម្បទាដល់ស្រីពីររូប ហើយស្វែង​រក​គណៈ​ក្តី អាចរិនីក្តី បាត្រក្តី ចីវរក្តី សន្មតសីមាក្តី ត្រូវ​អាបត្តិទុក្កដ។ ភិក្ខុនី​ត្រូវអាបត្តិទុក្កដ​ខណៈ​ចប់ញត្តិ ត្រូវ​ទុក្កដ​ទាំងឡាយខណៈចប់កម្មវាចាពីរ ចប់កម្មវាចា ព្រះឧបជ្ឈាយ៍ត្រូវអាបត្តិ​បាចិត្តិយ គណៈ និង​អាចរិនី ត្រូវអាបត្តិទុក្កដ។

[៤៤៣] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៣យ៉ាង) គឺ ភិក្ខុនីឲ្យឧបសម្បទាដល់ស្រី១រូប រំលងមួយឆ្នាំៗ១ ភិក្ខុនី​ឆ្កួត១ ភិក្ខុនីជាខាងដើមបញ្ញត្តិ១។

កុមារីភូតវគ្គ ទី ៨ ចប់។

(បាចិត្តិយ) ឆត្តុបាហនវគ្គ (ទី៩)

(៩. ឆត្តុបាហនវគ្គោ)

(បាចិត្តិយ ឆត្តុបាហនវគ្គ) សិក្ខាបទ ទី១

(១. បឋមសិក្ខាបទំ)

[៤៤៤] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងជេតវនារាម របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ឆព្វគ្គិយាភិក្ខុនីទាំងឡាយទ្រទ្រង់ឆត្រ និងស្បែកជើង។​ មនុស្ស​ទាំងឡាយពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុនីទាំងឡាយមិនសម​បើនឹងទ្រទ្រង់ឆត្រ និងស្បែកជើង ដូចជាពួកស្រីគ្រហស្ថ ដែលបរិភោគកាមសោះ។ ភិក្ខុនីទាំងឡាយបានឮ​មនុស្សទាំងឡាយ​នោះពោលទោស តិះដៀល បន្តុះបង្អាប់ហើយ។ ភិក្ខុនីទាំងឡាយណា មានសេចក្តី​ប្រាថ្នា​តិច។បេ។ ភិក្ខុនីទាំងឡាយ​នោះ ក៏ពោលទោស តិះដៀល បន្តុះ​បង្អាប់​ថា ឆព្វគ្គិយាភិក្ខុនីទាំងឡាយ មិនគួរបើនឹងទ្រទ្រង់ឆត្រ និងស្បែកជើងសោះ។បេ។ ព្រះអង្គទ្រង់​ត្រាស់សួរថា ​ម្នាល​​ភិក្ខុ​​ទាំងឡាយ ឮ​ថា ឆព្វគ្គិយាភិក្ខុនីទាំងឡាយ ទ្រទ្រង់ឆត្រ និងស្បែកជើង ពិតមែនឬ។ ភិក្ខុ​ទាំងឡាយ​ក្រាបទូលថា បពិត្រ​ព្រះដ៏មាន​ព្រះភាគ ពិតមែន។ ព្រះ​ពុទ្ធ​​ដ៏មានព្រះភាគ ​​ទ្រង់​បន្ទោស​ថា ម្នាល​ភិក្ខុ​ទាំងឡាយ​ ឆព្វគ្គិយាភិក្ខុនីទាំងឡាយ មិនសមបើ​នឹងទ្រទ្រង់ឆត្រ និងស្បែកជើងទេ ម្នាល​ភិក្ខុ​ទាំងឡាយ អំពើ​នេះ​មិនមែននាំ​ឲ្យជ្រះថ្លាដល់​ពួកជន​ ​​​ដែល​មិន​ទាន់​ជ្រះថ្លា​ទេ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុនីទាំងឡាយ ចូរសំដែង​ឡើងនូវសិក្ខាបទ​នេះយ៉ាង​នេះថា

ភិក្ខុនី​ណាមួយ ទ្រទ្រង់ឆត្រ និងស្បែកជើង ភិក្ខុនី​នោះ ត្រូវអាបត្តិបាចិត្តិយ។

សិក្ខាបទនេះ ព្រះដ៏មានព្រះភាគ ទ្រង់បញ្ញត្តហើយដល់ភិក្ខុនី​ទាំងឡាយ​យ៉ាងនេះ។

[៤៤៥] សម័យនោះឯង ភិក្ខុនី១រូបឈឺ ភិក្ខុនីនោះមិនបានទ្រទ្រង់​ឆត្រ និងស្បែកជើង ក៏​មិនសប្បាយ។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះ​ចំពោះព្រះដ៏មានព្រះភាគ។បេ។ ព្រះអង្គ​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត​ឆត្រនិងស្បែកជើង​ដល់ភិក្ខុនីឈឺ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុនីទាំងឡាយ ចូរសំដែង​ឡើងនូវសិក្ខាបទ​នេះយ៉ាង​នេះថា

ភិក្ខុនី​ណាមួយ មិនឈឺ ទ្រទ្រង់ឆត្រ និងស្បែកជើង ភិក្ខុនី​នោះ ត្រូវអាបត្តិបាចិត្តិយ។

[៤៤៦] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយក្នុងសិក្ខាបទ​ទី១ នៃបារាជិកកណ្ឌរួចហើយ។ ភិក្ខុនីណាវៀរឆត្រនិងស្បែកជើងហើយ នៅតែសប្បាយ ភិក្ខុនីនោះ​ឈ្មោះថាមិនឈឺ។ ភិក្ខុនីណាវៀរ​ឆត្រនិងស្បែកជើងហើយ មិនសប្បាយ ភិក្ខុនីនោះ​ឈ្មោះថា​ឈឺ។ ដែលហៅថាឆត្រ គឺឆត្រមានបីយ៉ាង ឆត្រដែលពាសដោយសំពត់ស១ ឆត្រដែលត្បាញ​ដោយបន្ទោះ​ឫស្សី១ ឆត្រដែលពាសដោយស្លឹកឈើ១ (ឆត្រទាំងបីនេះ) ដែលគេចង់​ឲ្យមាន​រៀង​មូល ចងឲ្យជាប់មាំ​ដោយឆ្អឹងឆត្រ។ ពាក្យថា ទ្រទ្រង់ គឺភិក្ខុនី​ប្រើប្រាស់ សូម្បីម្តង (ក៏)​ត្រូវអាបត្តិ​បាចិត្តិយ។

[៤៤៧] ភិក្ខុនីមិនឈឺ សំគាល់ថាមិនឈឺ ហើយទ្រទ្រង់ឆត្រនិងស្បែកជើង ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុនីមិនឈឺ មានសេចក្តីសង្ស័យ ហើយទ្រទ្រង់ឆត្រនិងស្បែកជើង ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុនីមិនឈឺ សំគាល់ថាឈឺ ហើយទ្រទ្រង់ឆត្រនិងស្បែកជើង ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុនីទ្រទ្រង់ឆត្រ មិនពាក់ស្បែកជើង ត្រូវអាបត្តិទុក្កដ។ ភិក្ខុនី​ពាក់ស្បែកជើង មិនបាំងឆត្រ ត្រូវអាបត្តិទុក្កដ។ ភិក្ខុនីឈឺ សំគាល់ថា មិនឈឺ ត្រូវអាបត្តិ​ទុក្កដ។ ភិក្ខុនីឈឺ តែមានសេចក្តីសង្ស័យ ត្រូវអាបត្តិ​ទុក្កដ។ ភិក្ខុនីឈឺ សំគាល់ថាឈឺ មិនត្រូវអាបត្តិ។

[៤៤៨] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៦យ៉ាង) គឺ ភិក្ខុនីឈឺ១ ភិក្ខុនីទ្រទ្រង់​ឆត្រនិងស្បែកជើង​ក្នុងអារាម១ ក្នុងឧបចារនៃអារាម១ ភិក្ខុនីទ្រទ្រង់​ក្នុងពេលមានសេចក្តី​អន្តរាយ១ ភិក្ខុនី​ឆ្កួត១ ភិក្ខុនីជាខាងដើមបញ្ញត្តិ១។

(បាចិត្តិយ ឆត្តុបាហនវគ្គ) សិក្ខាបទ ទី២

(២. ទុតិយសិក្ខាបទំ)

[៤៤៩] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងជេតវនារាម របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ឆព្វគ្គិយាភិក្ខុនីទាំងឡាយមានដំណើរទៅដោយយាន។ មនុស្ស​ទាំងឡាយពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុនីទាំងឡាយមិនគួរ​បើនឹងទៅដោយ​យាន ដូចជាពួកស្រីគ្រហស្ថ ដែលបរិភោគកាមសោះ។ ភិក្ខុនីទាំងឡាយបានឮ​មនុស្សទាំងឡាយ​នោះពោលទោស តិះដៀល បន្តុះបង្អាប់ហើយ។ ភិក្ខុនីទាំងឡាយណា មានសេចក្តី​ប្រាថ្នា​តិច។បេ។ ភិក្ខុនីទាំងឡាយ​នោះ ក៏ពោលទោស តិះដៀល បន្តុះ​បង្អាប់​ថា ឆព្វគ្គិយាភិក្ខុនី​ទាំងឡាយ មិនសមបើនឹងទៅដោយយានសោះ។បេ។ ព្រះអង្គទ្រង់​ត្រាស់សួរថា ​ម្នាល​​ភិក្ខុ​​ទាំងឡាយ ឮ​ថា ឆព្វគ្គិយាភិក្ខុនីទាំងឡាយទៅដោយយាន ពិតមែនឬ។ ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ថា បពិត្រ​ព្រះដ៏មាន​ព្រះភាគ ពិតមែន។ ព្រះ​ពុទ្ធ​​ដ៏មានព្រះភាគ ​​ទ្រង់​បន្ទោស​ថា ម្នាល​ភិក្ខុ​ទាំងឡាយ​ ឆព្វគ្គិយាភិក្ខុនីទាំងឡាយ មិនសមបើនឹងទៅដោយយានទេ ម្នាល​ភិក្ខុ​ទាំងឡាយ អំពើ​នេះ​មិនមែននាំ​ឲ្យជ្រះថ្លាដល់ពួក​ជន ​​​ដែល​មិន​ទាន់​ជ្រះថ្លា​ទេ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុនីទាំងឡាយ ចូរសំដែង​ឡើងនូវសិក្ខាបទ​នេះយ៉ាង​នេះថា

ភិក្ខុនី​ណាមួយ ទៅដោយយាន ភិក្ខុនី​នោះ ត្រូវអាបត្តិបាចិត្តិយ។ សិក្ខាបទនេះ ព្រះដ៏មានព្រះភាគ ទ្រង់បញ្ញត្តហើយដល់ភិក្ខុនី​ទាំងឡាយ​យ៉ាងនេះ។

[៤៥០] គ្រានោះឯង ភិក្ខុនី១រូបឈឺ មិនអាចនឹងដើរទៅដោយជើងបាន។ ភិក្ខុទាំងឡាយ​ក្រាបទូលដំណើរនុ៎ះ​ចំពោះព្រះដ៏មានព្រះភាគ។បេ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត​យាន​ដល់ភិក្ខុនីមានជម្ងឺ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុនីទាំងឡាយ ចូរសំដែង​ឡើងនូវសិក្ខាបទ​នេះយ៉ាង​នេះថា ភិក្ខុនី​ណាមួយ មិនឈឺ ហើយទៅដោយយាន ភិក្ខុនី​នោះ ត្រូវអាបត្តិបាចិត្តិយ។

[៤៥១] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយក្នុងសិក្ខាបទ​ទី១ នៃបារាជិកកណ្ឌរួចហើយ។ ភិក្ខុនីដែលអាចទៅដោយជើងបាន ឈ្មោះថាមិនឈឺ។ ភិក្ខុនីណាដែលមិនអាច​ទៅដោយជើងបាន ភិក្ខុនីនោះ​ឈ្មោះថា​ឈឺ។ វហ៍ រថ រទេះ រថទ្រង់គ្រឿង គ្រែស្នែង អង្រឹង ឈ្មោះថាយាន។ ពាក្យថាទៅ គឺភិក្ខុនី​ទៅតែម្តង ត្រូវអាបត្តិ​បាចិត្តិយ។

[៤៥២] ភិក្ខុនីមិនឈឺ សំគាល់ថាមិនឈឺ ហើយទៅដោយយាន ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុនីមិនឈឺ តែសង្ស័យ ហើយទៅដោយយាន ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុនីមិនឈឺ សំគាល់ថាឈឺ ហើយទៅដោយយាន ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុនីឈឺ សំគាល់ថា មិនឈឺ ត្រូវអាបត្តិ​ទុក្កដ។ ភិក្ខុនីឈឺ តែសង្ស័យ ត្រូវអាបត្តិ​ទុក្កដ។ ភិក្ខុនីឈឺ សំគាល់ថាឈឺ មិនត្រូវអាបត្តិ។

[៤៥៣] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៤យ៉ាង) គឺ ភិក្ខុនីឈឺ១ ភិក្ខុនីមាន​សេចក្តី​អន្តរាយធំ១ ភិក្ខុនី​ឆ្កួត១ ភិក្ខុនីជាខាងដើមបញ្ញត្តិ១។

(បាចិត្តិយ ឆត្តុបាហនវគ្គ) សិក្ខាបទ ទី៣

(៣. តតិយសិក្ខាបទំ)

[៤៥៤] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងជេតវនារាម របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ភិក្ខុនី១រូប ជាជីតុនរបស់ស្រីម្នាក់។ លំដាប់នោះឯង ស្រីនោះបាន​និយាយ​ពាក្យនេះ​នឹងភិក្ខុនី​នោះថា បពិត្រនាងម្ចាស់ ណ្ហើយចុះ សូម​នាងម្ចាស់ឲ្យខ្សែក្រវាត់​ចង្កេះ​នេះដល់​ស្រីឈ្មោះឯណោះទៅ។ ទើបភិក្ខុនីនោះគិតថា បើអញដាក់​ក្នុងបាត្រហើយទៅ អញមុខ​ជានឹងភ្លេច គិតដូច្នោះហើយ ក៏ក្រវាត់ដើរទៅ។ កាលបើខ្សែ (សំរាប់ដោត)​ដាច់ទៅ កម្រង (ខ្សែ​ក្រវាត់ក៏)​ជ្រុះរត់រាយ​ឰដ៏ផ្លូវនោះ។ មនុស្ស​ទាំងឡាយពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុនីទាំងឡាយមិនសម​បើនឹងពាក់ខ្សែក្រវាត់ ដូចជាពួកស្រីគ្រហស្ថ ជាអ្នកបរិភោគកាមសោះ។ ភិក្ខុនីទាំងឡាយបានឮ​មនុស្សទាំង​នោះពោលទោស តិះដៀល បន្តុះបង្អាប់ហើយ។ ភិក្ខុនី​ទាំងឡាយណា មានសេចក្តី​ប្រាថ្នា​តិច។បេ។ ភិក្ខុនីទាំងឡាយ​នោះ ក៏ពោលទោស តិះដៀល បន្តុះ​បង្អាប់​ថា ភិក្ខុនី មិនសមបើនឹងពាក់ខ្សែក្រវាត់សោះ។បេ។ ព្រះអង្គទ្រង់​ត្រាស់សួរថា ​ម្នាល​​ភិក្ខុ​​ទាំងឡាយ ឮ​ថា ភិក្ខុនីពាក់ខ្សែក្រវាត់ ពិតមែនឬ។ ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ថា បពិត្រ​ព្រះដ៏មាន​ព្រះភាគ ពិតមែន។ ព្រះ​ពុទ្ធ​​ដ៏មានព្រះភាគ ​​ទ្រង់​បន្ទោស​ថា ម្នាល​ភិក្ខុ​ទាំងឡាយ​ ភិក្ខុនី មិនសមបើនឹងពាក់ខ្សែក្រវាត់ទេ ម្នាល​ភិក្ខុ​ទាំងឡាយ អំពើ​នេះ​មិនមែននាំ​ឲ្យជ្រះថ្លាដល់ពួក​ជន ​​​ដែល​មិន​ទាន់​ជ្រះថ្លា​ទេ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុនីទាំងឡាយ ចូរសំដែង​ឡើងនូវសិក្ខាបទ​នេះយ៉ាង​នេះថា

ភិក្ខុនី​ណាមួយ ពាក់ខ្សែក្រវាត់ ភិក្ខុនី​នោះ ត្រូវអាបត្តិបាចិត្តិយ។

[៤៥៥] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយក្នុងសិក្ខាបទ​ទី១ នៃបារាជិកកណ្ឌរួចហើយ។ របស់ណាមួយ​សម្រាប់ប្រដាប់ចង្កេះ របស់នោះឈ្មោះថា ខ្សែក្រវាត់។ ពាក្យថា ពាក់ គឺភិក្ខុនី​ប្រើប្រាស់តែម្តង ក៏ត្រូវអាបត្តិ​បាចិត្តិយ។

[៤៥៦] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៣យ៉ាង) គឺ ភិក្ខុនីពាក់ខ្សែចង្កេះ ព្រោះហេតុនៃ​អាពាធ១ ភិក្ខុនី​ឆ្កួត១ ភិក្ខុនីជាខាងដើមបញ្ញត្តិ១។

(បាចិត្តិយ ឆត្តុបាហនវគ្គ) សិក្ខាបទ ទី៤

(៤. ចតុត្ថសិក្ខាបទំ)

[៤៥៧] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងជេតវនារាម របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ឆព្វគ្គិយាភិក្ខុនីទាំងឡាយទ្រទ្រង់​គ្រឿងប្រដាប់ស្រី (គ្រហស្ថ)។ មនុស្ស​ទាំងឡាយពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុនីទាំងឡាយមិនសម​បើនឹងប្រើប្រាស់គ្រឿង​អលង្ការរបស់ស្រី ដូចជាពួកស្រីគ្រហស្ថ ដែលបរិភោគកាមសោះ។ ភិក្ខុនីទាំងឡាយបានឮ​មនុស្សទាំងឡាយ​នោះពោលទោស តិះដៀល បន្តុះបង្អាប់ហើយ។ ភិក្ខុនីទាំងឡាយណា មានសេចក្តី​ប្រាថ្នា​តិច។បេ។ ភិក្ខុនីទាំងឡាយ​នោះ (ក៏)ពោលទោស តិះដៀល បន្តុះ​បង្អាប់​ថា ឆព្វគ្គិយាភិក្ខុនី​ទាំងឡាយ មិនគួរបើនឹងប្រើប្រាស់​គ្រឿងអលង្ការរបស់​ស្រីសោះ។បេ។ ព្រះអង្គទ្រង់​ត្រាស់សួរថា ​ម្នាល​​ភិក្ខុ​​ទាំងឡាយ ឮ​ថា ឆព្វគ្គិយាភិក្ខុនីទាំងឡាយ​ប្រើប្រាស់​គ្រឿងអលង្ការរបស់​ស្រី ពិតមែនឬ។ ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ថា បពិត្រ​ព្រះដ៏មាន​ព្រះភាគ ពិតមែន។ ព្រះ​ពុទ្ធ​​ដ៏មានព្រះភាគ ​​ទ្រង់​បន្ទោស​ថា ម្នាល​ភិក្ខុ​ទាំងឡាយ​ ឆព្វគ្គិយាភិក្ខុនី​ទាំងឡាយ មិនសមបើនឹងប្រើប្រាស់​គ្រឿងអលង្ការរបស់​ស្រីទេ ម្នាល​ភិក្ខុ​ទាំងឡាយ អំពើ​នេះ​មិនមែននាំ​ឲ្យជ្រះថ្លាដល់ពួក​ជន ​​​ដែល​មិន​ទាន់​ជ្រះថ្លា​ទេ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុនី​ទាំងឡាយ ចូរសំដែង​ឡើងនូវសិក្ខាបទ​នេះយ៉ាង​នេះថា

ភិក្ខុនី​ណាមួយប្រើប្រាស់​គ្រឿងអលង្ការរបស់​ស្រី ភិក្ខុនី​នោះ ត្រូវអាបត្តិបាចិត្តិយ។

[៤៥៨] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយក្នុងសិក្ខាបទ​ទី១ នៃបារាជិកកណ្ឌរួចហើយ។ គ្រឿងប្រដាប់ក្បាល គ្រឿងប្រដាប់ក គ្រឿងប្រដាប់ដៃ គ្រឿងប្រដាប់ជើង គ្រឿងប្រដាប់ចង្កេះ ឈ្មោះថា គ្រឿងប្រដាប់​របស់ស្រី (ក្នុងសិក្ខាបទនេះ)។ ពាក្យថាប្រើប្រាស់ គឺភិក្ខុនីពាក់ សូម្បីម្តង ក៏ត្រូវអាបត្តិ​បាចិត្តិយ។

[៤៥៩] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៣យ៉ាង) គឺភិក្ខុនីប្រើប្រាស់​ព្រោះហេតុនៃ​អាពាធ១ ភិក្ខុនី​ឆ្កួត១ ភិក្ខុនីជាខាងដើមបញ្ញត្តិ១។

(បាចិត្តិយ ឆត្តុបាហនវគ្គ) សិក្ខាបទ ទី៥

(៥. បញ្ចមសិក្ខាបទំ)

[៤៦០] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងជេតវនារាម របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ឆព្វគ្គិយាភិក្ខុនីទាំងឡាយងូតទឹកដោយ​គ្រឿងក្រអូប និងគ្រឿងលាប។ មនុស្ស​ទាំងឡាយពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុនីទាំងឡាយ មិនគួរ​បើនឹងងូតទឹក​ដោយគ្រឿងក្រអូប និងគ្រឿងលាប ដូចជាពួកស្រីគ្រហស្ថ ជាអ្នកបរិភោគ​កាមសោះ។ ភិក្ខុនីទាំងឡាយបានឮ​មនុស្សទាំងឡាយ​នោះពោលទោស តិះដៀល បន្តុះបង្អាប់​ហើយ។ ភិក្ខុនីទាំងឡាយណា មានសេចក្តី​ប្រាថ្នា​តិច។បេ។ ភិក្ខុនីទាំងឡាយ​នោះ ក៏ពោលទោស តិះដៀល បន្តុះ​បង្អាប់​ថា ឆព្វគ្គិយាភិក្ខុនី​ទាំងឡាយ មិនគួរបើនឹងងូតទឹក​ដោយគ្រឿងក្រអូប និងគ្រឿងលាបសោះ។បេ។ ព្រះអង្គទ្រង់​ត្រាស់សួរថា ​ម្នាល​​ភិក្ខុ​​ទាំងឡាយ ឮ​ថា ឆព្វគ្គិយាភិក្ខុនី​ទាំងឡាយងូតទឹក​ដោយគ្រឿងក្រអូប និងគ្រឿងលាប ពិតមែនឬ។ ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ថា បពិត្រ​ព្រះដ៏មាន​ព្រះភាគ ពិតមែន។ ព្រះ​ពុទ្ធ​​ដ៏មានព្រះភាគ ​​ទ្រង់​បន្ទោស​ថា ម្នាល​ភិក្ខុ​ទាំងឡាយ​ ឆព្វគ្គិយាភិក្ខុនី​ទាំងឡាយ មិនគួរបើនឹងងូតទឹក​ដោយគ្រឿងក្រអូប និងគ្រឿងលាបទេ ម្នាល​ភិក្ខុ​ទាំងឡាយ អំពើ​នេះ​មិនមែននាំ​ឲ្យជ្រះថ្លាដល់ពួក​ជន ​​​ដែល​មិន​ទាន់​ជ្រះថ្លា​ទេ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុនី​ទាំងឡាយ ចូរសំដែង​ឡើងនូវសិក្ខាបទ​នេះយ៉ាង​នេះថា

ភិក្ខុនី​ណាមួយ ងូតទឹក​ដោយគ្រឿងក្រអូប និងគ្រឿងលាប ភិក្ខុនី​នោះ ត្រូវអាបត្តិបាចិត្តិយ។

[៤៦១] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយក្នុងសិក្ខាបទ​ទី១ នៃបារាជិកកណ្ឌរួចហើយ។ ដែលហៅថា គ្រឿងក្រអូប សំដៅយកវត្ថុណាមួយ​មានក្លិន​ក្រអូប។ ដែលហៅថា គ្រឿងលាប សំដៅយករបស់ណាមួយ​សម្រាប់លាប។ ពាក្យថា ងូតទឹក គឺភិក្ខុនី​កំពុង​ងូត ត្រូវអាបត្តិទុក្កដក្នុងប្រយោគ​ដែលងូត ងូតស្រេច ត្រូវអាបត្តិ​បាចិត្តិយ។

[៤៦២] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៣យ៉ាង) គឺភិក្ខុនីងូតទឹក ព្រោះ​ហេតុនៃ​​អាពាធ១ ភិក្ខុនី​ឆ្កួត១ ភិក្ខុនីជាខាងដើមបញ្ញត្តិ១។

(បាចិត្តិយ ឆត្តុបាហនវគ្គ) សិក្ខាបទ ទី៦

(៦. ឆដ្ឋសិក្ខាបទំ)

[៤៦៣] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងជេតវនារាម របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ឆព្វគ្គិយាភិក្ខុនីទាំងឡាយងូតទឹកដោយ​គ្រឿងអប់គ្រឿងលំអិត។ មនុស្ស​ទាំងឡាយពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុនីទាំងឡាយ មិនសម​បើនឹងងូតទឹក​ដោយគ្រឿងអប់ គ្រឿងលំអិត ដូចជាពួកស្រីគ្រហស្ថ ជាអ្នកបរិភោគ​កាមសោះ។ ភិក្ខុនីទាំងឡាយ​បានឮ​មនុស្សទាំងឡាយ​នោះពោលទោស តិះដៀល បន្តុះបង្អាប់​ហើយ។ ភិក្ខុនីទាំងឡាយណា មានសេចក្តី​ប្រាថ្នា​តិច។បេ។ ភិក្ខុនីទាំងឡាយ​នោះ ក៏ពោលទោស តិះដៀល បន្តុះ​បង្អាប់​ថា ឆព្វគ្គិយាភិក្ខុនី​ទាំងឡាយ មិនសមបើនឹងងូតទឹក​ដោយគ្រឿងអប់ គ្រឿងលំអិតសោះ។បេ។ ព្រះអង្គ​ទ្រង់​ត្រាស់សួរថា ​ម្នាល​​ភិក្ខុ​​ទាំងឡាយ ឮ​ថា ឆព្វគ្គិយាភិក្ខុនី​ងូតទឹក​ដោយគ្រឿងអប់ គ្រឿងលំអិត ពិតមែនឬ។ ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ថា បពិត្រ​ព្រះដ៏មាន​ព្រះភាគ ពិតមែន។ ព្រះ​ពុទ្ធ​​ដ៏មានព្រះភាគ ​​ទ្រង់​បន្ទោស​ថា ម្នាល​ភិក្ខុ​ទាំងឡាយ​ ឆព្វគ្គិយាភិក្ខុនី​ទាំងឡាយ មិនសមបើនឹងងូតទឹក​ដោយគ្រឿងអប់ គ្រឿងលំអិតទេ ម្នាល​ភិក្ខុ​ទាំងឡាយ អំពើ​នេះ​មិនមែននាំ​ឲ្យជ្រះថ្លាដល់ពួក​ជន ​​​ដែល​មិន​ទាន់​ជ្រះថ្លា​ទេ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុនី​ទាំងឡាយ ចូរសំដែង​ឡើងនូវសិក្ខាបទ​នេះយ៉ាង​នេះថា

ភិក្ខុនី​ណាមួយ ងូតទឹក​ដោយគ្រឿងអប់ គ្រឿង​លំអិត ភិក្ខុនី​នោះ ត្រូវអាបត្តិបាចិត្តិយ។

[៤៦៤] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយក្នុងសិក្ខាបទ​ទី១ នៃបារាជិកកណ្ឌរួចហើយ។ ដែលហៅថា គ្រឿងអប់នោះ គឺគ្រឿងអប់ដែល​មានក្លិនក្រអូប​ណាមួយ។ ដែលហៅថា គ្រឿងលំអិត សំដៅយកម្សៅល្ង។ ពាក្យថា ងូតទឹក សេចក្តីថា ភិក្ខុនី​​ងូត ត្រូវអាបត្តិទុក្កដក្នុងប្រយោគ​ដែលងូត ងូតស្រេច ត្រូវអាបត្តិ​បាចិត្តិយ។

[៤៦៥] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៣យ៉ាង) គឺភិក្ខុនីងូតទឹកដោយ​គ្រឿង​លំអិតជាប្រក្រតី ព្រោះ​ហេតុនៃ​​អាពាធ១ ភិក្ខុនី​ឆ្កួត១ ភិក្ខុនីជាខាងដើមបញ្ញត្តិ១។

(បាចិត្តិយ ឆត្តុបាហនវគ្គ) សិក្ខាបទ ទី៧

(៧. សត្តមសិក្ខាបទំ)

[៤៦៦] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងជេតវនារាម របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ភិក្ខុនីទាំងឡាយឲ្យភិក្ខុនីគក់រិតខ្លះ ច្របាច់ខ្លះ។ មនុស្សទាំងឡាយ​ដើរទៅកាន់ចារិកវិហារ ឃើញហើយពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុនីទាំងឡាយ មិនគួរ​បើនឹងឲ្យភិក្ខុនី​គក់រិតខ្លះ ច្របាច់ខ្លះ ដូចជាពួកស្រីគ្រហស្ថ ជាអ្នកបរិភោគ​កាមសោះ។ ភិក្ខុនីទាំងឡាយ​បានឮពាក្យ​មនុស្សទាំងឡាយ​នោះពោលទោស តិះដៀល បន្តុះបង្អាប់​ហើយ។ ភិក្ខុនីទាំងឡាយណា មានសេចក្តី​ប្រាថ្នា​តិច។បេ។ ភិក្ខុនីទាំងឡាយ​នោះ ក៏ពោលទោស តិះដៀល បន្តុះ​បង្អាប់​ថា ភិក្ខុនី​ទាំងឡាយ មិនគួរបើនឹងឲ្យភិក្ខុនី​គក់រិតខ្លះ ច្របាច់ខ្លះសោះ។បេ។ ព្រះអង្គ​ទ្រង់​ត្រាស់សួរថា ​ម្នាល​​ភិក្ខុ​​ទាំងឡាយ ឮ​ថា ភិក្ខុនី​ទាំងឡាយឲ្យភិក្ខុនី​គក់រិតខ្លះ ច្របាច់ខ្លះ ពិតមែនឬ។ ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ថា បពិត្រ​ព្រះដ៏មាន​ព្រះភាគ ពិតមែន។ ព្រះ​ពុទ្ធ​​ដ៏មានព្រះភាគ ​​ទ្រង់​បន្ទោស​ថា ម្នាល​ភិក្ខុ​ទាំងឡាយ​ ភិក្ខុនី​ទាំងឡាយ មិនគួរបើនឹងឲ្យភិក្ខុនី​គក់រិតខ្លះ ច្របាច់ខ្លះទេ ម្នាល​ភិក្ខុ​ទាំងឡាយ អំពើ​នេះ​មិនមែននាំ​ឲ្យជ្រះថ្លាដល់ពួក​ជន ​​​ដែល​មិន​ទាន់​ជ្រះថ្លា​ទេ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុនី​ទាំងឡាយ ចូរសំដែង​ឡើងនូវសិក្ខាបទ​នេះយ៉ាង​នេះថា

ភិក្ខុនី​ណាមួយ ឲ្យភិក្ខុនី​គក់រិតក្តី ច្របាច់ក្តី ភិក្ខុនី​នោះ ត្រូវអាបត្តិបាចិត្តិយ។

[៤៦៧] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយក្នុងសិក្ខាបទ​ទី១ នៃបារាជិកកណ្ឌរួចហើយ។ ពាក្យថា ឲ្យភិក្ខុនី គឺឲ្យភិក្ខុនីដទៃ។ ពាក្យថា គក់រិតក្តី គឺភិក្ខុនី​ឲ្យគក់រិត ត្រូវអាបត្តិបាចិត្តិយ។ ពាក្យថា ច្របាច់ក្តី គឺភិក្ខុនី​ឲ្យគេច្របាច់ ត្រូវអាបត្តិ​បាចិត្តិយ។

[៤៦៨] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៤យ៉ាង) គឺភិក្ខុនីឈឺ១ ភិក្ខុនី​មានសេចក្តី​អន្តរាយ១ ភិក្ខុនី​ឆ្កួត១ ភិក្ខុនីជាខាងដើមបញ្ញត្តិ១។

(បាចិត្តិយ ឆត្តុបាហនវគ្គ) សិក្ខាបទ ទី៨-៩-១០

(៨-៩-១០. អដ្ឋម-នវម-ទសមសិក្ខាបទំ)

[៤៦៩] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងជេតវនារាម របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ភិក្ខុនីទាំងឡាយឲ្យសិក្ខមានាគក់រិតខ្លះ ច្របាច់ខ្លះ។បេ។ ឲ្យសាមណេរីគក់រិតខ្លះ ច្របាច់ខ្លះ។បេ។ ឲ្យស្រីគ្រហស្ថគក់រិតខ្លះ ច្របាច់ខ្លះ។ មនុស្សទាំងឡាយ​ដើរទៅកាន់ចារិកវិហារ ឃើញហើយក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុនីទាំងឡាយ មិនគួរ​បើនឹងឲ្យស្រីគ្រហស្ថ​គក់រិតខ្លះ ច្របាច់ខ្លះ ដូចជាពួកស្រីគ្រហស្ថ ជាអ្នកបរិភោគ​កាម​សោះ។ ភិក្ខុនីទាំងឡាយ​បានឮ​មនុស្សទាំងឡាយ​នោះពោលទោស តិះដៀល បន្តុះបង្អាប់​ហើយ។ ភិក្ខុនីទាំងឡាយណា មានសេចក្តី​ប្រាថ្នា​តិច។បេ។ ភិក្ខុនីទាំងឡាយ​នោះ ក៏ពោលទោស តិះដៀល បន្តុះ​បង្អាប់​ថា ភិក្ខុនី​ទាំងឡាយ មិនសមបើនឹងឲ្យស្រីគ្រហស្ថ​គក់រិតខ្លះ ច្របាច់ខ្លះ។បេ។ ​ទ្រង់​ត្រាស់សួរថា ​ម្នាល​​ភិក្ខុ​​ទាំងឡាយ ឮ​ថា ភិក្ខុនី​ទាំងឡាយឲ្យស្រីគ្រហស្ថ​គក់រិតខ្លះ ច្របាច់ខ្លះ ពិតមែនឬ។ ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ថា បពិត្រ​ព្រះដ៏មាន​ព្រះភាគ ពិតមែន។ ព្រះ​ពុទ្ធ​​ដ៏មាន​ព្រះភាគ ​​ទ្រង់​បន្ទោស​ថា ម្នាល​ភិក្ខុ​ទាំងឡាយ​ ភិក្ខុនី​ទាំងឡាយ មិនសមបើនឹងឲ្យស្រីគ្រហស្ថ​គក់រិតខ្លះ ច្របាច់ខ្លះទេ ម្នាល​ភិក្ខុ​ទាំងឡាយ អំពើ​នេះ​មិនមែននាំ​ឲ្យជ្រះថ្លាដល់ពួក​ជន ​​​ដែល​មិន​ទាន់​ជ្រះថ្លា​ទេ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុនី​ទាំងឡាយ ចូរសំដែង​ឡើងនូវសិក្ខាបទ​នេះយ៉ាង​នេះថា

ភិក្ខុនី​ណាមួយ ឲ្យស្រីគ្រហស្ថ​គក់រិតក្តី ច្របាច់ក្តី ភិក្ខុនី​នោះ ត្រូវអាបត្តិបាចិត្តិយ។

[៤៧០] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយក្នុងសិក្ខាបទ​ទី១ នៃបារាជិកកណ្ឌរួចហើយ។ ដែលហៅថា សិក្ខមានា បានដល់​សាមណេរីដែល​សិក្សាសិក្ខា​ក្នុងធម៌​៦យ៉ាងអស់ពីរឆ្នាំហើយ។ ដែលហៅថា សាមណេរី បានដល់​ស្រីអ្នកបួស​ដែលរក្សាសិក្ខាបទ១០។ ដែលហៅថា ស្រីគ្រហស្ថ សំដៅ​យកស្រីដែល​នៅគ្រប់គ្រងផ្ទះ។ ពាក្យថា ឲ្យគក់រិតក្តី សេចក្តីថា ភិក្ខុនី​ឲ្យគេគក់រិត ត្រូវអាបត្តិបាចិត្តិយ។ ពាក្យថា ឲ្យច្របាច់ក្តី សេចក្តីថា ភិក្ខុនី​ឲ្យគេច្របាច់ ត្រូវអាបត្តិ​បាចិត្តិយ។

[៤៧១] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៤យ៉ាង) គឺភិក្ខុនីមានហេតុ​នៃអាពាធ១ ភិក្ខុនី​មានសេចក្តី​អន្តរាយ១ ភិក្ខុនី​ឆ្កួត១ ភិក្ខុនីជាខាងដើមបញ្ញត្តិ១។

(បាចិត្តិយ ឆត្តុបាហនវគ្គ) សិក្ខាបទ ទី១១

(១១. ឯកាទសមសិក្ខាបទំ)

[៤៧២] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងជេតវនារាម របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ភិក្ខុនីទាំងឡាយ មិនបានប្រាប់ ហើយអង្គុយលើ​អាសនៈ​ខាងមុខភិក្ខុ។ ភិក្ខុទាំងឡាយពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុនីទាំងឡាយ មិនសម​បើមិនប្រាប់ ហើយអង្គុយលើអាសនៈ​ខាងមុខភិក្ខុសោះ។បេ។ ព្រះអង្គ​ទ្រង់​ត្រាស់សួរថា ​ម្នាល​​ភិក្ខុ​​ទាំងឡាយ ឮ​ថា ភិក្ខុនី​ទាំងឡាយមិនប្រាប់ ហើយអង្គុយលើអាសនៈខាងមុខភិក្ខុ ពិតមែនឬ។ ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ថា បពិត្រ​ព្រះដ៏មាន​ព្រះភាគ ពិតមែន។ ព្រះ​ពុទ្ធ​​ដ៏មានព្រះភាគ ​​ទ្រង់​បន្ទោស​ថា ម្នាល​ភិក្ខុ​ទាំងឡាយ​ ភិក្ខុនី​ទាំងឡាយមិនបានប្រាប់ មិនគួរបើនឹងអង្គុយ​លើអាសនៈ​ខាងមុខភិក្ខុទេ ម្នាល​ភិក្ខុ​ទាំងឡាយ អំពើ​នេះ​មិនមែននាំ​ឲ្យជ្រះថ្លាដល់ពួក​ជន ​​​ដែល​មិន​ទាន់​ជ្រះថ្លា​ទេ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុនី​ទាំងឡាយ ចូរសំដែង​ឡើងនូវសិក្ខាបទ​នេះយ៉ាង​នេះថា

ភិក្ខុនី​ណាមួយ មិនប្រាប់ ហើយអង្គុយលើអាសនៈ​ខាងមុខ​ភិក្ខុ ភិក្ខុនី​នោះ ត្រូវអាបត្តិ​បាចិត្តិយ។

[៤៧៣] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយក្នុងសិក្ខាបទ​ទី១ នៃបារាជិកកណ្ឌរួចហើយ។ ពាក្យថា ខាងមុខភិក្ខុ គឺខាងមុខនៃ​ឧបសម្បន្ន។ ពាក្យថា មិនបានប្រាប់ គឺមិនបាន​ពិតទូល។ ពាក្យថា អង្គុយលើ​អាសនៈ គឺភិក្ខុនី​អង្គុយ​ដោយហោច​ទៅ​សូម្បី​លើផែនដី ក៏ត្រូវអាបត្តិ​បាចិត្តិយ។

[៤៧៤] ភិក្ខុដែលខ្លួនមិនបានប្រាប់ ភិក្ខុនីសំគាល់ថា មិនបានប្រាប់មែន ហើយអង្គុយ​លើ​អាសនៈ ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុដែលខ្លួនមិនបានប្រាប់ ភិក្ខុនីមានសេចក្តី​សង្ស័យ ហើយអង្គុយ​លើ​អាសនៈ ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុដែលខ្លួនមិនបានប្រាប់ ភិក្ខុនីសំគាល់ថា បានប្រាប់ ហើយអង្គុយ​លើ​អាសនៈ ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុដែលខ្លួនបានប្រាប់ ភិក្ខុនីសំគាល់ថា មិនបានប្រាប់ទេ ត្រូវអាបត្តិទុក្កដ។ ភិក្ខុដែលខ្លួនបានប្រាប់ ភិក្ខុនីមានសេចក្តីសង្ស័យ ត្រូវអាបត្តិទុក្កដ។ ភិក្ខុដែលខ្លួនបានប្រាប់ ភិក្ខុនីសំគាល់ថា បានប្រាប់ហើយមែន មិនត្រូវអាបត្តិ។

[៤៧៥] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៥យ៉ាង) គឺភិក្ខុនីប្រាប់ហើយទើប​អង្គុយលើអាសនៈ១ ភិក្ខុនីឈឺ១ ភិក្ខុនី​មានសេចក្តី​អន្តរាយ១ ភិក្ខុនី​ឆ្កួត១ ភិក្ខុនីជាខាង​ដើម​បញ្ញត្តិ១។

(បាចិត្តិយ ឆត្តុបាហនវគ្គ) សិក្ខាបទ ទី១២

(១២. ទ្វាទសមសិក្ខាបទំ)

[៤៧៦] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងជេតវនារាម របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ភិក្ខុនីទាំងឡាយ សួរបញ្ហានឹងភិក្ខុដែលខ្លួនមិនបានសូមឱកាស​ជាមុន។ ភិក្ខុទាំងឡាយពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុនីទាំងឡាយ មិនសម​បើនឹងសួរបញ្ហានឹងភិក្ខុដែលខ្លួនមិនបានសូមឱកាសសោះ។បេ។ ព្រះអង្គ​ទ្រង់​ត្រាស់សួរថា ​ម្នាល​​ភិក្ខុ​​ទាំងឡាយ ឮ​ថា ភិក្ខុនី​ទាំងឡាយសួរបញ្ហានឹងភិក្ខុដែលខ្លួនមិនបានសូមឱកាស​ ពិតមែនឬ។ ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ថា បពិត្រ​ព្រះដ៏មាន​ព្រះភាគ ពិតមែន។ ព្រះ​ពុទ្ធ​​ដ៏មានព្រះភាគ ​​ទ្រង់​បន្ទោស​ថា ម្នាល​ភិក្ខុ​ទាំងឡាយ​ ភិក្ខុនី​ទាំងឡាយមិនសមបើនឹងសួរបញ្ហានឹង​ភិក្ខុដែលខ្លួន​មិនបានសូមឱកាសទេ ម្នាល​ភិក្ខុ​ទាំងឡាយ អំពើ​នេះ​មិនមែននាំ​ឲ្យជ្រះថ្លាដល់ពួក​ជន ​​​ដែល​មិន​ទាន់​ជ្រះថ្លា​ទេ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុនី​ទាំងឡាយ ចូរសំដែង​ឡើងនូវ​សិក្ខាបទ​​នេះយ៉ាង​នេះថា

ភិក្ខុនី​ណាមួយ សួរបញ្ហានឹងភិក្ខុដែលខ្លួនមិនបានសូមឱកាស​ ភិក្ខុនី​នោះ ត្រូវអាបត្តិ​បាចិត្តិយ។

[៤៧៧] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយក្នុងសិក្ខាបទ​ទី១ នៃបារាជិកកណ្ឌរួចហើយ។ ពាក្យថា មិនបានសូមឱកាស គឺមិនបាន​ផ្តៀង។ ពាក្យថា នឹងភិក្ខុ គឺនឹង​ឧបសម្បន្ន។ ពាក្យថា សួរបញ្ហា គឺភិក្ខុនី​ឲ្យភិក្ខុ​ធ្វើឱកាស​ក្នុងព្រះសូត្រ ហើយបែរ​ទៅសួរ​វិន័យក្តី អភិធម្មក្តី ត្រូវអាបត្តិ​បាចិត្តិយ។ ភិក្ខុនី​ឲ្យភិក្ខុ​ធ្វើឱកាស​ក្នុងវិន័យ ហើយបែរ​ទៅសួរព្រះសូត្រក្តី អភិធម្មក្តី ត្រូវអាបត្តិ​បាចិត្តិយ។ ភិក្ខុនី​ឲ្យភិក្ខុ​ធ្វើឱកាស​ក្នុងអភិធម្ម ហើយបែរ​ទៅសួរព្រះសូត្រក្តី ​វិន័យក្តី ត្រូវអាបត្តិ​បាចិត្តិយ។

[៤៧៨] ភិក្ខុដែលខ្លួនមិនបានសូមឱកាស ភិក្ខុនីសំគាល់ថា មិនបានសូមឱកាសមែន ហើយសួរបញ្ហា ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុដែលខ្លួនមិនបានសូមឱកាស ភិក្ខុនីមានសេចក្តី​សង្ស័យ ហើយសួរបញ្ហា ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុដែលខ្លួនមិនបានសូមឱកាស តែភិក្ខុនីសំគាល់ថា បានសូមឱកាស ហើយសួរបញ្ហា ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុដែលខ្លួនបានសូមឱកាស តែភិក្ខុនីសំគាល់ថា មិនបានសូមឱកាស ត្រូវអាបត្តិទុក្កដ។ ភិក្ខុដែលខ្លួនបានសូមឱកាស តែភិក្ខុនីមានសេចក្តីសង្ស័យ ត្រូវអាបត្តិទុក្កដ។ ភិក្ខុដែលខ្លួនបានសូមឱកាស ភិក្ខុនីសំគាល់ថា បានសូមឱកាសមែន មិនត្រូវអាបត្តិ។

[៤៧៩] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៤យ៉ាង) គឺភិក្ខុនីឲ្យភិក្ខុធ្វើ​ឱកាស​ហើយសួរ១ ភិក្ខុនីឲ្យភិក្ខុធ្វើឱកាស​មិនចំពោះ ហើយសួរក្នុង​ពុទ្ធវចនៈ​ឯណាមួយ១ ភិក្ខុនីឆ្កួត១ ភិក្ខុនីជាខាង​ដើម​បញ្ញត្តិ១។

(បាចិត្តិយ ឆត្តុបាហនវគ្គ) សិក្ខាបទ ទី១៣

(១៣. តេរសមសិក្ខាបទំ)

[៤៨០] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងជេតវនារាម របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ភិក្ខុនី១រូបគ្មាន​សម្ពត់ចោមពុង ចូលទៅកាន់ស្រុកដើម្បី​បិណ្ឌបាត។ ខ្យល់ព្យុះទាំងឡាយបក់សើយសង្ឃាដីទាំងឡាយឡើងក្នុងច្រកនោះ។ មនុស្សទាំង​ឡាយធ្វើសំឡេង​ហ៊ោឡើងថា ដោះនឹងពោះលោកម្ចាស់ល្អណាស់។ ភិក្ខុនីនោះ កាលដែល​មនុស្ស​ទាំងឡាយចំអកឲ្យ (យ៉ាងនោះហើយ) ក៏មានសេចក្តី​អៀនខ្មាស។ ទើបភិក្ខុនីនោះទៅកាន់លំនៅ ហើយប្រាប់ដំណើរនុ៎ះ​ដល់ភិក្ខុនីទាំងឡាយ។ ភិក្ខុនីទាំងឡាយណា​មានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុនីទាំងឡាយនោះពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុនី មិនសម​បើនឹង​គ្មានសម្ពត់ចោមពុង ហើយចូលទៅកាន់ស្រុក​សោះ។បេ។ ព្រះអង្គ​ទ្រង់​ត្រាស់សួរថា ​ម្នាល​​ភិក្ខុ​​ទាំងឡាយ ឮ​ថា ភិក្ខុនី គ្មានសម្ពត់ចោមពុង ហើយចូលទៅកាន់ស្រុក ពិតមែនឬ។ ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ថា បពិត្រ​ព្រះដ៏មាន​ព្រះភាគ ពិតមែន។ ព្រះ​ពុទ្ធ​​ដ៏មានជោគ ​​ទ្រង់​បន្ទោស​ថា ម្នាល​ភិក្ខុ​ទាំងឡាយ​ ភិក្ខុនីមិនសមបើនឹង គ្មានសម្ពត់ចោមពុង ហើយចូលទៅកាន់ស្រុកទេ ម្នាល​ភិក្ខុ​ទាំងឡាយ អំពើ​នេះ​មិនមែននាំ​ឲ្យជ្រះថ្លាដល់ពួក​ជន ​​​ដែល​មិន​ទាន់​ជ្រះថ្លា​ទេ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុនី​ទាំងឡាយ ចូរសំដែង​ឡើងនូវ​សិក្ខាបទ​​នេះយ៉ាង​នេះថា

ភិក្ខុនី​ណាមួយ គ្មានសម្ពត់ចោមពុង ចូលទៅកាន់ស្រុក ភិក្ខុនី​នោះ ត្រូវអាបត្តិ​បាចិត្តិយ។

[៤៨១] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយក្នុងសិក្ខាបទ​ទី១ នៃបារាជិកកណ្ឌរួចហើយ។ ពាក្យថា គ្មានសម្ពត់ចោមពុង គឺលះបង់​សម្ពត់ចោមពុង។ សរីរប្រទេសខាងក្រោម តាំងពី​ដងកាំបិតចុះមក ខាងលើ តាំងពីផ្ចិតឡើងទៅ សម្ពត់ដែល​គេធ្វើ​ដើម្បី​បិទបាំងសរីរប្រទេសនោះ ហៅថា សម្ពត់ចោមពុង។ ពាក្យថា ចូលទៅកាន់ស្រុក គឺភិក្ខុនី​ឈានកន្លងរបង​ស្រុកដែលមាន​របង ត្រូវអាបត្តិ​បាចិត្តិយ។ ភិក្ខុនីឈាន​ចូលដល់​ឧបចារ​ស្រុក​ដែលគ្មានរបង ត្រូវអាបត្តិ​បាចិត្តិយ។

[៤៨២] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៧យ៉ាង) គឺភិក្ខុនីមានចីវរ​ចោរដណ្តើមយកទៅ១ ភិក្ខុនីមានចីវរវិនាស១ ភិក្ខុនីឈឺ១ ភិក្ខុនីមិនមាន​សតិ១ ភិក្ខុនី​មិនដឹងខ្លួន១ ភិក្ខុនីឆ្កួត១ ភិក្ខុនីជាខាង​ដើម​បញ្ញត្តិ១។

ឆត្តុបាហនវគ្គ ទី ៩ ចប់។

[៤៨៣] បពិត្រលោកម្ចាស់ទាំងឡាយ អាបត្តិបាចិត្តិយទាំងឡាយ១៦៦ ខ្ញុំបានសំដែងឡើង​ហើយ។ ខ្ញុំសូមសួរលោកម្ចាស់ទាំងឡាយក្នុងអាបត្តិបាចិត្តិយទាំងនោះ លោក​ទាំងឡាយជាអ្នក​បរិសុទ្ធហើយឬ។ ខ្ញុំសួរអស់វារៈជាគំរប់ពីរដងផង លោក​ទាំងឡាយជាអ្នក​បរិសុទ្ធហើយឬ។ ខ្ញុំសួរអស់វារៈជាគំរប់បីដងផង លោក​ទាំងឡាយជាអ្នក​បរិសុទ្ធហើយឬ។ លោកម្ចាស់ទាំងឡាយ​ជាអ្នកបរិសុទ្ធ​ក្នុងអាបត្តិទាំងនេះហើយ ហេតុនោះ ទើបលោក​ស្ងៀមនៅ។ ខ្ញុំសូមចាំទុកនូវ​រឿងនេះ ដោយអាការស្ងៀមនៅយ៉ាងនេះ។

បាចិត្តិយ ចប់។

បាដិទេសនីយកណ្ឌ (ភិក្ខុនីវិភង្គ)

(៥. បាដិទេសនីយកណ្ឌំ (ភិក្ខុនីវិភង្គោ))

បពិត្រលោកម្ចាស់ទាំងឡាយ អាបត្តិទាំងឡាយឈ្មោះ បាដិទេសនីយ៨នេះ មកកាន់​ឧទ្ទេស។

(បាដិទេសនីយ សិក្ខាបទ ទី១)

(១. បឋមបាដិទេសនីយសិក្ខាបទំ)

[៤៨៤] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងជេតវនារាម របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ឆព្វគ្គិយាភិក្ខុនីទាំងឡាយសូមទឹកដោះរាវឆាន់។ មនុស្សទាំង​ឡាយ​ពោល​ទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុនីទាំងឡាយ មិនសមបើនឹង​សូមទឹកដោះរាវ​ឆាន់​សោះ អ្នកណាមិនគាប់ចិត្តនឹងវត្ថុដែលសម្បូណ៌ អ្នកណាមិន​គាប់ចិត្ត​នឹងវត្ថុដែលឆ្ងាញ់។ ភិក្ខុនី​ទាំងឡាយបានឮមនុស្សទាំងឡាយនោះពោលទោស តិះដៀល បន្តុះបង្អាប់ហើយ។ ភិក្ខុនី​ទាំងឡាយ​ណា​មានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុនីទាំងឡាយ​នោះពោលទោស តិះដៀល បន្តុះបង្អាប់ថា ឆព្វគ្គិយាភិក្ខុនីទាំងឡាយមិនសមបើនឹងសូមទឹកដោះរាវឆាន់​សោះ។បេ។ ព្រះអង្គ​ទ្រង់​ត្រាស់សួរថា ​ម្នាល​​ភិក្ខុ​​ទាំងឡាយ ឮ​ថា ភិក្ខុនីទាំងឡាយសូមទឹកដោះរាវឆាន់ ពិតមែនឬ។ ពួកភិក្ខុ​ក្រាបទូល​ថា បពិត្រ​ព្រះដ៏មាន​ព្រះភាគ ពិតមែន។ ព្រះ​ពុទ្ធ​​ដ៏មានព្រះភាគ ​​ទ្រង់​បន្ទោស​ថា ម្នាល​ភិក្ខុ​ទាំងឡាយ​ ឆព្វគ្គិយាភិក្ខុនីទាំងឡាយ មិនសមបើនឹង​សូមទឹកដោះរាវឆាន់ទេ ម្នាល​ភិក្ខុ​ទាំងឡាយ អំពើ​នេះ​មិនមែននាំ​ឲ្យជ្រះថ្លាដល់ពួក​ជន ​​​ដែល​មិន​ទាន់​ជ្រះថ្លា​ទេ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុនី​ទាំងឡាយ ចូរសំដែង​ឡើងនូវ​សិក្ខាបទ​​នេះយ៉ាង​នេះថា

ភិក្ខុនី​ណាមួយ សូមទឹកដោះរាវឆាន់ ភិក្ខុនី​នោះត្រូវសំដែង​ចំពោះ​អាបត្តិនោះថា បពិត្រលោកម្ចាស់ ខ្ញុំត្រូវអាបត្តិ​ដែលព្រះដ៏មានព្រះភាគ​តិះដៀលហើយ មិនជាទីសប្បាយ ឈ្មោះបាដិទេសនីយ ខ្ញុំសូមសំដែង​ចំពោះ​នូវអាបត្តិនោះ។

សិក្ខាបទនេះ ព្រះដ៏មានព្រះភាគ​បញ្ញត្តហើយដល់​ភិក្ខុនី​ទាំងឡាយ​យ៉ាងនេះ។

[៤៨៥] សម័យនោះឯង ភិក្ខុនីទាំងឡាយមានជម្ងឺ។ ភិក្ខុនីទាំងឡាយ​ជាអ្នកសួរ​ជម្ងឺ បាននិយាយ​ពាក្យនេះនឹងភិក្ខុនី​ទាំងឡាយដែល​ឈឺថា នែលោកម្ចាស់ លោកអាច​អត់ទ្រាំ​សេចក្តីទុក្ខបានឬទេ លោកអាចញុំាង​ឥរិយាបថ​ឲ្យប្រព្រឹត្តទៅបានឬទេ។ ភិក្ខុនីដែលឈឺ​ទាំងឡាយនោះនិយាយថា នែលោកម្ចាស់ ពីដើម យើងទាំងឡាយសូមទឹកដោះរាវឆាន់បាន ហេតុនោះ យើងមានសេចក្តី​សប្បាយ តែថាឥឡូវនេះ យើងទាំងឡាយ​រង្កៀសថា ការសូមនោះ ព្រះដ៏មានព្រះភាគ ទ្រង់ហាមហើយ ដូច្នេះ ទើបមិនហ៊ានសូម ហេតុនោះ ទើបយើង​ទាំងឡាយ​មិនមានសេចក្តី​សប្បាយ។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះ​ចំពោះព្រះដ៏មានព្រះភាគ។បេ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ​ម្នាល​​ភិក្ខុ​​ទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យភិក្ខុនីឈឺ សូមទឹកដោះរាវឆាន់បាន។ ម្នាល​ភិក្ខុ​ទាំងឡាយ​ ភិក្ខុនី​ទាំងឡាយ ចូរសំដែង​ឡើងនូវ​សិក្ខាបទ​​នេះយ៉ាង​នេះថា

ភិក្ខុនី​ណាមួយ មិនឈឺ សូមទឹកដោះរាវឆាន់ ភិក្ខុនី​នោះត្រូវសំដែង​ចំពោះ​អាបត្តិនោះថា បពិត្រលោកម្ចាស់ ខ្ញុំត្រូវអាបត្តិ​ដែលព្រះដ៏មានព្រះភាគ​តិះដៀលហើយ មិនជាទីសប្បាយ ឈ្មោះបាដិទេសនីយ ខ្ញុំសូមសំដែង​ចំពោះ​នូវអាបត្តិនោះ។

[៤៨៦] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយក្នុងសិក្ខាបទ​ទី១ នៃបារាជិកកណ្ឌរួចហើយ។ ភិក្ខុនីណាលះបង់ទឹកដោះរាវ ហើយបានសេចក្តី​សប្បាយ ភិក្ខុនី​នោះឈ្មោះថា មិនឈឺ។ ភិក្ខុនីណាលះបង់​ទឹកដោះរាវហើយ មិនមានសេចក្តីសប្បាយ ភិក្ខុនី​នោះឈ្មោះថាឈឺ។ ដែលហៅថា ទឹកដោះរាវ គឺទឹកដោះរាវរបស់គោក្តី ទឹកដោះរាវរបស់ពពែក្តី ទឹកដោះរាវរបស់ក្របីក្តី សាច់ពួកសត្វណាគួរ ទឹកដោះរាវរបស់សត្វពួក​នោះក៏គួរដែរ។ ភិក្ខុនី​មិនឈឺ សូមប្រយោជន៍​ដើម្បីខ្លួន ត្រូវទុក្កដក្នុងប្រយោគដែលសូម ភិក្ខុនីទទួលដោយគិតថា អញនឹង​ឆាន់ ត្រូវអាបត្តិទុក្កដក្នុងខណៈ​ដែលបានមក។ ត្រូវបាដិទេសនីយគ្រប់ៗវារៈដែល​លេបចូលទៅ។

[៤៨៧] ខ្លួនមិនឈឺ ភិក្ខុនីសំគាល់ថាមិនឈឺ ហើយសូមទឹកដោះរាវឆាន់ ត្រូវអាបត្តិបាដិទេសនីយ។ ខ្លួនមិនឈឺ (តែ)ភិក្ខុនីមានសេចក្តីសង្ស័យ ហើយសូមទឹកដោះ​រាវ​ឆាន់ ត្រូវអាបត្តិបាដិទេសនីយ។ ខ្លួនមិនឈឺ ភិក្ខុនីសំគាល់ថាឈឺ ហើយសូមទឹកដោះរាវឆាន់ ត្រូវអាបត្តិបាដិទេសនីយ។ ខ្លួនឈឺ ភិក្ខុនីសំគាល់ថាមិនឈឺ ត្រូវអាបត្តិទុក្កដ។ ខ្លួនឈឺ (តែ)ភិក្ខុនីមានសេចក្តីសង្ស័យ ត្រូវអាបត្តិទុក្កដ។ ខ្លួនឈឺ ភិក្ខុនីសំគាល់ថាឈឺ មិនត្រូវអាបត្តិ។

[៤៨៨] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៩យ៉ាង) គឺភិក្ខុនីឈឺ១ ភិក្ខុនី​ឈឺ សូម(គេបានមក) ហើយត្រឡប់ជាមិនឈឺឆាន់១ ភិក្ខុនីឆាន់របស់​សល់អំពីភិក្ខុនីឈឺ១ ភិក្ខុនី​បានពី​សំណាក់​ពួកញាតិ១ អំពីសំណាក់ពួកជនបវារណា១ ភិក្ខុនីសូមដើម្បីប្រយោជន៍​អ្នកដទៃ១ ភិក្ខុនី​បានមកដោយទ្រព្យ​របស់ខ្លួន១ ភិក្ខុនីឆ្កួត១ ភិក្ខុនីជាខាង​ដើម​បញ្ញត្តិ១។

(បាដិទេសនីយ សិក្ខាបទ ទី២-៨)

(២(-៨). ទុតិយាទិបាដិទេសនីយសិក្ខាបទានិ)

[៤៨៩] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងជេតវនារាម របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ឆព្វគ្គិយាភិក្ខុនីទាំងឡាយសូមប្រេងឆាន់។ សេចក្តីបំប្រួញ។ សូមទឹកឃ្មុំឆាន់។ សូមស្ករអំពៅឆាន់។ សូមត្រីឆាន់។ សូមសាច់ឆាន់។ សូមទឹកដោះស្រស់ឆាន់។ សូមទឹកដោះជូរឆាន់។ មនុស្សទាំង​ឡាយ​ពោល​ទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុនីទាំងឡាយ មិនសមបើនឹង​សូមទឹកដោះជូរ​ឆាន់​សោះ អ្នកណាដែលមិនគាប់ចិត្តនឹងរបស់សម្បូណ៌ អ្នកណា​ដែលមិន​គាប់ចិត្ត​នឹងរបស់ឆ្ងាញ់។ ភិក្ខុនី​ទាំងឡាយបានឮមនុស្សទាំងឡាយនោះពោលទោស តិះដៀល បន្តុះបង្អាប់ហើយ។ ភិក្ខុនី​ទាំងឡាយ​ណា​មានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុនីទាំងឡាយ​នោះពោលទោស តិះដៀល បន្តុះបង្អាប់ថា ឆព្វគ្គិយាភិក្ខុនីទាំងឡាយ​ មិនសមបើនឹងសូម​ទឹកដោះជូរឆាន់​​សោះ។បេ។ ព្រះអង្គ​ទ្រង់​ត្រាស់សួរថា ​ម្នាល​​ភិក្ខុ​​ទាំងឡាយ ឮ​ថា ឆព្វគ្គិយាភិក្ខុនី​ទាំងឡាយ​សូមទឹកដោះជូរឆាន់ ពិតមែនឬ។ ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ថា បពិត្រ​ព្រះដ៏មាន​ព្រះភាគ ពិតមែន។ ព្រះ​ពុទ្ធ​​ដ៏មានព្រះភាគ ​​ទ្រង់​បន្ទោស​ថា ម្នាល​ភិក្ខុ​ទាំងឡាយ​ ឆព្វគ្គិយាភិក្ខុនី​ទាំងឡាយ មិនសមបើនឹង​សូមទឹកដោះជូរឆាន់ទេ ម្នាល​ភិក្ខុ​ទាំងឡាយ អំពើ​នេះ​មិនមែននាំ​ឲ្យជ្រះថ្លាដល់ពួក​ជន ​​​ដែល​មិន​ទាន់​ជ្រះថ្លា​ទេ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុនី​ទាំងឡាយ ចូរសំដែង​ឡើងនូវ​សិក្ខាបទ​​នេះយ៉ាង​នេះថា

ភិក្ខុនី​ណាមួយ សូមទឹកដោះជូរឆាន់ ភិក្ខុនី​នោះត្រូវសំដែង​ចំពោះ​អាបត្តិថា បពិត្រលោកម្ចាស់ ខ្ញុំត្រូវអាបត្តិ​ដែលព្រះដ៏មានព្រះភាគ​តិះដៀលហើយ មិនជាទីសប្បាយ ឈ្មោះបាដិទេសនីយ ខ្ញុំសូមសំដែង​ចំពោះ​នូវអាបត្តិនោះ។

សិក្ខាបទនេះ ព្រះដ៏មានព្រះភាគ​ ទ្រង់បញ្ញត្តហើយយ៉ាងនេះ។

[៤៩០] សម័យនោះឯង ភិក្ខុនីទាំងឡាយមានជម្ងឺ។ ភិក្ខុនីទាំងឡាយ​ជាអ្នកសួរ​ជម្ងឺ បាននិយាយ​ពាក្យនេះនឹងភិក្ខុនី​ទាំងឡាយដែល​ឈឺថា នែលោកម្ចាស់ លោកអាច​អត់ធន់​ទុក្ខ​បានទេ អាចញុំាង​ឥរិយាបថ​ឲ្យប្រព្រឹត្តទៅបានឬទេ។ ភិក្ខុនីឈឺ​ទាំងឡាយនោះនិយាយថា នែលោកម្ចាស់ ពីដើម យើងទាំងឡាយសូមទឹកដោះជូរឆាន់បាន ហេតុនោះ យើងទាំងឡាយក៏​​សប្បាយ តែឥឡូវនេះ យើងទាំងឡាយ​រង្កៀសថា ព្រះដ៏មានព្រះភាគ ទ្រង់ហាមហើយ (បានជា) មិនសូម ហេតុនោះ ទើបយើង​ទាំងឡាយ​មិន​សប្បាយ។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះ​ចំពោះព្រះដ៏មានព្រះភាគ។បេ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ​ម្នាល​​ភិក្ខុ​​ទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យភិក្ខុនីឈឺ សូមទឹកដោះជូរឆាន់បាន។ ម្នាល​ភិក្ខុ​ទាំងឡាយ​ ភិក្ខុនី​ទាំងឡាយ ចូរសំដែង​ឡើងនូវ​សិក្ខាបទ​​នេះយ៉ាង​នេះថា

ភិក្ខុនី​ណាមួយ មិនឈឺ សូមទឹកដោះជូរឆាន់ ភិក្ខុនី​នោះត្រូវសំដែង​ចំពោះ​ថា បពិត្រលោកម្ចាស់ ខ្ញុំត្រូវអាបត្តិ​ដែលព្រះដ៏មានព្រះភាគ​តិះដៀលហើយ មិនជាទី​សប្បាយ ឈ្មោះបាដិទេសនីយ ខ្ញុំសូមសំដែង​ចំពោះ​នូវអាបត្តិនោះ។

[៤៩១] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយក្នុងសិក្ខាបទ​ទី១ នៃបារាជិកកណ្ឌរួចហើយ។ ភិក្ខុនីណាវៀរទឹកដោះជូរ បានសេចក្តី​សប្បាយ ភិក្ខុនី​នោះឈ្មោះថា មិនឈឺ។ ភិក្ខុនីណាមួយវៀរ​ទឹកដោះជូរ មិនមានសេចក្តីសប្បាយ ភិក្ខុនី​នោះឈ្មោះថាឈឺ។ ដែលហៅថា ប្រេង គឺប្រេងគ្រាប់ល្ង ប្រេងគ្រាប់ស្ពៃ ប្រេងគ្រាប់ស្រគំ ប្រេងគ្រាប់ល្ហុងខ្ញែ ប្រេង​ដែលចំរាញ់ពីខ្លាញ់។ ដែលហៅថា ទឹកឃ្មុំ គឺទឹកផ្អែមដែលឃ្មុំធ្វើ។ ដែលហៅថា ស្ករអំពៅ គឺស្ករ​កើតពីអំពៅ។ ដែលហៅថា ត្រី គឺសំដៅយកសត្វទឹក។ ដែលហៅថា សាច់ គឺសាច់​ពួកសត្វណាគួរ (សង្គ្រោះយក) សាច់ពួកសត្វនោះឯង។ ដែលហៅថា ទឹកដោះស្រស់ គឺទឹកដោះស្រស់របស់គោក្តី ទឹកដោះស្រស់របស់ពពែក្តី ទឹកដោះស្រស់របស់ក្របីក្តី សាច់របស់ពួកសត្វណាគួរ ទឹកដោះស្រស់របស់សត្វអម្បាល​នោះក៏គួរដែរ។ ដែលហៅថា ទឹកដោះជូរ គឺទឹកដោះជូរ​របស់​សត្វ​អម្បាលនោះឯង។ ភិក្ខុនី​មិនឈឺ សូមប្រយោជន៍​ដើម្បីខ្លួន ត្រូវទុក្កដក្នុងប្រយោគដែលសូម ភិក្ខុនីទទួលដោយគិតថា អញនឹងបរិភោគ ត្រូវអាបត្តិទុក្កដក្នុងខណៈ​ដែលបានមក ត្រូវអាបត្តិបាដិទេសនីយ​គ្រប់ៗវារៈដែល​លេបចូលទៅ។

[៤៩២] ភិក្ខុនីមិនឈឺ សំគាល់ថាមិនឈឺ ហើយសូមទឹកដោះជូរឆាន់ ត្រូវអាបត្តិ​បាដិទេសនីយ។ ភិក្ខុនីមិនឈឺ តែមានសេចក្តីសង្ស័យ ហើយសូមទឹកដោះ​ជូរ​ឆាន់ ត្រូវអាបត្តិបាដិទេសនីយ។ ភិក្ខុនីមិនឈឺ សំគាល់ថាឈឺ ហើយសូមទឹកដោះជូរឆាន់ ត្រូវអាបត្តិបាដិទេសនីយ។ ភិក្ខុនីឈឺ សំគាល់ថាមិនឈឺ ត្រូវអាបត្តិទុក្កដ។ ភិក្ខុនីឈឺ តែមានសេចក្តីសង្ស័យ ត្រូវអាបត្តិទុក្កដ។ ភិក្ខុនីឈឺ សំគាល់ថាឈឺ មិនត្រូវអាបត្តិ។

[៤៩៣] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៩យ៉ាង) គឺភិក្ខុនីឈឺ១ ភិក្ខុនី​ឈឺ សូម(គេបានមក) ហើយជា ឆាន់១ ភិក្ខុនីឆាន់របស់​សល់អំពីភិក្ខុនីឈឺ១ ភិក្ខុនី​បានពី​សំណាក់​ពួកញាតិ១ អំពីសំណាក់ពួកជនបវារណា១ ភិក្ខុនីសូមដើម្បីប្រយោជន៍​ជនដទៃ១ ភិក្ខុនី​បានមកដោយទ្រព្យ​របស់ខ្លួន១ ភិក្ខុនីឆ្កួត១ ភិក្ខុនីជាខាង​ដើម​បញ្ញត្តិ១។

[៤៩៤] បពិត្រលោកម្ចាស់ទាំងឡាយ អាបត្តិទាំងឡាយឈ្មោះបាដិទេសនីយ៨ ខ្ញុំសំដែង​ឡើង​ហើយ។ ខ្ញុំសូមសួរលោកម្ចាស់ទាំងឡាយក្នុងអាបត្តិទាំងនោះ លោក​ទាំងឡាយជាអ្នក​បរិសុទ្ធហើយឬ។ ខ្ញុំសួរអស់វារៈជាគំរប់ពីរដងផង លោក​ទាំងឡាយជាអ្នក​បរិសុទ្ធហើយឬ។ ខ្ញុំសួរអស់វារៈជាគំរប់បីដងផង លោក​ទាំងឡាយជាអ្នក​បរិសុទ្ធហើយឬ។ លោកម្ចាស់ទាំងឡាយ​បរិសុទ្ធ​ក្នុងអាបត្តិទាំងនេះហើយ ហេតុនោះ បានជា​ស្ងៀមនៅ។ ខ្ញុំសូមចាំទុកនូវ​រឿងនេះ ដោយអាការស្ងៀមនៅយ៉ាងនេះ។

បាដិទេសនីយ ចប់។

សេខិយកណ្ឌ (ភិក្ខុនីវិភង្គ)

(៦. សេខិយកណ្ឌំ (ភិក្ខុនីវិភង្គោ))

បពិត្រលោកម្ចាស់ទាំងឡាយ អាបត្តិទាំងឡាយឈ្មោះ សេក្ខិយអម្បាលនេះ តែងមកកាន់​ឧទ្ទេស។

(សេខិយកណ្ឌ បរិមណ្ឌលវគ្គ ទី១)

(១. បរិមណ្ឌលវគ្គោ)

(បរិមណ្ឌលវគ្គ សិក្ខាបទ ទី១)

(-)

[៤៩៥] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងជេតវនារាម របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង ឆព្វគ្គិយាភិក្ខុនីទាំងឡាយស្លៀករយីករយាក (ស្លុយ)មុខខ្លះ (ស្លុយ)ក្រោយខ្លះ។ មនុស្សទាំង​ឡាយ​ពោល​ទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុនីទាំងឡាយ មិនសមបើនឹង​ស្លៀករយីករយាក (ស្លុយ)មុខខ្លះ (ស្លុយ)ក្រោយខ្លះ ដូចជាពួកស្រីគ្រហស្ថបរិភោគ​កាមសោះ។ ភិក្ខុនី​ទាំងឡាយបានឮមនុស្សទាំងឡាយនោះពោលទោស តិះដៀល បន្តុះបង្អាប់​ហើយ។ ភិក្ខុនី​ទាំងឡាយ​ណា​មានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុនីទាំងឡាយ​នោះពោលទោស តិះដៀល បន្តុះបង្អាប់ថា ឆព្វគ្គិយាភិក្ខុនីទាំងឡាយ​ មិនគួរបើនឹងស្លៀករយីករយាក (ស្លុយ)មុខខ្លះ (ស្លុយ)ក្រោយខ្លះ​​សោះ។បេ។ ព្រះអង្គ​ទ្រង់​ត្រាស់សួរថា ​ម្នាល​​ភិក្ខុ​​ទាំងឡាយ ឮ​ថា ឆព្វគ្គិយាភិក្ខុនី​ទាំងឡាយ​ស្លៀករយីករយាក (ស្លុយ)មុខខ្លះ (ស្លុយ)ក្រោយខ្លះ ពិតមែនឬ។ ភិក្ខុ​ទាំងឡាយ​ក្រាបទូល​​ថា បពិត្រ​ព្រះដ៏មាន​ព្រះភាគ ពិតមែន។ ព្រះ​ពុទ្ធ​​ដ៏មានព្រះភាគ ​​ទ្រង់​បន្ទោស​ថា ម្នាល​ភិក្ខុ​ទាំងឡាយ​ ឆព្វគ្គិយាភិក្ខុនី​ទាំងឡាយ មិនគួរបើនឹងស្លៀកស្លុយមុខខ្លះ ស្លុយក្រោយខ្លះ​ទេ ម្នាល​ភិក្ខុ​ទាំងឡាយ អំពើ​នេះ​មិនមែននាំ​ឲ្យជ្រះថ្លាដល់ពួក​ជន ​​​ដែល​មិន​ទាន់​ជ្រះថ្លា​ទេ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុនី​ទាំងឡាយ ចូរសំដែង​ឡើងនូវ​សិក្ខាបទ​​នេះយ៉ាង​នេះថា

ភិក្ខុនីគប្បីធ្វើសេចក្តីសិក្សាថា អញនឹងស្លៀកឲ្យជាបរិមណ្ឌល។

[៤៩៦] ភិក្ខុនីត្រូវស្លៀកឲ្យជាបរិមណ្ឌល គឺបិទបាំងមណ្ឌល​ផ្ចិត មណ្ឌលជង្គង់។ ភិក្ខុនី​ណាអាស្រ័យ​សេចក្តី​មិនអើពើ ហើយស្លៀកស្លុយមុខ ឬស្លុយក្រោយ ត្រូវអាបត្តិទុក្កដ។

[៤៩៧] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៧យ៉ាង) គឺភិក្ខុនីមិនក្លែង១ ភិក្ខុនី​មិនមានសតិ១ ភិក្ខុនី​មិនដឹងខ្លួន១ ភិក្ខុនីឈឺ១ ភិក្ខុនីមានសេចក្តីអន្តរាយ១ ភិក្ខុនីឆ្កួត១ ភិក្ខុនី​ជាខាងដើមបញ្ញត្តិ១។ សេចក្តីសង្ខេប។

(សេខិយកណ្ឌ បាទុកវគ្គ ទី៧)

(៧. បាទុកវគ្គោ)

(បាទុកវគ្គ សិក្ខាបទ ទី១)

(-)

[៤៩៨] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងជេតវនារាម របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ឆព្វគ្គិយាភិក្ខុនីទាំងឡាយបន្ទោបង់ឧច្ចារៈខ្លះ បស្សាវៈខ្លះ ស្តោះ​ទឹកមាត់ខ្លះក្នុងទឹក។ មនុស្សទាំង​ឡាយ​ពោល​ទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុនីទាំងឡាយ មិនសមបើនឹងធ្វើឧច្ចារៈខ្លះ បស្សាវៈខ្លះ ទឹកមាត់ខ្លះក្នុងទឹក ដូចជាពួកស្រីគ្រហស្ថបរិភោគ​កាមសោះ។ ភិក្ខុនី​ទាំងឡាយបានឮមនុស្សទាំងឡាយនោះពោលទោស តិះដៀល បន្តុះបង្អាប់​ហើយ។ ភិក្ខុនី​ទាំងឡាយ​ណា​មានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុនីទាំងឡាយ​នោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ឆព្វគ្គិយាភិក្ខុនីទាំងឡាយ​ មិនសមបើនឹងឧច្ចារៈខ្លះ បស្សាវៈខ្លះ ទឹកមាត់ខ្លះក្នុងទឹក​​សោះ។ ទើបភិក្ខុនីទាំងឡាយនោះ ប្រាប់ដំណើរនុ៎ះ​ដល់ភិក្ខុទាំងឡាយ។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះ​ចំពោះព្រះដ៏មានព្រះភាគ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ​។បេ។ ​ត្រាស់សួរចំពោះភិក្ខុទាំងឡាយថា ​ម្នាល​​ភិក្ខុ​​ទាំងឡាយ ឮ​ថា ឆព្វគ្គិយាភិក្ខុនី​ទាំងឡាយ​ធ្វើឧច្ចារៈខ្លះ បស្សាវៈខ្លះ ទឹកមាត់ខ្លះក្នុងទឹក ពិតមែនឬ។ ភិក្ខុ​ទាំងឡាយ​ក្រាបទូល​​ថា បពិត្រ​ព្រះដ៏មាន​ព្រះភាគ ពិតមែន។ ព្រះ​ពុទ្ធ​​ដ៏មានព្រះភាគ ​​ទ្រង់​បន្ទោស​ថា ម្នាល​ភិក្ខុ​ទាំងឡាយ​ ឆព្វគ្គិយាភិក្ខុនី​ទាំងឡាយ មិនសមបើនឹងធ្វើឧច្ចារៈខ្លះ បស្សាវៈខ្លះ ទឹកមាត់ខ្លះក្នុងទឹកទេ ម្នាល​ភិក្ខុ​ទាំងឡាយ អំពើ​នេះ​មិនមែននាំ​ឲ្យជ្រះថ្លាដល់ពួក​ជន ​​​ដែល​មិន​ទាន់​ជ្រះថ្លា​ទេ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុនី​ទាំងឡាយ ចូរសំដែង​ឡើងនូវ​សិក្ខាបទ​​នេះយ៉ាង​នេះថា

ភិក្ខុនីគប្បីធ្វើ​សេចក្តី​សិក្សាថា អញនឹងមិនធ្វើឧច្ចារៈក្តី បស្សាវៈក្តី ទឹកមាត់ក្តី ក្នុងទឹក។

សិក្ខាបទនេះ ព្រះដ៏មានព្រះភាគ ទ្រង់បញ្ញត្តដល់ភិក្ខុនីទាំងឡាយយ៉ាងនេះ។

[៤៩៩] សម័យនោះឯង ភិក្ខុនីទាំងឡាយឈឺ ក៏រង្កៀស (មិនហ៊ាន) ធ្វើឧច្ចារៈខ្លះ បស្សាវៈខ្លះ ទឹកមាត់ខ្លះក្នុងទឹក។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះ​ចំពោះព្រះដ៏មានព្រះភាគ។ ព្រះដ៏មានព្រះភាគមានបន្ទូលថា ​ម្នាល​​ភិក្ខុ​​ទាំងឡាយ តថាគតអនុញ្ញាត​ឲ្យភិក្ខុនីឈឺ ធ្វើឧច្ចារៈក្តី បស្សាវៈក្តី ទឹកមាត់ក្តី ក្នុងទឹកបាន។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុនី​ទាំងឡាយ ចូរសំដែង​ឡើងនូវ​សិក្ខាបទ​​នេះយ៉ាង​នេះថា

ភិក្ខុនីគប្បីធ្វើ​សេចក្តី​សិក្សាថា អញមិនឈឺ នឹងមិនធ្វើឧច្ចារៈក្តី បស្សាវៈក្តី ទឹកមាត់ក្តី ក្នុងទឹក។

[៥០០] ភិក្ខុនីមិនឈឺ មិនត្រូវធ្វើឧច្ចារៈក្តី បស្សាវៈក្តី ទឹកមាត់ក្តី ក្នុងទឹកឡើយ ភិក្ខុនី​ណាមិនឈឺ អាស្រ័យ​សេចក្តី​មិនអើពើ ហើយធ្វើឧច្ចារៈក្តី បស្សាវៈក្តី ទឹកមាត់ក្តី ក្នុងទឹក ភិក្ខុនីនោះ ត្រូវអាបត្តិទុក្កដ។

[៥០១] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន១០យ៉ាង) គឺភិក្ខុនីមិនក្លែង១ ភិក្ខុនី​មិនមានសតិ១ ភិក្ខុនី​មិនដឹងខ្លួន១ ភិក្ខុនីឈឺ១ ភិក្ខុនីធ្វើឧច្ចារៈ (ជាដើម) លើគោក ហើយហូរហៀរ​ទៅរកទឹក១ ភិក្ខុនីមានសេចក្តីអន្តរាយ១ ភិក្ខុនីឆ្កួត១ ភិក្ខុនីមានចិត្តរវើរវាយ១ ភិក្ខុនី​មានវេទនា​គ្របសង្កត់១ ភិក្ខុនី​ជាខាងដើមបញ្ញត្តិ១។

[៥០២] បពិត្រលោកម្ចាស់ទាំងឡាយ ធម៌ទាំងឡាយឈ្មោះសេក្ខិយៈ ខ្ញុំសំដែង​ឡើង​ហើយ។ ខ្ញុំសូមសួរលោកម្ចាស់ទាំងឡាយក្នុងធម៌ទាំងនោះ លោក​ទាំងឡាយជាអ្នក​បរិសុទ្ធ​ហើយឬ។ ខ្ញុំសូមសួរអស់វារៈជាគំរប់ពីរដងផង លោក​ទាំងឡាយជាអ្នក​បរិសុទ្ធហើយឬ។ ខ្ញុំសូមសួរអស់វារៈជាគំរប់បីដងផង លោក​ទាំងឡាយជាអ្នក​បរិសុទ្ធហើយឬ។ លោកម្ចាស់ទាំងឡាយ​បរិសុទ្ធ​ក្នុងធម៌ទាំងនេះហើយ ហេតុនោះ បានជា​ស្ងៀមនៅ។ ខ្ញុំសូមចាំ​ទុកនូវ​រឿងនេះ ដោយអាការស្ងៀមនៅយ៉ាងនេះ។

សេក្ខិយៈ ចប់។

អធិករណសមថៈ ទីបំផុត (ភិក្ខុនីវិភង្គ)

(៧. អធិករណសមថា (ភិក្ខុនីវិភង្គោ))

[៥០៣] បពិត្រលោកម្ចាស់ទាំងឡាយ ធម៌សម្រាប់រម្ងាប់​នូវអធិករណ៍​ទាំងឡាយ​៧នេះឯង តែងមកកាន់ឧទ្ទេស។

  • សង្ឃត្រូវឲ្យសម្មុខាវិន័យ
  • ឲ្យសតិវិន័យ
  • ឲ្យអមូឡ្ហវិន័យ
  • សង្ឃ​ត្រូវធ្វើ​បដិញ្ញាតករណៈ
  • ត្រូវធ្វើយេភុយ្យសិកា
  • ត្រូវធ្វើតស្សបាបិយសិកា
  • ត្រូវធ្វើ​តិណវត្ថារក37)

ដើម្បី​រម្ងាប់ គឺផ្សះផ្សានូវអធិករណ៍ទាំង​ឡាយដែលកើតឡើងហើយៗ។

បពិត្រលោកម្ចាស់ទាំងឡាយ ធម៌ទាំងឡាយឈ្មោះ​អធិករណសមថៈ​ទាំង៧ ខ្ញុំសំដែង​ឡើង​ហើយ។ ខ្ញុំសូមសួរលោកម្ចាស់ទាំងឡាយក្នុងធម៌ទាំងនោះ លោក​ទាំងឡាយជាអ្នក​បរិសុទ្ធ​ហើយឬ។ ខ្ញុំសួរអស់វារៈជាគំរប់ពីរដងផង លោក​ទាំងឡាយជាអ្នក​បរិសុទ្ធហើយឬ។ ខ្ញុំសួរអស់វារៈជាគំរប់បីដងផង លោក​ទាំងឡាយជាអ្នក​បរិសុទ្ធហើយឬ។ លោកម្ចាស់ទាំងឡាយ​បរិសុទ្ធ​ក្នុងធម៌ទាំងនេះហើយ ហេតុនោះ បានជា​ស្ងៀមនៅ។ ខ្ញុំសូមចាំ​ទុកនូវ​រឿងនេះ ដោយអាការស្ងៀមនៅយ៉ាងនេះ។

អធិករណសមថៈ ចប់។

[៥០៤] បពិត្រលោកម្ចាស់ទាំងឡាយ និទានខ្ញុំសំដែងឡើងហើយ អាបត្តិបារាជិក៨ ខ្ញុំ​សំដែង​ឡើងហើយ អាបត្តិសង្ឃាទិសេស១៧ ខ្ញុំសំដែងឡើងហើយ អាបត្តិនិស្សគ្គិយបាចិត្តិយ​៣០ ខ្ញុំសំដែងឡើងហើយ អាបត្តិបាចិត្តិយ១៦៦ ខ្ញុំសំដែងឡើងហើយ អាបត្តិបាដិទេសនីយ៨ ខ្ញុំ​សំដែង​ឡើងហើយ ធម៌ឈ្មោះ​សេក្ខិយៈទាំងឡាយ ខ្ញុំសំដែងឡើងហើយ ធម៌ឈ្មោះ​អធិករណ​សមថៈ៧ ខ្ញុំសំដែងឡើងហើយ។ ពាក្យរបស់ព្រះដ៏មានព្រះភាគនោះ មានប្រមាណ​ប៉ុណ្ណេះ មកហើយកាន់សុត្ត រាប់បញ្ចូលហើយក្នុងសុត្ត មកកាន់ឧទ្ទេស​រាល់កន្លះខែ។ គួរលោក​ម្ចាស់​ទាំងឡាយគ្រប់អង្គ ព្រមព្រៀងគ្នា ស្រុះស្រួលគ្នា កុំទាស់ទែងគ្នា សិក្សាក្នុង​ពុទ្ធវចនៈ​នោះ​ចុះ។

ភិក្ខុនីវិភង្គ ចប់។

ចប់ ភាគ៥។

មាតិកា

ភិក្ខុនីវិភង្គ លេខ ទំព៍រ
បារាជិក
បារាជិក ទី ១
និទានបុរសឈ្មោះសាឡ្ហ ជាចៅមិគារមាតា
សេចក្តីបញ្ញាត្តិ និងសិក្ខាបទវិភង្គ
បទភាជនីយ និងវារៈដែលមិនត្រូវអាបត្តិ ១១
បារាជិក ទី ២ ១៧
និទានសុន្ទរីនន្ទាភិក្ខុនី ១៧
សេចក្តីបញ្ញាត្តិ និងសិក្ខាបទវិភង្គ ១៩
បទភាជនីយ និងវារៈដែលមិនត្រូវអាបត្តិ ២១
បារាជិក ទី ៣ ២៣
និទានថុល្លនន្ទាភិក្ខុនី ២៣
សេចក្តីបញ្ញាត្តិ និងសិក្ខាបទវិភង្គ ២៤
ការសូត្រសមនុភាសនកម្ម ២៧
បទភាជនីយ និងវារៈដែលមិនត្រូវអាបត្តិ ២៨
បារាជិក ទី ៤ ៣០
និទានឆព្វគ្គិយាភិក្ខុនី ៣០
សេចក្តីបញ្ញាត្តិ និងសិក្ខាបទវិភង្គ ៣១
បទភាជនីយ និងវារៈដែលមិនត្រូវអាបត្តិ ៣៤
ឧទ្ទេសាវសាន ៣៥
សត្តរសកណ្ឌ ៣៦
សង្ឃាទិសេស ទី ១ ៣៦
និទានឧបាសកម្នាក់ ប្រគេនឃ្លាំង ៣៦
សេចក្តីបញ្ញាត្តិ ៣៩
សិក្ខាបទវិភង្គ និងបទភាជនីយ ៤០
វារៈដែលមិនត្រូវអាបត្តិ ៤១
សង្ឃាទិសេស ទី ២ ៤១
និទានភរិយាសេ្តចលិច្ឆវី ៤១
សេចក្តីបញ្ញាត្តិ និងសិក្ខាបទវិភង្គ ៤៤
បទភាជនីយ និងវារៈដែលមិនត្រូវអាបត្តិ ៤៥
សង្ឃាទិសេស ទី ៣ ៤៧
និទានភិក្ខុនី ជាសិស្សភទ្ចាកាបិលានីភិក្ខុនី ៤៧
សេចក្តីបញ្ញាត្តិជាដម្បូង និងនិទានភិក្ខុនីពីររូប ៤៨
អនុប្បញ្ញាត្តិ ទី១ ៤៩
និទានភិក្ខុនីច្រើនរូប និងអនុប្បញ្ញាត្តិ ទី ២ ៥០
អនុប្បញ្ញាត្តិ ទី៣ និងសិក្ខាបទវិភង្គ ៥៣
បទភាជនីយ និងវារៈដែលមិនត្រូវអាបត្តិ ៥៤
សង្ឃាទិសេស ទី ៤ ៥៥
និទានចណ្ឌកាលីភិក្ខុនី ៥៥
សេចក្តីបញ្ញាត្តិ និងសិក្ខាបទវិភង្គ ៥៧
បទភាជនីយ និងវារៈដែលមិនត្រូវអាបត្តិ ៥៩
សង្ឃាទិសេស ទី ៥ ៦០
និទានសុន្ទរីនន្ទាភិក្ខុនី ៦០
សេចក្តីបញ្ញាត្តិ និងសិក្ខាបទវិភង្គ និងវារៈដែលមិនត្រូវអាបត្តិ ៦១
សង្ឃាទិសេស ទី ៦ ៦៤
និទានសុន្ទរីនន្ទាភិក្ខុនី ៦៤
សេចក្តីបញ្ញាត្តិ និងសិក្ខាបទវិភង្គ ៦៦
បទភាជនីយ និងវារៈដែលមិនត្រូវអាបត្តិ ៦៧
សង្ឃាទិសេស ទី ៧ ៦៨
និទានចណ្ឌកាលីភិក្ខុនី ៦៨
សេចក្តីបញ្ញាត្តិ និងសិក្ខាបទវិភង្គ ៧១
ការសូត្រសមនុភាសនកម្ម ៧៣
បទភាជនីយ និងវារៈដែលមិនត្រូវអាបត្តិ ៧៦
សង្ឃាទិសេស ទី ៨ ៧៧
និទានចណ្ឌកាលីភិក្ខុនី ៧៧
សិក្ខាបទវិភង្គ និងការសូត្រសមនុភាសនកម្ម ៧៩
វារៈដែលមិនត្រូវអាបត្តិ ៨៣
សង្ឃាទិសេស ទី ៩ ៨៤
និទានពួកភិក្ខុនី ជាអន្តេវាសិនីរបស់ថុល្លនន្ទាភិក្ខុនី ៨៤
សេចក្តីបញ្ញាត្តិ និងសិក្ខាបទវិភង្គ ៨៥
ការសូត្រសមនុភាសនកម្ម និងបទភាជនីយ ៨៨
វារៈដែលមិនត្រូវអាបត្តិ ៩១
សង្ឃាទិសេស ទី ១០ ៩១
និទានថុល្លនន្ទាភិក្ខុនី ៩១
សេចក្តីបញ្ញាត្តិ និងសិក្ខាបទវិភង្គ ៩៣
ការសូត្រសមនុភាសនកម្ម និងបទភាជនីយ ៩៧
វារៈដែលមិនត្រូវអាបត្តិ និងឧទ្ទេសាវសាន ១០១
និស្សគ្គិយកណ្ឌ ១០៣
បត្តវគ្គ សិក្ខាបទ ទី ១ ១០៣
និទានឆព្វគ្គិយាភិក្ខុនី ១០៣
សិក្ខាបទវិភង្គ និងបទភាជនីយ ១០៥
វារៈដែលមិនត្រូវអាបត្តិ និងរឿងឆព្វគ្គិយាភិក្ខុនី ១០៨
បត្តវគ្គ សិក្ខាបទ ទី ២ ១០៩
និទានភិក្ខុនីច្រើនរូប ១០៩
សិក្ខាបទវិភង្គ និងវារៈដែលមិនត្រូវអាបត្តិ ១១១
បត្តវគ្គ សិក្ខាបទ ទី ៣ ១១២
និទានថុល្លនន្ទាភិក្ខុនី ១១២
សេចក្តីបញ្ញាត្តិ និងសិក្ខាបទវិភង្គ ១១៤
បទភាជនីយ និងវារៈដែលមិនត្រូវអាបត្តិ ១១៥
បត្តវគ្គ សិក្ខាបទ ទី ៤ ១១៦
និទានថុល្លនន្ទាភិក្ខុនី មានជម្ងឺ ១១៦
សិក្ខាបទវិភង្គ និងបទភាជនីយ ១១៧
វារៈដែលមិនត្រូវអាបត្តិ ១២០
បត្តវគ្គ សិក្ខាបទ ទី ៥ ១២១
និទានថុល្លនន្ទាភិក្ខុនី មានជម្ងឺ ១២១
បទភាជនីយ និងវារៈដែលមិនត្រូវអាបត្តិ ១២៣
បត្តវគ្គ សិក្ខាបទ ទី ៦ ១២៤
និទានឧបាសកច្រើនរូប ១២៤
សេចក្តីបញ្ញាត្តិ និងសិក្ខាបទវិភង្គ ១២៦
បទភាជនីយ និងវារៈដែលមិនត្រូវអាបត្តិ ១២៧
បត្តវគ្គ សិក្ខាបទ ទី ៧ ១២៨
និទានឧបាសកច្រើនរូប ១២៨
សេចក្តីបញ្ញាត្តិ និងសិក្ខាបទវិភង្គ ១២៩
បទភាជនីយ និងវារៈដែលមិនត្រូវអាបត្តិ ១៣១
បត្តវគ្គ សិក្ខាបទ ទី ៨ ១៣២
និទានភិក្ខុនីច្រើនរូប ១៣២
សេចក្តីបញ្ញាត្តិ និងបទភាជនីយ ១៣៤
វារៈដែលមិនត្រូវអាបត្តិ ១៣៥
បត្តវគ្គ សិក្ខាបទ ទី ៩ ១៣៦
និទានភិក្ខុនីច្រើនរូប ១៣៦
សេចក្តីបញ្ញាត្តិ និងបទភាជនីយ ១៣៧
វារៈដែលមិនត្រូវអាបត្តិ ១៣៩
បត្តវគ្គ សិក្ខាបទ ទី ១០ ១៤០
និទានថុល្លនន្ទាភិក្ខុនី ១៤០
សេចក្តីបញ្ញាត្តិ និងបទភាជនីយ ១៤១
វារៈដែលមិនត្រូវអាបត្តិ ១៤៣
ចីវរវគ្គ សិក្ខាបទ ទី ១ ១៤៤
និទានថុល្លនន្ទាភិក្ខុនី ១៤៤
សេចក្តីបញ្ញាត្តិ និងសិក្ខាបទវិភង្គ ១៤៦
វារៈដែលមិនត្រូវអាបត្តិ ១៤៧
ចីវរវគ្គ សិក្ខាបទ ទី ២ ១៤៨
សេចក្តីបញ្ញាត្តិ និងបទភាជនីយ ១៤៩
វារៈដែលមិនត្រូវអាបត្តិ និងឧទ្ទេសាវសាន ១៥១
លសុណវគ្គ សិក្ខាបទ ទី ១ ១៥៣
និទានឧបាសកម្នាក់ ១៥៣
សិក្ខាបទវិភង្គ និងវារៈដែលមិនត្រូវអាបត្តិ ១៥៦
លសុណវគ្គ សិក្ខាបទ ទី ២ ១៥៧
និទានឆព្វគ្គិយាភិក្ខុនី ១៥៧
សេចក្តីបញ្ញាត្តិ និងសិក្ខាបទវិភង្គ ១៥៨
វារៈដែលមិនត្រូវអាបត្តិ ១៥៩
លសុណវគ្គ សិក្ខាបទ ទី ៣ ១៥៩
និទានភិក្ខុនីពីររូប ១៥៩
សេចក្តីបញ្ញាត្តិ - សិក្ខាបទវិភង្គ និងវារៈដែលមិនត្រូវអាបត្តិ ១៦០
លសុណវគ្គ សិក្ខាបទ ទី ៤ ១៦១
និទានស្រីស្នំ ១៦១
សេចក្តីបញ្ញាត្តិ និងវារៈដែលមិនត្រូវអាបត្តិ ១៦២
លសុណវគ្គ សិក្ខាបទ ទី ៥ ១៦៣
និទានព្រះនាងបជាបតិគោតមី ១៦៣
បទភាជនីយ និងវារៈដែលមិនត្រូវអាបត្តិ ១៦៥
លសុណវគ្គ សិក្ខាបទ ទី ៦ ១៦៦
និទានមហាមាត្យឈ្មោះអារោហន្ត ១៦៦
សេចក្តីបញ្ញាត្តិ និងសិក្ខាបទវិភង្គ ១៦៧
វារៈដែលមិនត្រូវអាបត្តិ ១៦៨
លសុណវគ្គ សិក្ខាបទ ទី ៧ ១៦៩
និទានពួកភិក្ខុនី នាំគ្នាសូមស្រូវ ១៦៩
សិក្ខាបទវិភង្គ និងវារៈដែលមិនត្រូវអាបត្តិ ១៧០
លសុណវគ្គ សិក្ខាបទ ទី ៨ ១៧១
និទានព្រាហ្មណ៍ម្នាក់ ជារាជអមាត្យ ១៧១
សិក្ខាបទវិភង្គ និងវារៈដែលមិនត្រូវអាបត្តិ ១៧៣
លសុណវគ្គ សិក្ខាបទ ទី ៩ ១៧៤
និទានព្រាហ្មណ៍ម្នាក់មានស្រែស្រូវដំណើប ១៧៤
សេចក្តីបញ្ញាត្តិ និងសិក្ខាបទវិភង្គ ១៧៥
វារៈដែលមិនត្រូវអាបត្តិ ១៧៦
លសុណវគ្គ សិក្ខាបទ ទី ១០ ១៧៦
និទានឆព្វគ្គិយាភិក្ខុនី និងសេចក្តីបញ្ញាត្តិ ១៧៧
សិក្ខាបទវិភង្គ និងវារៈដែលមិនត្រូវអាបត្តិ ១៧៨
អន្ធការវគ្គ សិក្ខាបទ ទី ១ ១៧៩
និទានបុរសជាញាតិរបស់ភិក្ខុនី ជាសិស្សភទ្ទាកាបិលានីភិក្ខុនី ១៧៩
សេចក្តីបញ្ញាត្តិ និងសិក្ខាបទវិភង្គ ១៨០
វារៈដែលមិនត្រូវអាបត្តិ ១៨១
អន្ធការវគ្គ សិក្ខាបទ ទី ២ ១៨១
និទានបុរសជាញាតិរបស់ភិក្ខុនី ជាសិស្សភទ្ទាកាបិលានីភិក្ខុនី ១៨១
សេចក្តីបញ្ញាត្តិ និងសិក្ខាបទវិភង្គ ១៨២
វារៈដែលមិនត្រូវអាបត្តិ ១៨៣
អន្ធការវគ្គ សិក្ខាបទ ទី ៣ ១៨៤
និទានបុរសជាញាតិរបស់ភិក្ខុនី ជាសិស្សភទ្ទាកាបិលានីភិក្ខុនី ១៨៤
សេចក្តីបញ្ញាត្តិ និងសិក្ខាបទវិភង្គ ១៨៥
វារៈដែលមិនត្រូវអាបត្តិ ១៨៦
អន្ធការវគ្គ សិក្ខាបទ ទី ៤ ១៨៦
និទានថុល្លនន្ទាភិក្ខុនី ១៨៦
សេចក្តីបញ្ញាត្តិ និងសិក្ខាបទវិភង្គ ១៨៧
វារៈដែលមិនត្រូវអាបត្តិ ១៨៩
អន្ធការវគ្គ សិក្ខាបទ ទី ៥ ១៨៩
និទានភិក្ខុនី ១ រូប ១៨៩
សេចក្តីបញ្ញាត្តិ និងសិក្ខាបទវិភង្គ ១៩១
វារៈដែលមិនត្រូវអាបត្តិ ១៩៣
អន្ធការវគ្គ សិក្ខាបទ ទី ៦ ១៩៣
និទានថុល្លនន្ទាភិក្ខុនី ១៩៣
សេចក្តីបញ្ញាត្តិ និងសិក្ខាបទវិភង្គ ១៩៤
វារៈដែលមិនត្រូវអាបត្តិ ១៩៦
អន្ធការវគ្គ សិក្ខាបទ ទី ៧ ១៩៦
និទានភិក្ខុនីច្រើនរូប ១៩៦
សេចក្តីបញ្ញាត្តិ និងសិក្ខាបទវិភង្គ ១៩៨
វារៈដែលមិនត្រូវអាបត្តិ ២០០
អន្ធការវគ្គ សិក្ខាបទ ទី ៨ ២០០
និទានភិក្ខុនី ជាសិស្សរបស់ភទ្ទាកាបិលានីភិក្ខុនី ២០០
សេចក្តីបញ្ញាត្តិ និងសិក្ខាបទវិភង្គ ២០១
វារៈដែលមិនត្រូវអាបត្តិ ២០២
អន្ធការវគ្គ សិក្ខាបទ ទី ៩ ២០២
និទានពួកភិក្ខុនី - សេចក្តីបញ្ញាត្តិ និងសិក្ខាបទវិភង្គ ២០២
វារៈដែលមិនត្រូវអាបត្តិ ២០៥
អន្ធការវគ្គ សិក្ខាបទ ទី ១០ ២០៥
និទានចណ្ឌកាលីភិក្ខុនី - សេចក្តីបញ្ញាត្តិ និងវារៈដែលមិនត្រូវអាបត្តិ ២០៥
នគ្គវគ្គ សិក្ខាបទ ទី ១ ២០៧
និទានភិក្ខុនីច្រើនរូប - សេចក្តីបញ្ញាត្តិ - សិក្ខាបទវិភង្គ និងវារៈដែលមិនត្រូវអាបត្តិ ២០៧
នគ្គវគ្គ សិក្ខាបទ ទី ២ ២០៨
និទានព្រះដ៏មានព្រះភាគទ្រង់អនុញ្ញាតសំពត់ងូតទឹក ២០៨
សេចក្តីបញ្ញាត្តិ និងសិក្ខាបទវិភង្គ ២០៩
វារៈដែលមិនត្រូវអាបត្តិ ២១១
នគ្គវគ្គ សិក្ខាបទ ទី ៣ ២១២
និទានភិក្ខុនី ១រូប មានសំពត់សម្រាប់ធ្វើចីវរ ២១១
សេចក្តីបញ្ញាត្តិ និងសិក្ខាបទវិភង្គ ២១២
វារៈដែលមិនត្រូវអាបត្តិ ២១៥
នគ្គវគ្គ សិក្ខាបទ ទី ៤ ២១៥
និទានពួកភិក្ខុនីផ្ញើចីវរ ២១៥
សេចក្តីបញ្ញាត្តិ និងសិក្ខាបទវិភង្គ ២១៦
វារៈដែលមិនត្រូវអាបត្តិ ២១៧
នគ្គវគ្គ សិក្ខាបទ ទី ៥ ២១៧
និទានភិក្ខុនី ១រូប ២១៧
សេចក្តីបញ្ញាត្តិ និងសិក្ខាបទវិភង្គ ២១៨
វារៈដែលមិនត្រូវអាបត្តិ ២២០
នគ្គវគ្គ សិក្ខាបទ ទី ៦ ២២០
និទានត្រកូលឧបដ្ឋាករបស់ថុល្លនន្ទាភិក្ខុនី ២២០
សេចក្តីបញ្ញាត្តិ ២២១
សិក្ខាបទវិភង្គ និងវារៈដែលមិនត្រូវអាបត្តិ ២២២
នគ្គវគ្គ សិក្ខាបទ ទី ៧ ២២៣
និទានអកាលចីវរ កើតឡើងដល់ភិក្ខុនីសង្ឃ ២២៣
សេចក្តីបញ្ញាត្តិ និងសិក្ខាបទវិភង្គ ២២៤
វារៈដែលមិនត្រូវអាបត្តិ ២២៥
នគ្គវគ្គ សិក្ខាបទ ទី ៨ ២២៥
និទានថុល្លនន្ទាភិក្ខុនី ២២៥
សេចក្តីបញ្ញាត្តិ ២២៦
សិក្ខាបទវិភង្គ និងវារៈដែលមិនត្រូវអាបត្តិ ២២៧
នគ្គវគ្គ សិក្ខាបទ ទី ៩ ២២៧
និទានត្រកូលឧបដ្ឋាករបស់ថុល្លនន្ទាភិក្ខុនី ២២៧
សេចក្តីបញ្ញាត្តិ និងសិក្ខាបទវិភង្គ ២២៩
វារៈដែលមិនត្រូវអាបត្តិ ២៣០
នគ្គវគ្គ សិក្ខាបទ ទី ១០ ២៣១
និទានឧបាសកម្នាក់ឲ្យគេធ្វើវិហារ ២៣១
សេចក្តីបញ្ញាត្តិ និងសិក្ខាបទវិភង្គ ២៣៣
វារៈដែលមិនត្រូវអាបត្តិ ២៣៤
តុវដ្តវគ្គ សិក្ខាបទ ទី ១ ២៣៥
និទានភិក្ខុនីពីររូប ២៣៥
សេចក្តីបញ្ញាត្តិ - សិក្ខាបទវិភង្គ និងវារៈដែលមិនត្រូវអាបត្តិ ២៣៦
តុវដ្តវគ្គ សិក្ខាបទ ទី ២ ២៣៦
និទានភិក្ខុនីពីររូប ២៣៦
សេចក្តីបញ្ញាត្តិ ២៣៧
សិក្ខាបទវិភង្គ ២៣៨
វារៈដែលមិនត្រូវអាបត្តិ ២៣៩
តុវដ្តវគ្គ សិក្ខាបទ ទី ៣ ២៣៩
និទានថុល្លនន្ទាភិក្ខុនី ២៣៩
សេចក្តីបញ្ញាត្តិ ២៤០
សិក្ខាបទវិភង្គ ២៤១
វារៈដែលមិនត្រូវអាបត្តិ ២៤២
តុវដ្តវគ្គ សិក្ខាបទ ទី ៤ ២៤២
និទានថុល្លនន្ទាភិក្ខុនី ២៤២
សេចក្តីបញ្ញាត្តិ និងសិក្ខាបទវិភង្គ ២៤៣
វារៈដែលមិនត្រូវអាបត្តិ ២៤៤
តុវដ្តវគ្គ សិក្ខាបទ ទី ៥ ២៤៤
និទានភទ្ទាកាបិលានីភិក្ខុនី ២៤៤
សេចក្តីបញ្ញាត្តិ និងសិក្ខាបទវិភង្គ ២៤៦
សេចក្តីបញ្ញាត្តិ ទី ២ ២៤៧
វារៈដែលមិនត្រូវអាបត្តិ ២៤៨
តុវដ្តវគ្គ សិក្ខាបទ ទី ៦ ២៤៩
និទានចណ្ឌកាលីភិក្ខុនី ២៤៩
សិក្ខាបទវិភង្គ ២៥០
វារៈដែលមិនត្រូវអាបត្តិ ២៥៣
តុវដ្តវគ្គ សិក្ខាបទ ទី ៧ ២៥៣
និទានភិក្ខុនីទាំងឡាយ ២៥៣
សេចក្តីបញ្ញាត្តិ និងសិក្ខាបទវិភង្គ ២៥៥
វារៈដែលមិនត្រូវអាបត្តិ ២៥៦
តុវដ្តវគ្គ សិក្ខាបទ ទី ៨ ២៥៦
និទានភិក្ខុនីទាំងឡាយ ២៥៦
សេចក្តីបញ្ញាត្តិ និងសិក្ខាបទវិភង្គ ២៥៧
វារៈដែលមិនត្រូវអាបត្តិ ២៥៧
តុវដ្តវគ្គ សិក្ខាបទ ទី ៩ ២៥៨
និទានពួកភិក្ខុនី ២៥៨
វារៈដែលមិនត្រូវអាបត្តិ ២៦០
តុវដ្តវគ្គ សិក្ខាបទ ទី ១០ ២៦០
និទានភិក្ខុនីទាំងឡាយ ២៦០
ចិត្តាគារវគ្គ សិក្ខាបទ ទី ១ ២៦៣
និទាននាយជាងបានគូរគំនូរ ២៦៣
សិក្ខាបទវិភង្គ និងវារៈដែលមិនត្រូវអាបត្តិ ២៦៤
ចិត្តាគារវគ្គ សិក្ខាបទ ទី ២ ២៦៥
និទានភិក្ខុនីទាំងឡាយ ២៦៥
វារៈដែលមិនត្រូវអាបត្តិ ២៦៧
ចិត្តាគារវគ្គ សិក្ខាបទ ទី ៣ ២៦៧
និទានឆព្វគ្គិយាភិក្ខុនី ២៦៧
វារៈដែលមិនត្រូវអាបត្តិ ២៦៩
ចិត្តាគារវគ្គ សិក្ខាបទ ទី ៤ ២៦៩
និទានភិក្ខុនីទាំងឡាយ ២៦៩
សិក្ខាបទវិភង្គ និងវារៈដែលមិនត្រូវអាបត្តិ ២៧០
ចិត្តាគារវគ្គ សិក្ខាបទ ទី ៥ ២៧០
និទានភិក្ខុនី ១ រូប ២៧០
សេចក្តីបញ្ញត្តិ និងសិក្ខាបទវិភង្គ ២៧២
វារៈដែលមិនត្រូវអាបត្តិ ២៧៤
ចិត្តាគារវគ្គ សិក្ខាបទ ទី ៦ ២៧៤
និទានថុល្លនន្ទាភិក្ខុនី ២៧៤
សិក្ខាបទវិភង្គ និងវារៈដែលមិនត្រូវអាបត្តិ ២៧៦
ចិត្តាគារវគ្គ សិក្ខាបទ ទី ៧ ២៧៦
និទានថុល្លនន្ទាភិក្ខុនី ២៧៦
សិក្ខាបទវិភង្គ និងវារៈដែលមិនត្រូវអាបត្តិ ២៧៨
ចិត្តាគារវគ្គ សិក្ខាបទ ទី ៨ ២៧៩
និទានថុល្លនន្ទាភិក្ខុនី ២៧៩
សេចក្តីបញ្ញត្តិ និងវារៈដែលមិនត្រូវអាបត្តិ ២៨២
ចិត្តាគារវគ្គ សិក្ខាបទ ទី ៩ ២៨២
និទានឆព្វគ្គិយាភិក្ខុនី ២៨២
សេចក្តីបញ្ញត្តិ និងវារៈដែលមិនត្រូវអាបត្តិ ២៨៣
ចិត្តាគារវគ្គ សិក្ខាបទ ទី ១០ ២៨៤
និទានឆព្វគ្គិយាភិក្ខុនី ២៨៤
សេចក្តីបញ្ញត្តិ និងសិក្ខាបទវិភង្គ ២៨៥
វារៈដែលមិនត្រូវអាបត្តិ ២៨៥
អារាមវគ្គ សិក្ខាបទ ទី ១ ២៨៦
និទានភិក្ខុច្រើនរូប ២៨៦
វារៈដែលមិនត្រូវអាបត្តិ ២៩០
អារាមវគ្គ សិក្ខាបទ ទី ២ ២៩០
និទានព្រះកប្បិតក ២៩០
សេចក្តីបញ្ញត្តិ ២៩២
វារៈដែលមិនត្រូវអាបត្តិ ២៩៣
អារាមវគ្គ សិក្ខាបទ ទី ៣ ២៩៤
និទានចណ្ឌកាលីភិក្ខុនី និងថុល្លនន្ទាភិក្ខុនី ២៩៤
សិក្ខាបទវិភង្គ និងវារៈដែលមិនត្រូវអាបត្តិ ២៩៦
អារាមវគ្គ សិក្ខាបទ ទី ៤ ២៩៧
និទានព្រាហ្មណ៍ម្នាក់ និមន្តភិក្ខុនីឆាន់ ២៩៧
បទភាជនីយ និងវារៈដែលមិនត្រូវអាបត្តិ ២៩៩
អារាមវគ្គ សិក្ខាបទ ទី ៥ ៣០០
និទានភិក្ខុនី ១ រូប ៣០០
សេចក្តីបញ្ញត្តិ និងវារៈដែលមិនត្រូវអាបត្តិ ៣០១
អារាមវគ្គ សិក្ខាបទ ទី ៦ ៣០២
និទានភិក្ខុនីច្រើនរូប ៣០២
សេចក្តីបញ្ញត្តិ និងវារៈដែលមិនត្រូវអាបត្តិ ៣០២
អារាមវគ្គ សិក្ខាបទ ទី ៧ ៣០៤
និទានភិក្ខុនីច្រើនរូប ៣០៤
សេចក្តីបញ្ញត្តិ និងវារៈដែលមិនត្រូវអាបត្តិ ៣០៥
អារាមវគ្គ សិក្ខាបទ ទី ៨ ៣០៦
និទានឆព្វគ្គិយភិក្ខុ ៣០៦
សេចក្តីបញ្ញត្តិ និងវារៈដែលមិនត្រូវអាបត្តិ ៣០៨
អារាមវគ្គ សិក្ខាបទ ទី ៩ ៣០៨
និទានភិក្ខុនីទាំងឡាយ ៣០៨
សេចក្តីបញ្ញត្តិ និងវារៈដែលមិនត្រូវអាបត្តិ ៣០៩
អារាមវគ្គ សិក្ខាបទ ទី ១០ ៣១០
និទានភិក្ខុនី ១ រូប ៣១០
សេចក្តីបញ្ញត្តិ និងវារៈដែលមិនត្រូវអាបត្តិ ៣១១
គព្ភិនីវគ្គ សិក្ខាបទ ទី ១ ៣១៣
និទានភិក្ខុនីទាំងឡាយ ៣១៣
សេចក្តីបញ្ញត្តិ និងវារៈដែលមិនត្រូវអាបត្តិ ៣១៤
គព្ភិនីវគ្គ សិក្ខាបទ ទី ២ ៣១៥
និទានភិក្ខុនីច្រើនរូប ៣១៥
សិក្ខាបទវិភង្គ និងវារៈដែលមិនត្រូវអាបត្តិ ៣១៧
គព្ភិនីវគ្គ សិក្ខាបទ ទី ៣ ៣១៧
និទានភិក្ខុនីទាំងឡាយឲ្យឧបសម្បទាដល់សិក្ខមានា ៣១៧
សេចក្តីបញ្ញត្តិ និងវារៈដែលមិនត្រូវអាបត្តិ ៣២១
គព្ភិនីវគ្គ សិក្ខាបទ ទី ៤ ៣២២
និទានភិក្ខុនីឲ្យឧបសម្បទាដល់សិក្ខមានា ៣២២
សេចក្តីបញ្ញត្តិ និងវារៈដែលមិនត្រូវអាបត្តិ ៣២៥
គព្ភិនីវគ្គ សិក្ខាបទ ទី ៥ ២៣៧
និទានភិក្ខុនីឲ្យឧបសម្បទាដល់ស្រីគិហិគតា មានវស្សាមិនគ្រប់ ១២ ឆ្នាំ ៣២៧
សិក្ខាបទវិភង្គ និងវារៈដែលមិនត្រូវអាបត្តិ ៣២៩
គព្ភិនីវគ្គ សិក្ខាបទ ទី ៦ ៣៣០
និទានភិក្ខុនីឲ្យឧបសម្បទាដល់ស្រីគិហិគតា ៣៣០
សេចក្តីបញ្ញត្តិ ៣៣៣
វារៈដែលមិនត្រូវអាបត្តិ ៣៣៥
គព្ភិនីវគ្គ សិក្ខាបទ ទី ៧ ៣៣៥
និទានភិក្ខុនីឲ្យឧបសម្បទាដល់ស្រីគិហិគតា ៣៣៥
សិក្ខាបទវិភង្គ និងវារៈដែលមិនត្រូវអាបត្តិ ៣៣៩
គព្ភិនីវគ្គ សិក្ខាបទ ទី ៨ ៣៤០
និទានថុល្លនន្ទាភិក្ខុនី ៣៤០
សេចក្តីបញ្ញត្តិ និងវារៈដែលមិនត្រូវអាបត្តិ ៣៤១
គព្ភិនីវគ្គ សិក្ខាបទ ទី ៩ ៣៤២
និទានភិក្ខុនីមិនបំរើឧបជ្ឈាយ៍ ៣៤២
សេចក្តីបញ្ញត្តិ និងវារៈដែលមិនត្រូវអាបត្តិ ៣៤៣
គព្ភិនីវគ្គ សិក្ខាបទ ទី ១០ ៣៤៤
និទានថុល្លនន្ទាភិក្ខុនី ៣៤៤
សេចក្តីបញ្ញត្តិ និងវារៈដែលមិនត្រូវអាបត្តិ ៣៤៥
កុមារីភូតវគ្គ សិក្ខាបទ ទី ១ ៣៣៦
និទានភិក្ខុនីឲ្យឧបសម្បទាដល់កុមារី ៣៤៦
សេចក្តីបញ្ញត្តិ និងវារៈដែលមិនត្រូវអាបត្តិ ៣៤៧
កុមារីភូតវគ្គ សិក្ខាបទ ទី ២ ៣៤៩
និទានភិក្ខុនីឲ្យឧបសម្បទាដល់កុមារី ៣៤៩
វារៈដែលមិនត្រូវអាបត្តិ ៣៥៣
កុមារីភូតវគ្គ សិក្ខាបទ ទី ៣ ៣៥៤
និទានភិក្ខុនីឲ្យឧបសម្បទាដល់កុមារី ៣៥៤
សេចក្តីបញ្ញត្តិ និងវារៈដែលមិនត្រូវអាបត្តិ ៣៥៧
កុមារីភូតវគ្គ សិក្ខាបទ ទី ៤ ៣៥៩
និទានភិក្ខុនីឲ្យឧបសម្បទាដល់កុមារី ៣៥៩
វារៈដែលមិនត្រូវអាបត្តិ ៣៦០
កុមារីភូតវគ្គ សិក្ខាបទ ទី ៥ ៣៦០
និទានភិក្ខុនីទាំងឡាយមានវស្សាពេញ ១២ ៣៦០
វុដ្ឋាបនសម្មតិ ៣៦១
សេចក្តីបញ្ញត្តិ និងវារៈដែលមិនត្រូវអាបត្តិ ៣៦៣
កុមារីភូតវគ្គ សិក្ខាបទ ទី ៦ ៣៦៥
និទានចណ្ឌកាលីភិក្ខុនី ៣៦៥
សិក្ខាបទវិភង្គ និងវារៈដែលមិនត្រូវអាបត្តិ ៣៦៧
កុមារីភូតវគ្គ សិក្ខាបទ ទី ៧ ៣៦៧
និទានសិក្ខមានា ១ រូប ៣៦៧
សេចក្តីបញ្ញត្តិ - សិក្ខាបទវិភង្គ និងវារៈដែលមិនត្រូវអាបត្តិ ៣៦៩
កុមារីភូតវគ្គ សិក្ខាបទ ទី ៨ ៣៧០
និទានសិក្ខមានា ១ រូប ៣៧០
សិក្ខាបទវិភង្គ និងវារៈដែលមិនត្រូវអាបត្តិ ៣៧២
កុមារីភូតវគ្គ សិក្ខាបទ ទី ៩ ៣៧៣
និទានថុល្លនន្ទាភិក្ខុនី ៣៧៣
សិក្ខាបទវិភង្គ និងវារៈដែលមិនត្រូវអាបត្តិ ៣៧៤
កុមារីភូតវគ្គ សិក្ខាបទ​ ទី ១០ ៣៧៥
និទានថុល្លនន្ទាភិក្ខុនី ៣៧៥
សិក្ខាបទវិភង្គ និងវារៈដែលមិនត្រូវអាបត្តិ ៣៧៦
កុមារីភូតវគ្គ សិក្ខាបទ ទី ១១ ៣៧៧
និទានថុល្លនន្ទាភិក្ខុនី ៣៧៧
វារៈដែលមិនត្រូវអាបត្តិ ៣៧៩
កុមារីភូតវគ្គ សិក្ខាបទ ទី ១២ ៣៨០
និទានភិក្ខុនីទាំងឡាយ ឲ្យឧបសម្បទារាល់ឆ្នាំ ៣៨០
សិក្ខាបទវិភង្គ និងវារៈដែលមិនត្រូវអាបត្តិ ៣៨១
កុមារីភូតវគ្គ សិក្ខាបទ ទី ១៣ ៣៨១
និទានភិក្ខុនីទាំងឡាយ ៣៨១
សិក្ខាបទវិភង្គ និងវារៈដែលមិនត្រូវអាបត្តិ ៣៨៣
ឆត្តុបាហនវគ្គ សិក្ខាបទ ទី ១ ៣៨៤
និទានឆព្វគ្គិយាភិក្ខុនី ៣៨៤
សេចក្តីបញ្ញត្តិ - សិក្ខាបទវិភង្គ និងវារៈដែលមិនត្រូវអាបត្តិ ៣៨៥
ឆត្តុបាហនវគ្គ សិក្ខាបទ ទី ២ ៣៨៦
និទានឆព្វគ្គិយាភិក្ខុនី ៣៨៦
សេចក្តីបញ្ញត្តិជាដម្បូង ៣៨៧
សិក្ខាបទវិភង្គ និងវារៈដែលមិនត្រូវអាបត្តិ ៣៨៨
ឆត្តុបាហនវគ្គ សិក្ខាបទ ទី ៣ ៣៨៩
និទានភិក្ខុនី ១ រូប ៣៨៩
សិក្ខាបទវិភង្គ និងវារៈដែលមិនត្រូវអាបត្តិ ៣៩០
ឆត្តុបាហនវគ្គ សិក្ខាបទ ទី ៤ ៣៩១
និទានឆព្វគ្គិយាភិក្ខុនីទ្រទ្រង់គ្រឿងប្រដាប់ស្រ្តី ៣៩១
សិក្ខាបទវិភង្គ និងវារៈដែលមិនត្រូវអាបត្តិ ៣៩២
ឆត្តុបាហនវគ្គ សិក្ខាបទ ទី ៥ ៣៩៣
និទានឆព្វគ្គិយាភិក្ខុនី ៣៩៣
សិក្ខាបទវិភង្គ និងវារៈដែលមិនត្រូវអាបត្តិ ៣៩៤
ឆត្តុបាហនវគ្គ សិក្ខាបទ ទី ៦ ៣៩៤
និទានឆព្វគ្គិយាភិក្ខុនី ៣៩៤
សិក្ខាបទវិភង្គ និងវារៈដែលមិនត្រូវអាបត្តិ ៣៩៦
ឆត្តុបាហនវគ្គ សិក្ខាបទ ទី ៧ ៣៩៦
និទានភិក្ខុនីទាំងឡាយ ៣៩៦
សេចក្តីបញ្ញត្តិ និងវារៈដែលមិនត្រូវអាបត្តិ ៣៩៧
ឆត្តុបាហនវគ្គ សិក្ខាបទ ទី ៨ ៩ ១០ ៣៩៨
និទានភិក្ខុនីទាំងឡាយ ៣៩៨
សេចក្តីបញ្ញត្តិ និងវារៈដែលមិនត្រូវអាបត្តិ ៣៩៩
ឆត្តុបាហនវគ្គ សិក្ខាបទ ទី ១១ ៤០០
និទានភិក្ខុនីទាំងឡាយ មិនប្រាប់ ស្រាប់តែអង្គុយលើអាសនៈខាងមុខ ៤០០
សេចក្តីបញ្ញត្តិ និងវារៈដែលមិនត្រូវអាបត្តិ ៤០១
ឆត្តុបាហនវគ្គ សិក្ខាបទ ទី ១២ ៤០២
និទានភិក្ខុនីសួរបញ្ហានឹងភិក្ខុ ៤០២
សេចក្តីបញ្ញត្តិ និងវារៈដែលមិនត្រូវអាបត្តិ ៤០៣
ឆត្តុបាហនវគ្គ សិក្ខាបទ ទី ១៣ ៤០៤
និទានភិក្ខុនីមួយរូប គ្មានសំពត់ចោមពុង ៤០៤
សេចក្តីបញ្ញត្តិ និងវារៈដែលមិនត្រូវអាបត្តិ ៤០៥
ឧទ្ទេសាវសាន ៤០៦
បាដិទេសនីយកណ្ឌ ៤០៧
និទានភិក្ខុនី សូមទឹកដោះរាវឆាន់ ៤០៧
សេចក្តីបញ្ញត្តិជាបន្ទាប់ និងវារៈដែលមិនត្រូវអាបត្តិ ៤០៩
ឧទ្ទេសាវសាន ៤១៥
សេក្ខិយកណ្ឌ ៤១៦
និទានភិក្ខុនី ស្លៀករយីករយាក ៤១៦
វារៈដែលមិនត្រូវអាបត្តិ ៤១៧
សេចក្តីបញ្ញត្តិជាបន្ទាប់ ៤១៩
ឧទ្ទេសាវសាន ៤២០
អធិករណសមថៈ ទីបំផុត ៤២១
ឧទ្ទេសាវសាន ៤២២
1)
ជាឈ្មោះ​នាងវិសាខា។ ក្នុងអដ្ឋកថា ធម្មបទថា ឪពុកក្មេក​នាងវិសាខា​ឈ្មោះ​មិគារសេដ្ឋី ៗកាលដម្បូងឡើយ ជាមិច្ឆាទិដ្ឋិ ដល់មកថ្ងៃក្រោយ បានស្តាប់​ធម៌​ព្រះដ៏មាន​ព្រះភាគ ក៏មាន​សេចក្តី​ជ្រះថ្លា បានសុំនាង​វិសាខា​ធ្វើជាម្តាយ ហេតុនេះ ទើបគេហៅ​នាងវិសាខា​នោះថា មិគារមាតាៗ។
2)
សង្ឃ​ទាំងពីរពួក គឺភិក្ខុសង្ឃ និងភិក្ខុនីសង្ឃ។
3)
តាំងពី​បព្វ​លេខ៣ ដល់លេខ៤ និយាយ​អំពី​ជន​ទាំងពីរ គឺ​ភិក្ខុនី និង​បុរស​ត្រេកអរ​ដូចគ្នា។
4)
បានជាត្រូវ​អាបត្តិ​ថុល្លច្ច័យ ព្រោះ​ត្រេកអរ​ទាំងពីរ​ខាង គឺទាំង​ភិក្ខុនី ទាំងបុរស។
5)
តាំងពី​បព្វលេខ៥ ដល់បព្វលេខ៦ និយាយ​អំពី​ការ​ត្រេកអរ​តែម្ខាង គឺតែខាង​ភិក្ខុនី។
6)
បានជាត្រូវ​អាបត្តិទុក្កដ ព្រោះ​ត្រេកអរ​តែម្ខាង គឺតែខាង​ភិក្ខុនី។
7)
អដ្ឋកថា ថា សេចក្តី​វិបត្តិ​ចាកបរិវារ ឬដំនៀល​ក្នុងទី​កំបាំង​មុខ។
8)
ដឹងថា​ត្រូវអាបត្តិ​ហើយ ៗមិនសំដែង​អាបត្តិនោះ។
9)
សមណស្រី ហៅថា សមណី។
10)
ភិក្ខុនី​ធ្វើឲ្យកន្លង​គ្រប់ទាំង​៨ខ ទើបត្រូវ​បារាជិក បើកន្លង​តែខ​ណាមួយ ហើយ​ដាក់​ធុរៈថា លែងឲ្យ​ត្រូវទៀតហើយ ក៏សំដែង​អាបត្តិ​ចេញ ដល់ថ្ងៃក្រោយ ត្រូវ​ទៀត​ដល់ទៅ​៧ដង​ក្តី ក៏មិនជា​បារាជិក​ឡើយ។
11)
សមណៈស្រី ហៅថា សមណី ដូចជា​ភិក្ខុស្រីៗ ហៅថា ភិក្ខុនី​ដែរ។
12)
ភិក្ខុនី​ជាសិស្ស
13)
ប្រាម្ពីលសិក្ខាបទទៀត​ដែលមិនបាន​សំដែង​នោះ លោកថា ព្រោះដូចគ្នា​នឹងសិក្ខាបទ​ក្នុង​ភិក្ខុ​បាដិមោក្ខហើយ
14)
សំដៅយក​ភិក្ខុនី ស្រីក្រៅពី​ភិក្ខុនី ហៅថា អនុបសម្បន្នា។
15)
ប្រហែល​ជាប្រជុំជន​ទេដឹង។
16)
គឺភិក្ខុនី​ត្រូវកាត់​សំពត់​ឲ្យត្រូវប្រមាណ ហើយសិម​សំដែង​អាបត្តិ​ទើបបាន
17)
ចីវរ​របស់​ភិក្ខុនី​ឯទៀត ដែលខ្លួន​មិនបាន​ប្រាប់​ម្ចាស់​ចីវរ ហើយ​កាន់យកទៅ ត្រូវតែ​ប្រគល់​ឲ្យម្ចាស់​ចីវរ​វិញ។ (អដ្ឋកថាវិន័យ)។
18)
ភិក្ខុនី​ពោលយ៉ាងនេះណា អ្នកទាំងឡាយ​ចូរបង្អង់​សិនទៅ ព្រោះឥឡូវ​នេះ សំពត់​ថ្លៃណាស់ ប្រហែលជា​២-៣ថ្ងៃ​ទៀត​កប្បាស​នឹងមកដល់​ហើយ ថ្លៃសោត​ក៏ល្មម​សមគួរ ដូច្នេះ​ហើយក៏​ហាមឃាត់។ (អដ្ឋកថាវិន័យ)។
19)
ភិក្ខុនី​និយាយពន្យល់ថា សំពត់សាដកតែ​មួយ នឹងចែកគ្នា​មិនគ្រាន់ សូមអស់លោក​បង្អង់​ចាំបន្តិចសិន ប្រហែល ​២-៣ថ្ងៃ​ទៀត សំពត់​នឹងកើតឡើង​ថ្មី សិមយើង​ចែកគ្នា​ជាខាង​ក្រោយ ដូច្នេះ ហៅថា​សំដែង​អានិសង្ស។ (អដ្ឋកថាវិន័យ)។
20)
ភិក្ខុនី​និយាយថា កប្បាស​របស់គេ​មុខជា​នឹងមកដល់ បុរសមាន​សទ្ធា​ជ្រះថ្លា​មុខជា​មកប្រគេន​មិនខាន ហៅថា សំដែង​អានិសង្ស​ក្នុងសិក្ខាបទ​នេះ។ (អដ្ឋកថាវិន័យ)។
21)
ភិក្ខុនី​សំដែងអានិសង្សថា ភិក្ខុនី​សង្ឃមានចីវរ​គ្រាំគ្រាហើយ មហាលាភ​មានអានិសង្ស​កឋិនជា​មូល។ (អដ្ឋកថាវិន័យ)។
22)
បុរិមិកវស្សា
23)
បច្ឆិមិកវស្សា
24)
អដ្ឋកថា ថា បានដល់សាលាដ៏វិចិត្រសម្រាប់ស្តេចក្រសាល។
25)
ជើងម៉ា៤ជ្រុង​ដែលអង្គុយបាន​តែម្នាក់ ក្នុងអដ្ឋកថា ថា បានដល់អាសនៈ​កន្លងហួសប្រមាណ។
26)
គ្រែវិចិត្រដោយ​សត្វ​សាហាវ
27)
អដ្ឋកថា ថា ភិក្ខុនីដាក់ខាទនីយភោជនីយាហារលើផែនដី ហើយឲ្យដោយពាក្យថា យើងឲ្យរបស់​នេះដល់​អ្នកទាំងឡាយ
28)
ចីវរដែលទាយកប្រគេន​ទុកនៅទីកន្លែងសម្រាប់ប្រើប្រាស់ ជាសាធារណដល់ភិក្ខុនីដែលមានរដូវទាំងអស់គ្នា។
29)
គឺភិក្ខុនីរៀនគម្ពីរដទៃៗទៀត ដើម្បីឲ្យដឹងស្គាល់នូវលទ្ធិវិជ្ជា​ក្នុង​គម្ពីរនោះៗ។
30)
អដ្ឋកថា ថា ឱវាទ​ដែលប្រកបដោយ​ប្រយោជន៍ទាំងជ្រៅឆ្ងាយទូលាយ មានរសច្រើន ប្រកបដោយសេចក្តី​ត្រាស់ដឹង​នូវលក្ខណៈ
31)
អាចារ្យស្រីសំដៅយកភិក្ខុនីជាគ្រូសូត្រ។
32)
សាមណេរី​ដែលនៅប្រព្រឹត្តធម៌៦យ៉ាង បំរុងនឹងឧបសម្បទាជាភិក្ខុនី។
33)
តាំងពី​បាណាតិបាតាវេរមណី ទៅដល់​​វិកាលភោជនាវេរមណី​សិក្ខាបទ។
34)
ការសន្មត​នូវសិក្ខមានា​ដែលសមាទាន​សិក្ខាបទ៦ត្រឹមត្រូវ គ្រប់ពីរឆ្នាំហើយនោះ ឲ្យឈប់ លែងសមាទានតទៅទៀត។
35)
មានសេចក្តីអធិប្បាយក្នុងសង្ឃាទិសេសសិក្ខាបទទី៩ នៃមហាវិភង្គរួចហើយ។
36)
សង្ឃឲ្យឆន្ទៈដោយខានធ្វើសង្ឃកម្មក្នុងពេលដែល​ប្រជុំ​ដម្បូង តែបម្រុង​នឹងធ្វើ​សង្ឃកម្ម​ក្នុងពេលក្រោយទៀត តែអដ្ឋកថា ថា ភិក្ខុទាំងឡាយ​ប្រជុំគ្នាបម្រុង​នឹងធ្វើសង្ឃកម្ម​អ្វីម្យ៉ាង មានភ្លៀងតាំងឡើងក្តី មានអាជ្ញាស្តេចមកបណ្តេញក្តី មានពួកមនុស្សមកគ្របសង្កត់ក្តី ពួកភិក្ខុក៏គិតគ្នាថា ថ្ងៃនេះគ្មានឱកាស យើងនាំគ្នាទៅទីដទៃចុះ ហើយមិនទាន់លះបង់ឆន្ទៈ ក៏ក្រោកចេញទៅ យ៉ាងនេះហៅថា បរិសបរិវាសិយ។ ឯយោជនា ថា បារិសសិយឆន្ទទាន គឺភិក្ខុនីឲ្យឧបសម្បទាដល់សិក្ខមានាដោយបរិសទ្យមិនគាប់ចិត្ត (គឺជំនុំសង្ឃមិនយល់​ព្រម)។
37)
មានសេចក្តី​អធិប្បាយពិស្តារក្នុងមហាវិភង្គចតុត្ថភាគរួចហើយ។
km/tipitaka/book_005.txt · ពេលកែចុងក្រោយ: 2023/03/16 11:05 និពន្ឋដោយ Johann