km:tipitaka:vin:vbi:sg:index

សត្តរសកណ្ឌ (សង្ឃាទិសេស ភិក្ខុនីវិភង្គ) មាតិកា



vin vbi sg បាលី cs-km: vin.vbi.sg អដ្ឋកថា: vin.vbi.sg_att PTS: ?

សត្តរសកណ្ឌ (សង្ឃាទិសេស ភិក្ខុនីវិភង្គ)

មាតិកា

ធ្វើ​​ឡើង​​សម្រាប់​​ព្រះ​​សង្ឃ​ ដោយ​

ពុទ្ធ​បរិស័ទ នៃ sangham.net

សង្ខេប

«បពិត្រលោកម្ចាស់ទាំងឡាយ អាបត្តិសង្ឃាទិសេសទាំង១៧នេះឯង តែងមកកាន់ឧទ្ទេស។» ៧ស្រដៀងនឹងព្រះភិក្ខុសង្ឃ គឺ សង្ឃាទិសេ ទី៥ ទី៨ ទី៩ ទី១០ ទី១១ ទី១២ ទី១៣ ពី មហាវិភង្គ និង១០នេះ បន្ថែម គឺ៖

សត្តរសកណ្ឌ

សង្ឃាទិសេស ទី១ (vin.vbi.sg.01 | ភាគ ៥)

«ភិក្ខុនី​ណាមួយ​​ជាអ្នកប្តឹងផ្តល់ ពីគហបតិក្តី កូនគហបតិក្តី ខ្ញុំគេក្តី អ្នកធ្វើការងារក្តី ដោយហោចទៅ​ សូម្បី​តែសមណបរិព្វាជក ភិក្ខុនីនេះ​ក៏ត្រូវ​អាបត្តិសង្ឃាទិសេស ជាបឋមាបត្តិក គួរ​បណ្តេញ​ចេញ​ចាកសង្ឃ។»

 

សង្ឃាទិសេស ទី២ (vin.vbi.sg.02 | ភាគ ៥)

«ភិក្ខុនី​ណាមួយ​ដឹងថា​ស្រីជាចោរ​ដែលគេ​ដឹងច្បាស់​ថា ត្រូវសម្លាប់​ ហើយមិនប្រាប់​ស្តេចក្តី សង្ឃក្តី គណៈក្តី ប្រជុំជនក្តី សេនាក្តី ហើយបំបួស (ស្រីនោះ) វៀរតែកប្ប (គឺមាន​សំបុត្រច្បាប់) ភិក្ខុនី​នេះក្តី ក៏ត្រូវ​អាបត្តិសង្ឃាទិសេស ជាបឋមាបត្តិក គួរ​បណ្តេញ​ចេញ​ចាកសង្ឃ។»

 

សង្ឃាទិសេស ទី៣ (vin.vbi.sg.03 | ភាគ ៥)

«ភិក្ខុនី​ណាមួយ​ទៅកាន់​ចន្លោះ​ស្រុក​តែម្នាក់ឯងក្តី ទៅកាន់​ត្រើយ​ស្ទឹង​ខាងនាយ​តែម្នាក់ឯងក្តី នៅប្រាសចាក​គ្នាក្នុងវេលា​រាត្រី​តែម្នាក់ឯង​ក្តី ឈប់​​ឲ្យឃ្លាតអំពីពួក​តែម្នាក់ឯងក្តី​ ភិក្ខុនី​នេះឯង ក៏ត្រូវ​អាបត្តិឈ្មោះសង្ឃាទិសេស ជាបឋមាបត្តិក គួរ​បណ្តេញ​ចេញ។»

 

សង្ឃាទិសេស ទី៤ (vin.vbi.sg.04 | ភាគ ៥)

«ភិក្ខុនី​ណាមួយ​ មិនបាន​ប្រាប់​ការកសង្ឃ មិនដឹងសេចក្តី​ប្រាថ្នា​របស់គណៈ ហើយ​សូត្រ​បញ្ចូល​ភិក្ខុនី​ដែលសង្ឃ​ព្រមព្រៀង​គ្នាលើកវត្ត​តាមធម៌ តាមវិន័យ តាមពាក្យប្រៀន​ប្រដៅ​​របស់​ព្រះសាស្តា​ ភិក្ខុនីនេះក្តី ក៏ត្រូវ​អាបត្តិសង្ឃាទិសេស ជាបឋមាបត្តិក គួរ​បណ្តេញ​ចេញ​ចាកសង្ឃ។»

 

សង្ឃាទិសេស ទី៥ (vin.vbi.sg.05 | ភាគ ៥)

«ភិក្ខុនី​ណាមួយ​ មានតម្រេក​ទទួលយក​ខាទនីយ​ក្តី ភោជនីយ​ក្តី អំពីដៃ​បុរស​បុគ្គល​ដែលមានតម្រេក​ដែរ ដោយដៃ​នៃខ្លួន ហើយទំពាស៊ីក្តី បរិភោគក្តី ភិក្ខុនីនេះក្តី ក៏ត្រូវ​អាបត្តិសង្ឃាទិសេស ជាបឋមាបត្តិក គួរ​បណ្តេញ​ចេញ​ចាកសង្ឃ។»

 

សង្ឃាទិសេស ទី៦ (vin.vbi.sg.06 | ភាគ ៥)

«ភិក្ខុនី​ណាមួយ​ពោលយ៉ាងនេះ​ថា នែលោកម្ចាស់ បុគ្គល​ប្រុសនេះ ទុកជាមាន​តម្រេកក្តី មិនមាន​តម្រេក​ក្តី នឹង​ធ្វើអ្វី​ដល់​លោក​បាន នែលោកម្ចាស់ ណ្ហើយចុះ កាលណាបើ​លោកមិនមាន​តម្រេកទេ បើបុគ្គល​ប្រុសនេះឲ្យវត្ថុឯណា ជាខាទនីយក្តី ជាភោជនីយ​ក្តី ដល់លោក លោកចូរ​ទទួលយក​វត្ថុនោះ​ដោយដៃ​ខ្លួន ហើយទំពា​ស៊ី ឬបរិភោគចុះ ភិក្ខុនីនេះក្តី ក៏ត្រូវ​អាបត្តិសង្ឃាទិសេស ជាបឋមាបត្តិក គួរ​បណ្តេញ​ចេញ​ចាកសង្ឃ។»

 

សង្ឃាទិសេស ទី៧ (vin.vbi.sg.07 | ភាគ ៥)

«ភិក្ខុនី​ណាមួយ ខឹងអាក់អន់​ចិត្ត ហើយពោលយ៉ាង​នេះថា ខ្ញុំលា​ព្រះពុទ្ធ។បេ។ ខ្ញុំ​លាសិក្ខា ភិក្ខុនី​ទាំងឡាយណា​ជាសមណី​ ជាធីតា​ព្រះពុទ្ធ​ជាសក្យ ភិក្ខុនី​ទាំងឡាយនេះ​នឹងហៅ​ថា​សមណី​ដូចម្តេច​បាន សូម្បីសមណី​ទាំងឡាយ​ដទៃ​ដែល​មានសេចក្តីខ្មាស មានសេចក្តី​រង្កៀស ប្រាថ្នា​ការសិក្សា​គង់មានខ្លះដែរ អញនឹង​ប្រព្រឹត្ត​ព្រហ្មចារ្យ​ក្នុងសំណាក់​សមណី​ទាំងឡាយនោះ។ ភិក្ខុនី​នោះ ត្រូវភិក្ខុនី​ទាំងឡាយ​និយាយ​យ៉ាងនេះថា នែលោកម្ចាស់ លោកកុំខឹង​អាក់អន់​ ហើយ​និយាយ​យ៉ាង​នេះថា ខ្ញុំលា​ព្រះពុទ្ធ។បេ។ ខ្ញុំ​លាសិក្ខា ភិក្ខុនី​ទាំងឡាយ​ណា​ជាសមណី​ ជា​សក្យធីតា​ ភិក្ខុនីទាំងឡាយ​នេះ​នឹងហៅ​ថា​សមណី​ដូចម្តេច​បាន សូម្បីសមណី​ទាំងឡាយ​ដទៃ​ដែល​មានសេចក្តីខ្មាស មានសេចក្តី​រង្កៀស ប្រាថ្នា​ការសិក្សា​គង់មានខ្លះដែរ អញនឹង​ប្រព្រឹត្ត​ព្រហ្មចារ្យ​ក្នុងសំណាក់​សមណី​ទាំងឡាយនោះ ​ដូច្នេះឡើយ។ នែលោកម្ចាស់ ចូរលោក​ត្រេកអរ (ព្រោះ)​ធម៌ព្រះ​ដ៏មានព្រះភាគ​សំដែង​ល្អហើយ ចូរលោក​ប្រព្រឹត្ត​ព្រហ្មចារ្យ​ដើម្បីធ្វើនូវ​ទីបំផុត​ទុក្ខ​ដោយប្រពៃចុះ ឯភិក្ខុនី​នោះ កាលបើត្រូវភិក្ខុនី​ទាំងឡាយ​​ពោលយ៉ាងនេះ នៅប្រកាន់​យ៉ាងនោះ​ដដែល ត្រូវភិក្ខុនី​ទាំងឡាយ​សូត្រ​សមនុភាសនវិធី​ចំពោះ​ភិក្ខុនី​នោះអស់វារៈ​ជាគំរប់​បីដង ដើម្បី​ឲ្យលះ​បង់​វត្ថុ​នោះចេញ។ បើភិក្ខុនី​នោះ កាលត្រូវ​ភិក្ខុនី​ទាំងឡាយ​សូត្រ​សមនុភាសនវិធីគំរប់​បីដង​(ហើយ) លះ​បង់​វត្ថុ​នោះបាន ការលះបង់​បាននោះ​ជាការល្អ បើលះបង់​មិនបាន​ទេ ភិក្ខុនី​នេះ ក៏ត្រូវ​អាបត្តិ​សង្ឃាទិសេស ជាយាវតតិយក គួរបណ្តេញ​ចេញចាកសង្ឃ។»

 

សង្ឃាទិសេស ទី៨ (vin.vbi.sg.08 | ភាគ ៥)

«ភិក្ខុនី​ណាមួយ ​ដែលភិក្ខុនីសង្ឃ​ធ្វើឲ្យចាញ់​ព្រោះអធិករណ៍​​នីមួយ ហើយខឹងអាក់អន់​​ចិត្ត​ ពោល​យ៉ាងនេះ​ថា ភិក្ខុនី​ទាំងឡាយ​លុះ​ដោយសេចក្តី​ស្រឡាញ់ផង។បេ។ ភិក្ខុនី​ទាំងឡាយ​លុះ​ដោយ​សេចក្តី​ខ្លាចផង។ ភិក្ខុនី​នោះ ត្រូវភិក្ខុនី​ទាំងឡាយ​និយាយ​យ៉ាងនេះថា នែលោកម្ចាស់ លោក ដែល​ភិក្ខុនីសង្ឃ​​ឲ្យចាញ់​ព្រោះអធិករណ៍​​នីមួយ ហើយខឹងអាក់អន់​​ចិត្ត​ កុំនិយាយ​​យ៉ាងនេះ​ថា ភិក្ខុនី​ទាំងឡាយ​លុះ​ដោយសេចក្តី​ស្រឡាញ់ផង។បេ។ ភិក្ខុនី​ទាំងឡាយ​លុះ​ដោយសេចក្តី​ខ្លាចផង​ដូច្នេះ ថា លោកម្ចាស់​ហ្នឹងឯង លុះ​ដោយសេចក្តី​ស្រឡាញ់ខ្លះ ​លុះ​ដោយសេចក្តី​ស្អប់ខ្លះ ​លុះ​ដោយ​សេចក្តីល្ងង់ខ្លះ ​លុះ​ដោយសេចក្តី​ខ្លាចខ្លះ។ ភិក្ខុនី​នោះ កាលដែលភិក្ខុនី​ទាំងឡាយ​​ពោល​យ៉ាង​នេះ នៅប្រកាន់​យ៉ាងនោះ​ដដែល ភិក្ខុនីនោះ ត្រូវភិក្ខុនី​ទាំងឡាយ​សូត្រ​សមនុភាសនវិធីដរាប​ដល់​គំរប់​បីដង ដើម្បី​ឲ្យលះ​បង់​កម្ម​នោះចេញ។ ភិក្ខុនី​នោះ កាលបើត្រូវ​ភិក្ខុនី​ទាំងឡាយ​សូត្រ​សមនុភាសនវិធីដរាប​ដល់គំរប់​បីដង លះ​បង់​កម្ម​នោះបាន ការលះបង់​បាននេះ​ជាការល្អ បើមិន​លះបង់​​ទេ ភិក្ខុនី​នេះក្តី ក៏ត្រូវ​អាបត្តិ​សង្ឃាទិសេស ជាយាវតតិយក គួរបណ្តេញ​ចេញចាកសង្ឃ។»

 

សង្ឃាទិសេស ទី៩ (vin.vbi.sg.09 | ភាគ ៥)

«ចំណែក​ភិក្ខុនី​ទាំងឡាយ​នៅច្រឡំ​ដោយគ្រហស្ថ មានមារយាទ​អាក្រក់ មានកិត្តិសព្ទ​អាក្រក់ មានការ​ចិញ្ចឹម​ជីវិត​អាក្រក់ ជាអ្នក​បៀតបៀន​ភិក្ខុនីសង្ឃ បិទបាំង​ទោសរបស់​ភិក្ខុនី​ផងគ្នា។ ភិក្ខុនីទាំងឡាយ​នោះ គួរ​ភិក្ខុនី​​ទាំងឡាយ​និយាយ​យ៉ាងនេះថា ភិក្ខុនី​ជាបងប្អូនស្រី​ទាំងឡាយ ​នៅច្រឡំ​ដោយគ្រហស្ថ មានមារយាទ​អាក្រក់ មានកិត្តិសព្ទ​អាក្រក់ មានការ​ចិញ្ចឹម​ជីវិត​អាក្រក់ ជាអ្នក​បៀតបៀន​ភិក្ខុនីសង្ឃ បិទបាំង​ទោសរបស់​ភិក្ខុនី​ផងគ្នា បពិត្រ​លោកម្ចាស់ទាំងឡាយ លោកទាំងឡាយ​ចូរ​ស្ងាត់​(ចាកពួក) សង្ឃតែង​សរសើរ​សេចក្តី​ស្ងាត់ (ចាកពួក) របស់​បងប្អូនស្រី្ត​ទាំងឡាយ។ ភិក្ខុនី​ទាំងឡាយ​នោះ កាលភិក្ខុនី​ទាំងឡាយ​និយាយ​​យ៉ាង​នេះហើយ ក៏នៅប្រកាន់​យ៉ាងនោះ​ដដែល ភិក្ខុនីទាំងឡាយ​នោះ គួរភិក្ខុនី​ទាំងឡាយ​សូត្រ​សមនុភាសនវិធីជាគំរប់​បីដង ដើម្បី​ឲ្យលះ​បង់នូវ​វត្ថុ​នោះ។ បើភិក្ខុនីទាំងឡាយ​នោះ កាល​ភិក្ខុនី​ទាំងឡាយ​សូត្រ​សមនុភាសនវិធីជា​គំរប់​បីដង លះ​បង់​វត្ថុ​នោះបាន ការលះបង់​បាននេះ​ជាការល្អ បើមិន​លះបង់​​ទេ ភិក្ខុនីទាំងឡាយ​​នេះក្តី ត្រូវ​អាបត្តិ​សង្ឃាទិសេស ឈ្មោះយាវតតិយក គួរបណ្តេញ​ចេញ។»

 

សង្ឃាទិសេស ទី១០ (vin.vbi.sg.10 | ភាគ ៥)

«ភិក្ខុនីណាមួយ​ពោលយ៉ាងនេះ​ថា បពិត្រលោកម្ចាស់​ទាំងឡាយ លោកទាំងឡាយ​ចូរនៅ​ច្រឡូក​ច្រឡំ​ដោយគ្រហស្ថចុះ លោកទាំងឡាយ​កុំនៅ​បែកខ្ញែក​​គ្នាឡើយ សូម្បី​ភិក្ខុនី​ទាំងឡាយ​រូបដទៃ​ដែលមានមារយាទ​ដូចគ្នា មានកិត្តិសព្ទ​ដូចគ្នា ​មានការ​ចិញ្ចឹម​ជីវិតដូចគ្នា ជាអ្នក​បៀតបៀន​ភិក្ខុនីសង្ឃ ជាអ្នកបិទបាំង​ទោសរបស់​ភិក្ខុនី​ពួក​ផងគ្នា មាននៅក្នុង​សង្ឃដែរ សង្ឃ​មិន​ពោលពាក្យ​អ្វីនឹង​ភិក្ខុនី​ទាំងឡាយនោះទេ សង្ឃពោលពាក្យ​យ៉ាងនេះ​តែនឹងលោក​ទាំងឡាយ​ដោយ​សេចក្តី​មើលងាយ ដោយពេបជ្រាយ ដោយគ្មាន​អំណត់ ដោយសំដី​បង្គ្រប ដោយលោកទាំងឡាយ​មានកំឡាំង​ថយថា ភិក្ខុនីជាបងប្អូន​ស្រីទាំងឡាយ​ហ្នឹងឯង ជាអ្នកនៅ​ច្រឡូក​ច្រឡំ​(ដោយគ្រហស្ថ) មានមារយាទ​អាក្រក់ មានកិត្តិសព្ទ​អាក្រក់ មានការ​ចិញ្ចឹម​ជីវិត​អាក្រក់ ជាអ្នកបៀតបៀន​ភិក្ខុនីសង្ឃ ជាអ្នកបិទបាំង​ទោសរបស់​ភិក្ខុនី​ពួកផងគ្នា បពិត្រ​លោកម្ចាស់ទាំងឡាយ លោក​ទាំងឡាយចូរ​ស្ងាត់ (ចាកពួក) សង្ឃសរសើរ​តែសេចក្តី​ស្ងាត់​របស់ភិក្ខុនី​ជាបងប្អូន​ស្រីទាំងឡាយ។ ភិក្ខុនី​នោះ គប្បី​ភិក្ខុនី​​ទាំងឡាយ​និយាយ​យ៉ាងនេះថា បពិត្រ​លោកម្ចាស់ ចូរលោក​កុំនិយាយ​យ៉ាងនេះ​ថា បពិត្រ​លោកម្ចាស់​ទាំងឡាយ លោកទាំង​ឡាយចូរ​​នៅច្រឡូកច្រឡំ​ដោយគ្រហស្ថចុះ លោកទាំងឡាយ​កុំ​នៅបែក​ខ្ញែក​គ្នាឡើយ សូម្បី​ភិក្ខុនី​ទាំងឡាយ​ដទៃ ដែលមានមារយាទ​ដូចគ្នា មានកិត្តិសព្ទ​ដូចគ្នា មានការ​ចិញ្ចឹម​ជីវិតដូចគ្នា ជាអ្នក​បៀតបៀន​ភិក្ខុនីសង្ឃ ជាអ្នកបិទបាំង​ទោសរបស់​ភិក្ខុនីពួក​ផងគ្នា មាននៅក្នុង​សង្ឃ​ដែរ សង្ឃ​មិន​ពោលពាក្យ​អ្វីនឹង​ភិក្ខុនី​ទាំងឡាយនោះទេ សង្ឃពោលពាក្យ​យ៉ាងនេះ​តែនឹងលោក​ទាំងឡាយ​ដោយ​សេចក្តី​មើលងាយ ដោយពេបជ្រាយ ដោយគ្មាន​អំណត់ ដោយសំដី​បង្គ្រប ដោយ​លោក​ទាំងឡាយ​មានកំឡាំង​ថយថា ភិក្ខុនីជាបងប្អូន​ស្រីទាំងឡាយ​ហ្នឹងឯង ជាអ្នកនៅ​ច្រឡូក​ច្រឡំ​(ដោយគ្រហស្ថ) មានមារយាទ​អាក្រក់ មានកិត្តិសព្ទ​អាក្រក់ មានការ​ចិញ្ចឹម​ជីវិត​អាក្រក់ ជាអ្នកបៀតបៀន​ភិក្ខុនីសង្ឃ ជាអ្នកបិទបាំង​ទោសរបស់​ភិក្ខុនី​ពួកផងគ្នា បពិត្រ​លោកម្ចាស់​ទាំងឡាយ លោក​ទាំងឡាយ​ចូរស្ងាត់ (ចាកពួក) សង្ឃសរសើរ​តែសេចក្តី​ស្ងាត់​របស់ភិក្ខុនី​ជាបងប្អូន​ស្រីទាំងឡាយ។ ភិក្ខុនី​​នោះ កាលដែលភិក្ខុនី​ទាំងឡាយ​ពោល​​យ៉ាង​នេះ ក៏នៅតែប្រកាន់​ដដែល ភិក្ខុនី​នោះ គប្បីភិក្ខុនី​ទាំងឡាយ​សូត្រ​សមនុភាសនវិធី ដើម្បី​ឲ្យលះ​បង់នូវ​វត្ថុ​នោះដរាប​ដល់​គំរប់​បីដង។ បើភិក្ខុនី​នោះ កាលដែល​ភិក្ខុនី​ទាំងឡាយ​សូត្រ​សមនុភាសនវិធីដរាប​ដល់​គំរប់​​បីដង លះ​បង់​វត្ថុ​នោះបាន ការលះបង់​បាននេះ​ជាការល្អ បើមិន​លះបង់​​ទេ ភិក្ខុនី​នេះក្តី (ក៏)​ត្រូវ​អាបត្តិ​សង្ឃាទិសេស ឈ្មោះយាវតតិយក គួរបណ្តេញ​ចេញ។»

 

«បពិត្រលោកម្ចាស់ទាំងឡាយ អាបត្តិ​សង្ឃាទិសេស​ទាំង១៧ ខ្ញុំសំដែង​ឡើងហើយ អាបត្តិ៩ ឈ្មោះបឋមាបត្តិកា អាបត្តិ៨ ឈ្មោះយាវតតិយកា បណ្តា​អាបត្តិទាំង​១៧នេះ ភិក្ខុនី​អង្គណា​ត្រូវអាបត្តិ​ណាៗ ភិក្ខុនី​អង្គនោះ​ត្រូវប្រព្រឹត្ត​បក្ខមានត្ត​ក្នុងឧភតោសង្ឃ ភិក្ខុនី​ដែល​ប្រព្រឹត្ត​មានត្តហើយ បើភិក្ខុនីសង្ឃ​ពួក​២០រូប​មានក្នុងទីណា ភិក្ខុនី​សង្ឃត្រូវ​ឲ្យអព្ភានកម្ម​ចំពោះ​ភិក្ខុនី​នោះ ក្នុងទីនោះ បើភិក្ខុនី​សង្ឃពួក​២០​រូប ខ្វះ​សូម្បី​តែភិក្ខុនី១រូប ឲ្យ​អព្ភានកម្ម​ចំពោះ​ភិក្ខុនី​នោះ ភិក្ខុនី​នោះ​ឈ្មោះថា ភិក្ខុនី​សង្ឃ​មិនឲ្យ​អព្ភានកម្ម​ផង ភិក្ខុនី​ទាំងឡាយ​នោះឈ្មោះថា ត្រូវ​ព្រះដ៏​មានព្រះភាគ​តិះដៀល​ផង។ នេះជា​សាមីចិកម្ម​ក្នុងរឿង​នោះ។ ខ្ញុំសូមសួរ​លោកម្ចាស់​ទាំងឡាយ ក្នុងអាបត្តិទាំងនោះ លោកទាំងឡាយ​ជាអ្នកបរិសុទ្ធ​ហើយឬ។ ខ្ញុំសួរ​អស់វារៈ​ជាគំរប់ពីរដង​ផង លោកទាំងឡាយ​ជាអ្នកបរិសុទ្ធ​ហើយឬ។ ខ្ញុំសួរ​អស់វារៈ​ជាគំរប់​បីដងផង លោកទាំងឡាយ​ជាអ្នកបរិសុទ្ធ​ហើយឬ។ លោកម្ចាស់​ទាំងឡាយ​ជាអ្នកបរិសុទ្ធ​ហើយ​ក្នុងអាបត្តិ​ទាំងនេះ ហេតុនោះ​ទើបលោកម្ចាស់​ទាំងឡាយ​ស្ងៀម។ ខ្ញុំសូមចាំទុក​នូវរឿងនេះ ដោយអាការ​ស្ងៀមនៅ​យ៉ាងនេះ។»



km/tipitaka/vin/vbi/sg/index.txt · ពេលកែចុងក្រោយ: 2023/03/15 12:47 និពន្ឋដោយ Johann